ថ្នាក់​សិក្ខាសាលា
ការអនុវត្ត​តាមចំណេះ​ចំណាន​ខាង​គោលលទ្ធិ​ទី ៣ ៖ ការទន្ទេញ​ឃ្លា​គន្លឹះ និង​ការអនុវត្ត​គោលការណ៍​នៃ​ការទទួល​បាន​ចំណេះដឹង​ខាង​វិញ្ញាណ


« ការអនុវត្ត​តាមចំណេះ​ចំណាន​ខាង​គោលលទ្ធិ​ទី ៣ ៖ ការទន្ទេញ​ឃ្លា​គន្លឹះ និង​ការអនុវត្ត​គោលការណ៍​នៃ​ការទទួល​បាន​ចំណេះដឹង​ខាង​វិញ្ញាណ » សៀវភៅ​សិក្សា​ព្រះគម្ពីរ​សញ្ញាចាស់ សម្រាប់​គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា ( ឆ្នាំ ២០២៦ )

« ការអនុវត្តតាម​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ​ទី ៣ ៖ ការទន្ទេញ​ឃ្លា​គន្លឹះ និង​ការអនុវត្ត​គោលការណ៍​នៃ​ការទទួល​បាន​ចំណេះដឹង​ខាង​វិញ្ញាណ » សៀវភៅ​សិក្សា​ព្រះគម្ពីរ​សញ្ញាចាស់ សម្រាប់​គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា

និក្ខមនំ ៧–១៣ ៖ មេរៀន​ទី ៤៤

ការអនុវត្ត​តាមចំណេះ​ចំណាន​ខាង​គោលលទ្ធិ​ទី ៣

ការទន្ទេញ​ឃ្លា​គន្លឹះ និង​ការអនុវត្ត​តាម​គោលការណ៍​នៃ​ការទទួល​បាន​ចំណេះដឹង​ខាង​វិញ្ញាណ

Young man (seminary student) in gray sweater, holding and reading scriptures at desk in seminary class. (horiz)

ចំណេះចំណាន​ខាង​គោលលទ្ធិ​អាច​ជួយ​សិស្ស​ឲ្យ​ស្ថាបនា​គ្រឹះ​សម្រាប់​ជីវិត​របស់​ពួកគេ​នៅលើ​ព្រះយេស៊ូវ​គ្រីស្ទ និង​ដំណឹងល្អ​របស់​ទ្រង់ ។ មេរៀន​នេះ​អាច​ជួយ​សិស្ស​ទន្ទេញ​ឃ្លា​បទគម្ពីរ​គន្លឹះ​នៅក្នុង​វគ្គ​បទគម្ពីរ​ចំណេះចំណាន​ខាង​គោលលទ្ធិ ហើយ​អនុវត្ត​គោលការណ៍​ដ៏​ទេវភាព​នៃ​ការទទួល​បាន​ចំណេះដឹង​ខាង​វិញ្ញាណ ។

ការរៀបចំ​សិស្ស ៖ សូម​អញ្ជើញ​សិស្ស​ឲ្យ​ជ្រើសរើស​វគ្គ​បទគម្ពីរ​ចំណេះចំណាន​ខាង​គោលលទ្ធិ​មួយ ឬ​ពីរ​ចេញពី​ព្រះគម្ពីរ​សញ្ញាចាស់ ហើយ​ទន្ទេញ​សេចក្តីយោង និង​ឃ្លា​បទគម្ពីរ​គន្លឹះ ។ ប្រសិនបើ​ពួកគេ​ចង់ ពួកគេ​ក៏​អាច​ទន្ទេញ​មេរៀន​ទាំងមូល​បានដែរ ។ សូម​អញ្ជើញ​ពួកគេ​ឲ្យ​ជញ្ជឹងគិត​អំពី​របៀប​ដែល​ការទន្ទេញ​ឃ្លា ឬ​បទគម្ពីរ​គន្លឹះ​អាច​ជួយ​ពួកគេ​ក្នុង​ជីវិត​របស់​ពួកគេ ។

សកម្មភាព​រៀនសូត្រ​ដែលអាច​មាន

ការរំឭក​ចំណេះចំណាន​ខាង​គោលលទ្ធិ ៖ ទន្ទេញ​

ផ្នែក​ដំបូង​នៃ​មេរៀន​នេះ​នឹង​ប្រៀប​ធៀប​ការទន្ទេញ​ចាំ​បទគម្ពីរ​មួយ​ទៅ​នឹង​ការទទួល​បាន​មិត្ត​ថ្មី​ម្នាក់ ។ សូម​គិត​អំពី​សកម្មភាព​មួយ ដើម្បី​​រៀបចំ​សិស្ស​ធ្វើ​ការប្រៀប​ធៀប​នេះ ។ ឧទាហរណ៍ ប្រសិនបើ​សិស្ស​ក្នុង​ថ្នាក់​របស់​អ្នក​មាន​ច្រើន ដែល​សិស្ស​អាច​នឹង​មិន​ស្គាល់​គ្នា​ច្បាស់ អ្នក​អាច​អញ្ជើញ​សិស្ស​ឲ្យ​ប្រាប់​ឈ្មោះ​សិស្ស​នៅក្នុង​ថ្នាក់​ឲ្យ​បាន​ច្រើន​តាម​ដែល​អាច​ធ្វើ​ទៅ​បាន ។ ពួកគេ​អាច​ធ្វើ​ដូច្នេះ​ដោយ​ខ្លួនឯង ឬ​នៅក្នុង​ក្រុម​តូចៗ ។ សូម​អញ្ជើញ​សិស្ស​ឲ្យ​ជញ្ជឹង​គិត​អំពី​នរណា​ដែល​ពួកគេ​បាន​ស្គាល់​ច្បាស់ ។

  • តើ​ហេតុអ្វី​បានជា​ការស្គាល់​មនុស្ស​ក្នុង​ថ្នាក់​នេះ​គឺជា​រឿង​ល្អ ?

  • តើ​ការមាន​មិត្ត​ផ្ដល់​អត្ថប្រយោជន៍​អ្វី​ខ្លះ ?

សូម​អាន​សេចក្ដី​ថ្លែងការណ៍​ខាងក្រោម​ដោយ​អែលឌើរ រីឆាត ជី ស្កត ( ឆ្នាំ ១៩២៨–២០១៥ ) ក្នុងកូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់ ៖

Final official portrait of Elder Richard G. Scott of the Quorum of the Twelve Apostles, 2004.  Passed away 22 September 2015.

« អំណាច​ដ៏​អស្ចារ្យ​អាចកើត​ឡើង​មក​ពី​ការទន្ទេញ​ចាំ​បទគម្ពីរ ។ ការទន្ទេញ​ចាំ​បទគម្ពីរ​មួយ​គឺជា​ការបង្កើត​មិត្តភាព​មួយ​ថ្មី ។ » ( « The Power of Scripture » Liahona ខែ​វិច្ឆិកា ឆ្នាំ​២០១១ ទំព័រ ៦ )

  • តើ​អ្នក​គិតថា​បានទន្ទេញ​ចាំ​នូវ​ឃ្លា ឬ​វគ្គ​បទគម្ពីរ​មួយ អាច​ដូចជា​មិត្តភក្តិ​ម្នាក់​យ៉ាង​ដូចម្តេច ?

ពេល​សិស្ស​កំពុង​ចែកចាយ អ្នក​អាច​សរសេរ​ចម្លើយ​របស់​ពួកគេ​នៅលើ​ក្ដារខៀន ។ សូម​អញ្ជើញ​សិស្ស​ឲ្យ​អាន​បន្ថែម​មកពី​អែលឌើរ ស្កត នៅក្នុង​សេចក្ដី​ថ្លែងការណ៍​ខាងក្រោម​នេះ ដោយ​រកមើល​ចម្លើយ​បន្ថែម ។ អ្នក​ក៏​អាច​ចង្អុល​បង្ហាញ​ថា ពាក្យ​ទាំងឡាយ​នៃ​បទគម្ពីរ​គឺ​មក​ពី ឬ​ត្រូវ​បំផុស​គំនិត​ដោយ​ព្រះអម្ចាស់ ។ តាម​វិធី​ជាច្រើន បទគម្ពីរ​គឺ​ដូចជា​ការមាន​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ ធ្វើ​ជា​មិត្ត​ដែល​ដឹកនាំ​ផ្លូវ​ដូច្នោះ​ដែរ ។

អែលឌើរ ស្កត បាន​បន្ត ៖

វា​ដូចជា​ការរកឃើញ​បុគ្គល​ម្នាក់ថ្មី​ដែល​អាច​ជួយ​នៅក្នុង​ពេល​ត្រូវការ ផ្ដល់​ការបំផុសគំនិត និង​ការលួងលោមចិត្ត ហើយ​ជា​ប្រភព​នៃ​ការលើក​ទឹកចិត្ត​សម្រាប់​ការផ្លាស់ប្ដូរ​ដែល​ចាំបាច់ ។ ( រីឆាដ ជី ស្កត « The Power of Scripture » Liahona ខែ​វិច្ឆិកា ឆ្នាំ​២០១១ ទំព័រ ៦ )

  • តើ​បទគម្ពីរ ឬ​ឃ្លា​ដែល​បាន​ទន្ទេញ​ចាំ​មួយ​ប្រៀប​បាន​ដូច​ជា​មិត្ត​ចំពោះ​អ្នក​តាម​របៀប​ណា​មួយ​នៃ​របៀប​ទាំងនេះ ?

  • តើ​មាន​កិច្ចការ​អ្វីខ្លះ​ដែល​អ្នក​ធ្វើ ឬ​អាច​បាន​ធ្វើ​ដែល​អាច​ជួយ​អ្នក​ទន្ទេញ​ឃ្លា ឬ​វគ្គ​បទគម្ពីរ​គន្លឹះ ?

ចម្លើយ​ទាំងឡាយ​អាច​នឹង​រួម​បញ្ចូល​ការនិយាយ​ឡើងវិញ​នូវ​ឃ្លា ឬ​វគ្គ​បទគម្ពីរ ការសរសេរ​វា ឬ​ការប្រើ​ប័ណ្ណពាក្យ ឬ​ឯកសារ​ដែល​សិស្ស​បាន​បង្កើត​ក្នុង​មេរៀន​ទី ១៥ ៖ « ការអនុវត្ត​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ ទី ១ » ។

សូម​ពិចារណា​បង្ហាញ ឬ​ផ្តល់​ដល់​សិស្ស​ម្នាក់ៗ​នូវ​វគ្គ​បទគម្ពីរ​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ ដែល​ពួកគេ​បាន​សិក្សា​កន្លង​មក ។ រាយបញ្ជី​មួយ​អំពី​សេចក្តីយោង​នៃ​ចំណេះចំណាន​ខាង​គោលលទ្ធិ និង​ឃ្លា​បទគម្ពីរ​គន្លឹះ​ក្នុងព្រះគម្ពីរ​សញ្ញាចាស់ ដែល​មាន​នៅក្នុង ឯកសារ​គោល​នៃ​ចំណេះចំណាន​ខាង​គោលលទ្ធិ ( ឆ្នាំ ២០២៣ ) ។

សូម​អញ្ជើញ​សិស្ស​ឲ្យ​ចំណាយ​ពេល​ប៉ុន្មាន​នាទី​ធ្វើ​សកម្មភាព​ខាងក្រោម ៖

សូម​ធ្វើ​តាម​ពាក្យ​ទូន្មាន​របស់​អែលឌើរ ស្កត ដើម្បី « បង្កើត … មិត្តភាព​ថ្មី [ ទាំងឡាយ ] » ដោយ​ទន្ទេញ​នូវ​សេចក្ដី​យោង និង​ឃ្លា​គន្លឹះ​សម្រាប់​វគ្គ​បទគម្ពីរ​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ​មួយ​ចំនួន ។ អ្នក​ក៏​អាច​ទន្ទេញ​វគ្គ​បទគម្ពីរ​ទាំងមូល​ផងដែរ ។

សូម​ជ្រើសរើស​ឃ្លា ឬ​វគ្គ​ណាមួយ​ដែល​អ្នក​បាន​ទន្ទេញ ហើយ​ឆ្លើយ​សំណួរ​ខាងក្រោម ៖

  • តើ​ឃ្លា ឬ​វគ្គបទគម្ពីរ​នេះ​អាច​ប្រៀប​ដូចជា​មិត្ត​ចំពោះ​អ្នក​យ៉ាង​ដូចម្ដេច ? ( តើ​វា​អាច​ជួយ​ក្នុង​គ្រា​ចាំបាច់ ផ្តល់​ការបំផុស​គំនិត ឬ​ការលួងលោម ឬ​ជា​ប្រភព​សម្រាប់​ការផ្លាស់​ប្តូរ​ចាំបាច់​យ៉ាង​ដូចម្ដេច ? )

សូម​លើក​ទឹកចិត្ត​សិស្ស​ឲ្យ​ចែក​ចាយ ។ សូម​ពិចារណា​ចែក​ចាយ​គំនិត​របស់​អ្នក​ផ្ទាល់​ផងដែរ ។ សូម​រកមើល​វិធី​ដើម្បី​លើក​ទឹកចិត្ត​សិស្ស​ឲ្យ​បន្ត​ទន្ទេញ​បទគម្ពីរ ។

រៀន និង​អនុវត្ត​តាម​គោលការណ៍​នៃ​ការទទួល​បាន​ចំណេះដឹង​ខាង​វិញ្ញាណ

មេរៀន​ដែល​នៅ​សល់​ផ្តោត​លើ​ការជួយ​សិស្ស​ឲ្យ​អនុវត្ត​តាមគោលការណ៍​នៃ​ការទទួល​បាន​ចំណេះដឹង​ខាង​វិញ្ញាណ​ទៅ​ក្នុង​ស្ថានភាព​ដែល​ពាក់ព័ន្ធ ។ មុន​នឹង​បន្ត វា​អាច​មាន​អត្ថប្រយោជន៍​ក្នុង​ការអញ្ជើញ​សិស្ស​ឲ្យ​រំឭក​គោលការណ៍​ទាំងនេះ ។ សមត្ថភាព​របស់​សិស្ស​ក្នុងការរំឭក​ឡើងវិញ និង​អនុវត្ត​គោលការណ៍​នៃ​ការទទួល​បាន​ចំណេះដឹង​ខាង​វិញ្ញាណ​ទាំងនេះ​នឹង​កើន​ឡើង​តាមរយៈ​ការរំឭក និងការ​អនុវត្ត​ម្តង​ហើយ​ម្តង​ទៀត ។ សកម្មភាព​រំឭក​ឡើងវិញ​ដែល​បាន​ផ្ដល់​យោបល់ មាន​នៅក្នុង​ផ្នែក​នៃ​ឧបសម្ព័ន្ធ​ដែល​មាន​ចំណងជើង​ថា « សកម្មភាព​រំឭក​ចំណេះដឹង​ខាង​គោលលទ្ធិ » ។ ការពិពណ៌នា​អំពី​គោលការណ៍​ទាំងនេះ​មាន​នៅក្នុង​កថាខណ្ឌ​ទី ៥–១២ នៃ ឯកសារ​គោល​នៃ​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ ( ឆ្នាំ ២០២៣ ) ។

សូម​ជញ្ជឹង​គិត​អំពី​តម្រូវការ​សិស្ស​របស់​អ្នក ហើយ​ស្វែងរក​ជំនួយ​ពី​ព្រះអម្ចាស់ ដើម្បី​ជ្រើសរើសសាច់រឿង​មួយ​ក្នុង​ចំណោមសាច់រឿង​ខាងក្រោម ឬ​ដើម្បី​សម្រប ឬ​បង្កើត​សាច់រឿង​មួយ ដើម្បី​បំពេញ​តម្រូវការ​សិស្ស​របស់​អ្នក​កាន់តែ​ប្រសើរ​ឡើង ។ ឬ​អាន​សាច់រឿង​ពីរ ឬ​បី​ឲ្យ​ឮៗ ហើយ​អញ្ជើញ​សិស្ស​ក្នុង​ថ្នាក់​ឲ្យ​ជ្រើសរើស​សាច់រឿង​មួយ​ដែល​ពួកគេ​មាន​អារម្មណ៍​ថា​មាន​អត្ថប្រយោជន៍​បំផុត​ក្នុង​ការផ្តោត​លើ ។

  • « ខ្ញុំ​ឮ​យុវជន​ដទៃ​ទៀត​និយាយ​អំពី​ការចែក​ចាយ​រូបភាព​ខ្វះ​សុជីវធម៌ មិន​សមរម្យ ឬ​ថែម​ទាំង​រូប​អាក្រាត​ខ្លួន​ពួកគេ ឬ​អ្នកដទៃ នៅលើ​ទូរសព្ទ​របស់​ពួកគេ ។ ខ្ញុំ​អាច​ដឹង​ថា ពួកគេ​មិន​បាន​គិត​ថា​វា​ជា​រឿង​ធំ​ដុំ​នោះទេ ។ វា​ប្រហែល​ជា​ផ្នែក​ធម្មតា​នៃ​ទំនាក់ទំនង ឬ​ក៏​ពួកគេ​គ្រាន់តែ​លេងសើច​ប៉ុណ្ណោះ » ។

  • « វា​ហាក់​ដូច​ជា​វា​ជា​រឿង​ធម្មតា​ក្នុង​ការមើល និង​ស្ដាប់​រឿង​ផ្លូវ​ភេទ ។ មាន​សេចក្តីយោង​ផ្លូវ​ភេទ​​ក្នុងបែប​រឿង​កំប្លែង ឈុត​ឆាក​ភាពយន្ត វីដេអូ​អនឡាញ ជាដើម ។ អ្វី​ដែល​ថ្នាក់​ដឹកនាំ​សាសនាចក្រ​គិត​ថា​សមរម្យ គឺ​ខុស​ពី​អ្វី​ដែល​មនុស្ស​ជា​ច្រើន​និយាយ​ថា​ជា​រឿង​ធម្មតា ។ ខ្ញុំ​គិត​ថា សម័យ​កាល​ប្រែប្រួល​ហើយ ហើយ​វា​មិន​មែន​ជា​រឿង​ធំដុំ​ដូច​កាល​ពី​មុន​ឡើយ » ។

  • « ខ្ញុំ​ធ្លាប់​បាន​រៀន​អំពី​ច្បាប់​ព្រហ្មចារីភាព​ពី​មុន ប៉ុន្តែ​វា​ហាក់​ដូចជា​យុវវ័យ​ជាច្រើន​នៅ​កន្លែង​ដែល​ខ្ញុំ​រស់នៅ​តែង​ធ្វើ​ទង្វើ​លក្ខណៈ​ផ្លូវ​ភេទ ឬ​យ៉ាង​ហោច​ណាស់​មិន​មាន​គម្រោង​រង់ចាំ​រហូត​ដល់​រៀបការ​ឡើយ ។ ខ្ញុំ​គិត​ថា ខ្ញុំ​យល់​ពី​មូលហេតុ​ដែល​ថ្នាក់​ដឹកនាំ​សាសនាចក្រ​ប្រាប់​យើង​ឲ្យ​មាន​ភាព​បរិសុទ្ធ​ខាង​ផ្លូវ​ភេទ ហើយ​មាន​រឿង​ល្អ​ជា​ច្រើន​អំពី​វា ប៉ុន្តែ​ពេល​ខ្លះ​ខ្ញុំ​ឆ្ងល់​ថា​តើ​វា​មាន​តម្លៃ​ឬ​អត់ » ។

    សូម​អញ្ជើញ​សិស្ស​ឲ្យ​ស្រមៃ​ថា មនុស្ស​ដែល​កំពុង​និយាយ​នៅក្នុងសាច់រឿង​គឺ​នៅ​ទីនេះ​ជាមួយ​ពួកគេ ។ សូម​ពន្យល់​ថា នេះ​គឺជា​មនុស្ស​ម្នាក់​ដែល​មាន​ចិត្ត​ស្មោះ ។ សូម​រំឭក​សិស្ស​ថា យើង​គួរតែ​ខិតខំ​ប្រព្រឹត្ត​ចំពោះ​មនុស្ស​ទាំងអស់​ដោយ​សេចក្តី​ស្រឡាញ់ និង​សេចក្ដី​គោរព ដូចគ្នា​នឹង​ការប្រព្រឹត្ត​របស់​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ​ដែរ ។

  • តើ​ការសន្មត​អ្វី​ខ្លះ​អំពី​ច្បាប់​ព្រហ្មចារីភាព​ដែល​អ្នក​បាន​កត់​សម្គាល់​នៅក្នុងសាច់រឿង​នេះ ?

    សូម​ពន្យល់​ថា សិស្ស​នៅក្នុង​ថ្នាក់​នឹង​រៀបចំ​ខ្លួន​ចាំ​ជួយ​មនុស្ស​ម្នាក់​នេះ ។ នៅពេល​សិស្ស​ពិភាក្សា​សំណួរ​ខាងក្រោម សូម​ធានា​ដល់​ពួកគេ​ថា នឹង​មិន​មាន​ចម្លើយ​ខុស​នោះ​ទេ ។

  • ប្រសិនបើ​អ្នក​កំពុង​ព្យាយាម​ជួយ​បុគ្គល​នេះ តើ​គោលការណ៍​នៃ​ការទទួល​បាន​ចំណេះដឹង​ខាង​វិញ្ញាណ​អ្វី​ដែល​អ្នក​នឹង​ផ្តោត​លើ​មុនគេ ? ហេតុអ្វី ?

សូម​រៀបចំ​វិធី​មួយ​ដើម្បី​ប្រើ​គោលការណ៍​នៃ​ការទទួល​បាន​ចំណេះដឹង​ខាង​វិញ្ញាណ​ដើម្បី​ជួយ​បុគ្គល​នេះ ។ នេះ​អាច​រួមមាន ៖

  • សំណួរ​មួយ​ដែល​អ្នក​អាច​សួរ​បុគ្គល​នេះ ។

  • បទគម្ពីរ ដែល​រួម​មាន​វគ្គ​បទគម្ពីរ​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ ឬ​សេចក្ដី​ថ្លែងការណ៍​មកពី​ថ្នាក់​ដឹកនាំ​សាសនាចក្រ​ដែល​អាច​មាន​អត្ថប្រយោជន៍ ។

  • គំនិត អារម្មណ៍ ឬ​ទីបន្ទាល់​របស់​អ្នក​ផ្ទាល់ ។

ប្រសិន​បើ​មាន​អត្ថប្រយោជន៍ សូម​បង្ហាញ​សំណួរ​ខាងក្រោម ដើម្បី​ជួយ​សិស្ស ។ ម៉្យាងទៀត សិស្ស​អាច​រៀបចំ​ដោយ​ខ្លួន​ឯង​នូវ​វិធី​មួយ​ដើម្បី​ប្រើ​គោលការណ៍​នៃ​ការទទួល​បាន​ចំណេះដឹង​ខាង​វិញ្ញាណ​មួយ ។ បន្ទាប់មក ពួកគេ​អាច​ប្រើ​សំណួរ​ខាងក្រោម​នេះ​ដើម្បី​រៀបចំ​វិធី​ប្រើ​គោលការណ៍​បន្ថែម​មួយ ។

សូម​ពិនិត្យមើល​គោលគំនិត និងសំណួរ​ទាំងឡាយ​ដោយ​ទស្សនវិស័យដ៏​អស់កល្បមួយ

  • តើ​ការយល់​ពី​អារម្មណ៍​របស់​ព្រះ​អំពី​ភាព​បរិសុទ្ធ​ខាង​ផ្លូវ​ភេទ អាច​ជួយ​មនុស្ស​ក្នុង​សាច់រឿង​នេះ​យ៉ាង​ដូចម្ដេច ? ( សូម​មើល លោកុប្បត្តិ ៣៩:៩; កូរិនថូស ទី១ ៦:១៨–១៩; យ៉ាកុប ២:២៨ ) ។

  • តើ​អ្នក​គិត​ថា​អាកប្បកិរិយា​របស់​បុគ្គល​នេះ​អាច​នាំ​គេ​ទៅ​រក​ជម្រើស​អ្វីខ្លះ ?

សូម​ស្វែងរក​ការយល់ដឹង​បន្ថែម​តាមរយៈ​ប្រភព​ដែល​បានតែងតាំង​ដ៏ទេវភាព

ធ្វើ​សកម្មភាព​ដោយ​សេចក្ដី​ជំនឿ

  • ក្នុង​ស្ថានភាព​នេះ តើ​អ្នក​គិត​ថា ការប្រព្រឹត្ត​ដោយ​សេចក្តី​ជំនឿ​លើ​ព្រះអង្គសង្គ្រោះ ព្រះយេស៊ូវគ្រីស្ទ​នឹង​មាន​លក្ខណៈ​ដូចម្ដេច ?

  • បើ​អ្នក​ស្ថិត​នៅក្នុង​ស្ថានភាព​ស្រដៀង​គ្នា​នេះ តើ​អ្នក​អាច​ធ្វើ​អ្វីខ្លះ​ដើម្បី​អញ្ជើញ​យាង​ជំនួយ និង​ព្រះចេស្ដា​របស់​ព្រះអង្គ​សង្គ្រោះ​ចូល​មក​ក្នុង​ជីវិត​របស់​អ្នក ?

បន្ទាប់​ពី​សិស្ស​មាន​ពេល​គ្រប់គ្រាន់​ក្នុង​ការរៀបចំ​ហើយ សូម​ឲ្យ​ពួកគេ​ចែកចាយ ។ សូម​ពិចារណា​សួរ​សំណួរ​តាមដាន​ដូចជា « តើ​មាន​នរណា​ទៀត​ចង់​បន្ថែម​ពី​លើ​អ្វី​ដែល​បាន​ចែក​ចាយ​ឬ​ទេ ? » « តើ​អ្នក​គិត​ថា​អ្នក​ដែល​យើង​កំពុង​ព្យាយាម​ជួយ​អាច​នឹង​មាន​ប្រតិកម្ម​យ៉ាង​ណា​ចំពោះ​អ្វី​ដែល​ត្រូវ​បាន​ចែកចាយ ? » « តើ​យើង​អាច​ជួយ​មនុស្ស​ម្នាក់​នេះ​ឲ្យ​ទទួល​បាន​កាន់តែ​ច្រើន​នូវ​អារម្មណ៍​នៃ​សេចក្ដី​ស្រឡាញ់​របស់​ព្រះអម្ចាស់ និង​កាន់តែ​មាន​អារម្មណ៍​ចង់​ស្វែងរក​ជំនួយ​របស់​ទ្រង់​យ៉ាង​ដូចម្ដេច ? និង « តើ​គោលការណ៍​នៃ​ការទទួល​បាន​ចំណេះដឹង​ខាង​វិញ្ញាណ​ផ្សេង​អាច​ជួយ​យ៉ាង​ដូចម្ដេច ? »

នៅក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​របស់​អ្នក សូម​សរសេរ​ពី​អ្វី​ដែល​អ្នក​បាន​រៀនសូត្រ​ចេញពី​បទពិសោធន៍​នេះ​ដែល​អ្នក​ចង់​ចងចាំ ។ នេះ​អាច​រួម​បញ្ចូល​របៀប​ដែល​ដំណើរការ​នៃ​ការប្រើ​គោលការណ៍​នៃ​ការទទួល​បាន​ចំណេះដឹង​ខាង​វិញ្ញាណ​អាច​ជួយ​អ្នក​ជាមួយ​នឹង​សំណួរ ឬ​កង្វល់​ទាំងឡាយ​ដែល​អ្នក​មាន ។