« អ័ប្រាហាំ ២:៩–១១ ៖ ការទទួលខុសត្រូវរបស់យើងនៅក្នុងសេចក្ដីសញ្ញាអ័ប្រាហាំ » សៀវភៅសិក្សាព្រះគម្ពីរសញ្ញាចាស់សម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា ( ឆ្នាំ ២០២៦ )
« អ័ប្រាហាំ ២:៩–១១ ៖ ការទទួលខុសត្រូវរបស់យើងនៅក្នុងសេចក្ដីសញ្ញាអ័ប្រាហាំ » សៀវភៅសិក្សាព្រះគម្ពីរសញ្ញាចាស់សម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា
លោកុប្បត្តិ ១២–១៧; អ័ប្រាហាំ ១–២ ៖ មេរៀនទី ២៤
អ័ប្រាហាំ ២:៩–១១
ការទទួលខុសត្រូវរបស់យើងនៅក្នុងសេចក្ដីសញ្ញាអ័ប្រាហាំ
ព្រះអម្ចាស់ធ្វើសេចក្ដីសញ្ញាជាមួយនឹងអ័ប្រាហាំ និងកូនចៅរបស់លោក ។ ក្នុងនាមជាពូជពង្សរបស់អ័ប្រាហាំ យើងមានការទទួលខុសត្រូវលើសេចក្ដីសញ្ញាដើម្បីនាំយកពរជ័យនៃដំណឹងល្អរបស់ព្រះអង្គសង្គ្រោះទៅកាន់ក្រុមគ្រួសារទាំងអស់នៃផែនដី ។ មេរៀននេះនឹងជួយសិស្សឲ្យធ្វើការទទួលខុសត្រូវដែលព្រះអម្ចាស់បានប្រទានឲ្យពួកគេ ក្នុងនាមជាពូជពង្សរបស់អ័ប្រាហាំ ។
ការរៀបចំខ្លួនរបស់សិស្ស ៖ សូមអញ្ជើញសិស្សឲ្យគិតអំពីសំណួរខាងក្រោមនេះ ហើយពិភាក្សាសំណួរនេះជាមួយសមាជិកគ្រួសារ ៖ ហេតុអ្វីដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទមានសារៈសំខាន់ចំពោះអ្នក ? ហេតុអ្វីអ្នកគិតថា មនុស្សគ្រប់គ្នាត្រូវការវា ?
សកម្មភាពរៀនសូត្រដែលអាចមាន
ពូជពង្សរបស់អ័ប្រាហាំ
អ្នកអាចចាប់ផ្ដើមបង្រៀនដោយផ្តល់ឲ្យសិស្ស ៣០ វិនាទីដើម្បីរាយបញ្ជីពាក្យឲ្យច្រើនតាមដែលពួកគេអាចធ្វើបាន ដែលអាចពិពណ៌នាពីខ្លួនពួកគេ ។ បន្ទាប់មក សូមឲ្យសិស្សគូសរង្វង់ពាក្យបីដែលពិពណ៌នាពីពួកគេបានល្អបំផុត ។ សិស្សពីរបីនាក់អាចចែកចាយជាមួយថ្នាក់ទាំងមូល ។
-
តើអត្តសញ្ញាណទាំងនេះជះឥទ្ធិពលលើឥរិយាបថរបស់អ្នកតាមរបៀបណាខ្លះ ?
អែលឌើរ ដេវីឌ អេ បែដណា ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានបង្រៀនពីអត្តសញ្ញាណរបស់យើងដូចតទៅនេះ ៖
អ្នកប្រហែលជារីករាយនឹងតន្ត្រី អត្តពលកម្ម ឬមានចំណូលចិត្តខាងមេកានិច ហើយថ្ងៃណាមួយអ្នកអាចធ្វើការនៅក្នុងពាណិជ្ជកម្ម ឬក្នុងអាជីពមួយ ឬក្នុងសិល្បៈ ។ ទោះជាសកម្មភាព និងការងារបែបនេះអាចសំខាន់ដូចគ្នាក្ដី ក៏វាពុំកំណត់អត្តសញ្ញាណាថា យើងជានរណានោះដែរ ។ អ្វីដែលជាអាទិភាព និងសំខាន់បំផុតគឺយើងគឺជាតួអង្គខាងវិញ្ញាណ ។ យើងគឺជាបុត្រា [និងបុត្រីទាំងឡាយ] របស់ព្រះ និងជាពូជពង្សរបស់អ័ប្រាហាំ ។ ( « Becoming a Missionary » Liahona ខែ វិច្ឆិកា ឆ្នាំ ២០០៥ ទំព័រ ៤៧ )
-
ចេញពីអ្វីដែលអែលឌើរ បែដណា បានបង្រៀនអំពីអត្តសញ្ញាណដ៏សំខាន់បំផុតរបស់យើង តើអ្វីដែលលេចធ្លោចំពោះអ្នក ?
ប្រសិនបើសិស្សបានសិក្សាមេរៀនទី ២៣ ៖« លោកុប្បត្ដិ ១២; ១៧ » រួចហើយ សូមអញ្ជើញពួកគេឲ្យសង្ខេបជាមួយមិត្តរួមថ្នាក់ពីអ្វីដែលពួកគេចងចាំអំពីសេចក្តីសញ្ញាអ័ប្រាហាំ ។ សូមជួយសិស្សឲ្យមើលឃើញថា ក្នុងនាមជាពូជពង្ស ឬកូនចៅរបស់អ័ប្រាហាំ យើងមិនត្រឹមតែត្រូវបានសន្យាថានឹងទទួលបានពរដ៏សំខាន់ៗប៉ុណ្ណោះទេ ប៉ុន្តែយើងក៏បានធ្វើសេចក្ដីសញ្ញាដើម្បីបំពេញការទទួលខុសត្រូវសំខាន់ៗផងដែរ ។ សូមអញ្ជើញពួកគេឲ្យបំពេញស្វ័យវាយតម្លៃដូចខាងក្រោមនេះ ។
សូមជ្រើសរើសសេចក្តីថ្លែងការណ៍ខាងក្រោមមួយណាដែលពិតចំពោះអ្នក ៖
-
ខ្ញុំយល់ពីការទទួលខុសត្រូវរបស់ខ្ញុំក្នុងនាមជាពូជពង្សរបស់អ័ប្រាហាំ ។
-
ខ្ញុំកំពុងខិតខំបំពេញការទទួលខុសត្រូវរបស់ខ្ញុំ ក្នុងនាមជាពូជពង្សរបស់អ័ប្រាហាំ ។
-
ខ្ញុំបានរកឃើញអំណរដ៏មហិមាក្នុងការបំពេញការទទួលខុសត្រូវរបស់ខ្ញុំក្នុងនាមជាពូជពង្សរបស់អ័ប្រាហាំ ។
-
ខ្ញុំមិនយល់ពីការទទួលខុសត្រូវរបស់ខ្ញុំក្នុងនាមជាពូជពង្សរបស់អ័ប្រាហាំនោះទេ ។
-
ខ្ញុំមានសំណួរអំពីការទទួលខុសត្រូវរបស់ខ្ញុំក្នុងនាមជាពូជពង្សរបស់អ័ប្រាហាំ ។
សូមអញ្ជើញសិស្សឲ្យកត់ត្រានូវរាល់សំណួរណាមួយដែលពួកគេអាចមាន ឬចំណាប់អារម្មណ៍ដែលពួកគេមាននៅពេលពួកគេបានគិតពីសេចក្ដីថ្លែងការណ៍ទាំងនេះ ។ សូមអញ្ជើញពួកគេឲ្យស្វែងរកវិវរណៈពីព្រះវរបិតារបស់ពួកគេ ដែលគង់នៅស្ថានសួគ៌តាមរយៈព្រះវិញ្ញាណបរិសុទ្ធដើម្បីដឹងពីរបៀបដែលពួកគេអាចបំពេញការទទួលខុសត្រូវរបស់ពួកគេឲ្យបានប្រសើរជាងមុន ក្នុងនាមជាពូជពង្សរបស់អ័ប្រាហាំ ។
អ័ប្រាហាំ ២:៩–១១ គឺជាវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិ ។ សូមពិចារណាអញ្ជើញសិស្សឲ្យគូសចំណាំវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិតាមរបៀបដែលងាយចំណាំ ដើម្បីពួកគេអាចងាយរកវាឃើញ ។
សូមអាន អ័ប្រាហាំ ២:៨–១១ ដោយរកមើលការទទួលខុសត្រូវរបស់យើងក្នុងនាមជាពូជពង្សរបស់អ័ប្រាហាំ ។
-
តើព្រះអង្គសង្គ្រោះរំពឹងអ្វីខ្លះពីយើង ?
អ្នកក៏អាចអញ្ជើញសិស្សឲ្យសួរសំណួរអំពីខគម្ពីរណាមួយផងដែរ ។ នៅពេលអ្នកពិភាក្សាអំពីការទទួលខុសត្រូវនៃសេចក្ដីសញ្ញាអ័ប្រាហាំ សូមជួយសិស្សឲ្យស្គាល់ពីសេចក្តីពិតមួយដែលស្រដៀងទៅនឹង ៖ ក្នុងនាមជាពូជពង្សរបស់អ័ប្រាហាំ ព្រះអង្គសង្គ្រោះបានប្រទានឲ្យយើងនូវការទទួលខុសត្រូវមួយដើម្បីប្រទានពរដល់ក្រុមគ្រួសារទាំងអស់នៃផែនដី នូវពរជ័យនៃដំណឹងល្អរបស់ទ្រង់ ។
សិស្សអាចទទួលបានអត្ថប្រយោជន៍ពីការដឹងថា ពួកគេអាចបំពេញការទទួលខុសត្រូវនៃសេចក្ដីសញ្ញារបស់ពួកគេដោយការប្រមូលសាសន៍អ៊ីស្រាអែល ។
-
តើមានវិធីអ្វីខ្លះ ដែលយើងអាចផ្ដល់ពរជ័យដល់ក្រុមគ្រួសារទាំងអស់នៅលើផែនដីនេះនូវដំណឹងល្អរបស់ព្រះអង្គសង្គ្រោះ ?
សូមអាន នីហ្វៃទី១ ១៥:១៨ ដោយរកមើលនៅពេលដែលសេចក្តីសញ្ញាអ័ប្រាហាំនឹងត្រូវបានបំពេញ ។
ប្រធាន រ័សុល អិម ណិលសុន បានថ្លែងទីបន្ទាល់ ៖
ការទទួលខុសត្រូវរបស់យើងគឺដើម្បីជួយបំពេញសេចក្តីសញ្ញាអ័ប្រាហាំ ។ គ្រាប់ពូជរបស់យើងត្រូវបានតែងតាំង និងរៀបចំជាមុនដើម្បីប្រទានពរជ័យដល់មនុស្សទាំងអស់នៅលើពិភពលោកនេះ ។ នោះហើយជាមូលហេតុដែលជាកាតព្វកិច្ចរបស់បព្វជិតភាព មានដាក់បញ្ចូលកិច្ចការផ្សព្វផ្សាយសាសនាផងដែរ ។ បន្ទាប់ពីការរង់ចាំ និងការរៀបចំអស់ប្រហែល ៤,០០០ ឆ្នាំ នេះគឺជាថ្ងៃដែលបានកំណត់នៅពេលដែលដំណឹងល្អត្រូវបាននាំយកមកកាន់ពូជមនុស្សនៅលើផែនដីនេះ ។ នេះគឺជាពេលនៃការប្រមូលសាសន៍អ៊ីស្រាអែលដែលបានសន្យាទុក ។ ហើយយើងអាចចូលរួមបាន ! តើនេះមិនជារឿងដ៏គួរឲ្យរំភើបទេឬ ? ( « Covenants » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១១ ទំព័រ ៨៨ )
រាល់ពេលដែលយើងធ្វើអ្វីមួយដើម្បីជួយនរណាម្នាក់—ទាំងសងខាងនៃវាំងនន—ឲ្យ ធ្វើ និងរក្សាសេចក្តីសញ្ញារបស់ពួកគេជាមួយនឹងព្រះ នោះយើងកំពុងជួយប្រមូលអ៊ីស្រាអែលហើយ ។ ( « Let God Prevail » Liahona ខែ វិច្ឆិកា ឆ្នាំ ២០២០ ទំព័រ ៩២–៩៣ )
-
តើអ្នកគិតយ៉ាងណាអំពីដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទ ?
-
អ្នកគិតថា ហេតុអ្វីមនុស្សគ្រប់គ្នាត្រូវការដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទ ?
-
តើអ្នក ( ឬមនុស្សដែលអ្នកស្គាល់ ) មានបទពិសោធន៍អ្វីខ្លះ ក្នុងការប្រមូលសាសន៍អ៊ីស្រាអែល ?
ការបំពេញការទទួលខុសត្រូវរបស់យើង
មេរៀនផ្នែកនេះផ្ដល់ពេលវេលាឲ្យសិស្សធ្វើអ្វីមួយដើម្បីបំពេញការទទួលខុសត្រូវរបស់ពួកគេនៅក្នុងសេចក្តីសញ្ញាអ័ប្រាហាំនៅក្នុងថ្នាក់ ។ អ្នកអាចបង្កើតបរិយាកាសរៀនសូត្រមួយដោយផ្អែកលើការចែកចាយដូចខាងក្រោមនេះ ។ សិស្សអាចជ្រើសរើសសកម្មភាពមួយដើម្បីផ្តោតលើ ឬពួកគេអាចផ្លាស់ប្តូរតាមរយៈសកម្មភាពផ្សេងៗ ។ អ្នកអាចចាត់សិស្សធ្វើជាអ្នកដឹកនាំនៅមជ្ឈដ្ឋាននីមួយៗដើម្បីជួយមិត្តភក្តិរបស់ពួកគេឲ្យធ្វើលំហាត់ទាំងនោះ ។ សូមអញ្ជើញសិស្សឲ្យស្វែងរកការបំផុសគំនិតពេលជ្រើសរើសអ្វីដែលត្រូវផ្តោតលើ ។
បន្ទាប់ពីមានពេលគ្រប់គ្រាន់ហើយ សូមអនុញ្ញាតឲ្យសិស្សចែកចាយសកម្មភាពដែលពួកគេបានជ្រើសរើស និងអ្វីដែលពួកគេបានទទួលការបំផុសគំនិតឲ្យធ្វើ ។
ពេលសិស្សឆ្លើយតបសំណួរមួយចំនួន ឬទាំងអស់ដូចខាងក្រោមនេះ សូមគិតអំពីវិធីជួយសិស្សស្វែងរក ស្គាល់ និងធ្វើតាមវិវរណៈផ្ទាល់ខ្លួន ។ របៀបមួយសម្រាប់អ្នកដើម្បីធ្វើបែបនេះ គឺសួរខ្លួនឯងថា « តើខ្ញុំអាចអញ្ជើញពួកគេឲ្យធ្វើអ្វីខ្លះទៀត ? » ការសួរខ្លួនឯងនូវសំណួរបែបនេះ អាចអញ្ជើញយាងការបំផុសគំនិតពីព្រះវិញ្ញាណបរិសុទ្ធអំពីរបៀបជួយសិស្សឲ្យធ្វើតាមវិវរណៈផ្ទាល់ខ្លួនដែលពួកគេទទួលបាន ។
សម្រាប់ការបំពាក់បំប៉នបន្ថែមអំពីរបៀបតាមដានសំណួរដែលអញ្ជើញឲ្យមានវិវរណៈផ្ទាល់ខ្លួន សូមមើល « ជួយសិស្សឲ្យស្វែងរក ទទួលស្គាល់ និងអនុវត្តតាមវិវរណៈផ្ទាល់ខ្លួន » នៅក្នុង ជំនាញការអភិវឌ្ឍគ្រូបង្រៀន ។
សិស្សអាចទទួលបានអត្ថប្រយោជន៍ពីពេលវេលាដើម្បីគិតពិចារណា និងឆ្លើយសំណួរដូចខាងក្រោមនេះនៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់ពួកគេ ។
-
តើអ្នកបានធ្វើអ្វីខ្លះ ឬតើអ្នកបានដាក់ផែនការអ្វីខ្លះដើម្បីផ្ដល់ពរដល់អ្នកដទៃនូវដំណឹងល្អរបស់ព្រះអង្គសង្គ្រោះ ?
-
អ្វីដែលអ្នកបានទទួលអារម្មណ៍ឲ្យធ្វើនៅប៉ុន្មានថ្ងៃ និងប៉ុន្មានសប្តាហ៍ខាងមុខនេះ ៖
-
ជួយអ្នកដទៃធ្វើ ឬរក្សាសេចក្តីសញ្ញា ?
-
ចែកចាយដំណឹងល្អរបស់ព្រះអង្គសង្រ្គោះ ?
-
ជួយដល់អ្នកនៅផ្នែកម្ខាងទៀតនៃវាំងនន ?
-
សូមពិចារណាធ្វើទីបន្ទាល់អំពីការទទួលខុសត្រូវដ៏សំខាន់របស់យើង ក្នុងនាមជាពូជពង្សរបស់អ័ប្រាហាំ ដើម្បីចែកចាយពរជ័យនៃដំណឹងល្អរបស់ព្រះអង្គសង្រ្គោះជាមួយមនុស្សទាំងអស់ ។
ទន្ទេញ
អ្នកអាចនឹងចង់ជួយសិស្សឲ្យទន្ទេញសេចក្ដីយោងចំណេះចំណានខាងគោលលទ្ធិ និងឃ្លាបទគម្ពីរគន្លឹះនៅអំឡុងមេរៀននេះ ហើយរំឭកវាក្នុងមេរៀនក្រោយៗទៀត ។ ឃ្លាបទគម្ពីរគន្លឹះសម្រាប់ អ័ប្រាហាំ ២:៩–១១ គឺ« ព្រះអម្ចាស់បានសន្យានឹងអ័ប្រាហាំថា ពូជរបស់លោកនឹង ‹ បានកាន់ការងារបម្រើ និងបព្វជិតភាពនេះដល់អស់ទាំងសាសន៍ › » ។ គំនិតសម្រាប់សកម្មភាពទន្ទេញមាននៅក្នុងឯកសារឧបសម្ព័ន្ធដែលនៅក្រោម « សកម្មភាពរំឭកចំណេះចំណានខាងគោលលទ្ធិឡើងវិញ » ។