ថ្នាក់​សិក្ខាសាលា
កិច្ចការ ១១, ១៥


កិច្ចការ ១១១៥

ព្រះអង្គសង្គ្រោះ​ដឹកនាំ​សាសនាចក្រ​របស់​ទ្រង់​តាមរយៈ​វិវរណៈ​

រូបភាព
ពេត្រុស និង​យ៉ាកុប​និយាយ​ទៅកាន់​ពួកសាវក ពួកព្រឹទ្ធាចារ្យ និង​សមាជិក​ឯទៀត​នៅ​ក្រុង​យេរូសាឡិម​អំពី​បញ្ហា​កាត់ស្បែក ។ ការសម្ដែង ៖ រួមមាន​មនុស្ស​មួយចំនួន​ដែល​ថត​ខ្សែ​ភាពយន្ត ការថត​ក្រុម​មនុស្ស​ដែល​ស្ដាប់​ផ្សេងៗ​គ្នា ។

ព្រះយេស៊ូវ​បាន​មាន​ព្រះបន្ទូល​ប្រាប់​ពួកសាវក​ទ្រង់​ថា ដំណឹងល្អ​នឹង​ត្រូវ​បាន​ផ្សព្វផ្សាយ​ដល់​គ្រប់​ជាតិសាសន៍ ។ ទោះជា​យ៉ាងណា​ក៏ដោយ ការធ្វើបែបនេះ​នឹងតម្រូវ​ឲ្យ​មានការផ្លាស់ប្តូរ​ដ៏​លំបាក​ចំពោះ​ទំនៀមទម្លាប់​របស់​សាសន៍​យូដា​ដែលបាន​កាន់ជា​យូរមក​ហើយ ។ ដោយ​ព្រះ​យេស៊ូវ​បាន​យាង​ទៅ​ស្ថានសួគ៌​វិញ នោះការផ្លាស់ប្តូរ​ទាំងនេះ​ចាំបាច់​ត្រូវ​ធ្វើ​តាម​រយៈ​វិវរណៈ ។ មេរៀន​នេះ​មាន​គោលបំណង​ដើម្បី​ធ្វើ​ឲ្យ​ការយល់ដឹង​របស់​អ្នក កាន់តែ ស៊ីជម្រៅ​អំពី​របៀបដែល​ព្រះអង្គសង្គ្រោះ​ដឹកនាំ​សាសនាចក្រ​របស់​ទ្រង់ តាម​រយៈ​វិវរណៈ​ទៅកាន់​ព្យាការី និង​សាវក​ទាំងឡាយ​របស់​ទ្រង់ ។

សំណួរ​របស់​មិត្ត​ម្នាក់

សូម​ស្រមៃ​ថា​មិត្ត​ដែល​កាន់​សាសនា​ខុស​ពីអ្នក​ម្នាក់​រៀន​អំពី ជំនឿ​ទៅ​លើ​ព្យាការី និង​សាវក​សម័យ​ទំនើប​របស់​អ្នក ។ ទោះបី​ជា​មិត្ត​របស់​អ្នក​ជឿ​លើ​ព្យាការី និង​សាវក​ក្នុង​ព្រះគម្ពីរ​ប៊ីប​ក៏​ដោយ ក៏​គាត់​មាន​ការលំបាក​ក្នុង​ការ​ទទួល​យក​គំនិត​ដែលថា​ព្រះ​ធ្វើការ​តាមរយៈ​ពួកលោក​នៅថ្ងៃនេះ​ណាស់ដែរ ។ គាត់​សួរ​អ្នក​ថា ៖ « តើ​ព្រះយេស៊ូវ​មាន​ព្រះបន្ទូល​ទៅ​កាន់​ព្យាការី និង​សាវក​ទាំងឡាយ​ដោយ​របៀប​ណា ? »

  • តើ​អ្នក​មាន​ទំនុក​ចិត្ត​លើ​សមត្ថភាព​របស់​អ្នក​កម្រិត​ណា​ក្នុង​ការឆ្លើយ​សំណួរ​នេះ ?

  • តើ​អ្នក​នឹង​និយាយ​ទៅ​កាន់​មិត្តភក្តិ​របស់​អ្នក​យ៉ាង​ដូចម្តេច ?

ខណៈ​ពេល​ដែល​មាន​វិធី​ជា​ច្រើន​ក្នុង​ការឆ្លើយតប កិច្ចការ ១១និង ១៥ បង្ហាញ​ពី​វិធី​ពីរ​យ៉ាង​ដែល​ព្រះយេស៊ូវគ្រីស្ទ​ដឹកនាំ​សាសនាចក្រ​របស់​ទ្រង់​តាមរយៈ​វិវរណៈ ។

វិវរណៈ​ទៅ​កាន់​ព្យាការី

បន្ទាប់​ពី​ការ​និមិត្ត និង​បទពិសោធន៍​របស់​ពេត្រុស​ជា​មួយ​នឹង​កូនេលាស ( សូម​មើល កិច្ចការ ១០ ) លោក​បាន​ធ្វើ​ដំណើរ​ទៅ​ក្រុង​យេរូសាឡិម ហើយ​បាន​បង្រៀន​សេចក្ដីពិត​ដែល​ទើប​តែ​បាន​បើក​សម្ដែង​ទាំង​នេះ​ដល់​ថ្នាក់​ដឹកនាំ​សាសនាចក្រ​ផ្សេង​ទៀត ។

បន្ទាប់​ពី​បាន​មក​ដល់​ក្រុង​យេរូសាឡិម ពេត្រុស​បាន​រៀបរាប់​ពី​ការនិមិត្ត និង​បទពិសោធន៍​របស់​លោក​ជាមួយ​នឹង​កូនេលាស ( សូមមើល កិច្ចការ ១១:១–១៨ ) ។

សូមអាន កិច្ចការ ១១:៤–១៨ ដោយ​រក​មើល​ពីរបៀប​ដែលអ្នក​ឃើញ​ព្រះ​ដឹកនាំ​សាសនាចក្រ ។

  • តើ​យើង​រៀនអ្វី​ខ្លះ​ចេញពី​ដំណើររឿង​នេះ អំពី​របៀប​ដែល​ព្រះអម្ចាស់​ដឹកនាំ​សាសនាចក្រ​របស់​ទ្រង់ ?

ចេញ​ពី​បទពិសោធន៍​របស់​ពេត្រុស យើង​រៀន​ថា ព្រះយេស៊ូវគ្រីស្ទ​ដឹកនាំ​សាសនាចក្រ​របស់​ទ្រង់​តាមរយៈ​វិវរណៈ​ទៅកាន់​ព្យាការី​ទ្រង់ ដែល​ជា​សាវក​រៀមច្បង ។

  • តើ​ការដឹង​ពី​សេចក្ដីពិត​នេះ​អាច​ជួយ​ពង្រឹង​ទីបន្ទាល់​របស់​អ្នក​អំពី​ព្រះយេស៊ូវគ្រីស្ទ និង​ព្យាការី​របស់​ទ្រង់​ដោយ​របៀបណា ?

  • ហេតុអ្វី​បាន​ជា​អ្នក​ជឿ​ថា​សាសនាចក្រ​សព្វ​ថ្ងៃ​នេះ​ត្រូវ​បាន​ដឹកនាំ​ដោយ​វិវរណៈ​ទៅកាន់​ព្យាការី​របស់​ព្រះអម្ចាស់ ?

វិវរណៈ​តាមរយៈក្រុម​ប្រឹក្សា

ឧទាហរណ៍​មួយ​ទៀត​អំពី​របៀប​ដែល​ព្រះអង្គសង្គ្រោះ​ប្រទាន​វិវរណៈ​ដល់​ព្យាការី និង​សាវក​ទាំងឡាយ​របស់​ទ្រង់​ត្រូវ​បាន​បង្ហាញ​នៅ​ក្នុង កិច្ចការ ១៥ ។

ពួកអ្នក​ផ្សព្វផ្សាយ​សាសនា ប៉ុល និង​បាណាបាស បានបង្រៀន និង​ធ្វើពិធី​បុណ្យ​ជ្រមុជទឹក​ឲ្យ​សាសន៍​ដទៃ​ជាច្រើន ។ ពួក​គ្រីស្ទានដែល​ជា​សាសន៍​យូដា​មួយ​ចំនួន​បានមក​ទីក្រុង​អាន់ទីយ៉ូក ហើយ​បាន​បង្រៀនថា បុរស​ដែល​ប្រែចិត្ត​ពី​សាសន៍​ដទៃ​ត្រូវគោរព​តាមក្រឹត្យ​វិន័យ​របស់​លោក​ម៉ូសេ​ដោយការ​កាត់ស្បែក បន្ថែម​ពីលើ​ការរស់​នៅតាម​ដំណឹងល្អ​ដែល​បង្រៀន​ដោយ​ព្រះយេស៊ូវគ្រីស្ទ និង​សាវក​ទាំងឡាយ​របស់ទ្រង់ ( សូមមើល កិច្ចការ ១៥:១, ៥ សូមមើល​ផងដែរ​នូវ​សេចក្ដី​ណែនាំ​ដល់​បទគម្ពីរ​ទាំងឡាយ « Circumcision scriptures.ChurchofJesusChrist.org ) ។

សូម​អាន កិច្ចការ ១៥:២ ដើម្បី​មើល​ពី​របៀប​ដែល​ប៉ុល និង​បាណាបាស​បានខិតខំ​ដោះស្រាយ​បញ្ហា ។

  • ហេតុអ្វី​បាន​ជា​អ្នក​គិត​ថា ប៉ុល និង​បាណាបាស​បាន​ស្វែងរក​ការណែនាំ​ពី​ថ្នាក់​ដឹកនាំ​សាសនាចក្រ​នៅយេរូសាឡិម ?

សេចក្តីពិត​មួយ​ដែល​បាន​បង្ហាញ​នៅ​ក្នុង កិច្ចការ ១៥ គឺ​ថា តាមរយៈ​ការប្រឹក្សា​ជាមួយ​គ្នា ហើយ​ស្វែងរក​វិវរណៈ​ពី​ព្រះ នោះ​ថ្នាក់​ដឹកនាំ​សាសនាចក្រ​ទទួល​បាន​ការបំផុស​គំនិត​អំពី​បញ្ហា​លំបាកៗ ។ ដូច​ដែល​ពេត្រុស និង​ថ្នាក់ដឹកនាំ​សាសនាចក្រ​ផ្សេងទៀត​បានប្រឹក្សា​ជាមួយគ្នា ពួកលោក​បានទទួល​ការណែនាំ​ពី​ព្រះ ។ ពួកលោក​បានផ្ញើ​លិខិត​ជូនដំណឹង​ដល់​សមាជិក​សាសនាចក្រ​អំពី​ការសម្រេច​ចិត្ត​ដ៏​បំផុស​គំនិត​របស់​ពួកលោក ដោយ​មិន​តម្រូវ​ឲ្យ​មាន​ការកាត់ស្បែក​ចំពោះ​ពួកអ្នក​ប្រែចិត្ត​ពី​សាសន៍​ដទៃ ទៀតទេ​ហើយ​ពួកលោក​បាន​រួមបញ្ចូល​ការអញ្ជើញ​ឲ្យ​គោរពតាម​បទបញ្ញត្តិ​ផ្សេងទៀត ។

ក្រុមប្រឹក្សា​គឺជា​ក្រុម​មនុស្ស​ដែល​មក​ជួបជុំ​គ្នា​ដើម្បី​ពិភាក្សា​អំពី​បញ្ហា​សំខាន់ៗ និង​របៀប​ឆ្លើយតប​ចំពោះបញ្ហា​ទាំង​នោះ ។ ដើម្បី​ស្វែង​យល់​បន្ថែម​អំពី​របៀប​ដែល​ក្រុមប្រឹក្សា​ធ្វើការ​នៅក្នុង​សាសនាចក្រ សូមអាន ក្បួនខ្នាតទូទៅ ដូច​ខាងក្រោម​នេះ ៖

អ្នកដឹកនាំ [ នៃ​ក្រុមប្រឹក្សា ] លើក​ទឹកចិត្ត​សមាជិក​ឲ្យ​និយាយ​ដោយ​បើកចំហ និង​ស្មោះត្រង់ ។ ប្រវត្តិ អាយុ បទពិសោធន៍ និង​ទស្សនៈ​ផ្សេងគ្នា​របស់​សមាជិក​ក្រុមប្រឹក្សា​ធ្វើឲ្យ​ក្រុមប្រឹក្សា​កាន់តែ​មាន​ខ្លឹមសារ ។ សមាជិក​ចែកចាយ​យោបល់ និង​ស្តាប់គ្នា​ទៅវិញទៅមក​ដោយ​ការគោរព ។ នៅពេល​ពួកគេ​ព្យាយាម​ស្គាល់​ព្រះហឫទ័យ​របស់​ព្រះអម្ចាស់ នោះ​វិញ្ញាណ​នៃ​ការបំផុស​គំនិត និង​សាមគ្គីភាព​អាច​នឹង​មាន​វត្តមាន ។

ក្បួនខ្នាត​ទូទៅ ៖ ការបម្រើ​នៅក្នុង​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ៤.៤.៣ ChurchofJesusChrist.org )

  • តើ​អ្នក​នឹង​សង្ខេប​ដោយ​របៀប​ណា​ថា​ក្រុមប្រឹក្សា​នៅក្នុង​សាសនាចក្រ​គឺ​ជា​អ្វី ?

ក្រុមប្រឹក្សា​ក្រុង​យេរូសាឡិម

សូមអាន កិច្ចការ ១៥:៦–១៥, ២២–២៨ ដោយ​ស្វែងរក​ភស្តុតាង​នៃ​ផ្នែក​ខុសៗ​គ្នា​នៃ​ក្រុមប្រឹក្សា​មួយ ។ សូម​ចម្លង​តារាង​ខាងក្រោម​នេះ​ចូលក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​របស់​អ្នក ។ នៅ​ក្នុង​ជួរ​ឈរ​ខាង​ស្ដាំ សូម​សរសេរ​ពាក្យ ឬ​ឃ្លា​ពី​ខគម្ពីរ​ដែល​ត្រូវ​នឹង​ឃ្លា​ក្នុង​ជួរ​ឈរ​ខាង​ឆ្វេង ។

ដំណើរការ​នៅក្រោម​កូនសោ​បព្វជិតភាព

ផ្តោតលើ​ចំណុច​ល្អ​របស់​បុគ្គល​ម្នាក់ៗ និង​ក្រុមគ្រួសារ

អនុញ្ញាត​ឲ្យ​សមាជិក​ក្រុមប្រឹក្សា​បញ្ចេញ​មតិ

នាំឲ្យ​មាន​សាមគ្គីភាព

ថ្នាក់​ដឹកនាំ​សម័យ​ទំនើប​ក៏​ប្រើ​ក្រុមប្រឹក្សា​ដើម្បី​យាងអញ្ជើញ​ការណែនាំ​របស់​ព្រះអម្ចាស់​នៅក្នុង​បញ្ហា​សាសនាចក្រ​ផងដែរ ។ ប្រធាន រ័សុល អិម ណិលសុន បាន​បង្រៀន​ដូច​ខាង​ក្រោម ៖

រូបភាព
រូបថត​ផ្លូវការ​ពាក់កណ្តាល​ខ្លួន​របស់​ប្រធាន​ រ័សុល អិម ណិលសុន ដែល​បានថត​នៅ​ខែ មករា ឆ្នាំ ២០១៨

កាល​យើង​ជួប​ជុំ​គ្នា​ជា​ក្រុម​ប្រឹក្សា​នៃ​គណៈប្រធាន​ទីមួយ និង​កូរ៉ុម​នៃ​ពួក​ដប់​ពីរ​នាក់ នោះ​បន្ទប់​ប្រជុំ​របស់​យើង​ក្លាយ​ទៅ​ជា​បន្ទប់​នៃ​វិវរណៈ ។ ព្រះវិញ្ញាណ​គឺ​គង់​នៅ​ទីនោះ ។ កាល​យើង​ជួប​នឹង​បញ្ហា​ស្មុគស្មាញ ដំណើរការ​ដ៏​រំភើប​មួយ​បាន​បើក​បង្ហាញ កាល​សាវក​មួយ​រូបៗ​បង្ហាញ​គំនិត និង​ទស្សនៈ​របស់​ខ្លួន​ដោយ​សេរី ។ ទោះ​ជា​យើង​អាច​មាន​ទស្សនៈ​ផ្ដួចផ្ដើម​ខុសៗ​គ្នា​ក្ដី ក៏​យើង​នៅតែមាន​សេចក្ដីស្រឡាញ់​ចំពោះ​គ្នា​ជានិច្ច ។ ការរួបរួម​របស់​យើង​ជួយ​យើង​ឲ្យ​ដឹង​ពី​ព្រះទ័យ​របស់​ព្រះអម្ចាស់​សម្រាប់​សាសនាចក្រ​របស់​ទ្រង់ ។

នៅ​ក្នុង​ការប្រជុំ​របស់​យើង មតិ​ភាគ​ច្រើន​មិន​ដែល​យក​មក​គ្រប់គ្រង​នោះ​ទេ ! យើង​ស្ដាប់​គ្នា​ទៅវិញ​ទៅមក​ប្រកប​ដោយ​ការអធិស្ឋាន ហើយ​ពិភាក្សា​គ្នា​រហូត​ដល់​យើង​មាន​ការរួបរួម ។ បន្ទាប់​មក កាល​យើង​យល់​ព្រម​គ្រប់​គ្នា នោះ​ព្រះចេស្ដា​បង្រួប​បង្រួម​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ​មាន​ភាព​រំភើប​ជាខ្លាំង ! យើង​ទទួល​បទពិសោធន៍​នូវ​អ្វី​ដែល​ព្យាការី យ៉ូសែប ស្ម៊ីធ បាន​ដឹង នៅពេល​លោក​បាន​បង្រៀន​ថា « តាម​រយៈ​យើង​មាន​អារម្មណ៍​រួបរួម​គ្នា នោះ​យើង​ទទួល​បាន​អំណាច​ជាមួយ​នឹង​ព្រះ » [ Teachings of Presidents of the Church: Joseph Smith ( ឆ្នាំ​២០០៧ ) ទំព័រ ៣៩៣–៩៤ ] ។ គ្មាន​សមាជិក​ក្នុង​គណៈប្រធាន​ទីមួយ ឬ​កូរ៉ុម​នៃ​ពួក​ដប់​ពីរ​នាក់​ណា​ម្នាក់​ធ្វើការ​សម្រេចចិត្ត​សម្រាប់​សាសនាចក្រ​របស់​ព្រះអម្ចាស់​តាម​ការវិនិច្ឆ័យ​ដ៏​ឈ្លាស់វៃ​បំផុត​របស់​ខ្លួន​នោះ​ឡើយ !

( រ័សុល អិម ណិលសុន « Revelation for the Church, Revelation for Our Lives » Liahona  ខែ ឧសភា ឆ្នាំ ២០១៨ ទំព័រ ៩៥ )

១. សូមឆ្លើយ​សំណួរបី​ក្នុង​ចំណោម​សំណួរ​ខាងក្រោម​នេះ​នៅក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​របស់អ្នក ៖

  • តើ​អ្នក​នឹង​ឆ្លើយ​តប​យ៉ាង​ណា​ចំពោះ​សាច់រឿង​នៅ​ដើម​មេរៀន​ដែល​មិត្ត​ម្នាក់​សួរ​អំពី​របៀប​ដែល​ព្រះយេស៊ូវគ្រីស្ទ​មាន​ព្រះបន្ទូល​ទៅកាន់​ព្យាការី និង​ពួកសាវក ?

  • តើ​ការដឹង​ពី​សេចក្តីពិត​ដែល​បាន​លើកឡើង​នៅក្នុង​បទគម្ពីរ​ទាំងនេះ​មាន​ឥទ្ធិពល​លើ​អារម្មណ៍​របស់​អ្នក​ចំពោះ​ព្យាការី និង​ថ្នាក់​ដឹកនាំ​សាសនាចក្រ​ផ្សេងទៀត​ដោយ​របៀបណា ?

  • តើ​ការដឹង​ថា​ព្រះយេស៊ូវគ្រីស្ទ​ដឹកនាំ​សាសនាចក្រ​របស់​ទ្រង់​តាម​របៀប​ទាំងនេះ​មាន​ឥទ្ធិពល​លើ​របៀប ដែល​អ្នក​មាន​ទស្សនៈ​ចំពោះ​ការសម្រេច​ចិត្ត​ដែល​បាន​ធ្វើ​ឡើង​ដោយ​ព្យាការី និង​សាវក​ទាំងឡាយ​នាសព្វ​ថ្ងៃ​នេះ​យ៉ាង​ដូចម្ដេច ?

  • តើ​ក្រុមប្រឹក្សា​អ្វីខ្លះ​ដែល​អ្នក​អាច​ចូលរួម​ក្នុង​ជីវិត​របស់អ្នក ?

  • តើ​អ្នក​អាច​ធ្វើ​អ្វីខ្លះ​ដើម្បី​ជួយ​ក្រុមប្រឹក្សា​មួយ​ឲ្យ​ទទួល​បាន​វិវរណៈ ?

ជម្រើស ៖ តើ​ចង់​រៀនសូត្រ​បន្ថែម​ទៀត​​ទេ ?

វិវរណៈ​ទៅ​កាន់​អ្នកដឹកនាំ​សាសនាចក្រ

នៅក្នុង​សុន្ទរកថា​របស់​លោក « The Doctrine of Christ » អែលឌើរ ឌីថត គ្រីស្តូហ្វឺសិន ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់​បានប្រើ​ដំណើររឿង​ដែលបាន​កត់ត្រានៅ​ក្នុង កិច្ចការ ១១ និង ១៥ ដើម្បីបង្រៀន​អំពី​វិវរណៈ​ទៅ​កាន់​អ្នកដឹកនាំ​សាសនាចក្រ ។ សូម​ពិចារណា​សិក្សា​សុន្ទរកថា​ទាំងមូល ឬ​មើលវីដេអូ​ខាងក្រោម​ចាប់ពីនាទី​ទី ៦:១០ ដល់នាទី​ទី ១១:៣៤ ។

តើ​មាន​ឧទាហរណ៍​អ្វីខ្លះ​នៃ​ការបន្ត​វិវរណៈ ?

អែលឌើរ ឃ្វីនថិន អិល ឃុក ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់​បាន​បង្រៀន​អំពី​វិវរណៈ​ដែល​បាន​ទទួល​សម្រាប់​សាសនាចក្រ ។ សូមមើល « The Blessings of Continuing Revelation to Prophets and Personal Revelation to Guide Our Lives » ចាប់ពីនាទី​ទី ៤:៥៥ ដល់នាទីទី ៦:៤២ ដែល​មាន​នៅ​លើ​គេហទំព័រ ChurchofJesusChrist.org ។

អែលឌើរ ឃុក ក៏​បាន​បង្រៀនផង​ដែរ​ថា ព្យាការី និង​សាវក​ទាំងឡាយ​ទទួល​បាន​ការបំផុសគំនិត​ពី​ព្រះវិញ្ញាណ និង​ទទួល​វិវរណៈ​ផ្ទាល់​ពី​ព្រះអង្គសង្គ្រោះ ។ សូមមើល​ « Prepare to Meet God » ចាប់ពីនាទី​ទី ១៣:៣៧ ដល់នាទីទី ១៤:១៥ ។

តើ​ក្រុមប្រឹក្សា​អាច​ដំណើរការ​ក្នុង​គ្រួសារ​ដោយ​របៀប​ណា ?

ប្រធាន អិម រ័សុល បាឡឺដ ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់​បាន​បង្រៀន​អំពី​ក្រុមប្រឹក្សា​គ្រួសារ​នៅក្នុង​សុន្ទរកថា​របស់លោក « Family Councils » ( Liahona ខែ ឧសភា ឆ្នាំ ២០១៦ ទំព័រ ៦៣–៦៥ ) ។