« យេរេមា ១ ៖ ‹ មុនដែលយើងបានជបបង្កើតឯងនៅក្នុងពោះម្តាយ នោះយើងស្គាល់ឯងហើយ … យើងបានញែកឯងជាបរិសុទ្ធផង › » សៀវភៅសិក្សាព្រះគម្ពីរសញ្ញាចាស់ សម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា ( ឆ្នាំ២០២៦ )
« យេរេមា ១ ៖ ‹ មុនដែលយើងបានជបបង្កើតឯងនៅក្នុងពោះម្តាយ នោះយើងស្គាល់ឯងហើយ … យើងបានញែកឯងជាបរិសុទ្ធផង › » សៀវភៅសិក្សាព្រះគម្ពីរសញ្ញាចាស់ សម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា
យេរេមា ១–៣; ៧; ១៦–១៨; ២០ ៖ មេរៀនទី ១៣០
យេរេមា ១
« មុនដែលយើងបានជបបង្កើតឯងនៅក្នុងពោះម្តាយ នោះយើងស្គាល់ឯងហើយ … យើងបានញែកឯងជាបរិសុទ្ធផង »
តើអ្នកធ្លាប់ឆ្ងល់ទេថាមានអ្វីកើតឡើងនៅក្នុងជីវិតមុនជីវិតមុនផែនដី ដែលរៀបចំអ្នកសម្រាប់ការទទួលខុសត្រូវរបស់អ្នកក្នុងជីវិតរមែងស្លាប់ដែរឬទេ ? នៅក្នុងជីវិតមុនជីវិតផែនដី ព្រះវរបិតាសួគ៌បានប្រទានការទទួលខុសត្រូវដ៏ទេវភាពដល់បុត្រាបុត្រីទ្រង់ដើម្បីអនុវត្តក្នុងជីវិតរមែងស្លាប់ ។ ឧទាហរណ៍នៃការណ៍នេះរួមមាន ព្រះយេស៊ូវគ្រីស្ទ ( សូមមើល ពេត្រុស ទី១ ១:១៩–២០ ) និងយេរេមា ( សូមមើល យេរេមា ១:៥ ) ។ មេរៀននេះអាចជួយសិស្សឲ្យទទួលអារម្មណ៍ថាមានបំណងប្រាថ្នាដើម្បីបំពេញគោលបំណងដ៏ទេវភាពរបស់ពួកគេ ។
ការរៀបចំសិស្ស ៖ អញ្ជើញសិស្សឲ្យស្រមៃមើលទារកទើបនឹងកើត ហើយគិតអំពីសំណួរទាំងពីរនេះ ៖
សកម្មភាពរៀនសូត្រដែលអាចមាន
រៀបចំខ្លួនរៀន
ដើម្បីជួយសិស្សឲ្យរៀបចំខ្លួនដើម្បីរៀនថា ព្រះវរបិតាសួគ៌ស្គាល់ពួកគេ ហើយថាទ្រង់មានគោលបំណងដ៏ទេវភាពសម្រាប់ពួកគេ សូមអញ្ជើញពួកគេឲ្យស្រមៃមើលស្ថានភាពខាងក្រោម ។ ( អ្នកអាចកែតម្រូវស្ថានភាពនេះដើម្បីឲ្យកាន់តែត្រូវនឹងសិស្សរបស់អ្នក ។ ឧទាហរណ៍ វាអាចជាគ្រូបង្រៀនដែលជំរុញពួកគេឲ្យទទួលបានចំណាត់ថ្នាក់ជាក់លាក់មួយនៅក្នុងថ្នាក់រៀនដែលពិបាក ) ។
ស្រមៃថាគ្រូបង្វឹកម្នាក់ជំរុញឲ្យអ្នកធ្វើការឆ្ពោះទៅរកគោលដៅដ៏លំបាកមួយ ដូចជាការរត់ចម្ងាយមួយគីឡូម៉ែត្រនៅពេលវេលាជាក់លាក់មួយត្រឹមកាលបរិច្ឆេទជាក់លាក់មួយ ។
-
តើស្ថានភាពខាងក្រោមនេះនឹងជះឥទ្ធិពលដល់បំណងប្រាថ្នារបស់អ្នកដើម្បីសម្រេចគោលដៅនោះ ហើយតើអ្នកមានទំនុកចិត្តយ៉ាងណាដែលអ្នកអាចសម្រេចគោលដៅនោះបាន ?
-
គ្រូបង្វឹកដែលស្គាល់អ្នកច្បាស់ បានធ្វើការជាមួយអ្នកអស់ជាច្រើនឆ្នាំមកហើយ ហើយបានកែសម្រួលការប្រឈមជាពិសេសសម្រាប់អ្នក ។
-
គ្រូបង្វឹកថ្មីដែលមិនស្គាល់អ្នកបានផ្តល់ការប្រឈមដូចគ្នានេះដល់ក្រុមទាំងមូល ។
សូមបង្ហាញស្វ័យវាយតម្លៃខាងក្រោមនេះ ដើម្បីជួយសិស្សគិតពិចារណាអំពីរបៀបដែលព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទស្គាល់ពួកគេ និងគោលបំណងដ៏ទេវភាពរបស់ពួកគេយ៉ាងឥតខ្ចោះ ។ ( ចំណាំ ៖ សិស្សនឹងត្រូវបានអញ្ជើញឲ្យយោងទៅស្វ័យវាយតម្លៃនេះវិញ នៅក្នុងមេរៀនទី ១៤៨ ៖ « វាយតម្លៃការរៀនសូត្ររបស់អ្នកទី ៩ » ) ។
តើអ្នកនឹងវាយតម្លៃខ្លួនរបស់អ្នកដោយរបៀបណា ( ១ – ពិតអំពីខ្ញុំ ដល់ ១០ – មិនពិតអំពីខ្ញុំ ) អំពីសេចក្តីថ្លែងការណ៍ខាងក្រោម ? កត់ត្រានៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នកថាហេតុអ្វីបានជាអ្នកវាយតម្លៃសេចក្តីថ្លែងការណ៍នីមួយៗពីរបៀបដែលអ្នកបានធ្វើ ។
-
ខ្ញុំជឿថា ព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទស្គាល់ខ្ញុំច្បាស់ជាជាងអ្នកដទៃស្គាល់ខ្ញុំ ។
-
ខ្ញុំជឿថាទ្រង់បានប្រទានឲ្យខ្ញុំនូវគោលបំណងដ៏ទេវភាពដែលខ្ញុំអាចសម្រេចបានដោយមានជំនួយពីទ្រង់ទាំងទ្វេ ។
-
ខ្ញុំចង់ដឹង និងបំពេញបេសកកម្មដ៏ទេវភាពដែលព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទបានប្រទានដល់ខ្ញុំ ។
សូមអញ្ជើញសិស្សឲ្យយកចិត្តទុកដាក់ចំពោះគំនិត និងអារម្មណ៍មកពីព្រះវិញ្ញាណបរិសុទ្ធ នៅពេលពួកគេរៀនបន្ថែមទៀតអំពីគោលបំណងដ៏ទេវភាពរបស់ពួកគេ ។
« មុនដែលយើងបានជបបង្កើតឯងនៅក្នុងពោះម្តាយ នោះយើងស្គាល់ឯងហើយ … យើងបានញែកឯងជាបរិសុទ្ធផង »
ដើម្បីជួយសិស្សឲ្យប្រដូចទៅនឹងយេរេមា អ្នកអាចសួរពួកគេពីអារម្មណ៍របស់ពួកគេ ប្រសិនបើព្រះអម្ចាស់បានបង្គាប់ពួកគេឲ្យធ្វើអ្វីដែលពិបាក ដូចជាការឡើងនិយាយនៅក្នុងព្រះវិហារ បង្រៀនមេរៀន និងបម្រើបេសកកម្មជាដើម ។
យេរេមាប្រហែលជាមានអារម្មណ៍ស្រដៀងគ្នានេះដែរ នៅពេលព្រះអម្ចាស់ត្រាស់បង្គាប់លោកឲ្យបម្រើជាព្យាការីនៃនគរយូដា ។ សិស្សប្រហែលជាចាប់អារម្មណ៍ដើម្បីដឹងថា យេរេមាបានព្យាករនៅក្រុងយេរូសាឡិមក្នុងពេលដូចគ្នានឹងលីហៃ ( សូមមើល នីហ្វៃ ទី១ ៧:១៤ ) ។
យេរេមា ១:៤–៥ គឺជាវគ្គចំណេះចំណានខាងគោលលទ្ធិ ។ សូមពិចារណាអញ្ជើញសិស្សឲ្យគូសចំណាំវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិតាមរបៀបដែលងាយចំណាំ ដើម្បីឲ្យពួកគេអាចងាយរកវាឃើញ ។
សូមអាន យេរេមា ១:៤–៥ សេចក្ដីថ្លែងការណ៍ដូចតទៅនេះមកពីប្រធាន រ័សុល អិម ណិលសុន ។ បន្ទាប់មក សូមសង្ខេបនូវអ្វីដែលអ្នករៀនអំពីទំនាក់ទំនងរបស់យើងជាមួយព្រះអម្ចាស់ ។
វិញ្ញាណអ្នក គឺជាអង្គអស់កល្បមួយ ។ ព្រះអម្ចាស់បានមានបន្ទូលទៅព្យាការីរបស់ទ្រង់ អ័ប្រាហាំថា ៖ « អ្នកត្រូវបានរើសតាំងពីមុនអ្នកចាប់កំណើតមកម្ល៉េះ » ( អ័ប្រាហាំ ៣:២៣ ) ។ ព្រះអម្ចាស់មានបន្ទូលអ្វីមួយស្រដៀងគ្នាអំពីយេរេមា និងអ្នកដទៃជាច្រើនទៀត ។ ទ្រង់ក៏បានមានបន្ទូលអំពីអ្នកដែរ ។
ព្រះបិតាសួគ៌អ្នក ស្គាល់អ្នកជាយូរមកហើយ ។ បងប្អូនជាបុត្រា ឬបុត្រីទ្រង់ ដែលត្រូវបានរើសតាំងដោយទ្រង់ឲ្យមកផែនដី នៅក្នុងជំនាន់អស្ចារ្យនេះ ដើម្បីធ្វើជាអ្នកដឹកនាំក្នុងកិច្ចការដ៏មហិមារបស់ទ្រង់លើផែនដី ។ អ្នកត្រូវបានរើសតាំង ពុំមែន សម្រាប់អត្តចរិកខាងរូបកាយរបស់អ្នកទេ ប៉ុន្តែសម្រាប់លក្ខណៈ ខាងវិញ្ញាណ អ្នក ។ … ( « Decisions for Eternity » Liahona ខែវិច្ឆិកា ឆ្នាំ២០១៣ ទំព័រ ១០៧ )
-
តើសេចក្ដីពិតអ្វីខ្លះដែលយើងអាចរៀនពី យេរេមា ១:៤–៥ និងសេចក្ដីថ្លែងការណ៍របស់ប្រធាន ណិលសុន ?
នៅពេលសិស្សចែកចាយ សូមជួយពួកគេស្វែងរកថា មុនពេលយើងកើតមក ព្រះអម្ចាស់បានស្គាល់យើង ហើយបានប្រទានឲ្យយើងនូវការទទួលខុសត្រូវជាក់លាក់នានាដើម្បីអនុវត្តក្នុងជីវិតរមែងស្លាប់ ។
សូមពិចារណាអញ្ជើញសិស្សឲ្យសួរសំណួរទាំងឡាយដែលពួកគេអាចមានអំពីសេចក្ដីពិតនេះ ។ ប្រសិនបើពួកគេសួរសំណួរដែលព្រះអម្ចាស់មិនទាន់បានឆ្លើយច្បាស់នៅឡើយ សូមអរគុណពួកគេសម្រាប់សំណួរដែលបានគិតគូរ ប៉ុន្តែត្រូវប្រយ័ត្នកុំឆ្លើយស្មាន ។
សេចក្តីថ្លែងការណ៍នៅក្នុងធនធានបន្ថែមទាំងឡាយអាចជួយឆ្លើយសំណួររបស់សិស្សបាន ។
សម្រាប់ឧទាហរណ៍នៃអ្នកដទៃទៀតដែលត្រូវបានបង្គាប់ឲ្យធ្វើការទទួលខុសត្រូវជាក់លាក់ក្នុងជីវិតរមែងស្លាប់ សិស្សអាចអានវគ្គបទគម្ពីរមួយ ឬច្រើនដូចខាងក្រោម ៖ លូកា ១:១៣–១៧, នីហ្វៃទី១ ១១:១៤–២០, ម៉ូសាយ ៣:៥–១០, គោលលទ្ធិ និងសេចក្ដីសញ្ញា ១៣៨:៥៣–៥៦ ។
ផ្អែកលើសំណួរ និងតម្រូវការសិស្សរបស់អ្នក សូមជ្រើសរើសផ្នែកមួយ ឬច្រើននៃផ្នែកខាងក្រោមនៃមេរៀនដែលអ្នកគិតថាអាចជួយពួកគេបានល្អបំផុត ។
ជម្រើសទី ១ ៖ ការសន្យារបស់ព្រះអម្ចាស់
សម្រាប់ការសិក្សាព្រះគម្ពីរខាងក្រោម អ្នកអាចអញ្ជើញសិស្សពាក់ កណ្តាលថ្នាក់ឲ្យគូសចំណាំដំបូន្មានដែលព្រះអម្ចាស់បានប្រទានមក ហើយពាក់កណ្តាលទៀតឲ្យគូសចំណាំការសន្យាដែលព្រះអម្ចាស់បានធ្វើ ។ បន្ទាប់មក សូមឲ្យសិស្សស្វែងរកដៃគូដែលបានគូសចំណាំអ្វីផ្សេងគ្នា ឲ្យចែកចាយ ។
បន្ទាប់មក សូមពិភាក្សាសំណួរខាងក្រោមជាថ្នាក់ ។
សូមអាន យេរេមា ១:៦–៩, ១៧–១៩ ហើយគូសចំណាំដំបូន្មាន និងការសន្យាដែលព្រះអម្ចាស់បានប្រទានមកជាការឆ្លើយតបចំពោះអារម្មណ៍នៃការគ្មានសមត្ថភាពរបស់យេរេមា ។
-
តើការសន្យារបស់ព្រះអម្ចាស់ចំពោះយេរេមាអាចជួយលោកឲ្យមើលឃើញការហៅរបស់លោកតាមទស្សនវិស័យដ៏អស់កល្បមួយយ៉ាងដូចម្ដេច ?
-
តើព្រះអម្ចាស់បានប្រាប់យេរេមាអ្វីខ្លះ ដែលអាចជួយយុវវ័យសព្វថ្ងៃនេះជាមួយនឹងការទទួលខុសត្រូវដែលព្រះអម្ចាស់បានប្រទានដល់អ្នក ?
ជម្រើសទី ២ ៖ ការដឹងពីគោលបំណងដ៏ទេវភាពរបស់ខ្ញុំគឺមានសារៈសំខាន់
ដើម្បីជួយសិស្សឲ្យមានអារម្មណ៍ចង់រៀន និងបំពេញគោលបំណងដ៏ទេវភាពរបស់ពួកគេ អ្នកអាចមើល « ពូជជម្រើស » ដែលមាននៅលើគេហទំព័រ ChurchofJesusChrist.org ចាប់ពីនាទីទី ៥:៤៣ ដល់ ៧:១៤ ។ វីដេអូនេះបង្ហាញពីរបៀបដែលយុវជនម្នាក់បានទទួលពរជ័យដោយការដឹងពីគោលបំណងដ៏ទេវភាពរបស់គាត់ ។
-
តើវានឹងជួយអ្នកឲ្យដឹងពីការទទួលខុសត្រូវដ៏ទេវភាពអ្វីខ្លះ ដែលព្រះអម្ចាស់បានប្រទានដល់អ្នក ?
ជម្រើសទី ៣ ៖ ការរៀនពីគោលបំណងដ៏ទេវភាពរបស់ខ្ញុំ
សូមអញ្ជើញសិស្សឲ្យរិះរកគំនិតថ្មីជាក្រុមតូចៗនូវចម្លើយខុសៗគ្នាចំពោះសំណួរខាងក្រោមឲ្យបានច្រើនតាមដែលពួកគេអាចធ្វើបានក្នុងរយៈពេលពីរនាទី ។ បន្ទាប់មក សូមអញ្ជើញពួកគេឲ្យធ្វើបញ្ជីមួយនៅលើក្ដារខៀននៃគំនិតដែលពួកគេបាននឹកគិតឃើញ ។
សិស្សអាចចែកចាយចម្លើយដូចជាការអានពររបស់លោកអយ្យកោ ការអធិស្ឋាន វិវរណៈផ្ទាល់ខ្លួន ការប្រឹក្សាជាមួយមនុស្សជាទីស្រឡាញ់ និងការតម្កើងការហៅ ។
-
តើខ្ញុំអាចរៀនអំពីការទទួលខុសត្រូវដ៏ទេវភាពដែលព្រះអម្ចាស់បានប្រទានមកខ្ញុំដោយរបៀបណា ?
សូមពិចារណាបង្ហាញសេចក្ដីថ្លែងការណ៍ខាងក្រោមនេះ ។ សូមអញ្ជើញក្រុមនីមួយៗឲ្យជ្រើសរើសសំណើមួយក្នុងចំណោមការណែនាំទាំងបួនរបស់អែលឌើរ ភីងគ្រី ហើយពិភាក្សាអំពីរបៀបដែលការធ្វើតាមការណែនាំនោះអាចជួយក្មេងវ័យជំទង់ម្នាក់ឲ្យយល់អំពីការទទួលខុសត្រូវដ៏ទេវភាពដែលព្រះវរបិតាសួគ៌បានប្រទានដល់ពួកគេ ។
អែលឌើរ ចន ស៊ី ភីងគ្រី ជុញ្ញ័រ នៃពួកចិតសិបនាក់ បានចែកចាយរឿងបួនយ៉ាងដែលយើងអាចធ្វើបាន ដើម្បីយល់ពីការទទួលខុសត្រូវអ្វីដែលព្រះអម្ចាស់បានប្រទានដល់យើង ៖
ទីមួយ ផ្តោតចិត្តទុកដាក់លើអ្នកដទៃ ។ …
ទីពីរ ស្វែងរក និងអភិវឌ្ឍអំណោយទានខាងវិញ្ញាណ ។ …
ទីបី ប្រើប្រាស់ទុក្ខលំបាក ។ …
ហើយទីបួន គឺពឹងផ្អែកលើព្រះ នៅពេលយើងទូលសូមទ្រង់ដោយសេចក្តីជំនឿដោយចិត្តស្មោះ នោះទ្រង់នឹងបើកសម្តែងការចាត់តាំងពីព្រះដល់ពួកយើង ។ ( « I Have a Work for Thee » លីអាហូណា ខែវិច្ឆិកា ឆ្នាំ២០១៧ ទំព័រ ៣៣–៣៤ )
ព្រះអម្ចាស់ស្គាល់ខ្ញុំ
ដើម្បីជួយសិស្សចែកចាយពីអ្វីដែលពួកគេបានរៀន និងទទួលអារម្មណ៍នៅថ្ងៃនេះ សូមពិចារណាអញ្ជើញពួកគេឲ្យធ្វើដូចខាងក្រោម ។ សូមលើកទឹកចិត្តសិស្សឲ្យធ្វើតាមការបំផុសគំនិតទាំងឡាយ ដែលពួកគេនឹងទទួលបានមកពីព្រះវិញ្ញាណបរិសុទ្ធ នៅពេលពួកគេធ្វើកិច្ចការនេះ ។
ដោយប្រើអ្វីដែលអ្នកបានរៀនថ្ងៃនេះ សូមសរសេរសារទៅកាន់អនាគតខ្លួនឯងនៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក ។ សូមសរសេរអ្វីដែលអ្នកចង់ចងចាំអំពីចំណេះដឹងពីព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទរបស់អ្នក និងការទទួលខុសត្រូវដ៏ទេវភាពដែលទ្រង់ទាំងទ្វេបានប្រទានដល់អ្នក ។
ទន្ទេញ
អ្នកអាចចង់ជួយសិស្សឲ្យទន្ទេញសេចក្ដីយោងចំណេះចំណានខាងគោលលទ្ធិ និងឃ្លាបទគម្ពីរគន្លឹះអំឡុងមេរៀននេះ ហើយរំឭកវាក្នុងមេរៀនក្រោយៗទៀត ។ ឃ្លាបទគម្ពីរគន្លឹះសម្រាប់ យេរេមា ១:៤–៥ គឺ« មុនដែលយើងបានជបបង្កើតឯងនៅក្នុងពោះម្តាយ … ក៏បានតាំងឯងឡើងជាហោរា ដល់អស់ទាំងសាសន៍ » ។ គំនិតសម្រាប់សកម្មភាពទន្ទេញ មាននៅក្នុងឯកសារឧបសម្ព័ន្ធដែលនៅក្រោម « សកម្មភាពរំឭកចំណេះចំណានខាងគោលលទ្ធិឡើងវិញ » ។