ថ្នាក់​សិក្ខាសាលា
ការរំឭក​ចំណេះចំណាន​ខាង​គោលលទ្ធិ ទី ១៤


ការរំឭក​ចំណេះចំណាន​ខាង​គោលលទ្ធិ ទី ១៤

យល់ និង​ពន្យល់

រូបភាព
ព្រះយេស៊ូវគ្រីស្ទ​កំពុង​ឈរ​លើ​ភ្នំ​ទត​ទៅ​ទន្លេ

គោលបំណង​មួយនៃ​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ គឺ​ដើម្បី​ជួយ​អ្នក​ឲ្យ​យល់​ពី​ការបង្រៀន​របស់​ព្រះអង្គ​សង្គ្រោះ ដែល​មាន​នៅ​ក្នុង​វគ្គ​បទគម្ពីរ​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ ហើយ​អាច​ពន្យល់វា​ជា​ពាក្យ​សម្ដីផ្ទាល់​របស់អ្នក ។ មេរៀន​នេះ​នឹង​ផ្តល់​ឱកាស​ឲ្យ​អ្នក​ពង្រីក​ការយល់​ដឹង​របស់​អ្នក និង​ពន្យល់​ពី​សេចក្ដី​ពិត​អំពី​វគ្គចំណេះ​ចំណាន​ខាង​គោលលទ្ធិមួយ ឬច្រើន​ចេញពី​ព្រះគម្ពីរ​សញ្ញាថ្មី ។  

រំឭក​ឡើងវិញ

នៅក្នុង​សកម្មភាព​ដូច​ខាងក្រោម សូម​ផ្គូផ្គង​សាច់រឿង​នីមួយៗ​ជា​មួយនឹង​វគ្គបទគម្ពីរ​ចំណេះចំណាន​ខាងគោលលទ្ធិ ដែល​អ្នក​មាន​អារម្មណ៍​ថា​នឹង​បង្រៀន​មនុស្សម្នាក់ ឬ​មនុស្ស​ជាច្រើន​នៅក្នុង​សាច់រឿង​នោះ​បានល្អ​បំផុត ។

ចម្លើយ​មាន​ផ្ដល់​នៅ​ខាង​ចុង​នៃ​មេរៀន​នេះ ។

  1. កូរិនថូស ទី១ ៦:១៩–២០

  2. កូរិនថូស ទី១ ១១:១១

  3. កូរិនថូស ទី១ ១៥:២០–២២

  4. កូរិនថូស ទី១ ១៥:៤០–៤២

  1. សមាជិក​គ្រួសារ​របស់​អ្នក​មួយ​ចំនួន​កំពុង​មាន​អារម្មណ៍​រន្ធត់ ដោយ​សារតែ​មនុស្ស​ជាទីស្រឡាញ់​ម្នាក់​ទើប​តែ​បាន​ទទួល​មរណភាព ហើយ​ពួកគេ​មាន​អារម្មណ៍​ថា​ពួកគេ​នឹង​មិន​បានឃើញ​គ្នា​ទៀតទេ ។

  2. មនុស្ស​មួយ​ចំនួន​ជឿ​ថា​រាងកាយ​របស់​ពួកគេ​គឺជា​របស់​ពួកគេ ហើយថា​ពួកគេ​អាច​ធ្វើ​អ្វី​ដែល​ពួកគេ​ចង់​បានជា​មួយ​រាងកាយ​របស់​ពួកគេ ។ ពួកគេ​មិន​បាន​ដឹង​ថា ព្រះអង្គ​សង្គ្រោះ​បាន​បង់​ថ្លៃ ប្រោសលោះ យើង ដែល​មានន័យ​ត្រង់​ថា « ទិញ​យក​យើង​វិញ » ។ ដោយ​ហេតុ​នេះ​ហើយ យើង​មិន​មែន​ជា​ខ្លួន​យើង​ទេ ប៉ុន្តែ​ត្រូវ​ជំពាក់​គុណ​ព្រះអង្គ​សង្គ្រោះ​វិញ ។

  3. មនុស្ស​ជា​ច្រើន​ជឿ​លើ​ស្ថានសួគ៌ និង​ស្ថាននរក ប៉ុន្តែ​យល់​ខុស​សេចក្ដី​ពិត​អំពី​ជីវិត​បន្ទាប់​ពី​សេចក្ដី​ស្លាប់ និង​រូប​កាយ​ដែល​រស់​ឡើង​វិញ ។

  4. មិត្តភក្តិ​ម្នាក់​សួរ​អ្នក​ថា ហេតុអ្វី​បានជា​អ្នក​ឲ្យ​អាទិភាព​ដល់​អាពាហ៍ពិពាហ៍ និង​ទំនាក់ទំនង​គ្រួសារ​ដ៏​រឹងមាំ ជាង​ភាពជោគជ័យ​ក្នុង​អាជីព និង​លុយកាក់ ។

ស្វែង​យល់ និងពន្យល់

ប្រធាន រ័សុលអិម ណិលសុន បាន​បង្រៀន​ពី​របៀប​ដែល​ព្រះគម្ពីរ​អាច​ភ្ជាប់​យើង​ទៅនឹង​ព្រះយេស៊ូវ​គ្រីស្ទ ។ អ្នក​អាច​នឹង​ចង់​មើល​វីដេអូ « President Nelson—The Scriptures Teach Us about Jesus Christ (for Youth) » ( ០:៥៩ ) ដែល​មាន​នៅលើ​គេហទំព័រ ChurchofJesusChrist.org ឬ​អាន​សេចក្ដីថ្លែងការណ៍​ដូច​ខាងក្រោម​នេះ ។

រូបភាព
រូបថត​ផ្លូវការ​ពាក់កណ្តាល​ខ្លួន​របស់​ប្រធាន​ រ័សុល អិម ណិលសុន ដែល​បានថត​នៅ​ខែ មករា ឆ្នាំ ២០១៨

[ បទគម្ពី ] បង្រៀន​យើង​អំពី​ព្រះយេស៊ូវគ្រីស្ទ និង​ដំណឹងល្អ​របស់​ទ្រង់ វិសាលភាព​នៃ​ដង្វាយធួន​របស់ទ្រង់ និង​ផែនការ​នៃ​សុភមង្គល និង​ការប្រោសលោះ​ដ៏​មហិមា​របស់​ព្រះវរបិតា​យើង ។ ការ​ជ្រមុជ​ទៅក្នុង​ព្រះបន្ទូល​នៃ​ព្រះ​ជាប្រចាំ​ថ្ងៃ គឺ​សំខាន់​សម្រាប់​ជីវិត​ខាង​វិញ្ញាណ ជាពិសេស​នៅ​ក្នុង​គ្រា​ដែល​មាន​ចលាចល​កាន់តែ​ខ្លាំងនេះ ។ នៅពេល​យើង​ទទួល​ទាន​ព្រះបន្ទូល​នៃ​ព្រះគ្រីស្ទ​ជា​ប្រចាំ​ថ្ងៃ ព្រះបន្ទូល​នៃ​ព្រះគ្រីស្ទ​នឹង​ប្រាប់​យើង​អំពី​របៀប​ដើម្បី​ឆ្លើយ​តប​ទៅនឹង​ការ​លំបាក ដែល​យើង​ពុំ​ធ្លាប់​គិត​ថា​យើង​នឹង​ជួប​នោះ ។

( រ័សុល អិម ណិលសុន « Hear Him » Liahona ខែ ឧសភា ឆ្នាំ ២០២០ ទំព័រ ៨៩ )

សូម​ស្រមៃ​ថា ដើម្បី​ចាប់​ផ្ដើម​សកម្មភាព​យុវវ័យ អ្នក​ត្រូវ​បាន​សុំ​ឲ្យ​ចែកចាយ​បទគម្ពីរ​ដែល​បាន​ជួយ​អ្នក​ឲ្យ​រៀន ឬ​ទទួល​អារម្មណ៍​អ្វី​មួយ​អំពី​ព្រះយេស៊ូវគ្រីស្ទ ។ សូម​ជ្រើសរើស​វគ្គបទគម្ពីរ​ចំណេះចំណាន​ខាង​គោលលទ្ធិ​មួយ​ពី​មេរៀននេះ ឬ​មេរៀន​ផ្សេងទៀត​ចេញពី​ព្រះគម្ពីរ​សញ្ញាថ្មី ។ សូម​យាងអញ្ជើញ​ព្រះវិញ្ញាណ​បរិសុទ្ធ ដើម្បី​ជួយ​អ្នក​ស្វែងរកសេចក្ដី​ពិត​អំពី​ព្រះអង្គ​សង្គ្រោះ ដែល​ធ្វើ​ឲ្យ​ការយល់ដឹង​របស់​អ្នក​កាន់តែ​ស៊ីជម្រៅ​អំពី​ទ្រង់ ដំណឹងល្អ​របស់​ទ្រង់ ដង្វាយធួន​របស់ទ្រង់ ឬ​ផែនការ​នៃ​សេចក្តី​សង្គ្រោះ​របស់​ព្រះវរបិតាសួគ៌ ។

១. សូម​ឆ្លើយ​សំណួរ​ខាងក្រោម​នេះ​នៅ​ក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​របស់​អ្នក ៖

  • តើ​អ្នកបាន​ជ្រើសរើស​វគ្គបទគម្ពីរ​ចំណេះចំណាន​ខាង​គោលលទ្ធិ​មួយ​ណា ?

  • តើ​សេចក្ដីពិត ឬ​គោលលទ្ធិ​អ្វី​ដែល​អ្នក​រកឃើញ​ពី​វគ្គ​បទគម្ពីរ​នេះ ?

  • តើ​ជីវិត​របស់​មនុស្ស​ម្នាក់​អាច​ខុស​គ្នា​យ៉ាង​ណា បើ​គេ​មិន​បាន​ដឹង​ពី​សេចក្ដី​ពិត​ដែល​អ្នក​បាន​រកឃើញ​នេះ ?

  • តើ​ការ​យល់​ដឹង​ពី​សេចក្ដីពិត​នេះ​ អាច​ជួយ​អ្នកឲ្យ​ចូល​ទៅ​កាន់​តែ​ជិត​ព្រះអង្គ​សង្គ្រោះ​ដោយ​របៀបណា ?

ពិនិត្យចម្លើយ ៖ ១-ខ, ២-ឃ, ៣-ក, ៤-គ