ថ្នាក់​សិក្ខាសាលា
លូកា ២៤:១–១២, ៣៦–៤៨


លូកា ២៤:១–១២, ៣៦–៤៨

ដំណើរ​មាន​ព្រះជន្ម​រស់​ឡើងវិញ​របស់ព្រះ​យេស៊ូវគ្រីស្ទ

រូបភាព
ផ្នូរ​ដែល​គ្មាន​ព្រះសព​របស់​ព្រះ​យេស៊ូវគ្រីស្ទ - នៅ​ឯ​ហ្គូស្សេន យូថាហ៍

បន្ទាប់​ពី​ការ​បញ្ចុះ​សព​របស់​ព្រះអង្គ​សង្គ្រោះ សិស្ស​ដ៏​ស្មោះត្រង់​បាន​នាំ​គ្រឿង​ទេស​ទៅ​ផ្នូរ ។ ជំនួស​ឲ្យ​ការរកឃើញ​ព្រះសព​របស់​ព្រះអង្គ​សង្គ្រោះ ពួកគេ​បានរកឃើញ​ផ្នូរ​ដែល​គ្មាន​ព្រះសព​ទៅវិញ ។ ទេវតា​បាន​ប្រកាស​ថា ព្រះអម្ចាស់​បាន​មាន​ព្រះជន្ម​រស់​ឡើង​វិញ​ហើយ ។ ក្រោយមក​នៅ​ល្ងាច​នោះ ពេល​ពួក​សិស្ស​មក​ជុំ​គ្នា ទ្រង់​បានបង្ហាញ​ព្រះកាយ​ដល់​ពួក​គេ ហើយ​បង្ហាញ​ព្រះ​កាយ​ដែល​បាន​រស់​ឡើង​វិញ​របស់​ទ្រង់ ។ មេរៀននេះ​អាច​ជួយ​អ្នក​ឲ្យ​បង្កើន​ការយល់​ដឹង​របស់​អ្នក​អំពី​ការមាន​ព្រះជន្ម​រស់​ឡើង​វិញ​របស់​ព្រះអង្គ​សង្គ្រោះ និង​របៀប​ដែល​វា​មាន​ឥទ្ធិពល​លើ​ជីវិត​របស់​អ្នក ។

ដំណើរ​មាន​ព្រះជន្ម​រស់​ឡើងវិញ​របស់ព្រះ​យេស៊ូវគ្រីស្ទ

សូម​ពិនិត្យ​មើល​រូបភាព​នៃ​ផ្នូរ​ដែល​គ្មាន​ព្រះសព​របស់​ព្រះយេស៊ូវ​គ្រីស្ទ ដែល​មាន​នៅ​ដើម​មេរៀន​នេះ ហើយ​សញ្ជឹង​គិត​ពី​ចម្លើយ​របស់​អ្នក​ចំពោះ​សំណួរ​ខាងក្រោម​នេះ ។

  • តើ​រូបភាពនេះ​មាន​អត្ថន័យ​យ៉ាង​ណា​ដែរ​ចំពោះ​អ្នក ?

១. សូម​សញ្ជឹងគិត​ពី​អ្វី​ដែល​អ្នកដឹង​អំពី​ដំណើររស់ឡើងវិញ និង​ឥទ្ធិពល​របស់វា​នៅក្នុង​ជីវិត​របស់អ្នក ដោយ​ឆ្លើយ​សំណួរ​ខាងក្រោម​នៅក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​របស់អ្នក ។ អ្នក​នឹង​មាន​ឱកាស​ពិនិត្យមើល​សំណួរ​ទាំងនេះ​ឡើងវិញ​នៅចុង​បញ្ចប់​ការសិក្សា​របស់​អ្នក​នៅ​ថ្ងៃនេះ ។

  • តើ​អ្នកដឹង​អ្វី​ខ្លះ​អំពី​ការរស់ឡើងវិញ ?

  • តើ​ចំណេះដឹង និង​ជំនឿ​របស់​អ្នក​អំពី​ការ​មានព្រះជន្ម​រស់​ឡើងវិញ​របស់​ព្រះអង្គសង្គ្រោះ​មាន​ឥទ្ធិពល​លើ​អ្នក​ផ្ទាល់​យ៉ាង​ដូចម្ដេច ?

បន្ទាប់​ពី​ព្រះ​យេស៊ូវ​គ្រីស្ទ​បាន​ស្ម័គ្រ​ព្រះទ័យ​ថ្វាយ​ព្រះ​ជន្ម​ទ្រង់​លើ​ឈើ​ឆ្កាង ព្រះ​សព​ទ្រង់​ត្រូវ​បាន​គេ​យក​ចុះ ហើយ​រុំ​ដោយ​ក្រណាត់​ទេសឯក​ស្អាត ហើយ​ដាក់​ក្នុង​ផ្នូរ ។ បន្ទាប់​ពី​ថ្ងៃ​ឈប់សម្រាក ម៉ារា អ្នក​ស្រុក​ម៉ាក់​ដាឡា និង​ស្ត្រី​ស្មោះត្រង់​ពីរ​បី​នាក់​ទៀត​បាន​ត្រឡប់​ទៅ​ផ្នូរ​វិញ​នៅ​ពេល​ព្រឹក​ព្រលឹម ( សូមមើល លូកា ២៤:១០; យ៉ូហាន ២០:១១–១៨ ) ។

សូមអាន លូកា ២៤:១–១២ ដោយ​រកមើល​អ្វី​ដែល​ពួកគេ​បាន​រក​ឃើញ និង​បាន​រៀន ពេល​នៅឯ​ផ្នូរ​របស់​ព្រះអង្គ​សង្គ្រោះ ។

  • តើ​អ្នក​គិត​ថា​ពួក​សិស្ស​កំពុង​គិត និង​មាន​អារម្មណ៍​យ៉ាង​ណា​បន្ទាប់​ពី​អ្វី​ដែល​ពួក​គេ​បាន​ឃើញ និង​ឮ ?

ភ្លាមៗ​បន្ទាប់​ពី​បទពិសោធន៍​នេះ ព្រះយេស៊ូវ​គ្រីស្ទ​បាន​បង្ហាញ​ព្រះកាយ​ដល់​សិស្ស​ពីរ​នាក់​នៅ​តាម​ផ្លូវ​ទៅ​អេម៉ោស ( សូមមើល លូកា ២៤:១៣–៣២ ) ។ ពួកគេ​បាន​ត្រឡប់​ទៅ​ក្រុង​យេរូសាឡិម​វិញ ដើម្បី​ចែកចាយ​បទពិសោធន៍​របស់​ពួកគេ​ជាមួយ​នឹង​ពួកសាវក ( សូមមើល លូកា ២៤:៣៣–៣៥ ) ។

សូមអាន លូកា ២៤:៣៦–៤៨ដោយ​រកមើល​អ្វី​ដែល​បានកើត​ឡើង នៅពេល​ដែល​ពួកសិស្ស​របស់​ព្រះយេស៊ូវ​បាន​ប្រមូលផ្តុំ​គ្នា​ពិភាក្សា​អំពី​ការបង្ហាញ​ព្រះកាយ​របស់​ព្រះអង្គ​សង្គ្រោះ​ដែល​បាន​មាន​ព្រះជន្ម​រស់​ឡើងវិញ ។

អ្នក​ក៏​អាច​ពិចារណា​មើល​វីដេអូ « The Risen Lord Appears to the Apostles » ( ២:១៩ ) ដែល​មាន​នៅលើ​គេហទំព័រ ChurchofJesusChrist.org ។

លូកា២៤:៣៦–៣៩ គឺ​ជា​វគ្គ​បទគម្ពីរ​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ ។ សូម​ពិចារណា​គូស​ចំណាំ​វគ្គ​បទគម្ពីរ​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ​តាម​វិធី​ដែលងាយ​សម្គាល់ ដូច្នេះ​អ្នក​អាច​រក​ឃើញ​វា​ដោយ​ងាយស្រួល ។ អ្នក​នឹង​រៀន​បន្ថែម​អំពី​វគ្គ​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ​នេះ​នៅ​ក្នុង​មេរៀន​ក្រោយ ។

  • តើ​អ្វី​ដែល​លេចធ្លោ​ចំពោះ​អ្នក​នៅក្នុង​ខគម្ពីរ​ទាំងនេះ ចេញ​ពី​ព្រះបន្ទូល​របស់​ព្រះអង្គ​សង្គ្រោះ​ទៅកាន់​សិស្ស​របស់​ទ្រង់ ?

  • ហេតុអ្វី​បាន​ជា​អ្នក​គិត​ថា ពាក្យ​ដំបូង​មួយ​ចំនួន​ដែល​ព្រះអង្គ​សង្គ្រោះ​បាន​មាន​បន្ទូល​ទៅ​ពួកគេ​គឺ « សូម​ឲ្យ​អ្នក​រាល់​គ្នា​បាន​ប្រកប​ដោយ​សេចក្តី​សុខ​សាន្ត​ចុះ » ? ( លូកា ២៤:៣៦ ) ។

  • តើ​អ្នក​រៀន​អ្វីខ្លះ​ពី​ខគម្ពីរ​ទាំងនេះ​អំពី​នរណា​ជា​ព្រះអង្គ​សង្គ្រោះ និង​អ្វី​ដែល​ទ្រង់​ចង់​ឲ្យ​សិស្ស​របស់​ទ្រង់​យល់ ?

ការបង្កើន​ការយល់ដឹង​របស់អ្នក​អំពី​ការមាន​ព្រះជន្ម​រស់​ឡើងវិញ​របស់​ព្រះអង្គ​សង្គ្រោះ

សេចក្តីពិត​មួយ​ដែល​យើង​រៀន​ពី​ខគម្ពីរ​ទាំងនេះ​គឺ​ថា ព្រះយេស៊ូវ​គ្រីស្ទ​មាន​ព្រះកាយ​រស់​ឡើងវិញ​ជា​សាច់ និង​ឆ្អឹង ។

  • តើ​ការមាន​ព្រះជន្ម​រស់ឡើងវិញ​មាន​ន័យ​ដូចម្តេច ?

ដំណើររស់​ឡើងវិញ « ដែល​ជា​ការ​រួបរួម​ជា​ថ្មី​នូវ​រូប​កាយ​ខាង​វិញ្ញាណ​ទៅ​នឹង​រូប​កាយ​ខាង​សាច់ឈាម ដែល​មាន​សាច់ និង​ឆ្អឹង បន្ទាប់​ពី​បាន​ស្លាប់​ទៅ​ហើយ » គឺ​អាច​ធ្វើទៅ​បាន​សម្រាប់​យើង​ម្នាក់ៗ ដោយសារ​ព្រះយេស៊ូវ​គ្រីស្ទ ( សេចក្តី​ណែនាំ​ដល់​បទគម្ពីរ​ទាំងឡាយ « រស់ឡើង​វិញ ដំណើររស់​ឡើងវិញ » នៅលើ​គេហទំព័រ scriptures.ChurchofJesusChrist.org ) ។ ដោយសារ​ដង្វាយ​ធួន និង​ការមាន​ព្រះជន្ម​ឡើងវិញ​របស់ទ្រង់ ព្រះអង្គ​សង្គ្រោះ​បាន​ធ្វើ​ឲ្យ​យើង​អាច​រស់នៅ និង​ប្រែក្លាយ​ដូចជា​ទ្រង់​បាន ។

សូម​សញ្ជឹងគិត​អំពី​សំណួរ​ទាំងឡាយ​ដែល​អ្នក​មាន​អំពី​ការមាន​ព្រះជន្ម​រស់​ឡើងវិញ​របស់​ព្រះអង្គ​សង្គ្រោះ និង​អត្ថន័យ​របស់វា​នៅក្នុង​ជីវិត​របស់អ្នក ។ សំណួរ​មួយ​ចំនួន​ដែល​អ្នក​ប្រហែលជា​មាន​អំពី​គោលលទ្ធិ​នៃ​ការមាន​ព្រះជន្ម​រស់​ឡើងវិញ​របស់​ព្រះអង្គ​សង្គ្រោះ​ត្រូវ​បាន​រៀបរាប់​ដូច​ខាងក្រោម​នេះ ។ សូម​សរសេរ​សំណួរ​ខាងក្រោម​ទាំងនេះ​ដាក់​នៅក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​របស់​អ្នក ។

  • ហេតុអ្វី​បាន​ជា​វា​សំខាន់​ថា​ព្រះយេស៊ូវ​គ្រីស្ទ​មាន​ព្រះកាយ​ជា​សាច់ និង​ឆ្អឹង ?

  • តើ​អ្វី​ជា​សារៈសំខាន់​នៃ​ការ​មាន​ព្រះជន្ម​រស់ឡើងវិញ​របស់​ព្រះអង្គ​សង្គ្រោះ​នៅក្នុង​ជីវិត​របស់ខ្ញុំ ?

របៀប​មួយ​ដើម្បី​ស្វែងរក​ចម្លើយ​ចំពោះ​សំណួរ​របស់យើង​គឺ​ដោយការ​ស្វែងរក​អ្វី​ដែល​ព្យាការី និង​សាវក​របស់​ព្រះ​អម្ចាស់​បាន​បង្រៀន ។ ខាងក្រោម​នេះ​គឺជា​ការបង្រៀន​មួយចំនួន​មកពី អែលឌើរ ឌីថត គ្រីស្តូហ្វឺសិន ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់ ។ នៅពេល​អ្នក​សិក្សា​ពាក្យ​ពេចន៍ទាំងនេះ សូម​រក​មើល​ចម្លើយ​ចំពោះ​សំណួរ​មួយ​ចំនួន​របស់អ្នក ។ សូម​ពិចារណា​ផងដែរ​អំពី​ការ​ស្វែងរក​ពាក្យពេចន៍​បន្ថែមនានា​មកពី​អ្នកបម្រើ​ដែល​បាន​តែងតាំង​របស់​ព្រះអម្ចាស់ ដែល​អាច​ជួយ​អ្នក​បាន ។

រូបភាព
រូបថត​ពាក់​កណ្ដាល​ខ្លួន​របស់​អែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន ។ បាន​ថត​នៅ​ខែ មីនា ឆ្នាំ ២០២០ ។

សូម​គិត​បន្តិច​ពី​អត្ថន័យ​ពិត​នៃ​ដំណើររស់​ឡើង​វិញ​ក្នុង​ការដោះស្រាយ​នៅ​ទីបញ្ចប់​ពី​អត្តសញ្ញាណ​ពិត​របស់​ព្រះយេស៊ូវ​នៃ​ណាសារ៉ែត និង​ការប្រឆាំង​ខាង​ចិត្តវិទ្យា និង​សំណួរ​នៃ​ជីវិត ។ បើ​ព្រះយេស៊ូវ​ពិតជា​មាន​ព្រះជន្មរស់​ឡើង​វិញ​មែន វា​ចាំបាច់​ត្រូវ​ជឿ​ថា ទ្រង់​ជា​សភាវៈ​អាទិទេព ។ គ្មាន​មនុស្ស​លោក​ណា​ម្នាក់​មាន​អំណាច​ដោយខ្លួន​ឯង​ដើម្បី​មាន​ជីវិត​ម្ដងទៀត ក្រោយពី​ការស្លាប់​នោះ​ឡើយ ។ ដោយសារ​ទ្រង់​បាន​មាន​ព្រះជន្ម​រស់ឡើង​វិញ នោះ​ព្រះយេស៊ូវ​មិន​មែន​ត្រឹមតែ​ជា​ជាងឈើ គ្រូបង្រៀន គ្រូគង្វាល ឬ​ព្យាការី​ម្នាក់​នោះទេ ។ ដោយសារ​ទ្រង់​បាន​មាន​ព្រះជន្ម​រស់ឡើងវិញ នោះ​ព្រះយេស៊ូវ​ត្រូវតែ​ជា​ព្រះ​មួយ​អង្គ គឺ​ព្រះ​រាជបុត្រា​តែ​មួយ​គត់​របស់​ព្រះវរបិតា ។

ហេតុដូច្នេះហើយ អ្វី​ដែល​ទ្រង់​​បង្រៀន​គឺ​ពិត ព្រះ​ពុំ​កុហក​ឡើយ ។

ហេតុដូច្នេះហើយ ទ្រង់​ជា​ព្រះ​បង្កបង្កើត​ផែនដី ដូច​ទ្រង់​បានមាន​បន្ទូល​ហើយ ។

ហេតុដូច្នេះហើយ ស្ថានសួគ៌ និង​ស្ថាននរក​មាន​ពិតមែន ដូច​ទ្រង់បាន​ត្រាស់​បង្រៀន​ហើយ ។

ហេតុដូច្នេះហើយ មាន​ពិភពវិញ្ញាណ​ដែល​ទ្រង់​បាន​យាង​ទៅ​បន្ទាប់​ពី​ការសុគត ។

ហេតុដូច្នេះ​ហើយ ទ្រង់​នឹង​យាង​មក​ម្ដង​ទៀត​ដូច​ដែល​ទេវតា​បាន​មាន​បន្ទូល ហើយ « សោយរាជ្យ​នៅ​លើ​ផែនដី​ផ្ទាល់ » [ មាត្រា​នៃ​សេចក្ដី​ជំនឿ ១:១០ ] ។

ហេតុដូច្នេះហើយ មាន​ដំណើរ​រស់​ឡើង​វិញ និង ការជំនុំជម្រះ​ចុង​ក្រោយ​ដល់​មនុស្ស​ទាំង​ពួង ។

( ឌី ថត គ្រីស្តូហ្វឺសិន « The Resurrection of Jesus Christ » Liahona ខែ ឧសភា ឆ្នាំ ២០១៤ ទំព័រ ១១៣ )

ប្រសិន​បើ​ពេល​វេលា​អនុញ្ញាត សូម​ពិចារណា​មើល​វីដេអូ « He Lives—Celebrate Easter Because Jesus Christ Lives » ( ២:២៦ ) កាល​អ្នក​រៀបចំ​ឆ្លើយ​សំណួរ​ដូច​ខាងក្រោម ។ វីដេអូ​នេះ​មាន​នៅ ChurchofJesusChrist.org

២. សូម​ឆ្លើយ​សំណួរ​ខាងក្រោម​នេះ​នៅ​ក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​របស់​អ្នក ៖

  • តើ​អ្នក​នឹង​បន្ថែម​អ្វី​ទៅ​ក្នុង​ចម្លើយ​របស់​អ្នក​ចំពោះ​សំណួរ​នៅ​ដើម​មេរៀន ?

  • តើ​អ្នក​នឹង​ពន្យល់​អំពី​អត្ថន័យ​នៃ​ការមាន​ព្រះជន្ម​រស់​ឡើង​វិញ​ទៅ​ដល់​អ្នក​ដែល​មិន​ស្គាល់​ពី​ការបង្រៀន​នេះ​យ៉ាង​ដូចម្ដេច ?

  • តើ​ការយល់ដឹង​អំពី​ការ​មាន​ព្រះជន្ម​រស់​ឡើងវិញ​របស់​ព្រះអង្គ​សង្គ្រោះ​មាន​ឥទ្ធិពល​លើ​ការដឹងគុណ និង​សេចក្តី​ស្រឡាញ់​របស់អ្នក​ចំពោះ​ព្រះយេស៊ូវ​គ្រីស្ទ​យ៉ាង​ដូចម្តេច ?

ជម្រើស ៖ តើ​ចង់​រៀន​សូត្រ​បន្ថែម​ទៀត​ដែរ​ឬ​ទេ ?

ហេតុអ្វី​បាន​ជា​ដំណើរ​រស់ឡើងវិញ​របស់​ព្រះយេស៊ូវ​គ្រីស្ទ​មាន​សារៈសំខាន់​ចំពោះ​ខ្ញុំ ?

នៅក្នុង​សុន្ទរកថា​របស់​លោក « What Has Our Savior Done for Us? » ប្រធាន ដាល្លិន អេក អូក ក្នុង​គណៈប្រធាន​ទីមួយ​បាន​បង្រៀន​ពី​របៀប​ដែល​ការមាន​ព្រះជន្ម​រស់ឡើងវិញ​របស់​ព្រះអង្គ​សង្គ្រោះ​មាន​ឥទ្ធិពល​យ៉ាង​ណា​លើយើង​ម្នាក់ៗ ( Liahona ខែ ឧសភា ឆ្នាំ ២០២១ ទំព័រ ៧៥–៧៧ ) ។