ថ្នាក់​សិក្ខាសាលា
លោកុប្បត្តិ ១:២៨–៣១; ២:១–២៥ ៖ « គ្រួសារ​ជា​ផ្នែក​ដ៏​សំខាន់​មួយ​នៅ​ក្នុង​ផែនការ​របស់​ព្រះ​ដ៏​បង្កបង្កើត »


« លោកុប្បត្តិ ១:២៨–៣១; ២:១–២៥ ៖ ‹ គ្រួសារ​ជា​ផ្នែក​ដ៏​សំខាន់​មួយ​នៅ​ក្នុង​ផែនការ​របស់​ព្រះ​ដ៏​បង្កបង្កើត › » សៀវភៅ​សិក្សា​ព្រះគម្ពីរ​សញ្ញាចាស់​សម្រាប់​គ្រូបង្រៀន​ថ្នាក់សិក្ខាសាលា ( ឆ្នាំ ២០២៦ )

« លោកុប្បត្តិ ១:២៨–៣១; ២:១–២៥ ៖ ‹ គ្រួសារ​ជា​ផ្នែក​ដ៏​សំខាន់​មួយ​នៅ​ក្នុង​ផែនការ​របស់​ព្រះ​ដ៏​បង្កបង្កើត › » សៀវភៅ​សិក្សា​ព្រះគម្ពីរ​សញ្ញាចាស់​សម្រាប់​គ្រូបង្រៀន​ថ្នាក់សិក្ខាសាលា

លោកុប្បត្តិ ១–២; ម៉ូសេ ២–៣; អ័ប្រាហាំ ៤–៥ ៖ មេរៀន​ទី ៩

លោកុប្បត្ដិ ១:២៨–៣១; ២:១–២៥

« គ្រួសារ​ជា​ផ្នែក​ដ៏​សំខាន់​មួយ​នៅ​ក្នុង​ផែនការ​របស់​ព្រះ​ដ៏​បង្កបង្កើត »

លោក​អ័ដាម និង​នាង​អេវ៉ា

បន្ទាប់ពី​ការបង្កបង្កើត​លោកអ័ដាម និង​នាងអេវ៉ា ព្រះវរបិតាសួគ៌​បាន​រៀប​អាពាហ៍ពិពាហ៍​ឲ្យ​ពួកលោក ។ ទ្រង់​បាន​ដាក់​បញ្ញត្តិ​ឲ្យ​ពួកលោក​បង្កើត​កូន​ឲ្យ​ចម្រើន​ជា​ច្រើន​ឡើង​ឲ្យ​បាន​នៅ​ពេញពាស​លើ​ផែនដី ហើយ​ឲ្យ​នៅ​ជាប់​នឹង​គ្នា​ទៅវិញ​ទៅមក ។ មេរៀន​នេះ​អាច​ជួយ​សិស្ស​ឲ្យ​យល់​អំពី​តួនាទី​ដ៏​សំខាន់​នៃ​អាពាហ៍ពិពាហ៍ និង​គ្រួសារ​នៅក្នុង​ផែនការ​នៃ​សេចក្ដីសង្គ្រោះ​របស់​ព្រះវរបិតាសួគ៌ ។

ការរៀបចំ​របស់​សិស្ស ៖ សូម​អញ្ជើញ​សិស្ស​ឲ្យ​សិក្សា « គ្រួសារ ៖ សេចក្ដី​ប្រកាស​ដល់​ពិភពលោក » ដោយ​រកមើល​ការបង្រៀន​ដែល​ពិពណ៌នា​អំពី​មូលហេតុ​ដែល​គ្រួសារ​គឺជា​ស្នូល​នៃ​ផែនការ​នៃ​សេចក្ដីសង្គ្រោះ​របស់​ព្រះវរបិតាសួគ៌ ។

សកម្មភាព​រៀនសូត្រ​ដែល​អាច​មាន

នៅពេល​ពិភាក្សា​អំពី​សារៈសំខាន់​នៃ​អាពាហ៍ពិពាហ៍ និង​គ្រួសារ​នៅក្នុង​ផែនការ​នៃ​សេចក្តីសង្គ្រោះ​របស់​ព្រះវរបិតាសួគ៌ សូម​ជ្រាប​ថា សិស្ស​ជាច្រើន​បច្ចុប្បន្ន​មិន​ទទួល​បទពិសោធន៍​នូវ​ស្ថានភាព​គ្រួសារ​ដ៏​ល្អ​នោះទេ ។ សូម​យកចិត្ត​ទុកដាក់​ចំពោះ​តម្រូវការ និង​សំណួរ​របស់​សិស្ស​ទាំងឡាយ ។

អ្វី​ដែល​សំខាន់

សូម​ពិចារណា​សរសេរ​នៅលើ​ក្តារខៀន​នូវ​ប្រយោគ​មិន​ពេញលេញ​មួយ ឬ​ច្រើន ដែល​បង្ហាញ​ពី​របៀប​ដែល​វត្ថុ សកម្មភាព មនុស្ស និង​អ្វីៗ​ផ្សេង​ទៀត អាច​ជា​ផ្នែក​សំខាន់​នៃ​ការសម្រេច​បាននូវ​អ្វី​មួយ ។ ឧទាហរណ៍​ខាងក្រោម​អាច​មាន​អត្ថប្រយោជន៍ ។ សូម​អញ្ជើញ​សិស្ស​ឲ្យ​គិត​អំពី​របៀប​ដែល​ពួកគេ​នឹង​បំពេញ​ចន្លោះ​នោះ បន្ទាប់មក​សុំ​ឲ្យ​សិស្ស​ទាំងឡាយ​ចែកចាយ​ចម្លើយ​របស់​ពួកគេ​ជាមួយ​នឹង​ថ្នាក់រៀន​ទាំងមូល ។ វា​អាច​មាន​ប្រយោជន៍​ក្នុង​ការពន្យល់​ថា​ពាក្យ សំខាន់ ក៏​អាច​មាន​ន័យ​ថា ចាំបាច់មាន​សារៈសំខាន់​បំផុត ផងដែរ ។

ជា​ចំនុច​សំខាន់​នៃ​ភាពជោគជ័យ​នៅ​សាលា​ពីព្រោះ  ។

ជា​ចំនុច​សំខាន់​នៃ​សុភមង្គល​ក្នុង​ជីវិត​ពីព្រោះ  ។

ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុង​ជីវិត​របស់​ខ្ញុំ ពីព្រោះ  ។

ក្រោយពី​សិស្ស​បាន​ចែកចាយ​ចម្លើយ​របស់​ពួកគេ​ហើយ សូម​បង្ហាញ​សេចក្ដី​ថ្លែងការណ៍​ដូច​ខាងក្រោម​ពី « ក្រុមគ្រួសារ ៖ ការប្រកាស​ដល់​ពិភពលោក » ហើយ​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​អាន​វា​ឲ្យ​ឮៗ ។ សុំ​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​រកមើល​ទិដ្ឋភាព​ដ៏​សំខាន់​នៃ​ផែនការ​នៃ​សេចក្ដីសង្គ្រោះ​របស់​ព្រះវរបិតាសួគ៌​របស់​យើង ។

« ក្រុមគ្រួសារ ៖ ការប្រកាស​ដល់​ពិភពលោក » ចែង​ថា ៖

យើង​ជា​គណៈប្រធាន​ទីមួយ និង​ក្រុម​ប្រឹក្សា​នៃ​ពួក​សាវក​ដប់ពីរ​នាក់​នៃ​សាសនាចក្រ​នៃ​ព្រះ​យេស៊ូវ​គ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ សូម​ប្រកាស​ជា​ឱឡារិក​ថា អាពាហ៍ពិពាហ៍​រវាង​បុរស និង​ស្ត្រី គឺ​ត្រូវ​បាន​តែងតាំង​ឡើង​ដោយ​ព្រះ ហើយ​ថា​គ្រួសារ​ជា​ផ្នែក​ដ៏​សំខាន់​មួយ​នៅ​ក្នុង​ផែនការ​របស់​ព្រះ​ដ៏​បង្កបង្កើត​សម្រាប់​គោលដៅ​ដ៏​នៅ​អស់កល្ប​ជានិច្ច​នៃ​កូនចៅ​របស់​ទ្រង់ ។ ( « ក្រុមគ្រួសារ ៖ ការប្រកាស​ដល់​ពិភពលោក » នៅលើ​បណ្ណាល័យ​ដំណឹងល្អ )

  • តើ​អ្នក​គិត​ថា ហេតុអ្វី​បានជា​អាពាហ៍ពិពាហ៍ និង​គ្រួសារ ដើរ​តួនាទី​ដ៏​សំខាន់​បែបនេះ​នៅក្នុង​ផែនការ​នៃ​សេចក្តីសង្គ្រោះ​របស់​ព្រះវរបិតាសួគ៌ ?

  • តើ​អ្នក​អាច​មើលឃើញ​សាតាំង​កំពុង​ព្យាយាម​វាយប្រហារ​លើ​អាពាហ៍ពិពាហ៍ និង​ក្រុមគ្រួសារ​នៅក្នុង​ជំនាន់​របស់​យើង​តាម​របៀប​ណាខ្លះ ?

សូម​អញ្ជើញ​សិស្ស​ឲ្យ​គិត​អំពី​សំណួរ​មួយ​ចំនួន​ដែល​ពួកគេ ឬ​អ្នក​ផ្សេងទៀត​អាច​នឹង​មាន​អំពី​អាពាហ៍ពិពាហ៍ និង​គ្រួសារ ។ ពួកគេ​អាច​កត់ត្រា​ចម្លើយ​របស់​ពួកគេ​នៅក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​របស់​ពួកគេ ។ ខណៈ​ពេល​ពួកគេ​សិក្សា​នៅ​ថ្ងៃនេះ សូម​លើក​ទឹកចិត្ត​ពួកគេ​ឲ្យ​ស្វែងរក​សេចក្ដីពិត និង​យកចិត្ត​ទុកដាក់​លើ​ចំណាប់​អារម្មណ៍​ខាង​វិញ្ញាណ ដែល​អាច​ជួយ​ដឹកនាំ​ពួកគេ​ក្នុង​ការស្វែងរក​ចម្លើយ​ចំពោះ​សំណួរ​ទាំងនេះ ។

ការបង្រៀន​ពី​បទគម្ពីរ

សូម​ពន្យល់​ថា អ្វី​ដែល​ព្រះវរបិតាសួគ៌​បាន​ធ្វើ បន្ទាប់​ពី​ការបង្ក​បង្កើត​ផែនដី អាច​ជួយ​យើង​យល់​ពី​តួនាទី​ដ៏​សំខាន់​នៃ​អាពាហ៍ពិពាហ៍ និង​គ្រួសារ​នៅក្នុង​ផែនការ​របស់​ទ្រង់ ។ សូម​បង្ហាញ​ការណែនាំ និង​ធនធាន​ទាំងឡាយ​ដូច​ខាងក្រោម ហើយ​ផ្តល់​ពេលវេលា​ដល់​សិស្ស ដើម្បី​សិក្សា​អំពី​វា ។ អ្នក​អាច​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​សិក្សា​អ្វីៗ​ទាំងនេះ​រួមគ្នា ឬ​ក៏​អ្នក​អាច​រៀបចំ​សិស្ស​ជា​ក្រុមៗ ដើម្បី​សិក្សា និង​ពិភាក្សា​អំពី​ធនធាន​ទាំងនេះ​រួមគ្នា ។

ខណៈពេល​សិស្ស​អាន​ខគម្ពីរ​ទាំងនេះ​ក្នុង លោកុប្បត្តិ ២ អ្នក​អាចពន្យល់​ថា ពាក្យ ជា​ជំនួយ នៅក្នុង ខទី ១៨ សំដៅ​ទៅលើ « ជំនួយ​ដែល​ត្រូវ​នឹង ស័ក្ដិសម​នឹង ឬ​ដែល​ត្រូវ​គ្នា​នឹង » អ័ដាម ( សូម​មើល footnote 18b ) ។ អ្នក​ក៏​អាច​ពន្យល់​ថា ដំណើររឿង​របស់​នាង​អេវ៉ា ដែល​បានបង្កើត​ចេញពី​ឆ្អឹងជំនីរ​របស់​លោក​អ័ដាម គឺជា​និមិត្តរូប ហើយ​អាច​តំណាង​ឲ្យ​ភាពជាដៃគូ​ស្មើភាព​គ្នា​រវាង​ស្វាមី និង​ភរិយា ( សូមមើល រ័សុល អិម ណិលសុន « Lessons from Eve » Ensign ខែ វិច្ឆិកា ឆ្នាំ ១៩៨៧ ទំព័រ ៨៧ ) ។

សូម​សិក្សា​សេចក្ដី​ថ្លែងការណ៍ និង​បទគម្ពីរ​ខាងក្រោម ដោយ​រកមើល​ភស្តុតាង​នៃ​សារៈសំខាន់​នៃ​អាពាហ៍ពិពាហ៍ និង​គ្រួសារ​ចំពោះ​ព្រះ ។

ប្រធាន ស្ពែនស៊ើរ ដបុលយូ ឃឹមបឹល ( ឆ្នាំ ១៨៩៥–១៩៨៥ ) បាន​បង្រៀន ៖

ប្រធាន ស្ពែនស៊ើរ ដបុលយូ ឃឹមបឹល

ព្រះអម្ចាស់ … [ បាន​នាំ ] ទាំង​លោក​អ័ដាម និង​នាង​អេវ៉ា ដែល​ជា​បុរស​ដំបូង និង​ស្ដ្រី​ដំបូង​របស់​ទ្រង់​នៅលើ​ផែនដី​នេះ​មក​ជួប​គ្នា ហើយ​[ បាន ] ធ្វើ​ពិធី​អាពាហ៍ពិពាហ៍​ដ៏​បរិសុទ្ធ​មួយ ដើម្បី​ឲ្យ​ពួកលោក​ក្លាយ​ជា​ស្វាមី និង​ភរិយា ។ ( Teachings of Presidents of the Church: Spencer W. Kimball [ ឆ្នាំ ២០០៦ ] ទំព័រ ១៩២ )

បទគម្ពីរ​ដែល​ត្រូវ​សិក្សា ៖

លោកុប្បត្តិ ១:២៧–២៨ ( បទបញ្ញត្តិ​របស់​ព្រះ​ចំពោះ​លោក​អ័ដាម និង​នាង​អេវ៉ា )

លោកុប្បត្តិ ២:១៨, ២១–២៤ ( ការបង្កើត​នាង​អេវ៉ា )

រូបតំណាង​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ លោកុប្បត្តិ ២:២៤ គឺជា​វគ្គ​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ ។ សូម​ពិចារណា​អញ្ជើញ​សិស្ស​ឲ្យ​គូសចំណាំ​វគ្គ​បទគម្ពីរ​ចំណេះចំណាន​ខាង​គោលលទ្ធិ​តាម​របៀប​ដែល​ងាយ​ចំណាំ ដើម្បី​ឲ្យ​ពួកគេ​អាច​ងាយ​រក​វា​ឃើញ ។

គោលលទ្ធិ និង​សេចក្តីសញ្ញា ៤៩:១៥–១៧ ( ការបង្រៀន​របស់​ព្រះអម្ចាស់ តាមរយៈ​ព្យាការី យ៉ូសែប ស្ម៊ីធ )

  • តើ​សេចក្ដីពិត​អ្វីខ្លះ​ដែល​អ្នក​រកឃើញ ដែល​បង្ហាញ​ពី​សារៈសំខាន់​នៃ​អាពាហ៍ពិពាហ៍ និង​គ្រួសារ ចំពោះ​ព្រះ ?

សិស្ស​អាច​រកឃើញ​សេចក្ដីពិត​មួយ​ដែល​ស្រដៀង​គ្នា​នឹង​សេចក្ដីពិត​ដូច​ខាងក្រោម​នេះ ៖

ព្រះ​បាន​ដាក់​បញ្ញត្តិ​ឲ្យ​ស្វាមី និង​ភរិយា​ទាំងឡាយ​មាន​កូនលោកុប្បត្តិ ១:២៨ ) ។

ស្វាមី និង​ភរិយា​ត្រូវ​តែ​មាន​ចិត្ត​តែ​មួយ និង​ដើរ​តួ​ជា​ដៃគូ​ស្មើភាព​គ្នាលោកុប្បត្តិ ២:១៨, ២៤ ) ។

អាពាហ៍​ពិពាហ៍​រវាង​បុរស និង​ស្ត្រី​ត្រូវ​បាន​តែង​តាំង​ឡើង​ដោយ​ព្រះគោលលទ្ធិ និង​សេចក្ដី​សញ្ញា ៤៩:១៥ ) ។

ផែនដី​នេះ​ត្រូវ​បានបង្កើត​ឡើង ដើម្បី​ផ្ដល់​ជា​កន្លែង​មួយ ដែល​បុត្រា​បុត្រី​របស់​ព្រះ​អាច​កើត​មក​ក្នុង​ក្រុម​គ្រួសារ និង​រីកចម្រើន​រួមគ្នាគោលលទ្ធិ និង​សេចក្តីសញ្ញា ៤៩:១៦–១៧ ) ។

ដោយ​ជា​ផ្នែក​មួយ​នៃ​ការពិភាក្សា​របស់​អ្នក​អំពី​សេចក្ដីពិត​ទាំងនេះ វា​អាច​មាន​អត្ថប្រយោជន៍​ក្នុង​ការពិភាក្សា​អំពី​សេចក្ដី​ថ្លែងការណ៍​របស់​ប្រធាន រ័សុល អិម ណិលសុន ដូច​ខាងក្រោម​នេះ ។

ប្រធាន រ័សុល អិម ណិលសុន បាន​សង្កត់​ធ្ងន់​អំពី​តួនាទី​ដ៏​សំខាន់​របស់​ក្រុមគ្រួសារ បន្ទាប់​ពី​ព្រះ​បានបង្កើត​ផែនដី​នេះ​ឡើង ។

ប្រធាន រ័សុល អិម ណិលសុន⁠

ដោយសារតែ​ទំហំ​ដ៏ធំ​របស់​វា នោះ​ភពផែនដី​គឺជា​ផ្នែក​មួយ​នៃ​កិច្ចការ​ដែល​កាន់តែ​មហិមា​ជាង​ទំហំ​របស់​វា​ទៅ​ទៀត—នោះ​គឺជា​ផែនការ​ដ៏មហិមា​របស់​ព្រះ ។ សរុប​សេចក្តី​យ៉ាង​សាមញ្ញ​មក ផែនដី​នេះ​ត្រូវ​បាន​បង្កើត​ឡើង ដើម្បី​ឲ្យ​មាន​ក្រុមគ្រួសារ​អាច​រស់នៅ​បាន ។ ព្រះគម្ពីរ​ពន្យល់​ថា ស្វាមី និង​ភរិយា « នឹង​ត្រឡប់​ជា​សាច់​តែ​មួយ ហើយ​គ្រប់​ទាំង​អស់​នេះ ដើម្បី​ឲ្យ​ផែនដី​អាច​បំពេញ​គោលបំណង​នៃ​ការបង្កបង្កើត » [ គោលលទ្ធិ និង​សេចក្តីសញ្ញា ៤៩:១៦ ] ។ ( « The Creation » Ensign ខែ ឧសភា ឆ្នាំ ២០០០ ទំព័រ ៨៥ )

  • តើ​ការចងចាំ​អំពី​តួនាទី​ដ៏​សំខាន់​នៃ​អាពាហ៍ពិពាហ៍ និង​គ្រួសារ នៅក្នុង​ផែនការ​របស់​ព្រះ អាច​ជះឥទ្ធិពល​ដល់​ជម្រើស​ដែល​អ្នក​ធ្វើ​ក្នុង​ជីវិត​របស់​អ្នក​យ៉ាង​ដូចម្ដេច ?

  • តើ​សេចក្ដីពិត និង​ការបង្រៀន​ទាំងនេះ​អាច​ជួយ​យើង​ឆ្លើយតប​ដោយ​របៀបណា នៅពេល​យើង​មើលឃើញ​គោលលទ្ធិ​នៃ​អាពាហ៍ពិពាហ៍ ឬ​គ្រួសារ​កំពុង​ទទួល​រង​ការរិះគន់ ឬ​មើលស្រាល​នោះ ?

  • តើ​អ្នក​គិត​ថា ការ​ធ្វើ​តាម​បទដ្ឋាន​របស់​ព្រះវរបិតាសួគ៌​ទាក់ទង​នឹង​អាពាហ៍ពិពាហ៍ និង​គ្រួសារ អាច​ជួយ​អ្នក​ឲ្យ​ប្រែក្លាយ​កាន់តែ​ដូច​ទ្រង់​យ៉ាង​ដូចម្ដេច ?

បង្កើត​ចម្លើយ​មួយ

ដើម្បី​ជួយ​សិស្ស​ពន្យល់​ពី​អ្វី​ដែល​ពួកគេ​បាន​រៀន​អំពី​សារៈសំខាន់​នៃ​អាពាហ៍ពិពាហ៍ និង​គ្រួសារ​នៅក្នុង​ផែនការ​របស់​ព្រះ សូម​ពិចារណា​ចែកចាយ​សាច់រឿង​មួយ​ដូច​ខាងក្រោម​នេះ ។ អ្នក​អាច​បត់បែន​សាច់រឿង​នេះ​តាម​ការចាំបាច់ ដើម្បី​ឲ្យ​វា​ទាក់ទង​កាន់តែ​ខ្លាំង​ទៅ​នឹង​វប្បធម៌​របស់​អ្នក ព្រមទាំង​ជីវិត​របស់​សិស្ស​អ្នក​ផងដែរ ។ ក្រោយ​ពី​ចែកចាយ​សាច់រឿង​នោះ​រួច សូម​ដាក់​បង្ហាញ​ការណែនាំ​សម្រាប់​សិស្ស​ដើម្បី​បង្កើត​ចម្លើយ​មួយ ។

នៅ​ក្នុង​ថ្នាក់​មួយ​នៅ​សាលា​របស់​អេលីសាបិត ការពិភាក្សា​មួយ​ត្រូវ​បាន​ធ្វើ​ឡើង​អំពី​អាពាហ៍ពិពាហ៍ និង​គ្រួសារ ។ អេលីសាបិត​បាន​ចែកចាយ​ទស្សនៈ​ខ្លះៗ​របស់​នាង​អំពី​អាពាហ៍ពិពាហ៍​រវាង​បុរស និង​ស្ត្រី និង​សារៈសំខាន់​នៃ​គូ​ស្វាមី​ភរិយា​ដែល​មាន​កូន ។ មិត្ត​រួម​ថ្នាក់​របស់​អេលីសាបិត​ជាច្រើន​នាក់​បាន​ចែកចាយ​យោបល់​ដែល​ខុស​ពី​នាង ។ បន្ទាប់​ពី​រៀន​ចប់ យុវជន​ម្នាក់​ឈ្មោះ អ៊ីសាក ដែល​រៀន​នៅក្នុង​ថ្នាក់​សិក្ខាសាលា​របស់​អេលីសាបិត ផងដែរ​នោះ បាន​សួរ​អេលីសាបិត​ថា ហេតុអ្វី​បានជា​នាង​មាន​គំនិត​ហួស​សម័យ​អំពី​អាពាហ៍ពិពាហ៍ និង​គ្រួសារ​បែប​នេះ ។

ដោយ​ប្រើ​អ្វី​ដែល​អ្នក​បាន​រៀន​នៅ​ថ្ងៃនេះ សូម​បង្កើត​ចម្លើយ​ដែល​អេលីសាបិត​អាច​ចែកចាយ​ជាមួយ​អ៊ីសាក ។ សូម​បញ្ចូល​សេចក្តី​ដូច​ខាងក្រោម​នេះ​នៅក្នុង​ចម្លើយ​របស់​អ្នក ៖

  1. ការពន្យល់​មួយ​អំពី​មូលហេតុ​ដែល​អាពាហ៍ពិពាហ៍ និង​គ្រួសារ​មាន​សារៈសំខាន់​ចំពោះ​ព្រះវរបិតាសួគ៌ និង​ផែនការ​នៃ​សេចក្តីសង្គ្រោះ​របស់​ទ្រង់

  2. ការបង្រៀន​មួយ ឬ​ច្រើន​ពី​ព្រះគម្ពីរ ឬ​ពី​ថ្នាក់​ដឹកនាំ​សាសនាចក្រ​ទាំងឡាយ

  3. ការអញ្ជើញ​ដែល​អេលីសាបិត អាច​ចែកចាយ​ជាមួយ​អ៊ីសាក​ដែល​អាច​ជួយ​គាត់​បាន

បន្ទាប់ពី​សិស្ស​មាន​ពេល​រៀបចំ​ខ្លួន​ហើយ សូម​ផ្ដល់​ឱកាស​ឲ្យ​ពួកគេ​ចែកចាយ​ចម្លើយ​របស់​ពួកគេ ។ ពួកគេ​អាច​ចែកចាយ​វា​ជាមួយ​នឹង​ដៃគូ ឬ​នៅ​ក្រុម​តូចៗ​ផងដែរ ។ អាច​អញ្ជើញ​សិស្ស​ស្ម័គ្រចិត្ត​ពីរ​បី​នាក់ឲ្យ​ចែកចាយ​ចម្លើយ​របស់​ពួកគេ​ជាមួយ​ថ្នាក់​រៀន ឬ​ឲ្យ​សម្តែង​តាម​សាច់រឿង​ផងដែរ ។

សូម​ទុក​ពេល​ឲ្យ​សិស្ស​គិត​ពិចារណា​អំពី​អ្វី​ដែល​ពួកគេ​បាន​រៀន និង​ទទួល​អារម្មណ៍​នៅ​ថ្ងៃនេះ ។ ពួកគេ​អាច​គិត​អំពី​សេចក្ដីពិត​ដែល​ពួកគេ​បាន​រៀន​ដែល​បាន​ឆ្លើយ​សំណួរ​របស់​ពួកគេ​ខ្លះៗ ។ សូម​អញ្ជើញ​ពួកគេ​ឲ្យ​កត់ត្រា​រាល់​ចំណាប់​អារម្មណ៍​ខាង​វិញ្ញាណ​ដែល​ពួកគេ​មាន នៅក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​របស់​ពួកគេ ។ សូម​ថ្លែង​ទីបន្ទាល់​អំពី​សេចក្ដីពិត​ដែល​អ្នក​បានពិភាក្សា​នៅ​ថ្ងៃនេះ ។

ទន្ទេញ

អ្នក​អាច​នឹង​ចង់​ជួយ​សិស្ស​ឲ្យ​ទន្ទេញ​សេចក្ដីយោង​ចំណេះចំណាន​ខាង​គោលលទ្ធិ និង​ឃ្លា​បទគម្ពីរ​គន្លឹះ​ក្នុង​អំឡុង​មេរៀន​នេះ ហើយ​រំឭក​វា​ក្នុង​មេរៀន​ក្រោយៗ​ទៀត ។ ឃ្លា​បទគម្ពីរ​គន្លឹះ​សម្រាប់ លោកុប្បត្តិ ២:២៤ គឺ « មនុស្ស​ប្រុស … នៅ​ជាប់​នឹង​ប្រពន្ធ​វិញ ហើយ​អ្នក​ទាំង​២​នោះ​នឹង​ត្រឡប់​ជា​សាច់​តែ​១​សុទ្ធ » ។ គំនិត​សម្រាប់​សកម្មភាព​ទន្ទេញ មាន​នៅក្នុង​ឯកសារ​ឧបសម្ព័ន្ធ​ដែល​នៅក្រោម « សកម្មភាព​រំឭក​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ​ឡើងវិញ » ។