ថ្នាក់​សិក្ខាសាលា
យ៉ាកុប ៣


យ៉ាកុប ៣

ពាក្យ​សម្តី​ដែល​យើង​និយាយ

រូបភាព
យុនារី​វ័យ​ជំទង់​បី​នាក់​ញញឹម និង​សើចសប្បាយ​ជាមួយ​គ្នា ។

ពាក្យ​សម្តី​ដែល​យើង​និយាយ​មាន​អំណាច ។ តើ​អ្នក​អាច​គិត​អំពី​បទពិសោធន៍​ក្នុង​ជីវិត​របស់​អ្នក​ដែល​អ្នក​បាន​ទទួល​អារម្មណ៍​ពី​អំណាច​នៃ​ពាក្យ​សម្តី​ទាំង​ល្អ ឬ​អាក្រក់​ដែរ​ឬ​ទេ ? នៅក្នុង​សំបុត្រ​របស់​លោក យ៉ាកុប​បាន​បង្រៀន​ពី​សារៈសំខាន់​នៃ​ការគ្រប់គ្រង​ការនិយាយ​របស់​យើង ។ គោលបំណង​នៃ​មេរៀន​នេះ​គឺ​ដើម្បី​ជួយ​អ្នក​ឲ្យ​វាយតម្លៃ​ពាក្យ​​សម្តី​ដែល​អ្នក​និយាយ និង​ពី​របៀប​ដែល​ពាក្យសម្ដី​របស់​អ្នក​ជះ​ឥទ្ធិពល​លើ​ការខិតខំ​របស់​អ្នក ដើម្បី​ក្លាយ​កាន់​តែ​ដូច​ជា​ព្រះអង្គសង្គ្រោះ ។

អំណាច​នៃ​ពាក្យសម្ដី

សូម​មើល​រូបភាព​ខាង​ក្រោម ហើយ​ស្រមៃ​មើល​ការសន្ទនា​ដែល​បុគ្គល​នោះ​ប្រហែល​ជា​កំពុង​មាន ។ សូម​គិត​អំពី​ឥទ្ធិពល​ដែល​អាច​មាន​អំពី​ពាក្យសម្តី​ដែល​យើង​ស្តាប់​ឮ និង​ប្រើ ។

រូបភាព
ម្ដាយ​ឈ្លោះ​ជាមួយ​កូន​ប្រុស​វ័យ​ជំទង់​របស់​គាត់ ខណៈ​ពួក​គេ​ឈរ​ក្នុង​ផ្ទះបាយ​របស់​ពួកគេ ។
រូបភាព
យុវនារី​ម្នាក់ និង​ម្ដាយ​របស់​នាង​ដែល​ប្រើ​ថេបប្លិត និង​ព្រះ​គម្ពីរ​ប្រហែល​ជា​សិក្សា និង​សន្ទនា​គ្នា ។
  • តើ​អ្វី​ជា​រឿង​ចុង​ក្រោយ​ដែល​អ្នក​អាច​ចាំ​បាន​ថា មាន​បុគ្គល​ម្នាក់​បាន​និយាយ​អ្វី​ទៅ​កាន់​អ្នក​ដែល​បាន​ជួយ ឬ​ធ្វើ​ឲ្យ​អ្នក​ឈឺចាប់ ?

  • តើ​អ្វី​ជា​រឿង​ចុង​ក្រោយ​ដែល​អ្នក​បាន​និយាយ​ទៅកាន់​នរណា​ម្នាក់​ដែល​បាន​ពង្រឹង ឬ​លើក​ទឹក​ចិត្ត​ពួកគេ ?

សូម​ពិចារណា​ថា តើ​អ្នក​បាន​និយាយ​អ្វី​នា​ពេល​ថ្មីៗ​នេះ​ដែល​អាច​ជះ​ឥទ្ធិពល​អវិជ្ជមាន​លើ​នរណា​ម្នាក់ ។ ​នៅពេល​អ្នក​សិក្សា​ការបង្រៀន​របស់​យ៉ាកុប សូម​រកមើល​សេចក្ដីពិត​ដែល​អាច​ជួយ​អ្នក​ឲ្យ​យល់​កាន់តែ​ច្បាស់​អំពី​អំណាច​នៃ​ពាក្យសម្តី ។ សូម​យក​ចិត្ត​ទុក​ដាក់​ចំពោះ​អារម្មណ៍ គំនិត និង​ចំណាប់​អារម្មណ៍​ដែល​ជំរុញ​អ្នក​ឲ្យ​និយាយ​កាន់​តែ​ដូច​ព្រះអង្គ​សង្គ្រោះ ។

អណ្តាត​គឺ​ដូចជា …

យ៉ាកុប​បាន​សង្កត់​ធ្ងន់​លើ​អំណាច​នៃ​ពាក្យសម្តី​ដែល​យើងស្តាប់​ឮ និង​និយាយ ហើយ​ប្រៀបធៀប​អណ្ដាត​ទៅ​នឹង​អ្វី​ផ្សេង​ៗ​ជា​ច្រើន ។ សូម​អាន យ៉ាកុប ៣:២–១២ ដោយ​រក​មើល​អ្វី​ដែល​យ៉ាកុប​បាន​ប្រៀបធៀប​ទៅនឹង​ពាក្យ​សម្តី​របស់​យើង ។ សូម​គូរ​រូបភាព​សាមញ្ញ​មួយ ឬ​ពីរ​នៃ​​ការប្រៀបធៀប​​របស់​យ៉ាកុប នៅក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​របស់​អ្នក ដោយ​ពិចារណា​ពី​របៀប​ដែល​ពាក្យសម្តី​របស់​យើង​អាច​ដូច​អ្វី​ដែល​អ្នក​កំពុង​គូរ​នោះ ។

សូម​អាន​បញ្ជី​ខាង​ក្រោម​ដើម្បី​មើល​ថា តើ​អ្នក​បាន​រកឃើញ​ការប្រៀបធៀប​ដូចគ្នា​នេះ​ដែរ​ឬ​ទេ ។

  • ដែក​បង្ខាំ ។ យ៉ាកុប ៣:២–៣, ៥ ។ ដែក​បង្ខាំ ( សូមមើល ខទី ៣ ) គឺ​ជា​បន្ទះ​ដែក​តូច​មួយ​ដាក់​នៅ​ត្រង់​មាត់​សេះ​ដើម្បី​ភ្ជាប់​វា​ទៅ​នឹង​ខ្សែ​បង្ហៀរ ដោយ​អនុញ្ញាត​ឲ្យ​អ្នក​ជិះ​បញ្ជា​សេះ​នោះ​បាន ។

  • ចង្កូត ។ យ៉ាកុប ៣:៤–៥ ។ ចង្កូត ( សូមមើល ខទី ៤ ) បញ្ជា​ចង្កូត​របស់​សំពៅ ដែល​កាច់​ចង្កូត ឬ​បត់​សំពៅ ។

  • ភ្លើង ។ យ៉ាកុប ៣:៥–៦ ។ « ព្រៃ » សំដៅ​ទៅលើ​ព្រៃឈើ ( សូមមើល ខទី ៥ footnote b ) ។

  • សត្វ​ដែល​មិន​ទាន់​ផ្សាំ ។ យ៉ាកុប ៣:៧–៨ ។

  • ពិស ។ យ៉ាកុប ៣:៨ ។

  • រន្ធ​ទឹក និង​ដើម​ល្វា ។ យ៉ាកុប ៣:១០–១២ ។

១. សូម​ឆ្លើយ​សំណួរ​ខាងក្រោម​នេះ​នៅ​ក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​របស់​អ្នក ៖

  • តើ​ការប្រៀបធៀប​ទាំង​នេះ​អាច​ជួយ​យើង​ឲ្យ​យល់​កាន់​តែ​ច្បាស់​ពី​អំណាច​នៃ​ពាក្យសម្តី​ដែល​យើង​ស្តាប់​ឮ និង​និយាយ​ដោយ​របៀប​ណា ?

  • តើ​មាន​ការប្រៀបធៀប​អ្វី​ផ្សេង​ទៀត​ដែល​អ្នក​អាច​បន្ថែម​ដើម្បី​ពិពណ៌នា​អំពី​ឥទ្ធិពល​នៃ​ពាក្យសម្តី​ដែល​យើង​និយាយ ?

ដោយ​យោង​ទៅ​លើ​ការ​បង្រៀន​ដ៏​មាន​ឥទ្ធិពល​របស់​យ៉ាកុប អែលឌើរ ជែហ្វ្រី អ័រ ហូឡិន ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់​បាន​ចែកចាយ​ដូច​តទៅ ៖

រូបភាព
រូបថត​ផ្លូវការ​ពាក់​កណ្តាល​ខ្លួន​របស់ អែលឌើរ ជែហ្វ្រី អ័រ ហូឡិន ។ បានថតនៅ​ខែ​មករា ឆ្នាំ ២០១៨ ។

ពិត​ណាស់ យ៉ាកុប​ពុំ​មាន​ចង់​ន័យ​ថា ពាក្យ​សម្តី​របស់​យើង​គឺ តែងតែង ទុច្ចរិត ឬ​ថា អ្វីៗ​គ្រប់​យ៉ាង ដែល​យើង​និយាយ​នោះ​វា « ពេញ​ដោយ​ពិស​ដែល​នាំ​ឲ្យ​ស្លាប់ » នោះ​ទេ ។ ប៉ុន្តែ​លោក​ចង់​បញ្ជាក់​ថា យ៉ាង​ហោច​ណាស់​ពាក្យសម្ដី​មួយ​ចំនួន​ដែល​យើង​និយាយ​អាច​ក្លាយ​ជា​ពាក្យសម្ដី​បំផ្លិច​បំផ្លាញ ព្រមទាំង​មាន​ពិស​ទៀត​ផង—ហើយ​នោះ​គឺជា​ការ​អះអាង​មួយ​ដ៏​គួរ​ឲ្យ​ភ័យ​ខ្លាច​សម្រាប់​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ ! សំឡេង​ដែល​ថ្លែង​ទីបន្ទាល់​បាន​យ៉ាង​ល្អ ការ​អធិស្ឋាន​ដ៏​ក្លៀវ​ក្លា និង​ការ​ច្រៀង​ទំនុក​តម្កើង​នៃ​ស៊ីយ៉ូន អាច​ជា សំឡេង​តែ​មួយ​ដែល​ស្ដី​បន្ទោស ហើយ​រិះ​គន់ ធ្វើ​ឲ្យ​អាម៉ាស់ ហើយ​បន្ទាប​បន្ថោក ធ្វើ​ឲ្យ​មាន​ការ​ឈឺចាប់ និង​ការ​បំផ្លិច​បំផ្លាញ​វិញ្ញាណ​របស់​ខ្លួន​ឯង និង​មនុស្ស​ដទៃ​ទៀត​នៅ​ក្នុង​ដំណើរ​ការ​នេះ ។ …

…​ចូរ​យើង​ព្យាយាម​ប្រែ​ក្លាយ​ជា​បុរស​ស្រ្តី​ដ៏ « ឥត​ខ្ចោះ » យ៉ាង​ហោច​ណាស់​ក្នុង​របៀប​មួយ​ដោយ—មិន​ប្រើ​ពាក្យសម្ដី​ធ្វើ​ឲ្យ​អាក់​អន់​ចិត្ត ឬ​ប្រើ​ពាក្យ​កាន់តែ​វិជ្ជមាន ដោយ​និយាយ​ភាសា​ថ្មី គឺ​ភាសា​នៃ​ពួក​ទេវតា ។ ដូច​ជា​ទង្វើ​របស់​យើង​ដែរ ពាក្យ​សម្តី​របស់​យើង​គួរតែ​ពោរពេញ​ដោយ​សេចក្តី​ជំនឿ និងសេចក្តីសង្ឃឹម និង​សេចក្តីសប្បុរស … ដែល​ពិត​ជា​ត្រូវការ​ចាំបាច់​នៅក្នុង​ពិភពលោក​សព្វ​ថ្ងៃ​នេះ ។ ជាមួយ​នឹង​ពាក្យ​សម្ដី​បែប​នេះ ដែល​និយាយ​ឡើង​នៅ​ក្រោម​ព្រះចេស្ដា​នៃ​ព្រះវិញ្ញាណ វា​នឹង​គ្មាន​ការ​បង្ហូរ​ទឹក​ភ្នែក តែ​វា​នាំ​មក​នូវ​ការ​ព្យាបាល​ដួង​ចិត្ត ការ​លើក​កម្ពស់​ជីវិត ការ​មាន​សេចក្ដី​សង្ឃឹម​ឡើង​វិញ និង​ភាព​ជឿជាក់​អាច​យក​ជ័យ​បាន » ។

( ជែហ្វ្រី អ័រ ហូឡិន « The Tongue of Angels » Liahona ខែ ឧសភា ឆ្នាំ ២០០៧ ទំព័រ ១៦, ១៨ )

  • តើ​អ្នក​បាន​រៀន​អ្វី​ខ្លះ​ពី​ការ​ប្រៀបធៀប​របស់ យ៉ាកុប និង​ការ​ថ្លែង​របស់​អែលឌើរ ហូឡិន ?

សេចក្ដីពិត​មួយ​ដែល​យើង​អាច​រៀន​បាន​នោះ​គឺ​ថា អ្នក​ដើរ​តាម​ព្រះ​ព្យាយាម​ប្រើ​ពាក្យសម្តី​របស់​ពួកគេ​សម្រាប់​គោលបំណង​សុចរិត​មិនមែន​ដើម្បី​ផ្សព្វផ្សាយ​អំពើ​អាក្រក់​នោះ​ទេ ។

សូម​ពិចារណា​មួយ​ភ្លែត​អំពី​របៀប​ដែល​អ្នក​បាន​ឃើញ​ពាក្យ​សម្តី​ដែល​បានប្រើ​សម្រាប់​ទាំង​សេចក្តីល្អ និង​សេចក្តី​អាក្រក់​ក្នុង​ស្ថានភាព​ដូច​ខាង​ក្រោម ៖

  • ជា​ការផ្ញើសារ ឬ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម

  • នៅ​ព្រះវិហារ​នៅ​ថ្ងៃ​អាទិត្យ

  • នៅ​សាលា​ជាមួយ​មិត្តភក្តិ​របស់​អ្នក

  • នៅក្នុង​ក្រុម ឬ​នៅក្នុង​ក្លឹប

  • នៅផ្ទះ​ជាមួយ​គ្រួសារ​របស់​អ្នក

  • តើ​អ្នក​មាន​បទពិសោធន៍​អ្វី​ខ្លះ​ដែល​បង្ហាញ​ពី​ឥទ្ធិពល​ដ៏​ខ្លាំង​របស់​ពាក្យសម្តី​ដែល​អាច​មាន​លើ​មនុស្ស សម្រាប់​សេចក្តីល្អ ឬ​សេចក្តី​អាក្រក់ ?

ព្រះយេស៊ូវគ្រីស្ទ​គឺ​ជា « មនុស្ស​គ្រប់​លក្ខណ៍ » ( យ៉ាកុប ៣:២ ) ហើយ​ជា​គំរូ​របស់​យើង​ក្នុង​គ្រប់​ការណ៍​ទាំងអស់ រួម​ទាំង​ពាក្យ​ដែល​ទ្រង់​បាន​មាន​ព្រះបន្ទូល​ផង ។ ដោយ​ចងចាំ​នូវ​អ្វី​ដែល​អ្នក​ដឹង​អំពី​ទ្រង់ សូម​ស្រមៃ​មើល​ពី​របៀប​ដែល​ព្រះអង្គសង្គ្រោះ​អាច​ប្រើ​ព្រះបន្ទូល​របស់​ទ្រង់ ប្រសិន​បើ​ទ្រង់​ស្ថិតនៅ​ក្នុង​ស្ថានភាព​ដែល​បាន​រៀបរាប់​ពី​មុន ។

២. សូម​ឆ្លើយ​សំណួរ​ខាងក្រោម​នេះ​នៅ​ក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​របស់​អ្នក ៖

  • តើ​មាន​ភាពខុស​គ្នា​អ្វី​ខ្លះ​ដែល​អ្នក​អាច​សម្គាល់​ឃើញ​អំពី​របៀប​ដែល​ព្រះអង្គ​សង្គ្រោះ​បាន​ប្រើ​ព្រះបន្ទូល​របស់​ទ្រង់ និង​អ្វី​ដែល​អ្នក​ឃើញ និង​ស្តាប់​ឮ​ជាទូទៅ​នៅក្នុង​មជ្ឈដ្ឋាន​បច្ចុប្បន្ន​នេះ ?

ពាក្យ​សម្តី​ដែល​យើង​ស្តាប់​ឮ និង​ប្រើ

តាមរយៈ​ព្យាការី​របស់​ទ្រង់ ព្រះអម្ចាស់​បាន​បង្រៀន​យើង​អំពី​អ្វី​ដែល​យើង​គួរ និង​មិន​គួរ​និយាយ ។

សូម​សញ្ជឹងគិត​លើ​ការទំនាក់ទំនង​របស់​អ្នក ( ក្នុង​ទម្រង់​ណា​មួយ​ដូចជា ៖ ការផ្ញើសារ ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម ការនិយាយ​ជាមួយ​អ្នកដទៃ​ជាដើម ) នៅពេល​អ្នក​អាន​សេចក្ដីថ្លែងការណ៍​ទាំង ១០ ខាង​ក្រោម ដែល​កែសម្រួល​ពី ដើម្បី​កម្លាំង​នៃ​យុវជន ( [ កូនសៀវភៅ ឆ្នាំ ២០១១ ] ទំព័រ ២០–២១ ) ។ សូម​វាយតម្លៃ​ពាក្យ​សម្តី​របស់​អ្នក​ដោយ​ប្រើ​រង្វាស់​ពី​លេខ ១ ដល់​លេខ ៥ ដែល​លេខ ១ មាន​ន័យ​ថា « ខ្ញុំ​ត្រូវការ​ជំនួយ​ច្រើន » និង​លេខ ៥ មាន​ន័យ​ថា « ខ្ញុំ​កំពុង​ធ្វើ​បាន​ល្អ​ណាស់ » ។

  1. ខ្ញុំ​ព្យាយាម​ប្រើ​ពាក្យ​សម្តី​ពីរោះ និង​ឆ្លាតវៃ ។

  2. ខ្ញុំ​ប្រើ​ពាក្យ​សម្តី​លើក​តម្កើង លើក​ទឹក​ចិត្ត និង​ការ​លើក​សរសើរ ។

  3. ខ្ញុំ​និយាយ​ដោយ​ចិត្ត​សប្បុរស និង​វិជ្ជមាន​អំពី​អ្នកដទៃ ។

  4. ខ្ញុំ​មិន​ធ្វើ​ឲ្យ​អ្នក​ដទៃ​មាន​ភាពអាម៉ាស ឬ​អាប់​មុខ ទោះ​ជា​ការនិយាយ​លេង​ក៏​ដោយ ។

  5. ខ្ញុំ​ចៀសវាង​ពី​ការនិយាយ​ដើម​គ្រប់​រូបភាព​ទាំងអស់ និង​ចៀសវាង​ពី​ការនិយាយ​ដោយ​កំហឹង ។

  6. ខ្ញុំ​មិន​និយាយ​វា​ចេញ​មក​នោះ​ទេ នៅពេល​ដែល​ខ្ញុំ​ត្រូវ​បាន​ល្បួង​ឲ្យ​និយាយ​ពាក្យ​ឃោរឃៅ ឬ​ពាក្យ​ដែល​ធ្វើ​ឲ្យ​ឈឺ​ចាប់ ។

  7. ខ្ញុំ​ប្រើ​ព្រះនាម​របស់​ព្រះ និង​ព្រះយេស៊ូវគ្រីស្ទ​ដោយ​គារវភាព និង​ការគោរព ។

  8. ខ្ញុំ​ទូល​ទៅកាន់​ព្រះវរបិតាសួគ៌​ដោយ​ប្រើ​ពាក្យ​សម្តី​គារវភាព និង​ពោរពេញ​ដោយ​ការគោរព ។

  9. ខ្ញុំ​មិន​ប្រើ​ពាក្យ ឬ​កាយវិការ​ប្រមាថ ថោកទាប ឬ​បាត​សង្គម កំប្លែង​អំពី​សកម្មភាព​អសីលធម៌​ឡើយ ។

  10. ខ្ញុំ​មិន​និយាយ​រឿង​កំប្លែង ឬ​រឿង​រ៉ាវ​អំពី​អំពើ​អសីលធម៌​ទេ ។

សូម​គិត​អំពី​ពាក្យ​សម្តី​ដែល​អ្នក​ជ្រើសរើស​ប្រើ ហើយ​សញ្ជឹងគិត​អំពី​អ្វី​ដែល​អ្នក​អាច​ធ្វើ​បាន​ប្រសើរ​ជាង​នេះ ។

៣. សូម​ឆ្លើយ​សំណួរ​ខាងក្រោម​នេះ​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​របស់​អ្នក ៖

  • តើ​មាន​រឿង​អ្វី​មួយ ឬ​ពីរ​ដែល​អាច​ជួយ​អ្នក​ក្នុង​ការ​ជ្រើសរើស​ពាក្យសម្តី​ដែល​អ្នក​និយាយ និង​ស្តាប់​ឮ​កាន់តែ​ប្រយ័ត្នប្រយែង​ជាង​មុន ?

  • ជាពិសេស តើ​អ្នក​ចង់​កែលម្អ​វា​ក្នុង​ស្ថានភាព​ណា​ខ្លះ ?

  • តើ​យុទ្ធសាស្រ្ត​អ្វី​ដែល​អាច​ជួយ​បាន ?

  • តើ​ការ​ខិតខំប្រឹង​ប្រែង​របស់​អ្នក​អាច​ជួយ​អ្នក​ឲ្យ​ប្រែ​ក្លាយ​កាន់​តែ​ដូច​ព្រះអង្គ​សង្គ្រោះ​យ៉ាង​ដូច​ម្ដេច ?

ជម្រើស ៖ តើ​ចង់​រៀនសូត្រ​បន្ថែម​ទៀត​ទេ ?

តើ​ពាក្យ​សម្ដី​របស់​យើង​ឆ្លុះ​បញ្ចាំង​ថា​យើង​ជា​បុគ្គល​បែប​ណា​ខ្លះ ?

អែលឌើរ រ៉ូបឺត អេស វូដ ក្នុង​ពួក​ចិត​សិប​នាក់​បាន​បង្រៀន​ដូច​ខាង​ក្រោម ៖

រូបភាព
រូបថត​ផ្លូវការ​ពាក់​កណ្ដាល​ខ្លួន​ចុងក្រោយ​របស់​អែលឌើរ រ៉ូបឺត អេស វូដ នៃ​ពួក​ចិតសិប​នាក់​ក្រុម​ទីពីរ ឆ្នាំ ១៩៩៩ ។ ត្រូវ​បាន​ហៅ​ជា​ប្រធាន​នៃ​ព្រះវិហារ​បរិសុទ្ធ បូស្ដុន ម៉ាស្សាឈុសសិត ឆ្នាំ ២០០៩ ។ ត្រូវ​បាន​ដោះលេង​ពី​កូរ៉ុម​ទីពីរ​នៃ​ពួក​ចិតសិបនាក់​នាថ្ងៃ​ទី ៣ ខែ​តុលា ឆ្នាំ ២០០៩ នៅ​សន្និសីទ​ទូទៅ ។

ពាក្យ​សម្ដី និង​ការ​សម្ដែង​ចេញ​មក​ពី​អាការៈ​ខាង​ក្រៅ​របស់​យើង​គឺ​ខុស​គ្នា ពីព្រោះ​វា​ឆ្លុះ​បញ្ចាំង​ថា យើង​ជា​មនុស្ស​បែប​ណា ហើយ​រៀបចំ​យើង​ឲ្យ​ក្លាយ​ជា​មនុស្ស​ដែល​យើង​នឹង​ប្រែ​ក្លាយ ។ …

ពាក្យ​ពេចន៍​ដែល​យើង​និយាយ និង​របៀប​ដែល​យើង​បង្ហាញ​ខ្លួន​យើង វា​ពុំ​គ្រាន់​តែ​បំផ្លាញ​ព្រលឹង​របស់​យើង​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ក៏​បំផ្លាញ​បុគ្គល​នោះ មនុស្ស​ជុំវិញ​ខ្លួន​យើង ហើយ​នៅ​ទីបំផុត​គឺ​សង្គម​របស់​យើង​ទាំង​មូល ។ រៀង​រាល់​ថ្ងៃ​យើង​ម្នាក់ៗ​ពាក់​ព័ន្ធ​នៅ​ក្នុង​ការភាន់​ច្រឡំ​អំពី​ពន្លឺ ឬ​នៅ​ក្នុង​ការ​បណ្ដេញ​ភាពងងឹត​ចេញ ។ យើង​ត្រូវ​បាន​ហៅ​ឲ្យ​អញ្ជើញ​ពន្លឺ​នោះ​មក ហើយ​ឲ្យ​ធ្វើ​ជា​ពន្លឺ ដើម្បី​ញែក​ខ្លួន​យើង​ឲ្យ​បាន​បរិសុទ្ធ ហើយ​ស្អាង​មនុស្ស​ដទៃ ។ …

នៅ​ពេល​យើង​និយាយ ហើយ​ធ្វើ​សកម្មភាព យើង​គួរ​សួរ​ថា តើ​ពាក្យ​សម្ដី និង​ការសម្ដែង​ទឹក​មុខ​របស់​យើង​មាន​នូវ​គោល​បំណង ដើម្បី​យាង​អំណាច​នៃ​ស្ថានសួគ៌​ឲ្យ​ចូល​មក​ក្នុង​ជីវិត​យើង ហើយ​អញ្ជើញ​មនុស្ស​ទាំង​អស់​ឲ្យ​មក​រក​ព្រះគ្រីស្ទ​ដែរ​ឬ​ទេ ។ យើង​ត្រូវ​ប្រព្រឹត្ត​ចំពោះ​រឿង​ពិសិដ្ឋ​ទាំងឡាយ​ដោយ​គារវភាព ។ យើង​ត្រូវ​បំបាត់​ចោល​នូវ​វាចា​អសីលធម៌ អាសគ្រាម ហឹង្សា គម្រាម​កំហែង ជេរ​ប្រមាថ ឬ​ខុស​ឆ្គង​ចេញ​ពី​ការ​សន្ទនា​របស់​យើង ។ ដូចជា​សាវក​ពេត្រុស​បាន​សរសេរ​ថា « តែ​ចូរ​ឲ្យ​អ្នក​រាល់​គ្នា​បាន​បរិសុទ្ធ​ក្នុង​គ្រប់​កិរិយា​ទាំង​អស់ ដូច​ជា​ព្រះ​ដែល​ហៅ​អ្នក​រាល់​គ្នា​ទ្រង់​បរិសុទ្ធ​ដែរ » [ ពេត្រុស ទី១ ១:១៥ ] ។ ការសន្ទនា​ដោយ​ការបញ្ចេញ​មតិ សំដៅ​នៅ​ទីនេះ​គឺ​មិន​ត្រឹម​តែ​ការនិយាយ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​សំដៅ​ទៅ​លើ​កិរិយាមាយាទ​ទាំង​មូល​របស់​យើង​ផងដែរ ។

( រ៉ូបឺត អេស វូដ « The Tongue of Angels » Ensign ខែ វិច្ឆិកា ឆ្នាំ ១៩៩៩ ទំព័រ ៨៣–៨៤ )

តើ​យើង​អាច​ផ្លាស់ប្តូរ​ពាក្យ​សម្តី​ដែល​យើង​ប្រើ និង​ស្តាប់​ឮ​ឲ្យ​មាន​ភាពវិជ្ជមាន​តាម​របៀប​ណា ?

វីដេអូ « No Cussing Club » ( ៤:៥៦ ) ដែល​មាន​នៅលើ​គេហទំព័រ ChurchofJesusChrist.org បង្ហាញ​ពី​ការ​ខិតខំ​ប្រឹងប្រែង​របស់​យុវជន​ម្នាក់​ក្នុង​ការជួយ​អ្នកដទៃ​ឲ្យ​ចៀសវាង​ពី​ពាក្យសម្តី​អាក្រក់ ។