ថ្នាក់​សិក្ខាសាលា
ម៉ាថាយ ២៧:៥០–៦៦; លូកា ២៣:៥៥–៥៦; យ៉ូហាន ១៩:៣៩–៤០


ម៉ាថាយ ២៧:៥០–៦៦; លូកា ២៣:៥៥–៥៦; យ៉ូហាន ១៩:៣៩–៤០

ការគោរព​ប្រតិបត្តិ និង​ការបង្ហាញ​សេចក្ដី​ស្រឡាញ់​ចំពោះ​ព្រះអង្គ​សង្គ្រោះ

រូបភាព
រូបកាយ​នៃ​ព្រះគ្រីស្ទ​ដែល​បាន​ឆ្កាង​ត្រូវ​បាន​រុំ​ដោយ​ក្រណាត់​បញ្ចុះសព​ពណ៌​ស

នៅពេល​ព្រះយេស៊ូវ​បាន​សុគត « ក៏​មាន​កក្រើក​ដី ហើយ​ថ្ម​ប្រេះ​ដាច់​ពី​គ្នា » ( ម៉ាថាយ ២៧:៥១ ) ប៉ុន្តែ​អ្វី​ដែល​សំខាន់​ជាងនេះ​បាន​កើត​ឡើង​នៅក្នុង​ព្រះវិហារ ៖ វាំងនន​នៅក្នុង​ទី​បរិសុទ្ធ​លើ​អស់​ទាំង​បរិសុទ្ធ ត្រូវបាន​រហែកជា​ពីរ​ភាគ ។ បន្ទាប់​ពី​ការសុគត​របស់​ព្រះអង្គ​សង្គ្រោះ ពួក​សិស្ស​របស់​ទ្រង់​បាន​ខិត​ខំ​យ៉ាង​ខ្លាំង​ដើម្បី​យក​ព្រះ​សព​ទ្រង់ ហើយ​រៀបចំ​ព្រះសព​ដោយ​ប្រុង​ប្រយ័ត្ន​សម្រាប់​ការ​បញ្ចុះ ។ មេរៀននេះ​មាន​គោលបំណង​ជួយ​អ្នក​ឲ្យ​យល់ និង​សញ្ជឹងគិត​ពីអ្វី​ដែល​ព្រះយេស៊ូវ​គ្រីស្ទ​បានធ្វើ​សម្រាប់​អ្នក និង​អ្វី​ដែល​អ្នក​អាច​ធ្វើបាន​ដើម្បី​បង្ហាញ​ការគោរព​ប្រតិបត្តិ និង​ការដឹងគុណ​ចំពោះទ្រង់ ។

ការគោរព​វិញ្ញាណក្ខន្ធ​អ្នក​ដែល​ទទួល​មរណភាព

មនុស្ស​ដែល​មាន​វប្បធម៌​ផ្សេងៗគ្នា​មាន​វិធី​ផ្សេងគ្នា​ក្នុង​ការ​ចងចាំ និង​ការគោរព​ប្រតិបត្តិ​ដល់​បុគ្គល​ដែល​បាន​ស្លាប់ ។ សូម​គិត​អំពី​នរណា​ម្នាក់​ដែល​អ្នកស្រឡាញ់​ដែល​បាន​ទទួល​មរណភាព ឬ​សញ្ជឹងគិត​ថា​តើ​វា​នឹងទៅ​ជា​យ៉ាងណា ប្រសិនបើ​នរណា​ម្នាក់​ជិតស្និទ្ធ​នឹង​អ្នក​បានទទួល​មរណភាព​នោះ ។

  • តើអ្នក ( ឬ​តើ​អ្នកចង់ ) ចងចាំ​អ្វីអំពី​មនុស្ស​ជាទីស្រឡាញ់​របស់អ្នក ?

  • តើ​អ្នក​ធ្វើ​អ្វី​ដើម្បី​គោរព​ប្រតិបត្តិ ឬ​បង្ហាញ​សេចក្តី​ស្រឡាញ់​ចំពោះ​អ្នក​ដែល​បាន​លាចាក​លោក​ទៅ ?

វគ្គ​បទគម្ពីរ​នៅក្នុង​មេរៀននេះ​ពិពណ៌នា​អំពី​ការសុគត​របស់​ព្រះអង្គសង្គ្រោះ​នៅលើ​ឈើឆ្កាង និង​ព្រឹត្តិការណ៍​ដែលបាន​កើតឡើង​ភ្លាមៗ​បន្ទាប់ពីនោះ ។ សូម​ចំណាយ​ពេល​បន្តិច ដើម្បី​សញ្ជឹង​គិត​អំពី​សំណួរ​ខាង​ក្រោម ៖

  • តើ​អ្នក​មាន​អារម្មណ៍​យ៉ាង​ណា បើ​អ្នក​បាន​ឃើញ​ការសុគត​របស់​ព្រះយេស៊ូវ ?

  • តើ​អ្នក​មាន​អារម្មណ៍​យ៉ាង​ដូចម្តេច​អំពី​ការ​សុគត​របស់​ទ្រង់ឥឡូវ​នេះ ?

  • តើអ្នក​ចង់​ចងចាំ និង​គោរព​ប្រតិបត្តិ​ទ្រង់​ដោយ​របៀបណា ?

នៅពេល​អ្នក​សិក្សា​ថ្ងៃនេះ សូម​ស្វែងរក​ការណែនាំ​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ ដើម្បី​ជួយ​អ្នក​ឲ្យ​ដឹង​ពី​របៀប​ដែល​អ្នក​អាច​ចងចាំ គោរព​ប្រតិបត្តិ និង​បង្ហាញ​សេចក្ដីស្រឡាញ់​ចំពោះ​ព្រះអង្គ​សង្គ្រោះ ។

និមិត្តសញ្ញា​នៃ​វាំងនន​ព្រះវិហារបរិសុទ្ធ

នៅពេល​ដែល​ព្រះយេស៊ូវ​សុគត មាន​ការរញ្ជួយ​ដី និង​ការបើក​សម្ដែង​ខាង​រូប​កាយ​ផ្សេង​ទៀត រួម​ទាំង​ការ​ខូច​ខាត​ដល់​ព្រះវិហារ​បរិសុទ្ធ​ផងដែរ ។ សូមអាន ម៉ាថាយ ២៧:៥០–៥១ ហើយ​សូម​ពិចារណា​គូសចំណាំ​សេចក្ដី​លម្អិត​អំពី​ព្រះវិហារ​បរិសុទ្ធ​ដែល​ម៉ាថាយ​បាន​កត់ត្រា ។

រូបភាព
គំនូរ​សាមញ្ញ​នៃ​ទិដ្ឋភាព​ផែនការ​នៃ​ព្រះវិហារ​បរិសុទ្ធ​ដែល​មាន​វាំងនន

ព្រះវិហារបរិសុទ្ធ​ពីបុរាណ​មាន​បន្ទប់​ពីរដាច់​ពីគ្នា​ដោយរបាំង ឬ​វាំងនន ។ មួយឆ្នាំម្តង នៅ​ថ្ងៃ​ដែល​ធ្វើ​ដង្វាយធួន ពួកសង្ឃ​ជាន់ខ្ពស់​បានឆ្លងកាត់​ពី​ទី​បរិសុទ្ធ​តាម​វាំងនន​នៃ​ព្រះវិហារបរិសុទ្ធ ហើយ​ចូលទៅកាន់​ទី​បរិសុទ្ធ​លើ​អស់​ទាំង​បរិសុទ្ធ ។ បន្ទប់នេះ​តំណាង​ឲ្យ​ព្រះ​វត្តមាន​របស់ព្រះ ។ នៅ​ក្នុង​បន្ទប់​នេះ សង្ឃ​ជាន់ខ្ពស់​បាន​ប្រោះ​ឈាម​នៃ​ដង្វាយ​រំដោះ​បាប​លើ​អាសនៈ ដើម្បី​ឲ្យ​ធួន​នឹង​អំពើបាប​របស់​អ៊ីស្រាអែល ( សូមមើល លេវីវិន័យ ១៦ ) ។

  • តើ​ការ​ហែក​វាំងនន​ចេញ​ដើម្បី​ចូល​ទៅ​ក្នុងទី​បរិសុទ្ធ​លើ​អស់​ទាំង​បរិសុទ្ធ​ជា​និមិត្តសញ្ញា​នៃ​អ្វី ?

អែលឌើរ ប៊្រូសអ័រ ម៉ាក់ខន់ឃី ( ឆ្នាំ ១៩១៥–៨៥ ) ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ បាន​ពន្យល់​អំពី​សារៈសំខាន់​ជា​និមិត្តសញ្ញា​នៃ​ព្រឹត្តិការណ៍​នេះ ៖

រូបភាព
អែលឌើរ ប្រ៊ូស អ័រ ម៉ាក់ខន់ឃី

ឥឡូវ​នេះ​ទី​បរិសុទ្ធ​លើ​អស់​ទាំង​បរិសុទ្ធបាន​បើក​សម្រាប់​មនុស្ស​គ្រប់​រូប តាមរយៈ​ព្រះលោហិត​ដ៏​ធួន​នៃ​កូនចៀម ឥឡូវ​នេះ​មនុស្ស​ទាំងអស់​អាច​ចូល​ទៅ​ក្នុង​ទី​ដ៏​ខ្ពស់ ហើយ​បរិសុទ្ធ​ជាង​ទី​ណាៗ​ទាំងអស់ ជា​នគរ​ដែល​មនុស្ស​រក​ឃើញ​ជីវិត​ដ៏​នៅ​អស់​កល្ប​ជានិច្ច ។ … [ មនុស្ស​ទាំង​អស់ ] មាន​សិទ្ធិ​ឆ្លង​កាត់​របាំង​ចូល​ទៅ​ក្នុង​វត្តមាន​របស់​ព្រះអម្ចាស់ ដើម្បី​ទទួល​មរតក​ភាព​តម្កើង​ឡើង​ពេញលេញ ។

( ប្រ៊ូស អ័រ ម៉ាក់ខន់ឃី Doctrinal New Testament Commentary វ៉ុលទី ៣ [ ឆ្នាំ ១៩៦៥–៧៣ ] ១:១៨៣០ )

សេចក្តីពិត​មួយ​ដែល​យើង​អាច​រៀន​ចេញពី​អ្វី​ដែល​បាន​កើតឡើង​នៅក្នុង ម៉ាថាយ ២៧:៥១ គឺថា ព្រះយេស៊ូវ​គ្រីស្ទ​បាន​ធ្វើ​ឲ្យ​យើង​ទាំងអស់​គ្នា​អាច​ត្រឡប់​ទៅ​កាន់ព្រះ​វត្តមាន​របស់​ព្រះវរបិតាសួគ៌​វិញ ហើយ​ប្រែក្លាយ​ដូចជា​ទ្រង់​បាន ។ សាវក​ប៉ុល​ក៏​បាន​បង្រៀន​ដែរ​ថា ការហែក​វាំងនន​នេះ​បាន​បង្ហាញ​ពី​សេចក្ដីពិត​នេះ ( សូមមើល ហេព្រើរ ១០:១៩–២០ ) ។

សូម​សញ្ជឹងគិត​អំពី​តម្លៃ​ដែល​ព្រះអង្គ​សង្គ្រោះ​របស់អ្នក​បានបង់ ដើម្បីបើក​វាំងនន ហើយ​ធ្វើឲ្យ​អ្នក​អាច​ត្រឡប់​ទៅកាន់​នគរ​របស់​ព្រះវរបិតា​ទ្រង់វិញ​បាន ។

១. សូម​កត់ត្រា​នៅ​ក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​របស់​អ្នក​ដូច​ខាងក្រោម ៖

សូម​សរសេរ​របៀប​មួយចំនួន​ដែល​ព្រះអង្គសង្គ្រោះ​បាន​ជួយ​អ្នក​ផ្ទាល់​ឲ្យ​រីកចម្រើន និង​កែលម្អ ហើយ​ក្លាយជា​ដូចជា​ព្រះវរបិតាសួគ៌​របស់​អ្នក ដើម្បី​ទីបំផុត​អ្នក​អាចត្រឡប់​ទៅទីវត្តមាន​របស់​ទ្រង់​វិញ ។

ពួកសិស្ស​របស់​ព្រះយេស៊ូវ​គោរព​ប្រតិបត្តិ​ទ្រង់

ពេល​ព្រះយេស៊ូវ​សុគត ពួកសិស្ស​របស់​ទ្រង់​បាន​ព្យាយាម​ចងចាំ និង​គោរព​ប្រតិបត្តិ​ទ្រង់ ។ សូម​អាន​អំពី​របៀប​ដែល​សិស្សខ្លះ​បង្ហាញ​សេចក្ដី​ស្រឡាញ់​របស់​ពួកគេ​ចំពោះ​ព្រះយេស៊ូវ ។

  • ម៉ាថាយ ២៧:៥៧–៦០ ៖ យ៉ូសែប ដែល​នៅ​ភូមិ​អើរីម៉ាថេ ជា​សិស្ស​អ្នក​មាន និង​ជា​សមាជិក​នៃ​ពួក​សានហេឌ្រីន​នៃ​ក្រុម​ប្រឹក្សា​ជាន់​ខ្ពស់​បំផុត​របស់​សាសន៍​យូដា ។

  • យ៉ូហាន ១៩:៣៩–៤០ ៖ នីកូដេម ជាពួក​ផារិស៊ី និង​ជា​សមាជិក​នៃ​ពួក​សានហេឌ្រីន ។

  • លូកា ២៣:៥៥–៥៦ ៖ ម៉ារា ជា​អ្នក​ស្រុក​ម៉ាក់ដាឡា និង​ស្ត្រី​ដទៃទៀត

ព័ត៌មាន​ខាងក្រោម​នេះ​អាច​ជួយ​អ្នកឲ្យ​យល់​កាន់តែ​ច្បាស់​អំពី​សកម្មភាព​របស់សិស្ស​ទាំងនេះ ។

រូបភាព
ផ្នូរ​សួនច្បារ ក្រុង​យេរូសាឡិម អ៊ីស្រាអែល

យ៉ូសែប ដែល​នៅ​ភូមិ​អើរីម៉ាថេ ទោះជា​មិនមែន​ជាអ្នក​ដើរតាម​ព្រះគ្រីស្ទ​ដោយបើក​ចំហ​ក៏ដោយ ក៏​បានបង្ហាញ​ចិត្ត​អាណិតអាសូរ និង​ភាពក្លាហាន​ដោយ​សុំ​ព្រះសព​ព្រះយេស៊ូវ​ដែរ ។ ផ្នូរ ឬ​ស្ដូប​ដែល​យ៉ូសែប​បានថ្វាយ​សម្រាប់​ព្រះសព​របស់​ព្រះអង្គ​សង្គ្រោះ​ត្រូវ​បាន​ដាប់​ចេញពី​ថ្ម ដែល​ហាក់ដូច​ជា​បាន​ចំណាយ​ប្រាក់​យ៉ាងច្រើន ។

រូបភាព
ជ័រ​ល្វីងទេស

ជ័រ​ល្វីងទេស​ជារុក្ខរស​ស្ងួត​ក្រអូប​ប្រើ​សម្រាប់​រៀបចំ​សព ។ បរិមាណ​នៃ​ជ័រ​ល្វីងទេស និង​ក្រឹស្នា​ដែល​នីកូដេម​នាំ​មក​ដើម្បី​ចាក់​ប្រេង​លើ​ព្រះ​សព​ព្រះអង្គ​សង្គ្រោះ គឺ​ស្រដៀង​គ្នា​នឹង​វត្ថុ​ដែល​ប្រើ​ក្នុង​ការ​បញ្ចុះ​សព​រាជវង្ស​ដែរ ។

រូបភាព
រូបកាយ​របស់​ព្រះគ្រីស្ទ​ត្រូវបាន​ដាក់​នៅក្នុង​ផ្នូរ

ស្ត្រី​ទាំង​នោះ​បាន​រៀបចំ​គ្រឿង​ទេស និង​គ្រឿងក្រអូប​ដើម្បី​បង្ហើយ​ការ​រៀបចំ​ព្រះ​សព​ព្រះ​យេស៊ូវ ដោយសារ​ការបញ្ចុះ​ព្រះ​សព​ទ្រង់ត្រូវ​បាន​ធ្វើឡើង​យ៉ាង​ប្រញាប់​ប្រញាល់ ។

  • តើ​សកម្មភាព​របស់​បុគ្គល​ទាំងនេះ​បង្ហាញ​អ្វីខ្លះ​អំពី​អារម្មណ៍​របស់​ពួកគេ​ចំពោះ​ព្រះអង្គ​សង្គ្រោះ ?

ការបង្ហាញ​សេចក្ដី​ស្រឡាញ់​របស់អ្នក​ចំពោះ​ព្រះអង្គ​សង្គ្រោះ​របស់អ្នក

ទោះបីជា​ព្រះអង្គ​សង្គ្រោះ​មិន​មាន​វត្តមាន​ជាមួយយើង​ខាង​សាច់ឈាម​ក៏ដោយ ក៏​យើងនៅ​តែ​អាច​ស្វែងរក​វិធី​ដើម្បី​បង្ហាញ​សេចក្ដី​ស្រឡាញ់​របស់យើង​ចំពោះទ្រង់​បាន​ដែរ ។

២. សូម​បំពេញ​ឃ្លា​ខាងក្រោម​នេះ​នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​របស់​អ្នក ៖

សូម​សរសេរ ឬ​គូររឿង​មួយ ឬ​ច្រើន​ដែល​អ្នក​មាន​អារម្មណ៍​ថា​អ្នក​គួរ​ធ្វើ ដើម្បី​គោរព​ប្រតិបត្តិ និង​បង្ហាញ​សេចក្ដី​ស្រឡាញ់​ចំពោះ​ព្រះអង្គ​សង្គ្រោះ ។ ដូច​ដែល​បាន​ធ្វើ​សម្រាប់​យ៉ូសែប នៅ​ភូមិ​អើរីម៉ាថេ នីកូដេម និង​ម៉ារា ជា​អ្នក​ស្រុក​ម៉ាក់ដាឡា និង​ស្ត្រី​ឯ​ទៀត​នេះ​ដែរ ការណ៍​នេះ​ប្រហែល​ជា​តម្រូវ​ឲ្យ​មាន​ការ​លះបង់ ។

ជម្រើស ៖ តើ​ចង់​រៀនសូត្រ​បន្ថែម​ទៀត​ដែរ​ឬ​ទេ ?

តើ​ព្រះអង្គ​សង្គ្រោះ​បាន​ធ្វើ​អ្វីខ្លះ​សម្រាប់​ខ្ញុំ ?

ប្រធាន ដាល្លិនអេក អូក នៃ​គណៈ​ប្រធាន​ទីមួយ បាន​សង្ខេប​នូវ​អ្វី​ដែល​ព្រះអង្គ​សង្គ្រោះ​បាន​ធ្វើ​សម្រាប់​យើង​ម្នាក់ៗ ៖

រូបភាព
ប្រធាន ដាល្លិន អេក អូក

នៅ​ក្រោម​ផែនការ​នៃ​ព្រះវបិតា​សួគ៌​របស់​យើង ទ្រង់ « បាន​បង្កើត​ផ្ទៃ​មេឃ និង​ផែនដី » ( គោលទ្ធិ និង​ សេចក្តី​សញ្ញា ១៤:៩ ) ដើម្បី​ឲ្យ​យើង​ម្នាក់ៗ​អាច​ដកពិសោធន៍​ក្នុងជីវិត​រមែង​ស្លាប់​នេះ ដែល​ចាំបាច់​ដើម្បី​ស្វែងរក​ជោគ​វាសនា​ទេវភាព​របស់​យើង ។ ដោយជា​ផ្នែក​មួយ​នៃ​ផែនការ​របស់​ព្រះវរបិតា នោះ​ដំណើរ​រស់​ឡើង​វិញ​របស់​ព្រះយេស៊ូវ​គ្រីស្ទ​បាន​យក​ឈ្នះ​សេចក្តី​ស្លាប់​ដើម្បី​ធានា​ឲ្យ​យើង​ម្នាក់ៗ​ទទួល​បាន​នូវ​អតមភាព ។ ពលិកម្ម​ដ៏​ធួន​របស់​ព្រះយេស៊ូវ​គ្រីស្ទ​ផ្តល់​ឲ្យ​យើង​ម្នាក់ៗ​នូវ​ឱកាស​ដើម្បី​ប្រែចិត្ត​ពី​អំពើ​បាប​របស់​យើង ហើយ​ត្រឡប់​ទៅ​ផ្ទះ​សួគ៌ា​របស់​យើង​វិញ​ដោយ​ស្អាតស្អំ ។ បទបញ្ញត្តិ និង​សេចក្តី​សញ្ញា​របស់​ទ្រង់​បង្ហាញ​ផ្លូវ​ដល់​យើង ហើយ​បព្វជិតភាព​របស់​ទ្រង់​ផ្តល់​សិទ្ធិ​អំណាច​ដើម្បី​ធ្វើ​ពិធីបរិសុទ្ធ​ទាំង​ឡាយ​ដែល​ចាំបាច់​ដើម្បី​ឈាន​ដល់​ជោគវាសនា​នោះ ។ ហើយ​ព្រះអង្គ​សង្គ្រោះ​របស់​យើង​បាន​ស្ម័គ្រ​ព្រះទ័យ​មក​ដកពិសោធន៍​រាល់​ការឈឺចាប់ និង​ទុក្ខព្រួយ​ក្នុង​ជីវិត​រមែង​ស្លាប់​ទាំងអស់ ដើម្បី​ទ្រង់​អាច​ដឹង​ពី​របៀប​ពង្រឹង​យើង កាល​ដែល​យើង​មាន​ទុក្ខលំបាក ។

( ដាល្លិន អេក អូក « តើ​ព្រះអង្គ​សង្គ្រោះ​របស់​យើង​បាន​ធ្វើ​អ្វីខ្លះ​សម្រាប់​យើង ? » លីអាហូណា ខែ ឧសភា ឆ្នាំ ២០២១ ទំព័រ ៧៧ )

តើ​មាន​របៀប​អ្វីខ្លះ​ដែល​ខ្ញុំ​អាច​បង្ហាញ​សេចក្ដី​ស្រឡាញ់​របស់​ខ្ញុំ​ចំពោះ​ព្រះអង្គ​សង្គ្រោះ​បាន ?

ស៊ីស្ទើរ ប៊េគី ក្រេវិន ក្នុង​គណៈប្រធាន​យុវនារី​ទូទៅ​បានថ្លែង ៖

រូបភាព
ស៊ីស្ទើរ រេបិកា អិល ក្រេវិន

បើ​យើង​ស្រឡាញ់​ទ្រង់​ដូច​ដែល​យើង​អះ​អាង តើ​យើង​មិន​អាច​បង្ហាញ​សេចក្ដី​ស្រឡាញ់​នោះ​ដោយ​ចេះ​ប្រុង​ប្រយ័ត្ន​បន្ថែម​ទៀត​ក្នុង​ការរស់នៅ​តាម​ព្រះ​បញ្ញត្តិ​របស់​ទ្រង់​ទេ​ឬ​អី ?

ការប្រុង​ប្រយ័ត្ន​ក្នុង​ការ​រស់​នៅ​តាម​ដំណឹង​ល្អ​មិន​ចាំ​បាច់​មាន​ន័យ​ថា​ជា​រឿង​ផ្លូវការ ឬ​តឹងរឹង​ទេ ។ វា​មាន​ន័យ​ថា វា​សម​ស្រប​នៅ​ក្នុង​គំនិត និង​អាកប្បកិរិយា​របស់​យើង​ក្នុង​នាម​ជា​សិស្ស​របស់​ព្រះ​យេស៊ូវ​គ្រីស្ទ ។ នៅ​ពេល​យើង​ពិចារណា​ពី​ភាព​ខុស​គ្នា​រវាង​ការប្រុងប្រយ័ត្ន និង​ការ​មិន​យក​ចិត្ត​ទុកដាក់​នៅក្នុង​ការរស់​នៅ​តាម​ដំណឹង​ល្អ​របស់​យើង នេះ​ជា​គំនិត​មួយ​ចំនួន​ដែល​ត្រូវ​ពិចារណា ៖

តើ​យើង​ប្រុងប្រយ័ត្ន​ក្នុង​ការថ្វាយបង្គំ​នៅ​ថ្ងៃ​ឈប់​សម្រាក​របស់​យើង និង​ក្នុង​ការរៀបចំ​ខ្លួន​យើង​ដើម្បី​ទទួល​ទាន​សាក្រាម៉ង់​រាល់​សប្ដាហ៍​ដែរ​ឬ​ទេ ?

តើ​យើង​អាច​ប្រុង​ប្រយ័ត្ន​ជាង​មុនក្នុង​ការអធិស្ឋាន និង​ការសិក្សា​ព្រះគម្ពីរ​របស់​យើង ឬ​ចូល​រួមកាន់តែ​សកម្ម​ក្នុង​ការ​សិក្សា​សៀវភៅ ចូរ​មក​តាម​ខ្ញុំ​—​សម្រាប់​បុគ្គល​ម្នាក់ៗ និង​ក្រុម​គ្រួសារដែរ​ឬ​ទេ ?

តើ​យើង​ប្រុងប្រយ័ត្ន​ក្នុង​ការថ្វាយបង្គំ​ក្នុង​ព្រះវិហារ​បរិសុទ្ធ​របស់​យើង ហើយ​ខិតខំ​រស់នៅ​ដោយ​ប្រុង​ប្រយ័ត្ន និង​ដោយ​ចេតនា​ធ្វើតាម​តាម​សេចក្ដីសញ្ញា​ដែល​យើង​បាន​ធ្វើ​នៅ​ពិធីបុណ្យ​ជ្រមុជ​ទឹក​ផង និង​ក្នុង​ព្រះ​វិហារ​បរិសុទ្ធ​ផង​ឬទេ ? តើ​យើង​ប្រុង​ប្រយ័ត្ន​ក្នុង​ការ​តុប​តែង​ខ្លួន និង​ការ​ស្លៀកពាក់​របស់​យើង ជា​ពិសេស​នៅ​ក្នុង​កន្លែង និង​ស្ថានភាព​ពិសិដ្ឋ​ដែរឬ​ទេ ? តើ​យើង​ប្រុង​ប្រយ័ត្ន​ក្នុង​របៀប​ដែល​យើង​ស្លៀក​សម្លៀកបំពាក់​ព្រះវិហារ​បរិសុទ្ធ​ដ៏​ពិសិដ្ឋ​ដែរ​ឬទេ ? ឬ​ក៏​ម៉ូដ​សម្លៀក​បំពាក់​របស់​ពិភព​លោក​បាន​កំណត់​អាកប្បកិរិយា មិន​យក​ចិត្ត​ទុក​ដាក់​ច្រើន​ជាងមុន​ហើយ ?

តើ​យើង​ប្រុងប្រយ័ត្ន​ក្នុង​របៀប​ដែល​យើង​បម្រើ​ដល់​អ្នកដទៃ និង​របៀប​ដែល​យើង​បំពេញ​ការហៅ​របស់​យើង​នៅ​ក្នុង​សាសនាចក្រ​ទេ ឬ​តើ​យើង​ព្រងើយ​កន្ដើយ ឬ​មិន​យក​ចិត្ត​ទុកដាក់​ក្នុង​ការហៅ​បម្រើ​យើង​ដែរ​ឬទេ ?

តើ​យើង​ប្រុងប្រយ័ត្ន ឬ​មិន​យក​ចិត្ត​ទុក​ដាក់​នឹង​អ្វី​ដែល​យើង​បាន​អាន និង​មើល​នៅលើ​ទូរទស្សន៍ និង​ឧបករណ៍​ចល័ត​របស់​យើង​ដែរ​ឬទេ ? តើ​យើង​ប្រុងប្រយ័ត្ន​ក្នុង​ពាក្យ​សម្ដី​របស់​យើង​ដែរ​ឬទេ ? ឬតើ​យើង​ឱបក្រសោប​ពាក្យ​គ្រោតគ្រាត ជេរប្រមាថ​ដែរ​ឬទេ ?

សៀវភៅ ដើម្បី​កម្លាំងនៃយុវវ័យ​ មាន​នូវ​បទដ្ឋាន​ទាំងឡាយ ដែល​នៅពេល​អនុវត្ត​តាម​ដោយ​ប្រុងប្រយ័ត្ន វា​នឹង​នាំ​ពរជ័យ​យ៉ាង​បរិបូរណ៍ ហើយ​ជួយ​យើង​ឲ្យ​ស្ថិត​នៅលើ​ផ្លូវ​នៃ​សេចក្ដី​សញ្ញា ។

( ប៊េគី ក្រេវិន « Careful versus Casual » Liahona ខែ ឧសភា ឆ្នាំ​២០១៩ ទំព័រ ១០ )