« លោកុប្បត្ដិ ១២; ១៧ ៖ សេចក្ដីសញ្ញាអ័ប្រាហាំ » សៀវភៅសិក្សាព្រះគម្ពីរសញ្ញាចាស់សម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា ( ឆ្នាំ ២០២៦ )
« លោកុប្បត្ដិ ១២; ១៧ ៖ សេចក្ដីសញ្ញាអ័ប្រាហាំ » សៀវភៅសិក្សាព្រះគម្ពីរសញ្ញាចាស់សម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា
លោកុប្បត្តិ ១២–១៧; អ័ប្រាហាំ ១–២ ៖មេរៀនទី ២៣
លោកុប្បត្តិ ១២; ១៧
សេចក្ដីសញ្ញាអ័ប្រាហាំ
ព្រះអម្ចាស់ និងអ័ប្រាហាំបានចូលទៅក្នុងសេចក្ដីសញ្ញាមួយដែលឥឡូវនេះត្រូវបានស្គាល់ថាជាសេចក្ដីសញ្ញាអ័ប្រាហាំ ។ នៅពេលយើងធ្វើ ហើយរក្សាសេចក្ដីសញ្ញាជាមួយព្រះនៅសព្វថ្ងៃនេះ នោះយើងអាចទទួលបានពរមកពីទ្រង់ដូចដែលអ័ប្រាហាំបានទទួលផងដែរ ។ មេរៀននេះអាចជួយសិស្សឲ្យពន្យល់អំពីសេចក្ដីសញ្ញាអ័ប្រាហាំ និងរបៀបដែលសេចក្តីសញ្ញានេះទាក់ទងនឹងពួកគេ ។
ការរៀបចំខ្លួនរបស់សិស្ស ៖ សូមអញ្ជើញសិស្សឲ្យស្វែងរក « សេចក្ដីសញ្ញាអ័ប្រាហាំ » នៅក្នុងបណ្ណាល័យដំណឹងល្អ ឬសេចក្តីណែនាំដល់បទគម្ពីរទាំងឡាយឬ « Abraham, covenant of » នៅក្នុង Bible Dictionary ហើយមករៀនដោយរៀបចំខ្លួនចែកចាយអ្វីដែលពួកគេបានរកឃើញ ។
សកម្មភាពរៀនសូត្រដែលអាចមាន
សេចក្ដីសញ្ញាអ័ប្រាហាំ
សូមអញ្ជើញសិស្សឲ្យស្រមៃថា ពួកគេត្រូវបានសុំឲ្យថ្លែងសុន្ទរកថាក្នុងការប្រជុំសាក្រាម៉ង់អំពីសេចក្ដីសញ្ញាអ័ប្រាហាំ ។ ដើម្បីជួយពួកគេវាយតម្លៃពីរបៀបដែលពួកគេអាចត្រៀមខ្លួនធ្វើកិច្ចការនេះ សូមអញ្ជើញពួកគេឲ្យសរសេរ និងឆ្លើយសំណួរដូចខាងក្រោមនេះនៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់ពួកគេ ។
-
តើសេចក្តីសញ្ញាអ័ប្រាហាំជាអ្វី ?
-
តើខ្ញុំអាចទទួលបានសេចក្ដីសញ្ញាអ័ប្រាហាំដោយរបៀបណា ?
-
ហេតុអ្វីបានជាសេចក្ដីសញ្ញាអ័ប្រាហាំសំខាន់ចំពោះខ្ញុំ ?
សូមធានាដល់សិស្សថា វាមិនថ្វីទេបើពួកគេមិនដឹងច្រើនអំពីសេចក្ដីសញ្ញាអ័ប្រាហាំនោះ ។ សូមប្រាប់ពួកគេថា ពួកគេនឹងអាចបន្ថែមចម្លើយរបស់ពួកគេក្នុងអំឡុងពេលរៀន ។ សូមលើកទឹកចិត្តពួកគេឲ្យស្វែងរកការបញ្ជាក់ពីព្រះវិញ្ញាណបរិសុទ្ធអំពីសេចក្ដីពិតនៃអ្វីដែលពួកគេកំពុងរៀនសូត្រ ។
ចំណាំ ៖ មេរៀននេះផ្តោតលើថាតើអ្វីទៅជាពរជ័យនៃសេចក្តីសញ្ញាអ័ប្រាហាំ ហើយហេតុអ្វីវាសំខាន់ចំពោះយើង ។ មេរៀនទី ២៤ ៖ « អ័ប្រាហាំ ២:៩–១១ » នឹងផ្តោតលើការទទួលខុសត្រូវរបស់យើងនៅក្នុងសេចក្តីសញ្ញាអ័ប្រាហាំ ។
តើសេចក្តីសញ្ញាអ័ប្រាហាំជាអ្វី ?
សូមរំឭកថា អ័ប្រាហាំប្រាថ្នាចង់បាន « ពរទាំងឡាយ ខាងពួកអយ្យកោ » និងធ្វើជា « អ្នកដើរតាមសេចក្ដីសុចរិត » ( អ័ប្រាហាំ ១:២ ) ។ ព្រះអម្ចាស់បានសន្យាថានឹងដាក់ព្រះនាមទ្រង់លើអ័ប្រាហាំ ហើយប្រគល់បព្វជិតភាពដល់លោក ( សូមមើល អ័ប្រាហាំ ១:១៨ ) ។
សូមពិចារណាបង្កើតតារាងដូចខាងក្រោមនេះនៅលើក្ដារខៀន ។ សូមអញ្ជើញសិស្សឲ្យសិក្សាខគម្ពីរនៅក្នុងជួរឈរទីមួយ ហើយរាយបញ្ជីពរជ័យដែលពួកគេរកឃើញនៅក្បែរខគម្ពីរដែលដូចគ្នានៅលើក្ដារខៀន ។ ពួកគេនឹងសិក្សាខគម្ពីរទាំងនោះនៅក្នុងជួរឈរទីពីរនៅពេលក្រោយក្នុងមេរៀននេះ ។
|
ពរជ័យរបស់ព្រះអម្ចាស់បានសន្យានឹងអ័ប្រាហាំ |
ពរជ័យរបស់ព្រះអម្ចាស់បានសន្យានឹងខ្ញុំ |
|
លោកុប្បត្ដិ ១២:២; ១៧:១–២,៤–៦ លោកុប្បត្ដិ ១២:៣; ១៧:៧ លោកុប្បត្ដិ ១២:៧; ១៧:៨ |
គោលលទ្ធិ និងសេចក្ដីសញ្ញា ១៣២:១៩–២២, ៣០–៣១ |
សូមអាន លោកុប្បត្ដិ ១២:២–៣, ៧; ១៧:១–៨; អ័ប្រាហាំ ២:១១ ដោយរកមើលពរជ័យដែលព្រះប្រទានដល់អ័ប្រាហាំ ។
នៅពេលសិស្សអានព្រះគម្ពីរ សូមពិចារណាអំពីការដើរមើលចុះឡើងនៅជុំវិញបន្ទប់ ។ សិស្សខ្លះទំនងជាសួរសំណួរនៅពេលគ្រូនៅក្បែរ ដូច្នេះការដើរមើលចុះឡើងនៅជុំវិញថ្នាក់រៀន ខណៈពេលសិស្សអាន អាចធ្វើឲ្យសិស្សមួយចំនួនមានភាពងាយស្រួលដើម្បីសុំជំនួយ ។ នៅពេលសិស្សអានចប់ សូមអញ្ជើញពួកគេចែកចាយអ្វីដែលពួកគេបានរកឃើញ ។
-
តើអ្នកបានរកឃើញអ្វីខ្លះ ?
-
តើការសន្យាទាំងនេះបង្រៀនអ្នកអ្វីខ្លះអំពីព្រះ ?
ខាងក្រោមនេះគឺជាបញ្ជីនៃពរជ័យមួយចំនួនដែលសិស្សអាចរកបាន ៖
-
លោកុប្បត្ដិ ១២:២; ១៧:១–២,៤–៦ ៖ ឪពុកនៃសាសន៍ជាច្រើន ចម្រើនជាសន្ធឹកឡើង សុសសាយសន្ធឹក ( ជាភាសាហេព្រើរ ឈ្មោះ អាប់រ៉ាម មានន័យថា « ឪពុកដែលបានតម្កើងឡើង » ហើយឈ្មោះ អ័ប្រាហាំ មានន័យថា « ឪពុកនៃសាសន៍ជាច្រើន » ) ។
-
លោកុប្បត្ដិ ១២:៣; ១៧:៧ ៖ ក្រុមគ្រួសារទាំងអស់នៃផែនដីមានពរដោយសារកូនចៅរបស់លោក ហើយសេចក្ដីសញ្ញារបស់ព្រះនឹងបន្តជាមួយនឹងកូនចៅរបស់អ័ប្រាហាំ
-
លោកុប្បត្ដិ ១២:៧; ១៧:៨ ៖ ដែនដីស្រុកកាណាន
-
អ័ប្រាហាំ ២:១១ ៖ បព្វជិតភាព
សិស្សក៏អាចរកឃើញឃ្លាថា « ឲ្យមាននគរផ្សេងៗកើតចេញអំពីឯងមក » ( លោកុប្បត្ដិ ១៧:៦ ) ។ ការណ៍នេះសំដៅទៅលើស្ដេចដែលនឹងគ្រប់គ្រងទាំងអ៊ីស្រាអែល និងយូដាប៉ុន្តែសំខាន់ជាងនេះទៅទៀត វាសំដៅទៅលើព្រះយេស៊ូវគ្រីស្ទ( សូមមើល ម៉ាថាយ ១:១; វិវរណៈ ១៩:១៦ ) ។
អ្នកគួរចង្អុលបង្ហាញថា សេចក្ដីសញ្ញាដែលព្រះបានធ្វើឡើងជាមួយអ័ប្រាហាំត្រូវបានគេស្គាល់ថាជាសេចក្ដីសញ្ញាអ័ប្រាហាំ ។ សូមពន្យល់ថា នេះគឺជារបៀបដែលព្រះប្រទានពរដ៏អស្ចារ្យបំផុតដល់បុត្រាបុត្រីរបស់ទ្រង់ ។ ព្រះបានបញ្ជាក់សេចក្ដីសញ្ញានេះជាថ្មីជាមួយអ័ប្រាហាំច្រើនដងក្នុងជីវិតរបស់លោក( សូមមើល លោកុប្បត្ដិ ១៣:១៤–១៧; ១៥:៥,១៨; ២២:១៥–១៨; អ័ប្រាហាំ ២:៨–១២; ៣:១៤ ) ។
តើខ្ញុំអាចទទួលបានសេចក្ដីសញ្ញាអ័ប្រាហាំដោយរបៀបណា ?
សូមចែកចាយសេចក្ដីថ្លែងការណ៍ខាងក្រោមមកពីប្រធាន ណិលសុន ដើម្បីជួយសិស្សឲ្យមើលឃើញពីរបៀបដែលសេចក្ដីសញ្ញាអ័ប្រាហាំទាក់ទងនឹងពួកគេ ( សូមមើលផងដែរ កាឡាទី ៣:២៧–២៩; អ័ប្រាហាំ ២:១០ ) ។
ប្រធាន រ័សុល អិម ណិលសុន បានបង្រៀនពីរបៀបដែលយើងម្នាក់ៗក៏អាចទទួលបានពរជ័យដូចគ្នានេះដែលព្រះបានសន្យានឹងអ័ប្រាហាំដែរ ៖
នៅពេលយើងឱបក្រសោបដំណឹងល្អនេះ ហើយបានទទួលបុណ្យជ្រមុជទឹក នោះយើងលើកដាក់លើខ្លួនយើងនូវព្រះនាមដ៏ពិសិដ្ឋនៃព្រះយេស៊ូវគ្រីស្ទ ។ ពិធីបុណ្យជ្រមុជទឹកគឺជាទ្វារដែលនាំទៅកាន់ការប្រែក្លាយជាអ្នកស្នងមរតករួមគ្នាចំពោះសេចក្តីសន្យាទាំងអស់ ដែលព្រះអម្ចាស់បានប្រទានពីបុរាណដល់អ័ប្រាហាំ អ៊ីសាក យ៉ាកុប និងកូនចៅរបស់ពួកលោក ។
« សេចក្ដីសញ្ញាថ្មី ហើយអស់កល្បអស់កាលជានិច្ច » ( គោលលទ្ធិ និងសេចក្តីសញ្ញា ១៣២:៦ ) និងសេចក្តីសញ្ញាអ័ប្រាហាំគឺចាំបាច់ដូចគ្នា—របៀបពីរយ៉ាងនៃការនិយាយអំពីសេចក្ដីសញ្ញាដែលព្រះបានធ្វើជាមួយនឹងបុរស ហើយនិងស្ត្រីក្នុងជីវិតរមែងស្លាប់នៅពេលផ្សេងគ្នា ។…
…[ បង ] ប្អូន និងខ្ញុំបានចូលទៅក្នុងផ្លូវនៃសេចក្តីសញ្ញានៃពិធីបុណ្យជ្រមុជទឹកដោយផ្ទាល់ ។ បន្ទាប់មកយើងចូលទៅផ្លូវនេះកាន់តែពេញលេញនៅក្នុងព្រះវិហារបរិសុទ្ធ ។ ពរជ័យនៃសេចក្ដីសញ្ញាអ័ប្រាហាំ ត្រូវបានផ្ដល់ឲ្យនៅក្នុងព្រះវិហារដ៏បរិសុទ្ធ ។ ក្រោយពីបានរស់ឡើងវិញ ពរជ័យទាំងនេះអនុញ្ញាតឲ្យយើងបាន « គ្រងបល្ល័ង្កទាំងឡាយ នគរទាំងឡាយ ក្សត្របុរីទាំងឡាយ និងអំណាចទាំងឡាយ អំណាចគ្រប់គ្រងទាំងឡាយដើម្បីទៅរក ‹ ភាពតម្កើងឡើង និងសិរីល្អក្នុងអ្វីៗគ្រប់ទាំងអស់ › [ គោលលទ្ធិ និងសេចក្ដីសញ្ញា ១៣២:១៩ ] » ។ ( « សេចក្តីសញ្ញាដ៏នៅអស់កល្បអស់កាលជានិច្ច » Liahona ខែ តុលា ឆ្នាំ ២០២២ ទំព័រ ៤, ៦ )
-
តើអ្នកនឹងសង្ខេបអ្វីដែលយើងអាចរៀនមកពីប្រធាន ណិលសុន អំពីពរជ័យអ័ប្រាហាំយ៉ាងដូចម្ដេច ?
សូមជួយសិស្សឲ្យស្គាល់សេចក្ដីពិតមួយដូចជា ៖ ពេលយើងធ្វើ ហើយគោរពសេចក្ដីសញ្ញាជាមួយព្រះយើងក្លាយជាអ្នកគ្រងមរតកពរជ័យដែលបានប្រទានដល់អ័ប្រាហាំ ។
ហេតុអ្វីបានជាសេចក្ដីសញ្ញាអ័ប្រាហាំសំខាន់ចំពោះខ្ញុំ ?
សូមអញ្ជើញសិស្សឲ្យសិក្សាអំពីសេចក្ដីយោងនៅក្នុងជួរឈរទីពីរ និងសរសេរនៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់ពួកគេអំពីរបៀបដែលពរជ័យដែលបានសន្យាចំពោះអ័ប្រាហាំក៏ត្រូវបានសន្យាចំពោះពួកគេផងដែរ ។ ខគម្ពីរទាំងនេះអាចល្អសម្រាប់សិស្សដើម្បីសិក្សាជាគូ ឬជាក្រុមតូចៗ ។
ខាងក្រោមនេះជាពរជ័យមួយចំនួនដែលសិស្សអាចរកបាន ៖
-
គោលលទ្ធិ និងសេចក្តីសញ្ញា ១៣២:១៩–២២,៣០–៣១ ៖ ក្រុមគ្រួសារអស់កល្បជានិច្ច( « ពូជបន្តបន្ទាប់ » និង « ភាពបន្តជីវិតទាំងឡាយ » )
-
អ័ប្រាហាំ ២:៩–១១ ៖ ដំណឹងល្អបានចែកចាយជាមួយគ្រប់ក្រុមគ្រួសារនៅលើផែនដី សេចក្ដីសង្គ្រោះ និងភាពតម្កើងឡើង
-
គោលលទ្ធិ និងសេចក្តីសញ្ញា ៨៨:១៨–២០ ( « វា » សំដៅទៅផែនដី ) ៖ មរតកក្នុងនគរសេឡេស្ទាល ( សូមមើលផងដែរ ហេព្រើរ ១១:៨, ១៣–១៦ )
-
គោលលទ្ធិ និងសេចក្តីសញ្ញា ៨៤:៣៣–៣៨ ៖ ពរជ័យនៃបព្វជិតភាពរួមទាំងអ្វីៗទាំងអស់ដែលព្រះវរបិតាមាន
-
តើពរជ័យដែលបានសន្យាទាំងនេះមានអត្ថន័យយ៉ាងណាចំពោះអ្នក ?
-
តើសេចក្ដីសន្យាទាំងនេះបង្រៀនអ្នកអ្វីខ្លះអំពីព្រះទ័យរបស់ព្រះចំពោះអ្នក ?
ដើម្បីដាក់សេចក្ដីសញ្ញាអ័ប្រាហាំនៅក្នុងបរិបទនៃផែនការរបស់ព្រះវរបិតាសួគ៌ អ្នកគួរសួរសិស្សនូវអ្វីដែលធ្វើឲ្យយើងអាចទទួលបាននូវពរជ័យដែលពួកគេបានសរសេរ ។ អ្នកអាចឲ្យសិស្សពិចារណា ឬចែកចាយគំនិតរបស់ពួកគេមួយចំនួន ។ អ្នកក៏អាចចែកចាយសេចក្តីថ្លែងការណ៍នេះមកពីប្រធាន ណិលសុន ផងដែរ ។
ប្រធាន រ័សុល អិម ណិលសុន បានចង្អុលបង្ហាញពីអ្វីដែលធ្វើឲ្យយើងអាចទទួលបាននូវពរជ័យនៃសេចក្ដីសញ្ញាអ័ប្រាហាំ ៖
ពលិកម្មធួនរបស់ព្រះអង្គសង្គ្រោះបានធ្វើឲ្យព្រះវរបិតាបំពេញការសន្យារបស់ទ្រង់ដែលបានធ្វើចំពោះបុត្រាបុត្រីរបស់ទ្រង់ ។… ការបំពេញនៃសេចក្តីសញ្ញាអ័ប្រាហាំអាចធ្វើទៅបាន ដោយសារដង្វាយធួន និង ការមានព្រះជន្មរស់ឡើងវិញរបស់ព្រះអម្ចាស់យេស៊ូវគ្រីស្ទ ។ ព្រះយេស៊ូវគ្រីស្ទជា ស្នូល នៃសេចក្តីសញ្ញានេះ ។ ( « សេចក្ដីសញ្ញាដ៏នៅអស់កល្បអស់កាលជានិច្ច » លីអាហូណា ខែ តុលា ឆ្នាំ ២០២២ ទំព័រ ៧ )
ពន្យល់អំពីសេចក្ដីសញ្ញាអ័ប្រាហាំ
សូមអញ្ជើញសិស្សឲ្យបន្ថែមចម្លើយរបស់ពួកគេចាប់តាំងពីថ្នាក់ចាប់ផ្តើម ៖
-
តើសេចក្តីសញ្ញាអ័ប្រាហាំជាអ្វី ?
-
តើខ្ញុំអាចទទួលបានសេចក្ដីសញ្ញាអ័ប្រាហាំដោយរបៀបណា ?
-
ហេតុអ្វីបានជាសេចក្ដីសញ្ញាអ័ប្រាហាំសំខាន់ចំពោះខ្ញុំ ?
ដើម្បីពង្រឹងការយល់ដឹងរបស់ពួកគេ សូមពិចារណាអញ្ជើញសិស្សឲ្យចាប់គូ ហើយពន្យល់ពីសេចក្ដីសញ្ញាអ័ប្រាហាំ ទៅកាន់គ្នាទៅវិញទៅមក ។ សូមលើកទឹកចិត្តពួកគេឲ្យមើលថាតើពួកគេអាចឆ្លើយដោយសង្ខេប ហើយបញ្ចប់ចម្លើយរបស់ពួកគេបាន ឬអត់ ។ ការពន្យល់អំពីសេចក្ដីសញ្ញានេះជាពាក្យខ្លីៗដែលអាចជួយសិស្សឲ្យយល់កាន់តែច្បាស់ ។
សូមថ្លែងទីបន្ទាល់អំពីពរជ័យ និងការសន្យាដែលព្រះប្រទានដល់យើងតាមរយៈសេចក្ដីសញ្ញាអ័ប្រាហាំ ។