ថ្នាក់​សិក្ខាសាលា
យ៉ូហាន ១៨:៣៣–៤០; លូកា ២៣:៨–១១


យ៉ូហាន ១៨:៣៣–៤០; លូកា ២៣:៨–១១

ព្រះយេស៊ូវ​ត្រូវបានកាត់ទោស ហើយ​វាយនឹង​រំពាត់

រូបភាព
Ecce Homo ( ព្រះយេស៊ូវ​គ្រីស្ទ​ដែល​ត្រូវ​គេ​ធ្វើ​ទុក្ខទោស ) ដោយ អាន់ថូញូ ស៊ីស៊ើរី

បន្ទាប់​ពី​ព្រះយេស៊ូវ​ត្រូវ​បាន​គេ​ចាប់​ព្រះកាយ ហើយ​កាត់ទោស​ដោយ​មិនត្រឹមត្រូវ​នៅ​ចំពោះ​មុខ​ពួក​មេដឹកនាំ​របស់​សាសន៍​យូដា​មក នោះ​ទ្រង់​ត្រូវ​បាន​បញ្ជូន​ទៅ​កាត់​ទោស​នៅ​ចំពោះ​មុខ​លោក​ពីឡាត់ ដែល​មាន​អំណាច​កាត់​សេចក្ដី​របស់​រ៉ូម ។ ព្រះអង្គសង្រ្គោះ​បាន​បញ្ជូន​ទៅកាន់​ពួករ៉ូម​យ៉ាង​ទន់ទាប ហើយ​ត្រូវបាន​វាយនឹងរំពាត់ និង​កាត់ទោស​ប្រហារជីវិត​យ៉ាងឈឺចាប់ ។ មេរៀននេះ​មាន​គោលបំណង​ចង់​ជួយ​អ្នក​ឲ្យ​ស្វែងយល់​បន្ថែម​ទៀត​អំពី​សេចក្តី​ស្រឡាញ់​របស់​ព្រះអង្គ​សង្គ្រោះ​ចំពោះ​មនុស្ស​ទាំងអស់ និង​បុគ្គលិក​លក្ខណៈ​ដ៏​ល្អ​ឥតខ្ចោះ​របស់ទ្រង់ និង​ពី​របៀប​ដែល​អ្នក​អាច​ធ្វើតាម​គំរូ​របស់​ទ្រង់ឲ្យ​បាន​កាន់តែ​ប្រសើរ​ឡើង ។

អារម្មណ៍​ដែល​ត្រូវគេ​ធ្វើបាប

  • តើ​ស្ថានភាព​ទូទៅ​អ្វីខ្លះ​ដែល​ក្មេងជំទង់​ម្នាក់​អាចត្រូវ​គេ​ចំអក ចោទប្រកាន់​ដោយ​មិន​ត្រឹមត្រូវ ឬ​ធ្វើបាប​នោះ ?

  • តើ​មាន​វិធីអ្វី​ខ្លះ​ដែល​ក្មេង​ជំទង់​ធម្មតា​ម្នាក់​អាច​ឆ្លើយតប​ទៅនឹង​ការប្រព្រឹត្ត​បែប​នេះ​បាន ?

ព្រះអម្ចាស់​អាច​គង់​នៅ​ជាមួយ​យើង ហើយ​ជួយ​យើង​ឲ្យ​រីកចម្រើន​ពី​បទពិសោធន៍​ដ៏​លំបាកៗ​បាន ។ ទ្រង់​អាច​ជួយ​យើង​ឲ្យ​ឆ្លើយ​តប​នឹង​ការ​លំបាក និង​ការ​ប្រឆាំង​តាម​របៀប​ដូចជា​ព្រះគ្រីស្ទ ។ សូម​គិត​អំពី​បទពិសោធន៍​ផ្ទាល់ខ្លួន​របស់​អ្នក​អំពី​ការចំអក ការចោទប្រកាន់​ដោយ​មិនត្រឹមត្រូវ ឬ​ការធ្វើបាប រួមទាំង​របៀប​ដែលអ្នក​បាន​ឆ្លើយតប និង​មូលហេតុ​ផងដែរ ។

កាល​ដែល​ព្រះ​យេស៊ូវ​គ្រីស្ទ​ឈាន​ចូលជិត​ដល់​ព្រឹត្តិការណ៍​ចុងក្រោយ​នៃ​ព្រះជន្ម​របស់​ទ្រង់ ទ្រង់​ត្រូវ​បាន​គេ​ចំអក ចោទប្រកាន់​ដោយ​មិនត្រឹមត្រូវ និង​ត្រូវ​បាន​គេ​ធ្វើ​បាប ។ កាល​អ្នក​សិក្សា​ព្រឹត្តិការណ៍​ចុងក្រោយ​នៃ​ព្រះជន្ម​របស់​ព្រះអង្គ​សង្គ្រោះ​ទាំងនេះ សូម​រកមើល​បុគ្គលិកលក្ខណៈ​ដែល​ជួយ​ទ្រង់​ឲ្យ​ស៊ូទ្រាំ​ដោយ​ស្មោះត្រង់ ដើម្បី​បំពេញ​បេសកកម្ម​របស់​ទ្រង់ ។ សូម​ពិចារណា​ដោយ​ការអធិស្ឋាន​អំពី​របៀប​ដែល​អ្នក​អាច​ធ្វើតាម​គំរូរបស់​ទ្រង់​ផងដែរ ។

ព្រះយេស៊ូវ​ត្រូវ​បាន​កាត់ទោស ហើយ​ថ្កោលទោស​ប្រហារជីវិត​ដោយ​អយុត្តិធម៌

បន្ទាប់ពី​ព្រះយេស៊ូវ​បាន​រងទុក្ខ​នៅក្នុង​សួនច្បារ​គែត​សេម៉ានី​មក នោះ​ទ្រង់​ត្រូវ​បានគេ​ចាប់ព្រះកាយ ហើយ​ពួកមេដឹកនាំ​សាសន៍​យូដា ( ពួក​សានហេឌ្រីន ) បានកាត់ទោស​ទ្រង់ និង​ថ្កោលទោស​ប្រហារជីវិត​ទ្រង់​ដោយ​អយុត្តិធម៌ ។ យ៉ាង​ណា​មិញ ដោយសារ​អ៊ីស្រាអែល​ស្ថិត​នៅ​ក្រោម​ការគ្រប់​គ្រង​របស់​រ៉ូម នោះ​មាន​តែ​ពួករ៉ូម​ប៉ុណ្ណោះ​ទើប​អាច​អនុញ្ញាត​ឲ្យ​ធ្វើ​ការប្រហារជីវិត​បាន ។ ហេតុ​នេះ​ហើយ បាន​ជា​ពួក​យូដា​បាន​បញ្ជូន​ព្រះយេស៊ូវ​ទៅ​លោក​ពីឡាត់ ជា​មេ​ដឹកនាំ​រ៉ូម​នៅ​ស្រុក​យូដា ដោយ​ចោទ​ប្រកាន់​ទ្រង់​ពី​បទ​បះ​បោរ​ប្រឆាំង​នឹង​រដ្ឋាភិបាល​រ៉ូម​ដែល​បាន​អះអាង​ថា​ជា « ស្តេច​របស់​សាសន៍​យូដា » ( សូមមើល ម៉ាកុស ១៥:២ ) ។ លោកពីឡាត់​បាន​បញ្ជូន​ព្រះយេស៊ូវ​ទៅ​ហេរ៉ូឌ អាន់ទីប៉ាស ដែល​គង់នៅ​ក្រុង​យេរូសាឡិម​ដើម្បី​ធ្វើ​ពិធី​បុណ្យរំលង ដោយ​សង្ឃឹម​ថា​ស្ដេច​ហេរ៉ូឌ​នឹង​កាត់ទោស​ព្រះអង្គ​នៅ​ស្រុក​កាលីឡេ ប៉ុន្តែ​ស្ដេចហេរ៉ូឌ​បានបញ្ជូន​ព្រះយេស៊ូវ​ត្រឡប់មក​លោក​ពីឡាត់​វិញ ។

សូម​អាន​ដំណើររឿង​ពីរ ឬ​ច្រើន​ខាងក្រោម​នេះ ដែល​រៀបរាប់​ឡើងវិញ​អំពី​របៀប​ដែល​ព្រះយេស៊ូវ​ត្រូវបាន​ចោទប្រកាន់ និង​ថ្កោលទោស​ដោយ​អយុត្តិធម៌​នៅទីបំផុត ។ ពេល​អ្នក​អាន សូម​រកមើល​របៀប​ដែល​ព្រះយេស៊ូវ​បាន​ឆ្លើយតប​ក្នុង​ស្ថានភាព​នីមួយៗ​ទាំងនេះ ។ សូម​ចងចាំ​ថា ទ្រង់​មាន​ព្រះ​ចេស្តា​ដើម្បី​រំដោះ​ព្រះកាយ​ទ្រង់​ចេញពី​ស្ថានភាព​ទាំងនេះ​បាន ( សូមមើល ម៉ាថាយ ២៦:៥២–៥៤ ) ។

  1. ពួក​សានហេឌ្រីន​បាន​សួរ​ចម្លើយ​ព្រះយេស៊ូវ ។ សូម​អាន ម៉ាថាយ ២៦:៥៧–៦៨ ឬ​មើល​វីដេអូ « Jesus Is Tried by Caiaphas, Peter Denies Knowing Him » ចាប់​ពី​លេខ​កូដ​ម៉ោង ០:០០ ដល់ ១:៣៩ ។ វីដេអូ​នេះ​មាន​នៅគេហទំព័រ ChurchofJesusChrist.org ។

  2. លោក​ពីឡាត់​បាន​សួរចម្លើយ​ព្រះយេស៊ូវ ។ សូម​អាន យ៉ូហាន ១៨:៣៣–៤០ ឬ​មើល​វីដេអូ « Jesus Is Condemned Before Pilate » ( ៣:១៩ ) ដែល​មាន​នៅលើ​គេហទំព័រ ChurchofJesusChrist.org សម្រាប់​ការបង្ហាញ​មួយ​អំពី​ការកាត់​ក្តី​នៅ​ចំពោះ​មុខ​លោក​ពីឡាត់ ។

  3. ព្រះយេស៊ូវ​គង់​នៅ​ចំពោះ​ស្តេច​ហេរ៉ូឌ ។ សូម​អាន លូកា ២៣:៨–១១ ។

  4. ព្រះយេស៊ូវ​ត្រូវ​ទាហាន​រ៉ូម​វាយនឹងរំពាត់ ហើយ​ក្រោយមក​លោក​ពីឡាត់​បានសួរ​ចម្លើយ​ជាលើក​ទីពីរ ។ សូម​អាន យ៉ូហាន ១៩:១–១៦ ឬ​មើល​វីដេអូ « Jesus Is Scourged and Crucified » ចាប់ពី​លេខ​កូដ​ម៉ោង ០:០០ ដល់ ២:០៣ ដែល​មាន​នៅលើ​គេហទំព័រ ChurchofJesusChrist.org ។ វា​អាច​មាន​ប្រយោជន៍​ក្នុងការ​ដឹងថា រំពាត់​គឺជា​ខ្សែដែល​ជារឿយៗ​មាន​របស់​មុតស្រួច ( ដូចជា​បំណែក​ដុំថ្ម ដែក ឬ​ឆ្អឹង ) ដែល​ត្បាញចូល​ទៅក្នុង​ខ្សែ​ជាច្រើន ។ មនុស្ស​ជាច្រើន​មិន​អាច​ទ្រាំទ្រ​នឹង​ការវាយដំ​ឡើយ ដោយសារ​មាន​របួស​លើ​រូបកាយ​ជាច្រើន​ដែល​បាន​បណ្តាល​មកពី​ការវាយ​ដំ​នេះ ។

១. សូម​ឆ្លើយ​សំណួរ​ខាងក្រោម​នេះ​នៅ​ក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​របស់​អ្នក ៖

  • តើ​ព្រះអង្គសង្រ្គោះ​បាន​ឆ្លើយតប​នៅ​ក្នុង​ស្ថានភាព​ទាំង​នេះ​ដោយ​របៀបណា ?

  • ហេតុអ្វី​បាន​ជា​អ្នក​គិត​ថា​ព្រះអង្គ​សង្គ្រោះ​អាច​ឆ្លើយ​តប​បែប​នោះ ?

បុគ្គលិកលក្ខណៈ​របស់​ព្រះយេស៊ូវ​គ្រីស្ទ

សូម​អាន នីហ្វៃទី១ ១៩:៩ និង​សេចក្តី​ថ្លែងការណ៍​ខាងក្រោម​នេះ ដោយ​រកមើល​ការយល់ដឹង​អំពី​បុគ្គលិក​លក្ខណៈ​របស់​ព្រះអង្គ​សង្រ្គោះ ។

អែលឌើរ រ៉ូបឺតឌី ហែល ( ឆ្នាំ ១៩៣២–២០១៧ ) នៃ​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរនាក់​បាន​ចែកចាយ​ដូចតទៅ​នេះ ៖

រូបភាព
អែលឌើរ រ៉ូបឺត ឌី ហែល

ការឆ្លើយតប​តាម​របៀប​ដូចជា​ព្រះគ្រីស្ទ​គឺ​ពុំ​អាច​សរសេរ​ទុកជាមុន ឬ​ផ្អែក​ទៅលើ​រូបមន្ដ​មួយ​នោះទេ ។ ព្រះអង្គ​សង្គ្រោះ​បាន​ឆ្លើយតប​ផ្សេងៗគ្នា​នៅ​គ្រប់​ស្ថានភាព​ទាំងអស់ ។ នៅពេលទ្រង់​ត្រូវ​ប្រឈម​នឹង​ស្ដេច​ហេរ៉ូឌ​ដ៏ទុច្ចរិត នោះ​ទ្រង់​នៅស្ងៀម ។ នៅពេល​ទ្រង់​គង់នៅចំពោះ​លោក​ពីឡាត់ ទ្រង់​បានថ្លែង​ទីបន្ទាល់​ដ៏​សាមញ្ញ និង​ពោរពេញ​ដោយ​ព្រះចេស្តា​អំពី​ទេវភាព និង​គោលបំណង​របស់ទ្រង់ ។ …

មនុស្សខ្លះ​គិត​ខុស​ថា ការឆ្លើយតប​ដូចជា ការស្ងៀមស្ងាត់ ស្លូតបូត ការអភ័យទោស និង​ការថ្លែងទីបន្ទាល់​ដ៏​រាបសា​គឺ​មិនសកម្ម ឬ​ទន់ខ្សោយ ។ ប៉ុន្តែ​ត្រូវ « ស្រឡាញ់​ពួកខ្មាំង​សត្រូវ [ យើង ] ត្រូវ​ឲ្យ​ពរ​ដល់​អ្នក​ណា​ដែល​ប្រទេចផ្តាសា [ យើង ] ត្រូវ​ប្រព្រឹត្ត​ល្អ​នឹង​អ្នកណា​ដែល​ស្អប់ [ យើង ] ហើយ​ត្រូវ​អធិស្ឋាន​ឲ្យ​អ្នក​ណា​ដែល​ធ្វើទុក្ខ [ យើង ] បៀតបៀន​ដល់ [ យើង ] » ( ម៉ាថាយ ៥:៤៤ ) ត្រូវ​មាន​សេចក្តីជំនឿ កម្លាំង និង​អ្វី​ដែល​សំខាន់​បំផុត គឺ​សេចក្តី​ក្លាហាន​របស់​គ្រិស្ដសាសនិក ។

( រ៉ូបឺត ឌី ហែល « Christian Courage: The Price of Discipleship » Liahona ខែ វិច្ឆិកា ឆ្នាំ ២០០៨ ទំព័រ ៧២ )

អែលឌើរ ដេវីឌ អេ បែដណា ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់​បាន​បង្រៀន ៖

រូបភាព
អែលឌើរ ដេវីឌ អេ បែដណា

សូម​ពិចារណា​ផងដែរ​អំពី​របៀប​ដែល​លោក​ចៅហ្វាយ​ត្រូវ​បាន​ចោទប្រកាន់ និង​ថ្កោលទោស​ចំពោះ​មុខ​លោក​ពីឡាត់​ដើម្បី​យកទៅ​ឆ្កាង [ សូមមើល ម៉ាថាយ ២៧:២, ១១–២៦ ] ។ … ភាព​ស្លូតបូត​របស់​ព្រះអង្គសង្គ្រោះ​ត្រូវបាន​បង្ហាញ​ឡើង​នៅក្នុង​ការឆ្លើយ​តប​ដ៏មាន​វិន័យ​របស់​ទ្រង់ ការគ្រប់គ្រង​ខ្លួន​ឯង​ដ៏​រឹងប៉ឹង និង​ការគ្មាន​ព្រះទ័យ​ប្រើប្រាស់​ព្រះចេស្តា​ដែល​គ្មាន​ព្រំដែន​របស់​ទ្រង់​សម្រាប់​ជា​ប្រយោជន៍​ផ្ទាល់​ខ្លួន​ព្រះអង្គ​ឡើយ ។

( ដេវីឌ អេ បែដណា « Meek and Lowly of Heart » Liahona ខែ ឧសភា ឆ្នាំ ២០១៨ ទំព័រ ៣៣ )

២. សូម​ឆ្លើយ​សំណួរ​ខាងក្រោម​នេះ​នៅ​ក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​របស់​អ្នក ៖

  • តើ​អ្នក​រៀន​អ្វីខ្លះ​អំពី​ព្រះអង្គ​សង្គ្រោះ​មកពី​របៀប​ដែល​ទ្រង់​បាន​ឆ្លើយតប​នៅ​អំឡុង​កាលៈទេសៈ​ដ៏​លំបាក​ទាំងនេះ ?

  • តើ​ទង្វើ​របស់​ព្រះ​អង្គសង្រ្គោះ​បង្ហាញ « សេចក្ដី​មេត្តាករុណា … ចំពោះ​កូន​ចៅ » ដោយ​របៀប​ណា ? (នីហ្វៃទី១ ១៩:៩ ) ។

  • តើ​ការ​ដឹង​ថា ព្រះយេស៊ូវ​គ្រីស្ទ​មាន​បុគ្គលិក​លក្ខណៈ​ទាំងនេះ​ជួយ​អ្នក​ឲ្យ​ស្រឡាញ់ និង​ទុកចិត្ត​លើ​ទ្រង់​បន្ថែមទៀត​ដោយ​របៀប​ណា ?

វា​មាន​សារៈសំខាន់​ដើម្បី​កត់សម្គាល់​ថា នៅ​ឱកាស​ជាច្រើន ព្រះអង្គ​សង្គ្រោះ​ឲ្យ​អ្នកដទៃ​ទទួលខុសត្រូវ​ចំពោះ​ទង្វើ​របស់​ពួកគេ​យ៉ាង​អង់អាច ( សូមមើល ម៉ាកុស ១១:១៥–១៧, យ៉ូហាន ២:១៣–១៦, គោលលទ្ធិ និង សេចក្តី​សញ្ញា ១៣៣:៤៨–៥១ ) ។ ក្នុងនាម​ជា​អ្នក​ដើរតាម​ព្រះយេស៊ូវ​គ្រីស្ទ យើង​ចង់​ឆ្លើយតប​ចំពោះ​ការចំអក ការចោទប្រកាន់​មិន​ត្រឹមត្រូវ ឬ​ការធ្វើបាប​ដោយ​សេចក្តីស្រឡាញ់ ក្លាហាន និង​សុភាពរាបសា ។ ទោះជា​យ៉ាងណា​ក៏​ដោយ ការណ៍​នេះ​មិនមាន​ន័យថា​យើង​គួរតែ​បណ្តោយ​ឲ្យ​អ្នក​ដទៃ​រំលោភបំពាន ឬ​ធ្វើ​ឲ្យ​យើង​គ្រោះថ្នាក់​ឡើយ ។ « ព្រះអម្ចាស់​ថ្កោលទោស​ចំពោះ​អាកប្បកិរិយា​រំលោភ​បំពាន​នៅគ្រប់​ទម្រង់​ទាំងអស់—រួម​ទាំង​ការធ្វេសប្រហែស និង​ការរំលោភ​បំពាន​ទាំង​ផ្លូវកាយ ផ្លូវភេទ ឬ​ពាក្យសម្ដី » ( លិខិត​របស់​គណៈប្រធាន​ទីមួយ « Preventing and Responding to Abuse » ថ្ងៃទី ២៦ ខែ មីនា ឆ្នាំ ២០១៨ ) ។ ប្រសិនបើ​យើង​ទទួលរង​ការរំលោភ​បំពាន នោះ​វាជា​ការសំខាន់​ដើម្បី​ស្វែងរក​ជំនួយ​ពី​មជ្ឈិមវ័យ​ដែល​យើង​ទុកចិត្ត​ភ្លាម ៗ ។

៣. សូម​បំពេញ​សកម្មភាព​មួយ​ដូច​ខាង​ក្រោម​នេះ​នៅក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​របស់​អ្នក ៖

  1. សូម​គិតពី​គ្រា​ដែល​អ្នក​មាន​អារម្មណ៍​ថា​គេ​ចំអក ចោទប្រកាន់​មិន​ត្រឹមត្រូវ ឬ​ធ្វើបាប ។ សូម​ស្វែងរក​ជំនួយ​របស់​ព្រះវរបិតា​សួគ៌​តាមរយៈ​ព្រះវិញ្ញាណ​បរិសុទ្ធ​ដើម្បី​ដឹង​ពី​របៀប​ត្រឹមត្រូវ​ដូចជា​ព្រះគ្រីស្ទ ដែល​យើង​អាច​ឆ្លើយតប​ចំពោះ​ស្ថានភាព​នេះ​បាន ។ សូម​សរសេរ​អ្វី​ដែល​អ្នក​បាន​ធ្វើល្អ និង​របៀប​ដែល​អ្នក​អាចចង់​អភិវឌ្ឍ​ខ្លួន​របស់​យើង ។

  2. សូម​សរសេរ​ឧទាហរណ៍ ឬ​កាលៈទេសៈ​ចំនួនពីរ​ដែល​ការចងចាំ​ដល់​បុគ្គលិក​លក្ខណៈ​ដូចជា​ព្រះគ្រីស្ទ​បាន​ជួយ ឬ​អាច​ជួយ​ដល់​អ្នក ។ តើ​ជីវិត​របស់​អ្នក​នឹង​ខុសប្លែក​យ៉ាង​ដូចម្ដេច បើ​អ្នក​ខិតខំ​យ៉ាង​ខ្ជាប់ខ្ជួន​ដើម្បី​អភិវឌ្ឍ​បុគ្គលិក​លក្ខណៈ​ដូចជា​ព្រះគ្រីស្ទ​នោះ ?

  3. សូម​ជ្រើសរើស​បុគ្គលិក​លក្ខណៈ​ដូចជា​ព្រះគ្រីស្ទ​មួយ​ដែល​អ្នក​ចង់​អភិវឌ្ឍ​ឲ្យបាន​កាន់តែ​ពេញលេញ ។ សូម​គិតពី​គ្រា​នៅ​សម័យ​របស់​អ្នក នៅពេល​ដែល​អ្នក​អាច​អនុវត្ត​ការប្រើប្រាស់​បុគ្គលិក​លក្ខណៈ​នេះ​បាន ។

ជម្រើស ៖ តើ​ចង់​រៀនសូត្រ​បន្ថែម​ទៀត​ដែរ​ឬ​ទេ ?

យ៉ូហាន ១៨:៣៦ ។ តើ​នគរ​អ្វី​ដែល​ព្រះ​យេស៊ូវ​មាន​ព្រះបន្ទូល​អំពី ?

អែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន បាន​បង្រៀន ៖

រូបភាព
អែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន

នៅពេល ដានីយ៉ែល បាន​បកស្រាយ​សុបិន​ស្ដេច​ក្រុង​បាប៊ីឡូន​ព្រះនាម​នេប៊ូក្នេសា ដោយ​បាន​ទូល​ថ្វាយ​ដល់​ទ្រង់ « ពី​ការ​ដែល​ត្រូវ​កើត​មក​នៅ​ថ្ងៃ​ក្រោយ » [ ដានីយ៉ែល ២:២៨លោក​បាន​ប្រកាស​ថា « ព្រះ​នៃ​ស្ថានសួគ៌​ទ្រង់ [ នឹង ] តាំង​នគរ​មួយ​ឡើង ដែល​មិន​ត្រូវ​បំផ្លាញ​ឡើយ ហើយ​អំណាច​ហ្លួង​ក៏​មិន​ត្រូវ​ផ្ទេរ​ដល់​សាសន៍​ដទៃ​ណា​ដែរ គឺ​នឹង​បំបាក់​បំបែក ហើយ​លេប​បំបាត់​នគរ​ទាំង​នោះ​វិញនគរ [ ផ្សេងទៀត ] នឹង​ស្ថិតស្ថេរ​នៅ​អស់កល្ប​ជានិច្ច » [ ដានីយ៉ែល ២:៤៤ ] ។ សាសនាចក្រ​នេះ​ដែល​ជា​នគរ​នៅ​ថ្ងៃ​ចុងក្រោយ ដែល​បាន​ព្យាករ​ទុក​នោះ​ពុំ​បាន​បង្កើត​ឡើង​ដោយ​មនុស្ស​ទេ ប៉ុន្តែ​បាន​តាំង​ឡើង​ដោយ​ព្រះ​នៃ​ស្ថានសួគ៌ ហើយ​នឹង​រមៀល​ចេញ​ទៅ​ដូចជា​ថ្ម « ដែល​ដាប់​ផ្ដាច់​ចេញ​ពី​ភ្នំ​ឥត​ដៃ​ណា​ធ្វើ » ដើម្បី​មាន​ពាសពេញ​ផែនដី [ ដានីយ៉ែល ២:៤៥ សូមមើល​ផងដែរ ខទី ៣៥ ] ។

ជោគវាសនា​របស់​សាសនាចក្រ​នេះ​គឺ​ដើម្បី​ស្ថាបនា​ក្រុង​ស៊ីយ៉ូន​ក្នុង​ការ​ត្រៀមខ្លួន​ទទួល​ការ​យាង​ត្រឡប់​មក​វិញ និង​ការគ្រង​រាជ្យ​មួយ​ពាន់​ឆ្នាំ​របស់​ព្រះយេស៊ូវ​គ្រីស្ទ ។ ពីមុន​ថ្ងៃ​នោះមក​ដល់ វា​នឹង​គ្មាន​នគរ​មួយ ដែល​ស្ថិត​នៅក្នុង​ទិដ្ឋភាព​ណាមួយ​ខាង​នយោបាយ​ឡើយ—ដូចដែល​ព្រះអង្គ​សង្គ្រោះ​បាន​មាន​ព្រះបន្ទូល​ថា « នគរ​ខ្ញុំ​មិនមែន​ត្រូវ​ខាង​លោកីយ៍​នេះ ទេ » [ យ៉ូហាន ១៨:៣៦ បាន​បន្ថែម​ការបញ្ជាក់ ] ។ ផ្ទុយទៅវិញ វា​គឺជា​ឃ្លាំង​នៃ​សិទ្ធិអំណាច​របស់​ទ្រង់​នៅលើ​ផែនដី​ជាទី​ចាត់ចែង​សេចក្ដី​សញ្ញា​បរិសុទ្ធ​របស់​ទ្រង់ ជា​អ្នកមើលថែ​ព្រះវិហារ​បរិសុទ្ធ​របស់​ទ្រង់ ជា​អ្នកការពារ ហើយ​ប្រកាស​សេចក្ដីពិត​របស់​ទ្រង់ ជា​កន្លែង​ប្រមូលផ្ដុំ​អ៊ីស្រាអែល​ដែល​ខ្ចាត់ព្រាត់ ហើយ « ជា​ទី​ការពារ និង​…ជា​ទីជ្រកកោន​ពី​ព្យុះ​សង្ឃរា និង​ពី​សេចក្ដី​ក្រោធ​ដែល​ឥត​លាយ​ក្នុង​កាល​បាន​ចាក់​មកលើ​ផែនដី​ទាំងមូល » [ គោលលទ្ធិ និង សេចក្តី​សញ្ញា ១១៥:៦ ] ។

( ឌី ថត គ្រីស្តូហ្វឺសិន « Why the Church » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៥ ទំព័រ ១១១ )