« យ៉ូអែល ៖ ‹ យើងនឹងចាត់វិញ្ញាណរបស់យើង › » សៀវភៅសិក្សាព្រះគម្ពីរសញ្ញាចាស់ សម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា ( ឆ្នាំ២០២៦ )
« យ៉ូអែល ៖ ‹ យើងនឹងចាត់វិញ្ញាណរបស់យើង › » សៀវភៅសិក្សាព្រះគម្ពីរសញ្ញាចាស់ សម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា
ហូសេ ១–៦; ១០–១៤; យ៉ូអែល ៖ ១៤៧
យ៉ូអែល
« យើងនឹងចាត់វិញ្ញាណរបស់យើង »
នេះគឺជាពេលដ៏គួរឲ្យរំភើបដើម្បីរស់នៅលើផែនដីនេះ ! ការព្យាករ និងការសន្យាជាច្រើនមកពីព្រះអម្ចាស់កំពុងត្រូវបានបំពេញ ។ នៅក្នុងចំណោមការសន្យាទាំងនេះគឺជាសេចក្តីសន្យារបស់ព្រះអម្ចាស់ថា « យើងនឹងចាត់វិញ្ញាណរបស់យើង » ( យ៉ូអែល ២:២៨; សូមមើលផងដែរ យ៉ូសែប ស៊្មីធ—ប្រវត្តិ ១:៤១ ) ។ សូមគិតអំពីវា—អង្គបង្កបង្កើតពិភពលោកចង់ប្រទានពរអ្នកដោយព្រះវិញ្ញាណរបស់ទ្រង់ ! មេរៀននេះអាចជួយសិស្សឲ្យបង្កើនសមត្ថភាពរបស់ពួកគេដើម្បីទទួលវិវរណៈផ្ទាល់ខ្លួនមកពីព្រះអម្ចាស់តាមរយៈព្រះវិញ្ញាណបរិសុទ្ធ ។
ការរៀបចំសិស្ស ៖ ផ្តល់ឲ្យសិស្សនូវសំណួរ « តើខ្ញុំអាចធ្វើអ្វីខ្លះ ដើម្បីទទួលបានវិវរណៈផ្ទាល់ខ្លួនកាន់តែច្រើននៅក្នុងជីវិតរបស់ខ្ញុំ ? » សូមអញ្ជើញពួកគេឲ្យគិតពិចារណាអំពីរបៀបខុសគ្នាដែលពួកគេអាចឆ្លើយទៅនឹងសំណួរនេះ ។ ពួកគេក៏អាចមើលបទគម្ពីរ ឬការបង្រៀនរបស់ថ្នាក់ដឹកនាំក្នុងសាសនាចក្រ ឬសួរមនុស្សដែលពួកគេទុកចិត្តដើម្បី រកចម្លើយចំពោះសំណួរនេះ ។
សកម្មភាពរៀនសូត្រដែលអាចមាន
សមត្ថភាពរបស់យើងសម្រាប់វិវរណៈផ្ទាល់ខ្លួន
សូមពិចារណាយកធុងដែលមានទំហំផ្សេងៗគ្នាមកដាក់ក្នុងថ្នាក់ ឬគូររូបធុងនៅលើក្ដារខៀន ។ ឧទាហរណ៍ អ្នកអាចយក ( ឬគូរនៅលើក្តារខៀន ) នូវរូបពែងតូចមួយ និងចាន និងធុងធំមួយ ។ អ្នកអាចសុំឲ្យសិស្សចែកចាយថាតើធុងមួយណាដែលពួកគេនឹងជ្រើសរើសសម្រាប់ដងទឹក លុយ ឬរបស់ផ្សេងទៀត ហើយពន្យល់ពីមូលហេតុដែលពួកគេនឹងជ្រើសរើសធុងនោះ ។
សូមដាក់បង្ហាញសេចក្តីថ្លែងការណ៍ខាងក្រោម ហើយអញ្ជើញសិស្សឲ្យពិភាក្សាពីសំណួរដែលបានភ្ជាប់មកជាមួយដៃគូ ឬជាក្រុមតូច ។ ប្រសិនបើចាំបាច់ សូមពន្យល់ថា សមត្ថភាព អាចមានន័យថាចំនួនអតិបរមាដែលវត្ថុអាចផ្ទុក ។
ប្រធាន រ័សុល អិម ណិលសុន បានចែកចាយការអញ្ជើញដូចខាងក្រោមនេះ ៖
បងប្អូនប្រុសស្រីជាទីស្រឡាញ់របស់ខ្ញុំអើយ ខ្ញុំសូមអង្វរបងប្អូនឲ្យបង្កើនសមត្ថភាពខាងវិញ្ញាណរបស់បងប្អូនដើម្បីទទួលបានវិវរណៈ ។ … សូមជ្រើសធ្វើកិច្ចការខាងវិញ្ញាណដែលបានតម្រូវឲ្យធ្វើ ដើម្បីរីករាយនឹងអំណោយទាននៃព្រះវិញ្ញាណបរិសុទ្ធ ហើយស្ដាប់ឮព្រះសូរសៀងនៃព្រះវិញ្ញាណឲ្យបានញឹកញាប់ ហើយកាន់តែច្បាស់ » ។ Revelation for the Church, Revelation for Our Lives » Liahona ខែឧសភា ឆ្នាំ២០១៨ ទំព័រ ៩៦ )
-
តើអ្នកអាចប្រើធុងផ្សេងគ្នាយ៉ាងដូចម្ដេច ដើម្បីពន្យល់ដល់នរណាម្នាក់ពីអត្ថន័យដើម្បី « បង្កើនសមត្ថភាពខាងវិញ្ញាណ [ របស់យើង ] ដើម្បីទទួលបានវិវរណៈ ? »
បន្ទាប់ពីពិភាក្សាអំពីការអញ្ជើញរបស់ប្រធាន ណិលសុន អ្នកអាចចង្អុលទៅធុង ហើយអញ្ជើញសិស្សឲ្យគិតពិចារណាដោយស្ងៀមស្ងាត់អំពីសមត្ថភាពខាងវិញ្ញាណផ្ទាល់ខ្លួនរបស់ពួកគេដើម្បីទទួលវិវរណៈ ។ ពួកអាចកត់ត្រាចម្លើយរបស់ពួកគេចំពោះសំណួរទាំងនេះនៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់ពួកគេបាន ។
-
តើធុងមួយណាដែលអ្នកមានអារម្មណ៍ល្អបំផុត ដែលតំណាងឲ្យសមត្ថភាពបច្ចុប្បន្នរបស់អ្នកក្នុងការទទួលវិវរណៈផ្ទាល់ខ្លួន ? ហេតុអ្វី ?
-
តើអ្នកកំពុងដកពិសោធន៍អ្វីខ្លះក្នុងជីវិតរបស់អ្នក ដែលអាចទទួលបានវិវរណៈផ្ទាល់ខ្លួនបន្ថែមទៀតមកពីព្រះ ?
អ្នកអាចនឹងពន្យល់ថា ថ្នាក់សិក្ខាសាលាផ្តល់ឱកាសដើម្បី « ធ្វើកិច្ចការខាងវិញ្ញាណដែលបានតម្រូវឲ្យធ្វើ » ដើម្បីទទួលបានវិវរណៈផ្ទាល់ខ្លួន ។ សូមលើកទឹកចិត្តសិស្សឲ្យប្រឹងប្រែងដូចជាការធ្វើការអធិស្ឋានស្ងាត់ៗ ធ្វើការបញ្ចេញមតិយោបល់ គូសចំណាំបទគម្ពីរ ឬកត់ត្រាគំនិតទាំងឡាយនៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់ពួកគេ ។ នៅពេលពួកគេចូលរួម និងមានចំណែកតាមរបៀបទាំងនេះ នោះព្រះវិញ្ញាណបរិសុទ្ធអាចបង្រៀនពួកគេពីរបៀបដែលពួកគេអាចបង្កើនសមត្ថភាពរបស់ពួកគេ ដើម្បីទទួលវិវរណៈផ្ទាល់ខ្លួន ។
ព្រះនឹងចាត់វិញ្ញាណវិញ្ញាណរបស់ទ្រង់មក
យ៉ូអែលបានព្យាករអំពីព្រឹត្តិការណ៍ដ៏អាក្រក់ដែលនឹងមានមុនការយាងមកជាលើកទីពីររបស់ព្រះយេស៊ូវគ្រីស្ទ ( សូមមើល យ៉ូអែល ២:១–១១ ) ។ យ៉ូអែលក៏បានព្យាករពីការសន្យាដ៏អស្ចារ្យដែលព្រះអម្ចាស់នឹងបំពេញដើម្បីជួយរាស្ដ្រទ្រង់នៅថ្ងៃចុងក្រោយ ។
សូមអាន យ៉ូអែល ២:២១ និងបន្ទាត់ទីមួយនៅក្នុង ខទី ២២ និង ២៣ ។ សូមគូសចំណាំព្រះឱវាទដែលព្រះអម្ចាស់បានប្រទានដល់ការបង្កើតរបស់ទ្រង់នៅថ្ងៃចុងក្រោយ ។
-
តើអ្វីទៅជា « ការយ៉ាងសម្បើម » ដែលព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទបានធ្វើ ដែលអាចជួយអ្នក « កុំឲ្យភ័យឡើយ » និង « ចូរអរសប្បាយ » ?
សូមអាន យ៉ូអែល ២:២៧–២៩ ដោយរកមើលការយ៉ាងសម្បើមដែលព្រះអម្ចាស់នឹងបង្ហាញនៅថ្ងៃចុងក្រោយ ។
-
តើអ្នកបានឃើញអ្វីខ្លះនៅក្នុងខគម្ពីរទាំងនេះ ដែលអាចចាត់ទុកថា « ការយ៉ាងសម្បើម » ?
សិស្សអាចបង្ហាញសេចក្តីពិតជាច្រើន ដោយរួមទាំងថា ព្រះអម្ចាស់នឹងចាត់ព្រះវិញ្ញាណរបស់ទ្រង់មកមនុស្សទាំងអស់នៅថ្ងៃចុងក្រោយ ។ សូមពិចារណាចែកចាយថា ទេវតាមរ៉ូណៃបានធ្វើការព្យាករនេះម្ដងទៀត នៅពេលលោកទៅជួប យ៉ូសែប ស្ម៊ីធ ( សូមមើល យ៉ូសែប ស៊្មីធ—ប្រវត្តិ ១:៤១ ) ។
-
តើមានរបៀបខុសគ្នាអ្វីខ្លះដែលព្រះអម្ចាស់អាចចាត់ព្រះវិញ្ញាណរបស់ទ្រង់មក ?
ការព្យាករនេះអាចមានអត្ថន័យ និងការបំពេញជាច្រើន ។ របៀបមួយដែលព្រះអម្ចាស់ចាត់ព្រះវិញ្ញាណរបស់ទ្រង់មកលើយើង គឺតាមរយៈការប្រទានវិវរណៈផ្ទាល់ខ្លួនដល់យើង ។
ប្រសិនបើអ្នកយកធុងមកថ្នាក់ នោះអ្នកអាចបង្ហាញពីភាពខុសគ្នារវាងការចាក់ ការស្រក់ និងការបាញ់ទឹកចូលក្នុងធុង ។ សូមពិភាក្សាពីសារៈសំខាន់នៃសេចក្តីសន្យារបស់ព្រះអម្ចាស់ដើម្បី ចាត់ ព្រះវិញ្ញាណរបស់ទ្រង់មកលើយើង ។
-
តើយើងអាចស្គាល់វិវរណៈដែលព្រះអម្ចាស់កំពុងចាត់មកដោយរបៀបណា ?
ប្រសិនបើសិស្សត្រូវការជំនួយក្នុងឆ្លើយសំណួរមុន នោះអ្នកអាចអញ្ជើញថ្នាក់ពាក់កណ្ដាលឲ្យអាន កាឡាទី ៥:២២–២៣ និងពាក់កណ្ដាលទៀតឲ្យអាន គោលលទ្ធិ និងសេចក្តីសញ្ញា ១១:១២–១៣ បន្ទាប់មកចែកចាយអ្វីដែលពួកគេបានរកឃើញ ។ សិស្សក៏អាចទទួលបានអត្ថប្រយោជន៍មកពីការពិភាក្សាអំពីសារៈសំខាន់នៃឃ្លា គ្រប់ទាំងមនុស្ស ផងដែរ នៅក្នុង យ៉ូអែល ២:២៨ និងពន្យល់តទៅទៀតនៅក្នុង ខទី ២៩ ។ សូមជួយពួកគេឲ្យយល់ថា ការសន្យានេះគឺសម្រាប់បុត្រាបុត្រីទាំងអស់របស់ព្រះវរបិតាសួគ៌ ទាំងស្ត្រី និងបុរស ។
-
តើការណ៍នេះបង្រៀនអ្នកអំពីបំណងប្រាថ្នារបស់ព្រះវរបិតាសួគ៌សម្រាប់អ្នកអ្វីខ្លះ ?
ការបង្កើនសមត្ថភាពរបស់យើង
ដើម្បីជួយសិស្សឲ្យរៀនពីរៀបដើម្បី « ធ្វើកិច្ចការខាងវិញ្ញាណ » ដែលចាំបាច់ដើម្បីទទួលវិវរណៈផ្ទាល់ខ្លួន នោះអ្នកអាចផ្ដល់ឲ្យពួកគេនូវសំណៅមេរៀន « ការបង្កើនសមត្ថភាពរបស់អ្នកដើម្បីទទួលវិវរណៈ » ។
សូមពិចារណាដាក់សិស្សជាក្រុមដែលមានគ្នាបីនាក់ ហើយចាត់ឲ្យសិស្សម្នាក់ៗនូវសេចក្តីថ្លែងការណ៍ដាច់ដោយឡែកពីគ្នាមួយ ដើម្បីសិក្សាពីផ្នែកដំបូងនៃសំណៅមេរៀននោះ ។ បន្ទាប់មក សិស្សអាចចែកចាយជាមួយក្រុមរបស់ពួកគេនូវអ្វីដែលពួកគេបានរៀន ។ ពួកគេអាចបំពេញជំហានទីពីរនៅលើសំណៅមេរៀន ជាក្រុម ឬជាបុគ្គល ។
នៅពេលសិស្សបានបំពេញសំណៅមេរៀននោះហើយ សូមពិចារណាអញ្ជើញពួកគេឲ្យជ្រើសរើសមតិយោបល់មួយ ឬពីរដែលពួកគេមានអារម្មណ៍ថា មានប្រយោជន៍បំផុតសម្រាប់ក្មេងវ័យជំទង់ដើម្បីទទួលបានវិវរណៈផ្ទាល់ខ្លួន ។ អញ្ជើញពួកគេឲ្យសរសេរមតិយោបល់ទាំងនេះនៅលើសន្លឹកក្រដាសខុសៗគ្នា ហើយដាក់វានៅក្នុងធុងដែលធំជាងគេ ដែលអ្នកយកមកថ្នាក់ ។ អ្នកអាចបង្ហាញថា ធុងដែលធំជាងគេអាចតំណាងឲ្យតម្រូវការរបស់យើងក្នុងការបង្កើនសមត្ថភាពរបស់យើងដើម្បីទទួលវិវរណៈ ។
សូមពិចារណាសរសេរសេចក្តីណែនាំខាងក្រោមនៅលើក្ដារខៀន ។
សូមចែកចាយគំនិតខាងក្រោមមួយដែលទាក់ទងនឹងមតិយោបល់នេះ ៖
-
បទពិសោធន៍ផ្ទាល់ខ្លួន
-
ដំបូន្មានមួយចំនួន
-
បទគម្ពីរ ឬសេចក្តីថ្លែងការណ៍
-
សំណួរ
អ្នកអាចអញ្ជើញសិស្សពីរបីនាក់ ម្តងម្នាក់ៗ ឲ្យយកក្រដាសមួយពីធុងនោះ ។ ពួកគេអាចអានដល់សិស្សក្នុងថ្នាក់នូវមិតិយោបល់ដែលពួកគេបានគូរ ហើយបន្ទាប់មកជ្រើសរើសរបស់មួយមកពីក្ដារខៀនដែលពួកគេចង់ចែកចាយ ឬសុំឲ្យសិស្សក្នុងថ្នាក់ចែកចាយ ។
សូមពិចារណាអំពីពេលវេលាដែលអ្នកមាននៅក្នុងថ្នាក់ និងកម្រិតនៃការចូលរួមរបស់សិស្សអ្នក នៅពេលអ្នកកំណត់ថា តើមានមតិយោបល់ប៉ុន្មានដើម្បីពិភាក្សា ។ ត្រូវប្រាកដថាទុកពេលគ្រប់គ្រាន់សម្រាប់សិស្សដើម្បីអនុវត្តអ្វីដែលពួកគេបានរៀន ។
អនុវត្តតាមអ្វីដែលអ្នកបានរៀនរួចមកហើយ
ដើម្បីជួយសិស្សមើលឃើញពីទំនុកចិត្តដែលថ្នាក់ដឹកនាំសាសនាចក្រមាននៅលើយុវវ័យក្នុងការទទួលវិវរណៈ នោះសូមពិចារណាមើល « ការណែនាំថា្នក់ដឹកនាំព្រះវិហារបរិសុទ្ធ និងពង្សប្រវត្តិ ឆ្នាំ២០២០ » ចាប់ពីនាទីទី ៥៦:០៦ ដល់ ៥៨:២៩ ដែលមាននៅលើគេហទំព័រ ChurchofJesusChrist.org ។ អែលឌើរ ដេវីឌ អេ បែដណា ក្នុងកូរ៉ុមនៃសាវកដប់ពីរនាក់ បានមានប្រសាសន៍ទៅកាន់គណៈប្រធានយុវវ័យអំពីការកែសម្រួលដែលត្រូវបានធ្វើឡើង ដើម្បីឲ្យពួកគេចូលរួមបន្ថែមទៀតក្នុងកិច្ចការនៃសេចក្ដីសង្គ្រោះ ។
សូមពិចារណាផ្តល់សក្ខីភាពរបស់អ្នកថា ព្រះអម្ចាស់ចង់ចាត់ព្រះវិញ្ញាណរបស់ទ្រង់ និងមានបន្ទូលទៅកាន់មនុស្សទាំងអស់ ដោយរួមទាំងសិស្សរបស់អ្នកផងដែរ ។ អញ្ជើញសិស្សឲ្យគិតពិចារណាអំពីរបៀបដែលពួកគេអាចបង្កើនសមត្ថភាពរបស់ពួកគេ ដើម្បីទទួលបានវិវរណៈនៅក្នុងជីវិតរបស់ពួកគេ ។ អ្នកអាចធ្វើការណ៍នេះបានដោយផ្តល់ការណែនាំដូចខាងក្រោម ៖
-
គិតពិចារណាម្តងទៀតអំពីអ្វីដែលអ្នកកំពុងឆ្លងកាត់ក្នុងជីវិត ដែលអាចទទួលបានអត្ថប្រយោជន៍ពីវិវរណៈផ្ទាល់ខ្លួនបន្ថែមទៀតមកពីព្រះ ។
-
នៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក សូមគូររូបធុងមួយដែលមានអ្វីមួយបានចាក់ចូលទៅក្នុងធុងនោះ ។
-
ដាក់ស្លាកធុងរបស់អ្នកនូវកិច្ចការមួយ ឬពីរដែលអ្នកនឹងធ្វើដើម្បីបង្កើតសមត្ថភាពរបស់អ្នកក្នុងការទទួលវិវរណៈ ដែលព្រះអម្ចាស់កំពុងចាត់មកលើអ្នក ។ អ្នកអាចបន្ថែមព័ត៌មានលម្អិតជាក់លាក់អំពីរបៀបដែលអ្នកនឹងព្យាយាមធ្វើរឿងទាំងនេះប្រកបដោយប្រសិទ្ធភាព ។
អ្នកអាចអញ្ជើញសិស្សដែលស្ម័គ្រចិត្តឲ្យចែកចាយអ្វីដែលពួកគេបានសរសេរ ។