« ម៉ូសេ ៦:៤៧–៦៨ ៖ ‹ នេះហើយជាផែនការនៃសេចក្ដីសង្គ្រោះ › » សៀវភៅសិក្សាព្រះគម្ពីរសញ្ញាចាស់សម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា ( ឆ្នាំ ២០២៦ )
« ម៉ូសេ ៦:៤៧–៦៨ ៖ ‹ នេះហើយជាផែនការនៃសេចក្ដីសង្គ្រោះ › » សៀវភៅសិក្សាព្រះគម្ពីរសញ្ញាចាស់សម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា
លោកុប្បត្តិ ៥; ម៉ូសេ ៦ ៖ មេរៀនទី ១៤
ម៉ូសេ ៦:៤៧–៦៨
« នេះហើយជាផែនការនៃសេចក្ដីសង្គ្រោះ »
ព្រះយេស៊ូវគ្រីស្ទគឺជាចំណុចសំខាន់នៃផែនការនៃសេចក្តីសង្គ្រោះរបស់ព្រះវរបិតាសួគ៌របស់យើង ។ ទ្រង់អញ្ជើញមនុស្សទាំងអស់ឲ្យមករកទ្រង់ ដោយរស់នៅតាមគោលលទ្ធិរបស់ទ្រង់ ។ មេរៀននេះអាចជួយសិស្សឲ្យយល់ពីរបៀបមករកព្រះយេស៊ូវគ្រីស្ទ និងដើម្បីទទួលបានពរជ័យដែលមានតែទ្រង់ និងព្រះវរបិតាទ្រង់ប៉ុណ្ណោះទើបអាចប្រទានឲ្យបាន ។
ការរៀបចំរបស់សិស្ស ៖ សូមអញ្ជើញសិស្សឲ្យសួរសមាជិកគ្រួសារ ឬមិត្តថា ហេតុអ្វីបានជាព្រះយេស៊ូវគ្រីស្ទមានសារៈសំខាន់ចំពោះពួកគេ និងការមករកទ្រង់មានអត្ថន័យដូចម្ដេចសម្រាប់ពួកគេ ។
សកម្មភាពរៀនសូត្រដែលអាចមាន
មករកព្រះគ្រីស្ទ
សូមពិចារណាបង្ហាញរូបភាពនៃព្រះយេស៊ូវគ្រីស្ទ ដូចជារូបភាពដែលឃើញនៅដើមមេរៀននេះ ។ បន្ទាប់មក សូមចែកចាយសាច់រឿងដូចខាងក្រោមនេះ ។
សូមស្រមៃថា អ្នកមានមិត្តម្នាក់ដែលមិនសូវដឹងអំពីព្រះយេស៊ូវគ្រីស្ទ ។ មិត្តរបស់អ្នកសួរអ្នកថាតើព្រះយេស៊ូវគ្រីស្ទជានរណា ហើយហេតុអ្វីបានជាទ្រង់សំខាន់ចំពោះអ្នក ។
សូមផ្ដល់ពេលវេលាឲ្យសិស្សដើម្បីគិតថាតើពួកគេអាចឆ្លើយតបបានយ៉ាងដូចម្ដេច ។ បន្ទាប់មកសូមអញ្ជើញពួកគេឲ្យចែកចាយគំនិតរបស់ពួកគេជាក្រុមតូចៗ ឬជាមួយថ្នាក់ទាំងមូល ។
-
ប្រសិនបើអ្នកមានពេលវេលាឆ្លើយតបតិចតួច តើអ្នកចង់ឲ្យមិត្តរបស់អ្នកដឹងអ្វីខ្លះអំពីព្រះយេស៊ូវគ្រីស្ទ ? ហេតុអ្វី ?
សូមរំឭកសិស្សអំពីការហៅរបស់ហេណុក ឲ្យផ្សាយអំពីការប្រែចិត្តដល់ក្រុមមនុស្សទុច្ចរិត ( សូមមើល ម៉ូសេ ៦:២៧–២៩ ) ។ សូមពន្យល់ថា មេរៀនថ្ងៃនេះនឹងផ្តោតលើការបង្រៀនរបស់លោកដល់ប្រជាជនទាំងនោះ ។ សារលិខិតរបស់ហេណុកផ្តោតលើសេចក្ដីត្រូវការរបស់យើងនូវព្រះយេស៊ូវគ្រីស្ទ និងរបៀបដែលយើងអាចមករកទ្រង់បាន ។
ដើម្បីជួយសិស្សឲ្យគិតពិចារណាលើសេចក្ដីត្រូវការរបស់ពួកគេនូវព្រះអង្គសង្គ្រោះ សូមពិចារណាបង្ហាញការណែនាំខាងក្រោមនេះ ហើយផ្តល់ពេលវេលាឲ្យសិស្សវាយតម្លៃខ្លួនពួកគេលើសេចក្តីថ្លែងការណ៍នីមួយៗដោយស្ងៀមស្ងាត់ ។
ដោយប្រើរង្វាស់ពី ១ ( មិនពិតអំពីខ្ញុំ ) ដល់ ៥ ( ពិតអំពីខ្ញុំ ) សូមវាយតម្លៃខ្លួនអ្នកដោយប្រើសេចក្តីថ្លែងការណ៍ខាងក្រោម ៖
-
ខ្ញុំដឹងថាហេតុអ្វីបានជាខ្ញុំត្រូវការព្រះអង្គសង្គ្រោះ ។
-
ខ្ញុំយល់ពីរបៀបដែលខ្ញុំអាចមករកព្រះយេស៊ូវគ្រីស្ទ ។
-
បច្ចុប្បន្ននេះ ខ្ញុំចង់មករក និងធ្វើតាមព្រះយេស៊ូវគ្រីស្ទ ។
មិនថាអ្នកបានវាយតម្លៃខ្លួនអ្នកយ៉ាងណានោះទេ ព្រះអង្គសង្គ្រោះចង់ឲ្យអ្នកមករកទ្រង់ ហើយទទួលពរជ័យដែលមានតែទ្រង់ប៉ុណ្ណោះទើបអាចប្រទានដល់អ្នកបាន ។ ខណៈពេលអ្នកសិក្សាពាក្យសម្ដីរបស់ព្យាការីហេណុកនៅថ្ងៃនេះ សូមយកចិត្តទុកដាក់លើចំណាប់អារម្មណ៍ពីព្រះវិញ្ញាណ ដើម្បីយល់កាន់តែច្បាស់ពីមូលហេតុដែលអ្នកត្រូវការព្រះអង្គសង្គ្រោះ និងរបៀបដែលអ្នកអាចមករកទ្រង់ ។
ហេណុកបង្រៀនប្រជាជនរបស់លោក
ដើម្បីជួយសិស្សរៀនពីការបង្រៀនរបស់ហេណុកនៅក្នុង ម៉ូសេ ៦ សូមពិចារណាចម្លងតារាងខាងក្រោមដាក់នៅលើក្ដារខៀន ។ សិស្សក៏អាចចម្លងតារាងនេះដាក់នៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់ពួកគេបានផងដែរ ។ សូមស្នើឲ្យសិស្សសិក្សាខគម្ពីរទាំងនេះ ។ សូមចាត់សិស្សពាក់កណ្តាលថ្នាក់ឲ្យស្វែងរកមូលហេតុដែលយើងត្រូវការព្រះអង្គសង្គ្រោះ ។ សិស្សពាក់កណ្តាលថ្នាក់ទៀតអាចស្វែងរកពីរបៀបដែលយើងមករកព្រះគ្រីស្ទ ។ ខណៈពេលសិស្សសិក្សា អ្នកអាចដើរចុះឡើង ហើយសួរនាំសិស្សថាតើមានពាក្យ ឬឃ្លាណាដែលពួកគេត្រូវការជំនួយដើម្បីយល់ដែរឬទេ ។ ខាងក្រោមនេះអាចជួយសិស្សយល់ពី ខទី ៥៩ បាន ៖
-
យើងកើតចេញពីព្រះវិញ្ញាណ ដោយការទទួលអំណោយទាននៃព្រះវិញ្ញាណបរិសុទ្ធ ( សូមមើលប្រធានបទ និងសំណួរ « Gospel Study Guide: “Gift of the Holy Ghost » នៅលើបណ្ណាល័យដំណឹងល្អ ) ។
-
ការត្រូវបានញែកចេញជាបរិសុទ្ធ សំដៅដល់ការ « ឲ្យបានផុតពីអំពើបាប ឲ្យបានសុទ្ធសាធ ស្អាតបាត និងបរិសុទ្ធ តាមរយៈដង្វាយធួននៃព្រះយេស៊ូវគ្រីស្ទ » ( សេចក្ដីណែនាំដល់បទគម្ពីរទាំងឡាយ « ញែកជាបរិសុទ្ធ, ការញែកជាបរិសុទ្ធ » នៅលើបណ្ណាល័យដំណឹងល្អ ) ។
ការបង្រៀនរបស់ហេណុកអំពីការមករកព្រះគ្រីស្ទ ៖ ម៉ូសេ ៦:៤៨–៥២, ៥៧–៥៩
|
ខ្ញុំត្រូវការព្រះអង្គសង្គ្រោះ ពីព្រោះ … |
ខ្ញុំអាចមករកព្រះគ្រីស្ទបានដោយ … |
|---|---|
បន្ទាប់ពីសិស្សបានបំពេញតារាងរបស់ពួកគេបានពាក់កណ្តាលហើយ សូមផ្តល់ឱកាសឲ្យពួកគេពិភាក្សាអំពីការរកឃើញទាំងឡាយរបស់ពួកគេ ។ ពួកគេអាចធ្វើដូចនេះបានដោយការបំពេញតារាងនៅលើក្ដារខៀនជាថ្នាក់ទាំងមូល ឬដោយការចែកចាយជាមួយដៃគូម្នាក់នូវអ្វីដែលពួកគេបានរៀន ។
-
តើអ្នកបានរៀនអ្វីខ្លះពីខគម្ពីរទាំងនេះស្ដីពីមូលហេតុដែលយើងត្រូវការព្រះអង្គសង្គ្រោះ ?
សិស្សដែលបានផ្ដោតលើមូលហេតុដែលយើងត្រូវការព្រះអង្គសង្គ្រោះ អាចចែកចាយសេចក្ដីពិត ដូចជា យើងអាចទទួលបានពរជ័យនៃសេចក្ដីសង្គ្រោះបានតែតាមរយៈព្រះយេស៊ូវគ្រីស្ទប៉ុណ្ណោះ ( ខទី ៥២ ), មនុស្សគ្រប់ទីកន្លែងត្រូវប្រែចិត្ត ( ខទី ៤៩–៥០, ៥៧ ), គ្មានអ្វីដែលមិនស្អាតអាចអាស្រ័យនៅក្នុងនគររបស់ព្រះបានឡើយ ( ខទី ៥៧ ) ។ អ្នកអាចអញ្ជើញសិស្សឲ្យសរសេរសេចក្ដីពិតដែលពួកគេបានរកឃើញនៅក្នុងតារាងនៅលើក្ដារខៀន ។
-
តើខគម្ពីរទាំងនេះបង្រៀនអ្នកអ្វីខ្លះអំពីសកម្មភាពជាក់លាក់ដែលអ្នកអាចធ្វើ ដែលនឹងជួយអ្នកមករកព្រះយេស៊ូវគ្រីស្ទ ?
សិស្សដែលផ្ដោតលើរបៀបដែលយើងអាចមករកព្រះគ្រីស្ទ អាចសរសេរអ្វីដែលពួកគេបានរកឃើញនៅលើក្ដារខៀន ។ ចម្លើយរបស់ពួកគេអាចត្រូវបានសង្ខេបទៅជាសេចក្តីពិតមួយ ដូចជា យើងមករកព្រះគ្រីស្ទ នៅពេលយើងស្តាប់ព្រះសូរសៀងរបស់ព្រះអង្គសង្គ្រោះ ជឿលើទ្រង់ ប្រែចិត្តពីអំពើបាបរបស់យើង បានទទួលបុណ្យជ្រមុជទឹក និងទទួលអំណោយទាននៃព្រះវិញ្ញាណបរិសុទ្ធ ។
វាអាចនឹងជាប្រយោជន៍ក្នុងការពន្យល់ថា ជួនកាល ព្រះគម្ពីរសំដៅលើដំណើរការនេះថាជា « គោលលទ្ធិនៃព្រះគ្រីស្ទ » ( នីហ្វៃទី២ ៣១:២–២១ ) គោលលទ្ធិរបស់ព្រះអង្គសង្គ្រោះ ( សូមមើល នីហ្វៃទី៣ ១១:៣១–៤០ ) ឬដំណឹងល្អរបស់ព្រះអង្គសង្គ្រោះ ( សូមមើល នីហ្វៃទី៣ ២៧:១៣–២២ ) ។ សូមពិចារណាអញ្ជើញសិស្សឲ្យអាន ម៉ូសេ ៦:៦២ ដើម្បីមើលពាក្យផ្សេងទៀតដែលព្រះវរបិតាសួគ៌បានប្រើ ដើម្បីពិពណ៌នាអំពីដំណើរការនេះ ។ អ្នកអាចអញ្ជើញសិស្សឲ្យចែកចាយអ្វីដែលពួកគេកំពុងកត់សម្គាល់អំពីតួនាទីរបស់ព្រះយេស៊ូវគ្រីស្ទ នៅក្នុងផែនការនៃសេចក្ដីសង្គ្រោះរបស់ព្រះវរបិតាសួគ៌ ។
-
តើអ្នកនឹងនិយាយអ្វីទៅកាន់នរណាម្នាក់ដែលងឿងឆ្ងល់ថាតើវាមានតម្លៃឬទេក្នុងការខិតខំដើម្បីមករកព្រះគ្រីស្ទនោះ ?
ដោយជាផ្នែកមួយនៃការពិភាក្សារបស់អ្នកអំពីសំណួរពីមុន វាអាចមានប្រយោជន៍សម្រាប់សិស្សក្នុងការសិក្សាខគម្ពីរមួយចំនួន ឬទាំងអស់ដែលមាននៅខាងក្រោមនេះ ដោយរកមើលពរជ័យដែលយើងអាចទទួលបាន នៅពេលយើងមករកព្រះយេស៊ូវគ្រីស្ទ ៖ ម៉ាថាយ ១១:២៨–៣០; នីហ្វៃទី២ ៣១:២១; នីហ្វៃទី៣ ១៩:១៣–១៤; អេធើរ ១២:២៧; មរ៉ូណៃ ១០:៣២–៣៣ ។ អ្នកក៏អាចពិចារណាអញ្ជើញសិស្សឲ្យចែកចាយពីពរជ័យដែលពួកគេបានដកពិសោធន៍ នៅពេលពួកគេបានខិតខំដើម្បីមករកព្រះយេស៊ូវគ្រីស្ទ ។
បង្ហាញការយល់ដឹង
សូមអញ្ជើញសិស្សឲ្យយោងទៅសាច់រឿងជាមួយមិត្តភក្តិរបស់ពួកគេតាំងពីដើមមេរៀន ។ ដើម្បីអនុវត្តការពន្យល់ពីអ្វីដែលពួកគេបានរៀន សិស្សអាចចែកចាយចម្លើយរបស់ពួកគេចំពោះសំណួរខាងក្រោមនេះជាក្រុមតូចៗ ។
ដោយផ្អែកលើអ្វីដែលអ្នកបានរៀន និងទទួលអារម្មណ៍នៅថ្ងៃនេះ សូមពន្យល់ទៅកាន់មិត្តភក្តិរបស់អ្នកតាមរបៀបមួយដែលពួកគេងាយស្រួលយល់ ដូចខាងក្រោម ៖
-
ហេតុអ្វីយើងត្រូវការព្រះយេស៊ូវគ្រីស្ទ ?
-
តើយើងអាចធ្វើអ្វីខ្លះដើម្បីមករកទ្រង់ ?
សូមពិចារណាបញ្ចប់មេរៀនដោយអញ្ជើញសិស្សឲ្យកត់ត្រាគំនិត ឬចំណាប់អារម្មណ៍ខាងវិញ្ញាណដែលពួកគេមាននៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់ពួកគេ ។ អ្នកអាចចែកចាយអ្វីដែលអ្នកបានរៀនអំពីសេចក្ដីត្រូវការនូវព្រះយេស៊ូវគ្រីស្ទ ហើយថ្លែងទីបន្ទាល់ពីរបៀបដែលការមករកទ្រង់បានផ្ដល់ពរដល់ជីវិតរបស់អ្នក ។