ថ្នាក់​សិក្ខាសាលា
កិច្ចការ ១០ ផ្នែក​ទី ១


កិច្ចការ ១០ ផ្នែក​ទី ១

« ព្រះ​មិន​រើស​មុខ​អ្នកណា​ទេ »

រូបភាព
កូនេលាស​ស្វាគមន៍​ពេត្រុស​នៅ​ខាងក្រៅ​ផ្ទះ​របស់​គាត់ ។ ការសម្ដែង​រួមមាន កូនេលាស​លុត​ជង្គង់ ពេត្រុស​លើក​កូនេលាស​ពី​ដី ទេសភាព​ជុំវិញ និង​អ្នកផ្សេង​ទៀត​ដែល​ចូលរួម​ក្នុង​ការថត ។

ពេល​ព្រះយេស៊ូវ​បានបង្ហាញ​ព្រះកាយ​ចំពោះ​សិស្ស​របស់​ទ្រង់​បន្ទាប់​ពី​ការមាន​ព្រះជន្មរស់​ឡើង​វិញ ទ្រង់​បាន​បញ្ជា​ឲ្យពួកគេ​ឲ្យ​ផ្សាយ​ដំណឹង​ល្អ​ដល់​ពិភពលោក​ទាំងមូល ( សូមមើល ម៉ាថាយ ២៨:១៩–២០ ) ។ ពីមុន​ដំណឹងល្អ​ត្រូវ​បាន​ចែកចាយ​ជា​ចម្បង​ជាមួយ​សាសន៍​យូដា ហើយ​ពេត្រុស និង​សិស្ស​ផ្សេង​ទៀត​បាន​បន្ត​ផ្តោត​កិច្ចការ​ផ្សព្វផ្សាយ​សាសនា​របស់​ពួក​លោក​ចំពោះ​សាសន៍​យូដា ។ កូនេលាស ជា​សាសន៍​ដទៃ​ដែល​ស្រឡាញ់​ព្រះ ហើយ​ស្វែងរក​សេចក្តីណែនាំ​ពី​ទ្រង់​ហើយ​ត្រូវ​បាន​សារ​ទូត​នៅ​ស្ថានសួគ៌​ណែនាំឲ្យ​ស្វែងរក​សាវក​ពេត្រុស ។ នៅ​ពេល​ជាមួយ​គ្នានោះ ពេត្រុស​មាន​ការនិមិត្ត​មួយ ដែល​ជួយ​លោក​ឲ្យ​យល់​កាន់តែ​ច្បាស់​អំពី​អារម្មណ៍​របស់​ព្រះវរបិតាសួគ៌​ចំពោះ​បុត្រាបុត្រី​ទាំងអស់​របស់​ទ្រង់ ។ មេរៀន​នេះ​អាច​ជួយ​អ្នក​ឲ្យ​គិត​ចំពោះ​អ្នក​ដទៃ​ឲ្យ​កាន់តែ​ដូច​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវ​ទត​ឃើញ​អំពី​ពួកគេ​ដែរ ។

តើ​អ្នក​មើល​ឃើញ​អ្វី​ខ្លះ ?

រូបភាព
ពពក​នៅ​លើ​មេឃ​ដែល​ភ្លឺ​ស្រឡះ

សូម​ក្រឡេក​មើល​ពពក ( ទាំង​ខាង​ក្រៅ ឬ​ក្នុង​រូបភាព​នេះ ) ហើយ​ពិពណ៌នា​អំពី​អ្វី​ដែល​អ្នក​មើល​ឃើញ ។

  • ហេតុអ្វី​បាន​ជា​មនុស្ស​ពីរ​នាក់​មើល​ពពក​ដូច​គ្នា ប៉ុន្តែ​ឃើញ​រូប​រាង​ផ្សេង​គ្នា ?

  • ហេតុអ្វី​បាន​ជា​មនុស្ស​ពីរ​នាក់​មើល​ទៅ​មនុស្ស​ម្នាក់​ទៀត ប៉ុន្តែ​ការយល់​ឃើញ​ពី​មនុស្សនោះ​ខុសគ្នា ?

  • តើ​អ្នក​ដឹង​អ្វី​ខ្លះ​អំពី​ថា​តើ​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ​ទត​ឃើញ​យើង​ម្នាក់ៗ​យ៉ាង​ដូចម្ដេច ?

នៅ​ពេល​អ្នក​សិក្សា សូម​ចងចាំ​ថា របៀប​ដែល​អ្នក​យល់​ឃើញ​ពី​មនុស្ស​ជួន​កាល​អាច​ខុស​ពី​របៀប​ដែល​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ​ទត​ឃើញ​ពី​ពួកគេ ។ សូម​អនុញ្ញាត​ឲ្យ​ព្រះវិញ្ញាណ​បរិសុទ្ធ​ដឹកនាំ​អ្នក​នូវ​អ្វី​ដែល​អ្នក​ត្រូវ​ធ្វើ​ដើម្បី​បំភ្លឺ​ការយល់​ឃើញ​របស់​អ្នក​ឲ្យ​បាន​ពេញលេញ​ជា​មួយ​នឹង​ការទត​ឃើញ​របស់​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ ។

ពេត្រុស​បង្រៀន​កូនេលាស ជា​សាសន៍​ដទៃ

រហូត​មក​ដល់​ត្រង់​ចំណុច​នេះ នៅ​ក្នុង​សម័យ​ព្រះគម្ពីរ​សញ្ញាថ្មី ដំណឹងល្អ​បាន​ប្រកាស​ដល់​ពួកសាសន៍​យូដា​ភាគច្រើន ដោយមាន​ករណី​លើកលែង​ពីរបី ដូចដែល​បាន​ណែនាំ​ដោយ​ព្រះអង្គសង្គ្រោះ ( សូមមើល ម៉ាថាយ ១០:៥–៦ ) ។ មាន​សមាជិក​ពីរបី​នាក់​នៃ​សាសនាចក្រ​របស់​ព្រះគ្រីស្ទ ដែល​ជា​សាសន៍​ដទៃ ( មិនមែន​ជា​សាសន៍​យូដា ) ពី​កំណើត ប៉ុន្តែ​ពួកគេ​បាន​ប្រែចិត្ត​ជឿ​លើ​សាសនា​យូដា​រួច​ហើយ​មុន​នឹង​ដើរ​តាម​ព្រះគ្រីស្ទ ។ ទោះជា​យ៉ាងណា​ក៏​ដោយ ព្រះអង្គសង្គ្រោះ​បាន​មាន​ព្រះបន្ទូល​ប្រាប់​ពួក​សិស្ស​របស់​ទ្រង់​ថា បន្ទាប់​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ​បាន​មក​សណ្ឋិត​លើ​ពួកលោក នោះ​ពួកលោក​នឹង​ផ្សព្វផ្សាយ​ដំណឹង​ល្អ « រហូត​ដល់​ចុង​ផែនដី​បំផុត » ( កិច្ចការ ១:៨ ) ។ នៅ​ក្នុង កិច្ចការ ១០ យើង​អាន​អំពី​ការផ្លាស់ប្តូរ​ដ៏​សំខាន់​មួយ​នៅ​ក្នុង​របៀប​ដែល​សាសនាចក្រ​ដំណើរការ ដែល​នឹង​ជួយ​សម្រួល​ដល់​ការណ៍​នេះ​បាន ។

សូមអាន កិច្ចការ ១០:១–៨ ដើម្បី​រៀន​អំពី​កូនេលាស ។ សូម​រកមើល​ការចង្អុល​បង្ហាញ​អំពី​របៀប​ដែល​ព្រះវរបិតាសួគ៌​បាន​ទត​ឃើញ​ពី​គាត់ ។

  • តើ​អ្នក​បាន​រៀន​អ្វី​ខ្លះ​អំពី​កូនេលាស​ពី​ខគម្ពីរ​ទាំង​នេះ ?

  • តើ​អ្នក​បាន​រក​ឃើញ​អ្វី​ដែល​បង្ហាញ​ពី​ព្រះទ័យ​របស់​ព្រះវរបិតាសួគ៌​ចំពោះ​កូនេលាស ?

នៅ​ពេល​គ្នីគ្នា​របស់​កូនេលាស​កំពុង​ធ្វើ​ដំណើរ​ដើម្បី​ស្វែងរក​សាវក​ពេត្រុស ព្រះអម្ចាស់​កំពុង​បង្រៀន​ពេត្រុស​អំពី​របៀប​ដែល​ទ្រង់​ទត​ឃើញ​ចំពោះ​មនុស្ស​ទាំងអស់ ។ សូមអាន កិច្ចការ ១០:៩–១៦ ហើយ​គូរ​រូបភាព​នៃ​អ្វី​ដែល​អ្នក​គិត​ថា​ការនិមិត្ត​របស់​ពេត្រុស​ប្រហែល​ជា​មាន​រូបរាង​ដូច ។

  • ហេតុអ្វី​ពេត្រុស​ព្រួយ​បារម្ភ​អំពី​អ្វី​ដែល​លោក​ត្រូវ​បាន​ណែនាំ​ឲ្យ​ធ្វើ​ក្នុង​ការ​និមិត្ត​នោះ ?

ពេត្រុស​ធំ​ឡើង​​ជា​សាសន៍​យូដា​ដោយ​ធ្វើ​តាម​បទបញ្ញត្តិ និង​ទំនៀម​ទម្លាប់​នៃ​ក្រឹត្យវិន័យ​របស់​លោក​ម៉ូសេ ។ ក្រឹត្យវិន័យ​នេះ​មាន​តម្រូវការ​តឹងរ៉ឹង​លើ​អ្វី​ដែល​មនុស្ស​អាច​បរិភោគ និង​មិន​អាច​បរិភោគ ( សូមមើល​លេវីវិន័យ ១១ ) ។ សត្វ​ដែល​សាសន៍​យូដា​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​បរិភោគ​ត្រូវ​បាន​ចាត់ទុក​ថា « ស្អាត » រីឯ​សត្វ​ដែល​ព្រះ​ហាមឃាត់​សាសន៍​យូដា​មិន​ឲ្យ​បរិភោគ​ត្រូវ​បាន​ចាត់ទុក​ថា « មិន​ស្អាត » ។

ពេត្រុស​មិន​បាន​យល់​ពី​អត្ថន័យ​ពេញលេញ​នៃ​ការនិមិត្ត​ឡើយ ។ ពេល​លោកសញ្ជឹង​គិត​ពី​រឿង​នេះ គ្នីគ្នា​ដែល​កូនេលាស​បញ្ជូន​មក​បាន​មក​ដល់ ។ ព្រះវិញ្ញាណ​បាន​ប្រាប់​ពេត្រុស​ឲ្យ​ទៅ​ជាមួយ​បុរស​ទាំងនេះ​ទៅ​កាន់​ផ្ទះ​កូនេលាស ( សូមមើល កិច្ចការ ១០:១៧–២០ ) ។

សូមអាន កិច្ចការ ១០:២៥–២៩, ៣៤–៣៥ ដោយ​រកមើល​អ្វី​ដែល​ពេត្រុស​បាន​រៀន​អំពី​អត្ថន័យ​នៃ​ការនិមិត្ត​ដែល​លោក​បាន​ទទួល ។ ឬ​អ្នក​អាច​មើល​វីដេអូ « Peter’s Revelation to Take the Gospel to the Gentiles » (ដែល​មាន​នៅលើ​គេហទំព័រ ChurchofJesusChrist.org ) ចាប់ពី​នាទី​ទី ៣:២៩ ដល់នាទី​ទី ៥:២៩ ។

នៅក្នុង ខទី ៣៤ សូម​រកមើល​សេចក្តីពិត​ដែល​ពេត្រុស​បានរៀន​អំពី​របៀប​ដែល​ព្រះវរបិតាសួគ៌​ទត​ឃើញ​ចំពោះ​បុត្រាបុត្រី​ទ្រង់​ទាំងអស់ ។ សូម​ពិចារណា​គូស​ចំណាំ​សេចក្ដីពិត​ដែល​អ្នក​បាន​រកឃើញ ។

១. សូម​សរសេរ​ក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​របស់​អ្នក​ថា​តើ « ព្រះ​មិន​រើស​មុខ​អ្នកណា​ទេ » មាន​ន័យ​ដូចម្តេច​ចំពោះ​អ្នក ។

  • តើ​អ្នក​គិត​ថា វិវរណៈ​របស់​ព្រះវរបិតាសួគ៌​បាន​ផ្លាស់ប្តូរ​ចិត្ត និង​ទស្សនៈ​របស់​ពេត្រុស​យ៉ាង​ដូចម្ដេច ? តើ​ការយល់ដឹង​អំពី​វិវរណៈ​នេះ​អាច​ផ្លាស់ប្តូរ​ចិត្ត​មនុស្ស​សព្វថ្ងៃ​នេះ​ដោយ​របៀបណា ?

នៅពេល​ពេត្រុស​បាន​យល់​ថា ព្រះ​ចង់​ឲ្យ​ដំណឹងល្អ​បង្រៀន​ដល់​មនុស្ស​ទាំងអស់ នោះ​លោក​បាន​ផ្សព្វផ្សាយ​សារលិខិត​របស់​ព្រះយេស៊ូវគ្រីស្ទ​ដល់​កូនេលាស​ ក្រុមគ្រួសារ និង​មិត្តភក្តិ​របស់លោក ( សូមមើល កិច្ចការ ១០:៣៦–៤៣ ) ។

អ្នក​ប្រហែល​ជា​ចង់​មើល​វីដេអូ « Peter’s Revelation to Take the Gospel to the Gentiles ដែល​មាន​នៅគេហទំព័រ​ChurchofJesusChrist.org ចាប់ពី​នាទី​ទី ៥:៣០ ដល់នាទី​ទី ៧:៤៤ ។

២. សូម​ឆ្លើយ​សំណួរ​ខាងក្រោម​នេះ​នៅ​ក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​របស់​អ្នក ៖

  • តើ​អ្នក​គិត​ថា​ព្រះជន្ម និង​បេសកកម្ម​របស់​ព្រះយេស៊ូវគ្រីស្ទ​បង្ហាញ​ពី​សេចក្តី​ស្រឡាញ់​របស់​ព្រះ​ចំពោះ​មនុស្ស​ទាំងអស់​ដោយ​របៀបណា ?

  • តើ​ការចងចាំ​ពី​របៀប​ដែល​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ​ឲ្យ​តម្លៃ​មនុស្ស​ទាំងអស់​មាន​ឥទ្ធិពល​លើ​របៀប​ដែល​អ្នក​យល់ឃើញ និង​ប្រព្រឹត្ត​ចំពោះ​អ្នកដទៃ​ដោយ​របៀបណា ?

  • តើ​អ្នក​អាច​ធ្វើ​អ្វីខ្លះ​ដើម្បី​ស្វែងរក​ជំនួយ​ពី​ព្រះវរបិតាសួគ៌ ដើម្បី​មើល​ឃើញ​អ្នក​ដទៃ​ដូច​ទ្រង់​ទត​ឃើញ ?

នៅពេល​ពេត្រុស​ថ្លែងទី​បន្ទាល់​អំពី​ព្រះយេស៊ូវគ្រីស្ទ ព្រះវិញ្ញាណ​បរិសុទ្ធ​បានយាង​មកសណ្ឋិត​លើ​កូនេលាស និង​គ្រួសារ​របស់​គាត់ ។ បន្ទាប់​មក ពេត្រុស​បាន​អញ្ជើញ​ពួកគេ​ឲ្យ​ធ្វើ​បុណ្យ​ជ្រមុជទឹក ( សូមមើល កិច្ចការ ១០:៤៤–៤៨ ) ។ វិវរណៈ​របស់​ព្រះ​ចំពោះ​ពេត្រុស​បាន​ផ្លាស់ប្ដូរ​ការអនុវត្ត​របស់​សាសនាចក្រ ហើយ​ដំណឹងល្អ​បាន​ចាប់ផ្ដើម​ផ្សព្វផ្សាយ​ដល់​មនុស្ស​ទាំងអស់ ។

២. សូម​បំពេញ​ឃ្លា​ខាងក្រោម​នេះ​នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​របស់​អ្នក ៖

សូម​គិត​អំពី​របៀប​ដែល​ពិភពលោក ឬ​ប្រទេស​របស់​អ្នក អ្នកជិតខាង សាលារៀន ឬ​គ្រួសារ​នឹង​មាន​ភាព​ខុសគ្នា ប្រសិនបើ​បុត្រាបុត្រី​ទាំងអស់​របស់​ព្រះវរបិតាសួគ៌​គិតពី​គ្នា​ទៅវិញ​ទៅមក​តាម​របៀប​ដែល​ទ្រង់​ទត​ឃើញ​យើង​នោះ ។

សូម​ជ្រើស​យក​មួយ​ក្នុង​ចំណោម​បរិយាកាស​ទាំង​នេះ ។ សូម​ពន្យល់​ពី​ភាពខុសគ្នា​ដែល​អ្នក​អាច​នឹង​យល់ឃើញ ប្រសិនបើ​មនុស្ស​នៅក្នុង​បរិយាកាស​នេះ​បាន​យល់​ឃើញ​ពី​អ្នក​ដទៃ​តាម​របៀប​ដែល​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ​ទត​ឃើញ​ពួកគេ​នោះ ។

ជម្រើស ៖ តើ​ចង់​រៀនសូត្រ​បន្ថែម​ទៀត​ដែរ​ឬ​ទេ ?

តើ​នរណា​ខ្លះ​ដែល​ព្រះយេស៊ូវគ្រីស្ទ​នឹង​ទទួល​ចូល​ក្នុង​សាសនាចក្រ និង​នគរ​របស់​ទ្រង់ ?

ប្រធាន រ័សុល អិម ណិលសុន បាន​ពន្យល់​ថា ៖

រូបភាព
រូបថត​ផ្លូវការ​ពាក់កណ្តាល​ខ្លួន​របស់​ប្រធាន រ័សុល អិម ណិលសុន ដែល​បានថត​នៅ​ខែ មករា ឆ្នាំ ២០១៨

យើង​ម្នាក់ៗ​មាន​សក្តានុពល​ដ៏​ទេវភាព ពីព្រោះ​យើង​ម្នាក់ៗ​គឺ​ជា​បុត្រ​របស់​ព្រះ ។ យើង​ម្នាក់ៗ​មាន​សិទ្ធិ​ស្មើ​គ្នា​នៅក្នុង​ព្រះនេត្រ​ទ្រង់ ។ ការបញ្ចូល​សេចក្តីពិត​នេះ​គឺ​មាន​អត្ថន័យ​ជ្រាលជ្រៅ​ណាស់ ។ បងប្អូន​ប្រុសស្រី សូម​ស្តាប់​ដោយ​យកចិត្ត​ទុក​ដាក់​នូវ​អ្វី​ដែល​ខ្ញុំ​នឹង​ថ្លែង​នៅពេល​បន្តិច​ទៀត​នេះ ។ ព្រះ​ពុំ​បាន​សព្វព្រះទ័យ​ពូជ​សាសន៍​មួយ ជាង​ពូជសាសន៍​មួយ​ទៀត​នោះ​ទេ ។ គោលលទ្ធិ​របស់​ទ្រង់​អំពី​បញ្ហា​នេះ​គឺ​ច្បាស់លាស់​ណាស់ ។ ទ្រង់​អញ្ជើញ​មនុស្ស ទាំងអស់ ឲ្យ​មក​រកទ្រង់ « ទាំង​ខ្មៅ និង​ស ទាំង​បាវ​គេ និង​សេរី ទាំង​ប្រុស និង​ស្រី » [ នីហ្វៃទី២ ២៦:៣៣ ] ។

ខ្ញុំ​សូម​បញ្ជាក់​ដល់​អ្នក​ថា ជំហរ​របស់​អ្នក​ចំពោះ​ព្រះភក្រ្ត​ព្រះ​គឺ​មិន​ត្រូវ​បាន​កំណត់​ដោយ​ពណ៌​សម្បុរ​របស់​អ្នក​នោះ​ឡើយ ។ ការសព្វ​ព្រះទ័យ ឬ​មិន​សព្វ​ព្រះទ័យ​ជាមួយ​ព្រះ​គឺ​អាស្រ័យ​ទៅ​លើ​ការលះបង់​របស់​អ្នក​ចំពោះ​ព្រះ និង​បទបញ្ញត្តិ​របស់​ទ្រង់ ហើយ​មិនមែន​ដោយ​ពណ៌​សម្បុរ​របស់​អ្នក​នោះ​ឡើយ ។

( រ័សុល អិម ណិលសុន « Let God Prevail » Liahona ខែ វិច្ឆិកា ឆ្នាំ ២០២០ ទំព័រ ៩៤ )

កិច្ចការ ១០:៤៥ ។ តើ « អំណោយទាន​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ » មាន​អត្ថន័យ​ដូចម្តេច ?

នៅ​ក្នុង កិច្ចការ ១០:៤៥ ឃ្លា « អំណោយទាន​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ » សំដៅ​ទៅ​លើ​ព្រះចេស្ដា​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ ដែល​បាន​កើត​មាន​ដល់​ពួក​សាសន៍​ដទៃ​ទាំង​នេះ ។ វា​ខុស​គ្នា​ពី​អំណោយទាន នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ ដែល​យើង​ទទួល​តាម​រយៈ​ពិធី​បរិសុទ្ធ​នៃ​ពិធី​បញ្ជាក់​បន្ទាប់​ពី​ពិធី​បុណ្យ​ជ្រមុជទឹក [ សូមមើល កិច្ចការ ៨:១៤–១៧​ សូមមើល​ផងដែរ​នូវ Teachings of Presidents of the Church:Joseph Smith ឆ្នាំ [ ២០០៧ ] ទំព័រ ៩៧ ) ។

តើ​ការនិមិត្ត​របស់​ពេត្រុស​បាន​ផ្លាស់ប្តូរ​ការអនុវត្ត​របស់​សាសនាចក្រ​ដោយ​របៀបណា ?

អែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់​បាន​ពន្យល់ថា ៖

រូបភាព
រូបថត​ផ្លូវការ​ពាក់​កណ្តាល​ខ្លួន​របស់​អែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន ។ បានថត​នៅ​ខែ មីនា ឆ្នាំ ២០២០ ។

តាមរយៈ​បទពិសោធន៍ និង​វិវរណៈ​នេះ​ទៅកាន់ ពេត្រុស ព្រះអម្ចាស់បានកែការ​អនុវត្ត​របស់​សាសនាចក្រ ហើយ​បានបើក​សម្ដែង​ឲ្យមាន​ការយល់ ដឹង​កាន់តែ​ពេញលេញ​អំពី​គោលលទ្ធិ​ដល់​ពួកសិស្ស​របស់​ទ្រង់ ។ ហើយដូច្នេះ ការផ្សាយ​ដំណឹងល្អ​បាន​លាតសន្ធឹង ទៅដល់​មនុស្ស ទាំងអស់ ។

( ឌី ថត គ្រីស្តូហ្វឺសិន « The Doctrine of Christ » Liahona ខែ ឧសភា ឆ្នាំ ២០១២ ទំព័រ ៨៨ )

តើ​ការនិមិត្ត​របស់​ពេត្រុស​មាន​ភាព​ស្រដៀង​គ្នា​អ្វី​ខ្លះ​ទៅនឹង​វិវរណៈ​ក្នុង​ការ​ផ្តល់​បព្វជិតភាព​ដល់​សមាជិក​សាសនាចក្រ​ជា​បុរស ដែលមាន​ភាពស័ក្ដិសម​ទាំងអស់ ?

ធនធាន​ខាងក្រោម​នេះ​អាច​មាន​សារៈប្រយោជន៍ ប្រសិនបើ​អ្នក​ចង់​យល់​បន្ថែម​អំពី​វិវរណៈ​ឆ្នាំ ១៩៧៨ ដែល​ព្រះវរបិតាសួគ៌​បានប្រទាន​ការតែងតាំង​បព្វជិតភាព​ដល់​សមាជិក​សាសនាចក្រ​ជាបុរស​ដែល​មាន​ភាពស័ក្តិសម​ទាំងអស់ ៖