ថ្នាក់​សិក្ខាសាលា
លូកា ២៣:៣៣–៤៦; យ៉ូហាន ១៩:២៦–៣០


លូកា ២៣:៣៣–៤៦; យ៉ូហាន ១៩:២៦–៣០

សេចក្តី​មេត្តា​ករុណា​របស់​ព្រះអង្គ​សង្គ្រោះ​នៅ​លើ​ឈើឆ្កាង

រូបភាព
ស្ត្រី​នៅ​នឹង​ជើង​ឈើឆ្កាង​របស់​ព្រះយេស៊ូវគ្រីស្ទ

អ្វី​ដែល​ព្រះយេស៊ូវ​បាន​មាន​ព្រះ​បន្ទូល​ពេល​ទ្រង់​គង់​លើ​ឈើឆ្កាង​បង្ហាញ​ពី​បុគ្គលិកលក្ខណៈ​ទ្រង់ និងគុណ​លក្ខណៈ​ដ៏​ទេវភាព​របស់ទ្រង់ ។ នៅពេល​អ្នក​សិក្សា សូម​ព្យាយាម​បង្កើន​បំណង​ប្រាថ្នា​របស់​អ្នក​ដើម្បី​ក្លាយ​ដូចជា​ព្រះយេស៊ូវ​គ្រីស្ទ​កាន់តែ​ខ្លាំង នៅពេល​អ្នក​រៀន​ពី​គំរូ​របស់​ទ្រង់ នៅពេល​គេ​ឆ្កាងទ្រង់ ។

ការខ្វល់ខ្វាយអំពី​អ្នកដទៃ

សូម​ពិចារណា​សំណួរ​ទាំងឡាយ​ដូច​តទៅ​នេះ ៖ តើ​អ្នក​ឧស្សាហ៍​បង្ហាញ​ការអាណិត​អាសូរ​ដល់​អ្នក​ដទៃ​ដែរ​ឬ​ទេ ? ហេតុអ្វី​អាច ឬ​ហេតុអ្វី​មិន​អាច ?

១. នៅក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​របស់អ្នក សូម​រាយបញ្ជី​ស្ថានភាព​ដែល​វា​ពិបាក​សម្រាប់​អ្នក​ក្នុង​ការយក​ចិត្តទុកដាក់​ចំពោះ​កង្វល់ និង​សុខុមាលភាព​របស់​អ្នកដទៃ ។ សូម​ពន្យល់​ពីមូលហេតុ​ដែល​ស្ថានភាព​ទាំងនោះ​ធ្វើឲ្យ​អ្នក​ពិបាក​ធ្វើ​យ៉ាង​ដូច្នេះ ។

សូម​ពិចារណា​ឆ្លើយ​តបទៅ​នឹង​ការបំផុស​គំនិត​ខាងក្រោម​នេះ​នៅក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​របស់​អ្នក ៖

  • តើ​ជីវិត​របស់​អ្នក​អាច​ប្រសើរ​ឡើង​ដោយ​របៀប​ណា បើ​អ្នក​បង្ហាញ​ចិត្ត​អាណិត​អាសូរ​ដល់​អ្នក​ដទៃ ទោះ​ជា​អ្នក​ស្ថិត​ក្នុង​ស្ថានភាព​លំបាក​ក៏​ដោយ​នោះ ?

នៅ​ក្នុង​មេរៀន​នេះ អ្នក​នឹង​មាន​ឱកាស​ដើម្បី​សិក្សា​គំរូ​របស់​ព្រះអង្គ​សង្គ្រោះ​អំពី​ការ​ជួយ​អ្នក​ដទៃ សូម្បី​តែ​អំឡុង​ពេល​ទ្រង់​កំពុង​ឈឺចាប់​នៅលើ​ឈើឆ្កាង​ក្តី ។ នៅពេល​អ្នក​សិក្សា​គំរូ​របស់​ព្រះអង្គ​សង្គ្រោះ សូម​ស្វែងរក​ការណែនាំ​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ ដើម្បី​ជួយ​អ្នក​ឲ្យ​កាន់តែ​មានចិត្ត​ចង់​ក្លាយ​ដូចជា​ទ្រង់​ខ្លាំង​ឡើង ។

បទពិសោធន៍​មុន និង​អំឡុងពេល​នៃការឆ្កាង

សូម​រំឭក​ពី​បទពិសោធន៍​របស់​ព្រះអង្គ​សង្គ្រោះ​មុន និង​អំឡុងពេល​ការ​ឆ្កាង​របស់​ទ្រង់ ៖

  • ទ្រង់​បាន​រងទុក្ខ​សម្រាប់​អំពើបាប​នៃ​ពិភពលោក​នេះ​នៅក្នុង​សួនច្បារ​គែតសេម៉ានី ( សូមមើល លូកា ២២:៣៩–៤៤ ) ។

  • យូដាស​បាន​ក្បត់​ទ្រង់ ហើយ​សាវក​របស់​ទ្រង់បាន​បោះ​បង់​ចោល​ទ្រង់ ( សូមមើល ម៉ាកុស ១៤:៤៣–៥០ ) ។

  • មេដឹកនាំ​សាសន៍យូដា​បាន​កាត់ទោស វាយដំ និង​ស្ដោះ​ទឹកមាត់​ដាក់​ទ្រង់ ( សូមមើល ម៉ាថាយ ២៦:៥៧–៦៨ ) ។

  • លោក​ពីឡាត់ និងស្ដេច​ហេរ៉ូឌ​បានសួរ​ចម្លើយ​ទ្រង់ ហើយ​ស្ដេច​ហេរ៉ូឌ និង​ទាហាន​របស់​ទ្រង់​បាន​ចំអក​ដល់​ទ្រង់ ( លូកា ២៣:១–២៤ ) ។

  • ពួកទាហាន​រ៉ូម​បាន​វាយដំ​ទ្រង់​យ៉ាង​ព្រៃផ្សៃ ( សូមមើល ម៉ាថាយ ២៧:២៦–៣១ ) ។

  • ទ្រង់​បាន​លី​ឈើឆ្កាង​របស់​ទ្រង់​យ៉ាង​ហោច​ពាក់​កណ្តាល​ផ្លូវ​ទៅ​កាន់​គាល់កូថា ( សូមមើល យ៉ូហាន ១៩:១៦–១៧ ) ។

  • គេ​វាយ​ដែកគោល​លើ​ព្រះហស្ត និង​ព្រះបាទា​ទ្រង់​នៅ​ចន្លោះ​ចោរ​ពីរ​នាក់ ( សូមមើល លូកា ២៣:៣៣ សូមមើល​ផងដែរ យ៉ូហាន ២០:២៥ ) ។

  • គេ​ឆ្កាង​ទ្រង់​នៅលើ​ឈើឆ្កាង ( សូមមើល ម៉ាថាយ ២៧:៤៥–៥០; ម៉ាកុស ១៥:២៥ ) ។

សូម​គិត​អំពី​របៀប​ដែល​ព្រឹត្តិការណ៍​ទាំងនេះ​ជះ​ឥទ្ធិពល​លើ​អារម្មណ៍​របស់​អ្នក​ចំពោះ​ព្រះអង្គសង្គ្រោះ និង​អ្វី​ដែល​ទ្រង់​បាន​ស៊ូទ្រាំ​ដើម្បី​អ្នក ។ សូម​អាន​វគ្គ​បទគម្ពីរ​ខាងក្រោម ដែល​មាន​សេចក្តី​ថ្លែងការណ៍​ដែល​ព្រះអង្គ​សង្គ្រោះ​បាន​ធ្វើ​នៅពេល​ទ្រង់​នៅ​លើ​ឈើឆ្កាង ។ សូម​ស្វែងរក​សេចក្ដី​ពិត​អំពី​ព្រះយេស៊ូវ​គ្រីស្ទ​ចេញពី​សេចក្តី​ថ្លែងការណ៍​របស់ទ្រង់ ហើយ​សរសេរ​វា​នៅក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​របស់អ្នក ។

  • លូកា ២៣:៣៣–៣៤ ។ ព្រះអង្គ​សង្គ្រោះ​បាន​មាន​ព្រះបន្ទូល​ទាំងនេះ​អំពី​ទាហាន​ដែល​បាន​ឆ្កាង​ទ្រង់ ( សូម​មើល​ការបកប្រែ​ដោយ​យ៉ូសែប ស្ម៊ីធ នៃ​ខគម្ពីរ​នេះ​នៅក្នុង លូកា ២៣:៣៤,  ) ។

  • លូកា ២៣:៣៩–៤៣ ។ ខគម្ពីរ​ទាំងនេះ​កត់ត្រា​នូវ​អ្វី​ដែល​ចោរ​ដែល​បានឆ្កាង​ជាមួយ​ព្រះអង្គសង្គ្រោះ​បាននិយាយ និង​របៀប​ដែល​ព្រះអង្គសង្គ្រោះ​បានឆ្លើយតប ។ ( សូម​ចំណាំថា ព្យាការី យ៉ូសែប ស្ម៊ីធ បានបង្រៀនថា នៅពេល​ព្រះអង្គ​សង្គ្រោះ​មាន​ព្រះបន្ទូល​ពី​ចោរ​ទាំងនេះ ដែល​កំពុង​នៅជា​មួយទ្រង់​ក្នុង​ស្ថានសួគ៌ នោះ​ទ្រង់​កំពុង​បង្រៀន​ចោរ​ទាំងនោះ​ថា « យើង​នឹងនៅ​ជាមួយ​ឯង​នៅ​ឯ​ពិភព​វិញ្ញាណ & ហើយនឹង​បង្រៀន​ឯង ឬ​ឆ្លើយ​សំណួរ​របស់​ឯង » [ « Discourse ថ្ងៃទី ១១ ខែ មិថុនា ឆ្នាំ ១៨៤៣–A ដូច​ដែល​បាន​រៀបរាប់​ដោយ វិលហ្វួឌ វូឌដ្រុព្វ » ទំព័រ ៤៤ នៅលើ​គេហទំព័រ josephsmithpapers.org ] ) ។

  • យ៉ូហាន ១៩:២៦–២៧ ។ ខគម្ពីរ​ទាំងនេះ​កត់ត្រា​នូវ​អ្វី​ដែល​ព្រះអង្គ​សង្គ្រោះ​បាន​មាន​ព្រះ​បន្ទូល​ទៅកាន់​មាតា​ទ្រង់ ម៉ារា និង​សាវក​យ៉ូហាន ។

២. សូម​ឆ្លើយ​សំណួរ​ខាងក្រោម​នេះ​នៅ​ក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​របស់​អ្នក ៖

  • តើ​អ្នក​បានរៀន​អ្វីខ្លះ​អំពី​ព្រះយេស៊ូវ​គ្រីស្ទ ដែល​មាន​អត្ថ​ន័យ​បំផុត​សម្រាប់​អ្នក ? ហេតុអ្វី​ទៅ ?

  • តើ​អ្នក​ចង់​ក្លាយ​ដូចជា​ព្រះអង្គ​សង្គ្រោះ​តាម​របៀប​ណាខ្លះ ? ហេតុអ្វី​ទៅ ?

ព្រះអង្គ​សង្គ្រោះ​មិន​គ្រាន់តែ​គិត​អំពី​ពួក​ទាហាន​រ៉ូម ពួកចោរ និង​មាតា​របស់​ទ្រង់​ពេល​នៅលើ​ឈើឆ្កាង​ប៉ុណ្ណោះទេ ។ ប្រធាន រ័សុលអិម ណិលសុន បាន​បង្រៀន​ពី​របៀប​បន្ថែម​ដែល​ព្រះអង្គ​សង្គ្រោះ​បាន​ផ្តោតលើ​អ្នកដទៃ ខណៈ​ពេល​ដែល​ទ្រង់​កំពុង​ឈឺចាប់ ។

រូបភាព
ប្រធាន រ័សុល អិម ណិលសុន

« ដូច​នៅក្នុង​គ្រប់រឿង​ទាំងអស់ដែរ ព្រះយេស៊ូវ​គ្រីស្ទ​គឺជាគំរូ​ដ៏អស្ចារ្យ​បំផុត ‹ ដែល​ទ្រង់បានរង​ទ្រាំ​នៅឈើឆ្កាង › [ ហេព្រើរ ១២:២ ] ។ ចូរ​គិត​អំពី​រឿង​នេះ ! ដើម្បី​ឲ្យ​ទ្រង់​អាច​ស៊ូទ្រាំ​នឹង​បទពិសោធន៍​ដ៏​ឈឺ​ចាប់​បំផុត​ដែល​ទ្រង់​បាន​ស៊ូទ្រាំ​នៅលើ​ផែនដី​នេះ​បាន នោះ​ព្រះអង្គ​សង្គ្រោះ​យើង​បាន​ផ្តោត​ព្រះទ័យ​ទ្រង់​ទៅ​លើ សេចក្តី​អំណរ !

ហើយ​តើ​មាន​អំណរ​អ្វី​ខ្លះ​ដែល​នៅ​ចំពោះ​ទ្រង់​នោះ ? ប្រាកដ​ណាស់​វា​រួម​មាន​អំណរ​នៃ​ការជ្រះស្អាត ការព្យាបាល និង​ការពង្រឹង​ដល់​យើង អំណរ​នៃ​ការបង់​ថ្លៃ​ចំពោះ​អំពើ​បាប​នៃ​អស់​អ្នក​ដែល​ប្រែចិត្ត អំណរ​នៃ​ការធ្វើ​ឲ្យ​បងប្អូន និង​រូប​ខ្ញុំ​អាច​ត្រឡប់​ទៅ​ផ្ទះ​វិញ—ឲ្យ​ជ្រះស្អាត និង​មាន​ភាពស័ក្តិសម—ដើម្បី​រស់នៅ​ជាមួយ​ព្រះ​មាតាបិតា និង​ក្រុមគ្រួសារ​សួគ៌ា ។

( រ័សុល អិម ណិលសុន « Joy and Spiritual Survival » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៦ ទំព័រ ៨២–៨៣ )

  • តើ​ព្រះអង្គ​សង្គ្រោះ​ផ្ដោត​លើ​អ្វី​ខណៈ​ពេល​ទ្រង់​បាន​រងទុក្ខ​សម្រាប់​យើង ?

  • តើ​ប្រធាន ណិលសុន បង្រៀន​អ្នក​អ្វីខ្លះ​អំពី​ព្រះរាជ​បំណង​របស់​ព្រះអង្គ​សង្គ្រោះ​សម្រាប់​អ្នក ?

សូម​សញ្ជឹងគិត​មួយភ្លែត​ពី​សេចក្ដី​ពិតថា ខណៈពេល​ដែល​ព្រះអង្គ​សង្គ្រោះ​នៅលើ​ឈើឆ្កាង ទ្រង់​បាន​ផ្តោត​លើ​អ្នក និង​អំណរ​នៃ​ការជួយ​អ្នក​ឲ្យ​ត្រឡប់​ទៅរក​ព្រះវរបិតាសួគ៌​វិញ ។

  • តើ​វា​អាច​ធ្វើ​ឲ្យ​មាន​ភាព​ខុស​គ្នា​អ្វី​ខ្លះ​ក្នុង​ជីវិត​អ្នក​ដើម្បី​យល់​ពី​សេចក្ដី​ពិត​នេះ ? ហេតុ​អ្វី​បាន​ជា​ចំណេះ​ដឹង​នេះ​នឹង​ធ្វើ​ឲ្យ​មាន​ភាព​ខុស​គ្នា​យ៉ាង​នេះ​សម្រាប់​អ្នក ?

៣. សូម​ឆ្លើយ​សំណួរ​ខាងក្រោម​នេះ​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​របស់​អ្នក ៖

  • តើ​នៅពេលណា​ដែល​អ្នកបាន​ជួយ​នរណា​ម្នាក់ ខណៈពេល​ដែល​អ្នកកំពុង​ជួប​ប្រទះបញ្ហា​ប្រឈម​មួយ ឬ​តើនៅ​ពេលណា​ដែល​មាន​នរណា​ម្នាក់​បាន​ធ្វើ​បែប​នេះ​សម្រាប់​អ្នក ?

ប្រសិនបើ​ការមើល​ឧទាហរណ៍​អាច​ជួយ​បាន សូម​មើល « Love One Another as He Has Loved Us » ដែល​មាន​នៅ​លើ​គេហទំព័រ ChurchofJesusChrist.org ចាប់ពី​លេខកូដ​ម៉ោង ៣:២២ ដល់ ៧:៥៤ ។Love One Another as He Has Loved Us

សូម​ស្វែងរក​ការបំផុសគំនិត​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ ដោយ​សញ្ជឹងគិត​ពី​គំរូ​របស់​ព្រះអង្គ​សង្គ្រោះ និង​អ្វី​ដែល​អ្នក​បាន​ទទួល​អារម្មណ៍​នៅ​ថ្ងៃនេះ ។ សូម​ស្វែងរក​របៀប​ដែល​អ្នក​អាច​កាន់តែក្លាយ​ដូចជា​ព្រះយេស៊ូវ​គ្រីស្ទ​ក្នុង​ការ​បង្ហាញ​សេចក្ដី​ស្រឡាញ់ និង​ការអាណិត​អាសូរ​ដល់​អ្នក​ដទៃ សូម្បី​តែ​អំឡុង​ពេល​អ្នក​កំពុង​មាន​ឧបសគ្គ​ខ្លួនឯង​ផ្ទាល់​ក៏​ដោយ ។ បន្ទាប់មក សូម​កត់ត្រា​របៀប​ទាំងនេះ​នៅក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​របស់​អ្នក ។ សូម​ពិនិត្យ​មើល​បញ្ជី​ដែល​អ្នកបាន​ធ្វើ ហើយ​សូម​អធិស្ឋាន​ជ្រើសរើស​របៀប​មួយ​ក្នុង​ចំណោម​របៀប​ដែល​អ្នក​អាច​កាន់តែ​ក្លាយ​ដូចជា​ព្រះយេស៊ូវ​គ្រីស្ទ​បាន ។ សូម​កំណត់​របៀប​ទាំងនេះ​នៅក្នុង​សៀវភៅ​កំណត់​ហេតុ​របស់​អ្នក ។ សូម​អធិស្ឋាន ហើយ​ស្វែងរក​ឱកាស​ដើម្បី​ធ្វើតាម​សកម្មភាព​នេះ ។

« ការ​ស្រេច​ហើយ »

បន្ទាប់​ពី​រងទុក្ខ​អស់​ជាច្រើន​ម៉ោង​នៅលើ​ឈើឆ្កាង ព្រះអង្គ​សង្គ្រោះ​បានថ្លែង​ព្រះបន្ទូល​ចុងក្រោយ​របស់ទ្រង់ ។

សូម​អាន យ៉ូហាន ១៩:២៨–៣០ និង លូកា ២៣:៤៦ ។ សូម​គូស​ចំណាំ​សេចក្តី​ថ្លែងការណ៍​ចុងក្រោយ​ក្នុង​ព្រះជន្ម​រមែងស្លាប់​របស់​ព្រះអង្គ​សង្គ្រោះ ។

  • តើ​សេចក្ដី​ថ្លែងការណ៍​ទាំងនេះ​អាច​ជួយ​យើង​ឲ្យ​យល់​អ្វីខ្លះ​អំពី​ព្រះអង្គ​សង្គ្រោះ និង​បេសកកម្ម​របស់​ទ្រង់ ?

ដូចជា​ព្រះអង្គសង្គ្រោះ​ដែរ យើង​អាច​បំពេញ​នូវអ្វី​ដែល​ព្រះវរបិតា​ចង់​ឲ្យ​យើងធ្វើ​នៅក្នុង​ជីវិត​របស់​យើង​បាន ។ សូម​ចងចាំ​ចំណុច​នេះ នៅពេល​អ្នក​ព្យាយាម​ធ្វើតាម​អ្វី​ដែល​អ្នក​បាន​សម្រេចចិត្ត​អនុវត្ត​តាម​នៅថ្ងៃ​នេះ ។

ជម្រើស ៖ តើ​ចង់​រៀនសូត្រ​បន្ថែម​ទៀត​ដែរ​ឬ​ទេ ?

យ៉ូហាន ១៩:២៧ ។ តើយើង​អាច​រៀន​អ្វីខ្លះ​ពី​សេចក្ដី​ថ្លែងការណ៍​របស់​ព្រះអង្គ​សង្គ្រោះ ថា « នុ៎ះ​ន៏ ម្តាយ​អ្នក » ?

យើង​អាច​ធ្វើ​តាម​គំរូ​របស់​ព្រះយេស៊ូវ​គ្រីស្ទ នៅពេល​យើង​ខិតខំ​ដើម្បី​ទទួលស្គាល់ ស្រឡាញ់ និង​យកចិត្តទុកដាក់​ចំពោះ​ម្តាយ​របស់​យើង ។ អែលឌើរ ជែហ្វ្រីអ័រ ហូឡិន ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់​បាន​គោរព​ដល់​មាតា​ដែល​សុចរិត​ទាំងឡាយ ហើយ​បានប្រៀបធៀប​សេចក្តី​ស្រឡាញ់​របស់​ពួកគាត់​ទៅនឹង​សេចក្តី​ស្រឡាញ់​របស់​ព្រះអង្គសង្គ្រោះ ។

សូម​មើល « Behold Thy Mother » ដែល​មាន​នៅ​លើគេហទំព័រ ChurchofJesusChrist.org ចាប់ពី​លេខ​កូដ​ម៉ោង ០:២០ ដល់ ២:៥៣ ។

តើ​ការ​ជួយ​អ្នក​ដទៃ​ពេល​យើង​កំពុង​ជួប​ការ​លំបាក ដុសខាត់​យើង​ឲ្យ​ប្រែក្លាយ​ជាបុគ្គល​ដែល​យើង​ត្រូវ​ប្រែក្លាយ​ដោយ​របៀប​ណា ?

អែលឌើរ ដាវីឌ អេ បែដណា ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់​បាន​បង្រៀន ៖

រូបភាព
អែលឌើរ ដាវីឌ អេ បែដណា

បុគ្គលិក​លក្ខណៈ​ត្រូវ​បាន​បើក​សម្តែង … នៅក្នុង​អំណាច​ដើម្បី​ញែក​ដឹង​ពី​ការរងទុក្ខ​របស់​មនុស្ស​ផ្សេង​ទៀត នៅពេល​យើង​ខ្លួន​ឯង​ផ្ទាល់​កំពុង​តែ​រងទុក្ខ នៅក្នុង​លទ្ធភាព​ដើម្បី​ដឹង​ពី​សេចក្តី​ស្រេក​ឃ្លាន​របស់​មនុស្ស​ដទៃ នៅពេល​យើង​ស្រេកឃ្លាន ហើយ​នៅក្នុង​អំណាច​ដើម្បី​ឈោង​ទៅ​ជួយ និង​បង្ហាញ​សេចក្តី​អាណិតអាសូរ​ដល់​សេចក្តី​ឈឺចាប់​ខាង​វិញ្ញាណ​របស់​មនុស្ស​ដទៃ នៅពេល​យើង​កំពុងតែ​នៅ​កណ្តាល​នៃ​ភាព​តានតឹង​ខាង​វិញ្ញាណ​ផ្ទាល់​ខ្លួន​របស់​យើង​នោះ ។ ដូច្នេះ​លក្ខណៈ​នេះ​ត្រូវ​បាន​បង្ហាញ​ឡើង​តាមរយៈ​ការមើល និង​ការឈោង​ទៅជួយ ពេល​ការឆ្លើយ​តប​តាម​ធម្មជាតិ និង​កើត​ពី​សភាវគតិ​ត្រូវបាន​កើត​ចំពោះ​ខ្លួន​ឯង និង​មាន​ក្នុង​ខ្លួន​យើង ។ ប្រសិនបើ​លទ្ធភាព​នោះ​ពិត​ជា​កត្តា​សំខាន់​នៃ​លក្ខណៈ​ខាង​សីលធម៌ នោះ​ព្រះអង្គ​សង្គ្រោះ​នៃ​ពិភពលោក​គឺ​ជា​គំរូ​ដ៏​ឥតខ្ចោះ​អំពី​លក្ខណៈ​ដ៏​ខ្ជាប់ខ្ជួន និង​មាន​ក្តីសប្បុរស​បែប​នោះ ។

( ដេវីឌ អេ បែដណា « The Character of Christ » [ Brigham Young University–Idaho devotional ថ្ងៃទី ២៥ ខែ មករា ឆ្នាំ ២០០៣ ] នៅលើ​គេហទំព័រ byui.edu )

តើ​មាន​ពរជ័យ​អ្វី​ខ្លះ​អាច​កើតមាន ពេល​យើង​បម្រើ​អ្នក​ដទៃនៅពេល​ខ្លួនយើងក៏​កំពុង​មាន​បញ្ហា​សម្រាប់​ខ្លួន​ឯង​ដែរ​នោះ ?

ប្រធាន ហែនរី ប៊ី អាវរិង ក្នុង​គណៈ​ប្រធាន​ទី​មួយ​បាន​បង្រៀន ៖

រូបភាព
ប្រធាន ហែនរី ប៊ី អាវរិង

យើង​ត្រូវ​សម្គាល់​មើល​ទុក្ខព្រួយ​របស់​មនុស្ស​ដទៃ ហើយ​ព្យាយាម​ជួយ ។ ការធ្វើ​បែបនោះ​លំបាក​ខ្លាំងណាស់ ពេល​យើង​ជួប​នឹង​ការសាកល្បង​ខ្លួនយើង​ខ្លាំង​ដែរនោះ ។ ប៉ុន្ដែ​យើង​នឹង​ឃើញ​ថា ពេល​យើង​សម្រាល​បន្ទុក​របស់​អ្នក​ដទៃ ទោះជា​បន្ដិច​ក្ដី ក៏​ខ្នង​របស់​យើង​ត្រូវ​បាន​ពង្រឹង ហើយ​យើង​ឃើញ​ពន្លឺ​នៅក្នុង​ភាពងងឹត​ដែរ ។

( ហែនរី ប៊ី អាវរិង « Tested, Proved, and Polished » Liahona ខែ វិច្ឆិកា ឆ្នាំ ២០២០ ទំព័រ ៩៨ )