ថ្នាក់​សិក្ខាសាលា
កិច្ចការ ១៧:១៦–៣៤


កិច្ចការ ១៧:១៦–៣៤

« យើង​រាល់​គ្នា​ជា​ពូជ​ព្រះ »

រូបភាព

ពេល​កំពុង​រង់ចាំ​ដៃគូ​ផ្សព្វផ្សាយ​សាសនា​របស់​លោក​ដើម្បី​ចូលរួម​ជាមួយ​លោក​នៅ​ក្រុង​អាថែន សាវក​ប៉ុល​មាន​ការព្រួយបារម្ភ​យ៉ាង​ខ្លាំង​ថា​ប្រជាជន​នៅ​ក្រុង​អាថែន​ជា​អ្នកគោរព​បូជា​រូបសំណាក ហើយ​មិន​យល់​ពី​លក្ខណៈ​ពិត​របស់​ព្រះទេ ។ ដើម្បី​ជួយ​ប្រជាជន​អាថែន​ឲ្យ​យល់ និង​ខិតទៅ​កាន់​តែ​ជិត​ព្រះ ប៉ុល​បានបង្រៀន​ដំណឹងល្អ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៅក្នុង​សាលាប្រជុំ និង​ទីផ្សារនានា ។ បន្ទាប់​មក ពួកអ្នកប្រាជ្ញ​បាន​អញ្ជើញ​ប៉ុល​ឲ្យ​ពន្យល់​ពី « សេចក្តី​បង្រៀន​ថ្មី » ( កិច្ចការ ១៧:១៩ ) នៅ​កន្លែង​មួយ​ឈ្មោះ​ភ្នំ​អើរីយ៉ូស ។ ប៉ុល​បាន​បង្រៀន​ពួកអ្នកប្រាជ្ញ​អំពី​លក្ខណៈ​ពិត​នៃ​ព្រះ ហើយ​បាន​ថ្លែង​ទីបន្ទាល់​អំពី​ទំនាក់ទំនង​ដ៏​ទេវភាព​របស់​ពួកគេ​ចំពោះ​ទ្រង់ ។ មេរៀន​នេះ​អាច​ជួយ​អ្នក​ឲ្យ​ស្គាល់​ពី​សារៈសំខាន់​នៃ​អត្តសញ្ញាណ​របស់​អ្នក​ក្នុងនាម​ជា​បុត្រាបុត្រី​របស់​ព្រះ ។  

ខ្ញុំ​ជា​កូន​របស់​ព្រះ

សូម​ស្ដាប់​ទំនុកតម្កើង « ខ្ញុំ​ជា​កូន​របស់​ព្រះ » ( ទំនុកតម្កើង ល​រ ១៨៨ ) នៅលើ​កម្មវិធី​បណ្ណាល័យ​ដំណឹងល្អ ឬ​នៅលើ​គេហទំព័រ ChurchofJesusChrist.org ។ ឬ​មើល​វីដេអូ «Child of God ( ២:៥៤ ) ដែល​មាន​នៅ​គេហទំព័រ ChurchofJesusChrist.org ។ នៅពេល​អ្នក​ស្តាប់ ឬ​ច្រៀង​តាម សូម​សញ្ជឹង​គិត​ពី​សារៈសំខាន់​ពី​សារលិខិត​នៃ​ទំនុកតម្កើង​នេះ ។

  • តើ​ពាក្យ ឬ​ឃ្លា​អ្វី​ខ្លះ​ពី​ទំនុកតម្កើង​នេះ ដែល​អ្នក​យល់​ឃើញ​ថា​មាន​សារៈសំខាន់ ? ហេតុអ្វី ?

អែលឌើរ ដូណល អិល ហលស្ត្រម នៃ​ពួក​ចិតសិប​នាក់​បាន​អញ្ជើញ​យើង​ឲ្យ​សញ្ជឹង​គិតអំពី​សារលិខិត​នៃ​បទ « ខ្ញុំ​ជា​កូន​របស់​ព្រះ » ៖

រូបភាព
រូបថត​ផ្លូវការ​ពាក់​កណ្តាល​ខ្លួន​របស់​អែលឌើរ ដូណល អិល ហលស្ត្រម ។ បានថត​នៅ​ខែ មីនា ឆ្នាំ ២០១៧ ។

ទំនុកតម្កើង​ជា​ទីពេញចិត្ត​នេះ​គឺជា​ទំនុកតម្កើង​ដែល​ត្រូវបាន​ច្រៀង​ជាញឹកញាប់​ក្នុង​សាសនាចក្រ​នេះ ។ ប៉ុន្តែ​សំណួរ​វិភាគ​នោះគឺថា តើយើង ពិតជា ចេះ​បទ​នេះ​ដែរ​ឬ​ទេ ? តើ​យើង​ចេះ​បទ​នេះ​នៅក្នុង​គំនិត​យើង និង​នៅ​ក្នុង​ចិត្ត​យើង និង​នៅក្នុង​ព្រលឹង​របស់​យើង​ដែរ​ឬ​ទេ ? តើ​មាតាបិតាសួគ៌ា​របស់​យើង​គឺជា​អត្តសញ្ញាណ​ដំបូង និង​មាន​ខ្លឹមសារ​បំផុត​ដែរ​ឬទេ ?

( ដូណល អិល ហលស្ត្រម « I Am a Child of God » Liahona ខែ ឧសភា ឆ្នាំ ២០១៦ ទំព័រ ២៦ )

សំណួរ​ខាងក្រោម​នេះ​ត្រូវ​បាន​កែសម្រួល​ពី​សេចក្តី​ថ្លែងការណ៍​របស់​អែលឌើរ ហលស្ត្រម ហើយ​អាច​ត្រូវបាន​ឆ្លើយ​ដោយ​ចម្លើយ « បាទ/ចាស » ឬ « ទេ » ។ នៅពេល​អ្នក​ឆ្លើយ​សំណួរ​ទាំងនេះ សូម​ពន្យល់​ពី​មូលហេតុ​ដែល​អ្នក​ឆ្លើយ​សំណួរ​នីមួយៗ​តាម​របៀប​ដែល​អ្នក​បានឆ្លើយ ។

១. សូម​ឆ្លើយ​សំណួរ​ខាងក្រោម​នេះ​នៅ​ក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​របស់​អ្នក ៖

  • តើ​អ្នក​ពិត​ជា​ដឹង​ទេ​ថា​អ្នក​ជា​បុត្រាបុត្រី​របស់​ព្រះ ?

  • តើ​អ្នក​ដឹង​ដូច្នេះ​ក្នុង​គំនិត ចិត្ត និង​ព្រលឹង​របស់​អ្នក​ដែរ​ឬ​ទេ ?

  • តើ​អ្នក​មើលឃើញ​ខ្លួន​ឯង​ជា​បុត្រាបុត្រី​របស់​ព្រះ​មុន​នឹង​អ្នក​កំណត់​ខ្លួន​ឯង​ជា​អ្វី​ផ្សេងទៀត​ដែរ​ឬ​ទេ ?

ពេញ​មួយ​មេរៀន​នេះ សូម​ពិចារណា​អំពី​ការឆ្លើយតប​របស់​អ្នក​ចំពោះ​សំណួរ​ពីមុន និង​អ្វី​ដែល​ចម្លើយ​របស់​អ្នក​បង្ហាញ​អំពី​អារម្មណ៍​របស់​អ្នក​ចំពោះ​ព្រះវរបិតាសួគ៌ ។ សូម​ស្វែងរក​ការបំផុស​គំនិត​ពី​ព្រះវរបិតាសួគ៌​របស់​អ្នក តាមរយៈ​ព្រះវិញ្ញាណ​បរិសុទ្ធ ដើម្បី​ជួយ​អ្នក​ឲ្យ​យល់​កាន់តែ​ច្បាស់​អំពី​អត្តសញ្ញាណ​ដ៏​ទេវភាព​របស់​អ្នក​ក្នុងនាម​ជា​បុត្រាបុត្រី​របស់​ព្រះ ហើយ​មាន​អារម្មណ៍​ថា​មាន​សេចក្តី​ស្រឡាញ់​ដ៏​ជ្រាលជ្រៅ​ដែល​ទ្រង់​មាន​ចំពោះ​អ្នក ។

ប៉ុល​ផ្សព្វផ្សាយ​នៅ​ក្រុង​អាថែន

សាវក​ប៉ុល​បាន​ផ្សព្វផ្សាយ​នៅ​ក្រុង​អាថែន អំឡុង​ពេល​ធ្វើដំណើរ​ទៅផ្សាយ​សាសនា​ជា​លើក​ទី​ពីរ​របស់​លោក ។ ប្រជាជន​នៅ​ក្រុង​អាថែន​មាន​គំនិត ទស្សនៈ និង​ជំនឿ​ខុសៗ​គ្នា​ជាច្រើន ។ ប៉ុល​បាន​ឃើញ​ថា​ប្រជាជន​មាន « ​រូប​ព្រះ​នៅ​ពេញ​ក្នុង​ទី​ក្រុង​នោះ » ( កិច្ចការ ១៧:១៦ ) មាន​ន័យ​ថា​ពួកគេ​គោរព​ថ្វាយបង្គំ​រូបសំណាក​ជំនួស​ឲ្យ​ព្រះ ។ ដូច្នេះ ប៉ុល​បាន​ផ្សព្វផ្សាយ​ជា​រៀងរាល់​ថ្ងៃ​អំពី​ព្រះយេស៊ូវគ្រីស្ទ និង​ការមាន​ព្រះ​ជន្មរស់​ឡើងវិញ​របស់​ទ្រង់ ។ បន្ទាប់​មក ប៉ុល​ត្រូវ​បាន​នាំ​ទៅ​ភ្នំ​អើរីយ៉ូស ជា​កន្លែង​ដែល​លោក​ត្រូវ​បាន​អញ្ជើញ​ឲ្យ​ផ្សព្វផ្សាយ​នៅ​ចំពោះ​មុខ​ពួកអ្នកប្រាជ្ញ​មួយ​ក្រុម ( សូម​មើល កិច្ចការ ១៧:១៧–២១ ) ។

សូមអាន កិច្ចការ ១៧:២២–២៣ ដោយ​រកមើល​ពី​របៀប​ដែល​ប៉ុល​បានបង្រៀន​សារលិខិត​របស់​លោក ។ អ្នក​ក៏​អាច​មើល​វីដេអូ « We Are the Offspring of God » ( 4:26 ) ចាប់ពីនាទី​ទី ០:០០ ដល់នាទីទី ១:៥៤ ដែល​មាន​នៅលើ​គេហទំព័រ ChurchofJesusChrist.org ។

  • តើ​សិលាចារឹក​នៅលើ​អាសនា​ដែល​ប៉ុល ​បាន​លើក​ឡើង​អាច​ផ្តល់​យោបល់​អ្វីខ្លះ​អំពី​ជំនឿ​របស់​ប្រជាជន​ក្រុង​អាថែន​អំពី​ព្រះ ?

  • តើ​សិលាចារឹក​នេះ​ប្រៀបធៀប​នឹង​អ្វី​ដែល​បទគម្ពីរ​បង្រៀន​អំពី​ព្រះ​ដោយ​របៀប​ណា ?

ប្រជាជន​ក្រុងអាថែន ពី​បុរាណ​បានជឿ​លើ​ព្រះ​ក្លែងក្លាយ​ជាច្រើន ហើយ​បាន​សង់​រូបសំណាក និង​ព្រះវិហារ​ជាច្រើន​ដើម្បី​ថ្វាយបង្គំ​ដល់​រូបសំណាក​ទាំងនោះ ។ អាសនា​ដែល​សង់​សម្រាប់ « ព្រះ​ដ៏​ពុំ​ស្គាល់ » ( កិច្ចការ ១៧:២៣ ) ប្រហែលជា​ប្រជាជន​ក្រុង​អាថែន​ព្យាយាម​ឲ្យ​ព្រះ​ដែល​ពួកគេ​ពុំ​ស្គាល់ ឬ​ព្រះ​ផ្សេងណា​មួយ​ដែល​មិន​ស្គាល់​ព្រះនាម​បាន​ស្ងប់​ព្រះទ័យ ។

  • តើ​ការយល់ខុស​ទូទៅ​មួយ​ចំនួន​អ្វីខ្លះ​ដែល​អ្នក​បាន​សម្គាល់ឃើញ​នៅ​ក្នុង​ពិភពលោក​សព្វ​ថ្ងៃ​នេះ​អំពី​ព្រះ និង​ទំនាក់ទំនង​របស់​យើង​ជាមួយ​ទ្រង់ ?

  • ប្រសិនបើ​អ្នក​មាន​ឱកាស​ដើម្បី​បង្រៀន​នរណា​ម្នាក់​ដែល​មិន​បាន​ដឹង​ច្រើន​អំពី​ព្រះវរបិតាសួគ៌ តើ​អ្នក​ចង់​ឲ្យ​ពួកគេ​ដឹង​អ្វីខ្លះ​អំពី​ទ្រង់ ?

២. សូម​បំពេញ​ឃ្លា​ខាងក្រោម​នេះ​នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​របស់​អ្នក ៖

សូមអាន កិច្ចការ ១៧:២៤–៣១ ហើយ​ធ្វើ​បញ្ជី​នៃ​សេចក្ដីពិត​ដែល​សាវក​ប៉ុល​បង្រៀន​អំពី​លក្ខណៈ​ពិត​នៃ​ព្រះ និង​ទំនាក់ទំនង​របស់​អ្នក​ជាមួយ​ទ្រង់ ។ សូម​ពិចារណា​ដាក់​ឈ្មោះ​បញ្ជី​របស់​អ្នក​ថា « ព្រះ​ដ៏​ពិត និង​មាន​ព្រះជន្មរស់ និង​ទំនាក់ទំនង​របស់​ខ្ញុំ​ជាមួយ​ទ្រង់ » ។ សូម​កត់ចំណាំ​ថា មាន​ការបកប្រែ​ដោយ​យ៉ូសែប ស្ម៊ីធ សម្រាប់ ខទី ២៧ ( សូមមើល កិច្ចការ ១៧:២៧ footnote b ) ។ បន្ទាប់ពី​បង្កើត​បញ្ជី​របស់​អ្នក​រួចហើយ សូម​ឆ្លើយ​សំណួរ​ខាង​ក្រោម​នេះ ៖

  • តើ​អ្វី​ជា​សេចក្ដី​ពិត​ពី​បញ្ជី​របស់​អ្នក​ដែល​មាន​អត្ថន័យ​បំផុត​សម្រាប់​អ្នក ហើយ​ហេតុ​អ្វី ?

យើង​រាល់​គ្នា​ជា​ពូជ​ព្រះ

រូបភាព
រូបភាព​នៃ​ទេសនកថា​នៅលើ​ភ្នំ​អើរីយ៉ូស

សេចក្តីពិត​មួយ​ដែល​អ្នក​អាច​នឹង​សម្គាល់​ឃើញ​ពី​ការបង្រៀន​របស់​ប៉ុល​គឺ « យើង​រាល់​គ្នា​ជា​ពូជ​ព្រះ » ( ខទី ២៩ ) ។

  • តើ​ការធ្វើ​ជា​បុត្រាបុត្រី​របស់​ព្រះ ខុសពី​ការធ្វើ​ត្រឹមតែ​ជា​អ្វី​ដែលទ្រង់​បង្កបង្កើត​យ៉ាង​ដូចម្ដេច ?

ប្រធាន អិម រ័សុល បាឡឺដ ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់​ពីរនាក់ បាន​ថ្លែង​ទីបន្ទាល់​អំពី​សារៈសំខាន់​នៃ​សេចក្តីពិត​ថា « យើង​រាល់​គ្នា​ជា​ពូជ​ព្រះ » ។

រូបភាព
រូបថត​ផ្លូវការ​ពាក់​កណ្តាល​ខ្លួន​របស់​ប្រធាន អិម រ័សុល បាឡឺដ ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់​ឆ្នាំ ២០០៤ ។

ការពិត​ជា​មូលដ្ឋាន​ដែលមាន​មាតាបិតាសួគ៌ា មិនមែន​គ្រាន់តែ​ជា​សេចក្តីពិត​របស់ខ្ញុំ ឬ​សេចក្តីពិត​របស់​អ្នក​នោះទេ ។ វា​គឺ​ជា​សេចក្តីពិត​ដ៏​នៅ​អស់កល្ប​ជានិច្ច ។ វា​សរសេរ​ធំៗ ដិត និង​អក្សរពុម្ព ។ ការយល់ដឹង​ពី​សេចក្ដីពិត​នេះ——គឺជា​ការយល់​ដឹង​ពិតប្រាកដ—វាជា​ការផ្លាស់ប្តូរ​ជីវិត ។ វា​ផ្តល់​ឲ្យ​អ្នក​នូវ​អត្តសញ្ញាណ​ដ៏​វិសេសវិសាល​ដែល​គ្មាន​នរណា​ម្នាក់​អាច​ដក​ចេញពី​ខ្លួន​អ្នក​បាន​ឡើយ ។ ប៉ុន្តែ​លើស​ពីនោះ វា​គួរតែ​ផ្តល់​ឲ្យ​អ្នក​នូវ​អារម្មណ៍​នៃ​តម្លៃ​ដ៏​ធំធេង និង​ស្មារតី​នៃ​គុណសម្បត្តិ​ដ៏​នៅ​ជា​និរន្តរ៍​របស់​អ្នក ។ ជា​ចុងក្រោយ វា​ផ្តល់​ឲ្យ​អ្នក​នូវ​គោលបំណង​ដ៏​ទេវភាព សេចក្តីថ្លៃថ្នូរ និង​ភាពស័ក្តិសម​នៅ​ក្នុង​ជីវិត ។

( អិម រ័សុល បាឡឺដ « Children of Heavenly Father » [ Brigham Young University devotional, នៅថ្ងៃទី ៣ ខែ មីនា ឆ្នាំ ២០២០ ] ទំព័រ ២ នៅលើគេហទំព័រ speeches.byu.edu) ។

  • តើ​វា​អាច​ធ្វើ​ឲ្យ​មាន​ភាព​ខុស​គ្នា​អ្វី​ខ្លះ​ក្នុង​ជីវិត​របស់​អ្នក និង​ក្នុង​ការសម្រេច​ចិត្ត​ដែល​អ្នក​ធ្វើ​ដើម្បី​ដឹង​ថា​អ្នក​ពិត « ជា​ពូជ​ព្រះ » ?

  • តើ​អ្នក​ធ្លាប់​មាន​បទពិសោធន៍​អ្វីខ្លះ ដែល​បាន​ជួយ​អ្នក​ឲ្យ​យល់​កាន់តែ​ច្បាស់​អំពី​អត្តសញ្ញាណ​ដ៏​ទេវភាព​របស់​អ្នក​ក្នុងនាម​ជាបុត្រ​ម្នាក់​របស់​ព្រះ ?

ដើម្បី​មើល​ឧទាហរណ៍​អំពី​របៀប​ដែល​ការយល់ដឹង​អំពី​អត្តសញ្ញាណ​ដ៏​ទេវភាព​របស់​នាង​បាន​ជះ​ឥទ្ធិពល​ដល់​ស្រ្តី​ម្នាក់ សូម​មើល​វីដេអូ « Am I a Child of God? » ( ១០:២៤ ) មាន​នៅលើ​គេហទំព័រ ChurchofJesusChrist.org ចាប់ពី​នាទី​ទី ៣:២៤ ដល់នាទី​ទី ៥:២៣ ។

៣. សូម​ឆ្លើយ​សំណួរ​ខាង​ក្រោម​នេះ​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​របស់​អ្នក យ៉ាង​ហោច​ណាស់​មួយ ៖

  • តើ​អ្នក​បាន​រៀន ឬ​មាន​អារម្មណ៍​យ៉ាងណា​នៅ​ថ្ងៃ​នេះ​អំពី​អត្តសញ្ញាណ​ដ៏​ទេវភាព​របស់​អ្នក ដែល​អ្នក​ចង់​ចងចាំ ?

  • តើ​សកម្មភាព​អ្វីខ្លះ​ដែល​អ្នក​ចាប់​អារម្មណ៍​ក្នុងការធ្វើ ដោយ​ផ្អែកលើ​អ្វី​ដែល​អ្នក​បានរៀន ?

  • តើ​អ្នក​អាច​ធ្វើអ្វី​ដើម្បី​ស្វែងរក​ចម្លើយ​ចំពោះ​សំណួរ​ដែល​អ្នក​នៅតែ​មាន​អំពី​ទំនាក់ទំនង​របស់​អ្នក​ជាមួយ​ព្រះ ?

ជម្រើស ៖ តើ​ចង់​រៀនសូត្រ​បន្ថែម​ទៀត​​ទេ ?

តើ​ព្រះគម្ពីរ​មរមន​អាច​ពង្រឹង​ទំនាក់ទំនង​របស់​ខ្ញុំ​ជាមួយ​ព្រះ​ដោយ​របៀបណា ?

ប្រធាន រ័សុល អិម ណិលសុន បានប្រកាស ៖

រូបភាព
រូបថត​ផ្លូវការ​ពាក់កណ្តាល​ខ្លួន​របស់​ប្រធាន រ័សុល អិម ណិលសុន ដែល​បានថត​នៅ​ខែ មករា ឆ្នាំ ២០១៨

មាន​រឿង​អស្ចារ្យ​មួយ​កើត​ឡើង​ពេល​កូន​ម្នាក់​របស់​ព្រះ​ស្វែង​យល់​ចង់ដឹង​បន្ថែម​ទៀត​អំពី​ទ្រង់ និង​ព្រះរាជបុត្រា​ដ៏​ស្ងួនភ្ងា​របស់​ទ្រង់ ។ គ្មាន​កន្លែង​ណា​ផ្សេង​ទៀត​ដែល​សេចក្ដីពិត​ទាំងនោះ​បាន​បង្រៀន​យ៉ាង​ច្បាស់ ហើយ​ពេញ​ដោយ​អនុភាព​ជាង​នៅ​ក្នុង​ព្រះគម្ពីរ​មរមន​ឡើយ ។

( ប្រធាន រ័សុល អិម ណិលសុន « The Book of Mormon: What Would Your Life Be Like Without It? » Liahonaខែ វិច្ឆិកា ឆ្នាំ ២០១៧ ទំព័រ ៦១ ។

ហេតុ​អ្វី​បាន​ជា​វា​សំខាន់​ក្នុង​ការយល់​ពី​អត្តសញ្ញាណ​ពិត​របស់​ខ្ញុំ ដែល​ជា​កូន​របស់​ព្រះ ?

អែលឌើរ ប្រាយអិន ខេ ថេលើរ ក្នុង​ពួកចិតសិប​នាក់​បាន​បង្រៀន​ដូច​ខាង​ក្រោម ៖

រូបភាព
រូបផត​ផ្លូវការ​ពាក់​កណ្តាល​ខ្លួន​របស់​អែលឌើរ ប្រាយអិន ខេ ថេលើរ ។ បានថត​នៅ​ខែ មីនា ឆ្នាំ ២០១៧ ។

ម៉ូសេ​បាន​រៀន​អំពី​កេរដំណែល​នៃ​ភាពជាព្រះ​របស់​លោក​ដោយ​បាន​ទូល​ជាមួយ​នឹង​ព្រះអម្ចាស់​ទល់​នឹង​ព្រះភ័ក្រ្ត​ទ្រង់ ។ បន្ទាប់​ពី​បទពិសោធន៍​នោះ​មក « អារក្ស​សាតាំង​បាន​មក​ធ្វើ​ការល្បួង » ដោយ​ឈ្លាសវៃ ប៉ុន្តែ​មាន​បំណង​កាចសាហាវ​ដើម្បី​បំភាន់​អត្តសញ្ញាណ​របស់​ម៉ូសេ « ថា ៖ ម៉ូសេ ជា​កូន​មនុស្ស​អើយ ចូរ​ថ្វាយ​បង្គំ​យើង ។ ហើយ … ម៉ូសេ​បាន​ងើប​មើល​ទៅ​អារក្ស​សាតាំង ហើយ​និយាយ​ថា ៖ តើ​អ្នក​ជា​នរណា ? ដ្បិត​មើលចុះ ខ្ញុំ​ជា បុត្រ​នៃព្រះ » [ ម៉ូសេ ១:១២–១៣ បាន​បន្ថែម​ការគូស​បញ្ជាក់ ] ។

សង្គ្រាម​ដ៏​ធំ​ពី​អត្តសញ្ញាណ​នៃ​ភាពជា​ព្រះ​នេះ បន្ត​ការជជែក​វែកញែក ខណៈ​ដែល​សាតាំង​បន្ត​បង្កើន​យុទ្ធសាស្ត្រ​ដើម្បី​បំផ្លិចបំផ្លាញ​ជំនឿ និង​ចំណេះដឹង​របស់​យើង​អំពី​ទំនាក់ទំនង​យើង​ជាមួយ​នឹង​ព្រះ ។ ដោយ​អំណរគុណ យើង​ត្រូវ​បាន​ប្រទាន​ពរ​ដោយ​មាន​ចក្ខុវិស័យ​ច្បាស់លាស់ និង​ការយល់ដឹង​អំពី​អត្តសញ្ញាណ​ពិត​របស់​យើង​តាំង​ពី​ដើម​ដំបូង​មក​ម្ល៉េះ ។

ការស្គាល់​ព្រះវរបិតា​យើង​ផ្លាស់ប្តូរ​អ្វីៗ​គ្រប់​យ៉ាង ជា​ពិសេស​ដួងចិត្ត​របស់​យើង នៅពេល​ព្រះវិញ្ញាណ​ដ៏​ទន់ភ្លន់​របស់​ទ្រង់​បញ្ជាក់​អំពី​អត្តសញ្ញាណ​ពិត​ប្រាកដ និង​តម្លៃ​ដ៏​ធំ​មហិមា​របស់​យើង​នៅក្នុង​ព្រះនេត្រ​ទ្រង់ ។ ព្រះ​ទ្រង់​យាង​ជាមួយ​យើង​តាម​ផ្លូវ​នៃ​សេចក្តីសញ្ញា នៅពេល​យើង​ស្វែងរក​ទ្រង់​តាមរយៈ​ការទូល​អង្វរ​ប្រកប​ដោយ​ការអធិស្ឋាន ការស្រាវជ្រាវ​ព្រះគម្ពីរ និង​ការព្យាយាម​គោរព​ប្រតិបត្តិ ។

( ប្រាយអិន ខេ ថេលើរ « Am I a Child of God? » Liahona ខែ ឧសភា ឆ្នាំ ២០១៨ ទំព័រ ១២, ១៤ )

ប្រធាន ឌៀថើរ អេហ្វ អុជដូហ្វ នៃ​គណប្រធាន​ទីមួយ​បានថ្លែង​ទីបន្ទាល់​អំពី​អត្តសញ្ញាណ​ពិត​របស់យើង​ជាបុត្រី និង​បុត្រា​របស់​ព្រះ​នៅក្នុង​វីដេអូ « Our True Identity » ( ៣:៣៨ ) ដែល​មាន​នៅ​លើ​គេហទំព័រChurchofJesusChrist.org ។