ថ្នាក់​សិក្ខាសាលា
ម៉ូសេ ៤:១–៤ ៖ « សូម​ឲ្យ​ព្រះហឫទ័យ​របស់​ព្រះអង្គ​បាន​សម្រេច ហើយ​សូម​ឲ្យ​សិរីល្អ​របស់​ព្រះអង្គ​បាន​ជា​របស់​ព្រះអង្គ​រហូត »


« ម៉ូសេ ៤:១–៤ ៖ ‹ សូម​ឲ្យ​ព្រះហឫទ័យ​របស់​ព្រះអង្គ​បាន​សម្រេច ហើយ​សូម​ឲ្យ​សិរីល្អ​របស់​ព្រះអង្គ​បាន​ជា​របស់​ព្រះអង្គ​រហូត › » សៀវភៅសិក្សា​ព្រះគម្ពីរ​សញ្ញាចាស់​សម្រាប់​គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា ( ឆ្នាំ ២០២៦ )

« ម៉ូសេ ៤:១–៤ ៖ ‹ សូម​ឲ្យ​ព្រះហឫទ័យ​របស់​ព្រះអង្គ​បាន​សម្រេច ហើយ​សូម​ឲ្យ​សិរីល្អ​របស់​ព្រះអង្គ​បាន​ជា​របស់​ព្រះអង្គ​រហូត › » សៀវភៅសិក្សា​ព្រះគម្ពីរ​សញ្ញាចាស់​សម្រាប់​គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា

លោកុប្បត្តិ ៣–៤; ម៉ូសេ ៤–៥ ៖ មេរៀន​ទី ១០

ម៉ូសេ ៤:១–៤

« សូម​ឲ្យ​ព្រះហឫទ័យ​របស់​ព្រះអង្គ​បាន​សម្រេច ហើយ​សូម​ឲ្យ​សិរីល្អ​របស់​ព្រះអង្គ​បាន​ជា​របស់​ព្រះអង្គ​រហូត »

ព្រះយេស៊ូវ​បង្កើត​ផែនដី

នៅក្នុង​ជីវិត​មុន​ផែនដី ព្រះវរបិតាសួគ៌​បាន​ជ្រើសរើស​ព្រះ​យេស៊ូវ​គ្រីស្ទ​ឲ្យ​ធ្វើ​ជា​ព្រះអង្គសង្គ្រោះ​នៅក្នុង​ផែនការ​របស់​ទ្រង់ ។ ព្រះ​យេស៊ូវ​គ្រីស្ទ​គោរពប្រតិបត្តិ​តាម​ព្រះហឫទ័យ​របស់​ព្រះវរបិតាសួគ៌​យ៉ាង​ខ្ជាប់ខ្ជួន ទោះបីជា​វា​លំបាក​យ៉ាងណា​ក៏​ដោយ ។ មេរៀន​នេះ​អាច​ជួយ​សិស្ស​ឲ្យ​មាន​បំណងប្រាថ្នា​ធ្វើតាម​គំរូ​នៃ​ការគោរព​ប្រតិបត្តិ​ព្រះវរបិតាសួគ៌​របស់​ព្រះ​យេស៊ូវ​គ្រីស្ទ ។

ការរៀបចំ​របស់​សិស្ស ៖ សូម​អញ្ជើញ​សិស្ស​ឲ្យ​គិត​អំពី​មនុស្ស​ដែល​ពួកគេ​ស្គាល់ ដែល​គំរូ​របស់​ពួកគាត់​បំផុស​គំនិត​ដល់​ពួកគេ​ឲ្យ​កាន់​តែ​គោរព​តាម​ព្រះវរបិតាសួគ៌ ។ សូម​ស្នើ​ពួកគេ​មក​រៀន​ដោយ​រៀបចំ​ខ្លួន​ដើម្បី​ចែកចាយ ។

សកម្មភាព​រៀនសូត្រ​ដែល​អាច​មាន

ការធ្វើ​តាម​ព្រះហឫទ័យ​របស់​ព្រះវរបិតាសួគ៌

ដើម្បី​ចាប់ផ្ដើម​ថ្នាក់ សូម​ពិចារណា​ចែកចាយ​ពេលវេលា​មួយ​ដែល​ព្រះវរបិតាសួគ៌​បានបង្គាប់​ឲ្យ​ក្មេង​វ័យ​ជំទង់​ម្នាក់​ធ្វើ​អ្វី​មួយ​ដែល​លំបាក ។ ការណ៍​នេះ​អាច​ជា​បទពិសោធន៍​ផ្ទាល់ខ្លួន ឬ​បទពិសោធន៍​មួយ​ដែល​អ្នក​ធ្លាប់​បានឮ ។ ដំណើររឿង​ខាងក្រោម​គឺជា​ឧទាហរណ៍​មួយ​ដែល​អ្នក​អាច​ប្រើប្រាស់​បាន ។ សូម​លើក​ទឹកចិត្ត​សិស្ស​ឲ្យ​គិត​អំពី​គ្រា​ដែល​ពួកគេ​អាច​មាន​អារម្មណ៍​ស្រដៀងគ្នា​នេះ ។

បងប្រុស អិម យ៉ូសែប ប្រោហ្វ អតីត​គណៈប្រធាន​យុវជន​ទូទៅ​បាន​ចែកចាយ​ដំណើររឿង​ដូច​ខាងក្រោម​អំពី​កូនស្រី​របស់​គាត់ ៖

9:51
បងប្រុស អិម យ៉ូសែប ប្រោហ្វ

យុវវ័យ​អើយ ព្រះ​តម្រូវ​ឲ្យ​អ្នក​ធ្វើ​កិច្ចការ​លំបាកៗ ។ យុវនារី​អាយុ ១៤ ឆ្នាំ​ម្នាក់​បាន​ចូលរួម​ប្រកួត​កីឡា​បាល់បោះ​មួយ ។ នាង​មាន​ក្ដីសុបិន​ចង់​លេង​បាល់បោះ​សម្រាប់​សាលា​ដូចជា​បងស្រី​របស់​នាង ។ ក្រោយ​មក នាង​បាន​ដឹង​ថា ឪពុក​ម្ដាយ​នាង​ត្រូវបាន​ហៅ​ឲ្យ​ធ្វើ​ជា​អធិបតី​លើ​បេសកកម្ម​នៅ​ប្រទេស​ក្វាតេម៉ាឡា ។

ពេល​ទៅ​ដល់ នាង​បាន​ដឹង​ថា នាង​នឹង​ត្រូវ​រៀន​ថ្នាក់​មួយ​ចំនួន​ជា​ភាសា​អេស្ប៉ាញ​ដែល​នាង​មិន​ទាន់​ចេះ​និយាយ​នៅ​ឡើយ ។ គ្មាន​ក្រុម​កីឡា​ណា​មួយ​សោះ​នៅ​សាលា​របស់​នាង ។ នាង​បាន​រស់នៅ​ជាន់​ទី ១៤ ក្នុង​អគារ​ដែល​មាន​ការយាមកាម​យ៉ាង​ដិតដល់ ។ បន្ថែម​ពី​នោះ​ទៀត នាង​ពុំ​អាច​ចេញ​ទៅ​ក្រៅ​តែ​ម្នាក់​ឯង​ទេ​ដោយសារ​ហេតុផល​សុវត្ថិភាព ។

ឪពុក​ម្ដាយ​នាង​បាន​ស្ដាប់​នាង​យំ​ដល់​គេងលក់​រៀងរាល់​យប់​ជាច្រើន​ខែ ។ ( « Lift Up Your Head and Rejoice » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៨ ទំព័រ ១៤ )

  • ប្រសិនបើ​អ្នក​ស្ថិត​ក្នុង​ស្ថានភាព​របស់​យុវនារី​រូប​ម្នាក់​នេះ តើ​អ្វី​ដែល​លំបាក​បំផុត​សម្រាប់​អ្នក ?

សូម​ជញ្ចឹងគិត​សំណួរ​ខាង​ក្រោម​នេះ ៖

  • តើ​អ្វី​ជា​ការលំបាក​ដែល​ព្រះ​បាន​តម្រូវ ឬ​អាច​នឹង​តម្រូវ​ពី​អ្នក ?

  • តើ​អ្នក​ស្ម័គ្រចិត្ត​ធ្វើ​កិច្ចការ​លំបាក​នេះ​ប៉ុនណា ? ហេតុអ្វី ?

  • តើ​អ្នក​ចង់​រៀន ឬ​យល់​ពី​អ្វី​នៅក្នុង​មេរៀន​នេះ ដែល​អាច​ជួយ​អ្នក​កាន់តែ​មាន​ឆន្ទៈ​ក្នុង​ការធ្វើ​អ្វី​ដែល​ព្រះ​បាន​បង្គាប់​ឲ្យ​ធ្វើ ?

ខណៈ​ពេល​សិស្ស​កំពុង​សិក្សា ម៉ូសេ ៤:១–៤ ពួកគេ​នឹង​រៀន​អំពី​ព្រះ​យេស៊ូវ​គ្រីស្ទ និង​ព្រះហឫទ័យ​របស់​ទ្រង់ ក្នុង​ការធ្វើ​កិច្ចការ​លំបាក​ដែល​ព្រះវរបិតាសួគ៌​បង្គាប់​ឲ្យ​ធ្វើ ។ សូម​លើក​ទឹកចិត្ត​សិស្ស​ឲ្យ​ស្វែងរក​ជំនួយ​ពី​ព្រះវិញ្ញាណបរិសុទ្ធ ដើម្បី​ដឹង​ពី​របៀប​ដែល​គំរូ​របស់​ព្រះអង្គសង្គ្រោះ​អាច​ជួយ​ពួកគេ​ឆ្លងកាត់​រឿង​លំបាក​ដែល​ព្រះ​អាច​បង្គាប់​ឲ្យ​ពួកគេ​ធ្វើ ។

បុគ្គលិកលក្ខណៈ​របស់​ព្រះគ្រីស្ទ

អ្នក​អាច​ពន្យល់​ព័ត៌មាន​នៅក្នុង​កថាខណ្ឌ​ខាងក្រោម​នេះ ដើម្បី​ជួយ​សិស្ស​យល់​ពី​បរិបទ​នៃ​វគ្គ​បទគម្ពីរ​ដែល​ពួកគេ​នឹង​ត្រូវ​សិក្សា​នៅ​ថ្ងៃនេះ ។

យើង​បាន​រស់នៅ​ក្នុង​ជីវិត​មុន​ផែនដី​ជាមួយ​នឹង​ព្រះវរបិតាសួគ៌​របស់​យើង ។ ពេល​នៅ​ទីនោះ យើង​បាន​រៀន​ពី​ផែនការ​របស់​ទ្រង់ ដើម្បី​ជួយ​យើង​ឲ្យ​ប្រែក្លាយ​ដូចជា​ទ្រង់ ។ ម៉ូសេ ៤:១–៤ មាន​នូវ​ដំណើររឿង​នៃ​ក្រុមប្រឹក្សា​នៅ​ស្ថានសួគ៌ នៅពេល​ព្រះ​យេស៊ូវ​គ្រីស្ទ​ត្រូវបាន​ជ្រើសរើស​ឲ្យ​ធ្វើ​ជា​ព្រះអង្គសង្គ្រោះ​របស់​យើង ។ នៅក្នុង​ខគម្ពីរ​ទាំងនេះ យើង​ឃើញ​ពី​បុគ្គលិកលក្ខណៈ​របស់​ព្រះ​យេស៊ូវ​គ្រីស្ទ និង​របស់​សាតាំង នៅពេល​ទ្រង់ និង​វា​ឆ្លើយតប​នឹង​ព្រះហឬទ័យ​របស់​ព្រះវរបិតាសួគ៌​ក្នុង​របៀប​ផ្សេងគ្នា ។

អ្នក​អាច​ពិចារណា​បង្កើត​តារាង​សាមញ្ញ​មួយ​ដូច​ខាងក្រោម​នៅលើ​ក្ដារខៀន ដើម្បី​ជួយ​សិស្ស​ឲ្យ​ឃើញ​យ៉ាងច្បាស់​ពី​ភាពខុសគ្នា​រវាង​ព្រះ​យេស៊ូវ​គ្រីស្ទ និង​សាតាំង ។

ព្រះ​យេស៊ូវ​គ្រីស្ទ

សាតាំង

សូម​អាន ម៉ូសេ ៤:១–៤ ដោយ​រកមើល​អ្វី​ដែល​អ្នក​អាច​រៀន​អំពី​ការជំរុញចិត្ត និង​អាកប្បកិរិយា​របស់​ព្រះ​យេស៊ូវ​គ្រីស្ទ និង​របស់​សាតាំង ។

សូម​អញ្ជើញ​សិស្ស​ឲ្យ​សរសេរ​នូវ​ការយល់ឃើញ​របស់​ពួកគេ​នៅលើ​ក្ដារខៀន និង​ពិភាក្សា​អំពី​អ្វី​ដែល​ពួកគេ​បានរៀន ។ ( សិស្ស​អាច​លើកឡើង​ពី​ចំនួន​ដង​ដែល​សាតាំង​ប្រើ​ពាក្យ « ទូលបង្គំ » និង​បំណង​ប្រាថ្នា​របស់​វា​ដើម្បី​ទទួល​បាន​កិត្តិយស ។ ផ្ទុយទៅវិញ ពួកគេ​អាច​នឹង​កត់សម្គាល់​នូវ​ការប្រើ​របស់​ព្រះអង្គសង្គ្រោះ​នូវ​ពាក្យ « របស់​ព្រះ​អង្គ » និង​បំណង​ប្រាថ្នា​របស់​ទ្រង់ ដើម្បី​ឲ្យ​សិរីល្អ​បាន​ជា​របស់​ផង​​ព្រះវរបិតា ។ សិស្ស​អាច​កត់សម្គាល់​ពី​របៀប​ដែល​សាតាំង « បានបះបោរ​ទាស់​នឹង » ព្រះវរបិតា និង « បាន​ខំ​រក​បំផ្លាញ​សិទ្ធិជ្រើសរើស​របស់​មនុស្ស » ។ ផ្ទុយទៅវិញ ពួកគេ​អាច​ចង្អុល​បង្ហាញ​ពី​បំណង​ប្រាថ្នា​របស់​ព្រះអង្គសង្គ្រោះ​ក្នុង​ការគោរព​ប្រតិបត្តិ​តាម​ព្រះហឫទ័យ​របស់​ព្រះវរបិតា និង​ទទួលយក​ផែនការ​របស់​ព្រះវរបិតា ) ។

  • តើ​ខគម្ពីរ​ទាំងនេះ​បង្រៀន​អ្នក​អ្វីខ្លះ​អំពី​ទំនាក់ទំនង​រវាង​ព្រះ​យេស៊ូវ​គ្រីស្ទ និង​ព្រះវរបិតា​របស់​ទ្រង់ ?

សេចក្ដីពិត​មួយ​ដែល​សិស្ស​អាច​ស្វែងរក​បាន​ក្នុង​អំឡុង​ការពិភាក្សា​នេះ គឺ ព្រះ​យេស៊ូវ​គ្រីស្ទ បាន​គោរព​ប្រតិបត្តិ​តាម​ព្រះវរបិតាសួគ៌​យើង​ដោយ​ព្រះទ័យ​រាបទាប ។

ដំណើររឿង​ខាងក្រោម​អំពី​ព្រះអង្គសង្គ្រោះ​អាច​ជួយ​សិស្ស​រៀន​ពី​គំរូ​របស់​ទ្រង់ ។ សូម​ជួយ​សិស្ស​ឲ្យ​យល់​ថា ការរៀនសូត្រ​បន្ថែម​ទៀត​អំពី​ការគោរព​ប្រតិបត្តិ​តាម​របស់​ព្រះអង្គសង្គ្រោះ​ចំពោះ​ព្រះវរបិតា ទោះ​ជា​ពេល​មាន​ការលំបាក​ក៏​ដោយ អាច​បង្កើន​បំណងប្រាថ្នា​របស់​យើង​ដើម្បី​ធ្វើ​តាម​គំរូ​របស់​ទ្រង់ ។

សូម​អាន​ដំណើររឿង​ខាងក្រោម ដោយ​រកមើល​បំណងប្រាថ្នា​ឥត​រេរា​របស់​ព្រះ​យេស៊ូវ​គ្រីស្ទ ក្នុង​ការគោរព​ប្រតិបត្តិ​តាម​ព្រះវរបិតាសួគ៌ សូម្បីតែ​នៅពេល​ដែល​ការគោរព​ប្រតិបត្តិ​ពិបាក​ក៏​ដោយ ។

  1. លូកា ២:៤៩ ( ជា​ក្មេង​អាយុ ១២ ឆ្នាំ )

  2. យ៉ូហាន ៨:២៨–២៩ ( ជា​មជ្ឈិមវ័យ )

  3. ម៉ាថាយ ២៦:៣៦–៣៩ ( នៅក្នុង​សួនច្បារ​គែតសេម៉ានី )

  4. នីហ្វៃទី៣ ១១:១០–១១ ( ជា​តួអង្គ​ដែល​បាន​រស់ឡើង​វិញ )

    សូម​ពិភាក្សា​ជាមួយ​សិស្ស​ពី​អ្វី​ដែល​ពួកគេ​កំពុង​រៀន​អំពី​ព្រះ​យេស៊ូវ​គ្រីស្ទ​ចេញពី​គំរូ​ទាំងនេះ ។ បន្ទាប់មក សូម​អញ្ជើញ​ពួកគេ​ឲ្យ​ចែកចាយ​គំរូ​ផ្សេងទៀត​ពី​ជីវិត​របស់​ព្រះអង្គសង្គ្រោះ នៅពេល​ទ្រង់​គោរពប្រតិបត្តិ​តាម​ព្រះហឫទ័យ​របស់​ព្រះវរបិតា​ដោយ​ព្រះទ័យ​រាបទាប ។

    សូម​អញ្ជើញ​សិស្ស​ឲ្យ​រំឭក​ពី​រឿង​លំបាក​ក្នុង​ជីវិត​របស់​ពួកគេ ដែល​ពួកគេ​បាន​រក​នឹក​ឃើញ នៅពេល​ចាប់ផ្តើម​រៀន ។ ដើម្បី​ជួយ​ពួកគេ​ផ្សារភ្ជាប់​អ្វី​ដែល​ពួកគេ​កំពុង​រៀន​អំពី​ព្រះ​យេស៊ូវ​គ្រីស្ទ​ទៅនឹង​ជីវិត​របស់​ពួកគេ សូម​សួរ​សំណួរ​ដូច​ខាងក្រោម ៖

  • តើ​ព្រះ​យេស៊ូវ​គ្រីស្ទ​បាន​មាន​បន្ទូល ឬ​ធ្វើ​អ្វី ដែល​អាច​បំផុស​គំនិត​នរណា​ម្នាក់​ឲ្យ​ជ្រើសរើស​គោរព​ប្រតិបត្តិ​តាម​ព្រះវរបិតាសួគ៌ ទោះបីជា​ពេល​មាន​ការលំបាក​ក៏ដោយ ?

  • តើ​អ្នក​ដឹង​ថា​នរណា​ជា​គំរូ​ដ៏​ល្អ​នៃ​ការគោរព​ប្រតិបត្តិ​តាម​ព្រះទ័យ​របស់​ព្រះវរបិតាសួគ៌​ដែរ​ឬ​ទេ ? តើ​អ្នក​បានរៀន​អ្វីខ្លះ​ពី​គំរូ​របស់​ពួកគេ ?

  • តើ​អ្វី​ជំរុញចិត្ត​អ្នក​ឲ្យ​គោរព​ប្រតិបត្តិ​តាម​ព្រះហឫទ័យ​របស់​ព្រះវរបិតាសួគ៌ ទោះបីជា​វា​លំបាក​យ៉ាងណា​ក្តី ?

ការធ្វើ​តាម​គំរូ​របស់​ព្រះ​យេស៊ូវ​គ្រីស្ទ

យុវនារី​នៅក្នុង​ដំណើររឿង​នៅ​ដើម​មេរៀន​នេះ គឺជា​កូនស្រី​របស់​បងប្រុស ប្រោហ្វ ។ ប្រសិនបើ​អ្នក​បាន​ចែកចាយ​ដំណើររឿង​របស់​កូនស្រី​គាត់ សូម​ប្រាប់​សិស្ស​ថា នាង​បាន​ប្រឈមមុខ​យ៉ាងក្លាហាន​ក្នុង​រយៈពេល​បី​ឆ្នាំ​ដែល​ឪពុកម្ដាយ​របស់​នាង​បាន​បម្រើការ​ជា​អ្នកដឹកនាំ​បេសកកម្ម​នៅ​ក្វាតេម៉ាឡា ។

សូម​ចែកចាយ​សេចក្ដី​បន្តបន្ទាប់​នៃ​រឿង​របស់​នាង ដោយ​អញ្ជើញ​សិស្ស​ឲ្យ​រកមើល​លក្ខណៈ​ដូចជា​ព្រះគ្រីស្ទ ដែល​ពួកគេ​មើលឃើញ​ក្នុង​គំរូ​របស់​នាង ។ ប្រសិនបើ​អ្នក​បាន​ចែកចាយ​ដំណើររឿង​ផ្សេង​នៅ​ដើម​មេរៀន សូម​ពិចារណា​ចែកចាយ​សេចក្ដី​បន្តបន្ទាប់ ដូចជា​ការសន្និដ្ឋាន​របស់​ដំណើររឿង ឬ​បទពិសោធន៍​ផ្សេងទៀត​នៅក្នុង​ជីវិត​របស់​បុគ្គល​ដដែល​នេះ ។ សូម​អញ្ជើញ​សិស្ស​ឲ្យ​រកមើល​លក្ខណៈ​ដូចជា​ព្រះគ្រីស្ទ​នៅក្នុង​បុគ្គល​នោះ ។

បងប្រុស ប្រោហ្វ បានបន្ត ៖

9:51
បងប្រុស អិម យ៉ូសែប ប្រោហ្វ

ពេល​យើង​បញ្ចប់​បេសកកម្ម ខ្ញុំ​បាន​សួរ​កូនស្រី​យើង​ថា​តើ​គាត់​នឹង​បម្រើ​បេសកកម្ម​ពេញ​ម៉ោង​ឬ​ទេ ។ នាង​ឆ្លើយ​ថា « ទេ​ប៉ា ខ្ញុំ​បាន​បម្រើ​រួច​ហើយ » ។

ខ្ញុំ​ពេញចិត្ត​នឹង​ការសម្រេចចិត្ត​នេះ ! ប៉ុន្តែ​ប្រហែល​ជា​ប្រាំមួយ​ខែ​ក្រោយ​មក ព្រះវិញ្ញាណ​បាន​ដាស់​ខ្ញុំ​កណ្ដាល​យប់​ជាមួយ​គំនិត​បែបនេះ​ថា « យើង​បាន​ហៅ​កូនស្រី​របស់​អ្នក​ឲ្យ​បម្រើ​បេសកកម្ម » ។

ប្រតិកម្ម​របស់​ខ្ញុំ​គឺ​ថា « ព្រះវរបិតា​អើយ នាង​បាន​លះបង់​ច្រើន​ហើយ » ។ ព្រះវិញ្ញាណ​បាន​កែតម្រូវ​ខ្ញុំ​មួយ​រំពេច ហើយ​ខ្ញុំ​បាន​យល់​ថា ការបម្រើ​ជា​អ្នកផ្សព្វផ្សាយ​សាសនា​របស់​នាង​ត្រូវបាន​តម្រូវ​ពី​ព្រះអម្ចាស់ ។

មិន​យូរ​ប៉ុន្មាន ខ្ញុំ​បាន​នាំ​កូនស្រី​ខ្ញុំ​ទៅ​ញ៉ាំ​អាហារ​ថ្ងៃត្រង់ ។ ខ្ញុំ​បាន​និយាយ​ទល់មុខ​នឹង​នាង​ថា « ហ្គាន់ហ្ស៊ី តើ​កូន​ដឹង​ថា ហេតុអ្វី​បានជា​យើង​មក​ញ៉ាំ​អាហារ​ទីនេះ​ទេ ? »

នាង​ឆ្លើយ​ថា « ចាស​ប៉ា ។ ប៉ា​ដឹង​ហើយ​ថា កូនត្រូវ​ចេញ​បម្រើ​បេសកកម្ម ។ កូន​មិន​ចង់​ចេញ​ទៅ​ទេ ប៉ុន្តែ​កូន​នឹង​ទៅ » ។

ដោយសារតែ​នាង​បាន​ធ្វើតាម​ព្រះហឬទ័យ​ព្រះវរបិតាសួគ៌ ទើប​នាង​បាន​បម្រើ​ដោយអស់​ពី​ចិត្ត អស់​ពី​ពលំ អស់​ពី​គំនិត ហើយ​អស់​ពី​កម្លាំង ។ នាង​បាន​បង្រៀន​ឪពុក​នាង​អំពី​របៀប​ធ្វើ​កិច្ចការ​លំបាកៗ ។ ( « Lift Up Your Head and Rejoice » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៨ ទំព័រ ១៤ )

  • សូម​គិត​អំពី​ខគម្ពីរ​ដែល​អ្នក​បាន​អាន​អំពី​ព្រះ​យេស៊ូវ​គ្រីស្ទ​នៅ​សព្វ​ថ្ងៃ​នេះ ។ តើ​យុវនារី​រូប​នេះ​បាន​ធ្វើ​តាម​គំរូ​របស់​ទ្រង់​យ៉ាង​ដូចម្ដេច ?

រូបតំណាង​ការបំពាក់បំប៉ន​សិក្ខាសាលាការសួរ​សំណួរ​បើកចំហ​អាច​ជួយ​សិស្ស​របស់​អ្នក​ឲ្យ​រកឃើញ និង​ប្រើប្រាស់​នូវ​សេចក្ដីពិត​នៃ​ដំណឹងល្អ​ចំពោះ​ស្ថានភាព​ផ្ទាល់ខ្លួន​របស់​ពួកគេ ។ សូម​ពិចារណា​ប្រើ​សំណួរ​ដូច​ខាងក្រោម ដើម្បី​អនុញ្ញាត​ឲ្យ​សិស្ស​បង្ហាញ​ពី​អ្វី​ដែល​ពួកគេ​បាន​រៀន និង​របៀប​ដែល​ពួកគេ​អាច​ប្រើប្រាស់​វា​ក្នុង​ជីវិត​របស់​ពួកគេ ។ ( សម្រាប់​ការបំពាក់បំប៉ន​បន្ថែម​លើ​ចំណុច​នេះ សូម​មើល « រៀន​គោលលទ្ធិ​របស់​ព្រះ​យេស៊ូវ​គ្រីស្ទ​សម្រាប់​ខ្លួន​ឯង » នៅក្នុង​ផ្នែក ជំនាញ​ការអភិវឌ្ឍ​គ្រូបង្រៀន ។ )

នៅក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​របស់​អ្នក សូម​សរសេរ​ចម្លើយ​ចំពោះ​សំណួរ​ពីរ​ខាងក្រោម ដោយ​យកចិត្តទុកដាក់​លើ​គំនិត ឬ​ចំណាប់អារម្មណ៍​ពី​ព្រះវិញ្ញាណ ៖

  • នៅ​ថ្ងៃនេះ តើ​អ្នក​បានរៀន​អ្វីខ្លះ​អំពី​ព្រះ​យេស៊ូវ​គ្រីស្ទ ដែល​អាច​ជួយ​អ្នក​គោរព​ប្រតិបត្តិ​តាម​ព្រះវរបិតាសួគ៌ សូម្បីតែ​នៅពេល​ទ្រង់​បង្គាប់​ឲ្យ​អ្នក​ធ្វើ​កិច្ចការ​លំបាកៗ​ក៏ដោយ​នោះ ?

  • ដោយសារ​អ្វី​ដែល​អ្នក​បានរៀន ឬ​បាន​យល់នៅ​ថ្ងៃ​នេះ តើ​អ្នក​ចាប់​អារម្មណ៍​ចង់​ធ្វើ​អ្វី​ខ្លះ ?

សូម​ថ្លែង​ទីបន្ទាល់​អំពី​គំរូ​របស់​ព្រះ​យេស៊ូវ​គ្រីស្ទ និង​សមត្ថភាព​របស់​ទ្រង់​ក្នុង​ការជួយ​យើង​ធ្វើ​អ្វី​ដែល​ព្រះ​បានបង្គាប់ ។