ថ្នាក់​សិក្ខាសាលា
កិច្ចការ ១២:១–១៩


កិច្ចការ ១២:១–១៩

រូបភាព
ទេវតា​ជួយ​ពេត្រុស​ដោះលែង​ចេញពី​គុក ។ ឆ្មាំ​គុក​សន្លប់​នៅ​លើ​ដី ។

ពួកសាវក​បានប្រឈមមុខ​នឹង​ការជំទាស់ នៅពេល​ពួកលោក​ព្យាយាម​ជំរុញ​កិច្ចការ​របស់​ព្រះអង្គ​សង្គ្រោះឲ្យ​ឆ្ពោះ​ទៅមុខ ។ យ៉ាកុប ​ត្រូវ​បាន​គេ​ធ្វើ​ឃាត​តាម​បង្គាប់​របស់​សេ្តច​ហេរ៉ូឌ ខណៈ​ពេល​ដែល ពេត្រុស ត្រូវ​បាន​គេ​ចាប់​ដាក់​គុក ប៉ុន្តែ​បន្ទាប់​មក​ទេវតា​បាន​ដោះលែង​វិញជា​ការឆ្លើយ​តប​នឹង​ការអធិស្ឋាន​ពី​សមាជិក​សាសនាចក្រ ។ មេរៀន​នេះ​មាន​គោល​បំណង​ជួយ​អ្នក​បង្កើត​ទំនុកចិត្ត​កាន់​តែ​ខ្លាំង​ទៅ​លើ​ព្រះវរបិតាសួគ៌ និង​ចម្លើយ​របស់​ទ្រង់​ចំពោះ​ការ​អធិស្ឋាន ។

លទ្ធផល​ផ្សេង​គ្នា

សូម​គិត​អំពី​របៀប​ផ្សេងៗ​ដែល​មនុស្ស​អាច​ឆ្លើយ​តប​ទៅនឹង​ស្ថានភាព​ដូច​ខាង​ក្រោម​នេះ ៖

យុវជន​ម្នាក់​អធិស្ឋាន​ដោយ​ឧស្សាហ៍​ព្យាយាម​ជា​ច្រើន​ឆ្នាំ​ដើម្បី​សូម​ឲ្យ​ឪពុក​របស់​គាត់​បាន​ជា​សះស្បើយ​ពី​ជំងឺ​មហារីក ប៉ុន្តែ​ឪពុក​របស់​គាត់​មិន​បាន​ជាសះ​ស្បើយ​ឡើយ ។

យុវនារី​ម្នាក់​អធិស្ឋាន​យ៉ាង​ក្លៀវក្លា​សូមឲ្យ​ម្ដាយ​របស់នាង​ជា​សះស្បើយ​ពី​ជំងឺ​មហារីក ហើយ​ក្រោយ​ពី​ការពុះពារអស់​រយៈ​ពេល​ជាច្រើន​ឆ្នាំ ម្ដាយ​របស់​នាង​បាន​ជា​សះស្បើយ​ដោយ​អព្ភូតហេតុ ។

  • តើ​នៅ​ពេល​ណា​ដែល​អ្នក ឬ​អ្នក​ផ្សេង ទៀត​បាន​អធិស្ឋាន​ទូល​សូម​ប៉ុន្តែ​មិន​បាន​ឆ្លើយតប​ដូច​ក្តី​សង្ឃឹម ?

  • តើ​អ្នក​បាន​ឆ្លើយ​តប​យ៉ាង​ដូចម្ដេច ?

  • តើ​កម្រិត​នៃ​ការទុកចិត្ត​របស់​អ្នក​លើ​ព្រះវរបិតាសួគ៌​មាន​ឥទ្ធិពល​លើ​ការ​ឆ្លើយតប​របស់​អ្នក​យ៉ាង​ដូចម្តេច ?

នៅក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​របស់​អ្នក សូម​ប្រាប់​អំពី​អព្ភូតហេតុ ឬ​ពរជ័យ​ដែល​អ្នក​កំពុង​ស្វែងរក ។ សូម​ពិចារណា​អំពី​របៀប​ដែល​ការទុកចិត្ដ​កាន់តែខ្លាំង​លើ​ព្រះ​អាច​មាន​ឥទ្ធិពល​លើ​ជីវិត​របស់​អ្នក​កាន់តែ​ប្រសើរ​ឡើង ។ នៅពេល​អ្នក​សិក្សា សូម​រកមើល​សេចក្ដីពិត និង​គំរូ​ដែល​អាច​ជួយ​អ្នក​អភិវឌ្ឍ​ការទុកចិត្ត​កាន់តែ​ខ្លាំង​ទៅ​លើ​ព្រះវរបិតាសួគ៌ និង​ការឆ្លើយ​តប​របស់​ទ្រង់​ចំពោះ​ការអធិស្ឋាន ។

ការបៀតបៀន​សមាជិក​នៃ​សាសនាចក្រ

នៅពេល​ដំណឹងល្អ​បាន​បន្ត​ផ្សព្វផ្សាយ សមាជិក​នៃ​សាសនាចក្រ និង​ថ្នាក់ដឹកនាំ​ទាំងឡាយ បាន​ទទួល​ការបៀតបៀន​ដោយ​មេដឹកនាំ​រ៉ូម និង​សាសន៍​យូដា ។ ថ្នាក់​ដឹកនាំ​សាសនាចក្រ​មួយ​ចំនួន ដូចជា​ពេត្រុស និង យ៉ូហាន ត្រូវ​បាន​ប្រទាន​មក​ពីព្រះ​ដោយ​អព្ភូតហេតុ ( សូម​មើល កិច្ចការ ៥:១៧–២១ ) ចំណែក​ឯ​អ្នក​ផ្សេង​ទៀត​ដូច​ជា ស្ទេផាន មិន​មែន​មកពី​ព្រះ​ទេ ( សូមមើល កិច្ចការ ៧:៥៤–៦០ ) ។

សូម​ស្រមៃ​ថា​ខ្លួន​អ្នក​ជា​សមាជិក​សាសនាចក្រ​ក្នុង​អំឡុង​ពេល​ព្រឹត្តិការណ៍​ទាំងនេះ ពេល​អ្នក​អាន កិច្ចការ ១២:១–៤ ។ ពាក្យ​ធ្វើ​ទុក្ខ មាន​ន័យ​ថា ជិះជាន់ ឬ​ធ្វើ​បាប ។ ខទី ៤ មានន័យថា ស្តេច​ហេរ៉ូឌ​បានដាក់​ទាហាន ១៦ នាក់​ឲ្យយាម​ពេត្រុស ខណៈ​គ្រោង​នឹង​ប្រហារ​ជីវិត​លោក​ជា​សាធារណៈ​នៅពេល​ក្រោយ ។

  • តើ​អារម្មណ៍ និង​សំណួរ​អ្វីខ្លះ ដែល​អ្នក​អាច​មាន​ក្នុង​នាម​ជា​សមាជិក​សាសនាចក្រ​នៅពេលនេះ ?

សូមអាន កិច្ចការ ១២:៥ ហើយ​រកមើល​ពីរបៀប​ដែល​សមាជិក​សាសនាចក្រ​បានឆ្លើយតប ។

  • ហេតុអ្វី​បាន​ជា​វា​ពិបាក​ក្នុង​ការអនុវត្ត​សេចក្ដីជំនឿ​ដោយ​ការអធិស្ឋាន​ឲ្យ​ពេត្រុស នាពេលនោះ ?

  • តើ​អ្នក​គិត​ថា​សមាជិក​សាសនាចក្រ​យល់​យ៉ាង​ណា​អំពី​ព្រះវរបិតាសួគ៌ ដែល​បាន​ជំរុញ​ពួកគេ​ឲ្យ​ធ្វើ​កិច្ចការ​នេះ ?

សូមអាន កិច្ចការ ១២:៦–១១ ហើយ​រកមើល​ពីរបៀប​ដែល​ការអធិស្ឋាន​របស់​សមាជិក​សាសនាចក្រ​បាន​ឆ្លើយតប ។

១. សូម​ឆ្លើយ​សំណួរ​ខាងក្រោម​នេះ​នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​របស់​អ្នក ៖

  • តើ​អារម្មណ៍ ឬ​គំនិត​អ្វី​ខ្លះ​ដែល​អ្នក​អាច​នឹង​បាន​ជួប បើ​អ្នក​បាន​ធ្វើ​ជាសាក្សី​ចំពោះ ចម្លើយ​នៃ​ការអធិស្ឋាន​នេះ ?

  • តើ​ព្រឹត្តិការណ៍​បែប​នេះ​អាច​ប៉ះពាល់​ដល់​ការទុកចិត្ត​របស់​អ្នក​ទៅ​លើ​ព្រះវរបិតាសួគ៌​យ៉ាង​ដូចម្ដេច ?

  • តើ​សេចក្តីពិត​អំពី​ការអធិស្ឋាន​អ្វីខ្លះ​ដែល​យើង​អាច​រៀន​ចេញពី​ដំណើររឿង​នេះ ?

ការអធិស្ឋាន​ដ៏​ស្មោះ និងអស់​ពី​ចិត្ត

សេចក្ដីពិត​មួយ​ដែល​យើង​អាចរៀន​ពី​ដំណើររឿង​នេះ​គឺថា ការអធិស្ឋាន​ដ៏​ស្មោះ និងអស់​ពី​ចិត្ត​របស់​យើង ញ៉ាំង​ឲ្យ​មាន​អព្ភូតហេតុ និង​ពរជ័យ​ពី​ព្រះ​ចូល​មក​ក្នុង​ជីវិត​របស់​យើង និង​ជីវិត​មនុស្ស​ដទៃ​ទៀត ។

អព្ភូតហេតុ​ដែលកើត​ចេញពី​ការអធិស្ឋាន​ដ៏ស្មោះត្រង់ ច្រើនតែ​ការណ៍​តូចតាច និង​សាមញ្ញ ជាជាង​ការណ៍ធំ និង​អស្ចារ្យ ។

អ្នក​អាច​នឹង​ចង់មើល​វីដេអូ « Watch Ye Therefore, and Pray Always » ចាប់​ពី​នាទី​ទី ​១២:១៧ ដល់នាទី​ទី ១៣:០៧ ដែល​អាច​រក​បាន​នៅ​លើ​គេហទំព័រ ChurchofJesusChrist.org ឬ​អាន​សេចក្ដី​ថ្លែងការណ៍​ខាងក្រោម​ដើម្បី​មើល​ឃើញ​អព្ភូតហេតុ​មួយ​ពី​ការអធិស្ឋាន​ក្នុង​ជីវិត​របស់​ប្រធាន អិម រ័សុល បាឡឺដ ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់ ។

រូបភាព
រូប​ឮថត​ផ្លូវការ​ពាក់​កណ្តាល​ខ្លួន​របស់​ប្រធាន អិម រ័សុល បាឡឺដ ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់​ឆ្នាំ ២០០៤ ។

ខ្ញុំ​ស្គាល់ពី​អំណាច​នៃ​ការអធិស្ឋាន​តាមរយៈ​បទពិសោធន៍​ផ្ទាល់​ខ្លួន​ខ្ញុំ ។ ថ្មីៗ​នេះ ខ្ញុំ​នៅ​តែ​ឯង​ក្នុង​ការិយាល័យ​របស់​ខ្ញុំ ។ ខ្ញុំ​ទើប​ទទួល​ការព្យាបាល​នៅលើ​ដៃ​របស់​ខ្ញុំ​តាម​វេជ្ជសាស្រ្ត ។ ដៃ​របស់​ខ្ញុំ​វា​ឡើង​ពណ៌​ខ្មៅ និង ជាំ​ហើម ហើយ​វា​ឈឺ​ខ្លាំង​ណាស់ ។ ពេល​ខ្ញុំ​អង្គុយ​នៅ​តុ​ធ្វើការ ខ្ញុំ​មិន​អាច​ផ្ដោត​លើ​បញ្ហា​សំខាន់ៗ​បាន​ឡើយ ដោយ​សារ​មាន​ការរំខាន​ពី​ការឈឺចាប់​នេះ ។

ខ្ញុំ​បាន​លុតជង្គង់​អធិស្ឋាន​ទូល​សូម​ព្រះអម្ចាស់​ឲ្យ​ជួយ​ខ្ញុំ​ផ្ដោតអារម្មណ៍ ដើម្បី​ខ្ញុំ​អាច​សម្រេច​កិច្ចការ​របស់​ខ្ញុំ​បាន ។ ខ្ញុំ​បាន​ក្រោកឡើង ហើយ​បាន​ត្រឡប់​ទៅ​កាន់​គំនរ​ក្រដាស​នៅ​លើ​តុ​ខ្ញុំ​វិញ ។ ភ្លាមៗ​នោះ ភាពច្បាស់លាស់ និង​ការផ្ដោតអារម្មណ៍​បាន​កើត​ឡើងក្នុង​គំនិត​ខ្ញុំ ហើយ​ខ្ញុំ​អាច​បញ្ចប់​បញ្ហា​បន្ទាន់ៗ​បាន ។

( អិម រ័សុល បាឡឺដ « Watch Ye Therefore, and Pray Always » Liahona ខែ វិច្ឆិកា ឆ្នាំ ២០២០ ទំព័រ ៧៩ )

២. សូម​ឆ្លើយ​សំណួរ​ខាងក្រោម​នេះ​នៅ​ក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​របស់​អ្នក ៖

  • តើ​អ្នក​ ឬ​អ្នក​ដទៃ​មាន​បទពិសោធន៍​ដែល​ព្រះ​បាន​ឆ្លើយ​តប​នឹង​ការ​អធិស្ឋាន​អ្វីខ្លះ ?

  • តើ​បទពិសោធន៍​ទាំងនេះ​បង្រៀន​អ្នក​អ្វីខ្លះ​អំពី​បំណងប្រាថ្នា និង​អារម្មណ៍​របស់​ព្រះវរបិតាសួគ៌​ចំពោះអ្នក និង​អ្នកដទៃ ?

  • តើ​បទពិសោធន៍​ទាំងនេះ​មាន​ឥទ្ធិពល​លើ​បំណង​ប្រាថ្នា និង​សមត្ថភាព​របស់​អ្នក​ក្នុង​ការទុកចិត្ត​លើ​ព្រះវរបិតាសួគ៌​យ៉ាង​ដូចម្ដេច ?

ជឿ​ទុកចិត្ត​លើ​ព្រះ

សូមអាន កិច្ចការ ១២:១២–១៧ ដើម្បី​មើល​ពី​របៀប​ដែល​ដំណើរ​រឿង​នេះ​បញ្ចប់ ។ សូម​ចាំ​ថាអ្វី​ដែល យ៉ាកុប​បាន​លើក​ឡើង​នៅ​ក្នុង ខទី ១៧ មិន​ដូច​គ្នា​នឹង​អ្វី ដែល​យ៉ាកុប​បាន​លើក​ឡើង​នៅ​ក្នុង ខទី ២ នោះ​ទេ ។

ជួន​កាល​ការអធិស្ឋាន​មិន​បាន​ឆ្លើយតប​តាម​របៀប​ដែល​យើង​សង្ឃឹម​នោះ​ទេ ។ ការធ្វើ​ឃាត យ៉ាកុប​អាច​ជា​ឧទាហរណ៍​មួយ ។ ពួកបរិសុទ្ធ​នៅ​ពេល​នេះ​ប្រហែល​ជា​បាន​អធិស្ឋាន​សម្រាប់ ​យ៉ាកុប​ដែរ ប៉ុន្តែ​លោក​នៅ​តែ​ត្រូវ​បាន​ស្ដេច​ហេរ៉ូឌ​សម្លាប់ ( សូមមើល កិច្ចការ ១២:២ ) ។

សូម​សញ្ជឹង​គិត​ពី​សាច់រឿង​នេះ​ចាប់តាំង​ពី​ការចាប់ផ្ដើម​មេរៀន និង​ពេល​វេលា​ក្នុង​ជីវិត​របស់​អ្នក នៅ​ពេល​ដែល​ព្រះ​មិន​បាន​ឆ្លើយ​តប​នឹង​ការអធិស្ឋាន​របស់​អ្នក​ដូច​អ្វី​ដែល​បាន​សង្ឃឹម​ទុក ។

  • តើ​អ្នក​ដឹង​អ្វីខ្លះ​អំពី​ព្រះវរបិតាសួគ៌ ដែល​អាច​ជួយ​អ្នក​ឲ្យ​ទុក​ចិត្ត​លើ​ទ្រង់​ក្នុង​ស្ថានភាព​ទាំងនេះ ?

ប្រធាន ដាល្លិន អេក អូក​ក្នុង​គណៈប្រធាន​ទីមួយ​បាន​បង្រៀន​អ្វីមួយ​ដែល​អាច​មាន​សារៈប្រយោជន៍​នៅពេល​ដែល​ការអធិស្ឋាន​របស់​យើង​ប្រហែលជា​មិន​បាន​ឆ្លើយតប​ដូច​ក្តី​សង្ឈឹម​របស់​យើង ។ អ្នកអាច​មើល​វីដេអូ « Healing the Sick » ចាប់ពី​នាទីទី ១៥:១៩ ដល់នាទី​ទី ១៦:៥៥ ឬ​អាន​សេចក្តី​ថ្លែងការណ៍​ខាងក្រោម​នេះ ។

រូបភាព
រូបថត​ផ្លូវការ​ពាក់​កណ្តាល​ខ្លួន​របស់​ប្រធាន ដាល្លិន អេក អូក ដែល​បាន​ថត​នៅ ខែ មីនា ឆ្នាំ ២០១៨ ។

ក្នុង​នាម​ជា​បុត្រ​របស់​ព្រះ ដោយ​ដឹង​ពី​សេចក្ដី​ស្រឡាញ់​ដ៏​មហិមា​របស់​ទ្រង់ និង​ចំណេះដឹង​ដ៏​ខ្ពង់ខ្ពស់​របស់​ទ្រង់​អំពី​អ្វី​ដែល​ល្អ​បំផុត​សម្រាប់​សុខុមាលភាព​ដ៏​អស់កល្ប​ជានិច្ច​របស់​យើង នោះ​យើង​នឹង​ទុកចិត្ត​លើ​ទ្រង់ ។ គោលការណ៍​ទីមួយ​នៃ​ដំណឹងល្អ​គឺជា​សេចក្ដីជំនឿ​ទៅលើ​ព្រះអម្ចាស់ ព្រះយេស៊ូវគ្រីស្ទ ហើយ​សេចក្ដីជំនឿ​មាន​ន័យ​ថា​ការទុកចិត្ត ។ ខ្ញុំ​បាន​ទទួល​អារម្មណ៍​ដឹងពី​ទំនុកចិត្ត​នោះ នៅក្នុង​ការនិយាយ​ដែល​បងប្អូន​ជីដូនមួយ​របស់ខ្ញុំ​បាន​ផ្ដល់​នៅ​ពិធីបុណ្យ​សព​របស់​ក្មេងស្រី​ជំទង់​ម្នាក់ ដែល​បាន​ស្លាប់​ដោយសារ​មាន​ជំងឺ​ធ្ងន់ធ្ងរ ។ គាត់​បាន​និយាយ​ពាក្យ​ទាំងនេះ ដែល​ដំបូង​វា​ធ្វើ​ឲ្យ​ខ្ញុំ​ភ្ញាក់ផ្អើល ប៉ុន្តែ​បន្ទាប់​មក​វា​បាន​ធ្វើ​ឲ្យ​ខ្ញុំ​បាន​ស្កប់​ចិត្ត ៖ « ខ្ញុំ​ដឹង​ថា វា​គឺជា​ព្រះទ័យ​របស់​ព្រះអម្ចាស់ ដែល​ថា​នាង​ត្រូវ​ស្លាប់ ។ នាង​បាន​ទទួល​ការថែទាំ​ពី​គ្រូពេទ្យ​ដ៏​ល្អ ។ នាង​បាន​ទទួល​ការប្រសិទ្ធពរ​បព្វជិតភាព ។ ឈ្មោះ​នាង​ត្រូវ​បាន​ដាក់​នៅក្នុង​បញ្ជី​អធិស្ឋាន​ក្នុង​ព្រះវិហារ​បរិសុទ្ធ ។ នាង​គឺជា​បុព្វហេតុ​នៃ​ការអធិស្ឋាន​របស់​មនុស្ស​រាប់រយ​នាក់ ដែល​សូម​ឲ្យ​នាង​មាន​សុខភាព​ល្អ​ប្រសើរ​វិញ ។ ហើយ​ខ្ញុំ​ដឹង​ថា គ្រួសារ​នេះ​មាន​សេចក្ដីជំនឿ​ល្មម​គ្រប់គ្រាន់​ដើម្បី​ឲ្យ​នាង​នឹង​បាន​ជាសះស្បើយ តែ​វា​គឺ​ជា​ព្រះទ័យ​របស់​ព្រះអម្ចាស់ ដើម្បី​នាំ​នាង​ត្រឡប់​ទៅ​ផ្ទះ​វិញ​នា​ពេល​នេះ » ។ ខ្ញុំ​បាន​មាន​ទំនុកចិត្ត​ដូចគ្នា​នេះ ទៅលើ​ពាក្យ​របស់​ឪពុក​របស់​ក្មេងស្រី​ដ៏​ជម្រើស​ម្នាក់​ទៀត ដែល​បាន​ស្លាប់​ដោយសារ​ជំងឺ​មហារីក ក្នុង​វ័យ​ជំទង់​របស់​នាង ។ គាត់​បាន​ប្រកាស​ថា « សេចក្ដីជំនឿ​របស់​គ្រួសារ​យើង លើ​ព្រះយេស៊ូវគ្រីស្ទ គឺមិន​ពឹងផ្អែក​ទៅលើ​លទ្ធផល​ណាមួយ​នោះទេ » ។ ការបង្រៀន​ទាំងនោះ​ស្ដាប់ទៅ​ពិត​ណាស់​ចំពោះ​ខ្ញុំ ។ យើង​ធ្វើ​នូវ​អ្វីៗ​ទាំង​អស់​ដែល​យើង​អាច​ធ្វើ ដើម្បី​ព្យាបាល​ដល់​មនុស្ស​ជា​ទីស្រឡាញ់​របស់​យើង រួច​ហើយ​យើង​ទុកចិត្ត​ទៅលើ​ព្រះអម្ចាស់​ចំពោះ​លទ្ធផល​នោះ ។

( ដាល្លិន អេក អូក « Healing the Sick » Liahona ខែ ឧសភា ឆ្នាំ ២០១០ ទំព័រ ៥០ )

  • តើ​ប្រធាន​អូក​បាន​បង្រៀន​អ្វីខ្លះ​ដែល​អ្នក​មាន​អារម្មណ៍​ថា​សំខាន់​ដើម្បី​ចងចាំ ? ហេតុអ្វី ?

៣. សូម​ធ្វើ​កិច្ចការ​ដូច​តទៅ​នេះ ។

ដោយផ្អែក​លើអ្វី​ដែល​អ្នក​បាន​រៀន​ថ្ងៃនេះ សូម​សរសេរ​កំណត់ហេតុ​ប្រចាំថ្ងៃ​ដែល​និយាយ​អំពី​ការជំរុញ​មួយ ឬ​ច្រើន​ដូច​ខាងក្រោម ៖

  1. អ្វី​ដែល​អ្នក​បាន​រៀន​អំពី​ព្រះវរបិតាសួគ៌ ដែល​បង្កើន​ការទុកចិត្ត​របស់​អ្នក​លើ​ទ្រង់

  2. អ្វី​ដែល​អ្នក​បាន​រៀន​អំពី​ការអធិស្ឋាន​ដែល​អ្នក​ចង់​ចងចាំ

  3. ចំណាប់​អារម្មណ៍​ដែល​អ្នក​បាន​ទទួល​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ​អំពី​របៀប​កែលម្អ​ការអធិស្ឋាន​ផ្ទាល់ខ្លួន​របស់​អ្នក ឬ​ពីរបៀប​ដែល​អ្នក​អាច​ស្វែងរក​ដើម្បី​ទុក​ចិត្ត​លើ​ព្រះវរបិតាសួគ៌​បន្ថែមទៀត

ជម្រើស ៖ តើ​ចង់​រៀនសូត្រ​បន្ថែម​ទៀត​ទេ ? 

តើ​យើង​ត្រូវ​យល់​ពី​អ្វីខ្លះ ពេល​ចម្លើយ​ចំពោះ​ការអធិស្ឋាន​ហាក់​ដូច​ជា​មិន​បាន​កើតឡើង​នោះ ?

អែលឌើរ រីឆាដ ជី ស្កត ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់​ពីរ​នាក់​បាន​ដាស់តឿន ៖

រូបភាព
រូបថត​ផ្លូវការ​ពាក់​កណ្តាល​ខ្លួន​របស់​រីឆាដ ជី ស្កត ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់​ឆ្នាំ ២០០៤ ។ បាន​ទទួល​មរណភាព​នៅ​ថ្ងៃទី ២២ ខែ កញ្ញា ឆ្នាំ ២០១៥ ។

នៅពេល​ចម្លើយ​ចំពោះ​ការអធិស្ឋាន​ដ៏​បន្ទាន់​ហាក់​ដូចជា​មិន​បាន​ទទួល វា​គឺ​ដោយសារ​យើង​មិន​បាន​យល់ពី​សេចក្ដីពិត​មួយ​ចំនួន​ស្ដីពី​ការអធិស្ឋាន ឬ​ដោយសារ​យើង​មិន​ស្គាល់​ពី​ចម្លើយ ដែល​បាន​ផ្ដល់​ឲ្យ ។…

… ទ្រង់​ស្ដាប់​រាល់​ការអធិស្ឋាន ហើយ​ឆ្លើយ​តប​វា​តាម​របៀប​របស់​ទ្រង់ ។

( រីឆាដ ជី ស្កត « Learning to Recognize Answers to Prayer » Ensign ខែ វិច្ឆិកា ឆ្នាំ ១៩៨៩ ទំព័រ ៣០–៣១ )

តើ​ការអធិស្ឋាន​របស់​ខ្ញុំ​អាច​ផ្តល់ពរ​ដល់​ថ្នាក់​ដឹកនាំ​សាសនាចក្រ​នៅ​ថ្ងៃ​នេះ​ដោយ​របៀប​ណា ?

នៅក្នុង​ព្រះគម្ពីរ​យើង​រៀន​ថា គណៈប្រធាន​ទីមួយ​ត្រូវ​បាន​គាំទ្រ​ដោយ « សេចក្ដីទុកចិត្ត សេចក្តីជំនឿ និងសេចក្ដី​អធិស្ឋាន​នៃ​សាសនាចក្រ » ( សូមមើល គោលលទ្ធិ និង សេចក្តីសញ្ញា ១០៧:២២ ) ។ ខណៈពេល​កំពុង​បម្រើ​ជា​ប្រធាន​សាសនាចក្រ ថូម៉ាស អេស​ម៉នសុន ( ឆ្នាំ ១៩២៧–ឆ្នាំ ២០១៨ ) បាន​ចែកចាយ « ដូច​អ្វី​ដែល​ខ្ញុំ​បាន​និយាយ​នៅក្នុង​សន្និសីទ​មុនៗ​នោះ ខ្ញុំ​សូម​ថ្លែង​អំណរគុណ​ដល់​អ្នក​ចំពោះ​ការអធិស្ឋាន​ជំនួសខ្ញុំ ។ ខ្ញុំ​ត្រូវការ​ពួកគេ ខ្ញុំ​ទទួល​អារម្មណ៍​ពីពួកគេ » ( « God Be with You Till We Meet Again » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១២ ទំព័រ ១១១ ) ។