ថ្នាក់​សិក្ខាសាលា
ម៉ូសេ ១:២៧–៤២ ៖ « នេះ​ហើយ​ជា​កិច្ចការ​របស់​យើង និង​សិរីល្អ​របស់​យើង »


« ម៉ូសេ ១:២៧–៤២ ៖ ‹ នេះ​ហើយ​ជា​កិច្ចការ​របស់​យើង និង​សិរីល្អ​របស់​យើង › » សៀវភៅសិក្សា​ព្រះគម្ពីរ​សញ្ញាចាស់​សម្រាប់​គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា ( ឆ្នាំ ២០២៦ )

« ម៉ូសេ ១:២៧–៤២ ៖ ‹ នេះ​ហើយ​ជា​កិច្ចការ​របស់​យើង និង​សិរីល្អ​របស់​យើង › » សៀវភៅសិក្សា​ព្រះគម្ពីរ​សញ្ញាចាស់​សម្រាប់​គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា

ម៉ូសេ ១; អ័ប្រាហាំ ៣ ៖ មេរៀន​ទី ៦

ម៉ូសេ ១:២៧–៤២

« នេះ​ហើយ​ជា​កិច្ចការ​របស់​យើង និង​សិរីល្អ​របស់​យើង »

កុមារ​កំពុង​ញញឹម

ក្រោម​ការដឹកនាំ​របស់​ព្រះវរបិតាសួគ៌ ព្រះ​យេស៊ូវ​គ្រីស្ទ​បាន​បង្កើត​ពិភពលោក​ដ៏​ច្រើន​ឥត​គណនា ។ ការបង្កើត​ដ៏​ធំ​បំផុត​របស់​ព្រះវរបិតាសួគ៌ គឺជាការ​បង្កើត​បុត្រា​បុត្រី​ខាង​វិញ្ញាណ​របស់​ទ្រង់ ។ មេរៀន​នេះ​អាច​ជួយ​សិស្ស​ឲ្យ​មាន​អារម្មណ៍​ដឹងគុណ​ចំពោះ​ព្រះវរបិតាសួគ៌ និង​កិច្ចការ​របស់​ទ្រង់​ដើម្បី​នាំមកនូវ​អមតភាព និង​ជីវិត​ដ៏​នៅ​អស់កល្បជានិច្ច​ដល់​បុត្រា​បុត្រី​ទ្រង់​ទាំងអស់ ។

ការរៀបចំ​របស់​សិស្ស ៖ សូម​អញ្ជើញ​សិស្ស​ឲ្យ​គិត​ពិចារណា​អំពី​ភាពធំធេង​នៃ​ការបង្កបង្កើត​របស់​ព្រះវរបិតាសួគ៌ និង​ក្ដីស្រឡាញ់​ដែល​ព្រះវរបិតាសួគ៌​មាន​ចំពោះ​ពួកគេ​ម្នាក់ៗ ។ វិធី​មួយ​ដែល​ពួកគេ​អាច​ធ្វើ​បែបនេះ​បាន គឺ​ការសម្លឹង​មើល​មេឃ​នា​រាត្រី​ដ៏​ស្រឡះ​មួយ ហើយ​គិត​អំពី​អារម្មណ៍​របស់​ព្រះវរបិតាសួគ៌​ចំពោះ​ពួកគេ ក្នុង​ចំណោម​ផ្កាយ ភព និង​កាឡាក់ស៊ី​ជាច្រើន​ដែល​ទ្រង់​បាន​បង្កើត ។

សកម្មភាព​រៀនសូត្រ​ដែល​អាច​មាន

បុត្រា​បុត្រី​បង្កើត​របស់​ព្រះ

សូម​ពិចារណា​យក​កូន​ធុង​តូច​មួយ​ដាក់​ខ្សាច់ និង​ធុង​ទឹក​មួយ​មក​កាន់​ថ្នាក់រៀន ។ សូម​ឲ្យ​សិស្ស​ម្នាក់​ឡើង​មក​ខាង​មុខ​ថ្នាក់ ហើយ​ដាក់​ម្រាមដៃ​របស់​គាត់ ឬ​នាង​ទៅក្នុង​ធុងទឹក រួច​ហើយ​ជ្រមុជ​ម្រាមដៃ​ដែល​សើម​នោះ​ទៅក្នុង​ធុង​ខ្សាច់ ។ ជា​ជម្រើស អ្នក​អាច​បង្ហាញ​រូបភាព​ខាងក្រោម​ដល់​សិស្ស ។ បន្ទាប់មក សុំ​សិស្ស​ឲ្យ​ប៉ាន់ស្មាន​មើល​ថា មាន​គ្រាប់​ខ្សាច់​ប៉ុន្មាន​គ្រាប់​ក្នុង​ប្រអប់ដៃ​របស់​បុគ្គល​នេះ ។

ដៃ​កំពុង​កាន់​ខ្សាច់

សូមអាន ម៉ូសេ ១:២៧–២៩ ដោយ​រកមើល​អ្វី​ដែល​ម៉ូសេ បាន​ប្រៀបធៀប​នឹង​គ្រាប់ខ្សាច់​នៅលើ​ឆ្នេរសមុទ្រ និង​ហេតុអ្វី ។

  • តើ​អ្នក​ចាប់​អារម្មណ៍​អ្វីខ្លះ​អំពី​ការនិមិត្ត​នេះ ?

ដើម្បី​ជួយ​សិស្ស​ឲ្យ​ទទួលស្គាល់​នូវ​ភាពធំ​ល្វឹងល្វើយ​នៃ​ការបង្កើត​របស់​ព្រះ សូម​ពិចារណា​បង្ហាញ « This Is My Work and Glory » ដែល​មាន​លើ​គេហទំព័រ ChurchofJesusChrist.org ចាប់ពី​នាទី​ទី ០:៥៣ ដល់ ១:៣១ ។

17:11

ដើម្បី​ជួយ​សិស្ស​ជញ្ជឹងគិត​ដោយ​ខ្លួនឯង​នៅក្នុង​ការបង្កបង្កើត​របស់​ព្រះ និង​ដើម្បី​ត្រៀម​រៀបចំ​ចិត្ត​របស់​ពួកគេ​ទទួល​ការបង្រៀន​ពី​ព្រះវិញ្ញាណបរិសុទ្ធ សូម​អញ្ជើញ​ពួកគេ​ឲ្យ​បំពេញ​ស្វ័យ​វាយតម្លៃ​ខាងក្រោម​នេះ ។

សូម​ឆ្លើយ​សំណួរ​ខាង​ក្រោម​នេះ​នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​របស់​អ្នក ៖

  • ហេតុអ្វី​បានជា​ព្រះ​បង្កើត​សកលលោក​នេះ ?

  • ហេតុអ្វី​បាន​ជា​ព្រះបង្កើត​យើង ?

  • តើ​ខ្ញុំ​មាន​អារម្មណ៍​ដូចម្ដេច​ចំពោះ​ព្រះ និង​ចំពោះ​អ្វី​ដែល​ទ្រង់​ធ្វើ​សម្រាប់​ខ្ញុំ ?

សូម​អញ្ជើញ​សិស្ស​ឲ្យ​ដាក់​បន្ថែម​សំណួរ​របស់​ពួកគេ​ពេញ​មួយ​មេរៀន ។ សូម​រំឭក​ពួកគេ​ថា ការកត់ត្រា​គំនិត​របស់​ពួកគេ​ទៅក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា អាច​ជួយ​យាង​អញ្ជើញ​ឥទ្ធិពល​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ​មក​ក្នុង​ការសិក្សា​របស់​ពួកគេ ។

កិច្ចការ និង​សិរីល្អ​របស់​ព្រះវរបិតាសួគ៌

សូម​អាន ម៉ូសេ ១:៣០ ដោយ​រកមើល និង​គូសចំណាំ​សំណួរ​ពីរ​ដែល​ម៉ូសេ​មាន នៅពេល​លោក​សង្កេតមើល​ផែនដី និង​បុត្រា​បុត្រី​បង្កើត​របស់​ព្រះ ។

រូបតំណាង​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ ម៉ូសេ ១:៣៩ គឺជា​វគ្គ​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ​មួយ ។ សូម​ពិចារណា​អញ្ជើញ​សិស្ស​ឲ្យ​គូសចំណាំ​វគ្គ​បទគម្ពីរ​ចំណេះចំណាន​ខាង​គោលលទ្ធិ​តាម​របៀប​ដែល​ងាយ​ចំណាំ ដើម្បី​ឲ្យ​ពួកគេ​អាច​ងាយ​រក​វា​ឃើញ ។

សូម​អាន ម៉ូសេ ១:៣១–៣៣, ៣៩ ដោយ​រកមើល​ពី​របៀប​ដែល​ព្រះអម្ចាស់​បាន​ឆ្លើយ​សំណួរ​ទាំងឡាយ​របស់​ម៉ូសេ ។

  • តើ​សេចក្ដីពិត​អ្វីខ្លះ​ដែល​យើង​អាច​រៀនសូត្រ​ពី​ការឆ្លើយតប​របស់​ព្រះ​នៅក្នុង​ខគម្ពីរ​ទាំងនេះ ?

ក្នុង​ចំណោម​សេចក្ដីពិត​ទាំងឡាយ​ដែល​សិស្ស​អាច​រកឃើញ សូម​ជួយ​ពួកគេ​កត់សម្គាល់​ថា កិច្ចការ និង​សិរីល្អ​របស់​ព្រះ គឺ​ដើម្បី​នាំ​មក​នូវ​អមតភាព និង​ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច​ដល់​បុត្រា​បុត្រី​របស់​ទ្រង់ ។

ដើម្បី​ស្វែងយល់​ពី​អ្វី​ដែល​សិស្ស​យល់​អំពី​អមតភាព និង​ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច អ្នក​អាច​ស្នើ​ពួកគេ​ឲ្យ​ចែកចាយ​ពី​របៀប​ដែល​ពួកគេ​នឹង​ឲ្យ​និយមន័យ​វា ។ ប្រសិនបើ​មាន​ប្រយោជន៍ សិស្ស​អាច​ស្វែងរក​ពាក្យ « អមតភាព » និង « ជីវិត​ដ៏​នៅ​អស់​កល្ប​ជានិច្ច » នៅក្នុង សេចក្ដី​ណែនាំ​ដល់​បទគម្ពីរទាំងឡាយ ឬ​ប្រធានបទ និង​សំណួរ នៅលើ​គេហទំព័រ ChurchofJesusChrist.org ។ ជា​ជម្រើស អ្នក​អាច​ចែកចាយ​និយមន័យ​ខាងក្រោម ។

អមតភាព​សំដៅ​ដល់​ការរស់នៅ​ជា​រៀង​រហូត​ក្នុង​ស្ថានភាព​ជា​តួអង្គ​ដែល​បាន​រស់ឡើង​វិញ ។ « ជីវិត​ដ៏នៅ​អស់កល្ប​ជានិច្ច ឬ​ភាពតម្កើង​ឡើង​គឺជា​ការប្រែក្លាយ​ដូចជា​ព្រះ ហើយ​រស់នៅ​ក្នុង​វត្តមាន​របស់​ទ្រង់​ជា​ក្រុមគ្រួសារ​ដ៏​នៅ​អស់កល្ប​ជានិច្ច » ( ក្បួនខ្នាត​ទូទៅ ៖ ការបម្រើ​នៅក្នុង​សាសនាចក្រ​នៃ​ព្រះ​យេស៊ូវ​គ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ  ១.១ នៅលើ​បណ្ណាល័យ​ដំណឹងល្អ ) ។

  • តើ​សេចក្ដីពិត​ដែល​មាន​នៅក្នុង ម៉ូសេ ១:៣៩ អាច​ជួយ​អ្នក​យល់​ពី​មូលហេតុ​ដែល​ព្រះ​បង្កើត​ផែនដី​យ៉ាង​ដូចម្ដេច ?

ប្រធាន ឌៀថើរ អេហ្វ អុជដូហ្វ ដែល​ពេលនោះ​ជា​សមាជិក​គណៈប្រធាន​ទីមួយ បាន​ពន្យល់​ពី​គោលបំណង​នៃ​ការបង្កើត​របស់​ព្រះ ។

19:30
ប្រធាន ឌៀថើរ អេហ្វ អុជដូហ្វ

នៅពេល​យើង​មើល​ទៅ​ភាពធំធេង​នៃ​សកលលោក​នេះ ហើយ​និយាយ​ថា « តើ​មនុស្ស​ជា​អ្វី​បើ​ប្រៀបធៀប​ទៅ​នឹង​សិរីល្អ​នៃ​ការបង្កបង្កើត ? » ព្រះ​បាន​មាន​បន្ទូល​ដោយ​ផ្ទាល់​ថា យើង​គឺជា​មូលហេតុ​ដែល​ទ្រង់​បាន​បង្កើត​សាកលលោក​នេះ ! កិច្ចការ និង​សិរីល្អ​របស់​ទ្រង់—គោលបំណង​នៃ​សកលលោក​ដ៏​រុងរឿង​នេះ—គឺ​ដើម្បី​សង្គ្រោះ និង​តម្កើង​មនុស្សលោក ។ និយាយ​ម្យ៉ាង​ទៀត ភាពធំធេង​នៃ​ភាព​ដ៏​នៅ​អស់កល្ប​ជានិច្ច សិរីល្អ និង​អាថ៌កំបាំង​នៃ​អវកាស​ដ៏​គ្មាន​ព្រំដែន​នេះ និង​ពេលវេលា​ទាំងអស់​នេះ ត្រូវបាន​បង្កើត​ឡើង​សម្រាប់​ជា​ប្រយោជន៍​នៃ​រូបកាយ​រមែងស្លាប់​ដូចជា​អ្នក និង​ខ្ញុំ ។ ព្រះវរបិតាសួគ៌​របស់​យើង​បានបង្កើត​សកលលោក ដើម្បី​ឲ្យ​យើង​អាច​ឈោង​ទៅដល់​សក្ដានុពល​របស់យើង​ក្នុងនាម​ជាបុត្រា និង​បុត្រី​របស់ទ្រង់ ។ ( « You Matter to Him » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១១ ទំព័រ ២០ )

  • តើ​សេចក្តី​ថ្លែងការណ៍​នេះ​ជួយ​អ្នក​យល់​យ៉ាង​ដូចម្ដេច​អំពី​ព្រះវរបិតាសួគ៌ ?

  • តើ​សេចក្តី​ថ្លែងការណ៍​នេះ​ជួយ​អ្នក​យល់​យ៉ាង​ដូចម្ដេច​អំពី​ខ្លួនអ្នក ?

ព្រះវរបិតាសួគ៌​ជួយ​យើង​ឲ្យ​ទទួល​បាន​អមតភាព និង​ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច

សូម​ពិចារណា​ចាត់​សិស្ស​ជា​ក្រុម​តូចៗ សម្រាប់​ធ្វើ​សកម្មភាព​ខាងក្រោម ។ អ្នក​អាច​ចែក​ក្រដាស​មួយ​សន្លឹក​ឲ្យ​ក្រុម​នីមួយៗ ហើយ​អញ្ជើញ​សិស្ស​ឲ្យ​សរសេរ​សំណួរ​ខាងក្រោម​នេះ​នៅ​ផ្នែក​ខាង​លើ​នៃ​ក្រដាស​របស់​ពួកគេ ។ បន្ទាប់មក សិស្ស​អាច​សរសេរ​ចម្លើយ​របស់​ពួកគេ​នៅ​ក្រោម​សំណួរ​ទាំងនោះ​បាន ។ ប្រសិនបើ​អាច អ្នក​អាច​អញ្ជើញ​សិស្ស​ឲ្យ​ស្វែងរក​បទគម្ពីរ​មួយ ដែល​ថ្លែង​ទីបន្ទាល់​អំពី​ចម្លើយ​ខ្លះ ឬ​ទាំងអស់​របស់​ពួកគេ ។

  • តើ​ព្រះវរបិតាសួគ៌ និង​ព្រះ​យេស៊ូវ​គ្រីស្ទ​បាន​ធ្វើ​អ្វីខ្លះ ដើម្បី​នាំ​ឲ្យ​យើង​ទទួល​បាន​អមតភាព ?

  • តើ​ទ្រង់​ទាំងទ្វេ​បាន​ធ្វើ និង​បន្ត​ធ្វើ​អ្វីខ្លះ ដើម្បី​ជួយ​យើង​ឲ្យ​ទទួល​បាន​ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច ?

ដើម្បី​ជួយ​សិស្ស​ស្វែងយល់​ដោយ​ខ្លួនឯង សូម​ទុក​ពេល​គ្រប់គ្រាន់​ដើម្បី​ឆ្លើយតប​នឹង​សំណួរ​មុនៗ ។ បន្ទាប់មក សូម​ឲ្យ​ពួកគេ​បន្ថែម​ទៅក្នុង​បញ្ជី​របស់​ពួកគេ ដោយ​អាន យ៉ូហាន ៣:១៦ និង​សេចក្ដី​ថ្លែងការណ៍​ខាងក្រោម​ដោយ​ប្រធាន ឌៀថើរ អេហ្វ អុជដូហ្វ ។

ប្រធាន ឌៀថើរ អេហ្វ អុជដូហ្វ នៃ​គណៈប្រធាន​ទីមួយ បានចែកចាយ​បន្ថែម​នូវ​វិធី​នានា​ដែល​ព្រះវរបិតាសួគ៌​នាំ​មកនូវ​អមតភាព និង​ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច​មក​ដល់​យើង ។

ប្រធាន ឌៀថើរ អេហ្វ អុជដូហ្វ

[ ព្រះវរបិតាសួគ៌ ] បាន​ប្រទាន​ដល់​យើង​នូវ​ដំណឹងល្អ និង​សាសនាចក្រ​នៃ​ព្រះ​យេស៊ូវ​គ្រីស្ទ ។ ទ្រង់​បាន​ប្រទាន​ដល់​យើង​នូវ​ផែនការ​នៃ​សេចក្តី​ប្រោសលោះ ផែនការ​នៃ​សេចក្តី​សង្គ្រោះ ព្រម​ទាំង​ផែនការ​នៃ​សុភមង្គល​ផងដែរ ។ …

  • ទ្រង់​បាន​ប្រទាន​ដល់​យើង​នូវ​ព្រះវិញ្ញាណ​បរិសុទ្ធ ដែល​ជា​អំណោយទាន​ដ៏​មាន​តម្លៃ ។ …

  • ទ្រង់​បាន​ប្រទាន​ឱកាស​ឲ្យ​យើង​និយាយ​ជាមួយ​ទ្រង់ ២៤/៧ តាមរយៈ​ការអធិស្ឋាន​ដោយ​សេចក្តី​ជំនឿ និង​ការទូល​អង្វរ​ដោយ​ស្មោះសរ ។

  • ទ្រង់​បាន​ប្រទាន​ដល់​យើង​នូវ​សាវក និង​ព្យាការី​សម័យ​ទំនើប ដែល​បើក​សម្ដែង​ព្រះបន្ទូល​នៃ​ព្រះ នៅ​សម័យកាល​របស់​យើង ។ …

  • ទ្រង់​បាន​ស្ដារ​ឡើងវិញ​នូវ​សាសនាចក្រ​របស់​ទ្រង់ ។ …

  • ទ្រង់​បាន​ប្រទាន​ព្រះគម្ពីរ​បរិសុទ្ធ​ដល់​យើង—ជា​ព្រះបន្ទូល​របស់​ទ្រង់​ដែល​បាន​សរសេរ​ទុក​សម្រាប់​យើង ។

  • ទ្រង់​បាន​ប្រទាន​ឧបករណ៍​បច្ចេកវិទ្យា​ទំនើប​ជាច្រើន ដើម្បី​ជួយ​យើង​ក្នុង​ដំណើរ​នៃ​ភាពជាសិស្ស​របស់​យើង ។ …

ហេតុអ្វី​ព្រះវរបិតាសួគ៌​ប្រទាន​ជំនួយ​យ៉ាង​ច្រើន​ដល់​យើង ? ដោយសារ​ទ្រង់​ស្រឡាញ់​យើង ។ ហើយ​ដោយសារ​តែ ដូច​ទ្រង់​បាន​មាន​បន្ទូល​អំពី​អង្គទ្រង់​ផ្ទាល់​ថា « នេះ​ហើយ​ជា​កិច្ចការ​របស់​យើង និង​សិរី​ល្អ​របស់​យើង—គឺ​ដើម្បី​នាំ​ឲ្យ​មាន​អមតភាព និង​ជីវិត​ដ៏​នៅ​អស់​កល្ប​ជានិច្ច​ដល់​មនុស្ស » ( ម៉ូសេ ១:៣៩ ) ។ ( « Our Father, Our Mentor » Ensign ខែ មិថុនា ឆ្នាំ ២០១៦ ទំព័រ ៥ )

សូម​អញ្ជើញ​សិស្ស​ឲ្យ​ជ្រើសរើស​វិធី​មួយ​ចំនួន​ដែល​មាន​អត្ថន័យ​បំផុត​សម្រាប់​ពួកគេ នៅពេល​ពួកគេ​ឆ្លើយតប​ទៅនឹង​សំណួរ​ខាងក្រោម ។

  • តើ​អ្វី​ទាំងនេះ​អាច​ជួយ​យើង​ឲ្យ​ឈាន​ទៅរក​ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច​បាន​ដូចម្ដេច ?

  • តើ​វិធី​ទាំងនេះ​បាន​ជួយ​អ្នក​ឲ្យ​បាន​កាន់តែ​ដូចជា​ព្រះវរបិតាសួគ៌​យ៉ាង​ដូចម្ដេច ?

សូម​អញ្ជើញ​សិស្ស​ទាំងឡាយ​ឲ្យ​ចែកចាយ​វិធី​មួយ​ដែល​ពួកគេ​បាន​ជ្រើសរើស និង​ចម្លើយ​របស់​ពួកគេ​ចំពោះ​សំណួរ​ខាងលើ ។ សូម​រកមើល​វិធី​ដើម្បី​អរគុណ និង​បញ្ជាក់​គុណតម្លៃ​ដល់​ពួកគេ​សម្រាប់​ចម្លើយ​របស់​ពួកគេ ។ ប្រសិនបើ​សិស្ស​មិន​ផ្តោត​លើ​ព្រះអង្គ​សង្គ្រោះ​ដោយ​ឯកឯង​ទេ សូម​យោង​ទៅ យ៉ូហាន ៣:១៦ និង​ម៉ូសាយ ៤:២ ហើយ​ស្នើ​សិស្ស​ឲ្យ​ចែកចាយ​ពី​របៀប​ដែល​ព្រះអង្គសង្គ្រោះ​ជួយ​ពួកគេ​ឲ្យ​រីកចម្រើន និង​ឲ្យ​ក្លាយ​កាន់តែ​ដូចជា​ព្រះវរបិតាសួគ៌ ។

ការដឹងគុណ​ចំពោះ​ព្រះវរបិតាសួគ៌

ដើម្បី​ជួយ​សិស្ស​ឲ្យ​មានអារម្មណ៍​ដឹងគុណ​កាន់តែ​ខ្លាំង​ចំពោះ​ព្រះវរបិតាសួគ៌ និង​កិច្ចការ​របស់​ទ្រង់ ដើម្បី​នាំ​មក​នូវ​អមតភាព និង​ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច សូម​អញ្ជើញ​ពួកគេ​ឲ្យ​ស្វែងរក​ជំនួយ​ពី​ព្រះអម្ចាស់ នៅពេល​ពួកគេ​ឆ្លើយតប​ទៅនឹង​សំណួរ​ខាងក្រោម នៅក្នុង​សៀវភៅ​សិក្សា​របស់​ពួកគេ ។ ម្យ៉ាងទៀត សិស្ស​អាច​បញ្ចូល​ក្នុង​សៀវភៅ​កំណត់ហេតុ​នូវ​ព័ត៌មាន​ដែល​បង្ហាញ​ពី​ការដឹងគុណ​របស់​ពួកគេ​ចំពោះ​ព្រះវរបិតាសួគ៌ ចំពោះ​អ្វី​ដែល​ទ្រង់​ធ្វើ​សម្រាប់​ពួកគេ ។

  • នៅ​ថ្ងៃនេះ តើ​អ្នក​បាន​ស្វែងយល់ ឬ​មាន​អារម្មណ៍​ដឹង​អ្វីខ្លះ​ដែល​អ្នក​ចង់​ចងចាំ ?

  • តើ​អ្នក​មាន​អារម្មណ៍​ដូចម្ដេច​ចំពោះ​ព្រះវរបិតាសួគ៌ និង​ព្រះ​យេស៊ូវ​គ្រីស្ទ និង​ចំពោះ​អ្វី​ដែល​ទ្រង់​ទាំងទ្វេ​ធ្វើ​ដើម្បី​ជួយ​អ្នក​ត្រឡប់​មក​រក​ទ្រង់​វិញ ?

ទន្ទេញ

អ្នក​អាច​នឹង​ចង់​ជួយ​សិស្ស​ឲ្យ​ទន្ទេញ​សេចក្ដីយោង​ចំណេះចំណាន​ខាង​គោលលទ្ធិ និង​ឃ្លា​បទគម្ពីរ​គន្លឹះ​ក្នុង​អំឡុង​មេរៀន​នេះ ហើយ​រំឭក​វា​ក្នុង​មេរៀន​ក្រោយៗ​ទៀត ។ ឃ្លា​គន្លឹះក្នុង​ព្រះគម្ពីរ​គឺ « នេះ​ហើយ​ជា​កិច្ចការ​របស់​យើង និង​សិរី​ល្អ​របស់​យើង—គឺ​ដើម្បី​នាំ​ឲ្យ​មាន​អមតភាព និង​ជីវិត​ដ៏​នៅ​អស់​កល្ប​ជានិច្ច​ដល់​មនុស្ស » ។ គំនិត​សម្រាប់​សកម្មភាព​ទន្ទេញ មាន​នៅក្នុង​ឯកសារ​ឧបសម្ព័ន្ធ​ដែល​នៅក្រោម « សកម្មភាព​រំឭក​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ​ឡើងវិញ » ។