ថ្នាក់​សិក្ខាសាលា
លោកុប្បត្តិ ១:១–២៥ ៖ ការបង្កបង្កើត


« លោកុប្បត្តិ ១:១–២៥ ៖ ការបង្កបង្កើត » សៀវភៅ​សិក្សា​ព្រះគម្ពីរ​សញ្ញាចាស់​សម្រាប់​គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា ( ឆ្នាំ ២០២៦ )

« លោកុប្បត្តិ ១:១–២៥ ៖ ការបង្កបង្កើត » សៀវភៅ​សិក្សា​ព្រះគម្ពីរ​សញ្ញាចាស់​សម្រាប់​គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា

លោកុប្បត្តិ ១–២; ម៉ូសេ ២–៣; អ័ប្រាហាំ ៤–៥ ៖ មេរៀន​ទី ៧

លោកុប្បត្តិ ១:១–២៥

ការបង្កបង្កើត

ឆ្នេរ​សមុទ្រ

ភាពអស្ចារ្យ និង​ភាពស្រស់ស្អាត​នៃ​ពិភពលោក​របស់​យើង ផ្ដល់​ទីបន្ទាល់​អំពី​អង្គបង្កបង្កើត​ដ៏​រុងរឿង ដែល​អាច​ផ្លាស់ប្តូរ​អ្វី​មួយ​ដែល « ខូច ហើយ​នៅ​ទទេ » ( សូម​មើល លោកុប្បត្តិ ១:២ ) ទៅ​ជា​ការអស្ចារ្យ​នៃ​ផែនដី​នេះ​បាន ។ មេរៀន​នេះ​អាច​ជួយ​សិស្ស​ឲ្យ​ទទួល​អារម្មណ៍​អំពី​សេចក្ដី​ស្រឡាញ់ និង​ការដឹង​គុណ​ចំពោះ​ព្រះវរបិតាសួគ៌ និង​ព្រះ​យេស៊ូវ​គ្រីស្ទ នៅពេល​ពួកគេ​សិក្សា​អំពី​ការបង្កបង្កើត​ផែនដី ។

ការរៀបចំ​របស់​សិស្ស ៖ សូម​អញ្ជើញ​សិស្ស​ឲ្យ​ជញ្ជឹងគិត​ពី​ភាពស្រស់ស្អាត​នៃ​ផែនដី និង​ការបង្ក​បង្កើត​ទាំងអស់​របស់​ព្រះ ។ សូម​អញ្ជើញ​ពួកគេ​ឲ្យ​យក​រូបភាព ឬ​រៀបចំ​ខ្លួន​និយាយ​អំពី​អ្វីមួយ​នៅក្នុង​ពិភពលោក​នេះ ដែល​ធ្វើ​ឲ្យ​ពួកគេ​រីករាយ ។

សកម្មភាព​រៀនសូត្រ​ដែល​អាច​មាន

ចំណាំ ៖ ទោះបីជា​ដំណើររឿង​នៃ​ការបង្កបង្កើត​ផែនដី​ត្រូវបាន​រកឃើញ​ផងដែរ​នៅក្នុង ម៉ូសេ ២ និង អ័ប្រាហាំ ៤ ក៏​មេរៀន​នេះ​នឹង​ផ្តោត​លើ​ដំណើររឿង​ដែល​បាន​កត់ត្រា​នៅក្នុង​លោកុប្បត្តិ ១ ដែរ ។

អង្គបង្កបង្កើត​ដ៏​ធំ និង​ការបង្កបង្កើត​ទាំងឡាយ

ដើម្បី​ចាប់ផ្ដើម​ថ្នាក់ សូម​ពិចារណា​បង្ហាញ​រូបភាព​អគារ​ដ៏​ស្រស់ស្អាត​មួយ ដែល​ជា​គោលដៅ​ដ៏​ពេញនិយម​នៅក្នុង​តំបន់​របស់​អ្នក ។ អ្នក​អាច​សួរ​សំណួរ​ដូច​ខាងក្រោម​នេះ ៖

  • តើ​អ្នក​គិត​ថា អ្វី​ដែល​ធ្វើ​ឲ្យ​មនុស្ស​ចង់​ទៅ​លេង​អគារ​នោះ ?

  • តើ​អ្នក​គិត​ថា អ្នកបង្កើត​អគារ​ដ៏​ស្រស់​ស្អាត​នានា​ទទួល​អារម្មណ៍​យ៉ាង​ណា នៅពេល​មនុស្ស​រីករាយ​នឹង​ស្នាដៃ​របស់​ពួកគេ ?

បឹង

បន្ទាប់មក អ្នក​អាច​បង្ហាញ​រូបភាព​ទេសភាព​ដ៏​ស្រស់ស្អាត​នៅ​ជិត​តំបន់​របស់​អ្នក ។ សូម​អញ្ជើញ​សិស្ស​ឲ្យ​ធ្វើ​ដូច​ខាងក្រោម ដើម្បី​ជួយ​រៀបចំ​ពួកគេ​សម្រាប់​មេរៀន​ថ្ងៃ​នេះ ។

សូម​គិត​អំពី​អារម្មណ៍ ឬ​គំនិត​ដែល​អ្នក​មាន នៅពេល​អ្នក​ឃើញ​នូវ​ភាព​ស្រស់ស្អាត និង​ភាព​អស្ចារ្យ​នៃ​ផែនដី ។ សូម​ពិចារណា​ថា​តើ​អ្នក​ចំណាយ​ពេល​ញឹកញាប់​ប៉ុនណា ដើម្បី​កោត​សរសើរ ឬ​ដឹងគុណ​ចំពោះ​ការអស្ចារ្យ​នៅលើ​ផែនដី​ទាំងនេះ ។ នៅពេល​អ្នក​សិក្សា​នៅ​ថ្ងៃ​នេះ សូម​អញ្ជើញ​យាង​ព្រះវិញ្ញាណ​បរិសុទ្ធ​ដោយ​ការអធិស្ឋាន ដើម្បី​ជួយ​អ្នក​ឲ្យ​ទទួល​អារម្មណ៍​នៃ​សេចក្ដីស្រឡាញ់ និង​ការដឹងគុណ​ចំពោះ​ព្រះវរបិតាសួគ៌ និង​ព្រះ​យេស៊ូវ​គ្រីស្ទ សម្រាប់​ការបង្កបង្កើត​ពិភពលោក​នេះ ។

ការបង្កបង្កើត

មុន​នឹង​ណែនាំ​សកម្មភាព​សិក្សា​ខាងក្រោម សូម​ពិចារណា​អញ្ជើញ​សិស្ស​ឲ្យ​ចែកចាយ​នូវ​អ្វី​ដែល​ពួកគេ​ដឹង​អំពី​ការបង្កបង្កើត​ផែនដី ។ បន្ទាប់មក​សូម​ណែនាំ​ឲ្យ​សិស្ស​មើល​ប្រយោគ​ខាងក្រោម​ពី « ព្រះគ្រីស្ទ​ដ៏​មាន​ព្រះជន្ម​រស់ ៖ ទីបន្ទាល់​នៃ​ពួក​សាវក » ។ សូម​អញ្ជើញ​សិស្ស​ឲ្យ​សរសេរ​សេចក្តីពិត​នេះ​នៅក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​របស់​ពួកគេ ឬ​ជា​កំណត់ចំណាំ​នៅក្នុង​បទគម្ពីរ​របស់​ពួកគេ ។ សិស្ស​ក៏​អាច​សរសេរ​ពាក្យ​នេះ​ដាក់​នៅលើ​ក្ដារខៀន​បាន​ផងដែរ ។

នៅក្នុង « ព្រះគ្រីស្ទ​ដ៏មាន​ព្រះជន្ម​រស់ ៖ ទីបន្ទាល់​នៃ​ពួកសាវក » យើង​នឹង​រៀន ៖

ក្រោម​ការដឹកនាំ​របស់​ព្រះវរបិតា​ទ្រង់ [ ព្រះ​យេស៊ូវ​គ្រីស្ទ ] គឺជា​អង្គបង្កបង្កើត​ផែនដី ។ ( « ព្រះគ្រីស្ទ​ដ៏មាន​ព្រះជន្ម​រស់ ៖ ទីបន្ទាល់​នៃ​ពួកសាវក » នៅលើ​គេហទំព័រ ChurchofJesusChrist.org )

លោកុប្បត្តិ ១ មាន​នូវ​សេចក្ដី​លម្អិត​មួយ​ចំនួន​អំពី​ព្រះ​យេស៊ូវ​គ្រីស្ទ​បង្កើត​ផែនដី ។ សូម​អាន​ដំណើររឿង​នៃ​រយៈពេល​បង្កបង្កើត​ដំបូង​ទាំង​ប្រាំមួយ​ពី លោកុប្បត្តិ ១ ដោយ​រកមើល​អ្វី​ដែល​យើង​រៀន​អំពី​អង្គបង្កបង្កើត និង​ការបង្កបង្កើត ។

នៅពេល​សិស្ស​សិក្សា​ខគម្ពីរ​ខាងក្រោម អ្នក​អាច​អញ្ជើញ​ពួកគេ​ឲ្យ​កត់សម្គាល់ និង​កត់ចំណាំ « ថ្ងៃ » នីមួយៗ​នៃ​ការបង្កបង្កើត នៅក្នុង​ព្រះគម្ពីរ​របស់​ពួកគេ ។ វិធី​មួយ​ដើម្បី​ធ្វើ​បែប​នេះ​បាន គឺ​ចម្លង​តារាង​ខាងក្រោម​ដាក់​នៅលើ​ក្ដារខៀន ហើយ​ផ្តល់​ពេល​វេលា​ដល់​សិស្ស​ដើម្បី​បំពេញ​វា ។ អ្នក​អាច​រៀបចំ​សិស្ស​ជា​ក្រុម​តូចៗ ហើយ​ចាត់​ក្រុម​នីមួយៗ​ឲ្យ​សិក្សា​ខគម្ពីរ​មួយ​សំណុំ​ចេញ​ពី​តារាង​នោះ ។

វា​អាច​មាន​អត្ថប្រយោជន៍​ក្នុង​ការពន្យល់​ថា ពាក្យ « ពេលថ្ងៃ » សំដៅ​ទៅលើ​រយៈពេល​នៃ​ការបង្កបង្កើត មិន​មែន​ជា​រយៈពេល​ជាក់លាក់​ណាមួយ​ទេ ( សូម​មើល អ័ប្រាហាំ ៤ ដែល​នៅ​ទី​នោះ រយៈពេល​បង្កបង្កើត​ត្រូវ​បាន​ដាក់​សម្គាល់​ដោយ​ពាក្យ​ថា « លើក » ) ។ ចំណាំ ៖ ការបង្កើត​បុរស និង​នារី​នឹង​ត្រូវ​បាន​ថ្លែង​យ៉ាង​ស៊ីជម្រៅ​នៅក្នុង​មេរៀន​នានា « លោកុប្បត្តិ ១:២៦–២៧ » និង « លោកុប្បត្តិ ១:២៨–២:២៥ » ។

សូម​ប្រយ័ត្ន​ដោយ​កុំ​ចំណាយ​ពេល​យូរ​ពេក​លើ​មេរៀន​ផ្នែក​នេះ ដើម្បី​ឲ្យ​សិស្ស​មាន​ពេល​គ្រប់គ្រាន់​ដើម្បី​ផ្តោត​លើ​ផ្នែក​ដែល​មាន​ចំណងជើង​ថា « តួនាទី​របស់​ព្រះអង្គសង្គ្រោះ​ក្នុង​នាម​ជា​អង្គបង្កបង្កើត » ។

ថ្ងៃទី ១ ៖ លោកុប្បត្តិ ១:១–៥

បានញែក​ពន្លឺ​ចេញពី​ងងឹត

ថ្ងៃទី ២ ៖ លោកុប្បត្តិ ១:៦–៨

ថ្ងៃទី ៣ ៖ លោកុប្បត្តិ ១:៩–១៣

ថ្ងៃទី ៤ ៖ លោកុប្បត្តិ ១:១៤–១៩

ថ្ងៃទី ៥ ៖ លោកុប្បត្តិ ១:២០–២៣

ថ្ងៃទី ៧ ៖ លោកុប្បត្តិ ១:២៤–២៧

  • តើ​អ្នក​មាន​គំនិត ឬ​អារម្មណ៍​អ្វី​ខ្លះ​អំពី​ព្រះវរបិតាសួគ៌ និង​ព្រះ​យេស៊ូវ​គ្រីស្ទ នៅពេល​អ្នក​សិក្សា​ខគម្ពីរ​ទាំងនេះ ?

សិស្ស​អាច​នឹង​មាន​សំណួរ​អំពី​សេចក្ដី​លម្អិត​មួយ​ចំនួន​នៃ​ការបង្កបង្កើត ។ សូម​ជួយ​ពួកគេ​ឲ្យ​យល់​ថា គោលដៅ​នៃ​ដំណើររឿង​នៃ​ការបង្កបង្កើត​នេះ​គឺ​មិន​មែន​ដើម្បី​ផ្តល់​នូវ​ការពន្យល់​តាម​បែប​វិទ្យាសាស្ត្រ​អំពី​ដំណើរការ រយៈពេល ឬ​ព្រឹត្តិការណ៍​ជាក់លាក់​ដែល​ទាក់ទង​នោះ​ទេ ។ វា​អាច​មាន​អត្ថប្រយោជន៍ ក្នុង​ការអាន គោលលទ្ធិ និង​សេចក្តីសញ្ញា ១០១:៣២–៣៤ ហើយ​បញ្ជាក់​ដល់​សិស្ស​ថា ព្រះអង្គសង្គ្រោះ​នឹង​បើក​សម្ដែង​អំពី​រឿង​ទាំងអស់ តាម​ពេលវេលា​របស់​ទ្រង់ ។

តួនាទី​របស់​ព្រះអង្គសង្គ្រោះ​ក្នុង​នាម​ជា​អង្គបង្កបង្កើត

សូម​ផ្ដល់​ឱកាស​ឲ្យ​សិស្ស​ដើម្បី​ពង្រឹង​ការដឹងគុណ​របស់​ពួកគេ​ចំពោះ​ព្រះ​យេស៊ូវ​គ្រីស្ទ ដែល​ជា​អង្គបង្កបង្កើត ។ របៀប​មួយ​ដើម្បី​ធ្វើ​បែបនេះ​អាច​ជា​ការ​គូរ​រូប​ផែនដី​នៅលើ​ក្ដារខៀន ហើយ​បង្ហាញ​សេចក្ដីយោង​បទគម្ពីរ​ខាងក្រោម​ឲ្យ​សិស្ស​សិក្សា ។ អ្នក​អាច​អញ្ជើញ​ពួកគេ​ឲ្យ​សិក្សា​ខគម្ពីរ​មួយ​ចំនួន ឬ​ទាំងអស់ ហើយ​ឡើង​មក​ក្ដារខៀន​ដើម្បី​សរសេរ​ឃ្លា​ដែល​មាន​អត្ថន័យ​នានា​ដែល​ពួកគេ​បាន​រកឃើញ​ជុំវិញ​រូបភាព​នៃ​ផែនដី​នោះ ។

ខណៈ​ពេល​សិស្ស​សិក្សា​ខគម្ពីរ​ទាំងនេះ សូម​អញ្ជើញ​ពួកគេ​ឲ្យ​យក​ចិត្ត​ទុក​ដាក់​លើ​របៀប​ដែល​ព្រះវិញ្ញាណ​អាច​ថ្លែង​ដល់​ពួកគេ​នូវ​ទីបន្ទាល់​អំពី​តួនាទី​របស់​ព្រះអង្គសង្គ្រោះ ក្នុង​នាម​ជា​អង្គបង្កបង្កើត ។

សូម​ជ្រើសរើស​ខគម្ពីរ​មួយ ឬ​ច្រើន​ខាងក្រោម​ដើម្បី​សិក្សា ដោយ​ស្វែងរក​ការបង្រៀន​ដែល​អាច​បង្កើន​ការយល់ដឹង និង​ការដឹងគុណ​របស់​អ្នក​ចំពោះ​ព្រះ​យេស៊ូវ​គ្រីស្ទ ក្នុង​នាម​ជា​អង្គ​បង្កបង្កើត ។

អាលម៉ា ៣០:៤៣–៤៤

គោលលទ្ធិ និង​សេចក្តីសញ្ញា ៣៨:១–៣

គោលលទ្ធិ និង​សេចក្ដីសញ្ញា ៥៩:១៨–២០

គោលលទ្ធិ និង​សេចក្តីសញ្ញា ៧៦:២២–២៤

ម៉ូសេ ១:៣៣, ៣៩

ម៉ូសេ ៦:៦៣

សូម​អញ្ជើញ​សិស្ស​ឲ្យ​ចែកចាយ​ការយល់​ដឹង​របស់​ពួកគេ ។ របៀប​មួយ​ដែល​អ្នក​អាច​ធ្វើ​បែបនេះ​បាន គឺ​ដោយ​ការបង្ហាញ​សំណួរ​ខាងក្រោម​ឲ្យ​សិស្ស​ពិភាក្សា ។

  • តើ​ខគម្ពីរ​ដែល​អ្នក​បាន​សិក្សា​មាន​នូវ​ពាក្យ ឬ​ឃ្លា​ដែល​មាន​អត្ថន័យ​អ្វី​ខ្លះ ? ហេតុអ្វី ?

  • តើ​ខគម្ពីរ​ទាំងនេះ​បាន​ជួយ​អ្នក​ឲ្យ​រៀន ឬ​ទទួល​អារម្មណ៍​អ្វីខ្លះ​អំពី​ព្រះវរបិតាសួគ៌ និង​ព្រះ​យេស៊ូវ​គ្រីស្ទ ?

សូម​អញ្ជើញ​សិស្ស​ឲ្យ​គិតពិចារណា​ថា​តើ​តួនាទី​របស់​ព្រះអង្គសង្គ្រោះ ក្នុង​នាម​ជា​អង្គបង្កបង្កើត បាន​ជះ​ឥទ្ធិពល​ដល់​ជីវិត​របស់​ពួកគេ​យ៉ាង​ដូចម្ដេច ។ ជា​ចំណែក​នៃ​ពេល​គិតពិចារណា​នេះ អ្នក​អាច​បង្ហាញ​វីដេអូ « We Lived with God » ( ៤:០០ ) ដែល​មាន​លើ​គេហទំព័រ ChurchofJesusChrist.org ។

4:6

អ្នក​ក៏​អាច​ប្រើ​ដំណើររឿង​ពី​ប្រធាន ប៊យដ៍ ឃេ ផាកកឺ នៅក្នុង​ផ្នែក « ធនធាន​បន្ថែម​ទាំងឡាយ » បាន​ផងដែរ ។

បង្ហាញ​ការដឹងគុណ​ចំពោះ​អង្គបង្កបង្កើត

គោលដៅ​នៃ​ផ្នែក​នៃ​មេរៀន​នេះ គឺ​ដើម្បី​ជួយ​សិស្ស​បង្ហាញ​ពី​សេចក្តី​ស្រឡាញ់ និង​ការដឹងគុណ​របស់​ពួកគេ​ចំពោះ​ព្រះ​យេស៊ូវ​គ្រីស្ទ ដោយសារ​តួនាទី​របស់​ទ្រង់​ក្នុង​នាម​ជា​អង្គបង្កបង្កើត ។ ដើម្បី​ជួយ​ពួកគេ​ធ្វើ​ដូចនេះ សូម​ពិចារណា​ប្រើ​សកម្មភាព​មួយ ឬ​ច្រើន​ខាងក្រោម ។ អ្នក​អាច​បង្ហាញ​ជម្រើស​ដែល​អ្នក​ជ្រើសរើស ហើយ​អញ្ជើញ​សិស្ស​ឲ្យ​ជ្រើសរើស​មួយ​ដើម្បី​បំពេញ ។

  • សូម​សរសេរ​កំណាព្យ ឬ​ព័ត៌មាន​ពី​កំណត់ហេតុ​មួយ ដែល​បង្ហាញ​ពី​ការដឹងគុណ​ចំពោះ​ព្រះ​យេស៊ូវ​គ្រីស្ទ និង​ការបង្កបង្កើត​នានា​របស់​ទ្រង់ ។

  • សូម​គូរ​រូបភាព​ដែល​តំណាង​ឲ្យ​អារម្មណ៍​របស់​អ្នក​ចំពោះ​ព្រះអង្គសង្គ្រោះ និង​ការបង្កបង្កើត​របស់​ទ្រង់ ។

  • សូម​ជ្រើសរើស​ទំនុក​តម្កើង​ដែល​លើក​ឡើង​អំពី​ព្រះអង្គសង្គ្រោះ និង​ការបង្កបង្កើត​ទាំងឡាយ​របស់​ទ្រង់ ។ សូម​សិក្សា​ពាក្យពេចន៍​នៅក្នុង​បទចម្រៀង ។ អ្នក​អាច​ស្វែងរក​ពាក្យ « ព្រះ​យេស៊ូវ​គ្រីស្ទ—អង្គ​បង្កបង្កើត » នៅក្នុង​ផ្នែក​ប្រធានបទ​នៃ​សៀវភៅ​ទំនុក​តម្កើង ។ អ្នក​អាច​សរសេរ​ខគម្ពីរ​បន្ថែម​មួយ​នៅ​ទំនុក​តម្កើង ដែល​ឆ្លុះ​បញ្ចាំង​ពី​អារម្មណ៍​របស់​អ្នក​អំពី​ព្រះវរបិតាសួគ៌ ព្រះ​យេស៊ូវ​គ្រីស្ទ និង​ការបង្កបង្កើត ។

បន្ទាប់ពី​ទុក​ពេល​គ្រប់គ្រាន់​ហើយ សូម​អញ្ជើញ​សិស្ស​ឲ្យ​ចែកចាយ​អ្វី​ដែល​ពួកគេ​បាន​រៀន និង​ទទួល​អារម្មណ៍​មក​ពី​សកម្មភាព​នេះ ។

រូបតំណាង​ថ្នាក់​សិក្ខាសាលាសូម​រក​មើល​ឱកាស​ដើម្បី​ប្រើ​តន្ត្រី​ពិសិដ្ឋ ដើម្បី​អញ្ជើញយាង​ឥទ្ធិពល​នៃ​ព្រះវិញ្ញាណ ។ តន្ត្រី​បំផុសគំនិត​អាច​បង្កើត​អារម្មណ៍​នៃ​ការគោរព និង​ជួយ​សិស្ស​ឲ្យ​ទទួល​បាន​អារម្មណ៍​អំពី​អំណាច​នៃ​សេចក្តីពិត​នានា​ដែល​ពួកគេ​កំពុង​រៀន ។ ប្រសិនបើ​សិស្ស​បាន​ជ្រើសរើស​ទំនុក​តម្កើង​ដែល​មាន​អត្ថន័យ ដើម្បី​បង្ហាញ​ពី​សេចក្តី​ស្រឡាញ់ និង​ការដឹងគុណ​របស់​ពួកគេ​ចំពោះ​ព្រះ​យេស៊ូវ​គ្រីស្ទ នោះ​ថ្នាក់​អាច​ច្រៀង​ឃ្លា​មួយ ឬ​ច្រើន​ជាមួយ​គ្នា ហើយ​សិស្ស​អាច​ចែកចាយ​ឃ្លា​បន្ថែម​ដែល​ពួកគេ​បាន​សរសេរ ។

( សម្រាប់​ការបំពាក់​បំប៉ន​បន្ថែម​សម្រាប់​គ្រូបង្រៀន​អំពី​ការប្រើប្រាស់​តន្ត្រី​បំផុស​គំនិត សូម​មើល « បង្កើត​បរិយាកាស និង​ឱកាស​សម្រាប់​សិស្ស ដើម្បី​ឲ្យ​ព្រះវិញ្ញាណ​បរិសុទ្ធ​បង្រៀន​ពួកគេ » នៅក្នុងផ្នែក ជំនាញ​ការអភិវឌ្ឍ​គ្រូបង្រៀន ) ។

អ្នក​ក៏​អាច​អញ្ជើញ​សិស្ស​ឲ្យ​អាន​កំណាព្យ ឬកំណត់ហេតុ​ដែល​ពួកគេ​បាន​សរសេរ​ផងដែរ ។ អ្នក​អាច​បង្ហាញ​គំនូរ​ដែល​សិស្ស​បាន​បង្កើត ហើយ​អញ្ជើញ​ពួកគេ​ឲ្យ​ចែកចាយ​នូវ​អ្វី​ដែល​ពួកគេ​បាន​ពិពណ៌នា និង​មូលហេតុ ។ សូម​ពិចារណា​បញ្ចប់​ថ្នាក់ ដោយ​ការចែក​ចាយ​អារម្មណ៍​របស់​អ្នក​អំពី​តួនាទី​របស់​ព្រះអង្គសង្គ្រោះ​នៅក្នុង​ការបង្កបង្កើត ។