« និក្ខមនំ ១២–១៣ ផ្នែកទី ២ ៖ « ចូរធ្វើបុណ្យនេះ ដើម្បីរំឭកពីខ្ញុំចុះ » » សៀវភៅសិក្សាព្រះគម្ពីរសញ្ញាចាស់ សម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា ( ឆ្នាំ ២០២៦ )
« និក្ខមនំ ១២–១៣ ផ្នែកទី ២ ៖ « ចូរធ្វើបុណ្យនេះ ដើម្បីរំឭកពីខ្ញុំចុះ » » សៀវភៅសិក្សាព្រះគម្ពីរសញ្ញាចាស់ សម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា
និក្ខមនំ ៧–១៣ ៖ មេរៀនទី ៤៣
និក្ខមនំ ១២–១៣ ផ្នែកទី ២
« ចូរធ្វើបុណ្យនេះ ដើម្បីរំឭកពីខ្ញុំចុះ »
តើអ្នកគិតថាហេតុអ្វីបានជាការចងចាំព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទមានសារៈសំខាន់ ? ដើម្បីជួយកូនចៅអ៊ីស្រាអែលឲ្យនឹកចាំថា ទ្រង់បានរំដោះពួកគេចេញពីអេស៊ីព្ទ ព្រះអម្ចាស់បានបង្កើតនូវអាហារនៃបុណ្យរំលង ។ ព្រះយេស៊ូវគ្រីស្ទបានប្រទានដល់យើងនូវវិធីថ្មីដើម្បីចងចាំទ្រង់ជានិច្ច នៅពេលទ្រង់បានបង្កើតពិធីបរិសុទ្ធនៃពិធីសាក្រាម៉ង់ ។ មេរៀននេះអាចជួយសិស្សចងចាំព្រះអង្គសង្គ្រោះ ពេលពួកគេរៀបចំខ្លួនសម្រាប់ និងចូលរួមនៅក្នុងពិធីបរិសុទ្ធនៃសាក្រាម៉ង់ ។
ការរៀបចំសិស្ស ៖ សូមអញ្ជើញសិស្សឲ្យត្រៀមខ្លួនចែកចាយអ្វីមួយដែលបានជួយពួកគេចងចាំព្រះអង្គសង្គ្រោះមុន អំឡុងពេល ឬក្រោយពិធីសាក្រាម៉ង់ ។ ការណ៍នេះអាចរួមបញ្ចូលរូបភាព ព្រះគម្ពីរ ទំនុកតម្កើង ឬសម្រង់សម្ដីដែលចូលចិត្ត ។
សកម្មភាពរៀនសូត្រដែលអាចមាន
ចងចាំជានិច្ច
ដើម្បីជួយសិស្សឲ្យដឹងអំពីសារៈសំខាន់នៃការចងចាំ ចូរបង្ហាញរូបភាព ឬវត្ថុមួយដែលជួយអ្នកចងចាំអ្វីមួយ ឬនរណាម្នាក់ដែលសំខាន់សម្រាប់អ្នក ។ នេះអាចជាអ្វីមួយដូចជា ចិញ្ចៀនអាពាហ៍ពិពាហ៍ រូបភាព ឬ វត្ថុអនុស្សាវរីយ៍ ។ សូមចែកចាយដោយសង្ខេបអំពីរបៀបដែលវត្ថុនេះជួយអ្នកចងចាំមនុស្ស ឬព្រឹត្តិការណ៍ ។ រួចមកសូមអញ្ជើញសិស្សឲ្យឆ្លើយសំណួរដូចខាងក្រោមនេះ ។
-
តើអ្វីមួយ ឬនរណាម្នាក់ដែលអ្នកចង់ចងចាំពេញមួយជីវិតរបស់អ្នក ? ហេតុអ្វី ?
-
តើមានអ្វីខ្លះដែលអ្នកកំពុង ឬបានធ្វើដើម្បីជួយអ្នកចងចាំវត្ថុ ឬមនុស្សម្នាក់នេះ ?
បន្ទាប់មក អ្នកអាចបង្ហាញរូបភាពនៃព្រះយេស៊ូវគ្រីស្ទ ។ សូមអញ្ជើញសិស្សឲ្យមើលរូបភាពនោះ នៅពេលពួកគេអធិស្ឋានគិតអំពីព្រះអង្គសង្គ្រោះ ។ បន្ទាប់មក អ្នកអាចបង្ហាញសំណួរខាងក្រោម ដើម្បីឲ្យសិស្សឆ្លើយនៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់ពួកគេ ។
-
តើអ្នកមានអារម្មណ៍យ៉ាងណាអំពីព្រះអង្គសង្គ្រោះ ?
-
តើអ្នកមានអារម្មណ៍ថាអ្វីខ្លះដែលសំខាន់ក្នុងការចងចាំអំពីទ្រង់ ? ហេតុអ្វី ?
ពេលអ្នកសិក្សាថ្ងៃនេះ សូមស្វែងរកការណែនាំពីព្រះវិញ្ញាណបរិសុទ្ធ ដើម្បីជួយអ្នកឲ្យដឹងអំពីអ្វីដែលអ្នកអាចធ្វើ ដើម្បីចងចាំព្រះអង្គសង្គ្រោះ និងអ្វីដែលទ្រង់បានធ្វើសម្រាប់អ្នក ។
« ថ្ងៃនេះនឹងបានជាសេចក្តីរំឭកដល់ឯងរាល់គ្នា »
នៅក្នុងមេរៀនមុន « និក្ខមនំ ១២–១៣ ផ្នែកទី ១ » សិស្សបានសិក្សាអំពីរបៀបដែលព្រះអម្ចាស់បានរំដោះពួកសាសន៏អ៊ីស្រាអែលចេញពីស្រុកអេស៊ីព្ទ ។ អ្នកអាចសរសេរពាក្យ បុណ្យរំលង នៅលើក្ដារខៀន ។ អ្នកអាចបង្ហាញរូបភាពបុណ្យរំលងដែលបានប្រើក្នុងមេរៀនមុន ។ ក្រោយមកសូមអញ្ជើញសិស្សឲ្យសង្ខេបអ្វីដែលពួកគេចងចាំអំពីអព្ភូតហេតុនៃបុណ្យរំលងដំបូង ( សូមមើល និក្ខមនំ ១២:១–១៣ ) ។
សូមពិចារណាបែងចែកសិស្សជាក្រុមដែលមានគ្នាបីនាក់ ។ សូមឲ្យសិស្សម្នាក់ៗសិក្សាមួយក្នុងចំណោមវគ្គបទគម្ពីរខាងក្រោម ហើយចែកចាយអ្វីដែលពួកគេរៀនជាមួយនឹងសមាជិកផ្សេងទៀតក្នុងក្រុម ។
ព្រះអម្ចាស់បានបង្គាប់ឲ្យរាស្រ្តទ្រង់ធ្វើអាហារបុណ្យរំលងឡើងវិញ « អស់ទាំងដំណរបស់ [ ពួកគេ ] » ( និក្ខមនំ ១២:១៤ ) ។ សូមអានខគម្ពីរខាងក្រោម ដោយរកមើលពាក្យ និងឃ្លាដែលបង្ហាញពីអ្វីដែលព្រះអម្ចាស់ចង់ឲ្យពួកគេចងចាំ និងធ្វើ ៖
និក្ខមនំ ១២:១៤, ១៧
និក្ខមនំ ១២:២៥–២៧
និក្ខមនំ ១៣:៣, ៨–១០
-
តើការរៀបចំ និងចូលរួមក្នុងម្ហូបសម្រាប់បុណ្យរំលងដែលត្រូវបានរៀបចំឡើងដើម្បីជួយពួកសាសន៏អ៊ីស្រាអែលចងចាំនូវអ្វីអំពីព្រះអម្ចាស់ ?
-
តើអ្នកគិតថា ព្រះអម្ចាស់បានប្រទានពរដល់ពួកសាសន៏អ៊ីស្រាអែលសម្រាប់ការគោរពប្រតិបត្តិចូលរួមក្នុងអាហារបុណ្យរំលងយ៉ាងដូចម្ដេច ?
ពិធីបុណ្យរំលង និងពិធីសាក្រាម៉ង់
សូមបង្ហាញរូបភាពរបស់ព្រះយេស៊ូវគ្រីស្ទនៅឯអាហារចុងក្រោយ ។ សូមពន្យល់សិស្សថា នៅល្ងាចមុនការរងទុក្ខរបស់ទ្រង់នៅក្នុងសួនច្បារគែតសេម៉ានី និងនៅលើឈើឆ្កាង ព្រះអង្គសង្គ្រោះបានប្រារព្ធពិធីអាហារបុណ្យរំលងជាមួយពួកសិស្សរបស់ទ្រង់ ។
ដើម្បីជួយសិស្សឲ្យនឹកស្រមៃដល់គ្រានេះ អ្នកអាចបង្ហាញវីដេអូ « The Last Supper » ចាប់ពីនាទីទី ០:០០ ដល់ ១:១៨ ។ វីដេអូនេះមាននៅលើគេហទំព័រ ChurchofJesusChrist.org ។ បន្ទាប់ពីសិស្សអានខគម្ពីរមកពី លូកា ២២ រួចហើយ អ្នកអាចបង្ហាញពីនាទីទី ២:១៣ ដល់ ៣:១៥ ។
សូមអាន លូកា ២២:១៣–១៥, ១៩–២០ ដោយស្វែងរកពិធីបរិសុទ្ធថ្មីដែលព្រះអង្គសង្គ្រោះបានបង្កើត ។
-
តើពិធីសាក្រាម៉ង់ដូចទៅនឹងបុណ្យរំលងយ៉ាងដូចម្ដេច ? តើវាខុសគ្នាដោយរបៀបណា ?
សំណួរខាងក្រោមអាចជួយសិស្សឲ្យស្វែងរកសេចក្ដីពិតដែលទាក់ទងនឹងជីវិតរបស់ពួកគេ ។ សំណួរបែបនេះអាចជួយសិស្សស្វែងរកភាពទាក់ទងផ្ទាល់ខ្លួននៅក្នុងបទគម្ពីរដែលពួកគេសិក្សា ។ សំណួរបែបនេះក៏អនុញ្ញាតឲ្យព្រះវរបិតាសួគ៌បង្រៀន និងបំផុសគំនិតសិស្សដោយផ្ទាល់ផងដែរ ។
សម្រាប់ការបំពាក់បំប៉នបន្ថែមលើការជួយសិស្សឲ្យស្វែងរកភាពទាក់ទងនៅក្នុងបទគម្ពីរ សូមមើល « រៀនគោលលទ្ធិរបស់ព្រះយេស៊ូវគ្រីស្ទដោយខ្លួនឯង » នៅក្នុងផ្នែក ជំនាញអភិវឌ្ឍន៍គ្រូបង្រៀន [ ឆ្នាំ២០២២ ] ទំព័រ ២៩ ។
-
តើយើងអាចរៀនសូត្រសេចក្ដីពិតអ្វីខ្លះ ពេលយើងពិចារណាអំពីមូលហេតុដែលព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទបានផ្ដល់ពិធីបរិសុទ្ធនានាដូចជា ពិធីបុណ្យរំលងពីបុរាណកាល និងពិធីសាក្រាម៉ង់នាបច្ចុប្បន្នកាល ?
សិស្សអាចនឹងលើកឡើងអំពីសេចក្ដីពិតជាច្រើន ។ សេចក្តីពិតមួយដែលពួកគេអាចសម្គាល់បានគឺថា ព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ផ្តល់នូវពិធីបរិសុទ្ធនានាដូចជា ពិធីបុណ្យរំលង និងពិធីសាក្រាម៉ង់ ដើម្បីជួយយើងចងចាំទ្រង់ទាំងទ្វេ ។
អែលឌើរ ឌែល ជី រិនឡាន់ ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ បានពន្យល់ពីហេតុផលមួយថា ហេតុអ្វីបានជាព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទជំរុញយើងឲ្យចងចាំទ្រង់ទាំងទ្វេ ៖
ព្រះវរបិតាសួគ៌របស់យើងចង់ឲ្យយើងនឹកចាំដល់សេចក្ដីល្អសប្បុរសរបស់ទ្រង់ និងរបស់ព្រះរាជបុត្រាសំណព្វរបស់ទ្រង់ … សម្រាប់ឥទ្ធិពលនៃការចងចាំដល់សេចក្ដីសប្បុរសរបស់ទ្រង់មានមកលើយើង ។ តាមរយៈការពិចារណាអំពីសេចក្ដីល្អរបស់ទ្រង់ នោះទស្សនវិស័យ និងការយល់ដឹងរបស់យើងបានរីកធំឡើង ។ តាមរយៈការគិតដល់សេចក្ដីមេត្តាករុណារបស់ទ្រង់ នោះយើងកាន់តែមានចិត្តរាបសា កាន់តែអធិស្ឋាន និងខ្ជាប់ខ្ជួនឡើង ។ ( « Consider the Goodness and Greatness of God » Liahona ខែឧសភា ឆ្នាំ២០២០ ទំព័រ ៤១ )
-
តើការចងចាំពីសេចក្ដីល្អរបស់ព្រះមានឥទ្ធិពលយ៉ាងណាទៅលើអ្នក ?
ការចងចាំព្រះអង្គសង្គ្រោះ មុនពេល អំឡុងពេល និងក្រោយពេលពិធីសាក្រាម៉ង់
សកម្មភាពខាងក្រោមអាចជួយសិស្សរៀបចំខ្លួនចងចាំព្រះអង្គសង្គ្រោះ មុនពេល អំឡុងពេល និងក្រោយពេលពិធីសាក្រាម៉ង់បាន ។ អ្នកអាចផ្តល់ក្រដាស និងសម្ភារសិល្បៈផ្សេងៗ ។ សូមអញ្ជើញសិស្សឲ្យបង្កើតអ្វីមួយដូចជា ប័ណ្ណប្រកាស កូនសៀវភៅ រូបភាពmeme ឬអ្វីផ្សេងទៀតដែលរំឭកអំពីពិធីសាក្រាម៉ង់ ។ សូមលើកទឹកចិត្តសិស្សឲ្យមានគំនិតច្នៃប្រឌិតក្នុងការរចនារបស់ពួកគេ ។
សិស្សអាចទុកកន្លែងទំនេរនៅខាងក្រោយក្រដាស សម្រាប់ចុងបញ្ចប់នៃមេរៀន ។ នៅចុងបញ្ចប់នៃមេរៀន សិស្សនឹងរៀបចំផែនការដើម្បីធ្វើអ្វីមួយ ដើម្បីចងចាំព្រះអង្គសង្គ្រោះឲ្យបានប្រសើរជាងមុន មុនពេល អំឡុងពេល ឬក្រោយពេលពិធីសាក្រាម៉ង់ ។
ដើម្បីជួយអ្នកចងចាំពីសេចក្ដីល្អនៃព្រះ ពេលអ្នករៀបចំខ្លួនសម្រាប់ចូលរួម និងចងចាំពិធីបរិសុទ្ធសាក្រាម៉ង់ សូមធ្វើមួយ ឬច្រើនដូចខាងក្រោម ៖
-
ចូររាយបញ្ជីនិមិត្តសញ្ញាខ្លះៗនៃពីធីបុណ្យរំលងដែលអ្នកបានសិក្សា ។ សូមសរសេរអំពីរបៀបដែលនិមិត្តសញ្ញាបុណ្យរំលងទាំងនេះអាចជួយអ្នកចងចាំព្រះអង្គសង្គ្រោះ មុនពេលអ្នកទទួលទានសាក្រាម៉ង់ ។
-
សូមអានការអធិស្ឋានសាក្រាម៉ង់នៅក្នុង គោលលទ្ធិ និងសេចក្ដីសញ្ញា ២០:៧៧, ៧៩ សូមរាយបញ្ជីសន្យាដែលយើងធ្វើ នៅពេលយើងទទួលទានសាក្រាម៉ង់ ។ ក្រោយមក សូមរាយបញ្ជីសន្យារបស់ព្រះអម្ចាស់ ។ សូមសរសេរកថាខណ្ឌខ្លីមួយអំពីរបៀបដែលការគិតអំពីសន្យាទាំងនេះអាចជួយអ្នកចងចាំព្រះអង្គសង្គ្រោះក្នុងអំឡុងពិធីសាក្រាម៉ង់ ។
-
សូមរាយបញ្ជីវគ្គបទគម្ពីរមួយចំនួន ឬសេចក្ដីថ្លែងការណ៍មួយមកពីអ្នកដឹកនាំមួយរូបនៃសាសនាចក្រដែលអ្នកអាចនឹងចង់អាន និងជញ្ជឹងគិតក្នុងអំឡុងពេលពិធីសាក្រាម៉ង់ ។ សូមជ្រើសរើសវគ្គបទគម្ពីរ ឬសេចក្ដីថ្លែងការណ៍ដែលអាចជួយអ្នកចងចាំព្រះអង្គសង្គ្រោះ ។
-
សូមជ្រើសរើសទំនុកតម្កើងសាក្រាម៉ង់ដែលចូលចិត្តមួយ ។ សូមរាយបញ្ជីចំណងជើង និងពីរ ឬបីជួរចេញពីទំនុកតម្កើង ។ សូមជ្រើសរើសជួរបន្ទាត់ដែលមានអត្ថន័យចំពោះអ្នក ហើយអាចជួយអ្នកចងចាំព្រះអង្គសង្គ្រោះក្រោយពីពិធីសាក្រាម៉ង់ ។
សិស្សអាចចែកចាយអ្វីដែលពួកគេបានបង្កើតជាមួយដៃគូ ក្រុម ឬថ្នាក់ ។ អ្នកអាចលើកទឹកចិត្តសិស្សឲ្យបន្ថែមគំនិតដែលសមាជិកក្នុងថ្នាក់ផ្សេងទៀតចែកចាយ ។
សូមធ្វើផែនការមួយដើម្បីចងចាំព្រះអង្គសង្គ្រោះ
សូមគិតដោយស្ងាត់ស្ងៀមពីអ្វីដែលអ្នកបានរៀន និងទទួលអារម្មណ៍នៅថ្ងៃនេះ ។ សូមយាងអញ្ជើញព្រះវិញ្ញាណបរិសុទ្ធឲ្យជួយអ្នកដឹងអ្វីមួយដែលអ្នកអាចធ្វើដើម្បីចងចាំព្រះយេស៊ូវគ្រីស្ទបានកាន់តែល្អ មុនពេល អំឡុងពេល និងក្រោយពេលពិធីសាក្រាម៉ង់ ។
សូមអញ្ជើញសិស្សឲ្យប្រើកន្លែងទំនេរខ្លះនៅខាងក្រោយក្រដាសរបស់ពួកគេ ដើម្បីឆ្លើយសំណួរខាងក្រោម ។
-
តើមានអ្វីជាក់លាក់ខ្លះដែលអ្នកអាចធ្វើបានដើម្បីចងចាំព្រះអង្គសង្គ្រោះឲ្យបានកាន់តែល្អ នៅពេលអ្នករៀបចំសម្រាប់ ចូលរួម និងគិតពិចារណាអំពីពិធីសាក្រាម៉ង់ ?
សិស្សស្ម័គ្រចិត្តមួយចំនួនអាចចែកចាយនូវអ្វីដែលពួកគេចាប់អារម្មណ៍ក្នុងការធ្វើ ។ សូមអញ្ជើញសិស្សឲ្យយកក្រដាសរបស់ពួកគេទៅកាន់ការជួបជុំពិធីសាក្រាម៉ង់ ដើម្បីជួយពួកគេចងចាំអ្វីដែលពួកគេបានរៀន និងទទួលអារម្មណ៍ ។ សូមពិចារណាចែកចាយទីបន្ទាល់របស់អ្នកអំពីព្រះចេស្ដាដែលអាចចូលមកក្នុងជីវិតរបស់យើង ពេលយើងចងចាំព្រះអង្គសង្គ្រោះបានប្រសើរជាងមុន ខណៈពេលកំពុងរៀបចំសម្រាប់ និងចូលរួមនៅក្នុងពិធីសាក្រាម៉ង់ ។