ថ្នាក់​សិក្ខាសាលា
ចំណេះ​ចំណាន​ខាង​គោលលទ្ធិ ៖ លូកា ២៤:៣៦–៣៩


ចំណេះ​ចំណាន​ខាង​គោលលទ្ធិ ៖ លូកា ២៤:៣៦–៣៩

« ខ្មោច​គ្មាន​សាច់​ឬ​ឆ្អឹង ដូច​ជា​ឃើញ​ខ្ញុំ​នេះ​ទេ »

រូបភាព
ព្រះ​យេស៊ូវ​គ្រីស្ទ​ដែល​បាន​មាន​ព្រះជន្ម​រស់​ឡើងវិញ ( គ្រង​រ៉ូបពណ៌​ស ) គង់​នៅ​ច្រកចូល​ឧទ្យាន​ផ្នូរ ។ រូប​ពាក់​កណ្ដាល​ព្រះកាយ​របស់​ព្រះ​គ្រីស្ទ​កំពុង​ទត​មើល​ទៅ​ស្ថានសួគ៌ ។

នៅ​ក្នុង​ការសិក្សា​របស់​អ្នក​អំពី លូកា ២៤:១–៩, ៣៦–៤៨ អ្នក​បាន​រៀន​អំពី​ការមាន​ព្រះជន្ម​រស់​ឡើងវិញ​របស់​ព្រះអង្គ​សង្គ្រោះ ។ ដោយប្រើ​វគ្គ​បទគម្ពីរចំណេះចំណាន​ខាង​គោលលទ្ធិ លូកា ២៤:៣៦–៣៩ មេរៀននេះ​នឹង​ជួយ​អ្នក​ឲ្យ​បង្កើន​ចំណេះ​ចំណាន​នៃ​គោលលទ្ធិ​នៃ​ការមាន​ព្រះជន្ម​រស់​ឡើងវិញ​ដោយ​ការទន្ទេញ​សេចក្ដី​យោង និង​ឃ្លា​បទគម្ពីរ​គន្លឹះ ពន្យល់ពី​គោលលទ្ធិ និង​អនុវត្ត​តាម​គោលការណ៍​នៃ​ការទទួល​បាន​ចំណេះដឹង​ខាងវិញ្ញាណ​នៅក្នុង​ស្ថានភាព​ជីវិត​ជាក់ស្ដែង ។

ទន្ទេញ និង​ពន្យល់

សូម​ចាំ​ថា បន្ទាប់​ពី​ការ​រងទុក្ខ​របស់​ព្រះអង្គ​សង្គ្រោះ​នៅ​សួនច្បារ​គែតសេម៉ានី និង​ការ​សុគត​នៅ​លើ​ឈើឆ្កាង នោះ​ព្រះសព​ទ្រង់​ត្រូវ​បាន​គេ​យក​ចុះ ហើយ​តម្កល់​នៅ​ក្នុង​ផ្នូរ ។ បីថ្ងៃ​ក្រោយមក ព្រះយេស៊ូវ​គ្រីស្ទ​បាន​មាន​ព្រះជន្ម​រស់ឡើងវិញ ។ សូម​អាន​វគ្គ​បទគម្ពីរ​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ លូកា ២៤:៣៦–៣៩ ហើយ​គូស​បន្ទាត់​ពីក្រោម​ពាក្យ ឬ​ឃ្លា​សំខាន់ៗ​ដែល​ព្រះអង្គ​សង្រ្គោះ​បាន​បង្រៀន​សិស្ស​ទ្រង់​បន្ទាប់ពី​ការមាន​ព្រះជន្ម​រស់​ឡើងវិញ​របស់ទ្រង់ ។

សូម​ស្រមៃ​ថា អ្នកត្រូវ​បាន​សុំ​ឲ្យ​ឆ្លើយតប​ទៅនឹង​ការបំផុស​ខាងក្រោម​នេះ​សម្រាប់ផ្នែក « សំណួរ និង​ចម្លើយ » នៃ​ទស្សនាវដ្ដី ដើម្បី​កម្លាំង​នៃ​យុវជន ។ សូម​ពិចារណា​អំពី​អ្វី​ដែល​អ្នក​អាច​ចែកចាយ​ត្រឹមតែ ២–៣ ប្រយោគ​ប៉ុណ្ណោះ ។

  • តើ​មានអ្វី​ពិសេស​ចំពោះ​ដំណើរ​មាន​ព្រះជន្ម​ឡើង​វិញ​របស់​ព្រះយេស៊ូវគ្រីស្ទ ?

១. សូម​ឆ្លើយ​សំណួរ​ខាងក្រោម​នេះ​នៅ​ក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​របស់​អ្នក ៖

  • តើ​អ្នក​អាច​ឆ្លើយ​តប​នឹង​ការ​បំផុស​នេះ​ត្រឹម​ពីរ​ទៅ​បី​ប្រយោគ​ដោយ​របៀប​ណា ?

  • ហេតុអ្វី​ការមាន​ព្រះជន្ម​រស់​ឡើងវិញ​របស់​ព្រះអង្គ​សង្គ្រោះ​មាន​សារៈសំខាន់​ចំពោះ​អ្នក ?

ដើម្បី​អនុវត្ត​ការ​ទន្ទេញ​សេចក្ដី​យោង និង​ឃ្លា​បទគម្ពីរ​គន្លឹះនេះ សូម​បែងចែក​ទំព័រ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​របស់អ្នក​ជា​បួន​ផ្នែក ។ សូម​សរសេរ​សេចក្តីយោង និង​ឃ្លា​មួយ​ក្នុង​ចំណោម​ឃ្លា​ទាំងអស់ ( ដូចបង្ហាញ​ខាងក្រោម ) នៅ​ក្នុង​ផ្នែក​នីមួយៗ ។ សូម​ពិចារណា​គូរ​រូប ឬ​រូបតំណាង​ងាយៗ​មួយ​ដែល​ត្រូវ​គ្នា ដើម្បី​តំណាង​ឲ្យ​ផ្នែក​នីមួយៗ​នៃ​ផ្នែក​ទាំង​បួន​នៃ​សេចក្ដី​យោង​បទគម្ពីរ និង​ឃ្លា​គន្លឹះ ។ សូម​អនុវត្ត​សូត្រ​សេចក្ដីយោង​នីមួយៗ​រហូត​ដល់​អាច​សូត្រ​បាន​ទាំង​អស់​ដោយ​មិន​ចាំ​បាច់​មើល ។ លូកា ២៤:៣៦–៣៩ ខ្មោច​គ្មាន​សាច់ ឬ ឆ្អឹង​ដូចជា​ឃើញ​ខ្ញុំ​នេះ​ទេ » ។

រៀនអនុវត្ត​

សូម​ពិនិត្យមើល​កថាខណ្ឌ​ទី ៥–១២ ដោយ​សង្ខេបៗ​នៅ​ក្នុង​ផ្នែក « ការទទួល​បាន​ចំណេះដឹង​ខាង​វិញ្ញាណ » នៃ ឯកសារគោល​នៃ​ចំណេះចំណាន​ខាង​គោល​លទ្ធិ ( ឆ្នាំ ២០២២ ) ។ របៀប​មួយ​ដើម្បី​ធ្វើ​បែប​នេះ​អាច​នឹង​ត្រូវ​មើល​ថា​តើ​អ្នក​អាច​រាយ​គោលការណ៍​ទាំង​បី​ចេញពី​ចិត្ត​ឬ​អត់ ។ បន្ទាប់មក នៅក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​របស់​អ្នក សូម​កត់ត្រា​ពី​របៀប​ដែល​អ្នក​បានប្រើ ឬ​អាច​ប្រើ​គោលការណ៍​ទាំងនេះ​នៅក្នុង​ជីវិតរបស់​អ្នក​បាន ។

ឥឡូវ​នេះ សូម​អនុវត្ត​ដោយ​ប្រើ​គោលការណ៍​នៃ​ការ​ទទួល​បាន​ចំណេះដឹង​ខាង​វិញ្ញាណ និង​គោលលទ្ធិ​ដែល​បាន​បង្រៀន​នៅ​ក្នុង លូកា ២៤:៣៦–៣៩ ដោយ​អាន​សាច់រឿង​ខាងក្រោម ហើយ​ឆ្លើយ​សំណួរ​ដែល​មាន​បន្ទាប់​មក ។

មិត្ត​ជិតស្និទ្ធ​របស់អ្នក​ម្នាក់​ឈ្មោះ ជីនយ៊ូន បាន​យល់ព្រម​រៀន​ជាមួយ​នឹង​អ្នក​ផ្សព្វផ្សាយ​សាសនា​នៅក្នុង​ផ្ទះ​របស់​អ្នក ។ ជីនយ៊ូន និង​គ្រួសារ​របស់​គាត់ថ្មីៗ​នេះ​បាន​ផ្លាស់​ទៅ​ទីក្រុង​របស់​អ្នក ហើយ​គាត់​មិនមាន​ការយល់ដឹង ឬ​ចំណេះដឹង​អំពី​ព្រះយេស៊ូវ​គ្រីស្ទ​ពីមុន​មក​ទេ ។ នៅពេល​បង្រៀន​អំពី​ផែនការ​នៃ​សេចក្តី​សង្គ្រោះ និង​តួនាទី​របស់​ព្រះយេស៊ូវ​គ្រីស្ទ ជីនយ៊ូន ហាក់ដូចជា​មិន​ស្រណុក​ចិត្ត ប៉ុន្តែ​មិន​បាន​និយាយ​អ្វី​ទាំងអស់ ។ ក្រោយ​មក បន្ទាប់​ពី​ពួកអ្នក​ផ្សព្វផ្សាយ​សាសនា​បាន​ចាកចេញ គាត់​ប្រាប់​អ្នក​ថា គាត់​មិន​ជឿ​លើ​គោល​គំនិត​នៃ​ការ​រស់​ឡើង​វិញ និង​ជីវិត​បន្ទាប់​ពី​សេចក្ដី​ស្លាប់នោះ​ទេ ។

២. សូម​ឆ្លើយ​សំណួរ​បីខាងក្រោម​នេះ​នៅ​ក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​របស់​អ្នក ។ ប្រសិនបើ​អ្នក​ត្រូវ​ការ​ជំនួយ​ក្នុង​ការ​អនុវត្ត​គោលការណ៍​នីមួយៗ​នៃ​ការ​ទទួល​បាន​ចំណេះដឹង​ខាង​វិញ្ញាណ សូម​ពិចារណា​សញ្ជឹងគិត​សំណួរ​ដែល​មាន​រាយ​ក្នុង​ចំណងជើង​ខាងក្រោម ។

  • តើ​អ្នក​អាច​ធ្វើអ្វី ឬ​និយាយ​អ្វី​ដើម្បី​ជួយ ជីនយ៊ូន ឲ្យ​យល់ពី​បំណងប្រាថ្នា​របស់អ្នក​ក្នុងការ​ជួយគាត់ ?

  • តើ​អ្នក​អាច​សួរសំណួរ​អ្វីខ្លះ ដើម្បី​យល់​កាន់តែ​ច្បាស់​អំពី​អ្វី​ដែល ជីនយ៊ូន ជឿ ឬ​ថាតើ​គាត់មកពី​ណា ?

  • តើ​អ្នក​អាច​ប្រើ​គោលការណ៍​ទាំងបី​នៃ​ការទទួល​បាន​ចំណេះដឹង​ខាងវិញ្ញាណ​ដើម្បី​ជួយ ជីនយ៊ូន យ៉ាង​ដូចម្តេច ?

ធ្វើ​សកម្មភាព​ដោយ​សេចក្ដី​ជំនឿ

  • តើ​អ្នក​ធ្វើ​សកម្មភាព​ដោយ​សេចក្ដី​ជំនឿ​នៅក្នុង​ស្ថានភាព​នេះដោយ​របៀបណា ?

  • តើ​អ្នក​អាច​ចែកចាយ​អ្វីខ្លះ​ជាមួយ ជីនយ៊ូន អំពី​ការធ្វើ​សកម្មភាព​ដោយ​សេចក្ដី​ជំនឿ ? ហេតុអ្វី​បាន​ជា​ការណ៍​នេះ​ជា​ជំហាន​ដ៏​សំខាន់​ក្នុង​ការ​ស្វែងរក​ចម្លើយ​ចំពោះ​សំណួរ​របស់​គាត់ ?

ពិនិត្យ​មើល​គោលគំនិត និង​សំណួរ​ទាំង​ឡាយ​ដោយ​ទស្សន​វិស័យ​ដ៏​នៅ​អស់​កល្បជានិច្ច

  • តើ​សំណួរ​អ្វីខ្លះ​ដែល​អ្នក​អាចសួរ ឬ​សេចក្ដីពិត​ដ៏នៅ​អស់​កល្ប​ជានិច្ច​ដែល​អ្នក​អាច​ថ្លែង​ទីបន្ទាល់​ទៅកាន់ ជីនយ៊ូន នៅពេល​អ្នក​ព្យាយាម​ជួយ​គាត់​ឲ្យ​មើលឃើញ​ពី​កង្វល់​របស់គាត់​ដោយប្រើ​ទស្សន​វិស័យ​ដ៏​នៅ​អស់​កល្បជានិច្ច​នោះ ?

  • តើ​ការណ៍​នេះ​អាច​ជួយ ជីនយ៊ូន ឲ្យ​ចាប់​ផ្ដើម​យល់​ពី​ទស្សនវិស័យ​ដ៏​នៅ​អស់កល្ប​ជានិច្ច​នេះ​ដោយ​របៀប​ណា ?

  • តើ​អ្វី​បាន​ជួយ​អ្នក​ឲ្យ​យល់​អំពី​ការមាន​ព្រះជន្ម​រស់​ឡើងវិញ​របស់ព្រះអង្គ​សង្គ្រោះ និង​តួនាទី​នៃ​ការមាន​ព្រះជន្ម​រស់ឡើង​វិញ​នេះ​នៅក្នុង​ផែនការ​នៃ​សេចក្ដី​សង្គ្រោះ ?

ស្វែងរក​ការយល់ដឹង​បន្ថែម​តាមរយៈ​ប្រភព​ដែល​បាន​តែងតាំង​ដ៏ទេវភាព

  • តើ​បទគម្ពីរ​ជាក់លាក់​ណាមួយ​ចេញពី លូកា ២៤ ដែល​អ្នក​អាចប្រើ​បាន​ពេល​ឆ្លើយ​នឹង ជីនយ៊ូន ? តើ​ប្រភព​បន្ថែម​អ្វី​ខ្លះ​ដែល​អ្នក​អាច​រំឭក​ឡើងវិញ​មុន​ពេល​អ្នក​ឆ្លើយ ? ( សម្ភារ​មួយចំនួន​ដែល​អ្នក​បានសិក្សា​នៅក្នុង​មេរៀន​មុន​អំពី​លូកា ២៤ អាច​ជួយ​បាន ) ។

  • បើ ជីនយ៊ូន ចង់​សិក្សា​បន្ថែម​ដោយ​ខ្លួន​គាត់ផ្ទាល់ តើ​អ្នក​នឹង​បញ្ជូន​គាត់​ឲ្យ​ទៅ​រៀន​នៅ​កន្លែង​ណា​ទៀត ?