ថ្នាក់​សិក្ខាសាលា
ម៉ូសេ ១:១–១១ ៖ « យើង​មាន​កិច្ចការ​សម្រាប់​អ្នក … ជា​បុត្រ​យើង »


« ម៉ូសេ ១:១–១១ ៖ ‹ យើង​មាន​កិច្ចការ​សម្រាប់​អ្នក … ជា​បុត្រ​យើង › សៀវភៅ​សិក្សា​ព្រះគម្ពីរ​សញ្ញាចាស់​សម្រាប់​គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា ( ឆ្នាំ ២០២៦ )

« ម៉ូសេ ១:១–១១ ៖ ‹ យើង​មាន​កិច្ចការ​សម្រាប់​អ្នក … ជា​បុត្រ​យើង › សៀវភៅ​សិក្សា​ព្រះគម្ពីរ​សញ្ញាចាស់​សម្រាប់​គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា

ម៉ូសេ ១; អ័ប្រាហាំ ៣ ៖ មេរៀន​ទី ៤

ម៉ូសេ ១:១–១១

« យើង​មាន​កិច្ចការ​សម្រាប់​អ្នក … ជា​បុត្រ​យើង »

ម៉ូសេ

នៅ​លើ​ភ្នំ​ខ្ពស់ ម៉ូសេ « បាន​ឃើញ​ព្រះ​នៅ​ប្រទល់​មុខ ហើយ​គាត់​បាន​ទូល​ជាមួយ​នឹង​ទ្រង់ » ( ម៉ូសេ ១:២ ) ។ ព្រះ​បាន​មាន​បន្ទូល​ប្រាប់​ម៉ូសេ​ថា « អ្នក​ជា​បុត្រ​របស់​យើង » ( ម៉ូសេ ១:៤ ) និង​ថា « យើង​មាន​កិច្ចការ​សម្រាប់​អ្នក » ( ម៉ូសេ ១:៦ ) ។ គោលបំណង​នៃ​មេរៀន​នេះ​គឺ​ដើម្បី​ជួយ​សិស្ស​ឲ្យ​ទទួល​អារម្មណ៍​ថា ពួកគេ​ជា​បុត្រា​បុត្រី​របស់​ព្រះ ហើយ​ទ្រង់​មាន​កិច្ចការ​សម្រាប់​ពួកគេ​ធ្វើ ។

ការរៀបចំ​របស់​សិស្ស ៖ សូម​អញ្ជើញ​សិស្ស​ឲ្យ​ជញ្ជឹងគិត ឬ​សរសេរ​អ្វី​ដែល​ពួកគេ​ជឿ​ថា ជា​គោលបំណង​នៅក្នុង​ជីវិត​របស់​ពួកគេ ។

សកម្មភាព​រៀនសូត្រ​ដែល​អាច​មាន

អ្វី​មួយ​សម្រាប់​ឲ្យ​អ្នក​ធ្វើ

សូម​សរសេរ​លើ​ក្ដារខៀន​ថា «  ( ឈ្មោះ​របស់​អ្នក ) ខ្ញុំ​មាន​អ្វី​មួយ​ដែល​ខ្ញុំ​ចង់​ឲ្យ​អ្នក​ធ្វើ » ។ សូម​សួរ​សិស្ស​ថា​តើ​ពួកគេ​ទទួល​អារម្មណ៍​យ៉ាងណា នៅពេល​នរណា​ម្នាក់​ប្រាប់​ពួកគេ​ថា គាត់​មាន​អ្វី​មួយ​ដែល​គាត់​ចង់​ឲ្យ​ពួកគេ​ធ្វើ ។ សូម​ពិចារណា​សួរ​សំណួរ​ខាងក្រោម​នេះ ។

  • តើ​អ្នក​ទទួល​អារម្មណ៍​ផ្សេង​គ្នា​អាស្រ័យ​លើ​អ្នក​សួរ​ឬ​ទេ ? ហេតុអ្វី​ទទួល ឬ​មិន​ទទួល​អារម្មណ៍​បែបនេះ ?

  • តើ​អ្នក​នឹង​ទទួល​អារម្មណ៍​យ៉ាងណា ប្រសិនបើ​ព្រះ​មាន​បន្ទូល​បែបនេះ​មក​កាន់​អ្នក ? ហេតុអ្វី ?

    សូម​អញ្ជើញ​សិស្ស​ឲ្យ​ឆ្លើយ​សំណួរ​ខាងក្រោម​នេះ​នៅក្នុង​សៀវភៅ​កំណត់ហេតុ​បទគម្ពីរ​របស់​ពួកគេ ។

  • តើ​អ្នក​ជឿ​ថា ព្រះ​មាន​កិច្ចការ​សម្រាប់​អ្នក​ក្នុង​ជីវិត​នេះ​ឬ​ទេ ? ហេតុអ្វី​ទទួល ឬ​មិន​ទទួល​អារម្មណ៍​បែបនេះ ?

  • តើ​អ្នក​ទទួល​អារម្មណ៍​ល្អ​ប៉ុណ្ណា​ពេល​អ្នក​ដឹង​អំពី​អ្វី​ដែល​ព្រះ​ចង់​ឲ្យ​អ្នក​ធ្វើ ?

  • តើ​អ្នក​គិត​ថា អ្នក​នឹង​ត្រូវ​ដឹង​អ្វីខ្លះ​អំពី​ព្រះ និង​ខ្លួន​ឯង​ដើម្បី​ជំរុញ​ទឹក​ចិត្ត​ក្នុង​ការធ្វើ​កិច្ចការ​នោះ ?

ខណៈពេល​សិស្ស​កំពុង​សិក្សា ម៉ូសេ ១ នៅក្នុង​មេរៀន​នេះ សូម​អញ្ជើញ​ពួកគេ​ឲ្យ​ស្វែងរក​ជំនួយ​តាមរយៈ​ព្រះវិញ្ញាណបរិសុទ្ធ ដើម្បី​ដឹង​បន្ថែម​ទៀត​អំពី​ខ្លួន​ឯង អំពី​ព្រះជាម្ចាស់ និង​អំពី​អ្វី​ដែល​ទ្រង់​សព្វ​ព្រះទ័យ​ចង់​ឲ្យ​ពួកគេ​ធ្វើ​នៅក្នុង​ជីវិត​នេះ ។

គំរូ​របស់​ម៉ូសេ

សូម​អញ្ជើញ​សិស្ស​ឲ្យ​ស្វែងរក​ព្រះគម្ពីរម៉ូសេ នៅក្នុង​មុក្ដា​ដ៏មានតម្លៃ​មហិមា ។ សូម​ពន្យល់​ថា ព្រះ​បាន​បើក​សម្ដែង​ព្រះគម្ពីរម៉ូសេ​តាមរយៈ​ព្យាការី យ៉ូសែប ស្ម៊ីធ នៅពេល​លោក​ធ្វើការបកប្រែ​ដ៏​បំផុស​គំនិត​ក្នុង លោកុប្បត្តិ ១ ដល់ លោកុប្បត្តិ ៦:១៣ ។ វា​មាន​នូវ​ពាក្យពេចន៍​ដែល​ព្រះ​បាន​ត្រាស់​បង្គាប់​ម៉ូសេ​ឲ្យ​កត់ត្រា ( ម៉ូសេ ១:៤០ ) ។

សូម​ពិចារណា​បង្ហាញ​រូបភាព​របស់​ម៉ូសេ​ដូច​ខាងក្រោម​នេះ ។

ម៉ូសេ​ញែក​ទឹក​សមុទ្រ​ក្រហម
  • តើ​អ្នក​ដឹង​អ្វីខ្លះ​អំពី​ម៉ូសេ និង​ជីវិត​របស់​លោក ?

    ប្រសិនបើ​ចាំបាច់ សូម​ពន្យល់​ថា មុន​ពេល​ព្រះអម្ចាស់​ធ្វើ​អព្ភូតហេតុ​តាមរយៈ​ម៉ូសេ ដើម្បី​ដឹកនាំ​រាស្ដ្រ​ទ្រង់​ចេញ​ពី​ទាសភាព ម៉ូសេ​បាន​កើត​មក​ជា​សាសន៍​អ៊ីស្រាអែល ( រាស្ត្រ​នៃ​សេចក្ដីសញ្ញា​របស់​ព្រះ ) ប៉ុន្តែ​ត្រូវបាន​ចិញ្ចឹម​ដោយ​គ្រួសារ​រាជវង្ស​អេស៊ីព្ទ ។ នៅ​ទីបំផុត លោក​ត្រូវ​ភៀសខ្លួន​ពី​ស្រុក​អេស៊ីព្ទ​ទៅ​កាន់​ទឹកដី​ថ្មី​មួយ ដើម្បី​រក្សា​ជីវិត​របស់​លោក ដោយ​ត្រូវ​ចាកចេញ​ពី​គ្រួសារ​តែមួយគត់​ដែល​លោក​បាន​ស្គាល់ ។

  • ប្រសិនបើ​អ្នក​ស្ថិត​ក្នុង​ស្ថានភាព​របស់​ម៉ូសេ​វិញ តើ​អ្នក​អាច​នឹង​មាន​គំនិត​អ្វីខ្លះ​អំពី​គោលបំណង​សម្រាប់​ជីវិត​របស់​អ្នក ?

មួយ​រយៈ​ក្រោយពី​ម៉ូសេ​បាន​ភៀសខ្លួន​ចេញពី​ស្រុក​អេស៊ីព្ទ ព្រះអង្គសង្គ្រោះ​បាន​លេច​មក « ប្រទល់​មុខ » ម៉ូសេ​( ម៉ូសេ ១:២ ) ។ ព្រះ​យេស៊ូវ​គ្រីស្ទ​ដែល​ជា​ព្រះមួយ​អង្គ​ដែល​គង់នៅ​ជាមួយ​ព្រះវរបិតាសួគ៌ ទ្រង់​បាន​មាន​បន្ទូល​ទៅកាន់​ម៉ូសេ ប្រៀប​ដូចជា​​ព្រះ​ដែលជា​ព្រះវរបិតា​ដែរ ។ ដូច្នេះ យើង​អាច​អាន​ខគម្ពីរ​ទាំងនេះ ដើម្បី​យល់​កាន់តែ​ច្បាស់​អំពី​ព្រះវរបិតា និង​ព្រះរាជបុត្រា ។ ម៉ូសេ​បាន​រៀន​ច្រើន​អំពី​ព្រះវរបិតាសួគ៌ និង​ទំនាក់ទំនង​របស់​ទ្រង់​ជាមួយ​ព្រះរាជបុត្រា ដែល​ដឹកនាំ​លោក​ឲ្យ​ធ្វើ​កិច្ចការ​ដ៏​សំខាន់​មួយ ។ ដើម្បី​ជួយ​សិស្ស​ឲ្យ​រកឃើញ​នូវ​អ្វី​ដែល​ម៉ូសេ​បាន​រៀន សូម​គូរ​តារាង​ខាងក្រោម​នៅលើ​ក្ដារខៀន ។ ក្នុង​សកម្មភាព​នេះ សិស្ស​អាច​ចម្លង​តារាង​នេះ​ដាក់​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​របស់​ពួកគេ ឬ​បំពេញ​វា​ជាមួយ​មិត្តរួមថ្នាក់​នៅលើ​ក្ដារខៀន ។

ព្រះវរបិតាសួគ៌ និង​ព្រះ​យេស៊ូវ​គ្រីស្ទ

ម៉ូសេ

សូម​អាន ម៉ូសេ ១:១–១១ ដោយ​ស្រមៃ​ថា​តើ​ការមាន​បទពិសោធន៍​នេះ​នឹង​មានលក្ខណៈ​យ៉ាងដូចម្ដេច ។ នៅលើ​តារាង សូម​សរសេរ​អ្វី​ដែល​ខគម្ពីរ​ទាំងនេះ​បង្រៀន​អំពី​ព្រះវរបិតាសួគ៌ ព្រះ​យេស៊ូវ​គ្រីស្ទ និង​ម៉ូសេ ។

វិធី​ផ្សេង​ទៀត​ដើម្បី​សិក្សា​ខគម្ពីរ​ទាំងនេះ គឺ​បង្ហាញ​វីដេអូ « I Am a Son of God » ចាប់ពី​នាទី​ទី ០:០០ ដល់ ២:៤៩ ។ ក្រោយពី​មើល​វីដេអូ​នេះ​រួច អ្នក​អាច​អញ្ជើញ​សិស្ស​ឲ្យ​អាន​ខគម្ពីរ​ទាំងនោះ ដោយ​រកមើល​សេចក្ដីថ្លែងការណ៍ ឬ​សេចក្ដីលម្អិត​សំខាន់ៗ​ដែល​មិន​មាន​នៅក្នុង​វីដេអូ ។

សូម​អញ្ជើញ​សិស្ស​ឲ្យ​ចែកចាយ​អ្វី​ដែល​ពួកគេ​បាន​រកឃើញ​នៅក្នុង​បទគម្ពីរ នៅពេល​ពួកគេ​បាន​បំពេញ​តារាង និង​មូលហេតុ​ដែល​វា​អាច​ជារឿង​ដ៏​សំខាន់ ឬ​មាន​អត្ថន័យ​ចំពោះ​ពួកគេ ។ បើ​ចាំបាច់ សូម​សួរ​សំណួរ​ខាងក្រោម​នេះ ។

6:31
  • តើ​អ្វី​ទៅដែល​អ្នក​មាន​ចំណាប់អារម្មណ៍​អំពី​ព្រះវរបិតាសួគ៌ និង​ព្រះ​យេស៊ូវ​គ្រីស្ទ ? ហេតុអ្វី ?

    ខណៈពេល​សិស្ស​កំពុង​ចែកចាយ សូម​រកមើល​វិធី​ដើម្បី​បញ្ជាក់​ពី​ភាពអស្ចារ្យ​របស់​ព្រះ ។ អ្នក​អាច​ស្នើ​សិស្ស​ឲ្យ​ចង្អុល​បង្ហាញ​ឃ្លា​ដែល​រំលេច​ពី​ព្រះចេស្ដា​របស់​ទ្រង់ ។

  • តើ​ព្រះ​បាន​មាន​បន្ទូល​ប្រាប់​ម៉ូសេ​អំពី​អ្វី​ខ្លះ នៅក្នុង ខទី ៤, ៦–៧ ដែល​អាច​អនុវត្ត​ចំពោះ​អ្នក​ដែរ​នោះ ?

    សិស្ស​អាច​នឹង​កត់សម្គាល់​ឃើញ​សេចក្ដីពិត​មួយ​ដូចជា ៖ ពួកយើង​គឺជា​បុត្រាបុត្រី​របស់​ព្រះ ហើយ​ទ្រង់​មាន​កិច្ចការ​សម្រាប់​ឲ្យ​យើង​ធ្វើ ។ សូម​ពិចារណា​អញ្ជើញ​សិស្ស​ឲ្យ​កត់ត្រា​សេចក្ដីពិត​នេះ​នៅក្នុង​ព្រះគម្ពីរ​របស់​ពួកគេ ឬ​គូសសម្គាល់​ឃ្លា​ដែល​បង្រៀន​អំពី​វា ។

  • តើ​ការដឹង​ពី​ភាពអស្ចារ្យ​របស់​ព្រះ​ធ្វើឲ្យ​ការក្លាយ​ជា​បុត្រ​របស់​ទ្រង់​កាន់តែ​មាន​ន័យ​យ៉ាងណា ?

  • តើ​ការយល់ដឹង​ថា ពួកយើង​ជា​បុត្រាបុត្រី​របស់​ព្រះ​អាច​ជួយ​យើង​ឲ្យ​យល់​ពី​គោលបំណង​មួយ ឬ​ច្រើន​របស់​យើង​ក្នុង​ជីវិត​នេះ​យ៉ាង​ដូចម្ដេច ?

ចំណាំ៖ វា​អាច​នឹង​មាន​ប្រយោជន៍​ក្នុង​ការដឹង​ថា នៅក្នុង​មេរៀន​បន្ទាប់​ស្ដីពី ម៉ូសេ ១:១២–២៦ សិស្ស​នឹង​សិក្សា​ពី​របៀប​ដែល​ការយល់ដឹង​របស់​ម៉ូសេ​អំពី​អត្តសញ្ញាណ​របស់​គាត់ ក្នុង​នាម​ជា​បុត្រា​របស់​ព្រះ​បាន​ផ្ដល់​អំណាច​ដល់​គាត់ ដើម្បី​ទប់ទល់​នឹង​ការល្បួង​របស់​សាតាំង ។ ដូចគ្នា​នេះ​ផងដែរ មេរៀន​ស្ដីពី លោកុប្បត្តិ ១:២៦–២៧ នៅក្នុង​សប្តាហ៍​បន្ទាប់ នឹង​ជួយ​សិស្ស​ឲ្យ​ទទួល​អារម្មណ៍​ដឹង​ពី​សារៈសំខាន់​នៃ​អត្តសញ្ញាណ និង​សក្តានុពល​របស់​ពួកគេ ក្នុង​នាម​ជា​បុត្រាបុត្រី​របស់​ព្រះ​មាតាបិតា​សួគ៌ ។

កិច្ចការ​ដែល​ព្រះ​មាន​សម្រាប់​យើង

ដើម្បី​ជួយ​សិស្ស​ឲ្យ​ជញ្ជឹងគិត​ពី​របៀប​ដែល​ព្រះ​មាន​កិច្ចការ​ដ៏សំខាន់​មួយ​សម្រាប់​បុត្រាបុត្រី​របស់​ទ្រង់ សូម​ពិចារណា​ធ្វើ​សកម្មភាព​ដូច​ខាងក្រោម ។

សូម​គូរ​រូប​ដំបង​ចំនួន​បី​នៅក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​របស់​អ្នក ។ សូម​ស្វែងយល់​អំពី​កិច្ចការ​ដែល​ព្រះ​មាន​សម្រាប់​បុគ្គល​ទាំងឡាយ នៅក្នុង​ឧទាហរណ៍​ខាងក្រោម ហើយ​ដាក់​ស្លាក​លើ​រូប​ដំបង​នោះ ។ បន្ទាប់មក​សរសេរ​ចម្លើយ​ចំពោះ​សំណួរ​ខាងក្រោម នៅ​ជាប់​ឬ​ខាង​ក្រោម​រូប​នីមួយៗ ។

  1. ម៉ូសេ ។ ស្វែងយល់​អំពី​ពាក្យ « ម៉ូសេ » នៅក្នុង ៖ Bible Dictionaryសេចក្ដី​ណែនាំ​ដល់​បទគម្ពីរ​ទាំង​ឡាយ ។

  2. ហ្គីរីស ( បុរស​ម្នាក់​កើត និង​ធំធាត់​នៅ​ប្រទេស​នេប៉ាល់ ដែល​បាន​រកឃើញ​ដំណឹងល្អ ហើយ​នៅទីបំផុត​បាន​ផ្លាស់​ទៅ​រដ្ឋយូថាហ៍ ) ។ សូម​អាន​អត្ថបទ​ខាង​ក្រោម ឬ​មើល « I Have a Work for Thee » ( ១០:២៥ ) ពី​នាទី​ទី ០:១៨ ដល់ ១:១២ ។

    10:25

ជា​ច្រើន​ឆ្នាំ​ក្រោយ​មក នៅពេល​ជនភៀសខ្លួន​ជាង ១៥០០ នាក់​មក​ពី​ជំរុំ​នៅ​ប្រទេស​នេប៉ាល់​ត្រូវបាន​ផ្លាស់ទី​ទៅ​រដ្ឋយូថាហ៍ ហ្គីរីស​ទទួល​អារម្មណ៍​បំផុស​គំនិត​ឲ្យ​ជួយ​ពួកគេ ។ ដោយ​ចេះ​និយាយ​ភាសា​កំណើត​បាន​ស្ទាត់ និង​យល់ដឹង​អំពី​វប្បធម៌​ផង​នោះ ហ្គីរីស​បាន​បម្រើការ​ជា​អ្នកបកប្រែ គ្រូបង្រៀន និង​អ្នកប្រឹក្សា ។ … សាខា​មួយ​ដែល​ប្រើ​ភាសា​នេប៉ាល់​ត្រូវ​បាន​បង្កើត​ឡើង ហើយ​ក្រោយ​មក ហ្គីរីស បាន​បម្រើ​ជា​ប្រធាន​សាខា​នោះ ។ គាត់​ក៏​បាន​ជួយ​នៅក្នុង​ការបកប្រែ​ព្រះគម្ពីរមរមន​ទៅ​ជា​ភាសា​នេប៉ាល់​ផងដែរ ។ ( ចន ស៊ី ភីងគ្រី ជុញ្ញ័រ « I Have a Work for Thee » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៧ ទំព័រ ៣២ )

  1. បងស្រី​ដែល​មានការបាក់ទឹកចិត្ត ។ សូម​អាន​អត្ថបទ​ខាងក្រោម​នេះ ។

ថ្ងៃ​មួយ​មាន​បងស្រី​ដែល​បាក់ទឹកចិត្ត​ម្នាក់​បាន​ទូល​អង្វរ​ថា « ឱ! ព្រះអម្ចាស់​អើយ តើ​ការងារ​បម្រើ​ផ្ទាល់​របស់​ខ្ញុំ​គឺជា​អ្វី​ទៅ ? » ទ្រង់​បាន​តប​ថា « សូម​យក​ចិត្ត​ទុក​ដាក់​លើ​មនុស្ស​ដទៃ » ។ … ចាប់​តាំងពី​ពេល​នោះ​មក គាត់​បាន​រកឃើញ​អំណរ​ជាប្រចាំ ក្នុងការយក​ចិត្ត​ទុក​ដាក់​លើ​អស់​អ្នក​ដែល​ត្រូវ​បាន​គេ​បំភ្លេច​ចោល ហើយ​ព្រះ​បាន​ធ្វើការ​តាមរយៈ​គាត់​ដើម្បី​ប្រទាន​ពរ​ដល់​មនុស្ស​ជាច្រើន ។ ( ចន ស៊ី ភីងគ្រី ជុញ្ញ័រ « Have a Work for Thee » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៧ ទំព័រ ៣៣ )

អ្នក​អាច​ជំនួស​រឿង​របស់​ហ្គីរីស ឬ​របស់​បងស្រី​ដែល​បាក់ទឹកចិត្ត​នោះ ជាមួយ​នឹង​ឧទាហរណ៍​មួយ​ទៀត​ដែល​អ្នក​ដឹង​នៅ​សម័យ​ទំនើប​នេះ ។

វា​អាច​មាន​ប្រយោជន៍​ក្នុងការ​បង្ហាញ​សំណួរ​ខាងក្រោម​នេះ​នៅលើ​ក្ដារខៀន ។

  • តើ​បុគ្គល​នោះ​បាន​ធ្វើ​អ្វីខ្លះ​ដើម្បី​ជួយ​អ្នក​ដទៃ ហើយ​នាំ​ពួកគេ​មក​រក​ព្រះ​យេស៊ូវ​គ្រីស្ទ ?

  • ហេតុអ្វី​បានជា​ព្រះ​ដែល​គួរ​ឲ្យស្រឡាញ់​អាច​នឹង​ចង់​ឲ្យ​ពួកគេ​ធ្វើ​កិច្ចការ​នេះ ?

  • តើ​ពួកគេ​បាន​ត្រៀមខ្លួន​យ៉ាងពិសេស​ដើម្បី​ជួយ​ដោយ​របៀប​ណា ? ឬ​តើ​ពួកគេ​បាន​ជួយ​តាម​របៀប​ពិសេស​ឬ​ផ្ទាល់ខ្លួន​ដោយ​របៀប​ណា ?

ខណៈពេល​សិស្ស​កំពុង​ចែកចាយ​អ្វី​ដែល​ពួកគេ​បាន​រកឃើញ សូម​រក​មើល​របៀប​ដើម្បី​បញ្ជាក់​ឲ្យ​ច្បាស់​ថា មិន​មែន​កិច្ចការ​ទាំងអស់​ដែល​ព្រះអម្ចាស់​សព្វព្រះទ័យ​ចង់​ឲ្យ​យើង​ធ្វើ​សុទ្ធ​តែ​ធំ ឬ​សម្បើម​នោះ​ទេ ប៉ុន្តែ​វា​តែងតែ​សំខាន់​ចំពោះ​ព្រះអម្ចាស់ និង​ចំពោះ​បុត្រាបុត្រី​របស់​ទ្រង់​ដែល​យើង​បម្រើ ។ ភារកិច្ច និង​ទំនួលខុសត្រូវ​ជាក់លាក់​ដែល​ព្រះអម្ចាស់​អាច​នឹង​ប្រទាន​ដល់​យើង នឹង​ជួយ​យើង​ឲ្យ​ចូលរួម​ក្នុង​កិច្ចការ​នៃ​សេចក្ដីសង្គ្រោះ និង​ភាពតម្កើងឡើង​របស់​ទ្រង់ ( សូមមើល ម៉ូសេ ១:៣៩ ) ។ ឥឡូវនេះ អាច​នឹង​មាន​កិច្ចការ​ដែល​ទ្រង់​ចង់​ផ្តោត​ទៅលើ​ផងដែរ ប៉ុន្តែ​នៅពេល​អនាគត ទ្រង់​អាច​នឹង​ស្នើ​ឲ្យ​យើង​ផ្តោត​ទៅលើ​អ្វី​ផ្សេង ។

កិច្ចការ​សម្រាប់​អ្នក

សូម​គូរ​រូប​ដំបង​ថែម​មួយ​ទៀត ហើយ​សរសេរ​ឈ្មោះ​របស់​អ្នក​នៅ​ខាងក្រោម​វា ។

អែលឌើរ ចន ស៊ី ភីងគ្រី ជុញ្ញ័រ ក្នុង​ពួក​ចិត​សិប​នាក់​បាន​ថ្លែង​ទីបន្ទាល់ ៖

អែលឌើរ ចន ស៊ី ភីងគ្រី ជុញ្ញ័រ

ព្រះ​បាន​ថ្លែង​ទៅ​ម៉ូសេ​ថា « យើង​មាន​កិច្ចការ​សម្រាប់​អ្នក » ( ម៉ូសេ ១:៦ ) ។ តើ​បង​ប្អូន​ធ្លាប់​ឆ្ងល់​ទេ​ថា តើ​ព្រះវរបិតាសួគ៌​មាន​កិច្ចការ​សម្រាប់​បង​ប្អូន​ឬ​អត់ ? តើ​មាន​អ្វី​សំខាន់ៗ​ដែល​ទ្រង់​បាន​រៀបចំ​ឲ្យ​បង​ប្អូន—គឺ​សម្រាប់​បង​ប្អូន​ជាពិសេស—ដើម្បី​សម្រេច​ឲ្យ​បាន​ឬ​ទេ ? ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​ថា ចម្លើយ​នោះ គឺ​ថា ពិតជា​មាន​មែន ! ( « I Have a Work for Thee » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៧ ទំព័រ ៣២ )

សូម​ពិចារណា​អញ្ជើញ​សិស្ស​ឲ្យ​និយាយ​ការអធិស្ឋាន​ដោយ​ស្ងាត់ស្ងៀម ហើយ​ស្វែងរក​វិវរណៈ​ពី​ព្រះអម្ចាស់ នៅពេល​ពួកគេ​ឆ្លើយ​សំណួរ​មួយ​ចំនួន​ឬ​ទាំងអស់​ខាងក្រោម ជុំវិញ​រូប​ដំបង​របស់​ពួកគេ ។ វា​អាច​នឹង​មាន​ប្រយោជន៍​ក្នុង​ការពន្យល់​ថា សិស្ស​ទាំងឡាយ​អាច​នឹង​មិន​ទទួល​បាន​ចម្លើយ​ពេញលេញ​ចំពោះ​សំណួរ​ទាំងនេះ​នៅក្នុង​ថ្នាក់​នោះ​ទេ ។ សូម​អញ្ជើញ​ពួកគេ​ឲ្យ​បន្ត​ជញ្ជឹងគិត ហើយ​អធិស្ឋាន​អំពី​ពួកវា ។

  • តើ​ខ្ញុំ​កំពុង​ធ្វើ​អ្វី​រួច​ទៅ​ហើយ​ដែល​អាច​ជា​ផ្នែក​នៃ​កិច្ចការ​របស់​ព្រះ​សម្រាប់​ខ្ញុំ​ក្នុង​ជីវិត​នេះ ?

  • តើ​ព្រះ​បាន​បើក​សម្ដែង​អ្វី​ដល់​ខ្ញុំ​រួចហើយ​អំពី​អ្វី​ដែល​ទ្រង់​សព្វព្រះទ័យ​ចង់​ឲ្យ​ខ្ញុំ​ធ្វើ ? ( នេះ​អាច​រួម​បញ្ចូល​ទាំង​ពរជ័យ​បព្វជិតភាព ការហៅ​បម្រើ ពរជ័យ​អយ្យកោ និង​ពេល​វេលា​នៃ​វិវរណៈ​ផ្សេង​ទៀត ) ។

  • តើ​ព្រះ​អាច​នឹង​សព្វព្រះទ័យ​ចង់​ឲ្យ​ខ្ញុំ​ធ្វើ​កិច្ចការ​របស់​ទ្រង់​ក្នុង​គ្រួសារ​របស់​ខ្ញុំ ? នៅក្នុង​វួដ​ឬ​សាខា​របស់​ខ្ញុំ​ដោយ​របៀប​ណា ?

  • នៅ​ពេល​នេះ​ឬ​ពេល​អនាគត តើ​ព្រះ​អាច​នឹង​សព្វ​ព្រះទ័យ​ចង់​ឲ្យ​ខ្ញុំ​រៀបចំ​ខ្លួន​ដើម្បី​ជួយ​អ្នកដទៃ​យ៉ាង​ដូចម្ដេច ?

ប្រសិនបើ​មិន​មែន​ជា​រឿង​ផ្ទាល់ខ្លួន​ពេក​ទេ សូម​អញ្ជើញ​សិស្ស​ឲ្យ​ចែកចាយ​ចំណាប់​អារម្មណ៍​ឬ​អារម្មណ៍​ដែល​ពួកគេ​ទទួល​បាន​ពី​អ្វី​ដែល​ពួកគេ​បាន​សិក្សា​នៅ​ថ្ងៃនេះ ។ សូម​ពិចារណា​ចែកចាយ​ទីបន្ទាល់ និង​អារម្មណ៍​របស់​អ្នក​អំពី​គោលការណ៍​នៅក្នុង​មេរៀន​នេះ ។