ថ្នាក់​សិក្ខាសាលា
ម៉ាថាយ ២៨; លូកា ២៤; យ៉ូហាន ២០


ម៉ាថាយ ២៨; លូកា ២៤; យ៉ូហាន ២០

សាក្សី​របស់​ព្រះអង្គ​សង្គ្រោះ​ដែល​មាន​ព្រះជន្ម​ឡើងវិញ

រូបភាព
ម៉ារា ជា​អ្នក​ស្រុក​ម៉ាក់ដាឡា បាន​ជួប​នឹង​ព្រះគ្រីស្ទ​ដែល​មាន​ព្រះជន្ម​រស់ឡើង​វិញ ។

ព្រះយេស៊ូវ​គ្រីស្ទ​បាន​បង្ហាញ​ព្រះកាយ​ដល់​បុគ្គល និង​ក្រុម​ជា​ច្រើន បន្ទាប់​ពី​ការ​មាន​ព្រះជន្ម​រស់​ឡើង​វិញ​របស់​ទ្រង់ ។ មេរៀន​នេះ​អាច​ជួយ​ពង្រឹង​ទីបន្ទាល់​របស់​អ្នកថា ព្រះអង្គ​សង្គ្រោះ​មាន​ព្រះជន្ម​នៅរស់ ពេល​អ្នក​សិក្សា​នូវ​បទពិសោធន៍​របស់​សាក្សី​មួយ​ចំនួន​ទាំងនេះ ។

ការ​ជឿ​ដោយ​មើល​មិន​ឃើញ

សូម​មើល​រូបភាព​ព្រះអង្គ​សង្គ្រោះ​ដែល​មាន​ព្រះជន្ម​រស់​ឡើង​វិញ​ផុស​ចេញ​ពី​ផ្នូរ​ដូច​ខាងក្រោម​នេះ ។ សូម​កត់ត្រា​នៅក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​របស់អ្នក​នូវ​អ្វី​ដែល​អ្នក​អាច​ចែកចាយ​ជាមួយ​នរណាម្នាក់​ដែល​មាន​មន្ទិល​សង្ស័យ​ថា​ព្រឹត្តិការណ៍​ដ៏​សំខាន់​នេះ​បានកើត​ឡើង ។ តើ​ដំណើររឿង​ខគម្ពីរ​អ្វី​ខ្លះ​អំពី​ការ​មានព្រះជន្ម​ឡើងវិញ​របស់​ព្រះអង្គ​សង្គ្រោះ ដែល​អ្នក​អាច​ចែកចាយ​ជាមួយ​ពួកគេ​បាន ?

រូបភាព
ព្រះ​យេស៊ូវ​គ្រីស្ទ​ដែល​បាន​មាន​ព្រះជន្ម​រស់​ឡើងវិញ​ចេញពី​ឧទ្យាន​ផ្នូរ ។ រូប​ពាក់​កណ្ដាល​ព្រះកាយ​របស់​ព្រះ​គ្រីស្ទ​ចេញពី​ផ្នូរ ។ ទ្រង់​ត្រូវបាន​ពិពណ៌នា​ថា​ពាក់​រ៉ូប​ពណ៌​ស ។ ផ្កា​រីក​នៅ​ជិត​ច្រកចូល​ទៅ​កាន់​ផ្នូរ ។
  • ហេតុអ្វី​បាន​ជា​អ្នក​គិត​ថា វា​សំខាន់​ចំពោះ​ព្រះអម្ចាស់ ដែល​យើង​ម្នាក់ៗ​ទទួល​បាន​ទីបន្ទាល់​ផ្ទាល់​ខ្លួន​ថា​ទ្រង់​មាន​ព្រះជន្ម​រស់ ?

សូម​សញ្ជឹង​គិត​ពី​ទីបន្ទាល់​របស់​អ្នក​ថា ព្រះយេស៊ូវ​គ្រីស្ទ​មាន​ព្រះជន្ម​នៅរស់ និង​អំពី​របៀប​ដែល​អ្នក​នឹង​ត្រូវ​បាន​ប្រទានពរ​ដោយសារ​ការពង្រឹង​ទីបន្ទាល់​នេះ ។ ការសិក្សា​ពាក្យ​សម្ដី​របស់​អ្នក​ដែល​ដឹងថា ព្រះអង្គ​សង្គ្រោះ​មាន​ព្រះជន្ម​នៅរស់ អាច​ពង្រឹង​សេចក្ដី​ជំនឿ​របស់​យើង​លើ​ការ​ពិត​នៃ​ការមាន​ព្រះជន្ម​រស់នៅ​របស់​ទ្រង់ ទោះ​ជា​អ្នក​ដទៃ​ជុំវិញ​យើង​មានមន្ទិល​សង្ស័យ​ក៏​ដោយ ។ នៅពេល​អ្នក​សិក្សា​ថ្ងៃ​នេះ សូម​យក​ចិត្តទុក​ដាក់​ខ្ពស់​លើ​ការបំផុស​គំនិត​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ ដែល​បញ្ជាក់​ពី​សេចក្តីពិត​នៃ​ដំណើររឿង​ទាំងនេះ​ដល់​ចិត្ត និង​គំនិត​របស់​អ្នក ។

ពួកសាក្សី​ក្នុង​ព្រះគម្ពីរ​សញ្ញា​ថ្មី

១. សូម​បំពេញ​ឃ្លា​ខាងក្រោម​នេះ​នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​របស់​អ្នក ៖

សូម​សិក្សា​យ៉ាងហោច​ណាស់​ដំណើររឿង​មួយ​ក្នុង​ចំណោម​ដំណើររឿង​ក្នុងព្រះ​គម្ពីរ​សញ្ញាថ្មី​ខាងក្រោម​នេះ អំពី​បុគ្គល​ដែល​បានឃើញ​ព្រះអង្គសង្គ្រោះ​បាន​មាន​ព្រះជន្ម​រស់ឡើងវិញ ។

  1. ស្រ្តី​ដែល​ស្មោះត្រង់ ៖ ម៉ាថាយ ២៨:១–១០

  2. ពួក​សិស្ស​ពីរនាក់​នៅ​លើ​ផ្លូវ​ទៅ​ទីក្រុង​អេម៉ោស ៖ លូកា ២៤:១៣–៣៥

  3. ម៉ារា ជា​អ្នក​ស្រុក​ម៉ាក់ដាឡា​ ៖ យ៉ូហាន ២០:១១–១៨

  4. ថូម៉ាស ៖ យ៉ូហាន ២០:២៤–២៩

សូម​កត់ត្រាចម្លើយ​របស់​អ្នក​ចំពោះ​សំណួរ​ពីរ​ដែល​មាន​បន្ទាប់​មក ព្រមទាំង​គំនិត និង​ចំណាប់​អារម្មណ៍​ផ្សេងទៀត​ដែល​អ្នក​អាច​ទទួលបាន ។

  • តើ​អ្នក​បាន​រៀន​អ្វីខ្លះ​ដែល​អាច​ពង្រឹង​សេចក្តីជំនឿ​របស់​អ្នក​ថា​ ព្រះយេស៊ូវ​គ្រីស្ទ​មាន​ព្រះជន្ម​រស់​នៅ ?

  • តើ​អ្នក​បាន​រៀន​អ្វី​ខ្លះ​អំពី​ព្រះអង្គ​សង្គ្រោះ​ចេញ​ពី​ការប្រាស្រ័យ​ទាក់ទង​របស់​ទ្រង់​ជាមួយ​បុគ្គល​នេះ ឬ​បុគ្គល​ទាំងនេះ ?

សាក្សី​ក្នុង​ព្រះគម្ពីរ​ផ្សេងទៀត

២. សូម​បំពេញ​ឃ្លា​ខាងក្រោម​នេះ​នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​របស់​អ្នក ៖

ទីបន្ទាល់​របស់​អ្នក​អំពី​ព្រះអង្គ​សង្គ្រោះ​អាច​ត្រូវ​បាន​ពង្រឹង​បន្ថែម​ទៀត​ដោយ​ការ​សិក្សា​សាក្សី​បន្ថែម​ទៀត​នៅក្នុង​ព្រះគម្ពីរ​ផ្សេងទៀត ។ សូម​សិក្សា​វគ្គបទគម្ពីរ​ខាង​ក្រោម​នេះ​យ៉ាង​ហោច​ណាស់​មួយ ។

  1. ប្រជាជន​នៅ​ទ្វីបអាមេរិក​សម័យ​បុរាណ​មិន​យូរ​ប៉ុន្មាន​បន្ទាប់​ពី​ការរស់ឡើងវិញ​របស់​ព្រះអង្គសង្គ្រោះ ៖ នីហ្វៃទី​៣ ១១:៨–១៧

  2. យ៉ូសែប ស៊្មីធ និង ស៊ីឌនី រិកដុន ៖ គោលលទ្ធិ និង សេចក្ដីសញ្ញា ៧៦:១៩–២៤

សូម​កត់ត្រាចម្លើយ​របស់​អ្នក​ចំពោះ​សំណួរ​ពីរ​ដែល​មាន​បន្ទាប់​មក ព្រមទាំង​គំនិត និង​ចំណាប់​អារម្មណ៍​ផ្សេងទៀត​ដែល​អ្នក​អាច​ទទួលបាន ។

  • តើ​អ្វី​ដែល​អ្នក​បាន​អាន​អាច​ពង្រឹង​ជំនឿ​របស់​អ្នក​ថា ព្រះយេស៊ូវ​គ្រីស្ទ​មាន​ព្រះជន្ម​រស់​នៅ​ដោយ​របៀបណា ?

  • តើ​ការយល់ដឹង​បន្ថែម​អ្វី​ខ្លះ​អំពី​ព្រះយេស៊ូវគ្រីស្ទ ដែល​អ្នក​បាន​ទទួល ?

សាក្សី​សម័យ​ទំនើប

មធ្យោបាយ​សំខាន់​មួយទៀត​ដើម្បី​ពង្រឹង​ទីបន្ទាល់​របស់​អ្នក​ថា ព្រះយេស៊ូវ​គ្រីស្ទ​មាន​ព្រះជន្ម​រស់ គឺ​តាម​រយៈ​ការសិក្សា​ទីបន្ទាល់​នៃ « ពួក​សាក្សី​ពិសេស​អំពី​ព្រះ​នាម​នៃ​ព្រះ​គ្រីស្ទ​នៅ​ពេញ​សព្វ​ក្នុង​ពិភពលោក » ( គោលលទ្ធិ និង សេចក្តី​សញ្ញា ១០៧:២៣ ) ជា​ពួកសាវក​ដែល​បាន​តែងតាំង​នៅ​សម័យ​របស់យើង ។

អ្នក​អាច​ចង់​មើល​វីដេអូ « Come unto Me » ( ចាប់ពី​នាទី​ទី ១៦:១៨ ដល់​នាទី​ទី ១៦:៤៧ ) និង​វីដេអូ « The Only True God and Jesus Christ Whom He Hath Sent » ( ២:២៦ ) វីដេអូ​ទាំងពីរ​មាន​នៅលើ​គេហទំព័រ ChurchofJesusChrist.org ។ ឬ​អាន​សេចក្ដី​ថ្លែងការណ៍​របស់​ប្រធាន អាវរិង និង​អែលឌើរ ហូឡិន ដែល​ជា​សាក្សី​សម័យ​ទំនើប​ពីរ​រូប​របស់​ព្រះយេស៊ូវ​គ្រីស្ទ ។

ប្រធាន ហិនរី ប៊ី អាវរិង ក្នុង​​គណៈប្រធាន​ទីមួយ​បាន​ថ្លែង​ទីបន្ទាល់​ថា ៖

រូបភាព
រូបថត​ផ្លូវការ​ពាក់កណ្តាល​ខ្លួន​របស់​ប្រធាន​ហិនរី ប៊ី អាវរិង ដែល​បាន​ថត​នៅ​ឆ្នាំ ២០១៨ ។

ខ្ញុំ​ជា​សាក្សី​ម្នាក់អំ​ពី​ការ​រស់​ឡើង​វិញ​របស់​ព្រះអម្ចាស់​យ៉ាង​ប្រាកដ​ដូចជា​ខ្ញុំ​បាន​នៅ​ទីនោះ​នា​ល្ងាច​នោះ​ជាមួយ​នឹង​សិស្ស​ទាំង​ពីរ​នាក់​ក្នុង​ផ្ទះ​តាម​ផ្លូវទៅ​ភូមិ​អេម៉ោស​ដូច្នោះ​ដែរ ។ ខ្ញុំ​ដឹងថា ព្រះមាន​ព្រះជន្ម​រស់​យ៉ាងប្រាកដ​ដូច​យ៉ូសែប ស្ម៊ីធ​ដែរ ពេលលោក​បាន​ឃើញ​ព្រះវរបិតា និង​ព្រះរាជបុត្រា​ក្នុងសសរ​ពន្លឺ​នៃ​ពេលព្រឹក​ដ៏​ភ្លឺត្រចះ​ត្រចង់​មួយ​ក្នុងព្រៃ​នៅភូមិ​ប៉ាលម៉ៃរ៉ា ។

នេះ​ជា​សាសនាចក្រ​ពិត​នៃ​ព្រះយេស៊ូវ​គ្រីស្ទ ។

( ហិនរី ប៊ី អាវរិង « Come unto Me » Liahona ខែ ឧសភា ឆ្នាំ ២០១៣ ទំព័រ ២៥ )

អែលឌើរ ជែហ្វ្រី អ័រ ហូឡិន ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរនាក់​បាន​ថ្លែងទីបន្ទាល់ ៖

រូបភាព
រូបថត​​ផ្លូវការ​របស់ អែលឌើរ ជែហ្វ្រី អ័រ ហូឡិន ។ បានថតរូប​នៅ​ខែ​មករា ឆ្នាំ ២០១៨ ។

ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​ថា ព្រះយេស៊ូវ​គ្រីស្ទ​គឺ​ពិត​ជា​ព្រះរាជ​បុត្រា​ដ៏​មាន​ព្រះជន្ម​រស់​នៃ​ព្រះ​ដ៏​មាន​ព្រះជន្ម​រស់​នៃ​យើង ។ ខ្ញុំ​សូម​ថ្លែង​ទី​បន្ទាល់​ថា ទ្រង់​ត្រូវបាន​ប្រោស​ឲ្យ​រស់ឡើងវិញ​ពីផ្នូរ ហើយ​បន្ទាប់ពី​ការឡើង​ទៅគាល់​ព្រះវរបិតា​របស់ទ្រង់ ដើម្បី​បញ្ចប់​ដំណើរការ​នៃ​ការមាន​ព្រះជន្ម​ឡើងវិញ​នោះ ទ្រង់បាន​បង្ហាញ​ព្រះកាយ​មកម្តង​ហើយម្តង​ទៀត​ដល់​សិស្ស​រាប់រយ​នាក់​នៅក្នុង​ពិភពលោក​ចាស់ ហើយ​និង​ក្នុង​ពិភពលោក​ថ្មី ។ ខ្ញុំ​ដឹងថា ទ្រង់​គឺជា​ព្រះ​ដ៏វិសុទ្ធ​នៃ​អ៊ីស្រាអែល ជា​ព្រះមែស៊ី ដែលនៅ​ថ្ងៃណា​មួយនឹង​យាងមក​ម្តងទៀត​ក្នុង​សិរីល្អ​ចុងក្រោយ ដើម្បី​សោយរាជ្យ​នៅលើ​ផែនដី​ជាព្រះ​អម្ចាស់​លើ​អស់​ទាំង​ព្រះអម្ចាស់ និង​ជាស្តេច​លើ​អស់​ទាំង​ស្តេច ។

( ជែហ្វ្រី អ័រ ហូឡិន « The Only True God and Jesus Christ Whom He Hath Sent » Liahona ខែ វិច្ឆិកា ឆ្នាំ ២០០៧ ទំព័រ ៤២ )

  • ហេតុអ្វី​បាន​ជា​អ្នក​គិត​ថា ព្រះអង្គ​សង្គ្រោះ​បាន​ប្រទាន​ដល់​យើង​នូវ​សាក្សី​សម័យ​ទំនើប​បន្ថែម​លើ​សាក្សី​ពីបុរាណ​របស់​ទ្រង់ ?

សាក្សី​របស់​អ្នក

សូមអាន យ៉ូហាន ២០:២៩ ដោយ​ស្វែងរក​ការពិត​ដែល​ព្រះយេស៊ូវ​គ្រីស្ទ​បាន​បង្រៀន​ថូម៉ាស​អំពី​ការទទួលបាន​ទីបន្ទាល់ ។

  • តើ​ខគម្ពីរ​នេះ​បង្រៀន​អ្នក​អ្វីខ្លះ​អំពី​ការបង្កើន​ទីបន្ទាល់​របស់​អ្នក​អំពី​ព្រះយេស៊ូវ​គ្រីស្ទ ?

សេចក្តីពិត​មួយ ដែល​យើង​អាចរៀន​បាន​ពី​ការបង្រៀន​របស់​ព្រះអង្គ​សង្គ្រោះ​នៅក្នុង​ខនេះគឺថា យើង​ទទួល​បានពរជ័យ​សម្រាប់​ការជ្រើសរើស​ជឿថា ព្រះយេស៊ូវ​គ្រីស្ទ​មាន​ព្រះជន្ម​រស់ ទោះបី​យើង​មិនបាន​ឃើញទ្រង់​ក៏ដោយ ។

សូម​បន្ថែម​សាក្សី​ផ្ទាល់​ខ្លួន​របស់​អ្នក​អំពី​ព្រះអង្គ​សង្គ្រោះ​ទៅ​នឹង​អ្វីៗ​ដែល​អ្នក​បាន​សិក្សា​នៅ​ថ្ងៃ​នេះ ។ ជា​មធ្យោបាយ​មួយ​ក្នុងការ​ធ្វើដូច​នេះ សូម​ពិចារណា​កត់ត្រា​ចម្លើយ​ចំពោះ​សំណួរ​ដូចត​ទៅនេះ​នៅក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​របស់អ្នក ។

  • តើ​ភស្ដុតាង​អ្វី​ខ្លះ​ដែល​អ្នក​បាន​ឃើញ​ក្នុង​ជីវិត​របស់​អ្នក និង​ក្នុង​ជីវិត​អ្នក​ដទៃ​ថា ព្រះយេស៊ូវ​គ្រីស្ទ​មាន​ព្រះជន្ម​រស់​ ?

  • តើ​ពេលណា​ដែល​អ្នក​មាន​អារម្មណ៍​ថា ព្រះវិញ្ញាណ​បរិសុទ្ធ​ធ្វើជា​សាក្សី​ដល់​អ្នក​អំពី​ភាពពិត​នៃ​ព្រះយេស៊ូវ​គ្រីស្ទ ?

  • តើ​អ្នក​នឹង​ផ្តល់​ដំបូន្មាន​អ្វី​ដល់​អ្នក​ដែល​មិន​ទាន់​ប្រាកដ​ថា ពួកគេ​ជឿ​ថា​ព្រះអង្គ​សង្គ្រោះ​មាន​ព្រះជន្ម​រស់​នៅ​ឡើយ ?

ជម្រើស ៖ តើ​ចង់​រៀន​សូត្រ​បន្ថែម​ទៀត​ដែរ​ឬ​ទេ ?

ហេតុ​អ្វី​បាន​ជា​មាន​របួស​ពី​ការ​ឆ្កាង​លើ​ព្រះ​កាយ​របស់​ព្រះ​យេស៊ូវ​ដែល​បាន​មាន​ព្រះជន្ម​រស់​ឡើង​វិញ ?

អែលឌើរ ជែហ្វ្រី អ័រ ហូឡិន ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់​បាន​សរសេរ ៖

រូបភាព
រូបថត​​ផ្លូវការ​របស់ អែលឌើរ ជែហ្វ្រី អ័រ ហូឡិន ។ បានថតរូប​នៅ​ខែ​មករា ឆ្នាំ ២០១៨ ។

ទោះជា​អំណាច​នៃ​ការ​មាន​ព្រះជន្ម​រស់​ឡើង​វិញ​អាចត្រូវ​បាន​ស្ដារ​ឡើង​ទាំងស្រុង​ក្ដី—ហើយ​ពិត​ណាស់ នៅ​ថ្ងៃ​ណាមួយ​វា​នឹង​មក​ដល់—ហើយបាន​ធ្វើ​ឲ្យ​ស្នាម​របួស​ដោយសារ​តែ​ការ​ឆ្កាង​បាន​ជា​សះស្បើយ​ក្ដី ប៉ុន្តែ​ព្រះគ្រីស្ទ​បាន​ជ្រើស​រើស​ដើម្បី​រក្សាស្នាម​របួស​ទាំង​នោះ​ក្នុង​គោលបំណង​មួយ រួម​បញ្ចូល​ទាំង​ការ​បង្ហាញ​ព្រះកាយ​របស់​ទ្រង់​នៅ​ថ្ងៃ​ចុង​ក្រោយ​ផង​ដែរ នៅពេល​ទ្រង់​នឹង​បង្ហាញ​ស្នាម​ទាំង​នោះ ហើយ​បើក​សម្ដែង​ថា ទ្រង់​បាន​រង​របួស ‹ នៅ​ក្នុង​ផ្ទះ​របស់​មិត្ត​សំឡាញ់ [ ទ្រង់ ] › [ សាការី ១៣:៦; សូមមើល​ផងដែរ គោលលទ្ធិ និង សេចក្តី​សញ្ញា ៤៥:៥២ ] ។

ស្នាម​របួស​នៅ​លើ​ព្រះហស្ដ ព្រះបាទា និង​នៅ​ចំហៀង​ទ្រង់​គឺជា​សញ្ញា​ថា នៅ​ក្នុង​ជីវិត​រមែង​ស្លាប់​រឿង​ដ៏​ឈឺចាប់​បាន​កើត​ឡើង សូម្បី​តែចំពោះ​បុគ្គល​បរិសុទ្ធ ហើយ​ល្អ​ឥត​ខ្ចោះ ជា​សញ្ញាថា ការ​ឈឺចាប់​ដ៏​ខ្លាំង ពុំមែន មាន​ន័យ​ថា ព្រះពុំ​ស្រឡាញ់​យើង​នោះឡើយ ។ វា​គឺជា​ការ​ពិត​ដ៏​សំខាន់ ហើយពោរ​ពេញ​ដោយ​សេចក្ដីសង្ឃឹម​មួយ​ថា ព្រះគ្រីស្ទ​ដែល បាន​រង​របួស ពិត​ជា​បាន​យាង​មក​សង្គ្រោះ​យើង​ប្រាកដ​មែន ។

( ជែហ្វ្រី អ័រ ហូឡិន Christ and the New Covenant [ ឆ្នាំ ១៩៩៧ ] ទំព័រ ២៥៨–៥៩ )

យ៉ូហាន ២០:១៧ ។ តើ​ព្រះអង្គ​សង្គ្រោះ​មាន​ន័យ​យ៉ាង​ណា ពេល​ទ្រង់​បាន​បង្គាប់​ឲ្យ​ម៉ារា ជា​អ្នក​ស្រុក​ម៉ាក់ដាឡា « កុំ​ពាល់ [ ទ្រង់ ] » ?

អែលឌើរ ប្រ៊ូស អ័រ ម៉ាក់ខន់ឃី ( ឆ្នាំ ១៩១៥–ឆ្នាំ ១៩៨៥ ) ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់​បាន​ពន្យល់ ៖

រូបភាព
រូបក្បាល និង​ស្មា​របស់​អែលឌើរ ប្រ៊ូស អ័រ ម៉ាក់ខន់ឃី ។

កំណែ​របស់​ស្តេច​ជេមស៍ ដកស្រង់​ព្រះបន្ទូល​របស់​ព្រះយេស៊ូវ​ដែល​មាន​បន្ទូល​ថា « កុំពាល់​ខ្ញុំ » ។ ការបកប្រែ​ដោយ​យ៉ូសែប ស្ម៊ីធ​សរសេរ​ថា « កុំ​ប៉ះ​ខ្ញុំ » ។ ការបកប្រែ​ផ្សេង​ទៀត​ពី​ភាសា​ក្រិក​បកស្រាយ​វគ្គ​បទគម្ពីរ​នេះ​ថា​ជា « កុំ​នៅ​ជាប់​នឹង​ខ្ញុំ » ឬ « កុំ​ប៉ះ​ខ្ញុំ » ។ អ្នក​ខ្លះ​ផ្តល់​អត្ថន័យ​ថា « កុំ​នៅ​ជាប់​នឹង​ខ្ញុំ​ទៀត​ឡើយ » ឬ « កុំ​ពាល់​ខ្ញុំ​ទៀត​ឡើយ » ។ អ្នកខ្លះ​និយាយ​អំពីការ​ឈប់​កាន់​ទ្រង់ ឬ​នៅ​ជាប់​នឹង​ទ្រង់ ដោយ​បញ្ជាក់​ថា ម៉ារា​បាន​កាន់​ទ្រង់​រួច​ហើយ ។ មាន​ហេតុផល​ត្រឹមត្រូវ​សម្រាប់​ការសន្មត​ថា​ គំនិត​ដែល​បានបញ្ជូន​ទៅកាន់​ម៉ារា​ដោយ​ព្រះអម្ចាស់​ដែល​មាន​ព្រះជន្ម​រស់ឡើងវិញ​ គឺ​មាន​ឥទ្ធិពល​បែបនេះ ៖ « អ្នក​មិន​អាចពាល់​ខ្ញុំនៅទីនេះ​បានទេ ព្រោះ​ខ្ញុំ​មិន​ទាន់​ឡើង​ទៅ​ឯ​ព្រះវរបិតា​ខ្ញុំ​នៅ​ឡើយ » ។

( ប្រ៊ូស អ័រ ម៉ាក់ខន់ឃី The Mortal Messiah: From Bethlehem to Calvary [ ឆ្នាំ ១៩៨១ ] ៤:២៦៤ )

តើ​មាន​វីដេអូ​អ្វី​ខ្លះ​ដែល​អាច​ជួយ​ខ្ញុំ​ឲ្យ​មើល​ឃើញ​ពី​ដំណើរ​រឿង​នៃ​ការបង្ហាញ​ព្រះកាយ​របស់​ព្រះអង្គ​សង្គ្រោះ​ដែល​មាន​ព្រះជន្ម​រស់​ឡើង​វិញ​បាន ?

អ្នក​អាច​ចង់​មើល​វីដេអូ​ដូច​ខាងក្រោម ( ដែល​មាន​នៅលើ​គេហទំព័រ ChurchofJesusChrist.org ) ៖ « Jesus Is Resurrected » ( ៤:០៥ )

« Christ Appears on the Road to Emmaus » ( ៣:៣២ )

« Blessed Are They That Have Not Seen, and Yet Have Believed » ( ២:២៩ )