« លោកុប្បត្ដិ ១៥–១៨; ២១ ៖ ‹ ព្រះយេហូវ៉ាទ្រង់ក៏ប្រោស … ដូចជាទ្រង់បានមានព្រះបន្ទូល › » សៀវភៅសិក្សាព្រះគម្ពីរសញ្ញាចាស់សម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា ( ឆ្នាំ ២០២៦ )
« លោកុប្បត្ដិ ១៥–១៨; ២១ ៖ ‹ ព្រះយេហូវ៉ាទ្រង់ក៏ប្រោស … ដូចជាទ្រង់បានមានព្រះបន្ទូល › » សៀវភៅសិក្សាព្រះគម្ពីរសញ្ញាចាស់សម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា
លោកុប្បត្តិ ១៨–២៣ ៖ មេរៀនទី ២៥
លោកុប្បត្តិ ១៥–១៨; ២១
« ព្រះយេហូវ៉ាទ្រង់ក៏ប្រោស … ដូចជាទ្រង់បានមានព្រះបន្ទូល »
ព្រះអម្ចាស់បានធ្វើសេចក្តីសន្យាដ៏រុងរឿងចំពោះមនុស្សស្មោះត្រង់ ប៉ុន្តែនៅពេលខ្លះកាលៈទេសៈនៃជីវិតរបស់យើងអាចបណ្តាលឲ្យយើងងឿងឆ្ងល់ពីរបៀបថាសេចក្តីសន្យាទាំងនោះអាចបំពេញបានយ៉ាងដូចម្តេច ។ អ័ប្រាហាំ និងសារ៉ាប្រហែលជាមានអារម្មណ៍បែបនេះ បន្ទាប់ពីព្រះអម្ចាស់បានសន្យានៅក្នុងវ័យចាស់របស់ពួកលោកថា សារ៉ានឹងមានកូន ។ មេរៀននេះអាចជួយសិស្សឲ្យបង្កើនទំនុកចិត្តរបស់ពួកគេថា ព្រះអម្ចាស់នឹងរក្សាការសន្យារបស់ទ្រង់ ។
ការរៀបចំខ្លួនរបស់សិស្ស ៖ សូមអញ្ជើញសិស្សឲ្យទន្ទេញ និងជញ្ជឹងគិតពីបន្ទាត់ទីមួយដែលមាននៅក្នុង លោកុប្បត្តិ ១៨:១៤ ៖ « តើមានការអ្វីដែលព្រះយេហូវ៉ាធ្វើមិនកើតដែរឬអី ? » អ្នកអាចលើកទឹកចិត្តពួកគេឲ្យគិតពីគ្រាដែលពួកគេបានឃើញព្រះអម្ចាស់សម្រេចបាននូវរឿងដែលហាក់ដូចជាមិនអាចទៅរួចនៅក្នុងបទគម្ពីរ ជីវិតផ្ទាល់ខ្លួនរបស់ពួកគេ ឬជីវិតរបស់អ្នកដទៃ ។
សកម្មភាពរៀនសូត្រដែលអាចមាន
សេចក្ដីសន្យារបស់ព្រះអម្ចាស់ចំពោះយើង
សូមដាក់បង្ហាញសាច់រឿងខាងក្រោមនេះដើម្បីបង្ហាញពីមូលហេតុដែលមនុស្សម្នាក់អាចចោទសួរថា តើព្រះនឹងគោរពសេចក្ដីសន្យារបស់ទ្រង់ ឬយ៉ាងណា ។ សម្រាប់សាច់រឿងមួយទៀត អ្នកអាចមើល « Continue in Patience » ( ២:៤១ ) ចាប់ពីនាទីទី ១:០៧ ដល់នាទីទី ១:៥៥ ។ វីដេអូនេះមាននៅលើគេហទំព័រ ChurchofJesusChrist.org ។ អ្នកក៏អាចអញ្ជើញសិស្សឲ្យបង្កើតសាច់រឿងផ្ទាល់ខ្លួនស្រដៀងគ្នានេះដែរ ។
-
យុវនារីម្នាក់បានជ្រើសរើសមានភាពស្មោះត្រង់ក្នុងការធ្វើកិច្ចការសាលារបស់នាង ដោយជឿថា ព្រះអម្ចាស់នឹងប្រទានពរដល់នាង ។ នាងសង្កេតឃើញថា ពិន្ទុរបស់នាងគឺអន់ជាងសិស្សផ្សេងទៀតដែលលួចចម្លង ។
-
យុវជនម្នាក់បានទទួលពររបស់លោកអយ្យកោរបស់គាត់ដែលបញ្ជាក់ថា គាត់នឹងបម្រើបេសកកម្មពេញម៉ោង ។ ក្នុងអំឡុងពេលពិនិត្យសុខភាព គ្រូពេទ្យរកឃើញថា គាត់មានបញ្ហាខាងរាងកាយដែលនឹងមិនអនុញ្ញាតឲ្យគាត់បម្រើបានទេ ។
-
យុវនារីម្នាក់បានសាកល្បងការសន្យារបស់មរ៉ូណៃ ដោយអានព្រះគម្ពីរមរមន និងអធិស្ឋានដើម្បីដឹងថា ព្រះគម្ពីរនេះគឺជាព្រះគម្ពីរពិត ។ នាងមានអារម្មណ៍ថា នាងមិនបានទទួលចម្លើយទេ ។ តើយុវវ័យទាំងនេះអាចមានសំណួរអ្វីខ្លះអំពីព្រះ និងសេចក្ដីសន្យារបស់ទ្រង់ ?
-
តើយុវវ័យទាំងនេះអាចមានសំណួរអ្វីខ្លះអំពីព្រះ និងសេចក្ដីសន្យារបស់ទ្រង់ ?
-
សូមអញ្ជើញសិស្សឲ្យគិតអំពីស្ថានភាពនានាដែលពួកគេ ឬមនុស្សដែលពួកគេស្គាល់បានជួបនឹងការលំបាក ដើម្បីមើលឃើញពីរបៀបដែលព្រះអម្ចាស់នឹងបំពេញនូវពរជ័យដែលបានសន្យា ។ សូមពិចារណាអញ្ជើញសិស្សឲ្យសរសេរស្ថានភាពទាំងនេះនៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់ពួកគេ ។ ពួកគេក៏អាចសរសេរសំណួរនានាដែលពួកគេមានផងដែរ ។
សូមលើកទឹកចិត្តសិស្សឲ្យខិតខំប្រឹងប្រែងអញ្ជើញយាងព្រះវិញ្ញាណបរិសុទ្ធឲ្យគង់នៅក្នុងការរៀនសូត្ររបស់ពួកគេ ។ នៅពេលពួកគេធ្វើបែបនេះ សូមថ្លែងទីបន្ទាល់ថា ព្រះវិញ្ញាណបរិសុទ្ធអាចជួយពួកគេស្វែងរកចម្លើយចំពោះសំណួររបស់ពួកគេ និងបង្កើនការទុកចិត្តរបស់ពួកគេថា ព្រះអម្ចាស់នឹងបំពេញសេចក្ដីសន្យារបស់ទ្រង់ ។
សេចក្ដីសន្យារបស់ព្រះអម្ចាស់ចំពោះអ័ប្រាហាំ និងសារ៉ា
ពេលសិស្សសិក្សាអំពីដំណើររឿងរបស់សារ៉ា និងអ័ប្រាហាំ អ្នកអាចជួយពួកគេឲ្យអនុវត្តការអានបទគម្ពីរនៅក្នុងបរិបទសមរម្យ ។ កថាខណ្ឌខាងក្រោមនេះអាចណែនាំសិស្សឲ្យចេះជំនាញនេះបាន ៖
នៅពេលយើងសិក្សាព្រះគម្ពីរ នោះវាអាចមានប្រយោជន៍ដើម្បីយល់ពីបរិបទ ( កាលៈទេសៈ ឬសាវតាជុំវិញវគ្គបទគម្ពីរជាក់លាក់មួយ ) ។ បរិបទនេះអាចបញ្ជាក់ និងនាំមកនូវការយល់ដឹងកាន់តែស៊ីជម្រៅទៅលើដំណើររឿង ឬការបង្រៀននៅក្នុងបទគម្ពីរ ។ ឧទាហរណ៍ ខណៈដែលកំពុងសិក្សាអំពីដំណើររឿងរបស់អ័ប្រាហាំ និងសារ៉ា វាអាចមានអត្ថប្រយោជន៍ដើម្បីដឹងថា សឹងតែមួយជីវិតរបស់គាត់ អ័ប្រាហាំប្រាថ្នាចង់ធ្វើជាឪពុកម្នាក់ ( សូមមើល អ័ប្រាហាំ ១:២ ) ។ ប៉ុន្តែនៅពេលលោក និងភរិយារបស់លោក សារ៉ា ស្ថិតក្នុងវ័យដែលមិនអាចមានកូនបាន វាហាក់ដូចជាពួកលោកនឹងមិនអាចដកពិសោធន៍នូវពរជ័យដែលបានសន្យាថានឹងមានកូនរបស់ខ្លួនក្នុងអំឡុងជីវិតរមែងស្លាប់នេះបានឡើយ ។
សំណៅមេរៀនដែលមានចំណងជើងថា « សេចក្ដីសន្យារបស់ព្រះអម្ចាស់ចំពោះអ័ប្រាហាំ និងសារ៉ា » អាចជួយសិស្សឲ្យអនុវត្តការប្រើបរិបទដើម្បីយល់កាន់តែច្បាស់ពីអ្វីដែលពួកគេកំពុងអាននៅក្នុងបទគម្ពីរទាំងនោះ ។ អ្នកអាចធ្វើគំរូដំណើររឿងនេះដោយសិក្សា លោកុប្បត្តិ ១៥:១–៦ ជាមួយសិស្ស ។ បន្ទាប់មក អ្នកអាចចាត់សិស្សជាក្រុមតូចៗដើម្បីសិក្សាខគម្ពីរផ្សេងទៀត ។
មុនពេលសិស្សសិក្សា អ្នកអាចពន្យល់ថា ជាផ្នែកមួយនៃសេចក្ដីសញ្ញារបស់ទ្រង់ជាមួយអាប់រ៉ាម និងសារ៉ាយ ព្រះអម្ចាស់បានប្ដូរឈ្មោះរបស់ពួកលោកទៅជាអ័ប្រាហាំ និងសារ៉ា ( សូមមើល លោកុប្បត្តិ ១៧:៥, ១៥ ) ។ អ្នកក៏អាចពន្យល់ផងដែរថា ពាក្យ អស់សំណើច នៅក្នុង លោកុប្បត្តិ ១៧:១៧; ១៨:១២ និង ២១:៦ ចេញពីភាសាហេព្រើរថា ស្សាកាក ដែលអាចមានន័យថា « ត្រេកអរ » ( សូមមើលផងដែរ ការបកប្រែដោយ យ៉ូសែប ស្ម៊ីធ, លោកុប្បត្តិ ១៧:២៣ ) ។
បន្ទាប់ពីសិស្សបានសិក្សា និងពិភាក្សាជាមួយក្រុមរបស់ពួកគេ សូមពិចារណាអញ្ជើញសិស្សស្ម័គ្រចិត្តមួយចំនួនឲ្យចែកចាយការយល់ដឹងរបស់ពួកគេជាមួយនឹងសិស្សដទៃទៀត ។ បន្ទាប់មក អ្នកអាចសួរសំណួរដូចខាងក្រោម ៖
-
តើអ្នកមានអារម្មណ៍ថា បរិបទនេះបានជួយអ្នកឲ្យយល់ពីអ្វីដែលអ្នកបានសិក្សាយ៉ាងដូចម្ដេច ?
-
តើអ្នកអាចមានអារម្មណ៍យ៉ាងណាប្រសិនបើអ្នកបានដកពិសោធន៍នូវអ្វីដែលអ័ប្រាហាំ និងសារ៉ា បានធ្វើនៅក្នុងខគម្ពីរទាំងនេះ ?
ព្រះអម្ចាស់គោរពសេចក្ដីសន្យារបស់ទ្រង់
សូមអាន លោកុប្បត្តិ ២១:១–៦ ដោយរកមើលរបៀបដែលព្រះអម្ចាស់បានគោរពសេចក្ដីសន្យារបស់ទ្រង់ចំពោះអ័ប្រាហាំ និងសារ៉ា ។
-
តើអ្នករៀនសេចក្ដីពិតអ្វីខ្លះអំពីព្រះអម្ចាស់នៅក្នុងដំណើររឿងនេះ ?
នៅពេលសិស្សថ្លែងពីគោលការណ៍នៃការប្រែចិត្តជឿជាពាក្យសម្តីរបស់ពួកគេផ្ទាល់ វាអាចធ្វើឲ្យការយល់ដឹងរបស់ពួកគេអំពីព្រះគម្ពីរ និងប្រសាសន៍របស់ពួកព្យាការីកាន់តែស៊ីជម្រៅ ។ ពេលខ្លះ សិស្សអាចពិបាកស្គាល់សេចក្ដីពិតនៅក្នុងវគ្គបទគម្ពីរ ។ ការផ្ដល់សេចក្ដីថ្លែងការណ៍មកពីព្យាការីដូចខាងក្រោមនេះអាចជួយបញ្ជាក់ពីអ្វីដែលពួកគេកំពុងរៀន ហើយជួយពួកគេឲ្យទទួលបានជោគជ័យក្នុងការថ្លែងពីសេចក្ដីពិត ។ ( សម្រាប់ការបំពាក់បំប៉នបន្ថែមលើការជួយសិស្សឲ្យថ្លែងពីគោលការណ៍នៃការប្រែចិត្តជឿ សូមមើល « ផ្តោតលើសេចក្ដីពិតដែលនាំទៅរកការប្រែចិត្តជឿ និងស្ថាបនាសេចក្ដីជំនឿលើព្រះយេស៊ូវគ្រីស្ទ » ក្នុងជំនាញការអភិវឌ្ឍគ្រូបង្រៀន ) ។
ប្រធាន ឌៀថើរ អេហ្វ អុជដូហ្វ កាលនៅក្នុងគណៈប្រធានទីមួយបានចែកចាយមេរៀនមួយដែលលោកបានរៀនអំពីសេចក្ដីសន្យារបស់ព្រះ ៖
សេចក្ដីសន្យារបស់ព្រះមិនមែនសុទ្ធតែត្រូវបានបំពេញភ្លាមៗ ឬនៅក្នុងរបៀបដែលយើងសង្ឃឹមទុកនោះទេ វាកើតឡើងស្របតាមពេលវេលារបស់ទ្រង់ និងរបៀបរបស់ទ្រង់ ។ ( « Continue in Patience » Liahona ខែ ឧសភា ឆ្នាំ ២០១០ ទំព័រ ៥៨ )
សេចក្ដីពិតមួយដែលសិស្សអាចស្គាល់គឺថា ព្រះអម្ចាស់បំពេញសេចក្ដីសន្យារបស់ទ្រង់នៅក្នុងពេលវេលារបស់ទ្រង់ និងតាមរបៀបរបស់ទ្រង់ ។
-
តើយើងអាចទទួលអត្ថប្រយោជន៍ពីពេលវេលាដែលសេចក្ដីសន្យារបស់ព្រះអម្ចាស់មិនត្រូវបានបំពេញភ្លាមៗក្នុងជីវិតរបស់យើងយ៉ាងដូចម្ដេច ?
-
តើអ្នកដឹងអ្វីខ្លះអំពីព្រះអម្ចាស់ដែលអាចជួយអ្នកបានខណៈដែលអ្នករង់ចាំឲ្យទ្រង់បំពេញសេចក្ដីសន្យារបស់ទ្រង់ ?
សិស្សអាចទទួលអត្ថប្រយោជន៍ដោយរកមើលបទគម្ពីរអំពីព្រះអម្ចាស់ដែលអាចជួយពួកគេឆ្លើយនឹងសំណួរមុននេះ ។ វគ្គបទគម្ពីរទាំងនោះអាចរួមមាន យ៉ូហាន ១៤:១៨; នីហ្វៃទី១ ៩:៦; ម៉ូសាយ ២៤:១៤; គោលលទ្ធិ និងសេចក្តីសញ្ញា ២៤:៨; ៦៨:៦ ។
បទពិសោធន៍ និងទីបន្ទាល់
ដើម្បីជួយសិស្សជញ្ជឹងគិតពីអ្វីដែលពួកគេបានរៀន សូមពិចារណាដាក់បង្ហាញសេចក្ដីថ្លែងការណ៍ដូចខាងក្រោម ឬមើល « Good Things to Come » ( ៤:៥៥ ) ដែលមាននៅលើគេហទំព័រ ChurchofJesusChrist.org ។ សូមអញ្ជើញសិស្សឲ្យគិតអំពីបទពិសោធន៍ផ្ទាល់ខ្លួនដែលអាចទាក់ទងនឹងសេចក្ដីថ្លែងការណ៍ ឬវីដេអូនោះ ។
ប្រធាន ជែហ្វ្រី អ័រ ហូឡិន ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានចែកចាយការយល់ដឹងអំពីពរជ័យដែលបានសន្យារបស់ព្រះអម្ចាស់ដូចតទៅ ៖
ពរជ័យខ្លះមកឆាប់ ខ្លះមកយឺត ហើយខ្លះមិនមក រហូតដល់ស្ថានសួគ៌ ប៉ុន្ដែសម្រាប់អស់អ្នកដែលឱបក្រសោបដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទ វានឹងមក ។ ( « An High Priest of Good Things to Come » Ensign ខែ វិច្ឆិកា ឆ្នាំ ១៩៩៩ ទំព័រ ៣៨ )
-
តើអ្នក ឬអ្នកដទៃមានបទពិសោធន៍អ្វីខ្លះដែលបានជួយអ្នកឲ្យជឿថា ព្រះអម្ចាស់នឹងគោរពសេចក្ដីសន្យារបស់ទ្រង់តាមរបៀបរបស់ទ្រង់ និងតាមពេលវេលារបស់ទ្រង់ ?
សូមរៀបចំសិស្សឲ្យថ្លែងទីបន្ទាល់អំពីសេចក្ដីពិតដែលពួកគេបានរៀន ឬមានអារម្មណ៍ ។ អ្នកអាចធ្វើកិច្ចការនេះ ដោយដាក់បង្ហាញនូវសេចក្ដីណែនាំដូចខាងក្រោម ៖
សូមជ្រើសរើសសកម្មភាពមួយក្នុងចំណោមសកម្មភាពខាងក្រោមដើម្បីបំពេញនៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក ៖
-
សូមជញ្ជឹងគិតពីសាច់រឿងដែលបានចែកចាយនៅដើមមេរៀននេះ ។ សូមសរសេរសំបុត្រមួយទៅបុគ្គលម្នាក់ក្នុងចំណោមបុគ្គលទាំងនោះ ហើយដាក់បញ្ចូលនូវមូលហេតុដែលអ្នកជឿថា ព្រះអម្ចាស់នឹងរក្សាសេចក្ដីសន្យារបស់ទ្រង់ ។
-
សរសេរកថាខណ្ឌខ្លីមួយក្នុងសៀវភៅកំណត់ហេតុរបស់អ្នក ។ សូមដាក់បញ្ចូលនូវអ្វីដែលអ្នកបានរៀន និងមានអារម្មណ៍នៅថ្ងៃនេះដែលអាចជួយអ្នកបាននៅពេលដែលអ្នកកំពុងរង់ចាំឲ្យព្រះអម្ចាស់បំពេញសេចក្ដីសន្យារបស់ទ្រង់ ។
សូមអញ្ជើញសិស្សស្ម័គ្រចិត្តពីរបីនាក់ឲ្យចែកចាយអារម្មណ៍របស់ពួកគេជាមួយនឹងសិស្សនៅក្នុងថ្នាក់ ។ អ្នកអាចបញ្ចប់មេរៀននេះ ដោយចែកចាយសក្ខីភាពរបស់អ្នកថា ព្រះអម្ចាស់នឹងគោរពសេចក្ដីសន្យារបស់ទ្រង់ ។