« ម៉ូសេ ៧:៥៣–៦៩ ៖ ស្តេចនៃស៊ីយ៉ូននឹងរក្សារាស្ត្ររបស់ទ្រង់ » សៀវភៅសិក្សាព្រះគម្ពីរសញ្ញាចាស់សម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា ( ឆ្នាំ ២០២៦ )
« ម៉ូសេ ៧:៥៣–៦៩ ៖ ស្តេចនៃស៊ីយ៉ូននឹងរក្សារាស្ត្ររបស់ទ្រង់ » សៀវភៅសិក្សាព្រះគម្ពីរសញ្ញាចាស់សម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា
ម៉ូសេ ៧ ៖មេរៀនទី ១៨
ម៉ូសេ ៧:៥៣–៦៩
ស្តេចនៃស៊ីយ៉ូននឹងរក្សារាស្ត្ររបស់ទ្រង់
ព្រះបរមងារមួយរបស់ព្រះអង្គសង្គ្រោះគឺជា « ស្ដេចនៃស៊ីយ៉ូន » ( ម៉ូសេ ៧:៥៣ ) ។ ទ្រង់ឃុំគ្រងរាស្ត្ររបស់ទ្រង់ ហើយនៅថ្ងៃចុងក្រោយ ទ្រង់នឹងរក្សាពួកគេពីសេចក្ដីលំបាកវេទនាដ៏ធំដែលនឹងកើតឡើង ។ មេរៀននេះអាចជួយសិស្សឲ្យទទួលស្គាល់ និងអបអរចំពោះអ្វីដែលព្រះអម្ចាស់បានធ្វើដើម្បីជួយពួកគេឲ្យយកឈ្នះលើការសាកល្បងក្នុងជំនាន់របស់យើង ។
ការរៀបចំរបស់សិស្ស ៖ សូមអញ្ជើញសិស្សឲ្យមករៀនដោយត្រៀមខ្លួនរួចជាស្រេចដើម្បីចែកចាយវគ្គបទគម្ពីរមួយពីព្រះគម្ពីរមរមន ដែលបានជួយពួកគេនៅពេលពួកគេបានប្រឈមមុខនឹងការសាកល្បង ។
សកម្មភាពរៀនសូត្រដែលអាចមាន
សេចក្ដីវេទនាដ៏ធំនៅថ្ងៃចុងក្រោយ
អញ្ជើញសិស្សឲ្យស្រមៃពីព្យុះដ៏ធំមួយកំពុងបក់បោកមកដល់ទីក្រុងរបស់អ្នក ។ បើមានប្រយោជន៍ អ្នកអាចដាក់បង្ហាញរូបភាពព្យុះដ៏ធំមួយ ។
-
តើមានការសាកល្បង ឬការលំបាកអ្វីខ្លះនៅថ្ងៃចុងក្រោយ ? តើការសាកល្បង និងការលំបាកទាំងនេះអាចប្រៀបធៀបទៅនឹងព្យុះយ៉ាងដូចម្ដេច ?
-
តើវិធីមួយចំនួនដើម្បីស្វែងរកសុវត្ថិភាពពីព្យុះទាំងនេះមានអ្វីខ្លះ ?
សូមអញ្ជើញសិស្សឲ្យពិចារណាពីអារម្មណ៍របស់ពួកគេអំពីព្យុះទាំងនេះ និងការខិតខំរបស់ពួកគេដើម្បីស្វែងរកសុវត្ថិភាព ។ ស្វ័យវាយតម្លៃខាងក្រោមនេះ គឺជាវិធីមួយដែលអ្នកអាចធ្វើកិច្ចការនេះបាន ៖
សូមពិចារណាថា តើសេចក្តីថ្លែងការណ៍ខាងក្រោមពិតចំពោះអ្នកកម្រិតណា ៖
-
ខ្ញុំដឹងពីអ្វីដែលព្រះអម្ចាស់បានធ្វើដើម្បីជួយខ្ញុំឲ្យប្រឈមនឹងខ្យល់ព្យុះ ( ការសាកល្បង និងការលំបាក ) ដែលខ្ញុំជួប ។
-
ខ្ញុំមានអំណរគុណចំពោះអ្វីដែលព្រះអម្ចាស់បានធ្វើ ហើយចង់បានជំនួយរបស់ទ្រង់ដោយស្មោះ ។
សូមអញ្ជើញសិស្សឲ្យស្វែងរកការបំផុសគំនិតពីព្រះវិញ្ញាណបរិសុទ្ធ នៅពេលពួកគេសិក្សា ។ ព្រះវិញ្ញាណបរិសុទ្ធអាចបង្រៀនអំពីរបៀបដែលព្រះអម្ចាស់អាចជួយសិស្សឲ្យប្រឈមនឹងខ្យល់ព្យុះដែលពួកគេជួប ។
ស្ដេចនៃស៊ីយ៉ូន
ហេណុក និងប្រជាជនរបស់លោកបានកសាង« ទីក្រុងនៃបរិសុទ្ធភាព គឺក្រុងស៊ីយ៉ូន » ( ម៉ូសេ ៧:១៩ ) ។ ព្រះអម្ចាស់បានសន្យាថា ពួកគេនឹង « បានរស់នៅដោយសុខជារៀងដរាបតទៅ » ( ម៉ូសេ ៧:២០ ) ។ បន្ទាប់មក ហេណុកបានឃើញ និងយំសោកចំពោះការបំផ្លិចបំផ្លាញដែលបានកើតឡើងក្នុងអំឡុងពេលទឹកជំនន់ ។ ដោយស្វែងរកការលួងលោម នោះហេណុកបានទូលសួរថាតើព្រះអម្ចាស់នឹងមានសេចក្តីមេត្តាករុណាចំពោះប្រជាជនដែលបានមកបន្ទាប់ពីទឹកជំនន់នោះដែរឬទេ ។ ជាការឆ្លើយតប ព្រះអម្ចាស់បានបង្រៀន និងបានបង្ហាញហេណុកអំពីព្រះអង្គសង្រ្គោះ និងដង្វាយធួនរបស់ទ្រង់ ( សូមមើល ម៉ូសេ ៧:៤២–៥៧ ) ។
សូមអាន ម៉ូសេ ៧:៥៣ ដោយរកមើលរបៀបដែលព្រះអង្គសង្គ្រោះបានរៀបរាប់អំពីអង្គទ្រង់ ។
-
តើអ្វីដែលព្រះអម្ចាស់បានចែកចាយនៅក្នុងខគម្ពីរនេះអាចលួងលោមហេណុកយ៉ាងដូចម្ដេច ?
សូមអញ្ជើញសិស្សឲ្យគូសចំណាំ ហើយពិភាក្សាអំពីព្រះបរមងារ និងតួនាទីផ្សេងៗរបស់ព្រះយេស៊ូវគ្រីស្ទនៅក្នុង ខទី ៥៣ ។ មេរៀននេះនឹងផ្តោតទៅលើព្រះបរមងាររបស់ទ្រង់ជា « ស្តេចនៃស៊ីយ៉ូន » ។ អ្នកអាចសួរសំណួរតាមដានអំពីព្រះបរមងារនេះដូចជា ៖
-
តើព្រះយេស៊ូវគ្រីស្ទប្រៀបដូចជាស្តេចដ៏មានអំណាច និងគួរឲ្យស្រឡាញ់ចំពោះយើងយ៉ាងដូចម្ដេច ?
-
តើឃ្លាអ្វីផ្សេងទៀតក្នុងខគម្ពីរនេះពិពណ៌នាអំពីពរជ័យដែលអ្នកចង់បានពីការធ្វើតាមស្តេចនៃស៊ីយ៉ូន ?
សូមពិចារណារំឭកសិស្សថា ទីក្រុងស៊ីយ៉ូនបានបង្កើតឡើងដោយមនុស្ស ដូចជាប្រជាជនរបស់ហេណុកដែលមាន « ចិត្តល្អសុទ្ធសាធ » ( គោលលទ្ធិ និងសេចក្តីសញ្ញា ៩៧:២១ )—មនុស្សដែលដូចជាព្រះអម្ចាស់ ។
ព្រះអម្ចាស់នឹងរក្សារាស្ត្ររបស់ទ្រង់
ហេណុកបានទូលសួរព្រះអម្ចាស់ថាតើទ្រង់នឹងមកផែនដីម្តងទៀតដែរឬទេ ។ ព្រះអម្ចាស់បានបង្ហាញហេណុកអំពីថ្ងៃចុងក្រោយ និងរឿងដែលទ្រង់នឹងធ្វើសម្រាប់មនុស្សដែលខិតខំធ្វើតាមទ្រង់ ។
សូមអាន ម៉ូសេ ៧:៦០–៦១ ដោយរកមើលអ្វីដែលព្រះអម្ចាស់បានសន្យាថានឹងធ្វើ ។
-
តើអ្នកគិតថាចំពោះព្រះអម្ចាស់ការ « រក្សា »ប្រជាជនដែលខិតខំធ្វើតាមទ្រង់មានន័យដូចម្ដេច ?
ពេលសិស្សអាន ម៉ូសេ ៧:៦២ ដូចដែលបានដឹកនាំខាងក្រោមនេះ អ្នកគួរជួយពួកគេឲ្យមើលឃើញថាតើព្រះសកម្មយ៉ាងណាក្នុងការរក្សារាស្ត្ររបស់ទ្រង់ ។ វិធីមួយដើម្បីធ្វើបែបនេះគឺត្រូវអញ្ជើញសិស្សឲ្យយកចិត្តទុកដាក់រាល់ការប្រើពាក្យ ខ្ញុំ និងកិរិយាសព្ទដែលមាននៅពីក្រោយពាក្យខ្ញុំ ។ អ្នកក៏អាចអញ្ជើញពួកគេឲ្យសង្កេតមើលនៅពេលដែលព្រះអម្ចាស់ប្រើពាក្យ របស់ខ្ញុំ ឬ ខ្ញុំ និងពាក្យអ្វីដែលជាប់ទាក់ទងនឹងពាក្យទាំងនេះ ។
ទោះបីជា ហេណុកបានឃើញក្នុងទស្សននិមិត្តនូវទឹកជំនន់ដ៏សាហាវនៅសម័យណូអេក៏ដោយ ក៏ព្រះអម្ចាស់បានបង្ហាញហេណុកពីរបៀបដែលទ្រង់នឹងប្រមូលមនុស្សទៅកាន់ទ្រង់ ហើយថែរក្សាពួកគេដែរ ។
សូមអាន ម៉ូសេ ៧:៦២ ដោយរកមើលអ្វីដែលព្រះអម្ចាស់នឹងធ្វើដើម្បីរក្សារាស្រ្តរបស់ទ្រង់ ។
-
តើអ្វីខ្លះដែលព្រះអម្ចាស់នឹងធ្វើដើម្បីរក្សារាស្រ្តរបស់ទ្រង់?
សូមសរសេរឃ្លាខាងក្រោមនេះនៅលើក្ដារខៀន ៖ ដើម្បីរក្សារាស្រ្តរបស់ទ្រង់នៅថ្ងៃចុងក្រោយនេះ ព្រះអម្ចាស់នឹង …
ពេលសិស្សឆ្លើយ សូមសរសេរឃ្លាខាងក្រោមនៅលើក្ដារខៀន ៖
ចាត់សេចក្ដីសុចរិតឲ្យចុះមកពីស្ថានសួគ៌ ។
ចាត់សេចក្ដីពិតឲ្យចេញពីផែនដីទៅ ។
ប្រមូលរាស្រ្តទ្រង់ទៅកាន់ស៊ីយ៉ូន ( សូមមើល គោលលទ្ធិ និងសេចក្តីសញ្ញា ១១៥:៦ ) ។
-
តើរបៀបណាខ្លះដែលព្រះអម្ចាស់កំពុងបំពេញការព្យាករណ៍នេះនៅសម័យរបស់យើង ?
សេចក្ដីសុចរិតឲ្យចុះមកពីស្ថានសួគ៌ និងសេចក្ដីពិតឲ្យចេញពីផែនដីទៅដើម្បីប្រមូលយើងទៅកាន់ស៊ីយ៉ូន
ដើម្បីជួយសិស្សឲ្យយល់ពីទិដ្ឋភាពបីផ្សេងគ្នានៃសេចក្ដីពិតនេះ អ្នកអាចសរសេរ « សេចក្ដីសុចរិតឲ្យចុះមកពីស្ថានសួគ៌ » « សេចក្ដីពិតឲ្យចេញពីផែនដីទៅ » និង « ស៊ីយ៉ូន » នៅលើក្ដារខៀនក្នុងជួរឈរដាច់ដោយឡែកពីគ្នា ។ ខាងក្រោមនេះគឺជាប្រយោគ និងរូបភាពដែលតភ្ជាប់ទៅនឹងទិដ្ឋភាពនីមួយៗ ។ សូមសរសេរប្រយោគនីមួយៗលើក្រដាសដាច់ដោយឡែក ឬបង្ហាញរូបភាព ។ បន្ទាប់មកសិស្សអាចផ្គូផ្គងប្រយោគ ឬរូបភាពទៅនឹងចំណងជើងមួយនៅលើក្ដារខៀន ។
សេចក្ដីសុចរិតឲ្យចុះមកពីស្ថានសួគ៌
-
យ៉ូសែប ស្ម៊ីធ និងការនិមិត្តដំបូង ។
-
យ៉ូហាន បាទីស្ទ ប្រគល់បព្វជិតភាពអើរ៉ុនដល់ យ៉ូសែប ស្ម៊ីធ ។
-
ពេត្រុស យ៉ាកុប និង យ៉ូហាន បានផ្ដល់បព្វជិតភាពម៉ិលគីស្សាដែកទៅកាន់យ៉ូសែប ស្ម៊ីធ ។
-
ព្រះអម្ចាស់បានបើកសម្តែងពីគោលលទ្ធិ និងសេចក្ដីសញ្ញា ។
-
ព្រះអម្ចាស់បើកសម្តែងព្រះបន្ទូលរបស់ទ្រង់តាមរយៈពួកព្យាការីសម័យទំនើប ។
សេចក្ដីពិតឲ្យចេញពីផែនដីទៅ
-
យ៉ូសែប ស៊្មីធ ទទួលបាន ហើយបកប្រែផ្ទាំងមាស ។
ក្រុងស៊ីយ៉ូន
-
យើងទាំងអស់គ្នាជាផ្នែកមួយនៃវួដ ឬសាខា ។
សូមជួយសិស្សឲ្យពិចារណាពីសារៈសំខាន់នៃអ្វីដែលព្រះអម្ចាស់បានធ្វើ ។ របៀបមួយដែលអ្នកអាចធ្វើការណ៍នេះបាន គឺតាមរយៈការអញ្ជើញសិស្សឲ្យបំពេញដូចតទៅនេះនៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់ពួកគេ ។ ប្រសិនបើអ្នកប្រើសកម្មភាពមុន សិស្សអាចជ្រើសរើសអ្វីមួយពីបញ្ជីនៅលើក្ដារខៀន ។
សូមបញ្ជាក់ពីរបៀបពីរយ៉ាងដែលព្រះអម្ចាស់កំពុងរក្សារាស្រ្តរបស់ទ្រង់ពីសេចក្តីវេទនានៃសម័យរបស់យើង ហើយឆ្លើយសំណួរដូចខាងក្រោមនេះ ។ បើអាចធ្វើទៅបាន សូមគិតពីគំរូជាក់លាក់មួយ ។ អ្នកអាចលើកឡើងពីបទពិសោធន៍មួយពីបព្វជិតភាព វគ្គបទគម្ពីរចេញពីព្រះគម្ពីរមរមន បទពិសោធន៍មួយនៅក្នុងវួដ ឬសាខារបស់អ្នកជាដើម ។
-
តើគំរូនេះបានជួយអ្នកឲ្យស្គាល់ព្រះអង្គសង្គ្រោះកាន់តែច្បាស់យ៉ាងដូចម្ដេច ?
-
តើវាមាន ឬវាអាចជួយដល់ការលំបាកនៅសម័យចុងក្រោយយ៉ាងដូចម្ដេច ?
សូមអញ្ជើញសិស្សបីបួននាក់ឲ្យចែកចាយចម្លើយរបស់ពួកគេ ។
សូមរកមើលរបៀបជួយសិស្សឲ្យស្គាល់ និងដឹងគុណដល់អ្វីៗដែលព្រះអម្ចាស់បានធ្វើទាំងអស់ ដើម្បីជួយពួកគេចំពោះការសាកល្បង និងការលំបាកនៅសម័យចុងក្រោយ ។ របៀបមួយដែលអ្នកអាចធ្វើបានគឺត្រូវស្តាប់ដោយយកចិត្តទុកដាក់នូវអ្វីដែលសិស្សនិយាយ និងបញ្ជាក់ពីអ្វីដែលវាអាចបង្រៀនយើងអំពីបុគ្គលិកលក្ខណៈ និងនិស្ស័យរបស់ព្រះអម្ចាស់ ។ ( សម្រាប់ការបណ្ដុះបណ្ដាលបន្ថែមអំពីការជួយសិស្សឲ្យដឹង និងទទួលអារម្មណ៍នៃសេចក្ដីស្រឡាញ់របស់ព្រះអម្ចាស់ សូមមើល « ជួយសិស្សឲ្យពង្រឹងទំនាក់ទំនងរបស់ពួកគេជាមួយព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ » នៅក្នុងជំនាញការអភិវឌ្ឍគ្រូបង្រៀន ) ។