« ម៉ូសេ ៧:២២–៤៧ ៖ ការនិមិត្តរបស់ហេណុក » សៀវភៅសិក្សាព្រះគម្ពីរសញ្ញាចាស់សម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា ( ឆ្នាំ ២០២៦ )
« ម៉ូសេ ៧:២២–៤៧ ៖ ការនិមិត្តរបស់ ហេណុក » សៀវភៅសិក្សាព្រះគម្ពីរសញ្ញាចាស់សម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា
ម៉ូសេ ៧ ៖ មេរៀនទី ១៧
ម៉ូសេ ៧:២២–៤៧
ការនិមិត្តរបស់ហេណុក
តើនៅពេលណាដែលអ្នកទទួលអារម្មណ៍នៃសេចក្តីមេត្តាករុណារបស់ព្រះនៅក្នុងជីវិតរបស់អ្នក ? ព្រះអម្ចាស់បានបង្ហាញហេណុកនូវការនិមិត្តមួយនៃប្រវត្តិសាស្រ្តរបស់ផែនដី ចាប់តាំងពីសម័យរបស់គាត់ផ្ទាល់រហូតដល់សហស្សវត្សរ៍ ។ ហេណុកបានរៀនតាមរបៀបដ៏ស៊ីជម្រៅមួយអំពីសេចក្ដីស្រឡាញ់ផ្ទាល់ខ្លួនរបស់ព្រះវរបិតាសួគ៌ចំពោះបុត្រាបុត្រីរបស់ទ្រង់ ។ មេរៀននេះអាចជួយសិស្សឲ្យទទួលអារម្មណ៍នូវសេចក្តីមេត្តាករុណា និងសេចក្ដីស្រឡាញ់របស់ព្រះចំពោះបុត្រាបុត្រីទាំងអស់របស់ទ្រង់ ។
ការរៀបចំរបស់សិស្ស ៖ សូមអញ្ជើញសិស្សឲ្យគិតអំពីបទពិសោធន៍ និងបទគម្ពីរដែលជួយពួកគេឲ្យដឹងថា ព្រះវរបិតាសួគ៌មានលក្ខណៈដូចម្ដេច ។ ពួកគេក៏អាចសួរឪពុកម្តាយ ឬថ្នាក់ដឹកនាំ ឬមិត្តដែលគួរឲ្យទុកចិត្តឲ្យចែកចាយបទពិសោធន៍ ឬព្រះគម្ពីរជាមួយពួកគេផងដែរ ។ សូមអញ្ជើញសិស្សឲ្យមករៀនដោយត្រៀមខ្លួនរួចជាស្រេចដើម្បីចែកចាយ ។
សកម្មភាពរៀនសូត្រដែលអាចមាន
ការពិបាកក្នុងការទទួលអារម្មណ៍នៃសេចក្តីមេត្តាករុណា និងសេចក្ដីស្រឡាញ់របស់ព្រះ
ដើម្បីរៀបចំសិស្សឲ្យរៀនបន្ថែមអំពីព្រះ និងបុគ្គលិកលក្ខណៈរបស់ទ្រង់ សូមអាន ឬបង្ហាញសាច់រឿងដូចខាងក្រោមនេះ ៖
ខាលេប ឆ្ងល់ថាតើព្រះយកព្រះទ័យទុកដាក់តែចំពោះមនុស្សដែលកំពុងធ្វើអ្វីដែលត្រឹមត្រូវប៉ុណ្ណោះឬ ។
ហ្សូ ព្រួយបារម្ភថាព្រះប្រហែលជាក្រោធខឹងនឹងជម្រើសដែលនរណាម្នាក់ជិតស្និទ្ធនឹងនាងកំពុងធ្វើ ។ នាងព្រួយបារម្ភថា ទ្រង់ប្រហែលជាចង់ដាក់ពិន័យដល់ពួកគេ ។
អូលីវៀ មិនគិតថានាងអាចទទួលអារម្មណ៍នៃសេចក្តីស្រឡាញ់របស់ព្រះនោះទេ ។
-
ហេតុអ្វីបានជាមនុស្សទាំងនេះមានអារម្មណ៍បែបនេះ ?
សូមជ្រើសរើសសាច់រឿងមួយក្នុងចំណោមសាច់រឿងទាំងនេះដើម្បីពិចារណានៅពេលដែលអ្នកបន្តមេរៀននេះ ។
ដើម្បីជួយសិស្សឲ្យទទួលយកឥទ្ធិពលនៃព្រះវិញ្ញាណបរិសុទ្ធពេញមួយមេរៀននេះ សូមលើកទឹកចិត្តពួកគេឲ្យពិចារណាសំណួរដូចខាងក្រោមនេះ ៖
-
តើអ្នកដឹងអ្វីខ្លះអំពីព្រះវរបិតាសួគ៌ដែលអាចជួយអ្នក ប្រសិនបើអ្នកមានកង្វល់ស្រដៀងគ្នានេះ ?
-
តើអ្នកមានសំណួរអ្វីខ្លះអំពីព្រះវរបិតាសួគ៌ ?
សូមស្វែងរកជំនួយពីព្រះអម្ចាស់ដើម្បីដឹង និងទទួលអារម្មណ៍ពីសេចក្ដីស្រឡាញ់របស់ទ្រង់ចំពោះអ្នក និងសម្រាប់បុត្រាបុត្រីរបស់ទ្រង់ទាំងអស់ ។
ការនិមិត្តរបស់ហេណុកអំពីអស់អ្នកដែលមិនបានយកទៅស្ថានសួគ៌
សូមពិចារណាពន្យល់រឿងខាងក្រោមនេះតាមពាក្យពេចន៍ផ្ទាល់របស់អ្នក ៖
សូមរំឭកថា តាមរយៈជំនួយនិងការណែនាំរបស់ព្រះអម្ចាស់ ហេណុកបានស្ថាបនាទីក្រុងស៊ីយ៉ូន ឡើង ។ ប្រជារាស្ត្រនៃស៊ីយ៉ូនបានរួបរួមគ្នានៅក្នុងព្រះអម្ចាស់ បានរស់នៅដោយសុចរិត ហើយយកចិត្តទុកដាក់ចំពោះគ្នាទៅវិញទៅមក ( សូមមើល ម៉ូសេ ៧:១៦–១៩ ) ។ នៅក្នុងការនិមិត្តមួយ ព្រះអម្ចាស់បានបង្ហាញហេណុកថា ទ្រង់យកប្រជារាស្រ្តនៃស៊ីយ៉ូនទៅកាន់ស្ថានសួគ៌ដោយសារសេចក្ដីជំនឿ និងសេចក្ដីសុចរិតរបស់ពួកគេ ( សូមមើល ម៉ូសេ ៧:២០–២១ ) ។ ហេណុក « ក៏បានឃើញមនុស្សដែលនៅសល់ទាំងប៉ុន្មាន » ( ម៉ូសេ ៧:២២ ) ដែលសំដៅទៅលើមនុស្សដែលនៅសល់នៅលើផែនដី ព្រោះពួកគេមិនធ្វើតាមព្រះអង្គសង្គ្រោះនោះទេ ។
សូមអាន ម៉ូសេ ៧:២៣–២៦ ដោយរកមើលអ្វីដែលហេណុកបានឃើញ ។
-
តើអ្នករៀនអ្វីខ្លះអំពីសាតាំង ?
-
តើអ្នកគិតថា ហេតុអ្វីបានជាវាសំខាន់ដើម្បីយល់រឿងទាំងនេះអំពីសាតាំង ?
ហេណុកមើលឃើញពីរបៀបដែលព្រះមានប្រតិកម្មចំពោះអំពើទុច្ចរិត
បន្ទាប់មក ហេណុកមានបទពិសោធន៍ដ៏ទន់ភ្លន់មួយនៅពេលដែលលោកបានមើលឃើញព្រះទតទៅមនុស្សដែលបានជ្រើសរើសមិនគោរពតាមទ្រង់ ។
អ្នកប្រហែលជាចង់ពន្យល់ថា ហេណុកបានឃើញព្រះយេហូវ៉ា ឬព្រះយេស៊ូវគ្រីស្ទ ។ ចាប់តាំងពីការធ្លាក់របស់លោកអ័ដាម ព្រះយេហូវ៉ាគឺជាអង្គដែលបង្ហាញព្រះកាយ និងមានព្រះបន្ទូលជាមួយពួកព្យាការីទាំងឡាយ ។ នៅក្នុងឱកាសទាំងនេះ ទ្រង់តែងតែមានព្រះបន្ទូលដូចជាទ្រង់គឺជាព្រះវរបិតាដែរ ។ ភាពរួបរួមរបស់ព្រះវរបិតា និងព្រះរាជបុត្រាគឺដូច្នេះថា អារម្មណ៍របស់ព្រះអង្គសង្គ្រោះក៏តំណាងឲ្យអារម្មណ៍របស់ព្រះបិតាដែរ ។ ដូច្នេះ អ្វីដែលសិស្សនឹងសិក្សាអំពីការនិមិត្តនេះរវាងហេណុក និងព្រះយេហូវ៉ា ក៏អាចជួយពួកគេរៀនអំពីព្រះវរបិតាសួគ៌ផងដែរ ។
នៅពេលសិស្សអានខគម្ពីរខាងក្រោមនេះ អ្នកអាចលើកទឹកចិត្តពួកគេឲ្យអានយឺតៗ សូមផ្អាកដើម្បីពិចារណាអំពីអ្វីដែលពួកគេបានអាន ហើយប្រហែលជាអានខគម្ពីរនោះច្រើនជាងម្តង ។ ការអានតាមរបៀបនេះអាចជួយសិស្សយាងអញ្ជើញព្រះវិញ្ញាណឲ្យបង្រៀនពួកគេបន្ថែមទៀតអំពីព្រះវរបិតាសួគ៌របស់ពួកគេ ។
សូមអាន ម៉ូសេ ៧:២៨–៣៣ ហើយគូសចំណាំពាក្យ ឬឃ្លាដែលជួយអ្នកឲ្យដឹង និងយល់ពីព្រះវរបិតាសួគ៌ឲ្យកាន់តែច្បាស់ ។
-
តើអ្នកបានរៀនអ្វីខ្លះអំពីព្រះនៅក្នុងខគម្ពីរទាំងនេះ ?
សូមពិចារណាសរសេរ « ព្រះ… » នៅលើក្ដារខៀន ហើយសុំឲ្យសិស្សបញ្ចប់សេចក្ដីថ្លែងការណ៍នេះជាមួយនឹងអ្វីដែលពួកគេបានរៀន ។ សូមលើកទឹកចិត្តឲ្យមានការឆ្លើយតបផ្សេងៗ ។ ចម្លើយមួយចំនួនអាចរួមមាន ៖
-
ស្រឡាញ់យើងយ៉ាងជ្រាលជ្រៅ ( ខទី ២៨–៣៣ ) ។
-
បានបង្កើតសកលលោកដែលមិនទាន់មានសម្រាប់យើងនៅឡើយ ( ខទី ៣០ ) ។
-
យុត្តិធម៌ មានសេចក្តីមេត្តាករុណា និងសប្បុរស ( ខទី ៣០ ) ។
-
ប្រទានសិទ្ធិជ្រើសរើសឲ្យយើង ( ខទី ៣២ ) ។
-
សព្វព្រះទ័យឲ្យយើងស្រឡាញ់គ្នាទៅវិញទៅមក ( ខទី ៣៣ ) ។
-
សព្វព្រះទ័យឲ្យយើងជ្រើសរើសទ្រង់ ( ខទី ៣៣ ) ។
នៅពេលសិស្សចែកចាយអ្វីដែលពួកគេបានរកឃើញ សូមពិចារណាសួរសំណួរតាមដានដូចជា ៖
-
ហេតុអ្វីសេចក្ដីពិតអំពីព្រះវរបិតាសួគ៌មានអត្ថន័យចំពោះអ្នក ?
-
តើការដឹងពីសេចក្ដីពិតនោះអាចជួយបុគ្គលនៅក្នុងស្ថានភាពដែលអ្នកបានជ្រើសរើសយ៉ាងដូចម្ដេច ? តើវាអាចជួយបងប្អូនដោយរបៀបណា ?
ដោយប្រើប្រាស់បទពិសោធន៍របស់ហេណុក ប្រធាន ជែហ្វ្រី អ័រ ហូឡិន ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានបង្រៀនថា ព្រះអង្គសង្គ្រោះបង្ហាញយើងថាតើព្រះវរបិតាមានលក្ខណៈយ៉ាងដូចម្ដេច ហើយថាតើទ្រង់ស្រឡាញ់យើងប៉ុនណា ។ លោកបានចែកចាយនូវការយល់ដឹងដូចខាងក្រោមអំពីព្រះវរបិតាសួគ៌ ៖
នៅក្នុងចំណោមការនិមិត្តដ៏អស្ចារ្យមួយរបស់មនុស្សលោក ពេលដែលស្ថានសួគ៌បានបើកបង្ហាញឲ្យឃើញ នោះហេណុកដោយបានអង្កេតមើលពីពរជ័យ និងឧបសគ្គនៃជីវិតរមែងស្លាប់នេះ បានងាកមុខលោកទៅកាន់ព្រះវរបិតា ហើយបានភ្ញាក់ផ្អើលយ៉ាងខ្លាំងពេលឃើញទ្រង់ព្រះកន្សែង ។ លោកថ្លែងដោយការអស្ចារ្យ និងចិត្តរំភើបទៅកាន់អង្គដ៏មានព្រះចេស្ដាបំផុតក្នុងសកលលោកនេះថា « ម្ដេចឡើយក៏ទ្រង់ព្រះកន្សែង ? » …
វាជាស្ថានភាពតែមួយគត់ដែលបង្រៀនអ្វីជាច្រើនអំពីនិស្ស័យដ៏ពិតនៃព្រះ ជាងសន្ធិសញ្ញាអំពីទ្រឹស្ដីធម្មតាទាំងអស់អាចបង្រៀនបាន ។ …
ឱ នោះជារូបភាពនៃការពាក់ព័ន្ធរបស់ព្រះនៅក្នុងជីវិតរបស់យើងដែលមិនអាចលុបចោលបានឡើយ ! តើព្រះបិតាឈឺព្រះទ័យយ៉ាងណាទៅ ពេលបុត្រាបុត្រីរបស់ទ្រង់មិនបានជ្រើសរើសទ្រង់ ហើយមិនជ្រើសរើស « ដំណឹងល្អនៃព្រះ » ដែលទ្រង់បានបញ្ជូនមកនោះ ! [ រ៉ូម ១:១ ] ។ ឱ វាងាយស្រួលយ៉ាងណាទៅ ដើម្បីស្រឡាញ់នរណាម្នាក់ដែលស្រឡាញ់តែយើងម្នាក់យ៉ាងខ្លាំងនោះ ! …
ខ្ញុំថ្លែងទីបន្ទាល់ដោយផ្ទាល់ពីព្រះផ្ទាល់នៅថ្ងៃនេះ ព្រះដែលមានព្រះជន្មរស់ ដែលស្គាល់ឈ្មោះយើង ស្តាប់ និងឆ្លើយតបការអធិស្ឋានរបស់យើង ហើយស្រឡាញ់យើងអស់កល្បជានិច្ចទុកដូចជាបុត្រាបុត្រីខាងវិញ្ញាណរបស់ទ្រង់ ។ ( « The Grandeur of God » Liahona ខែ វិច្ឆិកា ឆ្នាំ ២០០៣ ទំព័រ ៧២ )
សូមអញ្ជើញសិស្សឲ្យចែកចាយអ្វីដែលគួរឲ្យចាប់អារម្មណ៍ចេញពីសេចក្តីថ្លែងការណ៍របស់ប្រធាន ហូឡិន ។
សូមពិចារណាសរសេរសំណួរបីខាងក្រោមនៅលើក្ដារខៀន ។ សូមអញ្ជើញសិស្សឲ្យពិភាក្សាពីសំណួរនេះនៅក្នុងក្រុមតូចៗ ។ សូមអញ្ជើញពួកគេឲ្យពិភាក្សាអំពីរបៀបដែលគំនិតទាំងនេះអាចអនុវត្តចំពោះស្ថានភាពដែលពួកគេបានជ្រើសរើសនៅពេលចាប់ផ្ដើមមេរៀនផងដែរ ។ នៅពេលសិស្សឆ្លើយ សូមដើរចុះឡើងជុំវិញបន្ទប់ ហើយស្តាប់ចម្លើយរបស់ពួកគេខ្លះៗ ។
-
តើអ្នកគិតថា ហេតុអ្វីព្រះវរបិតាសួគ៌ទ្រង់ព្រះកន្សែង នៅពេលយើងមិនស្រឡាញ់គ្នាទៅវិញទៅមក ?
-
ហេតុអ្វីទ្រង់ព្រះកន្សែងនៅពេលយើងជ្រើសរើសមិនធ្វើតាម និងមិនស្រឡាញ់ទ្រង់ ?
-
តើការកុហកអ្វីខ្លះដែលសាតាំងចង់ឲ្យយើងជឿអំពីអារម្មណ៍របស់ព្រះចំពោះយើង ?
បន្ទាប់ពីសិស្សបានពិភាក្សាសំណួរទាំងនេះហើយ សូមពិចារណាសួរពីអ្វីដែលពួកគេបានឮពីសិស្សម្នាក់ទៀត ដែលនឹងមានប្រយោជន៍ដើម្បីចែកចាយជាមួយថ្នាក់ទាំងមូល ។ ការណ៍នេះអនុញ្ញាតឲ្យសិស្សពិនិត្យមើលចម្លើយឡើងវិញខណៈដែលផ្ដល់ការសរសើរឲ្យគ្នាទៅវិញទៅមកចំពោះចម្លើយរបស់ពួកគេផងដែរ ។ អ្នកក៏អាចចង្អុលបង្ហាញចម្លើយដែលមានអត្ថប្រយោជន៍ដែលអ្នកបានឮផងដែរ ។
ហេណុកមើលឃើញពីព្រះជន្ម និងបេសកកម្មរបស់ព្រះអង្គសង្រ្គោះ
បន្ទាប់មក ព្រះអម្ចាស់បានបង្ហាញហេណុកថា មនុស្សដែលនៅសល់នៅលើផែនដីដែលមិនប្រែចិត្តនឹងវិនាសនៅក្នុងទឹកជំនន់ ( សូមមើល ម៉ូសេ ៧:៣៤–៤៤ ) ។ ជាការឆ្លើយតប ហេណុកបានយំ ។ បន្ទាប់មក ព្រះអម្ចាស់បានលួងលោមហេណុកដោយមានព្រះបន្ទូលថា ៖ « ចូរលើកចិត្តអ្នកឡើង ហើយរីករាយចុះ ហើយចូរមើល » ( ម៉ូសេ ៧:៤៤ ) ។
សូមអាន ម៉ូសេ ៧:៤៤–៤៧ ដោយរកមើលអ្វីដែលព្រះអម្ចាស់បានបង្ហាញដល់ហេណុកដើម្បីលួងលោមចិត្តរបស់លោក ។ វាប្រហែលជាមានអត្ថប្រយោជន៍ដើម្បីដឹងថា « អ្នកសុចរិត » ( ខទី ៤៥ និង ៤៧ ) គឺជាព្រះបរមងាររបស់ព្រះយេស៊ូវគ្រីស្ទ ។
-
តើអ្នកគិតថា ហេតុអ្វីការមើលឃើញរឿងទាំងនេះនឹងធ្វើឲ្យព្រលឹងរបស់ហេណុករីករាយ ? ( ខទី ៤៧ ) ។
-
តើការចាត់ព្រះយេស៊ូវគ្រីស្ទបង្ហាញពីសេចក្ដីមេត្តាករុណា និងសេចក្ដីស្រឡាញ់របស់ព្រះវរបិតាយ៉ាងដូចម្ដេច ?
ប្រសិនបើមានអត្ថប្រយោជន៍ អ្នកអាចពិភាក្សាអំពីរបៀបដែលព្រះអង្គសង្គ្រោះនឹងជួយដល់បុត្រាបុត្រីទាំងអស់របស់ព្រះ សូម្បីតែមនុស្សដែលទុច្ចរិត និងបានស្លាប់នៅក្នុងទឹកជំនន់ ។ សូមជួយសិស្សឲ្យយល់ថា ទោះជាមនុស្សទុច្ចរិតបានស្លាប់នៅក្នុងទឹកជំនន់ក៏ដោយ ហើយនឹងត្រូវរងទុក្ខចំពោះអំពើបាបរបស់ពួកគេនៅក្នុងពិភពវិញ្ញាណក្តី ក៏ពួកគេនៅតែអាចប្រែចិត្តបានតាមរយៈព្រះអង្គសង្រ្គោះដែរ ( សូមមើល ម៉ូសេ ៧:៣៨–៣៩; ពេត្រុស ទី១ ៣:១៨–២០ ) ។
ការទទួលអារម្មណ៍នៃសេចក្តីស្រឡាញ់របស់ព្រះ
ដើម្បីបញ្ចប់ សូមអញ្ជើញសិស្សឲ្យស្វែងរកជំនួយតាមរយៈព្រះវិញ្ញាណបរិសុទ្ធ នៅពេលពួកគេធ្វើសកម្មភាពដូចខាងក្រោមនេះ ។ ផ្ទុយទៅវិញ សិស្សអាចសរសេរទៅកាន់នរណាម្នាក់ក្នុងជីវិតរបស់ពួកគេ ដែលប្រហែលជាត្រូវការទទួលអារម្មណ៍ពីសេចក្ដីមេត្តាករុណា និងសេចក្ដីស្រឡាញ់របស់ព្រះវរបិតាសួគ៌ ។
សូមសរសេរលិខិតមួយដើម្បីជួយបុគ្គលក្នុងសាច់រឿងដែលអ្នកបានជ្រើសរើសនៅពេលចាប់ផ្ដើមមេរៀននេះ ។ ដោយជាផ្នែកមួយនៃសំបុត្ររបស់អ្នក សូមបញ្ចូលដូចខាងក្រោម ៖
-
អ្វីដែលអ្នកបានរៀនពី ម៉ូសេ ៧ អំពីសេចក្ដីមេត្តាករុណា និងសេចក្ដីស្រឡាញ់របស់ព្រះវរបិតាសួគ៌ ។ សូមរួមបញ្ចូលឃ្លា ឬខគម្ពីរដែលអ្នកមានអារម្មណ៍ថា មានអត្ថន័យជាពិសេស ។
-
ព្រះគម្ពីរ ឬបទពិសោធន៍ផ្សេងៗទៀតដែលបានជួយអ្នកឲ្យទទួលអារម្មណ៍ពីសេចក្ដីមេត្តាករុណា និងសេចក្ដីស្រឡាញ់របស់ព្រះ ។
-
គំនិតបន្ថែមទាំងឡាយដែលអ្នកគិតថាអាចជួយបុគ្គលម្នាក់នេះឲ្យទទួលអារម្មណ៍ពីសេចក្តីស្រឡាញ់របស់ព្រះ ។
សូមបញ្ចប់ដោយអញ្ជើញសិស្សឲ្យចែកចាយនូវគំនិត បទពិសោធន៍ និងអារម្មណ៍របស់ពួកគេ ។ សូមពិចារណាបន្ថែមទីបន្ទាល់ផ្ទាល់ខ្លួនរបស់អ្នកអំពីសេចក្ដីស្រឡាញ់របស់ព្រះវរបិតា ។