« ការអនុវត្តចំណេះចំណានខាងគោលលទ្ធិទី ១ ៖ ការទន្ទេញ និងការអនុវត្តគោលការណ៍នៃការទទួលបានចំណេះដឹងខាងវិញ្ញាណ » សៀវភៅសិក្សាព្រះគម្ពីរសញ្ញាចាស់សម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា ( ឆ្នាំ ២០២៦ )
« ការអនុវត្តចំណេះចំណានខាងគោលលទ្ធិទី ១ ៖ ការទន្ទេញ និងការអនុវត្តគោលការណ៍នៃការទទួលបានចំណេះដឹងខាងវិញ្ញាណ » សៀវភៅសិក្សាព្រះគម្ពីរសញ្ញាចាស់សម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា
ម៉ូសេ ៦ ៖ មេរៀនទី ១៥
ការអនុវត្តតាមចំណេះចំណានខាងគោលលទ្ធិទី ១
ការទន្ទេញ និងការអនុវត្តគោលការណ៍នៃការទទួលបានចំណេះដឹងខាងវិញ្ញាណ
ចំណេះចំណានខាងគោលលទ្ធិអាចជួយសិស្សឲ្យស្ថាបនាគ្រឹះរបស់ពួកគេលើព្រះយេស៊ូវគ្រីស្ទ និងដំណឹងល្អរបស់ទ្រង់ ។ មេរៀននេះផ្តល់ឱកាសឲ្យសិស្សទន្ទេញសេចក្ដីយោងចំណេះចំណានខាងគោលលទ្ធិ និងឃ្លាបទគម្ពីរគន្លឹះរបស់វា ក៏ដូចជារៀន និងអនុវត្តតាមគោលការណ៍ដ៏ទេវភាពនៃការទទួលបានចំណេះដឹងខាងវិញ្ញាណផងដែរ ។
ការរៀបចំរបស់សិស្ស ៖ សូមពិចារណាអញ្ជើញសិស្សឲ្យជ្រើសរើសវគ្គចំណេះចំណានខាងគោលលទ្ធិ ហើយធ្វើការទន្ទេញសេចក្ដីយោងបទគម្ពីរ និងឃ្លាបទគម្ពីរគន្លឹះ ។ បន្ទាប់មក ពួកគេអាចពិចារណាពីតម្លៃនៃការទន្ទេញទាំងនោះ ។
សកម្មភាពរៀនសូត្រដែលអាចមាន
គុណតម្លៃនៃការទន្ទេញ
ដើម្បីជួយសិស្សគិតអំពីតម្លៃនៃការទន្ទេញបទគម្ពីរ សូមពិចារណាចែកចាយ ដូចខាងក្រោម ៖
សូមស្រមៃថា បន្ទាប់ពីថ្នាក់សិក្ខាសាលា មិត្តភក្តិម្នាក់និយាយថា ការទន្ទេញបទគម្ពីរគ្មានតម្លៃអ្វីនោះទេ នៅពេលយើងអាចរកវាឃើញនៅលើកម្មវិធីបណ្ណាល័យដំណឹងល្អហើយនោះ ។
-
តើអ្នកគិតថា ការទន្ទេញសេចក្ដីយោងចំណេះចំណានខាងគោលលទ្ធិ និងឃ្លាបទគម្ពីរគន្លឹះ អាចផ្ដល់ពរដល់អ្នកយ៉ាងដូចម្ដេច ?
សិស្សអាចលើកឡើងអំពីការទទួលបានការយល់ដឹងកាន់តែច្បាស់លាស់អំពីអ្វីដែលមាននៅក្នុងព្រះគម្ពីរ ការរកឃើញបទគម្ពីរ ប្រសិនបើមិនមានឧបករណ៍ និងការនឹកឃើញពីព្រះបន្ទូលរបស់ព្រះយេស៊ូវគ្រីស្ទ ក្នុងគ្រាមានតម្រូវការ ។ អ្នកអាចយោងទៅឧទាហរណ៍នៅក្នុងបទគម្ពីររបស់បុគ្គលដែលអាចនឹកឃើញព្រះបន្ទូលរបស់ព្រះ ក្នុងគ្រាមានតម្រូវការ ។ ឧទាហរណ៍រួមមាន ព្រះអង្គសង្គ្រោះ ( សូមមើល ម៉ាថាយ ៤:១–១១ ) នីហ្វៃ ( សូមមើល នីហ្វៃទី១ ៤:១–៦ ) និងអ័ប៊ីណាដៃ ( សូមមើល ម៉ូសាយ ១២:២៧–៣៧ ) ។
ការរំឭកចំណេះចំណានខាងគោលលទ្ធិ ៖ ទន្ទេញ
សកម្មភាពខាងក្រោមអាចជួយសិស្សឲ្យពិចារណាឡើងវិញអំពីការទន្ទេញសេចក្ដីយោងនៃចំណេះចំណានខាងគោលលទ្ធិក្នុងព្រះគម្ពីរសញ្ញាចាស់ និងឃ្លាបទគម្ពីរគន្លឹះរបស់ពួកគេ ដែលពួកគេបានរៀនកន្លងមកនៅឆ្នាំនេះ ។ គំនិតសម្រាប់សកម្មភាពទន្ទេញ មាននៅក្នុងឯកសារឧបសម្ព័ន្ធដែលនៅក្រោម « សកម្មភាពរំឭកចំណេះចំណានខាងគោលលទ្ធិឡើងវិញ » ។
សូមពិចារណារៀបចំសិស្សជាគូៗ ហើយផ្តល់ឲ្យសិស្សម្នាក់ៗនូវចម្រៀកក្រដាសក្នុងចំនួនស្មើនឹងចំនួនវគ្គចំណេះចំណានខាងគោលលទ្ធិដែលអ្នកបានសិក្សារហូតមកដល់ពេលនេះ ។ សូមបង្ហាញវគ្គចំណេះចំណានខាងគោលលទ្ធិទាំងនោះ និងឃ្លាបទគម្ពីរគន្លឹះរបស់វា ។ បញ្ជីនៃសេចក្ដីយោងនៃចំណេះចំណានខាងគោលលទ្ធិក្នុងព្រះគម្ពីរសញ្ញាចាស់ និងឃ្លាបទគម្ពីរគន្លឹះ អាចរកបាននៅក្នុង ឯកសារគោលនៃចំណេះចំណានខាងគោលលទ្ធិ ( ឆ្នាំ ២០២៣ ) ។
សូមអញ្ជើញដៃគូម្នាក់ឲ្យរាយសេចក្ដីយោងនៃចំណេះចំណានខាងគោលលទ្ធិនៅលើចម្រៀកក្រដាសរបស់ពួកគេ ហើយដៃគូម្ខាងទៀតឲ្យរាយបញ្ជីឃ្លាសំខាន់ៗនៅលើចម្រៀកក្រដាសរបស់ពួកគេ ។ នៅពេលបានធ្វើរួចរាល់ហើយ ដៃគូម្នាក់គួរតែមានចម្រៀកក្រដាសមួយសន្លឹកដែលមានសេចក្ដីយោងបទគម្ពីរនីមួយៗ ហើយដៃគូម្ខាងទៀតគួរមានចម្រៀកក្រដាសដែលមានឃ្លាបទគម្ពីរគន្លឹះដែលត្រូវគ្នា ។
បន្ទាប់ពីសិស្សបានបង្កើតក្រដាសរបស់ពួកគេហើយ សូមផ្ដល់ការណែនាំដូចខាងក្រោមដល់ពួកគេ ៖
-
សូមកាន់ក្រដាសរបស់អ្នកក្នុងរបៀបមួយដែលអ្នកអាចមើលឃើញវា ប៉ុន្តែដៃគូរបស់អ្នកមើលមិនឃើញទេ ។
-
ដៃគូទីមួយនឹងដាក់ក្រដាសមួយដែលមានសេចក្ដីយោងបទគម្ពីរមួយនៅលើតុ ។
-
បន្ទាប់មក ដៃគូទីពីរនឹងស្វែងរកឃ្លាបទគម្ពីរគន្លឹះដែលត្រូវគ្នា ហើយដាក់វានៅលើតុ ។
-
បន្ទាប់មក ដៃគូទីពីរនឹងដាក់ឃ្លាគន្លឹះមួយ ហើយដៃគូទីមួយនឹងដាក់ចុះនូវសេចក្ដីយោងបទគម្ពីរដែលត្រូវគ្នា ។
-
សូមអនុវត្តដំណើរការនេះឡើងវិញ រហូតដល់អ្នកបានផ្គូផ្គងក្រដាសរបស់អ្នកត្រូវគ្នាទាំងអស់ ។
បន្ទាប់មក ដៃគូទាំងអស់អាចប្តូរអ្នកកាន់សេចក្ដីយោង និងឃ្លាគន្លឹះ ហើយធ្វើសកម្មភាពនេះម្តងទៀត ។ សិស្សអាចផ្ទៀងពេលវេលាដោយខ្លួនឯងបាន ដើម្បីឲ្យដឹងថាតើពួកគេអាចបញ្ចប់សកម្មភាពនេះបានលឿនប៉ុនណា ។
អ្នកអាចលើកទឹកចិត្តសិស្សឲ្យប្រើកម្មវិធីចំណេះចំណានខាងគោលលទ្ធិ ដើម្បីបន្តទន្ទេញវគ្គចំណេះចំណានខាងគោលលទ្ធិ ។ ការពិនិត្យឡើងវិញត្រួសៗនូវសេចក្ដីយោងបទគម្ពីរចំណេះចំណានខាងគោលលទ្ធិ និងឃ្លាបទគម្ពីរគន្លឹះនៅក្នុងមេរៀននាពេលអនាគត ក៏នឹងជួយសិស្សឲ្យទន្ទេញសេចក្តីយោង និងឃ្លាបទគម្ពីរគន្លឹះផងដែរ ។
អនុវត្តតាមគោលការណ៍នៃការទទួលបានចំណេះដឹងខាងវិញ្ញាណ
មេរៀនដែលនៅសេសសល់នេះ ផ្តោតទៅលើការជួយសិស្សឲ្យអនុវត្តវគ្គចំណេះចំណានខាងគោលលទ្ធិ និងគោលការណ៍នៃការទទួលបានចំណេះដឹងខាងវិញ្ញាណ ទៅនឹងស្ថានភាពជីវិតពិត ។ មុននឹងបន្ត វាអាចមានប្រយោជន៍សម្រាប់សិស្សក្នុងការពិនិត្យឡើងវិញនូវគោលការណ៍ទាំងនេះ នៅក្នុង កថាខណ្ឌទី ៥–១២ នៃផ្នែក « ការទទួលបានចំណេះដឹងខាងវិញ្ញាណ » នៅក្នុង ឯកសារគោលនៃចំណេះចំណានខាងគោលលទ្ធិ ( ឆ្នាំ ២០២៣ ) ។ សកម្មភាពរំឭកឡើងវិញដែលបានណែនាំ អាចរកបាននៅក្នុងឧបសម្ព័ន្ធក្រោម « សកម្មភាពរំឭកចំណេះចំណានខាងគោលលទ្ធិឡើងវិញ » ។
វាអាចមានប្រយោជន៍ក្នុងការពន្យល់ខ្លីៗថា នៅកណ្ដាលឥទ្ធិពលផ្សេងៗជាច្រើនដែលយើងប្រឈមមុខ និងភាពមមាញឹកក្នុងជីវិតប្រចាំថ្ងៃ វាអាចជាការលំបាកក្នុងការរក្សាការផ្តោតអារម្មណ៍របស់យើងទៅលើព្រះវរបិតាសួគ៌ និងផែនការរបស់ទ្រង់សម្រាប់យើង ។ ដើម្បីបង្ហាញពីបញ្ហានេះ អ្នកអាចចែកចាយសាច់រឿងដូចខាងក្រោមមួយ ឬពីរ ។ អ្នកអាចបត់បែនសេចក្ដីលម្អិតនៃសាច់រឿងនេះ ដើម្បីបំពេញតម្រូវការសិស្សបានកាន់តែប្រសើរ ។
-
លៀ តែងតែមានមិត្តភក្តិជាច្រើននៅក្នុងតំបន់ និងសាលារៀនរបស់នាង ។ មិត្តភក្តិរបស់នាងតែងយល់ឃើញថា នាងជាមនុស្សមានប្រជាប្រិយភាព ហើយនាងក៏រីករាយនឹងការយល់ឃើញបែបនេះដែរ ។ កាលពីឆ្នាំមុន គ្រួសាររបស់លៀ បានផ្លាស់ទៅទីក្រុងថ្មីមួយ ។ នាងមានអារម្មណ៍លំបាកសម្របខ្លួននាងណាស់ ។ ដោយសារតែលៀ ខ្វះមិត្តភក្តិជិតស្និទ្ធនៅតំបន់ថ្មីរបស់នាង បានធ្វើឲ្យនាងងឿងឆ្ងល់អំពីតម្លៃរបស់ខ្លួននាងផ្ទាល់ ។
-
ខូល្លីន គឺជាកីឡាករបាល់ទាត់ដ៏ចំណានម្នាក់ ។ មិត្តរួមក្រុម គ្រូបង្វឹក និងមិត្តភក្តិរបស់គាត់តែងតែកោតសរសើរនូវសមត្ថភាព និងសមិទ្ធផលកីឡារបស់គាត់ ។ ប៉ុន្តែនៅឆ្នាំនេះ អ្វីៗបានប្រែប្រួល នៅពេលខូល្លីនបានមានរបួសជង្គង់ធ្ងន់ធ្ងរ មុនពេលរដូវកាលចាប់ផ្តើម ។ គាត់ខូចចិត្តយ៉ាងខ្លាំង នៅពេលគាត់ដឹងថា គាត់នឹងមិនបានប្រកួតរដូវកាលចុងក្រោយរបស់គាត់នៅវិទ្យាល័យ ។ ដំបូងឡើយ មនុស្សជាច្រើនបានសម្តែងការអាណិតអាសូរដល់គាត់ ហើយមិត្តរួមក្រុមរបស់គាត់បានខិតខំប្រឹងប្រែងរាប់បញ្ចូលគាត់ក្នុងសកម្មភាពនានារបស់ក្រុម ។ ប៉ុន្តែមួយរយៈកន្លងទៅ ខូល្លីនមានអារម្មណ៍ថា ខ្លួនកាន់តែលែងសូវទទួលបានចំណាប់អារម្មណ៍ ។ គាត់ចាប់ផ្តើមងឿងឆ្ងល់ថា តើជីវិតរបស់គាត់អាចនឹងប្រែប្រួលទៅជាយ៉ាងណា ពេលដែលអ្នកដទៃលែងមើលឃើញថា គាត់ជាកីឡាករបាល់ទាត់ដែលពូកែទៀតហើយ ។
-
នៅក្នុងសាច់រឿងទាំងនេះ តើបញ្ហា ឬការប្រឈមអ្វីខ្លះដែលអ្នកមានអារម្មណ៍ថាចាំបាច់ត្រូវដោះស្រាយ ?
-
ហេតុអ្វីបានជាពេលខ្លះយើងផ្ដល់តម្លៃខ្លួនឯងដោយផ្អែកលើកត្តាខាងក្រៅ ដូចជា ទេពកោសល្យរបស់យើង ឬរបៀបដែលមនុស្សយល់ឃើញពីយើង ?
សូមពន្យល់ថា គោលលទ្ធិរបស់ព្រះអង្គសង្គ្រោះ និងគោលការណ៍នៃការទទួលបានចំណេះដឹងខាងវិញ្ញាណអាចជួយក្នុងស្ថានភាពបែបនេះបាន ។
ដើម្បីជួយសិស្សចាប់ផ្តើមប្រើប្រាស់គោលការណ៍ទាំងនេះ សូមពិចារណាបែងចែកថ្នាក់ជាក្រុមតូចៗ ។ សូមចាត់តាំងក្រុមពាក់កណ្តាលឲ្យផ្តោតលើគោលការណ៍នៃ ការធ្វើសកម្មភាពដោយសេចក្តីជំនឿ ហើយពាក់កណ្តាលទៀតឲ្យផ្តោតលើគោលការណ៍នៃ ការពិនិត្យមើលគោលគំនិត និងសំណួរទាំងឡាយដោយទស្សនវិស័យដ៏អស់កល្បមួយ ។ សូមអញ្ជើញសិស្សឲ្យពិភាក្សាអំពីវិធីជាច្រើនដែលគោលការណ៍ដែលបានចាត់តាំងឲ្យដល់ពួកគេ អាចជួយបុគ្គលម្នាក់ៗនៅក្នុងសាច់រឿងទាំងនេះ ។
វិធីមួយដែលពួកគេអាចធ្វើបាន គឺតាមរយៈការសរសេរគោលការណ៍ដែលបានចាត់ឲ្យដល់ពួកគេនៅចំកណ្តាលក្រដាសមួយសន្លឹក ។ ជុំវិញគោលការណ៍នេះ ក្រុមនានាអាចសរសេររបៀបជាក់លាក់ដែលបុគ្គលទាំងឡាយអាចធ្វើសកម្មភាពដោយសេចក្តីជំនឿ ឬគំនិតដែលអាចជួយពួកគេពិនិត្យមើលកង្វល់របស់ពួកគេជាមួយនឹងទស្សនវិស័យដ៏អស់កល្បមួយ ។
អ្នកក៏អាចបង្ហាញសំណួរខាងក្រោមឲ្យក្រុមនានាពិភាក្សាបានផងដែរ ។
ធ្វើសកម្មភាពដោយសេចក្តីជំនឿ
-
តើទង្វើស្មោះត្រង់អ្វីខ្លះដែលបុគ្គលរូបនេះអាចធ្វើបាន ដែលនឹងជួយពួកគេឲ្យឃើញខ្លួនឯងដូចដែលព្រះទតឃើញពួកគេដែរ ?
-
តើការផ្ដល់អាទិភាពលើអត្តសញ្ញាណរបស់ពួកគេក្នុងនាមជាបុត្ររបស់ព្រះអាចធ្វើឲ្យជីវិតរបស់បុគ្គលនោះមានភាពខុសប្លែកយ៉ាងដូចម្ដេច ?
ពិនិត្យមើលគោលគំនិត និងសំណួរទាំងឡាយដោយទស្សនវិស័យដ៏អស់កល្បមួយ
-
តើការចងចាំអំពីព្រះ និងផែនការរបស់ទ្រង់ អាចផ្ដល់អត្ថប្រយោជន៍អ្វីខ្លះដល់បុគ្គលនេះ ? តើការណ៍នេះនឹងផ្ដល់ប្រយោជន៍យ៉ាងដូចម្ដេច ពេលពួកគេរស់នៅក្នុងជីវិតប្រចាំថ្ងៃ ?
-
តើអ្នកចង់ឲ្យបុគ្គលរូបនេះយល់យ៉ាងដូចម្ដេចអំពីអត្តសញ្ញាណ និងគោលបំណងរបស់ពួកគេ ?
ប្រភពដែលបានតែងតាំងដ៏ទេវភាព
បន្ទាប់ពីក្រុមនានាបានពិភាក្សារួចហើយ សូមអញ្ជើញពួកគេឲ្យចែកចាយការយល់ដឹងខ្លះៗរបស់ពួកគេជាមួយថ្នាក់រៀន ។ បន្ទាប់មក សូមរំឭកសិស្សអំពីគោលការណ៍ទីបីនៃការទទួលបានចំណេះដឹងខាងវិញ្ញាណ ៖ ស្វែងរកការយល់ដឹងបន្ថែមតាមរយៈប្រភពដែលបានតែងតាំងដ៏ទេវភាព ។ សូមផ្តល់ពេលវេលាឲ្យសិស្សស្វែងរកប្រភពដែលបានតែងតាំងដ៏ទេវភាព ដែលអាចជួយបុគ្គលទាំងឡាយនៅក្នុងសាច់រឿងនេះបាន ។ សំណួរខាងក្រោមអាចជួយជាមួយការណ៍នេះបាន ។
-
តើការបង្រៀននៅក្នុងវគ្គចំណេះចំណានខាងគោលលទ្ធិអាចជួយបុគ្គលនេះយ៉ាងដូចម្ដេច ?
-
តើបទគម្ពីរ ឬសេចក្ដីថ្លែងការណ៍អ្វីផ្សេងទៀតពីថ្នាក់ដឹកនាំសាសនាចក្រអាចនឹងជួយបាន ?
ប្រសិនបើចាំបាច់ អ្នកអាចរំឭកសិស្សអំពីព្រះគម្ពីរ ឬសេចក្តីថ្លែងការណ៍ពីថ្នាក់ដឹកនាំសាសនាចក្រ ដែលពួកគេបានសិក្សានៅឆ្នាំនេះ ដែលទាក់ទងនឹងអត្តសញ្ញាណ និងគោលបំណងដ៏ទេវភាពរបស់យើង ។ ឧទាហរណ៍រួមមាន ម៉ូសេ ១:២–៦; អ័ប្រាហាំ ៣:២២–២៣; លោកុប្បត្តិ ១:២៦–២៧ ។ អ្នកក៏អាចណែនាំសិស្សឲ្យទៅមើលសេចក្ដីថ្លែងការណ៍ពីសំណៅមេរៀនដែលមានចំណងជើងថា « ខ្ញុំជាកូនរបស់ព្រះ » ដែលមាននៅក្នុង មេរៀនទី ៨ ៖ « លោកុប្បត្តិ ១:២៦–២៧ » ផងដែរ ។
នៅពេលសិស្សចែកចាយនូវប្រភពដែលបានតែងតាំងដ៏ទេវភាព សូមអញ្ជើញពួកគេឲ្យពិភាក្សាថាហេតុអ្វីបានជា ឬក្នុងលក្ខណៈដូចម្ដេចដែលពួកគេមានអារម្មណ៍ថា ប្រភពទាំងនេះអាចជួយបុគ្គលដែលនៅក្នុងសាច់រឿងទាំងនោះបាន ។ អ្នកក៏អាចសួរសិស្សថាតើគោលការណ៍នៃការទទួលបានចំណេះដឹងខាងវិញ្ញាណបានផ្ដល់ពរជ័យដល់ពួកគេយ៉ាងដូចម្ដេច នៅពេលប្រឈមមុខនឹងបញ្ហាទាក់ទងនឹងអត្តសញ្ញាណរបស់ពួកគេផ្ទាល់ ។