« ម៉ូសេ ១:១២–២៦ ៖ ‹ នែ៎សាតាំង ចូរឯងថយចេញទៅ › » សៀវភៅសិក្សាព្រះគម្ពីរសញ្ញាចាស់សម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា ( ឆ្នាំ ២០២៦ )
« ម៉ូសេ ១:១២–២៦ ៖ ‹ នែ៎សាតាំង ចូរឯងថយចេញទៅ › » សៀវភៅសិក្សាព្រះគម្ពីរសញ្ញាចាស់សម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា
ម៉ូសេ ១; អ័ប្រាហាំ ៣ ៖ មេរៀនទី ៥
ម៉ូសេ ១:១២–២៦
« នែ៎សាតាំង ចូរឯងថយចេញទៅ »
យើងទាំងអស់គ្នាសុទ្ធតែធ្លាប់ដឹងពីការល្បួងរបស់សាតាំង ។ ទោះយ៉ាងណាក៏ដោយ ដូចម៉ូសេដែរ នៅពេលយើងចាំថាយើងជានរណាឲ្យពិតប្រាកដ យើងអាចទទួលបានកម្លាំងពីព្រះ ដើម្បីយកឈ្នះលើសាតាំង និងការល្បួងរបស់វាបានក្នុងជីវិតរបស់យើង ។ មេរៀននេះមានគោលបំណងដើម្បីជួយសិស្សទាញយកកម្លាំងពីព្រះ ដើម្បីយកឈ្នះលើសេចក្ដីល្បួងរបស់ពួកគេផ្ទាល់ ។
ការរៀបចំរបស់សិស្ស ៖ សូមអញ្ជើញសិស្សឲ្យជញ្ជឹងគិតពីការល្បួងមួយដែលពួកគេប្រឈមមុខដោយផ្ទាល់ ហើយមករៀនដោយត្រៀមខ្លួនរួចជាស្រេចដើម្បីរៀនពីរបៀបយកឈ្នះការល្បួងនោះ ។
សកម្មភាពរៀនសូត្រដែលអាចមាន
ការប្រឈមមុខនឹងការល្បួង
ដើម្បីរៀបចំសិស្សឲ្យរៀនអំពីការយកឈ្នះលើការល្បួងទាំងឡាយ សូមពិចារណាចែកចាយសេចក្តីថ្លែងការណ៍ និងសំណួរខាងក្រោម ។
ប្រធាន ជែហ្វ្រី អ័រ ហូឡិន ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានបង្រៀន ៖
យើងនិយាយដោយក្លាហាន ពីព្រោះសាតាំងគឺជាសភាវៈពិតដែលតាំងចិត្តមកបំផ្លាញអ្នក ហើយអ្នកនឹងប្រឈមមុខនឹងឥទ្ធិពលរបស់វាតាំងពីក្មេង ( « We are All Enlisted » លីអាហូណា ខែ វិច្ឆិកា ឆ្នាំ ២០១១ ទំព័រ ៤៥ )
-
តើអ្នកយល់យ៉ាងណាចំពោះសម្រង់មកពីប្រធាន ហូឡិន នេះ ?
-
តើការល្បួងណាខ្លះដែលក្មេងវ័យជំទង់របស់ពួកបរិសុទ្ធថ្ងៃចុងក្រោយកំពុងប្រឈមមុខ ?
ការសរសេរនៅលើក្ដារខៀនអំពីការល្បួងដែលសិស្សលើកឡើងអាចនឹងមានប្រយោជន៍ ។ អ្នកនឹងស្នើឲ្យសិស្សគិតពិចារណាអំពីចំណុចទាំងនេះនៅពេលក្រោយនៅក្នុងមេរៀននេះ ។
សម្រាប់សំណួរខាងក្រោម អ្នកអាចពិចារណាអញ្ជើញសិស្សឲ្យសរសេរចម្លើយរបស់ពួកគេនៅក្នុងសៀវភៅកំណត់ហេតុការសិក្សា ។
សូមជញ្ជឹងគិតអំពីការល្បួងមួយដែលអ្នកបានឆ្លងកាត់ ឬដែលអ្នកអាចពិបាកប្រឈមជាមួយ ។ សូមពិចារណាដូចខាងក្រោម ៖
-
តើអ្វីដែលធ្វើឲ្យអ្នកពិបាកប្រឈមនឹងការល្បួងនោះ ?
-
តើអ្នកត្រូវធ្វើអ្វីខ្លះដើម្បីស្វែងរកជំនួយ និងកម្លាំងដើម្បីទប់ទល់ ?
-
តើអ្នកមានអារម្មណ៍ថា អ្នកយកឈ្នះលើការល្បួងរបស់វាដោយប្រសិទ្ធភាពកម្រិតណា ?
នៅថ្ងៃនេះ ខណៈពេលអ្នកសិក្សា ម៉ូសេ ១:១–២៦ សូមស្វែងរកការណែនាំពីព្រះវិញ្ញាណបរិសុទ្ធ ដើម្បីស្វែងរកសេចក្ដីពិតដែលអាចពង្រឹងអ្នក នៅពេលអ្នកប្រឈមមុខនឹងការល្បួង ។
ម៉ូសេត្រូវសាតាំងល្បួង
សូមអញ្ជើញសិស្សឲ្យចែកចាយអ្វីដែលពួកគេចងចាំពីមេរៀនមុន ឬពួកគេអាចរំឭកឡើងវិញដោយសង្ខេបអំពី ម៉ូសេ ១:១–១០ ហើយគិតពិចារណាពីអ្វីដែលពួកគេបានរៀន ។ ប្រសិនបើចាំបាច់ សូមរំឭកពួកគេថា ម៉ូសេ « បានឃើញព្រះនៅប្រទល់មុខ ហើយគាត់បានទូលជាមួយនឹងទ្រង់ » ( ម៉ូសេ ១:២ ) និងថា ព្រះបានបង្រៀនម៉ូសេបីដងថាលោកជាបុត្រារបស់ទ្រង់ ( សូមមើល ខទី ៤,៦ និងទី ៧ ) ។
ទោះជាម៉ូសេជាព្យាការីដ៏ខ្លាំងពូកែម្នាក់ក៏ដោយ ក៏លោកបានប្រឈមមុខនឹងការល្បួងធំៗដែរ ។ មិនយូរប៉ុន្មានក្រោយពីបទពិសោធន៍របស់ម៉ូសេជាមួយព្រះ លោកបានទទួលបទពិសោធន៍ដ៏លំបាកមួយ ដែល « អារក្សសាតាំងបានមក ដោយល្បួងគាត់ » ( ម៉ូសេ ១:១២ ) ។ ដោយសារអ្វីដែលម៉ូសេបានដឹងនិងបានធ្វើ ទើបលោកអាចយកឈ្នះបាន ។ សូមអាន ម៉ូសេ ១:១២–២២ ដោយរកមើលអ្វីដែលបានជួយម៉ូសេ ឲ្យយកឈ្នះលើការល្បួងរបស់សាតាំង ។ សូមពិចារណាគូសសម្គាល់អ្វីដែលអ្នករកឃើញ ។
អ្នកអាចពិចារណាបង្ហាញវីដេអូ « I Am a Son of God » ចាប់ពីនាទីទី ២:៥០ ដល់ ៦:៣០ ឬវីដេអូទាំងមូល ប្រសិនបើអ្នកមិនបានបង្ហាញសិស្សនូវផ្នែកទីមួយនៅក្នុងមេរៀនមុនទេ ។ ក្រោយពីមើលវីដេអូនេះ អ្នកអាចអញ្ជើញសិស្សឲ្យអានខគម្ពីរនានា ដោយស្វែងរកអ្វីដែលបានជួយម៉ូសេ ឲ្យយកឈ្នះការល្បួងរបស់សាតាំង ។ បន្ទាប់មកសិស្សអាចចែកចាយចម្លើយរបស់ពួកគេចំពោះសំណួរខាងក្រោមនេះជាដៃគូ ឬជាក្រុមតូចៗ ។
-
តើអ្នករៀនបានអ្វីខ្លះពីបទពិសោធន៍របស់ម៉ូសេ ដែលអាចជួយយើងយកឈ្នះលើការល្បួងរបស់យើង ?
សូមពិចារណាសរសេរគោលការណ៍មិនពេញលេញខាងក្រោមនៅលើក្ដារខៀន ៖ យើងអាចទទួលបានជំនួយពីព្រះ ដើម្បីយកឈ្នះលើការល្បួងដោយ … ។ សូមអញ្ជើញសិស្សឲ្យមកក្ដារខៀន ហើយបំពេញគោលការណ៍នេះដោយពាក្យពេចន៍របស់ពួកគេផ្ទាល់ ។ ប្រសិនបើសិស្សត្រូវការជំនួយ អ្នកអាចណែនាំពួកគេដោយសួរសំណួរដូចខាងក្រោម ៖
-
តើសាតាំងបានហៅម៉ូសេ ថាយ៉ាងណា នៅក្នុង ខទី ១២ ហើយតើម៉ូសេ បានឆ្លើយតបយ៉ាងណានៅក្នុង ខទី ១៣ ?
-
តើម៉ូសេនឹកចាំអ្វីខ្លះពីបទពិសោធន៍ខាងវិញ្ញាណរបស់លោកជាមួយនឹងព្រះ ដែលបានជួយលោក នៅពេលលោកប្រឈមមុខនឹងការល្បួង ?
សិស្សអាចបំពេញគោលការណ៍នេះបានតាមវិធីមួយចំនួន ដែលរួមមានមួយចំនួនដូចខាងក្រោម ៖
… ចងចាំថា យើងជាបុត្ររបស់ព្រះ
… រំឭកពីបទពិសោធន៍ខាងវិញ្ញាណកាលពីអតីតកាល
… អំពាវនាវទៅព្រះទូលសូមកម្លាំង
បន្ទាប់ពីបានរកឃើញគោលការណ៍រួចហើយ សូមពិចារណាប្រើសម្រង់សម្ដី និងសំណួរខាងក្រោម នេះដើម្បីជួយបង្កើនការយល់ដឹងរបស់សិស្សអំពីសេចក្ដីពិតដែលពួកគេបានរកឃើញ ។
ប្រធាន រ័សុល អិម ណិលសុន បានចែកចាយដូចខាងក្រោមនេះ អំពីអំណាចនៃការចងចាំថា យើងជាបុត្ររបស់ព្រះ ៖
ឱ ក្មួយៗជាទីស្រឡាញ់ ក្មួយៗគឺជាបុត្រាបុត្រីខាងវិញ្ញាណរបស់ព្រះពិតប្រាកដមែន ។ ក្មួយៗបានច្រៀងអំពីសេចក្ដីពិតនេះ ចាប់តាំងពីក្មួយៗបានរៀនបទ « ខ្ញុំជាកូនរបស់ព្រះ » មកម្ល៉េះ ។ ប៉ុន្តែតើសេចក្តីពិតដ៏នៅអស់កល្បនោះបានដក់ជាប់ក្នុងដួងចិត្តក្មួយៗហើយឬនៅ ? តើសេចក្ដីពិតនេះបានសង្គ្រោះក្មួយៗ កាលដែលក្មួយប្រឈមមុខនឹងការល្បួងដែរឬទេ ? ( « Choices for Eternity » [ ការប្រជុំធម្មនិដ្ឋានទូទាំងពិភពលោកសម្រាប់យុវវ័យ ថ្ងៃទី ១៥ ខែ ឧសភា ឆ្នាំ ២០២២ ] )
-
តើអ្នកគិតថា ការផ្ដិតជាប់ក្នុងចិត្តរបស់អ្នកនូវសេចក្ដីពិតថា អ្នកជាបុត្ររបស់ព្រះ មានន័យយ៉ាងណា ?
-
តើការចងចាំថា យើងជាបុត្រាបុត្រីរបស់ព្រះ អាចពង្រឹងយើងយ៉ាងដូចម្ដេច ពេលយើងប្រឈមនឹងការល្បួង ?
-
តើអ្នកគិតថា ហេតុអ្វីបានជាយើងត្រូវការជំនួយពីព្រះដើម្បីយកឈ្នះការល្បួង ?
សូមអញ្ជើញសិស្សឲ្យចែកចាយឧទាហរណ៍អំពីពេលដែលព្រះបានពង្រឹងនរណាម្នាក់ប្រឆាំងនឹងការល្បួង ។ ការណ៍នេះអាចបានមកពីបទគម្ពីរ អ្នកជិតស្និទ្ធនឹងពួកគេ ឬជីវិតរបស់ពួកគេផ្ទាល់ ។ ដោយសារការល្បួងគឺជារឿងផ្ទាល់ខ្លួន សូមរំឭកសិស្សកុំឲ្យចែកចាយការល្បួងជាក់លាក់ណាមួយឡើយ ។
ការយកឈ្នះលើការល្បួងផ្ទាល់ខ្លួន
ដើម្បីជួយសិស្សរបស់អ្នកឲ្យយល់ពីរបៀបដែលពួកគេអាចរស់នៅតាមគោលការណ៍ដែលបានពិភាក្សានៅថ្ងៃនេះ សូមអញ្ជើញពួកគេឲ្យជ្រើសរើសការល្បួងមួយ ឬពីរដែលបានសរសេរនៅលើក្ដារខៀន កាលពីដើមមេរៀន ។ សូមអញ្ជើញសិស្សឲ្យគិតអំពីវិធីជាក់ស្តែងដែលបុគ្គលម្នាក់កំពុងប្រឈមមុខនឹងការល្បួងអាចប្រើគោលការណ៍ទាំងនេះដើម្បីយកឈ្នះលើការល្បួងនោះ ជាថ្នាក់ទាំងមូល ឬជាក្រុមតូចៗ ។
សូមពិចារណាអញ្ជើញសិស្សឲ្យសរសេរគំនិតរបស់ពួកគេនៅលើក្ដារខៀន ឬអ្នកអាចបង្ហាញគំនិតមួយចំនួនដូចខាងក្រោម ។
របៀបប្រើប្រាស់អ្វីដែលយើងរៀននៅក្នុង ម៉ូសេ ១:១២–២៦ ៖
-
នៅក្នុងសៀវភៅកំណត់ហេតុរបស់អ្នក សូមកត់ត្រានូវពេលវេលាដែលអ្នកមានអារម្មណ៍ថាទទួលបានសេចក្តីស្រឡាញ់របស់ព្រះអម្ចាស់ និងដឹងថា អ្នកជាបុត្ររបស់ព្រះ ។ អ្នកអាចមើលវាឡើងវិញបាន ក្នុងអំឡុងពេលនៃការល្បួង ។
-
សូមទន្ទេញ និងហាត់សមបទគម្ពីរដ៏បំផុសគំនិត ទំនុកតម្កើង ឬការអធិស្ឋានធ្វើពិធីសាក្រាម៉ង់ដើម្បីរំឭកដល់ខ្លួនអ្នក នៅពេលអ្នកត្រូវបានល្បួង ។ ( នេះជាយុទ្ធសាស្ត្រដែលព្រះអង្គសង្គ្រោះបានប្រើនៅក្នុង ម៉ាថាយ ៤:១–១១ ) ។
-
សូមអធិស្ឋានជារៀងរាល់ថ្ងៃដើម្បីទទួលបានកម្លាំង និងព្រះចេស្ដារបស់ព្រះអម្ចាស់ក្នុងការយកឈ្នះលើការល្បួង ។ សូមរាយការណ៍ទៅព្រះវរបិតាសួគ៌រាល់ល្ងាចដើម្បីអរព្រះគុណទ្រង់ ទទួលស្គាល់ភាពទន់ខ្សោយទាំងឡាយ ទូលសូមការអភ័យទោស និងសន្យាដើម្បីបន្តការព្យាយាម ( សូមមើល នីហ្វៃទី៣ ១៨:១៥, ១៨ ) ។
-
សូមរំឭកពីបទពិសោធន៍ខាងវិញ្ញាណពីអតីតកាលដែលអ្នកមាន ហើយសរសេរវាក្នុងសៀវភៅកំណត់ហេតុ ។ សូមយោងទៅលើចំណុចទាំងនេះ នៅពេលការល្បួងកើតឡើង ។
-
សូមពិភាក្សាជាមួយឪពុកម្តាយ ឬមជ្ឈិមវ័យ ឬមិត្តភក្តិដែលគួរឲ្យទុកចិត្ត អំពីរបៀបដែលគោលការណ៍ទាំងនេះបានជួយពួកគេ និងរបៀបដែលពួកគេនឹងណែនាំអ្នកឲ្យអនុវត្តវា ។
សូមអញ្ជើញសិស្សឲ្យធ្វើផែនការមួយ ដើម្បីជួយពួកគេយកឈ្នះលើការល្បួងដែលពួកគេប្រឈមមុខ ។ អ្នកអាចធ្វើការណ៍នេះបានដោយផ្តល់ការណែនាំដូចខាងក្រោម ៖
សូមរំឭកការល្បួងដែលអ្នកបានជញ្ជឹងគិតនៅដើមមេរៀននេះ ឬការល្បួងមួយផ្សេងទៀតដែលអ្នកពិបាកប្រឈមមុខជាមួយ ។
សូមចែកចាយទីបន្ទាល់របស់អ្នកអំពីព្រះចេស្ដា និងកម្លាំងរបស់ព្រះអម្ចាស់ដែលអ្នកបានដកពិសោធន៍ក្នុងជីវិតរបស់អ្នក និងពីបំណងប្រាថ្នារបស់ទ្រង់ក្នុងការជួយសិស្សរបស់អ្នកឲ្យយកឈ្នះលើការល្បួងរបស់ពួកគេ ។ សូមបង្ហាញទំនុកចិត្តរបស់អ្នកលើពួកគេ និងលើសមត្ថភាពរបស់ពួកគេក្នុងការយកឈ្នះលើការល្បួងរបស់ពួកគេ ដោយមានជំនួយពីព្រះ ។
សូមទូលសូមការណែនាំពីព្រះវរបិតាសួគ៌ សូមបំពេញប្រយោគខាងក្រោមនៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក ឬក្នុងគំនិតរបស់អ្នក ៖ « ដើម្បីជួយខ្ញុំឲ្យត្រៀមខ្លួនតទល់នឹងការល្បួងនេះ ខ្ញុំនឹង » ។