ថ្នាក់​សិក្ខាសាលា
ម៉ូសេ ៤:៥–៣២; ៥; ១–១៥ ផ្នែក​ទី ២ ៖ « ព្រោះ​អ្នក​បាន​ធ្លាក់ នោះ​អ្នក​នឹង​អាច​បាន​ប្រោស​លោះ »


« ម៉ូសេ ៤:៥–៣២; ៥; ១–១៥ ផ្នែក​ទី ២ ៖ ‹ ព្រោះ​អ្នក​បាន​ធ្លាក់ នោះ​អ្នក​នឹង​អាច​បាន​ប្រោស​លោះ › » សៀវភៅ​សិក្សា​ព្រះគម្ពីរ​សញ្ញាចាស់​សម្រាប់​គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា ( ឆ្នាំ ២០២៦ )

« ម៉ូសេ ៤:៥–៣២; ៥; ១–១៥ ផ្នែក​ទី ២ ៖ ‹ ព្រោះ​អ្នក​បាន​ធ្លាក់ នោះ​អ្នក​នឹង​អាច​បាន​ប្រោស​លោះ › » សៀវភៅ​សិក្សា​ព្រះគម្ពីរ​សញ្ញាចាស់​សម្រាប់​គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា

លោកុប្បត្តិ ៣–៤; ម៉ូសេ ៤–៥ ៖ មេរៀន​ទី ១២

ម៉ូសេ ៤:៥–៣២; ៥:១–១៥ ផ្នែក​ទី ២

« ព្រោះ​អ្នក​បាន​ធ្លាក់ នោះ​អ្នក​នឹង​អាច​បាន​ប្រោស​លោះ »

លោកអ័ដាម និង​នាងអេវ៉ា រៀន​អំពី​ការបូជាយញ្ញ

ការធ្លាក់​របស់​លោកអ័ដាម និង​នាងអេវ៉ា បាន​ចាប់ផ្ដើម​បញ្ហា​ប្រឈម​នានា​ដែល​ពួកលោក​មិន​ធ្លាប់​ឆ្លងកាត់​នៅក្នុង​សួនច្បារ​អេដែន ។ ពួកលោក​ត្រូវ​បាន​បំបែក​ចេញ​ពី​វត្តមាន​របស់​ព្រះ ហើយ​ឥឡូវនេះ​នឹង​ដកពិសោធន៍​នូវ​អំពើបាប សេចក្ដីស្លាប់​ខាង​សាច់ឈាម និង​ការលំបាក​ក្នុង​ជីវិត​រមែង​ស្លាប់​ផ្សេងទៀត ។ ទោះជា​យ៉ាងណា​ក៏ដោយ ព្រះវរបិតាសួគ៌​ដែលពេញ​ដោយ​ក្តី​ស្រឡាញ់​របស់​យើង​បាន​ប្រទាន​ព្រះអង្គសង្គ្រោះ ដើម្បី​យក​ឈ្នះ​លើ​ឥទ្ធិពល​នៃ​ការធ្លាក់​នេះ ។ មេរៀន​នេះ​អាច​ជួយ​សិស្ស​ទទួល​អារម្មណ៍​អំពី​អំណរ​នៃ​ការប្រោសលោះ​ពី​ការធ្លាក់​តាមរយៈ​ដង្វាយធួន​នៃ​ព្រះយេស៊ូវគ្រីស្ទ ។

ការរៀបចំ​របស់​សិស្ស ៖ សូម​អញ្ជើញ​សិស្ស​ឲ្យ​រកមើល​ឥទ្ធិពល​នៃ​ធ្លាក់​របស់​លោក​អ័ដាម និង​នាង​អេវ៉ា​ជុំវិញ​ខ្លួន​ពួកគេ ។ ទាំងនេះ​អាច​រួមបញ្ចូល​ការកើត ការស្លាប់ រូបកាយ អំពើបាប ភាពអត់ឃ្លាន ជំងឺ ។ល។ សូម​ស្នើ​ឲ្យ​សិស្ស​ជញ្ជឹងគិត​ពី​របៀប​ដែល​ព្រះ​យេស៊ូវ​គ្រីស្ទ​អាច​ជួយ ជាមួយ​នឹង​ឥទ្ធិពល​នីមួយៗ​ដែល​ពួកគេ​កត់​សម្គាល់​ឃើញ ។

សកម្មភាព​រៀនសូត្រ​ដែល​អាច​មាន

សេចក្តី​ត្រូវការ​នូវ​ព្រះប្រោសលោះ​របស់​យើង

សូម​ចាប់ផ្តើម​ថ្នាក់​ដោយ​ជួយ​សិស្ស​ឲ្យ​យល់​ពី​សេចក្តីត្រូវការ​នូវ​ដង្វាយធួន​នៃ​ព្រះ​យេស៊ូវ​គ្រីស្ទ​របស់​យើង ។ របៀប​មួយ​ដែល​អ្នក​អាច​ធ្វើ​បែបនេះ​បាន គឺ​ដោយ​ការប្រើ​គំនិត​ដូច​ខាងក្រោម ដែល​បាន​ដកស្រង់​ចេញ​ពី​សុន្ទរកថា « The Atonement of Jesus Christ » ( ថាត អរ ខាលីស្ទើរ Liahona ខែ ឧសភា ឆ្នាំ ២០១៩ ទំព័រ ៨៥ ) ។ សូម​បង្ហាញ​រូបភាព​នៃ​មនុស្ស​ម្នាក់​កំពុង​ធ្លាក់​ចេញ​ពី​លើ​យន្តហោះ ហើយ​អញ្ជើញ​សិស្ស​ឲ្យ​ពិភាក្សា​ដូច​ខាងក្រោម ៖

មនុស្ស​ធ្លាក់​ចេញ​ពី​លើ​យន្តហោះ

សូម​ស្រមៃ​ថា អ្នក​ធ្លាក់​ចេញ​ពី​លើ​យន្តហោះ​ដែល​មាន​ចម្ងាយ​រាប់​ពាន់​គីឡូវ​ម៉ែត្រ​ពី​លើ​អាកាស ដោយ​គ្មាន​ឆត្រយោង ឬ​ឧបករណ៍​ណាមួយ​ផ្សេងទៀត​ឡើយ ។

  • តើ​អ្នក​អាច​ធ្វើ​អ្វី​ដើម្បី​ព្យាយាម​បន្ថយ​ល្បឿន​ធ្លាក់​ចុះ​របស់​អ្នក ?

  • តើ​អ្នក​នឹង​មាន​សង្ឃឹម​ក្នុង​ការរស់រាន​មាន​ជីវិត​យ៉ាង​ដូចម្ដេច ?

ផ្ទុយ​ទៅ​វិញ សូម​ស្រមៃ​ថា មុន​ពេល​អ្នក​ធ្លាក់​ចេញ​ពី​លើ​យន្តហោះ មិត្ត​ម្នាក់​បាន​ពាក់​ឆត្រយោង​ឲ្យ​អ្នក ។

  • តើ​អ្នក​មាន​អារម្មណ៍​ខុសគ្នា​យ៉ាង​ដូចម្ដេច​ចំពោះ​ការធ្លាក់​របស់​អ្នក ?

  • តើ​អ្នក​មាន​អារម្មណ៍​យ៉ាង​ដូចម្ដេច​ចំពោះ​មិត្ត​របស់​អ្នក ?

    ដើម្បី​ជួយ​សិស្ស​ភ្ជាប់​ការពិភាក្សា​ពីមុន​ទៅ​នឹង​សេចក្តីត្រូវការ​នូវ​ដង្វាយធួន​នៃ​ព្រះ​យេស៊ូវ​គ្រីស្ទ​របស់​យើង ពួកគេ​អាច​ពិភាក្សា​សំណួរ​ខាងក្រោម​ជាមួយ​ដៃគូ ។ ប្រសិនបើ​សិស្ស​បាន​បង្កើត​កូន​សៀវភៅ​អំពី​ឥទ្ធិពល​នៃ​ការធ្លាក់​នៅក្នុង មេរៀន​មុន នោះ ដំបូង​អ្នក​អាច​អញ្ជើញ​ពួកគេ​ឲ្យ​ពិនិត្យ​មើល​ត្រួសៗ​នូវ​កូន​សៀវភៅ​ទាំងនេះ​បាន ។ ប្រសិនបើ​សិស្ស​មិន​បាន​បង្កើត​កូន​សៀវភៅ​ទេ អ្នក​អាច​កែប្រែ​សកម្មភាព​ដែល​យោង​ទៅ​កូនសៀវភៅ​ទាំងនេះ​បាន ។

  • តើ​យើង​អាច​ប្រៀបធៀប​ភាពស្រដៀង​គ្នា​នេះ​ទៅនឹង​ការធ្លាក់​របស់​លោកអ័ដាម និង​នាងអេវ៉ា និង​តួនាទី​នៃ​ដង្វាយធួន​របស់​ព្រះ​យេស៊ូវ​គ្រីស្ទ នៅក្នុង​ផែនការ​របស់​ព្រះវរបិតាសួគ៌​បាន​យ៉ាង​ដូចម្ដេច ?

  • តើ​ឥទ្ធិពល​មួយ​ចំនួន​ណា​ខ្លះ​នៃ​ការធ្លាក់​ដែល​យើង​ត្រូវការ​ជំនួយ​ពី​ព្រះ​យេស៊ូវ​គ្រីស្ទ​ដើម្បី​យកឈ្នះ ?

    តាម​តម្រូវការ សូម​រំឭក​សិស្ស​ថា ដោយសារ​ការធ្លាក់ នោះ​យើង​ទាំងអស់​គ្នា​សុទ្ធតែ​ទទួល​បទពិសោធន៍​នូវ​សេចក្ដីស្លាប់​ខាង​វិញ្ញាណ ។ នេះ​មាន​ន័យ​ថា យើង​ចាប់បាន​កើត​មក​ក្នុង​ពិភពលោក​ដែល​បំបែក​ចេញ​ពី​ទី​វត្តមាន​របស់​ព្រះ ហើយ​ការណ៍​ដែល​យើង​ប្រព្រឹត្ត​អំពើ​បាប ក៏​នឹង​បំបែក​យើង​ពី​ទ្រង់​ខាង​វិញ្ញាណ​ផងដែរ ។ ដោយសារ​ការធ្លាក់ នោះ​យើង​ក៏​ប្រឈមមុខ​នឹង​ការលំបាក ជំងឺ ភាពទន់ខ្សោយ និង​នៅ​ទីបំផុត​សេចក្ដីស្លាប់​ខាង​សាច់ឈាម​ផងដែរ ។

    សូម​អញ្ជើញ​សិស្ស​ឲ្យ​ជញ្ជឹងគិត​អំពី​ចំណុច​ដូច​ខាងក្រោម​នេះ ៖

  • តើ​សេចក្តីថ្លែង​ការណ៍​មួយ​ណា​ក្នុង​ចំណោម​សេចក្តីថ្លែងការណ៍​ខាងក្រោម​ដែល​ពិត​ចំពោះ​អ្នក ?

    1. ខ្ញុំ​មិន​ដឹង​ទេ​ថា​ហេតុអ្វី​បានជា​ខ្ញុំ​ត្រូវការ​ព្រះអង្គសង្គ្រោះ ។

    2. ខ្ញុំ​យល់​ហើយ​ថា ហេតុអ្វី​បានជា​ខ្ញុំ​ត្រូវការ​ព្រះអង្គសង្គ្រោះ ប៉ុន្តែ​មិន​គិត​ថា ខ្ញុំ​អាច​ពន្យល់​វា​ដល់​អ្នកផ្សេង​បាន​ឡើយ ។

    3. ខ្ញុំ​អាច​ពន្យល់​ពី​សេចក្តីត្រូវការ​ព្រះអង្គសង្គ្រោះ​របស់​យើង​ដល់​នរណាម្នាក់​ផ្សេងទៀត​បាន ។

    4. ខ្ញុំ​ទទួល​អារម្មណ៍​នូវ​សេចក្ដី​ស្រឡាញ់ និង​ការដឹងគុណ​ចំពោះ​ព្រះ​យេស៊ូវ​គ្រីស្ទ និង​អ្វី​ដែល​ទ្រង់​បាន​ធ្វើ​សម្រាប់​ខ្ញុំ ។

សូម​លើក​ទឹកចិត្ត​សិស្ស​ឲ្យ​អញ្ជើញ​ឥទ្ធិពល​របស់​ព្រះវិញ្ញាណបរិសុទ្ធ ដោយ​ការចូលរួម​យ៉ាង​សកម្ម​ពេញ​មួយ​មេរៀន​នេះ ។

ដង្វាយធួន​របស់​ព្រះយេស៊ូវ​គ្រីស្ទ

ដោយ​ជា​ផ្នែក​មួយ​នៃ​ការធ្លាក់ នោះ​លោកអ័ដាម និង​នាងអេវ៉ា​ត្រូវ​ចាកចេញ​ពី​សួនច្បារ​អេដែន ។ ព្រះអម្ចាស់​បាន​បន្ត​ប្រទានពរ​ដល់​ពួកលោក ដោយ​ការប្រទាន​សម្លៀក​បំពាក់ ( សូមមើល ម៉ូសេ ៤:២៧ ) ហើយ​ប្រទាន​ព្រះបញ្ញត្តិ ដើម្បី​ជួយ​ពួកលោក​យក​ឈ្នះ​លើ​ការធ្លាក់​នេះ ។

សូម​ពិចារណា​ដាក់​បង្ហាញ​រូបភាព​នៅ​ដើម​មេរៀន​នេះ ហើយ​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​អាន​ខគម្ពីរ​ខាងក្រោម ។ សូម​ផ្អាក​ម្តងម្កាល ដើម្បី​អញ្ជើញ​សិស្ស​ឲ្យ​ចែកចាយ​អ្វី​ដែល​ពួកគេ​កំពុង​រៀន ។ ឧទាហរណ៍ បន្ទាប់​ពី​បាន​អាន ខ​ទី ៥–៧ ពួកគេ​អាច​ពិភាក្សា​អំពី​របៀប​ដែល​ការថ្វាយ​កូន​សត្វ​ច្បង​នៃ​ហ្វូង​ចៀម​របស់​ពួកលោក​គឺជា​និមិត្តរូប​នៃ​ការពលិកម្ម​របស់​ព្រះ​យេស៊ូវ​គ្រីស្ទ ។ ឬ​អ្នក​អាច​សួរ​សិស្ស​ពី​អ្វី​ដែល​ពួកគេ​រៀន​ពី​គំរូ​របស់​លោកអ័ដាម អំពី​ការគោរព​ប្រតិបត្តិ និង​របៀប​ដែល​ពួកគេ​អាច​អនុវត្ត​តាម​គំរូ​នេះ​ចំពោះ​ជីវិត​របស់​ពួកគេ​ផ្ទាល់ ។

សូម​អាន ម៉ូសេ ៥:៥–៩ ដោយ​រកមើល​អ្វី​ដែល​ព្រះ​បាន​ដាក់​ព្រះបញ្ញត្តិ ។

  • តើ​លោកអ័ដាម និង​នាងអេវ៉ា​បាន​រៀនសូត្រ​អ្វីខ្លះ​ពី​ទេវតា និង​ព្រះវិញ្ញាណបរិសុទ្ធ ?

    សិស្ស​អាច​រកឃើញ​ថា តាមរយៈ​ដង្វាយធួន​នៃ​ព្រះ​យេស៊ូវ​គ្រីស្ទ យើង​អាច​ត្រូវ​បាន​ប្រោសលោះ​ពី​ការធ្លាក់​នេះ​បាន ។ សូម​ពិចារណា​អញ្ជើញ​សិស្ស​ឲ្យ​គូសចំណាំ​ពាក្យ ឬ​ឃ្លា​នៅក្នុង ខ​ទី ៧ និង​ទី ៩ ដែល​បង្រៀន​អំពី​សេចក្ដីពិត​នេះ ។ អ្នក​អាច​ពន្យល់​ថា បាន​ប្រោសលោះ មាន​ន័យ​ថា ត្រូវ​បាន​សង្គ្រោះត្រូវ​បាន​ដោះលែង ។

    រូបតំណាង​សំណៅ​មេរៀនដើម្បី​ជួយ​សិស្ស​ឲ្យ​យល់​កាន់តែ​ស៊ីជម្រៅ​អំពី​សេចក្តីពិត​នេះ សូម​បង្ហាញ​ការណែនាំ​ខាងក្រោម ហើយ​ផ្តល់សំណៅ​មេរៀន​ឲ្យ​សិស្ស ។ អ្នក​អាច​ចាត់​សិស្ស​ជា​ក្រុម​ដែល​មាន​គ្នា​បីនាក់ ហើយ​អញ្ជើញ​សិស្ស​ម្នាក់ៗ​ក្នុង​ក្រុម​ឲ្យ​សិក្សា​ផ្នែក​ផ្សេង​គ្នា​នៃ​សំណៅ​មេរៀន​នោះ ។ បន្ទាប់មក សិស្ស​អាច​ចែកចាយ​ជាមួយ​ក្រុម​របស់​ពួកគេ​នូវ​អ្វី​ដែល​ពួកគេ​បាន​រៀន ហើយ​បង្កើត​ទំព័រ​ថ្មី​នៅក្នុង​កូន​សៀវភៅ​របស់​ពួកគេ​រួមគ្នា ។ ( ចំណាំ ៖ មេរៀន​ទី ២១ ៖ « វាយតម្លៃ​ការរៀនសូត្រ​របស់​អ្នក​ទី ១ » សូម​ណែនាំ​សិស្ស​ឲ្យ​យោង​ទៅលើ​កូន​សៀវភៅ​ដែល​ពួកគេ​បង្កើត​នៅក្នុង​សកម្មភាព​នេះ ដើម្បី​ជួយ​ពួកគេ​ពន្យល់​ពី​ឥទ្ធិពល​នៃ​ព្រះយេសូវគ្រីស្ទ​ក្នុង​នាម​ជា​ព្រះប្រោសលោះ​របស់​យើង ) ។

  1. នៅ​ក្នុង​កូន​សៀវភៅ​របស់​អ្នក សូម​ដាក់​ស្លាក​នៅ​ទំព័រ​ខាង​ស្ដាំ ( ទទេ ) នូវ​ឃ្លា « ដង្វាយធួន​នៃ​ព្រះ​យេស៊ូវ​គ្រីស្ទ » ។

  2. សូម​សិក្សា​ឯកសារ​នៅលើ​កូន​សៀវភៅ​នោះ ដើម្បី​រៀន​ពី​របៀប​ដែល​ដង្វាយធួន​របស់​ព្រះ​យេស៊ូវ​គ្រីស្ទ​ប្រោសលោះ​យើង​ពី​ឥទ្ធិពល​នៃ​ការធ្លាក់ ។ អ្នក​អាច​សរសេរ​ឥទ្ធិពល​នៃ​ការធ្លាក់​នៅ​ទំព័រ​មុន​ក្នុង​កូនសៀវភៅ​របស់​អ្នក ។

  3. នៅលើ​ទំព័រ​ថ្មី​ក្នុង​កូនសៀវភៅ​របស់​អ្នក សូម​សរសេរ​ប្រយោគ​មួយ ឬ​ពីរ​ដែល​សង្ខេប​នូវ​អ្វី​ដែល​អ្នក​បាន​រៀន​ពី​ផ្នែក​នីមួយៗ​ពី​សំណៅ​មេរៀន​នោះ ។ សូម​ស្វែងរក​ជំនួយ​ពី​ព្រះវិញ្ញាណបរិសុទ្ធ ដើម្បី​កត់សម្គាល់​ពី​របៀប​ដែល​ការបង្រៀន​ទាំងនេះ​ទាក់ទង​នឹង​អ្នក ។

សំណៅ​មេរៀន

សូម​ពិចារណា​អញ្ជើញ​សិស្ស​ពីរ​បី​នាក់​ឲ្យ​ចែកចាយ​អ្វី​ដែល​ពួកគេ​បាន​សរសេរ​នៅក្នុង​កូន​សៀវភៅ​របស់​ពួកគេ ។ សិស្ស​ផ្សេង​ទៀត​អាច​បន្ថែម​អ្វី​ដែល​ពួកគេ​រៀន​ពី​មិត្ត​រួមថ្នាក់​របស់​ពួកគេ​ទៅក្នុង​កូន​សៀវភៅ​របស់​ពួកគេ ។

អំណរ​នៃ​សេចក្តី​ប្រោសលោះ

សូម​អញ្ជើញ​សិស្ស​ឲ្យ​ដាក់​ស្លាកលើ​ក្រប​ខាង​ក្រោយ​នៃ​កូន​សៀវភៅ​របស់​ពួកគេ​នូវ​ឃ្លា « អំណរ​នៃ​សេចក្ដី​ប្រោសលោះ​របស់​ខ្ញុំ » ។ សូម​លើក​ទឹកចិត្ត​ពួកគេ​ឲ្យ​ចម្លង​សេចក្ដី​ថ្លែងការណ៍​ខាងក្រោម​ដាក់​លើ​ទំព័រ​នោះ ដោយ​ទុក​កន្លែង​ដើម្បី​សរសេរ​នៅ​ពី​ក្រោម​វា ។

ប្រធាន រ័សុល អិម ណិលសុន បាន​បង្រៀន ៖

ប្រធាន រ័សុល អិម ណិលសុន⁠

នៅពេល​យើង​អាច​ទទួល​អារម្មណ៍​ថា ដង្វាយធួន​របស់​ព្រះអង្គសង្គ្រោះ​ដំណើរការ​ក្នុង​ជីវិត​របស់​យើង នោះ​យើង​នឹង​ពោរពេញ​ដោយ​សេចក្ដី​អំណរ ។ ( « Joy and Spiritual Survivall » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៦ ទំព័រ ៨៤ )

សូម​អាន ម៉ូសេ ៥:១០–១១ ដោយ​រកមើល​អ្វី​ដែល​លោក​អ័ដាម និង​នាងអេវ៉ា​បាន​សង្កេតឃើញ ទាំង​លទ្ធផល​នៃ​ការធ្លាក់ និង​ដង្វាយធួន​របស់​ព្រះអង្គ​សង្គ្រោះ ។

  • តើ​អ្នក​ចាប់​អារម្មណ៍​អ្វីខ្លះចេញ​មក​ពី​ពាក្យ​សម្ដី​របស់​ពួកលោក ?

សូម​ផ្តល់​ពេលវេលា​ឲ្យ​សិស្ស​បំពេញ​ទំព័រ​ចុងក្រោយ​ក្នុង​កូនសៀវភៅ​របស់​ពួកគេ ដែល​ពួកគេ​អាច​ធ្វើ​បាន​ដោយ​សរសេរ ម៉ូសេ ៥:១០–១១ ឲ្យ​មាន​លក្ខណៈ​ផ្ទាល់ខ្លួន ។ ដូច​លោកអ័ដាម និង​នាងអេវ៉ា​ដែរ ពួកគេ​អាច​សរសេរ​ហេតុផល​ដែល​ពួកគេ​មាន ពេល​ទទួល​អារម្មណ៍​នូវ​សេចក្ដីអំណរ ដោយសារ​ព្រះប្រោសលោះ​របស់​ពួកគេ ។

សូម​ពិចារណា​បញ្ចប់​ដោយ​ការអញ្ជើញ​សិស្ស​ពីរ​បី​នាក់​ឲ្យ​ចែកចាយ​អ្វី​ដែល​ពួកគេ​បាន​សរសេរ ។