ថ្នាក់​សិក្ខាសាលា
ការអនុវត្ត​ចំណេះចំណាន​ខាង​គោលលទ្ធិ​ទី ៤ ៖ អនុវត្ត​គោលការណ៍​នៃ​ការទទួល​បាន​ចំណេះដឹង​ខាងវិញ្ញាណ


« ការអនុវត្ត​ចំណេះចំណាន​ខាង​គោលលទ្ធិ​ទី ៤ ៖ អនុវត្ត​គោលការណ៍​នៃ​ការទទួល​បាន​ចំណេះដឹង​ខាងវិញ្ញាណ » សៀវភៅ​សិក្សា​ព្រះគម្ពីរ​សញ្ញាចាស់ សម្រាប់​គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា ( ឆ្នាំ២០២៦ )

« ការអនុវត្ត​ចំណេះចំណាន​ខាង​គោលលទ្ធិ​ទី ៤ ៖ អនុវត្ត​គោលការណ៍​នៃ​ការទទួល​បាន​ចំណេះដឹង​ខាងវិញ្ញាណ » សៀវភៅ​សិក្សា​ព្រះគម្ពីរ​សញ្ញាចាស់ សម្រាប់​គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា

យ៉ូស្វេ ១–៨; ២៣–២៤ ៖ មេរៀនទី ៦៤

ការអនុវត្ត​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ​ទី ៤

អនុវត្ត​គោលការណ៍​នៃ​ការទទួល​បាន​ចំណេះដឹង​ខាងវិញ្ញាណ

Woman at a crossroads

ចំណេះ​ចំណាន​ខាង​គោលលទ្ធិ​អាច​ជួយ​សិស្ស​ឲ្យ​សង់គ្រឹះ​សម្រាប់​ជីវិត​ពួកគេ​នៅលើ​ព្រះយេស៊ូវ​គ្រីស្ទ និង​ដំណឹងល្អ​របស់ទ្រង់ ។ មេរៀន​នេះ​នឹង​ជួយ​សិស្ស​ឲ្យ​អនុវត្ត​សេចក្តីពិត​ដែល​មាន​នៅក្នុង​វគ្គ​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ ហើយ​រៀន និង​អនុវត្ត​តាម​គោលការណ៍​ដ៏​ទេវភាព​សម្រាប់​ការទទួល​បាន​ចំណេះដឹង​ខាងវិញ្ញាណ ។

ការរៀបចំ​សិស្ស ៖ អញ្ជើញ​សិស្ស​ឲ្យ​ជ្រើសរើស​វគ្គ​បទគម្ពីរ​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ​មួយ ដែល​ពួកគេ​បាន​សិក្សា​នៅ​ឆ្នាំ​នេះ ។ សូម​លើក​ទឹក​ចិត្ត​ពួកគេ​ឲ្យ​គិត​អំពី​ស្ថានភាព​ជាក់ស្តែង មួយ​ដែល​ក្មេង​វ័យ​ជំទង់ អាច​ទទួល​បាន​អត្ថប្រយោជន៍​ពី​ការអនុវត្ត​ការបង្រៀន​នៅក្នុង​វគ្គបទគម្ពីរ​នោះ ។ បញ្ជី​នៃ​វគ្គបទគម្ពីរ​អាច​រក​បាន​នៅក្នុង ឯកសារ​គោល​នៃ​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ ( ឆ្នាំ២០២៣ ) ។

សកម្មភាព​រៀនសូត្រ​ដែល​អាច​មាន

ការរំឭក​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ ៖ អនុវត្ត

ដើម្បី​ចាប់ផ្ដើម​ពិភាក្សា​អំពី​សារៈសំខាន់​នៃ​ការ​អនុវត្ត​វគ្គ​ចំណេះចំណាន​ខាងគោលលទ្ធិ សូម​ពិចារណា​យក ឬ​បង្ហាញ​រូបភាព​វត្ថុ​ដែល​ក្មេង​វ័យ​ជំទង់​ជា​ច្រើន​អាច​ស្គាល់ ប៉ុន្តែ​មិន​ដឹង​ពី​របៀប​ប្រើប្រាស់ ។ ខាងក្រោម​នេះ​ជា​ឧទាហរណ៍​ដែល​អាច​មាន ។ សូម​សួរ​សិស្ស​ថា​វត្ថុ​នីមួយៗ​គឺ​ជា​អ្វី ហើយ​ប្រសិនបើ​ពួកគេ​ដឹង​ពី​របៀប​ប្រើប្រាស់​វា ។

Woman sewing on sewing machine
A woman holding a camera
Close up of hand on manual gear shift knob
Male hand turning retro radio button. Listen to music or news with old classic radio receiver. Vintage lifestyle
  • ហេតុអ្វី​បាន​ជា​វា​សំខាន់​ក្នុងការ​មិន​គ្រាន់តែ​ដឹង​អំពី​អ្វី​មួយ​នោះ​ទេ ប៉ុន្តែ​ក៏​ត្រូវ​ដឹង​ពី​របៀប​ប្រើ​វា​ដែរ ?

  • តើ​គោលការណ៍​នេះ​អាច​អនុវត្ត​ចំពោះ​ការ​សិក្សា​វគ្គ​ចំណេះចំណាន​ខាង​គោលលទ្ធិ​របស់​យើង​យ៉ាង​ដូចម្ដេច ?

ថ្ងៃនេះ អ្នក​នឹង​អនុវត្ត​ដោយ​ប្រើ​វគ្គ​ចំណេះចំណាន​ខាង​គោលលទ្ធិ និង​គោលការណ៍​នៃ​ការទទួល​បាន​ចំណេះដឹង​ខាងវិញ្ញាណ​នៅក្នុង​ស្ថានភាព​ជីវិត​ពិត ។ ស្វែងរក​ការបំផុសគំនិត​ពី​ព្រះវិញ្ញាណបរិសុទ្ធ ដើម្បី​ជួយ​អ្នក​រៀន​វគ្គ​បទគម្ពីរ និង​គោលការណ៍​ទាំង​នេះ ហើយ​អនុវត្ត​វា​នៅក្នុង​ជីវិត​របស់​អ្នក ។

សូម​ពិចារណា​អញ្ជើញ​សិស្ស​ឲ្យ​រាយ​បញ្ជី​វគ្គ​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ និង​ឃ្លា​បទគម្ពីរ​គន្លឹះ​ដែល​ពួកគេ​បាន​សិក្សា​នៅ​ឆ្នាំ​នេះ ។ ប្រសិនបើ​ចាំបាច់ សូម​មើល ឯកសារ​គោល​នៃ​ចំណេះ​ចំណាន​ខាងគោលលទ្ធិ ( ឆ្នាំ២០២២ ) ។

រៀបចំ​សិស្ស​ជា​ក្រុម​តូចៗ ហើយ​ផ្តល់​ឲ្យ​ក្រុម​នីមួយៗ​នូវ​ក្រដាស​មួយ​សន្លឹក ។ ចាត់តាំង ឬ​អញ្ជើញ​ក្រុមទាំងឡាយ​ឲ្យ​ជ្រើសរើស​វគ្គ​ចំណេះ​ចំណាន​ខាងគោលលទ្ធិ​មួយ ។ ស្នើ​ឲ្យ​ពួកគេ​បង្កើត​សាច់រឿង ( ឬ​ស្ថានភាព ) ដែល​នរណា​ម្នាក់​អាច​ទទួល​បាន​អត្ថប្រយោជន៍​ពី​ការអនុវត្ត​គោលលទ្ធិ​នៅក្នុង​វគ្គ​បទគម្ពីរ​នោះ ។ ឧទាហរណ៍ សិស្ស​ដែល​ជ្រើសរើស យ៉ូស្វេ ២៤:១៥ អាច​សរសេរ​សាច់រឿង​ខាងក្រោម​នេះ ៖ « ក្មេងស្រី​ម្នាក់​ត្រូវ​បានល្បួង​ក្នុង​ពិធី​ជប់លៀង​មួយ​ឲ្យ​ធ្វើ​អ្វី​ដែល​អ្នក​ដទៃ​កំពុង​ធ្វើ ប៉ុន្តែ​នាង​ដឹង​ថា​ព្រះអម្ចាស់​នឹង​មិន​ពេញ​ព្រះទ័យ​ឡើយ » ។ សូម​លើក​ទឹកចិត្ត​សិស្ស​កុំ​ឲ្យ​សរសេរ​សេចក្ដីយោង​បទគម្ពីរ​នៅលើ​ក្រដាស ប៉ុន្តែ​ត្រូវ​រៀបចំ​ដើម្បី​ចែកចាយ​សេចក្ដីយោង​នៅពេល​ក្រោយ ។

ប្រមូល​ក្រដាស ។ អ្នក​អាច​អាន​សាច់រឿង​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ស្ដាប់ ឬ​ចែកចាយ​វា​ទៅ​ក្រុម​ផ្សេងៗ ។

សូម​អញ្ជើញ​សិស្ស​ឲ្យ​ចែកចាយ​វគ្គ​ចំណេះ​ចំណាន​ខាងគោលលទ្ធិ​ដែល​អាច​ជួយ​បុគ្គល​នោះ​នៅក្នុង​សាច់រឿង​នោះ ។ សូម​ជួយ​ពួកគេ​ឲ្យ​យល់​ថា​វគ្គ​បទគម្ពីរ​លើស​ពី​មួយ​អាច​ទាក់ទង​នឹង​សាច់រឿង​នីមួយៗ ។ សិស្ស​ក៏​អាច​ពិភាក្សា​អំពី​របៀប​ដែល​ការអនុវត្ត​គោលលទ្ធិ​ដែល​បានបង្រៀន​ក្នុង​វគ្គ​បទគម្ពីរ​អាច​ជួយ​បុគ្គល​នោះ​ពង្រឹង​ទំនាក់ទំនង​របស់​ពួកគេ​ជាមួយ​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ ។ ប្រសិនបើ​ចាំបាច់ ក្រុម​ដែល​បាន​សរសេរ​សាច់រឿង​នោះ អាច​ចែកចាយ​សេចក្តី​យោង​បទគម្ពីរ​ដើម​ដែល​ពួកគេ​បាន​ជ្រើសរើស ហើយ​ពន្យល់​ពី​របៀប​ដែល​វា​អាច​ជួយ​ក្នុង​សាច់រឿង​ដែល​ពួកគេ​បាន​ជ្រើសរើស ។

សូម​ទុកពេល ២០–៣០ នាទី សម្រាប់​សកម្មភាព « រៀន និង​អនុវត្ត​តាម​គោលការណ៍​នៃ​ការទទួល​បាន​ចំណេះដឹង​ខាងវិញ្ញាណ » នៅខាងក្រោម ។

គំនិត​បន្ថែម​សម្រាប់​ជួយ​សិស្ស​អនុវត្ត​វគ្គ​បទគម្ពីរ​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ មាន​នៅក្នុង​ឯកសារ​ឧបសម្ព័ន្ធ​ដែល​នៅក្រោម « សកម្មភាព​រំឭក​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ​ឡើងវិញ » ។

រៀន និង​អនុវត្ត​តាម​គោលការណ៍​នៃ​ការទទួល​បាន​ចំណេះដឹង​ខាងវិញ្ញាណ

មេរៀន​ដែល​នៅ​សេសសល់​ផ្តោតលើ​ការជួយ​សិស្ស​ឲ្យ​អនុវត្ត​គោលការណ៍​នៃ​ការទទួល​បាន​ចំណេះដឹង​ខាងវិញ្ញាណ​ទៅ​ក្នុង​ស្ថានភាព​ដែល​ទាក់ទង ។ ជា​ដំបូង អ្នក​អាច​នឹង​រំឭក​គោលការណ៍​នៃ​ការទទួលបាន​ចំណេះដឹង​ខាងវិញ្ញាណ​ឡើង​វិញ ។ សកម្មភាព​រំឭក​ដែល​បាន​ណែនាំ​មាន​ដាក់​បញ្ចូល​នៅក្នុង​ឯកសារ​ឧបសម្ព័ន្ធ​នៅពី​ក្រោម « សកម្មភាព​រំឭក​ចំណេះ​ចំណាន​ខាងគោលលទ្ធិ​ឡើងវិញ » ។ ការពិពណ៌នា​អំពី​គោលការណ៍​ទាំងឡាយ​មាន​នៅក្នុង កថាខណ្ឌ​ទី ៥–១២ នៃ​ផ្នែក « ការទទួល​បាន​ចំណេះដឹង​ខាងវិញ្ញាណ » នៃ ឯកសារ​គោល​នៃ​ចំណេះ​ចំណាន​ខាងគោលលទ្ធិ ( ឆ្នាំ២០២៣ ) ។

សូម​ជញ្ជឹងគិត​អំពី​តម្រូវការ​សិស្ស​របស់​អ្នក ហើយ​ស្វែងរក​ជំនួយ​របស់​ព្រះអម្ចាស់ ដើម្បី​ជ្រើសរើស ឬ​បត់បែន​តាម​សាច់រឿង​មួយ​ដូច​ខាងក្រោម ឬ​ដើម្បី​បង្កើត​សាច់រឿង​ផ្ទាល់ខ្លួន​របស់​អ្នក​មួយ ។

សាច់រឿង​ទាំង​ពីរ​គឺ​មិន​ពេញលេញ ។ ជួយ​សិស្ស​បំពេញ​ចន្លោះ​ចុចៗ​នៃ​សាច់រឿង​ដែល​បាន​ជ្រើសរើស​តាម​របៀប​ដ៏​សមរម្យ និង​មាន​អត្ថន័យ ។

  • យុវជន​ម្នាក់​ដែល​មាន​ឈ្មោះ​ថា [ ឈ្មោះ​ក្មេង​វ័យជំទង់ ] កំពុង​មាន​អារម្មណ៍​ថា មាន​សម្ពាធ​ពី [ មនុស្ស ឬ​ក្រុម ] ឲ្យ​ធ្វើខុស​នឹង​បទបញ្ញត្តិ​របស់​ព្រះអម្ចាស់ [ បទបញ្ញត្តិ​មួយ​ដែល​ក្មេង​វ័យ​ជំទង់​អាច​នឹង​មាន​អារម្មណ៍​ប្រាកដនិយម​ថា​ត្រូវ​បាន​ល្បួង​ឲ្យ​ធ្វើខុស ] ។ គេ​តែងតែ​ប្រាប់​គាត់​ជា​ញឹកញាប់​ថា វា​មិន​មែន​ជា​រឿង​ធំដុំ​ទេ ក្នុង​ការ​ធ្វើខុស​នឹង​បទបញ្ញត្តិ​នេះ ដោយសារ [ ហេតុផល​មួយ​ដែល​នរណា​ម្នាក់​អាច​គិត​ថា វា​មិន​ល្អ​ក្នុង​ការ​ធ្វើខុស​នឹង​បទបញ្ញត្តិ​នេះ ] ។ [ ឈ្មោះ​ក្មេង​វ័យ​ជំទង់ ] មាន​អារម្មណ៍​ច្របូកច្របល់ ហើយ​មិន​ដឹង​ថា​ត្រូវ​ធ្វើអ្វី​នោះ​ទេ ។

  • យុវនារី​ម្នាក់​ដែល​មាន​ឈ្មោះ [ ឈ្មោះ​ក្មេង​វ័យ​ជំទង់ ] មាន​ចិត្ត​រីករាយ​នៅពេល​នាង​មាន​អាយុ​ល្មម​គ្រប់គ្រាន់ ដើម្បី​ចាកចេញពី​ផ្ទះ​ឪពុក​ម្តាយ​របស់​នាង ហើយ​ចេញ​ទៅ​រស់​នៅ​ដោយ​ខ្លួនឯង ។ នៅក្នុង​ផ្ទះ​ឪពុក​ម្តាយ​របស់​នាង នាង​ត្រូវ​តែ​គោរពតាម​បទបញ្ញត្តិ​ជា [ បទបញ្ញត្តិ​មួយ​ដែល​ក្មេង​វ័យ​ជំទង់​អាច​ពិត​ជា​មិន​ចង់​គោរពតាម​ឡើយ ] ។ នាង​ចង់​ធ្វើ​ជា​មនុស្ស​ល្អ ប៉ុន្តែ​នាង​មិន​ដឹង​ថា​តើ​នាង​នឹង​បន្ត​គោរព​តាម​បទបញ្ញត្តិ​នោះ​ឬ​អត់ បន្ទាប់​ពី​នាង​ចាក​ចេញពី​ផ្ទះ​នោះ ។ នេះ​គឺ​ដោយសារតែ [ ហេតុផល​មួយ​ដែល​មនុស្ស​ម្នាក់​ប្រហែល​ជា​មិន​ចង់​គោរពតាម​បទបញ្ញត្តិ​នេះ ] ។

    ឥឡូវនេះ សិស្ស​នឹង​អនុវត្ត​គោលការណ៍​នៃ​ការទទួល​បាន​ចំណេះដឹង​ខាងវិញ្ញាណ ដើម្បី​ជួយ​បុគ្គល​ក្នុង​សាច់រឿង​ដែល​បាន​ជ្រើសរើស ។ សិស្ស​ក៏​អាច​ធ្វើការជាគូៗ ឬ​ក្រុម​តូចៗ​ផងដែរ ។

    បង្ហាញ​គោលការណ៍​បី​នៃ​ការទទួល​បាន​ចំណេះដឹង​ខាងវិញ្ញាណ ៖

    • ធ្វើ​សកម្មភាព​ដោយ​សេចក្ដី​ជំនឿ ។

    • ពិនិត្យមើល​គោលគំនិត និង​សំណួរ​ទាំងឡាយ​ដោយ​ទស្សនវិស័យ​ដ៏​អស់កល្ប​មួយ ។

    • ស្វែងរក​ការយល់ដឹង​បន្ថែម​តាមរយៈ​ប្រភព​ដែល​បាន​តែងតាំង​ដ៏​ទេវភាព ។

    សូម​អញ្ជើញសិស្ស​ឲ្យ​ពិភាក្សា​អំពី​សំណួរ​ខាងក្រោម ។

  • តើ​គោលការណ៍​នៃ​ការទទួល​បាន​ចំណេះដឹង​ខាងវិញ្ញាណ​ណា​ខ្លះ​ដែល​អ្នក​គិត​ថា​នឹង​មាន​ប្រយោជន៍​បំផុត​សម្រាប់​បុគ្គល​នៅក្នុង​សាច់រឿង​នោះ ? ហេតុអ្វី ?

  • តើ​វគ្គ​ចំណេះ​ចំណាន​ខាងគោលលទ្ធិ​មួយ​ណា ឬ​វគ្គ​បទគម្ពីរ​ផ្សេង​ទៀត​ដែល​អ្នក​មាន​អារម្មណ៍​ថា​អាច​ជួយ​បុគ្គល​នៅក្នុង​សាច់រឿង​នោះ ? ហេតុអ្វី ?

បន្ទាប់ពី​ទុក​ពេល​គ្រប់គ្រាន់​ហើយ សូម​ឲ្យ​សិស្ស​ចែកចាយ​អ្វី​ដែល​ពួកគេ​បានពិភាក្សា ។

សូម​បង្ហាញ​រូបភាព​ដែល​មាន​នៅ​ខាង​ដើម​មេរៀន​នេះ​ដោយ​យកចិត្ត​ទុកដាក់ ។ រៀបចំ​សិស្ស​ជាគូ​ដើម្បី​បំពេញ​សកម្មភាព​ដូចខាងក្រោម ។

សូម​ស្រមៃថា បុគ្គល​ក្នុង​សាច់រឿង​នេះ​ជ្រើសរើស​មិន​អើពើ​នឹង​គោលលទ្ធិ​របស់​ព្រះអង្គ​សង្គ្រោះ​ឡើយ ។ កំណត់​នូវ​អ្វី​ដែល​អាច​កើត​ឡើង​ចំពោះ​ពួកគេ ។ បន្ទាប់មក កំណត់​នូវ​អ្វី​ដែល​អាច​កើតឡើង ប្រសិនបើ​ពួកគេ​ជ្រើសរើស​ធ្វើ​សកម្មភាព​តាម​គោលលទ្ធិ​នោះ និង​គោលការណ៍​នៃ​ការទទួល​បាន​ចំណេះដឹង​ខាងវិញ្ញាណ ។

ក្រោយពី​សិស្ស​មាន​ពេល​គ្រប់គ្រាន់​ដើម្បី​ពិភាក្សា​នូវ​ចម្លើយ​របស់​ពួកគេ​ហើយ សូម​អញ្ជើញ​សិស្ស​ពីរ​បី​នាក់​ចែកចាយ​គំនិត​របស់​ពួកគេ​ជាមួយ​នឹង​សិស្ស​ក្នុង​ថ្នាក់ ។ នៅពេល​សិស្ស​ចែកចាយ សូម​ពិចារណា​សួរ​សំណួរ​តាមដាន​ដូច​តទៅ ដើម្បី​ជួយ​ណែនាំ​ការពិភាក្សា​ក្នុង​ថ្នាក់​ដ៏​មាន​អត្ថន័យ ៖

  • តើ​អ្នក​នឹង​បន្ថែម​អ្វី​ទៀត​ទៅ​លើ​អ្វី​ដែល​មិត្ត​រួម​ថ្នាក់​របស់​អ្នក​បាន​ចែកចាយ ?

  • តើ​គោលការណ៍​នៃ​ការទទួល​បាន​ចំណេះដឹង​ខាងវិញ្ញាណ​អាច​ជួយ​បុគ្គល​ក្នុង​សាច់រឿង​នេះ​ជ្រើសរើស​ដើរ​តាម​ព្រះយេស៊ូវ​គ្រីស្ទ​បាន​ដោយ​របៀប​ណា​ទៀត ?

  • តើ​អ្នក​ដឹង​អ្វីខ្លះ​អំពី​ព្រះវរបិតាសួគ៌ ឬ​ព្រះយេស៊ូវ​គ្រីស្ទ ដែល​អាច​មាន​សារៈសំខាន់​សម្រាប់​បុគ្គល​នៅក្នុង​សាច់រឿង​ដើម្បី​ចងចាំ ?

សូម​អញ្ជើញ​សិស្ស​ឲ្យ​ជញ្ជឹងគិត​ពី​របៀប​ដែល​វគ្គ​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ ឬ​គោលការណ៍​នៃ​ការទទួល​បាន​ចំណេះដឹង​ខាងវិញ្ញាណ​បាន​ជួយ​ពួកគេ​ក្នុង​ការសម្រេចចិត្ត​ផ្ទាល់ខ្លួន​របស់​ពួកគេ ។ អ្នក​អាច​អញ្ជើញ​សិស្ស​ឲ្យ​សរសេរ ឬ​ចែកចាយ​គំនិត​របស់​ពួកគេ ។