ឆ្នាំ ២០១០-២០១៩
ក្រុមប្រឹក្សា​គ្រួសារ
ខែ មេសា 2016


ក្រុមប្រឹក្សា​គ្រួសារ

នៅពេល​ឪពុក​ម្ដាយ​រៀបចំ ហើយ​កូនៗ​ស្ដាប់ និង​ចូលរួម​នៅក្នុង​ការ​ពិភាក្សា នោះ​ក្រុមប្រឹក្សា​គ្រួសារ​ពិត​ជា​ដំណើរ​ការ​ល្អ !

បងប្អូន​ប្រុស​ស្រី​របស់​ខ្ញុំ​អើយ វា​ជា​រឿង​ចម្លែក​តែ​វា​ជា​ការ​ពិត​ដែល​យើង​ជា​ឪពុក​ម្ដាយ​នឹង​ធ្វើ​ជា​ឪពុក​ម្ដាយ​បាន​ល្អ បន្ទាប់​ពី​កូនៗ​របស់​យើង​ធំ​ឡើង ។ ខ្ញុំ​នឹង​ចែកចាយ​ជាមួយ​នឹង​បងប្អូន​នា​រសៀល​នេះ អំពី​អ្វី​មួយ​ដែល​ខ្ញុំ​ចង់​យល់​ឲ្យ​បាន​កាន់តែ​ច្រើន នៅពេល បាបារ៉ា និង​ខ្ញុំ ចាប់​ផ្ដើម​ចិញ្ចឹមបីបាច់​កូន​ដ៏​មាន​តម្លៃ​របស់​យើង ។

អំឡុង​ពេល​ការ​បម្រើ​ជា​សាវក​របស់​ខ្ញុំ ជា​ញឹកញាប់​ខ្ញុំ​បាន​សង្កត់​ធ្ងន់​លើ​អំណាច និង​សារៈសំខាន់​នៃ​ក្រុមប្រឹក្សា​សាសនាចក្រ រួមមាន​ក្រុមប្រឹក្សា​បេសកកម្ម ស្ដេក វួដ និង​ក្រុមប្រឹក្សា​អង្គការ​ជំនួយ ។

ខ្ញុំ​ជឿ​ថា​ក្រុមប្រឹក្សា គឺ​ជា​វិធី​ដ៏​មាន​ប្រសិទ្ធភាព​បំផុត​ដើម្បី​ទទួល​បាន​លទ្ធផល​ពិត ។ បន្ថែម​ពី​លើ​នោះ ខ្ញុំ​ដឹង​ថា ក្រុមប្រឹក្សា​គឺជា​របៀប​របស់​ព្រះអម្ចាស់ ហើយ​ថា​ទ្រង់​បាន​បង្កើត​អ្វីៗ​ទាំងអស់​នៅក្នុង​សាកល​លោក​នេះ តាមរយៈ​ក្រុមប្រឹក្សា​សួគ៌ ដូច​បាន​ប្រាប់​នៅក្នុង​គម្ពីរ​បរិសុទ្ធ ។

ប៉ុន្ដែ​រហូត​មក​ដល់​ពេល​នេះ ខ្ញុំ​មិន​ដែល​បាន​និយាយ​នៅក្នុង​សន្និសីទ​ទូទៅ​អំពី​មូលដ្ឋាន និង គ្រឹះ​ដ៏​ខ្លាំង​បំផុត​—ហើយ​ប្រហែល​ជា​សំខាន់​បំផុត—នៃ​ក្រុមប្រឹក្សា​ទាំងអស់​នោះ​ទេ នោះ​គឺ ៖ ក្រុមប្រឹក្សា​គ្រួសារ ។

ចាំបាច់​ត្រូវតែ​មាន​ក្រុមប្រឹក្សា​គ្រួសារ​ជានិច្ច ។ តាមពិត ក្រុមប្រឹក្សា​គឺ​ជា​គោលការណ៍​អស់កល្ប​ជានិច្ច ។ យើង​ស្ថិត​នៅក្នុង​ក្រុមប្រឹក្សា​គ្រួសារ​មួយ​កាល​ពី​ជីវិត​មុន​ជីវិត​លើ​ផែនដី ពេល​ដែល​យើង​រស់នៅ​ជាមួយ​នឹង​មាតាបិតា​សួគ៌​របស់​យើង ក្នុង​នាម​ជា​កូន​វិញ្ញាណ​របស់​ទ្រង់ ។

នៅពេល​ដឹកនាំ​ដោយ​សេចក្ដី​ស្រឡាញ់ និង​លក្ខណៈ​ដូច​ព្រះគ្រីស្ទ នោះ​ក្រុមប្រឹក្សា​គ្រួសារ​នឹង​កាត់​បន្ថយ​ឥទ្ធិពល​នៃ​បច្ចេកវិទ្យា​ទំនើប​ដែល​ជា​ញឹកញាប់​វា​រំខាន​យើង​ពី​ការ​ចំណាយពេល​ដ៏​មាន​តម្លៃ​ជាមួយ​គ្នា ហើយ​វា​ក៏​ជា​ទំនោរ​ដែល​នាំ​សេចក្ដី​អាក្រក់​មក​ក្នុង​គេហដ្ឋាន​របស់​យើង​ដោយ​ផ្ទាល់​ផងដែរ​នោះ ។

សូម​ចងចាំ​ថា ក្រុមប្រឹក្សា​គ្រួសារ​គឺ​ខុស​គ្នា​ពី​រាត្រី​ជួបជុំ​ក្រុមគ្រួសារ​ដែល​ធ្វើឡើង​នៅ​រាល់​ថ្ងៃ​ចន្ទ ។ រាត្រី​ជួបជុំ​ក្រុម​គ្រួសារ ផ្ដោត​សំខាន់​លើ​ការ​បង្រៀន​ដំណឹង​ល្អ និង​សកម្មភាព​គ្រួសារ ។ ម្យ៉ាងទៀត​ក្រុមប្រឹក្សា​គ្រួសារ អាច​ធ្វើ​ឡើង​នៅ​ថ្ងៃណា​ក៏​បាន​ក្នុង​សប្ដាហ៍ ហើយ​វា​គឺជា​ការ​ប្រជុំ​ដ៏​សំខាន់​មួយ​ដែល​ឪពុក​ម្ដាយ​ស្ដាប់—គ្នា​ទៅវិញ​ទៅមក និង​ស្ដាប់​កូនៗ​របស់​ពួកគេ ។

ខ្ញុំ​ជឿ​ថា យ៉ាង​ហោច​ណាស់​មាន​ក្រុមប្រឹក្សា​គ្រួសារ​ចំនួន​បួន​ប្រភេទ ៖

ទីមួយ គឺ​ក្រុមប្រឹក្សា​គ្រួសារ​ជាទូទៅ​មួយ ដែល​មាន​គ្រួសារ​ទាំងមូល ។

ទីពីរ ក្រុមប្រឹក្សា​គ្រួសារ​អាណាព្យាបាល គឺ​មាន​ម្ដាយ និង ឪពុក ។

ទីបី ក្រុមប្រឹក្សា​គ្រួសារ​ដែល​មាន​កំណត់ គឺ​មាន​ឪពុក​ម្ដាយ និង​កូន​ម្នាក់ ។

ទីបួន ក្រុមប្រឹក្សា​គ្រួសារ​ម្នាក់​ទល់​ម្នាក់ គឺ​មាន​ឪពុក ឬ​ម្ដាយ និង​កូន​ម្នាក់ ។

នៅក្នុង​ក្រុមប្រឹក្សា​គ្រួសារ​ទាំងអស់​នេះ តម្រូវ​ឲ្យ​រាល់​ឧបករណ៍​អេឡិច​ត្រូនិច​បិទ ដើម្បី​ឲ្យ​មនុស្ស​គ្រប់គ្នា​អាច​មើល និង​ស្ដាប់​គ្នា​ទៅវិញ​ទៅមក ។ អំឡុង​ពេល​ក្រុមប្រឹក្សា​គ្រួសារ និង​នៅ​ពេល​សមរម្យ​ដទៃ​ទៀត អ្នក​អាច​ចង់​មាន​កន្ដ្រក​មួយ​សម្រាប់​ដាក់​ឧបករណ៍​អេឡិចត្រូនិច ដូច្នេះ​នៅពេល​គ្រួសារ​ជួបជុំគ្នា សមាជិក​គ្រប់គ្នា—រួម​ទាំង​ម្ដាយ និង​ឪពុក—អាច​ដាក់​ទូរសព្ទ tablets និង ម៉ាស៊ីន MP3 នៅក្នុង​កន្ត្រក​នោះ ។ បន្ទាប់មក ពួកគេ​អាច​ប្រឹក្សា​ជាមួយ​គ្នា​ដោយ​គ្មាន​ការល្បួង​ឲ្យ​ឆ្លើយ​តប​ទៅ​ការ​បង្ហោះ​នៅលើ Facebook សារ Intagram Snapchat និង​អ៊ីម៉ែល​ទេ ។

ខ្ញុំ​សូម​ចែកចាយ​ដោយ​ខ្លី​ជាមួយ​បងប្អូន​អំពី​របៀប​ដែល​ក្រុមប្រឹក្សា​គ្រួសារ​នីមួយៗ​ទាំងនេះ​អាច​ដំណើរ​ការ​ល្អ ។

ទីមួយ ក្រុមប្រឹក្សា​គ្រួសារ​ទាំងមូល រួមមាន​សមាជិក​គ្រួសារ​ទាំងអស់ ។

កូន​សៀវភៅ​របស់​សាសនាចក្រ​មាន​ចំណងជើង គ្រួសារ​របស់​យើង ថ្លែង​ថា « ក្រុមប្រឹក្សា​នេះ​អាច​ជួប​ពិភាក្សា​អំពី​បញ្ហា​គ្រួសារ ដំណោះ​ស្រាយ​ហិរញ្ញវត្ថុ ដាក់​ផែនការ គាំទ្រ និង​ពង្រឹង​ដល់​គ្នា​ទៅវិញ​ទៅមក ព្រម​ទាំង​អធិស្ឋាន​ឲ្យគ្នា​ទៅវិញ​ទៅមក និង​អង្គភាព​គ្រួសារ » ។

ក្រុមប្រឹក្សា​នេះ​គួរ​តែ​ជួប​តាម​ការ​ណាត់​ជួប​មួយ ហើយ​ជា​ធម្មតា​មាន​លក្ខណៈ​ផ្លូវ​ការ​ជាង​ក្រុមប្រឹក្សា​គ្រួសារ​ប្រភេទ​ផ្សេងៗ​ទៀត ។

វា​គួរ​តែ​ចាប់​ផ្ដើម​ដោយ​ការ​អធិស្ឋាន ឬ​វា​អាច​គ្រាន់តែ​ជា​ការ​បន្ថែម​ពីលើ​ការ​សន្ទនា​ដែល​មាន​រួច​ទៅហើយ​ក្នុង​ស្ថានភាព​ដទៃ​ទៀត ។ សូម​កត់ចំណាំ​ថា ក្រុមប្រឹក្សា​គ្រួសារ​មួយ​មិន​អាច​មាន​ការ​ចាប់​ផ្ដើម ឬ ការ​បញ្ចប់​ជា​ផ្លូវការ​ជានិច្ចកាល​នោះ​ទេ ។

នៅពេល​ឪពុក​ម្ដាយ​រៀបចំ ហើយ​កូនៗ​ស្ដាប់ និង​ចូលរួម​នៅក្នុងការ​ពិភាក្សា នោះ​ក្រុមប្រឹក្សា​គ្រួសារ​ពិត​ជា​ដំណើរ​ការល្អ !

មិន​ថា​ស្ថានភាព​គ្រួសារ​របស់​យើង​ជា​យ៉ាង​ណា​ទេ វា​សំខាន់​ដែល​យើង​ត្រូវ​យល់​ពី​ស្ថានភាព​ពិសេស​របស់​សមាជិក​គ្រួសារ​ម្នាក់ៗ ។ ទោះជា​យើង​មាន ឌី. អិន. អេ. ដូចគ្នា​ក្ដី ក៏​វា​អាច​មាន​ស្ថានភាព និង កាលៈទេសៈ​នានា​នៅ​ក្នុង​ចំណោម​យើង​ដែល​អាច​ធ្វើ​ឲ្យ​យើង​មាន​ភាព​ខុសគ្នា​យ៉ាង​ខ្លាំង ហើយ​ដែល​អាច​តម្រូវ​ឲ្យ​មាន​ការ​ដោះស្រាយ​បញ្ហា​នៅក្នុង​ក្រុមប្រឹក្សា​គ្រួសារ ដោយ​ចិត្តមេត្តា​ដែរ ។

ឧទាហរណ៍ រាល់ការ​និយាយ និង​ការចែក​ចាយ និង​សេចក្ដីស្រឡាញ់​នៅក្នុង​ពិភព​លោក​នេះ មិន​អាច​ដោះស្រាយ​បញ្ហា​វេជ្ជសាស្ត្រ ឬ​បញ្ហា​សតិអារម្មណ៍​ដែល​សមាជិក​គ្រួសារ​ម្នាក់ ឬ ច្រើន​នាក់​កំពុង​តែ​ជួប​ប្រទះ​នោះ​ទេ ។ ក្នុង​ពេល​នោះ ក្រុមប្រឹក្សា​គ្រួសារ​ក្លាយ​ជា​កន្លែង​នៃ​សាមគ្គីភាព ភក្ដីភាព និង​ការគាំទ្រ​ដោយ​ក្ដីស្រឡាញ់ ខណៈ​ដែល​គ្រួសារ​ស្វែងរក​ដំណោះ​ស្រាយ​ពី​ជំនួយ​ខាង​ក្រៅ ។

បងប្អូន ជាពិសេស​កូនច្បង អាច​ជា​អ្នក​ណែនាំ​ដ៏​មាន​ឥទ្ធិពល​ទៅដល់​កូន​ប្អូន ប្រសិន​បើ​ឪពុក​ម្ដាយ​នឹង​ប្រើ​ក្រុមប្រឹក្សា​គ្រួសារ​ដើម្បី​ផ្ដល់​ជំនួយ និង​ការ​គាំទ្រ​របស់​ពួកគេ​អំឡុង​ពេល​លំបាក និង​ទុក្ខព្រួយ​នោះ ។

ការ​ធ្វើ​តាម​របៀប​នេះ​ធ្វើ​ឲ្យ​គ្រួសារ​មួយ​ដូចជា​វួដ​មួយ ។ នៅពេល​ប៊ីស្សព​ឲ្យ​សមាជិក​ក្រុមប្រឹក្សា​វួដ​ចូលរួម​ចំណែក នោះ​គាត់​អាច​ដោះស្រាយ​បញ្ហា​នានា ហើយ​សម្រេច​បាន​នូវ​ការ​ល្អ​យ៉ាង​ច្រើន ដែល​គាត់​មិន​អាច​ធ្វើ​ដោយ​គ្មាន​ជំនួយ​ពួកគេ ។ តាម​របៀប​ស្រដៀង​គ្នា​នេះ ឪពុក​ម្ដាយ​ចាំបាច់​ត្រូវ​ឲ្យ​សមាជិក​គ្រួសារ​ទាំងអស់​ចូលរួម​ក្នុង​ការ​ដោះស្រាយ​បញ្ហា និង​ទុក្ខលំបាក​ផ្សេងៗ ។ របៀប​នោះ​ហើយ ដែល​អំណាច​នៃ​ក្រុម​ប្រឹក្សា​គ្រួសារ​មាន​ប្រសិទ្ធភាព ។ នៅពេល​សមាជិក​ក្រុមប្រឹក្សា​មាន​អារម្មណ៍​ថា​ពួកគេ​មាន​ចំណែក​នៅ​ក្នុងការ​សម្រេចចិត្ត នោះ​ពួកគេ​ក្លាយ​ទៅជា​អ្នក​គាំទ្រ ហើយ​លទ្ធផល​វិជ្ជមាន​ជាក់លាក់​អាច​នឹង​សម្រេច​ទៅបាន ។

ពុំ​មែន​ក្រុមប្រឹក្សា​គ្រួសារ​ទាំងអស់ មាន​ឪពុក​និង​ម្ដាយ និង កូនៗ​នោះ​ទេ ។ ក្រុមប្រឹក្សា​គ្រួសារ​របស់​បងប្អូន អាច​មើល​ទៅ​ខុសគ្នា​ខ្លាំង​ពី​ក្រុមប្រឹក្សា​គ្រួសារ​របស់​យើង នៅពេល​យើង​បាន​ចិញ្ចឹម​បីបាច់​កូន​ប្រាំពីរ​នាក់​របស់​យើង ។ សព្វថ្ងៃនេះ​ក្រុមប្រឹក្សា​គ្រួសារ​របស់​យើង មាន​តែ បាបារ៉ា និង​ខ្ញុំ​ប៉ុណ្ណោះ លុះ​ត្រា​តែ​យើង​មាន​​ក្រុមប្រឹក្សា​គ្រួសារ​ធំ ដែល​រួម​មាន​កូន​ពេញវ័យ​របស់​យើង ប្ដី និង​ប្រពន្ធ​ពួកគេ ហើយ​ពេល​ខ្លះ​ចៅៗ និង​ចៅទួត​របស់​យើង​ផងដែរ ។

ចំពោះ​អ្នក​ទាំងឡាយ​ដែល​នៅ​លីវ និង​ជា​សិស្ស​រស់នៅ​ឆ្ងាយ​ពី​ផ្ទះ អាច​ធ្វើតាម​លំនាំ​ក្រុមប្រឹក្សា​ដ៏​ទេវភាព​នេះ តាមរយៈ​ការ​ប្រមូល​ផ្ដុំ​មិត្តភក្ដិ និង​មិត្ត​រួម​បន្ទប់​មក​ប្រឹក្សា​ជុំគ្នា ។

ចូរ​ពិចារណា​អំពី​បរិយាកាស​ក្នុង​ផ្ទះ​មួយ​ដែល​នឹង​ផ្លាស់ប្ដូរ ប្រសិនបើ​មិត្ត​រួម​បន្ទប់​បាន​ជួបជុំ​គ្នា​ជា​ទៀងទាត់​ដើម្បី​អធិស្ឋាន ស្ដាប់ ពិភាក្សា និង​រៀប​ផែនការ​ជាមួយ​គ្នា​នោះ ។

មនុស្ស​គ្រប់គ្នា​អាច​សម្រប​ក្រុមប្រឹក្សា​គ្រួសារ​មួយ ដើម្បី​ទទួល​យក​ប្រយោជន៍​មកពី​លំនាំ​ដ៏​ទេវភាព​នេះ ដែល​បាន​បង្កើត​ឡើង​ដោយ​ព្រះវរបិតាសួគ៌​ជា​ទី​ស្រឡាញ់​របស់​យើង ។

ដូច​បាន​កត់ចំណាំ​ពីមុន ពី​មួយ​គ្រា​ទៅ​មួយ​គ្រា​ក្រុមប្រឹក្សា​គ្រួសារ​ធំ​អាច​នឹង​មាន​ប្រយោជន៍ ។ ក្រុមប្រឹក្សា​គ្រួសារ​ធំ​មួយ អាច​មាន​ទាំង​លោក​យាយ​លោកតា និង​កូនធំៗ​ដែល​ពុំ​រស់នៅ​ក្នុង​ផ្ទះ ។ ទោះជា​លោក​យាយ​លោក​តា ឬ​កូនធំៗ​រស់នៅ​ឆ្ងាយ​ក្ដី ក៏​ពួកគេ​អាច​ចូលរួម​ក្នុង​ក្រុមប្រឹក្សា​គ្រួសារ​តាម​ទូរសព្ទ Skype ឬ FaceTime បាន​ដែរ ។

បងប្អូន​អាច​នឹង​ពិចារណា​ធ្វើ​ក្រុមប្រឹក្សា​គ្រួសារ​ជាទូទៅ​នៅ​ថ្ងៃ​អាទិត្យ ដែល​ជា​ថ្ងៃ​ទី​មួយ​ក្នុង​សប្ដាហ៍ នោះ​ក្រុមគ្រួសារ​អាច​នឹង​រំឭក​អំពី​សប្ដាហ៍​មុន ហើយ​រៀបចំ​សម្រាប់​សប្ដាហ៍​បន្ទាប់ ។ រឿង​នេះ​អាច​ជា​អ្វី​ដែល​គ្រួសារ​បងប្អូន​ចាំបាច់​ត្រូវ​មាន ដើម្បី​ជួយ​ធ្វើ​ឲ្យ​ថ្ងៃ​ឈប់​សម្រាក​ជា​បទពិសោធន៍​ដ៏​រីករាយ​មួយ ។

ក្រុមប្រឹក្សា​គ្រួសារ​ប្រភេទ​ទី​ពីរ គឺជា​ក្រុមប្រឹក្សា​គ្រួសារ​អាណាព្យាបាល ដែល​មាន​តែ​ឪពុក​និង​ម្ដាយ ។ អំឡុង​ពេល​នៅ​ជាមួយ​គ្នា​នេះ ឪពុក​ម្ដាយ​អាច​ពិនិត្យ​មើល​ពី​តម្រូវការ​ខាង​សាច់​ឈាម សតិអារម្មណ៍ និង​ខាង​វិញ្ញាណ​របស់​កូន​ម្នាក់ៗ និង​ការ​រីកចម្រើន​របស់​ពួកគេ ។

ក្រុមប្រឹក្សា​គ្រួសារ​អាណាព្យាបាល ក៏​ជា​ពេល​ល្អ​មួយ​ដើម្បី​ឲ្យ​ភរិយា និង​ស្វាមី​ពិភាក្សា​គ្នា​អំពី​ទំនាក់ទំនង​ផ្ទាល់​ខ្លួន​របស់​ពួកគេ​ចំពោះគ្នា​ទៅវិញ​ទៅមក​ផងដែរ ។ នៅពេល​អែលឌើរ ហារ៉ូល ប៊ី. លី ធ្វើ​ពិធីផ្សារភ្ជាប់​ដល់​ពួកយើង លោក​បាន​បង្រៀន​​យើង​អំពី​គោលការណ៍​មួយ ដែល​ខ្ញុំ​ជឿ​ថា​គ្រប់​ស្វាមី​ភរិយា​ទាំងអស់​នឹង​ទទួល​បាន​ប្រយោជន៍ ។ គាត់​បាន​មាន​ប្រសាសន៍​ថា « មិន​ត្រូវ​ចូល​ដេក​ដោយ​មិន​បាន​លុត​ជង្គង់​ជាមួយ​គ្នា កាន់​ដៃ​គ្នា ហើយ​អធិស្ឋាន​នោះ​ឡើយ ។ ការ​អធិស្ឋាន​ដូច្នេះ​អញ្ជើញ​ព្រះវរបិតាសួគ៌​ឲ្យ​ប្រទាន​ឱវាទ​ដល់​យើង​តាមរយៈ​ព្រះចេស្ដា​នៃ​ព្រះវិញ្ញាណ » ។

ក្រុមប្រឹក្សា​គ្រួសារ​ប្រភេទ​ទី​បី គឺ​ក្រុមប្រឹក្សា​គ្រួសារ​ដែល​មាន​កំណត់ ។ នៅពេល​នេះ ឪពុក​ម្ដាយ​ទាំង​ពីរ​រូប ចំណាយ​ពេល​ជាមួយ​នឹង​កូន​ម្នាក់​ក្នុង​ការ​ជួប​ជា​ផ្លូវការ ឬ​មិន​ផ្លូវការ​មួយ ។ នេះ​គឺ​ជា​ឱកាស​មួយ​សម្រាប់​ពិភាក្សា​អំពី ការ​ធ្វើ​ការ​សម្រេច​ចិត្ត​ជាមុន អំពី​រឿង​អ្វី​ដែល​គាត់ ឬ នាង​នឹង​ត្រូវ​ធ្វើ ហើយ​នឹង​មិនត្រូវ​ធ្វើ​នៅពេល​អនាគត ។ នៅពេល​ការ​សម្រេច​ចិត្ត​ដូច្នេះ​ធ្វើឡើង នោះ​ពួកគេ​អាច​ចង់​កត់ត្រា​វា​ទុក​សម្រាប់​មើល​នា​ពេល​អនាគត​បើ​ចាំបាច់ ។ ប្រសិន​បើ​កូនប្រុស ឬ​កូនស្រី​របស់​អ្នក​ឃើញ​ថា​អ្នក​គឺ​ជា​អ្នក​គាំទ្រ​ដ៏​រឹងមាំ​ដល់​ពួកគេ នោះ​ការ​ក្រុមប្រឹក្សា​គ្រួសារ​នេះ​អាច​ដាក់​គោលដៅ និង​គោលបំណង​សម្រាប់​អនាគត ។ នេះ​ក៏​ជា​ពេល​មួយ​ដើម្បី​ស្ដាប់​ដោយ​យក​ចិត្ត​ទុកដាក់​ចំពោះ​កង្វល់ និង​បញ្ហា​ធ្ងន់ធ្ងរ​ដែល​កូន​ម្នាក់​អាច​នឹង​ជួប ដូចជា​ការខ្វះ​ទំនុកចិត្ត មានការបំពាន ការ​ចំអក ឬ​ការ​ភ័យ​ខ្លាច ។

ក្រុមប្រឹក្សា​គ្រួសារ​ប្រភេទ​ទី​បួន គឺ​ក្រុមប្រឹក្សា​គ្រួសារ​ម្នាក់​ទល់​ម្នាក់ ដែល​មាន​ឪពុក ឬ​ម្ដាយ និង កូន​ម្នាក់ ។ ក្រុមប្រឹក្សា​គ្រួសារ​ប្រភេទ​នេះ ជា​ទូទៅ​កើត​មាន​ដោយ​មិន​បាន​គ្រោង​ទុក ។ ឧទាហរណ៍ ឪពុក ឬ​ម្ដាយ និង​កូន​អាច​នឹង​ឆ្លៀត​ឱកាស​ក្នុងពេល​មិន​ផ្លូវការ​ដូចជា​ពេល​ធ្វើ​ដំណើរ​តាម​ឡាន ឬ​ពេល​ធ្វើ​ការងារ​ផ្ទះ ។ ការចេញ​ដើរ​កម្សាន្ត​របស់​ម្ដាយ ឬ​ឪពុក​ជាមួយ​នឹង​កូន​ម្នាក់​អាច​ផ្ដល់​ជា​ចំណង​ខាងវិញ្ញាណ និង​ខាង​សតិអារម្មណ៍​ដ៏​ពិសេស​មួយ ។ សូម​ដាក់​កាលវិភាគ​រឿង​ទាំងនេះ​ទុក​ជា​មុន​ដើម្បី​ឲ្យ​កូនៗ​អាច​ចូលរួម ហើយ​ទន្ទឹង​ចាំ​គ្រា​ដ៏​ពិសេស​ផ្ទាល់​ខ្លួន​ជាមួយ​នឹង​ម្ដាយ ឬ​ឪពុក ។

បងប្អូន​ប្រុសស្រី កាល​ពី​អតីតកាល ជញ្ជាំង​ផ្ទះ​របស់​យើង​ជួយ​ការពារ​ទប់ទល់​នឹង​ការ​ឈ្លានពាន ឬ​ឥទ្ធិពល​មក​ពី​ខាង​ក្រៅ ។ ពេល​យើង​បាន​ចាក់​សោទ្វារ បិទ​បង្អួច យើង​បិទ​របង នោះ​យើង​មាន​អារម្មណ៍​ថា​សុខ សុវត្ថិភាព និង​ត្រូវបាន​ការ​ពារ​នៅក្នុង​ជម្រក​ដ៏​តូច​ផ្ទាល់ខ្លួន​របស់​យើង​ពី​ពិភពលោក​ខាង​ក្រៅ ។

ពេលវេលា​នោះ​បាន​កន្លង​ផុត​ទៅ​ហើយ ។ ជញ្ជាំង ទ្វារ របង និង​ច្រកទ្វារ​ផ្ទះ​របស់​យើង​មិនអាច​ទប់ទល់​នឹង​ការ​វាយ​ប្រហារ​ដែលមើល​មិនឃើញ​មកពី​អ៊ិនធើរណិត Wi-Fi ​ទូរសព្ទ​ដៃ បណ្ដាញ​នានា​ទេ ។ វា​អាច​ជ្រែក​ចូល​មក​ក្នុង​ផ្ទះ​របស់​យើង​ដោយ​គ្រាន់តែ​ចុច​ពីរបី​ដង​លើ​ក្ដារ​ចុច​កុំព្យូទ័រ​ប៉ុណ្ណោះ ។

សំណាងល្អ ព្រះអម្ចាស់​បាន​ប្រទាន​មធ្យោបាយ​មួយ​ដើម្បី​ទប់ទល់​នឹង​ការ​ជ្រែក​ចូល​នៃ​បច្ចេកវិទ្យា​អវិជ្ជមាន ដែល​អាច​រំខាន​យើង​ពីការ​ចំណាយ​ពេល​ដ៏​មាន​តម្លៃ​ជាមួយ​គ្នា ។ ទ្រង់​បាន​ធ្វើ​ដូចនេះ​ដោយ​ការ​ប្រទាន​ប្រព័ន្ធ​ក្រុមប្រឹក្សា ដើម្បី​ពង្រឹង ការពារ ឃុំគ្រង និង​បីបាច់​ទំនាក់ទំនង​ដ៏​មាន​តម្លៃ​បំផុត​របស់​យើង ។

កូនៗ​ត្រូវការ​ឪពុក​ម្ដាយ​ដែល​ចង់​ស្ដាប់​ពួកគេ​ខ្លាំងណាស់ ហើយ​ក្រុមប្រឹក្សា​គ្រួសារ អាច​ផ្ដល់​ជា​ពេលមួយ អំឡុង​ពេល​ដែល​សមាជិក​គ្រួសារ​អាច​រៀន​ដើម្បី​យល់ និង​ស្រឡាញ់​គ្នា​ទៅវិញ​ទៅមក ។

អាលម៉ា​បាន​បង្រៀន​ថា « ចូរ​ប្រឹក្សា​ជាមួយ​នឹង​ព្រះអម្ចាស់​នូវ​គ្រប់កិច្ចការ​របស់​កូន ហើយ​ទ្រង់​នឹង​ដឹកនាំ​កូន​ទៅ​រក​ការ​ល្អ » ។ ការ​អញ្ជើញ​ព្រះអម្ចាស់​ឲ្យ​ចូលរួម​ចំណែក​នៅក្នុង​ក្រុមប្រឹក្សា​គ្រួសារ​របស់​យើង តាមរយៈ​ការអធិស្ឋាន នឹង​កែលម្អ​ទំនាក់ទំនង​របស់​យើង​ជាមួយ​គ្នា ។ ដោយ​មាន​ជំនួយ​របស់​ព្រះវរបិតាសួគ៌ និង​ព្រះអង្គសង្គ្រោះ​របស់​យើង នោះ​យើង​កាន់តែ​អាច​មាន​ភាព​អត់ធ្មត់ ចេះ​គិតគូរ ផ្ដល់​ជំនួយ អភ័យទោស និង​យល់​ចិត្តគ្នា នៅពេល​យើង​អធិស្ឋាន​សុំ​ជំនួយ ។ ដោយ​មាន​ជំនួយ​របស់​ពួក​ទ្រង់ យើង​អាច​ធ្វើ​ឲ្យ​គេហដ្ឋាន​របស់​យើង​មាន​លក្ខណៈ​ដូច​ជា​ស្ថានសួគ៌​បន្ដិច​នៅលើ​ផែនដី​នេះ ។

ក្រុមប្រឹក្សា​គ្រួសារ​ដែល​អនុវត្ត​តាម​លំនាំ​ក្រុមប្រឹក្សា​នៅ​ស្ថានសួគ៌ ដែល​មាន​ពេញ​ទៅដោយ​សេចក្ដីស្រឡាញ់​ដូច​ព្រះគ្រីស្ទ ហើយ​ដឹកនាំ​ដោយ​ព្រះវិញ្ញាណ​របស់​ព្រះអម្ចាស់ នឹង​ជួយ​យើង​ឲ្យ​ការពារ​គ្រួសារ​យើង​ពី​ការ​រំខាន​នានា ដែល​អាច​លួច​ពេលវេលា​នៅ​ជាមួយ​គ្នា​ដ៏​មាន​តម្លៃ​របស់​យើង ហើយ​ការពារ​យើង​ពី​សេចក្ដី​អាក្រក់​នៃ​លោកិយ​នេះ ។

ក្រុមប្រឹក្សា​គ្រួសារ​ដែល​មាន​បញ្ចូល​នូវការ​អធិស្ឋាន នឹង​អញ្ជើញ​ឲ្យ​មាន​វត្តមាន​របស់​ព្រះអង្គសង្គ្រោះ ដូច​ទ្រង់​បាន​សន្យា ៖ « ដ្បិត​កន្លែង​ណា​ដែល​មាន ២ ឬ ៣ ​នាក់​ប្រជុំ​ជា​មួយ​គ្នា ដោយ​នូវ​ឈ្មោះ​ខ្ញុំ នោះ​ខ្ញុំ​ក៏​នៅ​កណ្តាល​ចំណោម​អ្នក​ទាំង​នោះ​ដែរ » ។ ការយាង​ព្រះវិញ្ញាណ​នៃ​ព្រះអម្ចាស់​ឲ្យ​ចូល​រួម​ចំណែក​នៅក្នុង​ក្រុមប្រឹក្សា​គ្រួសារ​របស់​បងប្អូន នឹង​នាំ​មកនូវ​ពរជ័យ​ជាច្រើន​ដែល​ពុំ​អាច​ពិពណ៌នា​អស់​បាន ។

ជា​ទី​បញ្ចប់ សូម​ចងចាំ​ថា ក្រុមប្រឹក្សា​គ្រួសារ​មួយ​ដែល​ធ្វើ​ឡើង​ជា​ទៀងទាត់ នឹង​ជួយ​យើង​ឲ្យ​សម្គាល់​ឃើញ​បញ្ហា​គ្រួសារ​ពី​ដំបូង ហើយ​ដោះស្រាយ​វា​ពីមុន​វា​ក្លាយ​ទៅ​ជា​រឿង​ធំ វា​នឹង​ធ្វើ​ឲ្យ​សមាជិក​គ្រួសារ​ម្នាក់ៗ​មាន​អារម្មណ៍​ថា​ពួកគេ​មាន​តម្លៃ និង​សំខាន់ ហើយ​លើស​អ្វីៗ​ទាំង​អស់ វា​នឹង​ជួយ​យើង​ឲ្យ​កាន់តែ​មាន​ជោគជ័យ និង​រីករាយ​នៅក្នុង​ទំនាក់ទំនង​ដ៏​មាន​តម្លៃ​របស់​យើង នៅក្នុង​រង្វង់​ជញ្ជាំង​នៃ​គេហដ្ឋាន​របស់​យើង ។ សូម​ឲ្យ​ព្រះវរបិតាសួគ៌​យើង​ប្រទានពរ​ដល់​ក្រុមគ្រួសារ​របស់​យើង​ទាំងអស់​គ្នា នៅពេល​យើង​ប្រឹក្សា​ជាមួយ​គ្នា គឺ​ជា​ការអធិស្ឋាន​ដោយ​រាបសា​របស់​ខ្ញុំ នៅក្នុង​ព្រះនាម​នៃ​ព្រះអម្ចាស់​របស់​ទ្រង់ ព្រះយេស៊ូវ​គ្រីស្ទ អាម៉ែន ។