ថ្នាក់​សិក្ខាសាលា
ពេត្រុស ទី១ ១–៥


ពេត្រុស ទី១ ១–៥

« មាន​តម្លៃ​ជាង​មាស »

រូបភាព
ក្រោយពី​ត្រូវ​គេ​វាយ ពេត្រុស និង​យ៉ូហាន បន្ត​ផ្សព្វផ្សាយ​ក្នុង​ព្រះ​នាម​ព្រះ​គ្រីស្ទ​ដល់​ប្រជាជន ។

អ្នក​អាច​នឹង​ចងចាំ​ការរៀន​អំពី​សេចក្តីជំនឿ និង​សេចក្ដីឧស្សាហ៍​ព្យាយាម​របស់​សាវក​ពេត្រុស នៅពេល​អ្នក​បាន​សិក្សា​ផ្នែក​ពាក់​កណ្តាល​ដំបូង​នៃ​ព្រះគម្ពីរ​សញ្ញា​ថ្មី ។ សំបុត្រ​ទី​មួយ​របស់​ពេត្រុស​ត្រូវ​បាន​សរសេរ​ឡើង​ហៀប​នឹងទី​បញ្ចប់​នៃ​ជីវិត​របស់​ពេត្រុស ជាច្រើន​ឆ្នាំ​បន្ទាប់​ពី​លោក​បាន​ដើរ និង​និយាយ​ជាមួយ​ព្រះយេស៊ូវគ្រីស្ទ អំឡុង​ពេល​នៃ​ការបម្រើ​ក្នុង​ជីវិត​រមែង​ស្លាប់​របស់​ព្រះអង្គសង្គ្រោះ ។ នៅក្នុង​សំបុត្រ​ទីមួយ​របស់​លោក ពេត្រុស ដែល​ជា​មេសាវក បាន​ផ្តោត​ទៅ​លើ​វិធី​ដែល​ពួកបរិសុទ្ធ​អាច​ត្រូវបាន​ពង្រឹង​តាមរយៈ​ការសាកល្បង​ដ៏​ខ្លាំង​ក្លា​ដែល​ពួកគេ​កំពុង​ជួប​នៅក្នុង​កណ្តាប់​ដៃ​របស់​ពួក​រ៉ូម ។ មេរៀន​នេះ​អាច​ជួយ​អ្នក​ឲ្យ​យល់​កាន់តែ​ច្បាស់​អំពី​ព្រះរាជ​បំណង​របស់​ព្រះ ក្នុង​ការអនុញ្ញាត​ឲ្យ​អ្នក​​ដកពិសោធន៏នឹង​ការសាកល្បង និង​អាច​ពង្រឹង​ការតាំងចិត្ត​របស់​អ្នក ដើម្បី​ស៊ូទ្រាំ​នឹង​ការសាកល្បង​ដោយ​ស្មោះត្រង់ ។

ហេតុអ្វី​យើង​ជួប​ការលំបាក​ក្នុង​ជីវិត ?

អែលឌើរ ឌែល ជី រិនឡាន់ ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់​បាន​ពន្យល់​ពី​របៀប​ដែល​យើង​ទាំងអស់​គ្នា​នឹង​មាន​បទពិសោធន៍​ដែល​ហាក់​ដូច​ជា​មិន​យុត្តិធម៌ ។ សូម​មើល​វីដេអូ « កំហឹង​ចំពោះ​ភាព​អយុត្តិធម៌ » នៅលើ​គេហទំព័រ ChurchofJesusChrist.org ចាប់ពី​នាទី​ទី ៣:១៩ ដល់​នាទី​ទី ៤:១២ ឬ​អាន​សេចក្តី​ថ្លែងការណ៍​ខាងក្រោម ៖

រូបភាព
រូបថត​ផ្លវការ​ពាក់កណ្តាល​ខ្លួន​របស់​អែលឌើរ ឌែល ជី រិនឡាន់ ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ នា​ខែ មករា ឆ្នាំ ២០១៦ ។

ពេលខ្លះ ភាព​អយុត្តិធម៌​មួយចំនួនមិន​អាច​ពន្យល់​បាន​ទេ ​ភាព​អយុត្តិធម៌​ដែលមិន​អាច​ពន្យល់​បាន​នោះ គឺ​ជា​កំហឹង ។ ភាព​អយុត្តិធម៌​កើត​មាន​ពី​ការរស់នៅ​ក្នុង​រូបកាយ​ដែល​ពុំ​ឥតខ្ចោះ របួស ឬ​ជំងឺ ។ ជីវិត​រមែង​ស្លាប់​គឺ​ជាប់ទាក់ទង​នឹង​ភាព​អយុត្តិធម៌ ។ អ្នក​ខ្លះ​កើត​មក​ក្នុង​ភាព​សម្បូរ​បែប រី​ឯ​អ្នក​ខ្លះ​ទៀត​គ្មាន​អ្វី​សោះ ។ អ្នក​ខ្លះ​មាន​ឪពុក​ម្តាយ​ពេញ​ដោយ​ក្តី​ស្រឡាញ់ រី​ឯ​អ្នក​ខ្លះ​ទៀត​គ្មាន​ឡើយ ។ អ្នក​ខ្លះ​រស់នៅ​បាន​ជា​ច្រើន​ឆ្នាំ រី​ឯ​អ្នក​ខ្លះ​ទៀតរស់​បាន​តែ​ពីរ​បី​ឆ្នាំ​ប៉ុណ្ណោះ ។ ហើយ​នៅ​មាន​ច្រើន​ទៀត ។ មនុស្ស​ខ្លះ​ទទួល​កំហុស​ទាំង​អយុត្តិធម៌ ទោះបី​ពួកគេ​កំពុង​ព្យាយាម​ធ្វើ​ល្អ​ក៏​ដោយ ។ មនុស្ស​ខ្លះ​ទៀត​ជ្រើសរើស​មិន​ចាកចេញ​ពី​ភាព​អយុត្តិធម៌​ឡើយ ទោះ​បី​ពួកគេ​អាច​ធ្វើ​បាន​ក៏​ដោយ ។ គួរ​ឲ្យ​សោកស្តាយ​ណាស់ មនុស្ស​ខ្លះ​ប្រើ​សិទ្ធិ​ជ្រើសរើសដែល​ព្រះ​ប្រទាន​ឲ្យធ្វើ​បាប​អ្នក​ដទៃ​ឲ្យ​ឈឺចាប់ សូម្បី​តែ​ពួកគេ​មិន​គួរ​ធ្វើ​ក៏​ដោយ ។

( ឌែល ជី រិនឡាន់ « កំហឹង​ចំពោះ​ភាព​អយុត្តិធម៌ » Liahona ខែ ឧសភា ឆ្នាំ ២០២១ ទំព័រ ៤២ )

  • ហេតុអ្វី​អ្នក​គិត​ថា អែលឌើរ រិនឡាន់ បាន​ប្រើ​ពាក្យ « កំហឹង » ដើម្បី​ពិពណ៌នា​អំពី​រឿង​អយុត្តិធម៌​មួយ​ចំនួន​ដែល​យើង​ជួប​ប្រទះ​ក្នុង​ជីវិត ?

  • តើ​អ្នក​ដឹង​ថា​នរណា​ខ្លះ​កំពុង​ជួប​ប្រទះ ឬ​បាន​ជួប​ប្រទះ​នឹង​ការសាកល្បង​ដែល​មាន​អារម្មណ៍​ខឹង​សម្បារ​យ៉ាង​អយុត្តិធម៌ ? ហេតុអ្វី​អ្នក​គិត​ថា ព្រះអម្ចាស់​អនុញ្ញាត​ឲ្យ​មាន​រឿង​នេះ​កើត​ឡើង ?

នៅ​ឆ្នាំ ៦៤ នៃ គ.ស. ផ្នែក​ដ៏​ធំ​នៃ​ទីក្រុង​រ៉ូម​ត្រូវ​បាន​បំផ្លាញ​ដោយ​ភ្លើង ។ សាសន៍​រ៉ូម​ដ៏​ល្បីល្បាញ​បាន​ចោទ​ប្រកាន់​សមាជិក​សាសនាចក្រ​ថា ជា​អ្នក​ដុត​ភ្លើងដែល​នាំ​ទៅ​ដល់​ការបៀតបៀន​យ៉ាង​ខ្លាំង​ទៅ​លើ​ពួកគ្រីស្ទាន​នៅ​ទូទាំង​ចក្រភព​រ៉ូម ។ ពេត្រុស​ទំនង​ជា​បាន​សរសេរ​សំបុត្រ​ដំបូង​របស់​លោក​នៅ​ពេល​ណា​មួយ​បន្ទាប់​ពី​ព្រឹត្តិការណ៍​នេះ ដើម្បី​ពង្រឹង​សេចក្ដី​ជំនឿ​របស់​ពួកបរិសុទ្ធ និង​ដើម្បី​រំឭក​ពួកគេ​អំពី​រង្វាន់​ដ៏​នៅ​អស់កល្ប​ជានិច្ច​របស់​ពួកគេ សម្រាប់​ការ​ស៊ូទ្រាំ​នឹង​ការសាកល្បង​ដោយ​ស្មោះត្រង់ ។ នៅពេល​អ្នក​សិក្សា សូម​យក​ចិត្ត​ទុក​ដាក់​លើ​ការបំផុស​គំនិត​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ ដែល​អាច​ជួយ​អ្នក​ឲ្យ​យល់​ពី​មូលហេតុ​មួយ​ចំនួន​សម្រាប់​ការសាកល្បង​ផ្ទាល់​ខ្លួន និង​របៀប​ដែល​អ្នក​អាច​ពឹងផ្អែក​លើ​ព្រះយេស៊ូវគ្រីស្ទ ដើម្បី​ជួយ​អ្នក​ឲ្យ​ស៊ូទ្រាំ​វា​ដោយ​ស្មោះត្រង់ ។

ភ្លើង​របស់​ជាង​សំរង

សូម​អាន ពេត្រុស ទី១ ១:៣–៩ ដោយ​រកមើល​អ្វី​ដែល​សាវក​ពេត្រុស​បាន​បង្រៀន​អំពី​ពរជ័យ​ដែល​កំពុង​រង់ចាំ​អ្នក​ដែល​ស៊ូទ្រាំ​នឹង​ការសាកល្បង​របស់​ពួកគេ​ដោយ​ស្មោះត្រង់ ។ ពាក្យ សេចក្តី​ល្បួង នៅក្នុង​ខ​ទី ៦ គឺ​សំដៅ​លើ​ការសាកល្បង និង​ទុក្ខវេទនា ( សូមមើល ពេត្រុស ទី១ ១:៦ footnote b ) ។

  • តើ​ពាក្យ ឬ​ឃ្លា​អ្វី​ខ្លះ​ពី​ខគម្ពីរ​ទាំងនេះ ដែល​អ្នក​គិត​ថាអាច​មាន​ប្រយោជន៍​ក្នុង​ការ​ចងចាំ​ពេល​អ្នក ឬ​អ្នក​ដទៃ​ទៀត​ជួប​នឹង​ការសាកល្បង ? ហេតុអ្វី ?

  • ហេតុអ្វី​អ្នក​គិត​ថា ពេត្រុស​ប្រៀបធៀប​ការសាកល្បង​នៃ​សេចក្តីជំនឿ​របស់​ពួកបរិសុទ្ធ​ទៅ​នឹង​មាស​ដែល​បន្សុទ្ធ​ដោយ​ភ្លើង ?

ខាង​ក្រោម​នេះ​គឺ​ជា​រូបភាព​នៃ​ឡ​រំលាយ​លោហៈ ។ ឡ​រំលាយ​លោហៈ​គឺ​ជា​ធុង​មួយ​ដែល​លោហធាតុ​ដូច​ជា​មាស​ត្រូវ​បាន​ចម្រាញ់ ។ នៅពេល​លោហធាតុ​ត្រូវ​បាន​ចម្រាញ់ វា​ត្រូវ​បាន​ដុត​កម្តៅ និង​ធ្វើ​ឲ្យ​រលាយ​ដើម្បី​ដក​យក​ភាព​មិន​សុទ្ធ និង​ធ្វើ​ឲ្យ​ផលិតផល​ចុង​ក្រោយ​បាន​ល្អ​ប្រសើរ​ឡើង ។

រូបភាព
រូបភាព​លោហធាតុ​រាវ​ចាក់​ចូល​ទៅ​ក្នុង​ពុម្ព
  • តើ​តាម​របៀប​ណា​ខ្លះ​ដែល​ការ​សាកល្បង ឬ​ការ​ល្បង​ល​សេចក្តី​ជំនឿ​អាច « វិសេស​ជាង … មាស ? »( ពេត្រុស ទី១ ១:៧ ) ។

សេចក្តីពិត​មួយ​ដែល​អាច​រកឃើញ​ពី​ខគម្ពីរ​ដែល​អ្នក​ទើបតែ​បាន​សិក្សា​នោះ​គឺ​ថា នៅ​ពេល​យើង​ស៊ូទ្រាំ​នឹង​ការសាកល្បង​ដោយ​ស្មោះត្រង់ នោះ​សេចក្តីជំនឿ​របស់​យើង​លើ​ព្រះយេស៊ូវគ្រីស្ទ​ត្រូវ​បាន​កែលម្អ និង​ពង្រឹង ។ សូម​ពិចារណា​កត់ត្រា​សេចក្ដី​ពិត​នេះ​នៅ​ក្នុង​ព្រះគម្ពីរ ឬ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ។

  • តើ​មាន​បទពិសោធន៍​ឆ្លងកាត់​ការលំបាក​អ្វី​ខ្លះ ដែល​អាច​ពង្រឹង​សេចក្តីជំនឿ​របស់​យើង​លើ​ព្រះយេស៊ូវគ្រីស្ទ ?

ខណៈពេល​ដែល​ការ​ជួប​ប្រទះ​នឹងទុក្ខលំបាក​អាច​ជា​ការ​ចម្រាញ់​ខាង​វិញ្ញាណ​សម្រាប់​មនុស្ស​ជា​ច្រើន ក៏​មាន​អ្នក​ផ្សេង​ទៀត​ដែល​ជូរ​ចត់ ឬ​ពង្រឹង​ចិត្ត​ពួកគេ​បន្ទាប់​ពី​ការ​សាកល្បង​ដ៏​លំបាក ( សូម​មើល អាលម៉ា ៦២:៤១ ) ។

  • តើ​អ្នក​គិត​ថា អ្វី​​អាច​ជួយ​បង្វែរការ​សាកល្បង​របស់​យើងឲ្យ​ទៅ​ជា​ពរជ័យ ជា​ជាង​បទពិសោធន៍​ដែល​បន្ថយ​ជំនឿ​របស់​យើង ?

  • តើ​អ្នក​ធ្លាប់​មាន​បទពិសោធន៍​អ្វី​ខ្លះ ឬ​បទពិសោធន៍​អ្វី​ខ្លះ​ដែល​អ្នក​ដឹង នៅពេល​ដែល​សេចក្ដី​ជំនឿ​របស់​អ្នក ឬ​សេចក្ដី​ជំនឿ​របស់​អ្នក​ដទៃ​ត្រូវ​បាន​ពង្រឹង​ដោយ​ការស៊ូទ្រាំ​នឹង​ការសាកល្បង​ដ៏​លំបាក​ដោយ​ស្មោះត្រង់ ?

  • តើ​បទពិសោធន៍​ទាំង​នេះ​បង្រៀន​អ្នក​អ្វី​ខ្លះ​អំពី​ព្រះអម្ចាស់ ?

សូមមើល​វីដេអូ « The Refiner’s Fire » ( ០៥:០២ ) ដែល​មាន​នៅលើ​គេហទំព័រ ChurchofJesusChrist.org ដើម្បី​មើល​ឧទាហរណ៍​មួយ​អំពី​បុគ្គល​ម្នាក់​ដែល​ត្រូវបាន​ពង្រឹង​ដោយ​ព្រះអង្គសង្គ្រោះ នៅពេល​នាង​ស៊ូទ្រាំ​នឹង​ការសាកល្បង​របស់​នាង​ដោយ​ស្មោះត្រង់ ។

ពេត្រុស​ទូន្មាន​ពួកបរិសុទ្ធ

ប្រធានបទ​ដែល​មាន​នៅក្នុង​សំបុត្រ​ទីមួយ​របស់​ពេត្រុស គឺជា​របៀប​ដែល​សិស្ស​របស់​ព្រះយេស៊ូវគ្រីស្ទ​អាច​ស៊ូទ្រាំ​នឹង​ការរងទុក្ខ និង​ការបៀតបៀន​ដោយ​ស្មោះត្រង់ ។ ការ​ទូន្មាន​របស់​ពេត្រុស​អាច​ផ្តល់​នូវ​ក្តីសង្ឃឹម ការ​លើក​ទឹក​ចិត្ត និង​កម្លាំង​ដល់​នរណា​ម្នាក់​ដែល​ជួប​ប្រទះ​នឹង​ការ​សាកល្បង​នៃ​ជីវិត​រមែង​ស្លាប់ ។

១. សូម​បំពេញ​សកម្មភាព​ខាងក្រោម​នេះ​នៅក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​របស់​អ្នក ៖

សូម​គូរ​រូបភាព​សាមញ្ញ​មួយ​នៃ​ឡ​រំលាយ​លោហៈ ដូចជា​រូបភាព​ដែល​អ្នក​បាន​ឃើញ​ពីមុន​នៅក្នុង​មេរៀន​នេះ ។ នៅខាង​ក្នុង​ឡ​រំលាយ​លោហៈ សូម​សរសេរ​ការសាកល្បង និង​ទុក្ខលំបាក​មួយ​ចំនួន​ដែល​អ្នក​បាន​ជួប​ប្រទះ ឬ​កំពុង​ជួប​ប្រទះ​នា​ពេល​បច្ចុប្បន្ន ។

នៅពេល​អ្នក​សិក្សា​កាន់តែ​ច្រើន​អំពី​ពាក្យសម្តី​ពេត្រុស សូម​រក​មើល​ការបង្រៀន​ដែល​អាច​ជួយ​អ្នក​ក្នុង​ការសាកល្បង​ដែល​អ្នក​បាន​សរសេរ​ក្នុង​រូបភាព​របស់​អ្នក ។ សូម​កត់ត្រា​ការបង្រៀន​ទាំង​នេះ​នៅ​ខាង​ក្រៅ​រូបភាព​ឡ​រំលាយ​លោហៈ​របស់​អ្នក ។

សូម​ជ្រើសរើស​ខគម្ពីរ​យ៉ាង​ហោច​ណាស់​ពីរ​ឈុត​ខាង​ក្រោម​នេះ​ដើម្បី​សិក្សា នៅពេល​អ្នក​ស្វែងរក​គោលការណ៍​ដែល​អ្នក​អាច​បន្ថែម​លើ​រូបភាព​របស់​អ្នក ។ នៅ​ពេល​អ្នកអនុវត្ត សូម​សញ្ជឹង​គិត​នូវ​សំណួរ​ដូច​ខាង​ក្រោម ៖ តើ​ការ​បង្រៀន​ទាំង​នេះ​អាច​ជួយ​ខ្ញុំ ឬ​អ្នក​ផ្សេង​ទៀត​ដែល​ជួប​ប្រទះ​នឹង​ការ​សាកល្បង​ដ៏​លំបាក​យ៉ាង​ដូច​ម្ដេច ?

ជម្រើស ៖ តើ​ចង់​រៀនសូត្រ​បន្ថែម​ទៀត​ទេ ?

ពេត្រុស​ទី​១ ២:២០ ។ ហេតុអ្វី​ពេត្រុស​បង្រៀន​ថា យើង​គួរ​តស៊ូរងទុក្ខ​លំបាក​ដោយ​អត់ធ្មត់ ?

អែលឌើរ នែល អេ ម៉ាក់ស្វែល ( ឆ្នាំ ១៩២៦–២០០៤ ) ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់​ពីរ​នាក់​បាន​បង្រៀន​ដូច​ត​ទៅ​នេះ ៖

រូបភាព
រូបថត​ពាក់​កណ្ដាល​ខ្លួន​ផ្លូវការ​ចុងក្រោយ​របស់​អែលឌើរ នែល អេ ម៉ាក់ស្វែល ឆ្នាំ ១៩៩២ ។

ភាពអត់ធ្មត់​ត្រូវបាន​ភ្ជាប់​យ៉ាង​ជិតស្និទ្ធ​ទៅ​នឹង​សេចក្តីជំនឿ​លើ​ព្រះវរបិតាសួគ៌​របស់​យើង ។ តាម​ពិតទៅ ពេល​យើង​ពុំមានភាពអត់ធ្មត់​ទាល់តែ​សោះ នោះ​យើង​កំពុង​ផ្ដល់​យោបល់​ថា យើង​ដឹង​អ្វី​ដែល​ល្អ​បំផុត—ជាង​ព្រះ​ជ្រាប​ដឹង​ទៅ​ទៀត ។ ឬ​យ៉ាង​ហោច​ណាស់ យើង​កំពុង​អះអាង​ថា កាល​វិភាគ​របស់​យើង​ប្រសើរ​ជាង​កាល​វិភាគ​របស់​ទ្រង់ ។ … ដូច្នេះ ដូច​បាន​បញ្ជាក់​រួច​មក​ហើយ ភាពអត់ធ្មត់​គឺ​ជា​គុណធម៌​ដ៏​មាន​សារៈសំខាន់​ក្នុង​ជីវិត​រមែង​ស្លាប់​ទាក់ទង​នឹង​សេចក្តីជំនឿ​របស់​យើង សិទ្ធិ​ជ្រើសរើស​របស់​យើង អាកប្បកិរិយា​របស់​យើង​ចំពោះ​ជីវិត ការបន្ទាបខ្លួន និង​ការរងទុក្ខ​របស់​យើង ។ … គ្មាន​វិធី​ផ្សេង​ទៀត​ណា​សម្រាប់​ការរីកចម្រើន​ពិត​ប្រាកដ​កើត​ឡើង​នោះ​ទេ ។

( នែល អេ ម៉ាកស្វែល « Patience » [ Brigham Young University devotional ថ្ងៃទី ២៧ ខែ វិច្ឆិកា ឆ្នាំ ១៩៧៩ ] ទំព័រ ១, ៤ នៅលើ​គេហទំព័រ speeches.byu.edu )

តើ​ខ្ញុំ​អាច​យក​ឈ្នះ​លើ​ការសាកល្បង​ដែល​ខ្ញុំ​កំពុង​ប្រឈម​មុខ​ដោយ​របៀប​ណា ?

អែលឌើរ នែល អិល អាន់ឌើរសិន ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់​បាន​បង្រៀន​ដូច​ត​ទៅ​នេះ ៖

រូបភាព
រូបថត​ផ្លូវការ​ពាក់​កណ្តាល​ខ្លួន​របស់​អែលឌើរ ឌៀថើរ អេហ្វ អុជដូហ្វ ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់ ខែ សីហា ឆ្នាំ ២០១០ ។

សូម​បន្ត​ទៅ​មុខ​ដោយ​អត់ធន់ ក្នុង​ការសាកល្បង​ដ៏​សែន​លំបាក​លើ​ផែនដី ហើយ​ដោយ​ព្រះចេស្ដា​នៃ​ការព្យាបាល​របស់​ព្រះអង្គសង្គ្រោះ នោះ​នឹង​នាំ​មក​នូវ​ពន្លឺ ការយល់​ចិត្ត ភាពសុខសាន្ត និង​ក្ដីសង្ឃឹម​ដល់​អ្នក ។ សូម​អធិស្ឋាន​ដោយ​អស់​ពី​ចិត្ត ។ សូម​ពង្រឹង​សេចក្ដីជំនឿ​លើ​ព្រះយេស៊ូវគ្រីស្ទ លើ​ភាពជាក់ស្ដែង និង​ព្រះគុណ​ទ្រង់ ។ … សូម​មើល​ឆ្ពោះទៅ​មុខ ។ ក្តីអំពល់ និង​ទុក្ខព្រួយ​របស់​អ្នក​មាន​ពិត​មែន ប៉ុន្តែ​មិន​ស្ថិតស្ថេរ​រហូត​ទេ ។ ផលលំបាក​របស់​អ្នក​នឹង​កន្លង​បាត់​ទៅ ដោយសារ​ព្រះរាជ​បុត្រា … [ បាន​មាន​ព្រះជន្ម​រស់​ឡើង​វិញ ] ជាមួយ​នឹង​ការប្រោស​ឲ្យ​ជា​នៅ​ក្នុង​ចំអេង​ស្លាប​ទ្រង់ ។

( នែល អិល អាន់ឌើរសិន « Wounded » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៨ ទំព័រ ៨៥ )

តើ​ខ្ញុំ​អាច​រក​ឃើញ​សុភមង្គល​ដោយ​របៀប​ណា​ពេល​រង​ទុក្ខ​ដោយ​ការ​សាកល្បងនានា​ ?

អែលឌើរ យ៉ូសែប ប៊ី វ៉ឺតលីន ( ឆ្នាំ ១៩១៧–២០០៨ ) ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ បាន​ថ្លែង​អំពី​ការស្វែងរក​សុភមង្គល​អំឡុង​គ្រា​លំបាក ហើយ​ចងចាំ​ពីពាក្យពេចន៏​ដំបូន្មាន​របស់​ម្ដាយ​លោក​​ថា « មិន​ថា​មាន​រឿង​អ្វី​កើត​ឡើង​ក៏​ដោយ ចូរ​ស្រឡាញ់​វា​ចុះ » ។

រូបភាព
រូប​ថត​ផ្លូវការ​ពាក់​កណ្តាល​ខ្លួន​ចុងក្រោយ​របស់​អែលឌើរ យ៉ូសែប ប៊ី វ៉ឺតលីន នៃ​កូរ៉ុម​នៃ​ពួក​សាវកដប់ពីរ​នាក់ ឆ្នាំ ២០០៤ ។ បាន​ទទួល​មរណភាព​នៅ​ថ្ងៃទី ១ ខែ​ធ្នូ ឆ្នាំ ២០០៨ ។

តើ​យើង​អាច​ស្រឡាញ់​គ្រា​ដែល​ពោរពេញ​ទៅ​ដោយ​ទុក្ខ​ព្រួយ​ដោយ​របៀប​ណា ? យើង​មិន​អាច​ទេ—ពោល​គឺ​មិន​អាច​ទេ សូម្បី​តែ​មួយ​ភ្លែត​ក៏​ដោយ ។ ខ្ញុំ​មិន​គិត​ថា​ម្ដាយ​របស់​ខ្ញុំ​កំពុង​ផ្ដល់​យោបល់​ថា យើង​ហាម​មិន​ឲ្យ​មាន​ការ​បាក់​ទឹក​ចិត្ត ឬ​បដិសេធ​ការ​ពិត​នៃ​ការ​ឈឺ​ចាប់​នោះ​ទេ ។ ខ្ញុំ​មិន​គិត​ថា​ គាត់​កំពុង​តែ​ផ្តល់​យោបល់​ថា យើងគួរកប់​សេចក្តី​ពិត​នៃ​ការឈឺចាប់​នៅ​ក្រោម​ទង្វើ​នៃ​សុភមង្គល​ក្លែងក្លាយ​នោះ​ទេ ។ ប៉ុន្តែ​ខ្ញុំ​ជឿ​ជាក់​ថា របៀប​ដែល​យើង​មាន​ប្រតិកម្ម​ចំពោះ​ការ​លំបាក អាច​ជា​កត្តា​សំខាន់​ដែល​យើង​អាច​មាន​សុភមង្គល និង​ជោគជ័យ​ក្នុង​ជីវិត ។ ប្រសិនបើ​យើង​ដោះ​ស្រាយ​ការលំបាក​ដោយ​ប្រាជ្ញា នោះ​គ្រា​ដ៏​លំបាក​បំផុត​របស់​យើង​អាច​ក្លាយ​ជា​គ្រា​នៃ​ការរីកចម្រើន​បំផុត ដែល​នាំ​ទៅ​ដល់​គ្រា​នៃ​សុភមង្គល​បំផុត ។ …

នៅពេល​យើង​ចេះ​ស្វែងរក​ការលេង​សើច ស្វែងរក​ទស្សនវិស័យ​ដ៏​នៅ​អស់​កល្ប​ជានិច្ច យល់​អំពី​គោលការណ៍​នៃ​ការតប​ស្នង ហើយ​ខិត​កាន់តែ​ជិត​ព្រះវរបិតាសួគ៌​របស់​យើង នោះ​យើង​អាច​ស៊ូទ្រាំ​ការលំបាក និង​ការសាកល្បង​បាន ។ យើង​អាច​និយាយ​បាន​ដូច​ម្តាយ​របស់​ខ្ញុំ​ដែរ​ថា « មិន​ថា​មាន​រឿង​អ្វី​កើត​ឡើង​ក៏​ដោយ ចូរ​ស្រឡាញ់​វា​ចុះ » ។

( យ៉ូសែប ប៊ី. វ៉ឺតលីន « Come What May, and Love It » Liahona ខែ វិច្ឆិកា ឆ្នាំ ២០០៨ ទំព័រ ២៦–២៨ )