ថ្នាក់​សិក្ខាសាលា
យ៉ាកុប ២


យ៉ាកុប ២

« សេចក្ដីជំនឿ បើ​គ្មាន​ការ​ប្រព្រឹត្ត​តាម​ទេ នោះ​ក៏​ស្លាប់ »

រូបភាព
យុវជន​កំពុង​ធ្វើ​គម្រោង​បម្រើ​នៅ​ប្រទេស​អូស្រ្ដាលី

តើ​អាច​មាន​ភាព​ខុស​គ្នា​រវាង​អ្នក​ដែល​និយាយ​ថា ពួកគេ​ជឿ​លើ​ព្រះយេស៊ូវគ្រីស្ទ និង​អ្នក​ដែល​អនុវត្ត​សេចក្តី​ជំនឿ​ទៅ​លើ​ព្រះយេស៊ូវគ្រីស្ទ​ដែរ​ឬ​ទេ ? យ៉ាកុប​បាន​ផ្ដល់​នូវ​ភាព​ខុស​គ្នា​ដ៏​សំខាន់​មួយ​ថា សេចក្ដី​ជំនឿ​ពិត​ទៅ​លើ​ព្រះយេស៊ូវគ្រីស្ទ​ត្រូវ​បាន​ឆ្លុះ​បញ្ចាំង មិន​ត្រឹម​តែ​នៅ​ក្នុង​អ្វី​ដែល​មនុស្ស​ម្នាក់​គិត ឬ​និយាយ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​នៅ​ក្នុង​អ្វី​ដែល​ពួកគេ​ធ្វើ​ដែរ ។ មេរៀន​នេះ​នឹង​អនុញ្ញាត​ឲ្យ​អ្នក​ពិនិត្យ​មើល​ពី​របៀប ដែល​អ្នក​អាច​អនុវត្ត​សេចក្តីជំនឿ​ទៅ​លើ​ព្រះយេស៊ូវគ្រីស្ទ​បាន​ពេញ​លេញ​ជាង​មុន តាមរយៈ​ទង្វើ​សុចរិត ។

ការ​ទទួល​បាន​ពរជ័យ—ដូច​ជា​ការបង្កាត់​ភ្លើង

តើ​អ្នក​កំពុង​ស្វែងរក​ពរជ័យ ឬ​ចម្លើយ​ចំពោះ​ការអធិស្ឋាន​មក​ពី​ព្រះវរបិតា​សួគ៌​ឬ ? វា​អាច​មាន​ប្រយោជន៍ ដើម្បី​ប្រៀបធៀប​ដំណើរការ​នៃ​ការស្វែងរក​ពរជ័យ​ទាំងនេះ ទៅ​នឹង​ការ​បង្កាត់​ភ្លើង​ដើម្បី​ទទួល​ពន្លឺ និង​កម្តៅពី​វា ។

  • តើ​អ្នក​នឹង​ធ្វើ​ជំហាន​អ្វី​ខ្លះ​ដើម្បី​បង្កាត់​ភ្លើង ?

  • តើ​សកម្មភាព​នៃ​ការគូស​ឈើ​គូស​មាន​សារៈ​សំខាន់​ប៉ុន​ណា ?

សូម​អាន​សេចក្តីថ្លែងការណ៍​ខាង​ក្រោម​ដោយ​អែលឌើរ ឌែល ជី រិនឡាន់ ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់​ពីរ​នាក់ ដើម្បី​រៀន​ពី​របៀប​ដែល​ការទទួល​ពរជ័យ​គឺ​ដូចជា​ការបង្កាត់​ភ្លើង ។ អ្នក​ក៏​អាច​មើល​វីដេអូ « Abound with Blessings » ដែល​មាន​នៅលើ​គេហទំព័រ ChurchofJesusChrist.org ចាប់ពី​នាទី​ទី ១:០២ ដល់ ៣:២៧ ។

រូបភាព
រូបថត​ផ្លវការ​ពាក់កណ្តាល​ខ្លួន​របស់​អែលឌើរ ឌែល ជី រិនឡាន់ ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ នា​ខែ មករា ឆ្នាំ ២០១៦ ។

ចូរ​យើង​ប្រដូច​ពរជ័យ​ពី​ស្ថានសួគ៌​ទៅ​នឹង​គំនរ​ឈើ​ដ៏​ធំ​មួយ ។… [ វា ] មាន​ចំនួន​ប្រេង​ដ៏​ច្រើន​មហិមា​ដែល​អាច​បង្កើត​ជា​ភ្លើង និង​កម្តៅ​បាន​រយៈពេល​ច្រើន​ថ្ងៃ ។ …

ដើម្បី​ឲ្យ​ភាយ​ថាមពល​កម្តៅ​ពី​គំនរ​ឧស​នោះ គេ​ត្រូវការ​គូស​ឈើ​គូស ហើយ​ដុត​កម្ទេច​ឧស​នោះ​ឲ្យ​ឆេះ​សិន ។ កម្ទេច​ឧស​នឹង​ឆេះ​ភ្លាម ហើយ​ធ្វើ​ឲ្យកំណាត់​ឈើ​ធំៗ​ឆេះ​ដែរ ។ …

ការគូស​ឈើ​គូស ហើយ​ដុត​កម្ទេច​ឧស​នោះ​គឺ​ជា​ទង្វើ​តូច​តាច ដែល​អាច​បង្កើត​ថាមពល​ប៉ូតង់ស្យែល​ឲ្យ​ឧស​នោះ​ឆេះ​ភាយ​ចេញ​មក​បាន ។ មិន​ថា​គំនរ​ឧស​នោះ​ធំ​ប៉ុណ្ណា​ឡើយ ប្រសិនបើ​ពុំ​មាន​គូស​ឈើ​គូស​ទេ នោះ​ភ្លើង​ពុំ​ឆេះ​ឡើយ ។ …

ស្រដៀង​គ្នា​នេះ​ដែរ ភាគច្រើន​ពរជ័យ​ដែល​ព្រះ​មាន​ព្រះទ័យ​ប្រទាន​ដល់​យើង តម្រូវ​ឲ្យ​មាន​សកម្មភាព​ពី​យើង—សកម្មភាព​នោះ​ផ្តោត​ទៅលើ​សេចក្តីជំនឿ​យើង​ទៅលើ​ព្រះយេស៊ូវគ្រីស្ទ ។… ជារឿយៗ សកម្មភាព​ដែល​តម្រូវ​ឲ្យ​មាន​គឺ​តូចតាច ពេល​ប្រៀបធៀប​ទៅនឹង​ពរជ័យ​ដែល​យើង​ទទួល​បាន​នៅ​ទី​បំផុត ។

( ឌែល ជី រិនឡាន់ « Abound with Blessings » EnsignLiahona ខែ ឧសភា ឆ្នាំ ២០១៩ ទំព័រ ៧០ )

  • តើ​អ្នក​ទទួល​បាន​ការយល់​ដឹង​អ្វី​ខ្លះ​ពី​ពាក្យ​ប្រដូច​របស់​អែលឌើរ រិនឡាន់ ?

  • តើ​អ្នក​គិត​ថា ការ​ធ្វើ​សកម្មភាព​ដោយ « ផ្ដោត​សេចក្ដី​ជំនឿ​របស់​យើង​ទៅ​លើ​ព្រះយេស៊ូវគ្រីស្ទ » មាន​ន័យ​ដូចម្ដេច ?

សូម​សញ្ជឹង​គិត​អំពី​សំណួរ​ខាងក្រោម​នេះ ៖

  • តើ​អ្នក​មាន​សេចក្ដីជំនឿ​លើ​ព្រះយេស៊ូវគ្រីស្ទ​តាម​វិធី​ណា​ខ្លះ ? តើ​សកម្មភាព​អ្វី​ខ្លះ​ដែល​អ្នក​នឹង​ធ្វើ​ដោយ​សារ​សេចក្ដីជំនឿ​នេះ ?

  • តើ​ចម្លើយ​និង​ពរជ័យ​អ្វី​ផ្សេង​ទៀត​ដែល​អ្នក​បាន​ទទួល​ពី​ព្រះ នៅពេល​អ្នក​បាន​អនុវត្ត​សេចក្ដីជំនឿ​ទៅ​លើ​ព្រះយេស៊ូវគ្រីស្ទ ? តើ​មាន​វិធី​បន្ថែម​ទៀត​ដែល​អ្នក​មាន​អារម្មណ៍​ថា ព្រះអម្ចាស់​មាន​ព្រះទ័យ​ឲ្យ​អ្នក​ធ្វើ​សកម្មភាព​ដោយ​សេចក្ដី​ជំនឿ​ដែរ​ឬ​ទេ ? ហេតុអ្វី ?

សូម​អធិស្ឋាន​ទូល​សុំ​ឲ្យ​ព្រះវរបិតា​សួគ៌​ដឹកនាំ​អ្នក នៅពេល​អ្នក​ស្វែងរក​ចម្លើយ​ចំពោះ​សំណួរ​ទាំងនេះ អំឡុង​ពេល​ការសិក្សា​របស់​អ្នក ។

សេចក្ដី​ជំនឿ​លើ​ព្រះយេស៊ូវគ្រីស្ទ

យ៉ាកុប​បាន​ប្រើ​ការ​ប្រៀបប្រដូច​មួយ​ទៀត ដើម្បី​បង្រៀន​យើង​អំពី​សារៈសំខាន់​នៃ​ការ​ធ្វើ​សកម្មភាព​ដោយ​សេចក្តី​ជំនឿ​ទៅ​លើ​ព្រះយេស៊ូវគ្រីស្ទ ។

សូម​អាន យ៉ាកុប ២:១៤–១៦ ហើយ​ព្យាយាម​ស្រមៃ​មើល​ថា អ្នក​នឹង​គិត​យ៉ាង​ណា ប្រសិនបើ​អ្នក​បាន​ឃើញ​ស្ថានភាព​នេះ ។ ( ពាក្យ « អាក្រាត » នៅក្នុង ខទី ១៥ មាន​ន័យ​ថា​ស្លៀកពាក់​តោក​យ៉ាក ) ។

  • តើ​អ្នក​រៀន​អ្វី​ខ្លះ​មក​ពី​ការប្រៀបប្រដូច​របស់​យ៉ាកុប ?

សូម​អាន យ៉ាកុប ២:១៧–១៨, ២៦ ( សូមមើល យ៉ាកុប ១:២២ ផងដែរ ) ហើយ​រកមើល​សេចក្ដី​ពិត​ដែល​យ៉ាកុប​បាន​បង្ហាញ​តាមរយៈ​ការប្រៀបប្រដូច​នេះ ។

យ៉ាកុប ២:១៧–១៨ គឺ​ជា​វគ្គ​បទគម្ពីរ​ចំណេះចំណាន​ខាង​គោលលទ្ធិ ។ សូម​ពិចារណា​គូស​ចំណាំ​វគ្គ​បទគម្ពីរ​ចំណេះចំណាន​ខាង​គោលលទ្ធិ​តាម​វិធី​ដែល​ងាយ​សម្គាល់ ដូច្នេះ​អ្នក​អាច​រក​ឃើញ​វា​ដោយ​ងាយ​ស្រួល ។

  • តើ​អ្នក​អាច​សង្ខេប​អ្វី​ដែល​យ៉ាកុប​បាន​បង្រៀន​ដោយ​របៀប​ណា ?

វិធី​មួយ​នៃ​ការ​បញ្ជាក់​ពី​សេចក្តី​ពិត​ដែល​យ៉ាកុប​បាន​បង្រៀន​គឺ​ថា សេចក្តី​ជំនឿ​ពិតទៅ​លើ​ព្រះយេស៊ូវគ្រីស្ទ​តម្រូវ​ឲ្យ​មាន​ទង្វើ​សុចរិត ។

១. សូម​ឆ្លើយ​សំណួរ​ខាងក្រោម​នេះ​នៅ​ក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​របស់​អ្នក ៖

  • ហេតុអ្វី​អ្នក​គិត​ថា ព្រះយេស៊ូវគ្រីស្ទ​ចង់​ឲ្យ​យើង​អនុវត្ត​សេចក្តី​ជំនឿ​របស់​យើង ?

  • តើ​ការ​ចងចាំ​អំពី​ព្រះអង្គ​សង្គ្រោះ​ព្រះយេស៊ូវគ្រីស្ទ និង​សេចក្តីល្អ​របស់​ទ្រង់​អាច​ជំរុញ​យើង​ឲ្យ​ធ្វើ​សកម្មភាព​ដោយ​ជំនឿ​របស់​យើង​តាម​របៀប​ណា ?

ឧទាហរណ៍​នៃ​ការធ្វើ​សកម្មភាព​ដោយ​សេចក្ដី​ជំនឿ

វា​អាច​ជា​ការបំផុស​គំនិត ក្នុង​ការ​គិត​អំពី​គំរូ​នៃ​អ្នក​ដែល​ធ្វើ​សកម្មភាព​ដោយ​សេចក្ដី​ជំនឿ​របស់​ពួកគេ​លើ​ព្រះយេស៊ូវគ្រីស្ទ ។ សូម​អាន យ៉ាកុប ២:២១–២៥ ហើយ​រកមើល​គំរូ​នៃ​អ្នក​ទាំង​ឡាយ​ណា​នៅក្នុង​ព្រះគម្ពីរ​សញ្ញា​ចាស់ ដែល​បាន​ធ្វើ​សកម្មភាព​ដោយ​សេចក្តីជំនឿ ។

២. សូម​ឆ្លើយ​សំណួរ​ខាងក្រោម​នេះ​នៅ​ក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​របស់​អ្នក ៖

  • តើ​អ្នក​អាច​គិត​ដល់​អ្នក​ណា មិន​ថា​ចេញ​មក​ពី​ជីវិត​របស់​អ្នក ឬ​មក​ពី​បទគម្ពីរ​ទេ តើ​នរណា​ដែល​បង្ហាញ​ពី​ការអនុវត្ត​សេចក្តី​ជំនឿលើ​ព្រះយេស៊ូវគ្រីស្ទ​ទៅ​ជា​សកម្មភាព ? តើ​អ្នក​រៀនអ្វី​ខ្លះ​មក​ពី​គំរូ​នេះ ?

  • តើ​អ្វី​ទៅ​ជា​របៀប​មួយ​ដែល​ព្រះយេស៊ូវគ្រីស្ទ​គឺ​ជា​គំរូ​នៃ​កិច្ចការ​សុចរិត ? តើ​ទង្វើ​សុចរិត​របស់​យើង​ជួយ​យើង​ឲ្យ​កាន់តែ​ដូច​ទ្រង់​យ៉ាង​ដូចម្ដេច ?

ការស្វែងរក​ពរជ័យ​តាមរយៈ​សកម្មភាព​ដែល​បំផុស​គំនិត​ដោយ​សេចក្តីជំនឿ

ប្រធាន រ័សុល អិម ណិលសុន បាន​ផ្ដល់​ការអញ្ជើញ​ដូច​ខាង​ក្រោម​ទាក់ទង​នឹង​សេចក្ដី​ជំនឿ និង​សកម្មភាព​របស់​យើង ៖

រូបភាព
រូបថត​ផ្លូវការ​ពាក់កណ្តាល​ខ្លួន​របស់​ប្រធាន​ រ័សុល អិម ណិលសុន ដែល​បានថត​នៅ​ខែ មករា ឆ្នាំ ២០១៨

ដើម្បី​ធ្វើ​អ្វីៗ​បាន​ល្អ វា​តម្រូវ​ឲ្យមាន​ការខិតខំ ។ ការក្លាយ​ជា​សិស្ស​ដ៏​ពិត​ម្នាក់​របស់​ព្រះយេស៊ូវគ្រីស្ទ គឺ​គ្មាន​ករណី​លើក​លែង​ទេ ។ ការបង្កើន​សេចក្តីជំនឿ និង​ការទុក​ចិត្ត​របស់​អ្នក​លើ​ទ្រង់​ត្រូវការ​ការខំ​ប្រឹងប្រែង » ។ …

…តើ​អ្នក​នឹង​ធ្វើ​អ្វី​ខ្លះ ប្រសិនបើ​អ្នក​មាន​ជំនឿ បន្ថែម​ទៀត នោះ ? សូម​គិត​ពី​ការណ៍​នេះ ។ សូម​កត់ត្រា​វាទុក ។ រួចហើយ សូម ទទួល​សេចក្ដី​ជំនឿបន្ថែមទៀត តាមរយៈ​ការធ្វើ​អ្វីមួយ​ដែល តម្រូវ​ឲ្យមាន​សេចក្ដី​ជំនឿ​បន្ថែមទៀត

( រ័សុល អិម ណិលសុន « Christ Is Risen; Faith in Him Will Move Mountains » Liahona ឆ្នាំ ២០២១ ទំព័រ ១០៣ )

សូម​សញ្ជឹង​គិត​អំពី​សំណួរ​ខាងក្រោម​នេះ ៖

  • តើ​អ្នក​នឹង​ធ្វើ​អ្វី​ខ្លះ ប្រសិនបើ​អ្នក​មាន​សេចក្ដី​ជំនឿ​បន្ថែម​ទៀត​នោះ ?

  • តើ​មាន​ជំហាន​អ្វី​ខ្លះ​ដែល​អ្នក​អាច​ធ្វើ​ដើម្បី​ធ្វើ​តាម​ចំណាប់​អារម្មណ៍​របស់​អ្នក ?

សូម​ចំណាយ​ពេល​មួយ​នាទី ដើម្បី​ចាប់ផ្តើម​ធ្វើ​សកម្មភាព​តាម​ចំណាប់​អារម្មណ៍​របស់​អ្នក ។ ឧទាហរណ៍ យោង​តាម​អ្វី​ដែល​អ្នក​ទទួល​អារម្មណ៍​ថា អ្នក​គួរ​ធ្វើ នោះ​អ្នក​អាច​ផ្ញើ​អត្ថបទ ផ្តល់​ការអធិស្ឋាន ដាក់​ការរំឭក​នៅក្នុង​ប្រតិទិន​របស់​អ្នក ឬ​រៀបចំ​ផែនការ​អ្វី​ដែល​អ្នក​នឹង​ធ្វើ​បន្ទាប់​ទៀត ។

ជម្រើស ៖ តើ​ចង់​រៀនសូត្រ​បន្ថែម​ទៀត​ទេ ?

តើ​ការ​បង្រៀន​របស់​យ៉ាកុប​អំពី​សេចក្ដី​ជំនឿ និង​ការប្រព្រឹត្តិ​ផ្ទុយពីការ​បង្រៀន​របស់​ប៉ុល​ឬ​ទេ ?

នៅ​ក្នុង​បរិបទ​នៃ យ៉ាកុប ២:១៤ យ៉ាកុប​បាន​ប្រើ​ពាក្យ ប្រព្រឹត្ត​តាម ខុស​ពី​របៀប​ដែល​សាវក​ប៉ុល​បាន​ប្រើ ។ នៅពេល​ប៉ុល​បាន​ប្រើ​ពាក្យ ការប្រព្រឹត្តិ គាត់​បាន​សំដៅ​ជា​ចម្បង​ទៅ​លើ​កិច្ចការ​នៃ​ក្រឹត្យវិន័យ​របស់​ម៉ូសេ ( សូមមើល រ៉ូម ៣:២៧–៣១ និង កាឡាទី ២:១៥–១៦ ) ។ នៅ​ពេល​យ៉ាកុប​បាន​ប្រើ​ពាក្យ ប្រព្រឹត្ត​តាម លោក​សំដៅ​ទៅ​លើ​សកម្មភាព​នៃ​ការ​លះបង់ ឬ​កិច្ចការ​នៃ​សេចក្ដី​សុចរិត ។

សេចក្ដីជំនឿ បើ​គ្មាន​ការ​ប្រព្រឹត្ត​តាម​ទេ នោះ​ក៏​ស្លាប់ ប៉ុន្តែ​ចុះតើ​ការប្រព្រឹត្ត​តាម​ដែល​គ្មាន​សេចក្ដី​ជំនឿ​វិញ​នោះ ?

អែលឌើរ ដេវីឌ អេ បែដណា ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់​បាន​បង្រៀន ៖

រូបភាព
រូបថត​ពាក់​កណ្តាល​ខ្លួន​ផ្លូវការ​របស់​អែលឌើរ ដាវីឌ អេ បែដណា ក្នុងកូរ៉ុម​នៃ​ពួក​សាវក​ដប់​ពីរ ។

សេចក្ដីជំនឿ​ពិត​គឺ​ផ្ដោត​នៅក្នុង និង​លើ​ព្រះអម្ចាស់​ព្រះយេស៊ូវគ្រីស្ទ ហើយ​តែងតែ​ដឹក​នាំ​ទៅរក​សកម្មភាព​សុចរិត ។ … សកម្មភាព​តែ​ម្យ៉ាង​ពុំ​មែន​ជា​សេចក្ដី​ជំនឿ​លើ​ព្រះអង្គ​សង្គ្រោះ​ទេ ប៉ុន្តែ​ការ​ធ្វើ​សកម្ម​ភាព​ស្រប​តាម​គោលការណ៍​ត្រឹមត្រូវ គឺជា​ធាតុ​មួយ​ដ៏​សំខាន់​នៃ​សេចក្ដី​ជំនឿ ។

( សូមមើល ដេវីឌ អេ បែដណា « Ask in Faith » Liahona ខែ ឧសភា ឆ្នាំ ២០០៨, ៩៥ )