ថ្នាក់​សិក្ខាសាលា
កិច្ចការ ១៦


កិច្ចការ ១៦

« ព្រះអម្ចាស់​ទ្រង់​ហៅ​យើង … ឲ្យ​ទៅ​ផ្សាយ​ដំណឹង​ល្អ »

រូបភាព
នៅ​ក្នុង​ការនិមិត្ត​មួយ ពេត្រុស​ជ្រមុជទឹក​ឲ្យ​សាសន៍​ដទៃ​ម្នាក់ ។

នៅក្នុង​ព្រះបន្ទូល​ចុងក្រោយ​របស់​ទ្រង់​ទៅកាន់​សាវក​របស់​ទ្រង់ ព្រះអង្គសង្គ្រោះ​បាន​ត្រាស់​បង្គាប់​ពួក​សិស្ស​របស់​ទ្រង់​ឲ្យ « ទៅបញ្ចុះ​បញ្ចូល​ឲ្យ​មាន​សិស្ស​នៅ​គ្រប់​ទាំង​សាសន៍ ព្រម​ទាំង​ធ្វើ​បុណ្យ​ជ្រមុជទឹក​ឲ្យ ដោយ​នូវ​ព្រះនាម​ព្រះវរបិតា ព្រះរាជបុត្រា និង​ព្រះវិញ្ញាណ​បរិសុទ្ធ​ចុះ » ( ម៉ាថាយ ២៨:១៩) ។ ប៉ុល និង​ដៃគូ​របស់​លោក​បាន​រីកចម្រើន​គួរ​ឲ្យ​កត់សម្គាល់​ក្នុង​ការបំពេញ​បទបញ្ញត្តិ​នេះ ។ គោលបំណង​នៃ​មេរៀន​នេះ​គឺ​ដើម្បី​ជួយ​អ្នក​ឲ្យ​ស្គាល់​ជំនួយ​ដែល​ព្រះអង្គសង្គ្រោះ​មាន​ព្រះ​រាជបំណង​ប្រទាន​ឲ្យ​អ្នក នៅពេល​អ្នក​ព្យាយាម​ចែកចាយ​ដំណឹងល្អ​របស់​ទ្រង់​ជាមួយ​អ្នកដទៃ ។

ការចែកចាយ​ដំណឹងល្អ​ជាមួយ​អ្នកដទៃ

អ្នក​ប្រហែលជា​ចាំ​ថា បន្ទាប់ពី​ការមាន​ព្រះជន្ម​រស់ឡើងវិញ​របស់​ព្រះអង្គសង្គ្រោះ ទ្រង់​បាន​ប្រមូល​ពួកសាវក​របស់​ទ្រង់​ជុំគ្នា ហើយ​បាន​ប្រទាន​បទបញ្ញត្តិ​ដូច​ខាងក្រោម​នេះ​ដល់​ពួកលោក ៖ « ចូរ​ទៅ​បញ្ចុះ‌បញ្ចូល​ឲ្យ​មាន​សិស្ស​នៅ​គ្រប់​ទាំង​សាសន៍ ព្រម​ទាំង​ធ្វើ​បុណ្យ​ជ្រមុជទឹក​ឲ្យ ដោយ​នូវ​ព្រះនាម​ព្រះវរបិតា ព្រះរាជបុត្រា នឹង​ព្រះវិញ្ញាណ​បរិសុទ្ធ​ចុះ ( ម៉ាថាយ ២៨:១៩ ) ។

អែលឌើរ ឌៀថើរ អេហ្វ អុជដូហ្វ ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់បាន​ចែកចាយ​គំនិត​ខាងក្រោម​អំពី​បទបញ្ញត្តិ​របស់​ព្រះអង្គសង្គ្រោះ​ក្នុង​ការផ្សាយ​ដំណឹងល្អ ។ អ្នក​ប្រហែល​ជា​ចង់​មើល​វីដេអូ « កិច្ចការ​ផ្សព្វផ្សាយ​សាសនា ៖ ការ​ចែកចាយ​អំពី​អ្វី​ដែល​មាន​នៅ​ក្នុង​ដួងចិត្ត​បងប្អូន » ចាប់ពី​នាទីទី ២:៤៦ ដល់នាទីទី ៣:៣០ ឬ​អាន​សេចក្ដី​ថ្លែងការណ៍​ខាងក្រោម ។

រូបភាព
រូប​ថត​ផ្លូវការ​ពាក់​កណ្តាល​ខ្លួន​របស់​អែលឌើរ ឌៀថើរ អេហ្វ អុជដូហ្វ ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់​ឆ្នាំ ២០០៦ ។ ត្រូវបាន​ហៅ​បម្រើ​ជា​ទីប្រឹក្សា​ទីពីរ​ក្នុង​គណៈប្រធាន​ទីមួយ នៅ​ថ្ងៃ​ទី ៣ ខែ កុម្ភៈ ឆ្នាំ ២០០៨ ។ រូបថត​ផ្លូវការ​ពាក់កណ្តាល​ខ្លួន​នៅក្នុង​ឆ្នាំ ២០០៨ ជំនួស​រូបថត​ពាក់កណ្តាល​ខ្លួន​ដែល​បាន​ថត​នៅក្នុង​ឆ្នាំ ២០០៤ ។

ជាញឹកញាប់ ខ្ញុំ​បាន​ពិចារណា និង​អធិស្ឋាន​អំពី​ការបង្គាប់​ដ៏​អស្ចារ្យ​របស់​ព្រះអង្គសង្គ្រោះ​ដល់​ពួកសិស្ស​របស់​ទ្រង់ … ឲ្យ « ចូរ​ទៅ​បញ្ចុះ‌បញ្ចូល​ឲ្យ​មាន​សិស្ស​នៅ​គ្រប់​ទាំង​សាសន៍ ព្រម​ទាំង​ធ្វើ​បុណ្យ​ជ្រមុជទឹក​ឲ្យ ដោយ​នូវ​ព្រះនាម​ព្រះវរបិតា ព្រះរាជបុត្រា នឹង​ព្រះ‌វិញ្ញាណ​បរិសុទ្ធ​ចុះ » [ ម៉ាថាយ​ ២៨:១៩ ] ។

ខ្ញុំ​បាន​ពុះពារ​នឹង​សំណួរ​នេះ​ថា « ក្នុង​នាម​ជា​សមាជិក និង​ជា​សិស្ស​របស់​ព្រះគ្រីស្ទ តើ​យើង​អាច​បំពេញ​តាម​ការបង្គាប់​ដ៏​អស្ចារ្យ​នោះ​នៅក្នុង​ជីវិត​ប្រចាំ​ថ្ងៃ​របស់​យើង​បាន​ដោយរបៀប​ណា ? »

ថ្ងៃ​នេះ ខ្ញុំ​សូម​អញ្ជើញ​បងប្អូន​ឲ្យ​ពិចារណា​សំណួរ​ដូច​គ្នា​នេះ​នៅ​ក្នុង​ចិត្ត និង​គំនិត​បងប្អូន ។

( សូម​មើល ឌៀថើរ អេហ្វ អុជដូហ្វ ​« Missionary Work: Sharing What Is in Your HeartLiahona ខែ ឧសភា ឆ្នាំ ២០១៩ ទំព័រ ១៥–១៦ )

បន្ថែមពី​លើ​សំណួរ​នេះ អែលឌើរ អុជដូហ្វ បាន​អញ្ជើញ​អ្នក​ឲ្យ​ពិចារណា និង​គិត​អំពី​ចម្លើយ​របស់​អ្នក​ចំពោះ​សំណួរ​ខាងក្រោម​នេះ ។ សូម​ពិចារណា​កត់ត្រាទុក​ចម្លើយ​របស់​អ្នក​នៅ​ក្នុង​សៀវភៅកំណត់​ហេតុការសិក្សា​របស់​អ្នក ។

  • នៅ​លើ​រង្វាស់ ១–៥ តើ​អ្នក​មាន​បំណង​ប្រាថ្នា​ប៉ុណ្ណា​ដើម្បី​ចែកចាយ​ដំណឹងល្អ​ជាមួយ​អ្នកដទៃ ? ហេតុអ្វី​ពួកគេ​ឆ្លើយតប​បែបនេះ ?

  • តើ​អ្នក​ជួប​ឧបសគ្គ​អ្វី​ខ្លះ​ក្នុង​ការ​ចែកចាយ​ដំណឹងល្អ​ជាមួយ​អ្នកដទៃ ?

សាវក​ប៉ុល​ជា​អ្នក​ផ្សព្វផ្សាយ​សាសនា​ដ៏​មាន​ឥទ្ធិពល​ម្នាក់​ដែល​បាន​នាំ​ព្រលឹង​ជាច្រើន​មក​រក​ព្រះយេស៊ូវគ្រីស្ទ តាម​រយៈ​ការផ្សព្វផ្សាយ​របស់​លោក ។ អំឡុង​សប្តាហ៍​នេះ អ្នក​នឹង​រៀន​អំពី​ព្រឹត្តិការណ៍​មួយ​ចំនួន​ដែល​បាន​កើត​ឡើង​អំឡុងពេលប៉ុលធ្វើ​ដំណើរ​ទៅផ្សាយ​សាសនា​ជា​លើក​ទីពីរ និង​ទីបី ( សូមមើល កិច្ចការ ១៥:៣៦–៤១; ១៦; ១៧; ១៨:១–២២ និង កិច្ចការ ១៨:២៣–២៨; ១៩; ២០; ២១:១–១៥ ) ។ ផែនទី​ខាងក្រោម​នេះ​បង្ហាញពី​ការធ្វើ​ដំណើរ​របស់​ប៉ុល​ក្នុង​អំឡុងពេល​នៃ​ដំណើរ​ទាំងនេះ ៖

រូបភាព
ផែនទី​ព្រះគម្ពីរ​ប៊ីប ។ ដំណើរ​ផ្សព្វផ្សាយ​សាសនា​របស់​សាវក​ប៉ុល ។

នៅពេល​អ្នក​សិក្សា​បទពិសោធន៍​មួយចំនួន​របស់​ប៉ុល​ពី​បេសកកម្ម​លើក​ទីពីរ​របស់​លោក​នៅក្នុង​មេរៀន​នេះ អ្នក​នឹង​ឃើញ​ឧទាហរណ៍​នៃ​សេចក្ដីពិត​ដូចតទៅ​នេះ ៖ ព្រះអម្ចាស់​អាច​ដឹកនាំ​យើង​ឲ្យ​ទៅជួប​អ្នក​ដែល​ទ្រង់​បាន​រៀបចំ​ដើម្បី​ទទួល​ដំណឹងល្អ​របស់​ទ្រង់ ។ សូម​យក​ចិត្ត​ទុក​ដាក់​លើ​ការ​បំផុស​គំនិត​ពី​ព្រះវិញ្ញាណ ដែល​អាច​ជួយ​អ្នក​ក្នុង​ការខិតខំ​របស់​អ្នក​ដើម្បី​ចែកចាយ​ដំណឹងល្អ​ជាមួយ​អ្នកដទៃ ។

ប៉ុល និង​ដៃគូ​របស់​លោក​ផ្សព្វផ្សាយ​នៅ​ស្រុក​ម៉ាសេដូន

រូបភាព
រូបគំនូរ​របស់ លីឌា « អ្នកជំនួញ​ល័ខ​ពណ៌ស្វាយ » នៅក្នុង​ព្រះគម្ពីរ​សញ្ញាថ្មី ។

សូម​អាន កិច្ចការ ១៦:៦–១៥ ដោយ​រកមើល​អ្វី​ដែល​ប៉ុល និង​ដៃគូ​របស់​លោក​បាន​ជួប​ប្រទះ​ដំបូង​គេ ក្នុង​ដំណើរ​របស់​ប៉ុល​ទៅ​ផ្សាយ​សាសនា​ជា​លើក​ទីពីរ ។

  • តើ​អ្នក​អាច​រៀន​អ្វីខ្លះ​អំពី​ព្រះវរបិតាសួគ៌ មក​ពី​ដំណើររឿង​នេះ ដែល​អាច​ជួយ​អ្នក​ក្នុង​ការខិតខំ​របស់​អ្នក​ដើម្បី​ស្វែងរក​អ្នក​ដែល​ព្រះអម្ចាស់​បាន​រៀបចំ​ដើម្បី​ទទួល​ដំណឹងល្អ​របស់​ទ្រង់ ?

  • តើ​អ្នក​បាន​ឃើញ​ព្រះអម្ចាស់​កំពុងរៀបចំ​អ្នក​ដទៃ​ដើម្បី​ទទួល​ដំណឹងល្អ​របស់​ទ្រង់​ដោយ​របៀបណា ? តើ​ទ្រង់​បាន​រៀបចំ​ដោយ​របៀបណា ឬ​តើ​ទ្រង់​អាច​រៀបចំ​អ្នក​ដោយ​របៀប​ណា​ដើម្បី​ស្វែងរក​បុគ្គល​ដែល​កំពុង​ស្វែងរក​ទ្រង់ ?

ដើម្បី​មើល​រូបភាព​អំពី​របៀប​ដែល​ព្រះអម្ចាស់​រៀបចំ​មនុស្ស​ឲ្យ​ទទួល និង​ចែកចាយ​ដំណឹងល្អ​របស់​ទ្រង់ សូម​មើល​វីដេអូ « Prayer » ( ៤:១២ ) ដែល​មាន​នៅលើ​គេហទំព័រ ChurchofJesusChrist.org ។

ប៉ុល និង ស៊ីឡាស​បាន​ជាប់​គុក ហើយ​នៅ​បន្ត​ផ្សព្វផ្សាយ

រូបភាព
ប៉ុល និង ស៊ីឡាស​ត្រូវបាន​គេ​វាយ និង​ដាក់​គុក ។ - ជំពូក ៦១-៤

បន្ទាប់​ពី​ប៉ុល និង​ដៃគូ​របស់​លោក​បាន​បង្រៀន និង​ធ្វើ​បុណ្យ​ជ្រមុជទឹក​ឲ្យ​លីឌា ប៉ុល​បាន​បណ្ដេញ​វិញ្ញាណ​អាក្រក់​ចេញ​ពី​បាវស្រី​វ័យ​ក្មេងម្នាក់ ( សូមមើល កិច្ចការ ១៦:១៦–១៨ ) ។ បន្ទាប់មក គេ​បាន​វាយដំ និង​ដាក់គុក​លោក និង​ដៃគូ​របស់​លោក ស៊ីឡាស ( សូមមើល កិច្ចការ ១៦:១៩–២៤ ) ។ ការដែល​ត្រូវជាប់គុក​ដោយសារ​តែ​ការផ្សាយ​ដំណឹងល្អ ហាក់​ដូចជា​មូលហេតុ​មួយ​ដែល​សមហេតុផល​ដើម្បី​បោះបង់​ចោល ។ ប៉ុន្តែ​សម្រាប់​ប៉ុល និង​ស៊ីឡាស វា​បាន​ក្លាយ​ជា​ឱកាស​មួយ​ដើម្បី​ជួយ​អ្នកដទៃ​ឲ្យ​មក​រក​ព្រះគ្រីស្ទ​ទៅវិញ ។

សូមអាន កិច្ចការ ១៦:២៥–៣៦ ដើម្បី​រកមើល​ពី​របៀប​ដែល​ព្រះអម្ចាស់​បាន​ប្រែក្លាយ​ការជាប់ឃុំឃាំង​របស់​ប៉ុល និង​ស៊ីឡាស ទៅជា​ឱកាស​មួយ​សម្រាប់​ពួកលោក​ដើម្បី​ផ្សព្វផ្សាយ​ដំណឹងល្អ ។

  • តើ​ប៉ុល និង​ស៊ីឡាស​បាន​បង្ហាញ​លក្ខណៈ​ដូច​ព្រះគ្រីស្ទ​អ្វី​ខ្លះ​ក្នុង​ដំណើររឿង​នេះ ?

  • តើ​គុណលក្ខណៈ​ទាំងនេះ​អាច​ឲ្យ​ពួកលោក​ចែកចាយ​ដំណឹងល្អ​កាន់តែ​មាន​ប្រសិទ្ធភាព​ដោយ​របៀបណា ?

  • តើ​អ្នក​បាន​រៀន​អ្វីខ្លះ​ពី​ដំណើររឿង​នេះ ដែល​អាច​ជួយ​អ្នក​ក្នុង​កិច្ចខិតខំ​របស់​អ្នក​ដើម្បី​ស្វែងរក​អ្នក​ដែល​ព្រះអម្ចាស់​បាន​រៀបចំ​ដើម្បី​ទទួល​ដំណឹងល្អ​របស់​ទ្រង់ ?

ការអនុវត្ត​តាម​អ្វី​ដែល​អ្នក​បានរៀន

តាមរយៈ​ព្រះវិញ្ញាណ​បរិសុទ្ធ សូម​ស្វែងរក​ការបំផុស​គំនិត​ពី​ព្រះវរបិតាសួគ៌​ដើម្បី​កំណត់​នូវ​អ្វី​មួយ​ដែល​អ្នក​អាច​ធ្វើ​ដើម្បី​ចែកចាយ​ដំណឹងល្អ​របស់​ព្រះយេស៊ូវគ្រីស្ទ​ជាមួយ​អ្នកដទៃ ។ សូម​ជ្រើសរើស​ការអញ្ជើញ​មួយ​ក្នុង​ចំណោម​ការអញ្ជើញ​ខាងក្រោម​នេះ​ដែល​អ្នក​គិតថា​នឹង​មាន​អត្ថប្រយោជន៍​បំផុត​សម្រាប់​អ្នក ៖

  • ចូរ​អធិស្ឋាន​ជា​រៀងរាល់​ថ្ងៃ​ឲ្យ​ព្រះអម្ចាស់​ដឹកនាំ​អ្នក​ទៅ​រក​នរណា​ម្នាក់​ដែល​ទ្រង់​បាន​រៀបចំ​ដើម្បី​ទទួល​ដំណឹងល្អ ។

  • សូម​ពិចារណា​ក្នុង​ការសរសេរ​ឈ្មោះ​មិត្តភក្តិ ឬ​មិត្ត​រួមថ្នាក់​ពីរនាក់​នៅ​សាលា ដែល​អាច​នឹង​ព្រមស្តាប់​ដំណឹងល្អ​របស់​ព្រះយេស៊ូវគ្រីស្ទ ។ បន្ទាប់មក​ទូលសុំ​ព្រះវរបិតាសួគ៌​ឲ្យ​ជួយ​អ្នក​ដឹង​ពី​របៀប​ដែល​អ្នក​អាចធ្វើ​ជា​​ឧបករណ៍​នៅក្នុង​ព្រះហស្ត​ទ្រង់ ដើម្បី​នាំ​ពួកគេ​ឲ្យ​ទៅ​រក​ព្រះអង្គសង្គ្រោះ ។

  • ដោយ​មាន​ការអនុម័ត​ត្រឹមត្រូវ​ពី​ឪពុកម្តាយ និង​អ្នកដឹកនាំ​របស់​អ្នក សូម​ធ្វើការ​ជាមួយ​ដៃគូ​ផ្សព្វផ្សាយ​សាសនា​រយៈពេល​ពីរបី​ម៉ោង ។ សូម​ចែកចាយ​បទពិសោធន៍​របស់​អ្នក​ជាមួយ​ថ្នាក់​នៅ​ពេលក្រោយ ។

  • សូម​គិត​ពី​គំនិត​ផ្ទាល់​ខ្លួន​របស់​អ្នក​អំពី​អ្វី​មួយ​ដែល​អ្នក​អាច​ធ្វើ​ដើម្បី​ចែកចាយ​ដំណឹងល្អ​ជាមួយ​អ្នកដទៃ ។

១. សូម​ឆ្លើយ​សំណួរ​ខាងក្រោម​នេះ​នៅ​ក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​របស់​អ្នក ៖

  • តើ​អ្នក​ជ្រើសរើស​យក​ការអញ្ជើញ​មួយណា ? បើ​អ្នក​បាន​បង្កើត​គំនិត​ដោយ​ខ្លួនឯង តើ​អ្នក​បាន​សម្រេច​ចិត្ត​ធ្វើ​អ្វីខ្លះ ?

  • តើ​អ្នក​គិត​ថា​អ្វី​ដែល​អាច​ធ្វើ​ឲ្យ​អ្នក​ពិបាក​ក្នុង​ការធ្វើ​តាម​ការប្តេជ្ញា​ចិត្ត​របស់​អ្នក ?

  • តើ​អ្នក​បានរៀន​អ្វីខ្លះ​នៅថ្ងៃ​នេះ​ដែល​អាច​ជួយ​អ្នក​ឲ្យ​មាន​ទំនុកចិត្ត​ថា​អ្នក​អាច​ជម្នះ​ឧបសគ្គ​ទាំងឡាយ​ដែល​អ្នក​ប្រឈមមុខ ?

ជម្រើស ៖ តើ​ចង់​រៀនសូត្រ​បន្ថែម​ទៀត​ទេ ?

តើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​អាច​ជួយ​ខ្ញុំ​ចែកចាយ​ដំណឹងល្អ​ដោយ​របៀបណា ?

នៅក្នុង​វីដេអូ « To Sweep the Earth as with a Flood » ( ២:៥៦ ) អែលឌើរ ដេវីឌ អេ បែដណា ក្នុងកូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់ មាន​ប្រសាសន៍​អំពី​ការប្រើប្រាស់​បណ្ដាញ​សង្គម​ដើម្បី​ចែកចាយ​ដំណឹងល្អ ។ វីដេអូ​នេះ​មាន​នៅគេហទំព័រ ChurchofJesusChrist.org ។

ចុះ​ប្រសិនបើ​មនុស្ស​បដិសេធ​ការអញ្ជើញ​របស់​ខ្ញុំ​ដើម្បី​ស្វែងយល់​បន្ថែម​នៅពេល​នេះ ?

អែលឌើរ ឌៀថើរ អេហ្វ អុជដូហ្វ ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់​បាន​បង្រៀន ៖

រូបភាព
រូប​ថត​ផ្លូវការ​ពាក់​កណ្តាល​ខ្លួន​របស់​អែលឌើរ ឌៀថើរ អេហ្វ អុជដូហ្វ ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់​ឆ្នាំ ២០០៦ ។ ត្រូវបាន​ហៅ​បម្រើ​ជា​ទីប្រឹក្សា​ទីពីរ​ក្នុង​គណៈប្រធាន​ទីមួយ នៅ​ថ្ងៃ​ទី ៣ ខែ កុម្ភៈ ឆ្នាំ ២០០៨ ។ រូបថត​ផ្លូវការ​ពាក់កណ្តាល​ខ្លួន​នៅក្នុង​ឆ្នាំ ២០០៨ ជំនួស​រូបថត​ពាក់កណ្តាល​ខ្លួន​ដែល​បាន​ថត​នៅក្នុង​ឆ្នាំ ២០០៤ ។

ព្រះ​មិន​ត្រូវការ​ឲ្យ​អ្នក « លក់ » ដំណឹងល្អ​ដែល​បាន​ស្ដារឡើងវិញ ឬ​សាសនាចក្រ​របស់​ព្រះយេស៊ូវគ្រីស្ទ​នោះ​ទេ ។ ទ្រង់​គ្រាន់តែ​រំពឹង​ថា​អ្នក​មិន​លាក់​វា​នៅ​ក្រោម​ថាំង​តែប៉ុណ្ណោះ ។ ហើយ​បើ​មនុស្ស​សម្រេច​ចិត្ត​ថា​សាសនាចក្រ​នេះ​ពុំមែន​សម្រាប់​ពួកគេ​ទេ នោះ​គឺ​ជា​ការ​សម្រេចចិត្ត​របស់​ពួកគេ ។ វា​ពុំ​មាន​ន័យ​ថា​អ្នក​បរាជ័យ​នោះ​ទេ ។ អ្នក​បន្ដ​ប្រព្រឹត្ត​ល្អ​ចំពោះ​ពួកគេ ។ វា​ក៏​មិន​រាប់បញ្ចូល​ការអញ្ជើញ​ពួកគេ​ម្ដងទៀតដែរ ។ ភាពខុសគ្នា​រវាង​ទំនាក់ទំនង​សង្គម​ធម្មតា និង​ភាពជាសិស្ស​ដែល​មាន​ចិត្តមេត្តា ក្លាហាន​គឺ —ការអញ្ជើញ !

( ឌៀថើរ អេស្វ អុជដូហ្វ « Your Great Adventure » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៩ ទំព័រ ៨៨ )

អែលឌើរ នែល អិល អាន់ឌើរសិន ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់​ពីរ​នាក់​បាន​មាន​ប្រសាសន៍ ៖

រូបភាព
រូបថត​ផ្លូវការ​ពាក់​កណ្តាល​ខ្លួន​របស់​អែលឌើរ ឌៀថើរ អេហ្វ អុជដូហ្វ ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់ ខែ សីហា ឆ្នាំ ២០១០ ។

ទោះបី​ជា​មាន​បំណង​ប្រាថ្នា​ចែកចាយ​ដំណឹងល្អ​ដ៏​ខ្លាំងក្លា​ក៏​ដោយ ក៏​អ្នក​ប្រហែល​ជា​មិន​សូវ​សប្បាយ​ចិត្ត​នឹង​ជោគជ័យ​នៃ​ការខិតខំ​កន្លង​មក​របស់​អ្នក​ឡើយ ។ អ្នក​អាច​នឹង​មាន​អារម្មណ៍​ដូច​ជា​មិត្ត​ម្នាក់​ដែល​បាន​និយាយ​ថា « ខ្ញុំ​បាន​និយាយ​ជាមួយ​គ្រួសារ និង​មិត្តភក្តិ​របស់​យើង​អំពី​សាសនាចក្រ ប៉ុន្តែ​មាន​មនុស្ស​ប៉ុន្មាន​នាក់​ប៉ុណ្ណោះ ដែល​បាន​បង្ហាញ​ការចាប់​អារម្មណ៍ ហើយ​ដោយសារ​ការបដិសេធ​នីមួយៗ ខ្ញុំ​កាន់តែ​មានចិត្ត​ស្ទាក់ស្ទើរ ។ ខ្ញុំ​ដឹង​ថា​ខ្ញុំ​គួរ​ធ្វើ​អ្វីច្រើន​ជាង​នេះ ប៉ុន្តែ​ខ្ញុំ​ជាប់គាំង ហើយ​អ្វី​ដែល​ខ្ញុំ​មាន​អារម្មណ៍​នោះ គឺថា​ខ្ញុំ​មាន​កំហុស​ធ្ងន់ធ្ងរ » ។…

ខ្ញុំ​សូម​ផ្តល់​យោបល់​ឲ្យ​អ្នក​ឈប់​មាន​អារម្មណ៍​ថា មាន​កំហុស​ចំពោះ​ភាព​មិន​គ្រប់គ្រាន់​ណាមួយ​ដែល​អ្នក​គិតថា អ្នក​មាន​ក្នុងការ​ចែកចាយ​ដំណឹងល្អ​ឡើយ ។ ផ្ទុយទៅវិញ សូម​អធិស្ឋាន​ដូច​អាលម៉ា​បាន​បង្រៀន​ដើម្បី​ទទួលបាន​ឱកាស « ឈរ​ជា [ សាក្សី ] ដល់​ព្រះ​នៅ​គ្រប់​ពេល និង​គ្រប់​សេចក្ដី និង​គ្រប់​ទីកន្លែង … ដើម្បី​ឲ្យ [ អ្នកដទៃ​ទៀត ] អាច​បាន​ប្រោសលោះ​ដោយ​ព្រះ ហើយ​បាន​រាប់​ជាមួយ​នឹង​ពួកអ្នក​នៃ​ដំណើរ​រស់ឡើងវិញ​ទីមួយ [ ហើយ ] មាន​ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច » [ ម៉ូសាយ ១៨:៩ ] ។ នេះ​ជា​ការលើក​ទឹកចិត្ត​ច្រើនជាង​ការទម្លាក់​កំហុស ។

( នែល អិល អាន់ឌើរសិន « A Witness of GodLiahona ឬ ខែ វិច្ឆិកា ឆ្នាំ ២០១៦ ទំព័រ ៣៦–៣៧ )

តើ​ខ្ញុំ​អាច​ស្វែងរក​មនុស្ស​ដើម្បី​បង្រៀន​ដោយ​របៀបណា ?

ប្រធាន ដាល្លិន អេក អូក ក្នុង​គណៈប្រធាន​ទីមួយ​បាន​បង្រៀន ៖

រូបភាព
រូបថត​ផ្លូវការ​ពាក់​កណ្តាល​ខ្លួន​របស់​ប្រធាន ដាល្លិន អេក អូក ដែល​បាន​ថត​នៅ ខែ មីនា ឆ្នាំ ២០១៨ ។

យើង​ត្រូវ​តែ​អធិស្ឋាន​ទូល​សូម​ជំនួយ និង​ការដឹកនាំ​ពី​ព្រះអម្ចាស់ ដើម្បី​ឲ្យ​យើង​អាច​ក្លាយ​ជា​ឧបករណ៍​នៅ​ក្នុង​ព្រះហស្ដ​របស់​ទ្រង់​សម្រាប់​មនុស្ស​ម្នាក់ ដែលបាន​ត្រៀម​ខ្លួន​នៅ​ពេលនេះ—ជា​មនុស្ស​ម្នាក់​ដែល​ទ្រង់​សព្វ​ព្រះទ័យ​ឲ្យ​យើង​ជួយ​នៅ​ថ្ងៃ​នេះ ។ បន្ទាប់​មក​យើង​ត្រូវ​ត្រងត្រាប់​ស្ដាប់ ហើយ​ធ្វើ​តាម​ការបំផុស​គំនិត​ពី​ព្រះវិញ្ញាណ​អំពី​របៀប​ដែល​យើង​ត្រូវ​ចាប់ផ្ដើម ។

ការបំផុស​គំនិត​ទាំងនោះ​នឹង​មក​ដល់ ។ យើង​ដឹង​មក​ពី​ទីបន្ទាល់​ផ្ទាល់ខ្លួន​ជាច្រើន​ថា តាម​របៀប​របស់​ទ្រង់​ផ្ទាល់ និង​តាម​ពេល​វេលា​របស់​ទ្រង់ នោះ​ព្រះអម្ចាស់​កំពុង​រៀប​ចំ​មនុស្ស​ឲ្យ​ទទួល​យក​ដំណឹងល្អ​របស់​ទ្រង់ ។ មនុស្ស​ទាំង​នេះ​កំពុង​ស្វែងរក​ដំណឹងល្អ ហើយ​នៅ​ពេល​យើង​ខិតខំ​រក​ពួកគេ នោះ​ព្រះអម្ចាស់​នឹង​ឆ្លើយ​តប​ដល់​ការអធិស្ឋាន​របស់​ពួកគេ​តាមរយៈ​ការឆ្លើយ​តប​នឹង​ការអធិស្ឋាន​របស់​យើង ។ ទ្រង់​នឹង​បំផុស ហើយ​ដឹកនាំ​មនុស្ស​ដែល​មាន​បំណងប្រាថ្នា និង​មនុស្ស​ដែល​ស្វែង​រក​ការដឹក​នាំ​ដោយ​ចិត្តស្មោះ​ឲ្យ​ដឹង​ពី​របៀប ទីកន្លែង ពេលវេលា និង​នរណា​ដែល​ត្រូវ​ចែកចាយ​ដំណឹងល្អ ។

( ដាល្លិន អេក អូក « Sharing the Gospel » Ensign ខែ វិច្ឆិកា ឆ្នាំ​២០០១ ទំព័រ ៨ )