ថ្នាក់​សិក្ខាសាលា
ចំណេះចំណាន​ខាង​គោលលទ្ធិ ៖ យ៉ាកុប ២:១៧–១៨


ចំណេះចំណាន​ខាង​គោលលទ្ធិ ៖ យ៉ាកុប ២:១៧–១៨

« សេចក្ដីជំនឿ បើ​គ្មាន​ការ​ប្រព្រឹត្ត​តាម​ទេ នោះ​ក៏​ស្លាប់ »

រូបភាព
យុវជន​ពីរ​នាក់​កំពុង​ចែកចាយ​ព្រះគម្ពីរ​មរមន

នៅក្នុង​មេរៀន​មុន​អ្នក​បាន​រៀន​ថា យើង​បង្ហាញ​ជំនឿ​លើ​ព្រះយេស៊ូវគ្រីស្ទ តាមរយៈ​ទង្វើ​ដ៏​សុចរិត​របស់​យើង ។ មេរៀន​នេះ​អាច​ជួយ​អ្នក​ឲ្យ​ទន្ទេញ​សេចក្ដីយោង​ចំណេះចំណាន​ខាង​គោលលទ្ធិ និង​ឃ្លា​បទ​គម្ពីរ​គន្លឹះ​សម្រាប់ យ៉ាកុប ២:១៧–១៨ ពន្យល់​គោលលទ្ធិ និង​អនុវត្ត​តាម​គោលការណ៍​នៃ​ការ​ទទួល​បាន​ចំណេះ​ដឹង​ខាង​វិញ្ញាណ​នៅក្នុង​ស្ថានភាព​ជីវិត​ជាក់ស្តែង ។

ទន្ទេញ និង​ពន្យល់

សូម​សរសេរ យ៉ាកុប ២:១៧–១៨ សេចក្ដីជំនឿ បើ​គ្មាន​ការ​ប្រព្រឹត្ត​តាម​ទេ នោះ​ក៏​ស្លាប់ នៅ​លើ​ក្រដាស​មួយ​សន្លឹក ដោយ​ទុក​ចន្លោះ​ខ្លះ​រវាង​ពាក្យ​នីមួយៗ ។ សូម​សូត្រ​សេចក្ដី​យោង​បទគម្ពីរ​នេះ និង​ឃ្លាបទគម្ពីរ​គន្លឹះ​ឲ្យ​ឮៗ ។ បន្ទាប់​មក​កាត់​ពាក្យ និង​លេខ​នីមួយៗ​ឲ្យ​ដាច់​ពី​គ្នា ច្របល់​វា​ចូល​គ្នា ហើយ​ដាក់​វា​តាម​លំដាប់​វិញ ។ សូម​ថា​បទគម្ពីរ និង​សេចក្ដី​យោង​នោះ​ម្តង​ទៀត ។ សូម​ធ្វើ​បែប​នេះ​ម្ដង​ទៀត​រហូត​ដល់​អ្នក​អាច​និយាយ​សេចក្ដី​យោង​បទ​គម្ពីរ និង​ឃ្លា​បទគម្ពីរ​គន្លឹះ​តាម​ការ​ចងចាំ ដោយ​គ្មាន​ជំនួយ​ពី​ក្រដាស​ណា​មួយ​ឡើយ ។

នៅ​ពេល​អ្នក​អាន យ៉ាកុប ២:១៧–១៨ សូម​រំឭក​ពី​មេរៀន​មុន​អំពី​គោលការណ៍​ដែល​ថា សេចក្ដី​ជំនឿ​ពិត​លើ​ព្រះយេស៊ូវគ្រីស្ទ​តម្រូវ​ឲ្យ​មាន​កិច្ចការ​សុចរិត ។

  • តើ​អ្នក​អាច​ពន្យល់​សេចក្ដីពិត​នេះ​តាម​វិធី​មួយ​ដែល​អាច​ជំរុញ​ចិត្ត​អ្នក​ដទៃ​ឲ្យ​ធ្វើ​សកម្មភាព​ដោយ​សេចក្ដីជំនឿ​របស់​គាត់​ដោយ​របៀប​ណា ?

រៀន​អនុវត្ត

១. សូម​បំពេញ​ឃ្លា​ខាងក្រោម​នេះ​នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​របស់​អ្នក ៖

សូម​ពិនិត្យ​គោលការណ៍​ទាំង​បី​នៃ​ការ​ទទួល​បាន​ចំណេះ​ដឹង​ខាង​វិញ្ញាណ ។ បន្ទាប់មក​សម្រាប់​គោលការណ៍​នីមួយៗ សូម​សរសេរ​ប្រយោគ​មួយ​ដែល​សង្ខេប​អត្ថន័យ​របស់​វា​ជា​ពាក្យ​សម្តី​ផ្ទាល់ខ្លួន​របស់​អ្នក ។ ប្រសិន​បើ​មាន​ប្រយោជន៍ សូម​រំឭក​ឡើង​វិញ​នូវ កថាខណ្ឌ​ទី ៥–១២ នៃ​ផ្នែក « ការទទួល​បាន​ចំណេះដឹង​ខាង​វិញ្ញាណ » នៃ ឯកសារ​គោល​នៃ​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ ( ឆ្នាំ ២០២២ ) ។

  1. ធ្វើសកម្មភាព​ដោយ​សេចក្ដីជំនឿ ។

  2. ពិនិត្យមើល​គោលគំនិត និង​សំណួរ​ទាំងឡាយ​ដោយ​ទស្សនវិស័យ​ដ៏​អស់កល្ប​មួយ ។

  3. ស្វែងរក​ការយល់ដឹង​បន្ថែម​តាមរយៈ​ប្រភព​ដែល​បាន​តែងតាំង​ដ៏​ទេវភាព ។

ការ​ធ្វើ​សកម្មភាព​តាម​ជំនឿ​របស់​យើង​អាច​ជា​ការ​ពិបាក ។ អែលឌើរ ដេវីឌ អេ បែដណា ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់​ពីរ​នាក់​បាន​ថ្លែង​ថា « អ្វី​ដែល​យើង​ដឹង​មិន​តែង​តែ​ឆ្លុះ​បញ្ចាំង​ពី​អ្វី​ដែល​យើង​ធ្វើ​នោះ​ទេ » ( « More Diligent and Concerned at Home » Liahona ខែ វិច្ឆិកា ឆ្នាំ ២០០៩ ទំព័រ ១៧ ) ។ នៅពេល​អ្នក​អាន​ស្ថានភាព​ខាង​ក្រោម សូម​គិត​អំពី​ហេតុផល​ដែល​យើង​ប្រហែល​ជា​មិន​តែងតែ​ធ្វើ​តាម​គោលការណ៍​នៃ​ដំណឹង​ល្អ​ដែល​យើង​ដឹង ។

  • យុវនារី​ម្នាក់​ចង់​អាន​បទគម្ពីរ​របស់​នាង​រាល់​ថ្ងៃ ។ ជួនកាល​នាង​បាត់បង់​ការជំរុញ​ចិត្ត នៅពេល​នាង​មិន​យល់ ឬ​រកឃើញ​អត្ថន័យ​នៅក្នុង​អ្វី​ដែល​នាង​កំពុង​អាន​នោះ ។

  • យុវនារី​ម្នាក់​បាន​ថ្វាយ​ដង្វាយ​មួយ​ភាគ​ក្នុង​ដប់​ដោយ​ស្មោះត្រង់ កាល​ពី​កុមារភាព ។ ពេល​នេះ​នាង​ធំ​ហើយ ហើយ​មាន​ការងារ​ជាប់​លាប់ នោះ​ចំនួន​ប្រាក់​ដង្វាយ​មួយ​ភាគ​ក្នុង​ដប់​ដែល​បាន​រំពឹង​ទុក​ពី​នាង គឺ​ច្រើន​ជាង​ចំនួន​ដែល​នាង​ធ្លាប់​បាន​ថ្វាយ ហើយ​កាន់​តែ​ពិបាក​ក្នុង​ការ​ថ្វាយ ។

  • យុវជន​ម្នាក់​បាន​រៀន​អំពី​ព្រះយេស៊ូវគ្រីស្ទ និង​ដង្វាយធួន​របស់​ទ្រង់​ជាច្រើន​ឆ្នាំ​មក​ហើយ ។ គាត់​ជឿ​ថា ព្រះយេស៊ូវ​បាន​រងទុក្ខ​ជំនួស​អំពើ​បាប​របស់​មនុស្ស​ជាតិ ហើយ​ថា​អំពើ​បាប​របស់​គាត់​អាច​ត្រូវ​បាន​អភ័យទោស ។ គាត់​មាន​បទពិសោធន៍​ដ៏​មាន​អត្ថន័យ​ជាមួយ​នឹង​ការ​ប្រែចិត្ត​កាលពី​អតីតកាល ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ គាត់​បាន​ឃើញ​ថា​ខ្លួន​គាត់​​ចំណាយ​ពេល​យូរ​ដោយ​មិន​គិត​ពី​ការប្រែចិត្ត ។

២. សូម​បំពេញ​សកម្មភាព​ខាងក្រោម​នេះ​នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​របស់​អ្នក ៖

សូម​ជ្រើសរើស​ស្ថានភាព​មួយ​ក្នុង​ចំណោម​ស្ថានភាព​ខាង​លើ ឬ​គិត​ពី​គោលការណ៍​នៃ​ដំណឹង​ល្អ​មួយ​ទៀត​ដែល​អ្នក​ជឿ ប៉ុន្តែ​មាន​ការលំបាក​ក្នុង​ការ​ធ្វើ​តាម ។ សូម​សរសេរ​ពី​របៀប​ដែល​អ្នក ឬ​មនុស្ស​នៅក្នុង​ស្ថានភាព​ដែល​អ្នក​បាន​ជ្រើសរើស អាច​ប្រើ​គោលការណ៍​បី​នៃ​ការទទួល​បាន​ចំណេះ​ដឹង​ខាង​វិញ្ញាណ ដើម្បី​ដោះស្រាយ​ស្ថានភាព​នោះ ។

ប្រសិនបើ​អ្នក​ចង់​បាន​ជំនួយ​ខ្លះ​ក្នុង​ការ​អនុវត្ត​គោលការណ៍​ទាំងនេះ ទៅ​នឹង​ស្ថានភាព​ដែល​អ្នក​បាន​ជ្រើសរើស សូម​ពិចារណា​ឆ្លើយ​សំណួរ​មួយ​ចំនួន ឬ​ទាំងអស់​ខាង​ក្រោម​នេះ ។

គោលការណ៍​ទី ១ ៖ ធ្វើ​សកម្មភាព​ដោយ​សេចក្ដី​ជំនឿ

  • កាល​ពី​អតីតកាល តើ​អ្នក​បាន​ធ្វើ​សកម្មភាព​ដោយ​សេចក្តីជំនឿ​លើ​គោលការណ៍​នៃ​ដំណឹងល្អ​អ្វី​ខ្លះ ?

  • តើ​អ្នក​បាន​រៀន​អ្វី​ខ្លះ​អំពី​ព្រះយេស៊ូវគ្រីស្ទ​ចេញ​ពី​បទពិសោធន៍​នោះ ដែល​អាច​ជួយ​អ្នក​ក្នុង​ស្ថានភាព​នេះ ?

គោលការណ៍​ទី ២ ៖ ពិនិត្យមើល​គោលគំនិត និង​សំណួរ​ទាំងឡាយ​ដោយ​ទស្សនវិស័យ​ដ៏​អស់កល្ប​មួយ

  • តើ​អ្នក​គិត​ថា ព្រះវរបិតាសួគ៌​មាន​ព្រះតម្រិះ​បែប​ណា​ចំពោះ​ស្ថានភាព​នេះ ? តើ​ទ្រង់​អាច​ជួយ​តាម​វិធី​ណា​ខ្លះ ?

  • តើ​ការ​ធ្វើ​តាម​គោលការណ៍​នេះ​អាច​នាំ​ទៅ​រក​ពរជ័យ​ក្នុង​ពេល​បច្ចុប្បន្ន​នេះ និង​ដ៏​នៅ​អស់កល្ប​យ៉ាង​ដូច​ម្តេច ?

គោលការណ៍​ទី ៣ ៖ ស្វែងរក​ការយល់ដឹង​បន្ថែម​តាមរយៈ​ប្រភព​ដែល​បាន​តែងតាំង​ដ៏​ទេវភាព

  • តើ យ៉ាកុប ២:១៧–១៨ អាច​ជួយ​ក្នុង​ស្ថានភាព​នេះ​ដោយ​របៀប​ណា ? តើ​មាន​បទគម្ពីរ ឬ​សុន្ទរកថា​សន្និសីទ​ទូទៅ​អ្វី​ផ្សេង​ទៀត ដែល​អាច​ជួយ​ឲ្យ​អ្នក​យល់​កាន់តែ​ច្បាស់ និង​មាន​អារម្មណ៍​ជំរុញ​ចិត្ត ដើម្បី​រស់នៅ​តាម​គោលការណ៍​នេះ ? ( ឧទាហរណ៍ សូមមើល អាលម៉ា ៣២:២៧–២៨ ) ។

  • ជា​ញឹក​ញាប់ វា​អាច​មាន​ប្រយោជន៍​ដើម្បី​ពិភាក្សា​បញ្ហា​ទាំងនេះ​ជាមួយ​មិត្តភក្តិ​សមាជិក​គ្រួសារ ឬ​អ្នក​ដឹកនាំ​សាសនាចក្រ​ដែល​ទុក​ចិត្ត ។ តើ​ព្រះអម្ចាស់​អាច​នឹង​ចង់​ឲ្យ​អ្នក​ពិភាក្សា​អំពី​ស្ថានភាព​នេះ​ជាមួយ​នរណា ?

សូម​ចំណាយ​ពេល​បន្តិច​ដើម្បី​ពិចារណា​អំពី​អ្វី​ដែល​អ្នក​បាន​រៀន​តាមរយៈ​មេរៀន​នេះ ។ ប្រសិន​បើ​អ្នក​បាន​រកឃើញ​សេចក្ដី​ពិត​នៃ​ដំណឹងល្អ​ដែល​អ្នក​ផ្ទាល់​​លំបាក​ធ្វើ​តាម សូម​វាយ​តម្លៃ​ដោយ​ស្មោះត្រង់ ប្រសិនបើ​អ្នក​មាន​គម្រោង​ធ្វើ​វា​ឥឡូវ​នេះ ។ ប្រសិនបើ​អ្នក​គ្មាន​គម្រោង​ធ្វើ​វា​ឥឡូវ​នេះ​ទេ សូម​គិត​អំពី​ឧបសគ្គ​ដែល​មាន​លើ​ផ្លូវ​របស់​អ្នក និង​របៀប​ដែល​ព្រះអម្ចាស់​អាច​ជួយ​អ្នក​បាន ។