ថ្នាក់​វិទ្យាស្ថាន
ឯកសារ​រៀបចំ​សម្រាប់​សិស្ស មេរៀន​ទី ២២ ៖ អាពាហ៍ពិពាហ៍​ពហុពន្ធភាព


« ឯកសារ​រៀបចំ​សម្រាប់​សិស្ស មេរៀន​ទី ២២ ៖ អាពាហ៍ពិពាហ៍​ពហុពន្ធភាព » ឯកសារ​គ្រូបង្រៀន​មូលដ្ឋាន​គ្រឹះ​នៃ​ការស្តារ​ឡើងវិញ ( ឆ្នាំ ២០១៩ )

« ឯកសារ​រៀបចំ​សម្រាប់​សិស្ស មេរៀន​ទី ២២ » ឯកសារ​គ្រូបង្រៀន​មូលដ្ឋាន​គ្រឹះ​នៃ​ការស្តារ​ឡើងវិញ

ឯកសារ​រៀបចំ​សម្រាប់​សិស្ស មេរៀន​ទី ២២

អាពាហ៍ពិពាហ៍​ពហុ​ពន្ធភាព

រូបភាព
អ័ប្រាហាំនៅ​លើ​វាល​ទំនាប​ម៉ាមរេដោយ ហ្គ្រែន រ៉មនី ខ្ល័រសុន

ព្រះអម្ចាស់​បាន​បង្រៀន​អ័ប្រាហាំ​ថា គោលបំណង​មួយ​នៃ​ជីវិត​រមែង​ស្លាប់​នេះ គឺ​ដើម្បី « សាកល្បង » បុត្រា​បុត្រី​របស់​ព្រះ « មើល​បើ​សិន​ជា​ពួកគេ​នឹង​ប្រព្រឹត្ត​នូវ​អ្វីៗ​គ្រប់​យ៉ាង ដែល​ព្រះអម្ចាស់​ដ៏​ជា​ព្រះ​របស់​ពួកគេ នឹង​បញ្ជា​ដល់​ពួកគេ » ( អ័ប្រាហាំ ៣:២៥ ) ។ បទបញ្ញត្តិ​របស់​ព្រះ​មួយ​ចំនួន​អាច​មើល​ទៅ​ពិបាក​ខ្លាំង​ណាស់ ជាពិសេស​នៅពេល​វា​ប្រឆាំង​នឹង​ប្រពៃណី​វប្បធម៌ ឬ​ការរំពឹង​ទុក​ផ្ទាល់ខ្លួន​របស់​យើង ។ នៅពេល​បងប្អូន​សិក្សា សូម​សញ្ជឹង​គិត​អំពី​អ្វី​ដែល​បងប្អូន​អាច​រៀន​មកពី​សេចក្ដីជំនឿ​ដ៏​អស្ចារ្យ និង​ការគោរព​ប្រតិបត្តិ​របស់​ព្យាការី យ៉ូសែប ស៊្មីធ និង​ពួកបរិសុទ្ធ​ពី​ដើម​តាម​ការបញ្ជា​របស់​ព្រះអម្ចាស់ ដើម្បី​អនុវត្ត​អាពាហ៍ពិពាហ៍​ពហុ​ពន្ធ​ភាព ។

ផ្នែក​ទី ១

ហេតុអ្វី​បានជា​ព្យាការី យ៉ូសែប ស៊្មីធ និង​ពួកបរិសុទ្ធ​ពីដើម​ជាច្រើន​បាន​អនុវត្ត​អាពាហ៍ពិពាហ៍​ពហុ​ពន្ធ​ភាព ?

នៅ​ដើម​ឆ្នាំ ១៨៣១ ពេល​ដែល​យ៉ូសែប ស៊្មីធ​បាន​ធ្វើការ​បកប្រែ​លើ​ព្រះគម្ពីរ​សញ្ញា​ចាស់​ពេញ​ដោយ​ការបំផុស​គំនិត​របស់​លោក នោះ​លោក​បាន​អធិស្ឋាន​ទូល​សូម​យល់​ពី​មូលហេតុ​ដែល​ព្យាការី​ពី​បុរាណ​មួយ​ចំនួន និង​ស្ដេច​សាសន៍​អ៊ីស្រាអែល​បាន​អនុវត្ត​អាពាហ៍ពិពាហ៍​ពហុពន្ធភាព ( សូមមើល​ក្បាល​កណ្ឌ និង​ខទី ១ នៃ គោលលទ្ធិ និង សេចក្ដី​សញ្ញា ១៣២ ) ។ ព្រះអម្ចាស់​បាន​ប្រទាន​វិវរណៈ​មួយ​តាមរយៈ​ព្យាការី ។

រូបភាព
រូបតំណាង ការសិក្សា

សិក្សា​រៀបចំ​សម្រាប់​ថ្នាក់រៀន

សូម​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ១៣២:៣៤–៣៧ ។

នៅ​ក្នុង ខទី ៣៧ ពាក្យ ស្រីស្នំ សំដៅ​លើ​ស្ត្រី​ម្នាក់ ដែល​នៅ​សម័យ​ព្រះគម្ពីរ​សញ្ញា​ចាស់ គឺជា​ស្ត្រី​ដែល​បាន​រៀបការ​ពេញ​ច្បាប់​នឹង​បុរស​ម្នាក់ ប៉ុន្តែ​មាន​ឋានៈ​ក្នុង​សង្គម​ទាប​ជាង​ប្រពន្ធ​ដើម ។ ស្រីស្នំ​មិនមែន​ជា​ផ្នែក​នៃ​ការអនុវត្ត​អាពាហ៍ពិពាហ៍​ពហុពន្ធភាព នៅក្នុង​សម័យ​កាន់កាប់​ត្រួតត្រា​របស់​យើង​ឡើយ ។

មួយ​រយៈ​ក្រោយពី​ព្រះអម្ចាស់​បាន​បើក​សម្ដែង​គោលការណ៍​នៃ​អាពាហ៍ពិពាហ៍​ពហុ​ពន្ធ​ភាព​ដល់​យ៉ូសែប ស៊្មីធ នោះ​ទ្រង់​បាន​ត្រាស់​បង្គាប់​ឲ្យ​ព្យាការី​រស់នៅ​តាម​គោលការណ៍​នេះ ហើយ​បង្រៀន​វា​ដល់​មនុស្ស​ដទៃ ។ ខណៈ​យើង​មិន​យល់​ពី​គោលបំណង​របស់​ព្រះ​ទាំងអស់​ដែល​បាន​ផ្តួចផ្ដើម​អាពាហ៍ពិពាហ៍​ពហុ​ពន្ធ​ភាព​នៅ​សម័យ​ដើម​នៃ​សាសនាចក្រ​នេះ នោះ​ចំណុច​ផ្ដើម​វា​គឺជា​ផ្នែក​នៃ​ការស្ដារ​ឡើងវិញ​ថ្ងៃ​ចុងក្រោយ​នៃ « ការណ៍​គ្រប់​យ៉ាង » ( គោលលទ្ធិ និង សេចក្ដី​សញ្ញា ១៣២:៤០, ៤៥ សូមមើល​ផងដែរ កិច្ចការ ៣:១៩–២១ ) ។

ផ្នែក​ទី ២

តើ​យើង​ដឹង​អ្វីខ្លះ​អំពី​បទពិសោធន៍​របស់​ព្យាការី យ៉ូសែប ស៊្មីធ​ជាមួយ​នឹង​អាពាហ៍ពិពាហ៍​ពហុ​ពន្ធ​ភាព ?

បុគ្គល​ដែល​ជិតដិត​នឹង​យ៉ូសែប ស៊្មីធ​បាន​រាយការណ៍​ថា លោក​បាន​ប្រាប់​ពួកគេ​ថា ទេវតា​របស់​ព្រះ​បាន​បង្ហាញ​ព្រះកាយ​ដល់​លោក​រហូត​ដល់​បី​ដង​នៅ​ចន្លោះ​ឆ្នាំ ១៨៣៤ និង ១៨៤២ ដោយ​បញ្ជា​ឲ្យ​លោក​រស់នៅ​តាម​គោលការណ៍​នៃ​អាពាហ៍ពិពាហ៍​ពហុ​ពន្ធ​ភាព​នេះ ។ « ភស្ដុតាង​ច្រើន​បំណែក​ផ្ដល់​យោបល់​ថា យ៉ូសែប ស៊្មីធ​បាន​ធ្វើ​សកម្មភាព​តាម​ការបញ្ជា​ដំបូង​របស់​ទេវតា ដោយ​បាន​រៀបការ​ភរិយា​ទីពីរ​ឈ្មោះ ហ្វេននី អេលជើរ នៅ​ទីក្រុង​ខឺតឡង់ រដ្ឋ​អូហៃអូ​នៅ​ពាក់​កណ្ដាល​ទសវត្សរ៍​ឆ្នាំ ១៨៣០ ។ … យើង​ដឹង​តិចតួច​ណាស់​អំពី​អាពាហ៍ពិពាហ៍​នេះ ហើយ​យើង​មិន​ដឹង​អ្វី​ទាល់តែ​សោះ​អំពី​ការសន្ទនា​រវាង​យ៉ូសែ និង អិមម៉ា​ទាក់ទង​នឹង​នាង​អេលជើរ ។ ក្រោយពី​អាពាហ៍ពិពាហ៍​ជាមួយ​នាង​អេលជើរ​បញ្ចប់​ដោយ​ការបែក​បាក់​គ្នា នោះ​យ៉ូសែប​ហាក់​បាន​ដាក់​ប្រធានបទ​អាពាហ៍ពិពាហ៍​ពហុ​ពន្ធ​ភាព​ទៅ​មួយ​អន្លើរ រហូតដល់​សាសនាចក្រ​បាន​ប្ដូរ​ទៅ​ក្រុង​ណៅវូ រដ្ឋ​អិលលីណោយ » ( « Plural Marriage in Kirtland and Nauvoo » Gospel Topics នៅលើ​គេហទំព័រ topics.ChurchofJesusChrist.org ) ។

ដោយ​ចាប់ផ្ដើម​នៅ​ឆ្នាំ ១៨៤១ ព្យាការី យ៉ូសែប ស៊្មីធ​បាន​រៀបការ​នឹង​ស្ដ្រី​បន្ថែម​ទៀត​ទុក​ជា​ការគោរព​ប្រតិបត្តិ​ដល់​បទបញ្ញត្តិ​របស់​ព្រះអម្ចាស់ និង​បាន​ណែនាំ​គោលការណ៍​នៃ​អាពាហ៍ពិពាហ៍​ពហុ​ពន្ធ​ភាព​ដល់​សមាជិក​សាសនាចក្រ​ផ្សេងទៀត​មួយ​ចំនួន​តូច​ផងដែរ ។

អេលីហ្សា អ័រ ស្នូ ដែល​បាន​ផ្សារភ្ជាប់​នឹង​ព្យាការី យ៉ូសែប ស៊្មីធ ហើយ​ក្រោយមក​បាន​បម្រើ​ជា​ប្រធាន​សមាគម​សង្គ្រោះ​ទីពីរ​បាន​រំឭក​ថា ៖

ព្យាការី​យ៉ូសែប​…​បាន​រៀបរាប់​ពី​ការសាក​ល្បង​ស្មារតី ដែល​លោក​បាន​ជួប​ប្រទះ​ដើម្បី​យកឈ្នះ​លើ​អារម្មណ៍​បដិសេធ​របស់​លោក​…​ទាក់ទង​ទៅនឹង​ការណែនាំ​ឲ្យ​មាន​អាពាហ៍ពិពាហ៍​ពហុ​ពន្ធ​ភាព ។ លោក​បាន​ស្គាល់​សំឡេង​របស់​ព្រះ—​លោក​បាន​ដឹង​ថា បទបញ្ញត្តិ​នៃ​ព្រះដ៏​មាន​មហិទ្ធិឬទ្ធិ​ត្រូវ​តែ​ឈាន​ទៅមុខ ។ … លោក​បាន​ដឹង​ថា លោក​មិន​ត្រឹមតែ​ត្រូវ​ប្រឆាំង និង​យកឈ្នះ​លើ​ការវិនិច្ឆ័យ និង​ឥទ្ធិពល​របស់ខ្លួន​លោក​ផ្ទាល់​នោះទេ ប៉ុន្ដែ​ថែម​ទាំង​ពី​សំណាក់​នៃ​អស់​ទាំង​ពិភព​គ្រីស្ទាន​ទាំងមូល​ដែល​នឹង​សម្លឹង​មក​កាន់​លោក ប៉ុន្ដែ​ព្រះ​ដែល​ជា​ព្រះ​លើស​អស់​ទាំង​មនុស្ស​បាន​ប្រទាន​ព្រះបញ្ញត្តិ​នេះ ហើយ​លោក​ត្រូវតែ​គោរព​តាម​ការណ៍​នេះ ។ ( Eliza R. Snow, in Biography and Family Record of Lorenzo Snow [ ឆ្នាំ ១៨៨៤ ] ទំព័រ ៦៩ )

រូបភាព
រូបតំណាង ការសញ្ជឹងគិត

សញ្ជឹងគិត​នៅក្នុង​ការរៀបចំ​សម្រាប់​ថ្នាក់រៀន

តើ​ឆន្ទៈ​របស់​ព្យាការី យ៉ូសែប ស៊្មីធ​ក្នុង​ការគោរព​តាម​បទបញ្ញត្តិ​ដ៏​ពិបាក​បែប​នោះ បង្ហាញ​អ្វីខ្លះ​អំពី​សេចក្ដីជំនឿ និង​ចរិត​លក្ខណៈ​របស់​លោក ?

មូលហេតុ​មួយ​ដែល​ការយល់​ដឹង​របស់​យើង​អំពី​ការអនុវត្ត​អាពាហ៍ពិពាហ៍​ពហុ​ពន្ធ​ភាព​របស់​យ៉ូសែប ស៊្មីធ នៅ​មាន​កម្រិត​នោះ​គឺ​ថា លោក​និង​មនុស្ស​ដទៃ​ទៀត​ដែល​បាន​អនុវត្ត​អាពាហ៍ពិពាហ៍​ពហុ​ពន្ធ​ភាព​នៅ​ទីក្រុង​ណៅវូ មាន​បាន​លើកឡើង​ពី​រឿង​នេះ​នៅក្នុង​កំណត់ត្រា​ជា​លាយលក្ខណ៍​អក្សរ​ឡើយ ។ ការណ៍ពិស្ដារ​ជាច្រើន​នៃ​ការអនុវត្ត​អាពាហ៍ពិពាហ៍​ពហុពន្ធភាព​ត្រូវបាន​រក្សា​ទុក​ជា​ការណ៍​សម្ងាត់ ហើយ​កំណត់ត្រា​ប្រវត្តិសាស្ដ្រ​មិន​បាន​ឆ្លើយ​ដល់​សំណួរ​ទាំងអស់​បាន​ទេ ។

ចេញពី​សំណេរ​ប្រធានបទ​ដំណឹងល្អ​មួយ​អំពី​អាពាហ៍ពិពាហ៍​ពហុ​ពន្ធ​ភាព យើង​រៀន​ថា ៖

អំឡុង​សម័យ​ដែល​គេ​អនុវត្ត​អាពាហ៍ពិពាហ៍​ពហុ​ពន្ធភាព​នោះ ពួកបរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ​បាន​បែងចែក​រវាង​ការផ្សារភ្ជាប់​សម្រាប់​ពេល​នេះ និង​ជា​អស់កល្ប និង​ការផ្សារភ្ជាប់​សម្រាប់​តែ​ភាពអស់កល្ប​ប៉ុណ្ណោះ ។ ការផ្សារភ្ជាប់​សម្រាប់​ពេល​នេះ និង​ភាព​អស់កល្ប រួមមាន​នូវ​ការប្ដេជ្ញា និង​ទំនាក់ទំនង​ក្នុង​ជីវិត​នេះ ជាទូទៅ​រួមមាន​ទំនាក់ទំនង​ផ្លូវភេទ​ផងដែរ ។ ការផ្សារភ្ជាប់​សម្រាប់​តែ​ភាពអស់កល្ប​ជានិច្ច បង្ហាញតែ​ពី​ទំនាក់ទំនង​នៅក្នុង​ជីវិត​បន្ទាប់​ប៉ុណ្ណោះ ។ …

ស្ដ្រី​ខ្លះ​ដែល​ត្រូវបាន​ផ្សារភ្ជាប់​ទៅនឹង​យ៉ូសែប ស្ម៊ីធ ក្រោយមក​បានថ្លែង​ទីបន្ទាល់​ថា អាពាហ៍ពិពាហ៍​របស់​ពួកគេ​គឺ​សម្រាប់​ពេល​នេះ និង​ភាព​អស់កល្ប ខណៈ​អ្នក​ផ្សេង​ទៀត​បាន​បង្ហាញ​ថា ទំនាក់ទំនង​របស់​ពួកគេ​គឺ​សម្រាប់​តែ​ភាព​អស់កល្ប​ប៉ុណ្ណោះ ។

ភាគច្រើន​នៃ​អស់​អ្នក​ដែល​បាន​ផ្សារភ្ជាប់​ទៅនឹង​យ៉ូសែប ស្ម៊ីធ មាន​អាយុ​ចន្លោះ ២០ និង ៤០ ឆ្នាំ នៅពេល​ពួកគេ​បាន​ផ្សារភ្ជាប់​ទៅនឹង​លោក ។ អ្នក​មាន​វ័យ​ចំណាស់​បំផុត​គឺ ហ្វាននី យ៉ង់ ដែល​មាន​អាយុ ៥៦ ឆ្នាំ ។ អ្នក​មាន​វ័យ​ក្មេង​ជាងគេ​បំផុត​គឺ ហេឡែន ម៉ា ឃឹមបឹល…ដែល​ត្រូវបាន​ផ្សារភ្ជាប់​ទៅនឹង​យ៉ូសែប តែ​ប៉ុន្មាន​ខែ​ប៉ុណ្ណោះ​មុនពេល​នាង​មាន​អាយុ ១៥ ឆ្នាំ ។ អាពាហ៍ពិពាហ៍​នៅក្នុង​អាយុ​ដ៏ក្មេងខ្ចី​បែប​នោះ គឺ​វា​មិន​សមរម្យ​នោះទេ​នៅក្នុង​បទដ្ឋាន​នា​សព្វថ្ងៃនេះ ប៉ុន្ដែ​វា​ស្របច្បាប់​នៅ​សម័យ​នោះ ហើយ​ស្ដ្រី​ខ្លះ​បាន​រៀបការ​នៅ​វ័យ​ស្ទើរ​ជំទង់​របស់​គេ ។ ហេឡែន ម៉ា ឃឹមបឹល បាន​និយាយ​អំពី​ការផ្សារភ្ជាប់​របស់​នាង​ទៅនឹង​យ៉ូសែប​ថា​ជា « ការណ៍​មួយ​សម្រាប់​ភាព​ដ៏​អស់កល្ប​តែ​ប៉ុណ្ណោះ » ដោយ​បង្ហាញប្រាប់​ថា ទំនាក់ទំនង​នេះ​មិន​បាន​ទាក់ទង​ទៅនឹង​ទំនាក់ទំនង​ផ្លូវភេទ​នោះទេ ។ …

… យ៉ូសែប ស្ម៊ីធ បាន​ផ្សារភ្ជាប់​ទៅនឹង​ស្ដ្រី​មួយ​ចំនួន​ដែល​បាន​រៀបការ​រួចហើយ ។ ទាំង​ស្ដ្រី​ទាំងនោះ ទាំង​យ៉ូសែប មិន​បាន​ពន្យល់​ក្បោះក្បាយ​អំពី​ការផ្សារភ្ជាប់​ទាំងនេះ​ទេ ទោះ​យ៉ាង​ណា មាន​ស្ដ្រី​បី​បួន​នាក់​បាន​និយាយ​ថា ការផ្សារភ្ជាប់​ទាំង​នោះ​គឺ​គ្រាន់តែ​សម្រាប់​ភាពអស់កល្ប​ប៉ុណ្ណោះ ។ …

មាន​ការពន្យល់​បី​បួន​ដែល​អាច​ទទួល​យក​បាន​សម្រាប់​ការអនុវត្ត​នេះ ។ ការផ្សារភ្ជាប់​ទាំងនេះ​អាច​ផ្ដល់​ជា​ផ្លូវ​មួយ​ដើម្បី​បង្កើត​ចំណង ឬ​ខ្សែ​ភ្ជាប់​ដ៏​អស់កល្ប​មួយ​រវាង​គ្រួសារ​របស់​យ៉ូសែប និង​គ្រួសារ​អ្នក​ផ្សេង​ទៀត​នៅក្នុង​សាសនាចក្រ ។ …

ការផ្សារភ្ជាប់​ទាំងនេះ​ក៏​អាច​ពន្យល់​បាន​ដោយ​ការស្ទាក់ស្ទើរ​របស់​យ៉ូសែប​ក្នុង​ការចូល​ទៅក្នុង​អាពាហ៍ពិពាហ៍​ពហុ​ពន្ធ​ភាព ដោយសារតែ​វា​ធ្វើឲ្យ​ភរិយា​របស់​លោក អិមម៉ា​កើត​ទុក្ខ​ក្រៀមក្រំ ។ លោក​អាច​បាន​ជឿ​ថា ការផ្សារភ្ជាប់​ទៅនឹង​ស្ដ្រី​ដែល​បាន​រៀបការ​រួច នឹង​ស្របតាម​ការបញ្ជា​របស់​ព្រះអម្ចាស់​ដោយ​មិន​តម្រូវ​ឲ្យ​លោក​មាន​ទំនាក់ទំនង​អាពាហ៍ពិពាហ៍​ធម្មតា​នោះ​ទេ ។ …

មូលហេតុ​ដែល​អាច​មាន​មួយ​ទៀត​គឺ​ថា នៅក្នុង​យុគ​សម័យ​ដែល​មាន​អាយុ​ជីវិត​ខ្លី​ជាង​សព្វថ្ងៃនេះ នោះ​ស្ដ្រី​ស្មោះត្រង់​មាន​អារម្មណ៍​នូវ​ភាពបន្ទាន់​ដើម្បី​បាន​ផ្សារភ្ជាប់​ដោយ​សិទ្ធិអំណាច​បព្វជិតភាព ។ ស្ដ្រី​ទាំងនេះ​បី​បួន​រូប​បាន​រៀបការ​ជាមួយ​នឹង​អ្នកមិនមែន​ជា​មរមន​ផង ជាមួយ​អតីត​សមាជិក​មរមន​ផង ហើយ​ក្រោយមក​មាន​ស្ដ្រី​ច្រើន​ជាង​ម្នាក់​បាន​បង្ហាញ​ពី​ការគ្មាន​សុភមង្គល​នៅក្នុង​អាពាហ៍ពិពាហ៍​បច្ចុប្បន្ន​របស់​ពួកគេ ។ ដោយ​រស់នៅ​ក្នុង​ពេល​មួយ​ដែល​ការលែងលះ​គ្នា​គឺ​ពិបាក​ទទួល​បាន នោះ​ស្ដ្រី​ទាំងនេះ​អាច​បាន​ជឿ​ថា ការផ្សារភ្ជាប់​នឹង​យ៉ូសែប ស៊្មីធ​នឹង​ផ្ដល់​ពរជ័យ​ដល់​ពួកគេ ដែល​ពួកគេ​មិន​អាច​ទទួល​បាន​នៅក្នុង​ជីវិត​ក្រោយ បើ​មិន​ធ្វើ​ដូច្នេះ​ទេ​នោះ ។ …

…​ក្រោយពី​ការស្លាប់​របស់​យ៉ូសែប ស្ដ្រី​ភាគច្រើន​ដែល​បាន​ផ្សារភ្ជាប់​នឹង​គាត់​បាន​ប្ដូរ​ទៅ​រដ្ឋ​យូថាហ៍​ជាមួយ​នឹង​ពួកបរិសុទ្ធ បាន​បន្ដ​ធ្វើជា​សមាជិក​សាសនាចក្រ​ដ៏​ស្មោះត្រង់ ហើយ​បាន​ការពារ​ទាំង​អាពាហ៍ពិពាហ៍​ពហុ​ពន្ធ​ភាព ទាំង​យ៉ូសែប ។ ( « Plural Marriage in Kirtland and Nauvoo » នៅលើ​គេហទំព័រ topics.ChurchofJesusChrist.org )

ផ្នែក​ទី ៣

តើ​សមាជិក​សាសនាចក្រ​បាន​ឆ្លើយតប​នឹង​គោលការណ៍​នៃ​អាពាហ៍ពិពាហ៍​ពហុ​ពន្ធ​ភាព​យ៉ាង​ដូចម្ដេច ?

រូបភាព
គ្រប់​ឧបសគ្គ​ទាំងអស់​អាច​នាំ​មក​នូវ​សេចក្ដី​ជំនឿ​ដ៏​ធំ​ជាង​នេះ ដោយ ជេមស៍ ចនសុន

ការអនុវត្ត​អាពាហ៍ពិពាហ៍​ពហុពន្ធភាព​គឺ​ចម្លែក ហើយ​ពិបាក​សម្រាប់​ពួកបរិសុទ្ធ​ពីដើម​ជាច្រើន ដូចដែល​វា​នឹង​ពិបាក​សម្រាប់​សមាជិក​សាសនាចក្រ​នា​សព្វថ្ងៃ​ដែរ ។ « នៅក្នុង​ផ្នែក​ជាច្រើន​នៃ​ពិភពលោក​នេះ ការមាន​ប្រពន្ធ​ច្រើន​ត្រូវបាន​គេ​ទទួល​យក​ក្នុង​សង្គម និង​អនុញ្ញាត​ឲ្យ​មាន​ដោយ​ស្របច្បាប់ ។ ប៉ុន្ដែ​នៅ​សហរដ្ឋ មនុស្ស​ភាគច្រើន​បាន​គិត​ថា ការអនុវត្ត​នេះ​គឺ​ខុសឆ្គង​ខាង​សីលធម៌ » ( « The Manifesto and the End of Plural Marriage » Gospel Topics នៅលើ​គេហទំព័រ topics.ChurchofJesusChrist.org ) ។ បទបញ្ញត្តិ​ឲ្យ​អនុវត្ត​អាពាហ៍ពិពាហ៍​ពហុពន្ធភាព « គឺ​នៅក្នុង​ចំណោម​ផ្នែក​ដ៏​ពិបាក​ខ្លាំង​បំផុត​នៃ​ការស្ដារ​ឡើង​វិញ—សម្រាប់​យ៉ូសែប​ផ្ទាល់ និង​សម្រាប់​សមាជិក​សាសនាចក្រ​ផ្សេងទៀត ។ … សម្រាប់​ភរិយា​របស់ យ៉ូសែប ស៊្មីធ គឺ​អិមម៉ា វា​គឺជា​ការល្បង​ពិសោធន៍​ដ៏​ឈឺផ្សា​មួយ ។ … ទស្សនៈ​របស់​នាង​អំពី អាពាហ៍ពិពាហ៍​ពហុពន្ធភាព​បាន​ប្រែប្រួល ពេល​ខ្លះ​នាង​គាំទ្រ​វា ហើយ​ពេល​ខ្លះ​ទៀត​នាង​បដិសេធ​វា » ( « Plural Marriage in Kirtland and Nauvoo » នៅលើ​គេហទំព័រ topics.ChurchofJesusChrist.org ) ។

មិនមែន​ពួកបរិសុទ្ធ​ថ្ងៃចុងក្រោយ​ទាំងអស់​ត្រូវបាន​រំពឹង​ឲ្យ​រស់នៅ​តាម​អាពាហ៍ពិពាហ៍​ពហុពន្ធភាព​នោះ​ទេ ។ ហើយ​សមាជិក​សាសនាចក្រ​មួយ​ចំនួន​ដែល​បាន​ពុះពារ​នឹង​គោលការណ៍​នៃ​អាពាហ៍ពិពាហ៍​ពហុ​ពន្ធ​ភាព​ទទួល​ពរ​ជា​សាក្សី​ខាង​វិញ្ញាណ​មួយ ដែល​បាន​ផ្ដល់​ទឹកចិត្ត​ឲ្យ​ពួកគេ​ឈាន​ទៅមុខ​ជាមួយ​ការអនុវត្ត​នោះ ។ បទពិសោធន៍​របស់​សមាជិក​ពីរ​បែប​នោះ​ត្រូវបាន​សង្ខេប​ដូច​តទៅ​នេះ ៖

ព្រិកហាំ យ៉ង់ បាន​ពោល​ថា ពេល​ដឹង​អំពី​អាពាហ៍ពិពាហ៍​ពហុពន្ធភាព « វា​គឺជា​លើក​ទីមួយ​ក្នុង​ជីវិត​ខ្ញុំ ដែល​ខ្ញុំ​ប៉ង​ចង់​ទៅ​រក​ផ្នូរ » ។ គាត់​បាន​ថ្លែង​ថា « ខ្ញុំ​បាន​អធិស្ឋាន​ដោយ​ឥត​ឈប់ឈរ ហើយ​ខ្ញុំ​ត្រូវ​អនុវត្ត​សេចក្ដីជំនឿ ហើយ​ព្រះអម្ចាស់​បាន​បើក​បង្ហាញ​ដល់​ខ្ញុំ​ពី​សេចក្ដីពិត​នេះ ហើយ​ការណ៍​នោះ​បាន​បំពេញ​ចិត្ត​ខ្ញុំ » ។ …

លូស៊ី វ៉កឃើរ បាន​រំឭក​ពី​ចលាចល​ក្នុង​ចិត្ត​របស់​នាង នៅពេល​យ៉ូសែប ស្ម៊ីធ បាន​សុំ​នាង​រៀបការ ។ នាង​បាន​សរសេរ​ថា « រាល់​អារម្មណ៍​នៅក្នុង​ព្រលឹង​របស់​ខ្ញុំ​បាន​បះបោរ​ប្រឆាំង​នឹង​ការណ៍​នេះ » ។ ប៉ុន្ដែ បន្ទាប់​ពី​មាន​ចិត្ត​រសាប់​រសល់​ប៉ុន្មាន​យប់​មក ដោយ​បន្ដ​លុតជង្គង់​អធិស្ឋាន នាង​បាន​រកឃើញ​ការរំសាយចិត្ត​នៅពេល​បន្ទប់​របស់​នាង « ពោរពេញ​ដោយ​ឥទ្ធិពល​ដ៏​បរិសុទ្ធ » ដែល​ស្រដៀងទៅនឹង « រស្មី​ព្រះអាទិត្យ​ដ៏​ចែងចាំង » ។ នាង​បាន​ពោល​ថា « ព្រលឹង​ខ្ញុំ​បាន​ពេញ​ទៅ​ដោយ​សេចក្ដី​សុខសាន្ដ​ដ៏​ស្ងប់​ស្ងាត់ និង​ផ្អែម​ល្ហែម​ដែល​ខ្ញុំ​មិន​ដែល​បាន​ស្គាល់ » ហើយ « សុភមង្គល​ដ៏​មហិមា​បាន​គ្រប​ជិត​មក​លើ​ប្រាណ​ខ្ញុំ​ទាំងមូល » ។

មិន​មែន​មនុស្ស​ទាំងអស់​បាន​មាន​បទពិសោធន៍​ដូច្នេះ​ទេ ។ ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ​មួយចំនួន​បាន​បដិសេធ​គោលការណ៍​នៃ​អាពាហ៍ពិពាហ៍​ពហុពន្ធភាព ហើយ​បាន​ចាកចេញពី​សាសនាចក្រ ខណៈ​អ្នក​ផ្សេង​បាន​បដិសេធ​មិន​អនុវត្ត​តាម​ឡើយ ប៉ុន្ដែ​បាន​បន្ដ​ស្មោះត្រង់ ។ ទោះយ៉ាង​ណា​ក្ដី សម្រាប់​ស្ដ្រី និង​បុរស​ជាច្រើន ការស្អប់ខ្ពើម និង​តានតឹង​ចិត្ត​យ៉ាង​ខ្លាំង​ពី​គ្រា​ដើម​បាន​បន្ដ​ដោយ​ការពុះពារ ការតាំងចិត្ត និង​ចុងក្រោយ​ជា​ពន្លឺ និង​សេចក្ដី​សុខសាន្ដ ។ បទពិសោធន៍​ដ៏​ពិសិដ្ឋ​ជាច្រើន​បាន​ធ្វើ​ឲ្យ​ពួកបរិសុទ្ធ​ឈាន​ទៅមុខ​ដោយ​សេចក្ដី​ជំនឿ ។( « Plural Marriage in Kirtland and Nauvoo » នៅលើ​គេហទំព័រ topics.ChurchofJesusChrist.org )

រូបភាព
រូបតំណាង ការសញ្ជឹងគិត

សញ្ជឹងគិត​នៅក្នុង​ការរៀបចំ​សម្រាប់​ថ្នាក់រៀន

តើ​បទពិសោធន៍​ទាំងនេះ​របស់​សមាជិក​សាសនាចក្រ​ពីដើម អាច​ជួយ​នរណាម្នាក់​ដែល​មាន​សំណួរ​ថា តើ​យ៉ូសែប ស៊្មីធ​បាន​ធ្វើ​សកម្មភាព​ក្នុង​នាម​ជា​ព្យាការី​ដ៏​បំផុស​គំនិត​របស់​ព្រះ នៅពេល​លោក​បាន​អនុវត្ត អាពាហ៍ពិពាហ៍​ពហុ​ពន្ធ​ភាព​ដោយ​របៀប​ណា ?

ផ្នែក​ទី ៤

តើ​ការអនុវត្ត​អាពាហ៍ពិពាហ៍​ពហុ​ពន្ធ​ភាព​នៅក្នុង​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ​បាន​បញ្ចប់​ដោយ​របៀប​ណា ?

មិន​យូរ​ប៉ុន្មាន​ក្រោយពី​ការស្លាប់​របស់​ព្យាការី យ៉ូសែប ស៊្មីធ​នៅ​ឆ្នាំ ១៨៤៤ ពួកបរិសុទ្ធ​បាន​ភៀសខ្លួន​ទៅកាន់​ជ្រលង​ភ្នំ​សលត៍ លេក​នៅ​សហរដ្ឋ​ភាគ​ខាង​លិច ជា​កន្លែង​ដែល​សមាជិក​សាសនាចក្រ​បាន​អនុវត្ត​អាពាហ៍ពិពាហ៍​ពហុពន្ធភាព​ដោយ​បើក​ចំហ​នៅ​ទីបំផុត ។ ពី​ទសវត្សរ៍​ឆ្នាំ ១៨៦០ ដល់​ឆ្នាំ ១៨៨០ រដ្ឋាភិបាល​សហរដ្ឋ​បាន​ចេញ​ច្បាប់​ប្រឆាំង​នឹង​ការអនុវត្ត​នេះ ហើយ​នៅ​ទីបញ្ចប់​បាន​ដាក់​ការដាក់ទោស​យ៉ាង​ធ្ងន់ធ្ងរ​ដល់​អស់​អ្នក​ដែល​មិន​អនុវត្ត​តាម រួម​ទាំង​ការចាប់​ដាក់​គុក​ផងដែរ ។ ក្រោយពី​បាន​ស្វែងរក​ការដឹកនាំ​ពី​ព្រះអម្ចាស់ និង​ទទួល​បាន​ការដឹកនាំ​ពី​ទ្រង់ ប្រធាន វិលហ្វួឌ វូឌដ្រុព្វ បាន​រៀបចំ​សេចក្ដី​ថ្លែងការណ៍​មួយ​នៅ​ខែ កញ្ញា ឆ្នាំ ១៨៩០ ដែល​បាន​ក្លាយជា « សេចក្ដី​ប្រកាស » ( សេចក្ដី​ប្រកាស​ជា​ផ្លូវការ ១ ) ដែល​បាន​ដឹកនាំ​ទៅរក​ការបញ្ចប់​ការអនុវត្ត​អាពាហ៍ពិពាហ៍​ពហុ​ពន្ធ​ភាព​ដោយ​សមាជិក​សាសនាចក្រ​នៅ​ទីបញ្ចប់ ។

ពួកបរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ​មួយ​ចំនួន​តូច បាន​បន្ដ​អនុវត្ត​អាពាហ៍ពិពាហ៍​ពហុពន្ធភាព​ជា​ថ្មី បន្ទាប់ពី​សេចក្ដី​ប្រកាស​ត្រូវបាន​ផ្ដល់​ឲ្យ ។ នៅ​អំឡុង​សន្និសីទ​ទូទៅ ខែ មេសា ឆ្នាំ ១៩០៤ ប្រធាន យ៉ូសែប អែហ្វ ស្ម៊ីធ បាន​ចេញ​សេចក្ដី​ប្រកាស​ទីពីរ និង​បាន​ប្រកាស « ថា​រាល់​អាពាហ៍ពិពាហ៍ [ ពហុពន្ធភាព ] គឺត្រូវ​បាន​ហាម​ឃាត់ ហើយ​បើ​មាន​អ្នកកាន់​តំណែង​ណា​មួយ ឬ​សមាជិក​នៃ​សាសនាចក្រ​ណា​ម្នាក់ ទទួលយក​ដោយគោរព ឬ​ចូល​ទៅក្នុង​អាពាហ៍ពិពាហ៍​ប្រភេទ​នេះ នោះ​គាត់នឹង​ត្រូវ… កាត់កាល​ចេញ​ពី​សាសនាចក្រ » ( នៅក្នុង Conference Report, ខែ មេសា ឆ្នាំ ១៩០៤ ទំព័រ ៧៥) ។ គោលនយោបាយ​នេះ​បន្ដ​នៅ​មាន​ដល់​សព្វថ្ងៃនេះ ។

ផ្នែក​ទី ៥

តើ​តម្រូវ​ឲ្យ​មាន​អាពាហ៍ពិពាហ៍​ពហុ​ពន្ធ​ភាព​សម្រាប់​ការតម្កើង​ឡើង​ឬ​ទេ ?

អែលឌើរ ម៉ាកឺស ប៊ី ណាស ក្នុង​ពួក​ចិតសិប​នាក់​បាន​បង្រៀន ៖

មនុស្ស​មួយ​ចំនួន [ បាន​អាន​បទគម្ពីរ​ខុស ] ឲ្យ​មាន​ន័យ​ថា អាពាហ៍ពិពាហ៍​ពហុ​ពន្ធ​ភាព​គឺ​ចាំបាច់​សម្រាប់​ការតម្កើង​ឡើង ។ … ប៉ុន្ដែ​ចំណុច​នេះ​មិន​ត្រូវបាន​គាំទ្រ​នៅក្នុង​វិវរណៈ​ទាំងនេះ​ឡើយ ។​… ជីវិត​ដ៏​នៅអស់កល្ប​ជានិច្ច​គឺ​ត្រូវបាន​សន្យា​ដល់​គូស្វាមី​ភរិយា​ណា​ដែល​មាន​ស្វាមី ឬ​ភរិយា​តែ​មួយ​ដែល​បាន​ផ្សារភ្ជាប់​ដោយ​សិទ្ធិ​អំណាច​នៃ​បព្វជិតភាព ហើយ​ជា​អ្នក​ដែល​នៅជាប់​ក្នុង​សេចក្តីសញ្ញា​នោះ—ដែល​គ្មាន​លក្ខខណ្ឌ ឬ​តម្រូវការ​ណា​បន្ថែម​ទៀត​ឡើយ [ សូមមើល គោលលទ្ធិ និង សេចក្តីសញ្ញា ១៣២:១៩ ] ។… សាសនាចក្រ​បញ្ជាក់​ថា អាពាហ៍ពិពាហ៍​ដែល​មាន​ភរិយា​តែ​មួយ​គឺ​ជា​បទដ្ឋាន​របស់​ព្រះ​សម្រាប់​អាពាហ៍ពិពាហ៍ លើកលែង​តែ​នៅពេល​មាន​ការអនុញ្ញត ឬ បញ្ជា​ដោយ​ប្រការ​ណា​មួយ​តាមរយៈ​ព្យាការី​របស់​ទ្រង់​ប៉ុណ្ណោះ ។ សាសនាចក្រ​ពុំ​បាន​បង្រៀន​ថា ការចូលរួម​ក្នុង​អាពាហ៍ពិពាហ៍​ពហុពន្ធភាព​គឺ​ចាំបាច់​សម្រាប់​ភាពតម្កើង​ឡើង​ឡើយ ។( « The New and Everlasting Covenant » Ensign ខែ ធ្នូ ខែ ២០១៥ ទំព័រ ៤៤, ៤៦ )

ជាថ្មី​ម្ដងទៀត យើង​មិន​យល់​ពី​គោលបំណង​របស់​ព្រះ​ទាំងអស់​ដែល​បាន​ណែនាំ​អាពាហ៍ពិពាហ៍​ពហុ​ពន្ធ​ភាព​នៅ​ជំនាន់​មុន​នៃ​សាសនាចក្រ​ឡើយ ។ ប៉ុន្ដែ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ​នា​សព្វថ្ងៃ​នេះ​គោរព​ដល់​ការលះបង់ និង​កិច្ចខំ​ប្រឹង​ដ៏​ស្មោះត្រង់​ដែល​បាន​ធ្វើ​ឡើង​ដោយ​អស់​អ្នក​ដែល​បាន​អនុវត្ត​អាពាហ៍ពិពាហ៍​ពហុពន្ធភាព ទុក​ជា​ការគោរព​ប្រតិបត្តិ​ដល់​ការបញ្ជា​របស់​ព្រះ ។

រូបភាព
រូបតំណាង​ការកត់ត្រា

កត់ត្រា​គំនិត​របស់​បងប្អូន

ដោយ​ផ្អែក​លើ​អ្វី​ដែល​បងប្អូន​បាន​រៀន តើ​ការអនុវត្ត​អាពាហ៍ពិពាហ៍​ពហុពន្ធភាព​ដោយ​ពួកបរិសុទ្ធ​ពីដើម​ក្នុង​គ្រា​កាន់កាប់​ត្រួតត្រា​នេះ គឺជា​ការបង្ហាញ​សេចក្ដីជំនឿ ទំនុកចិត្ត និង​សេចក្ដី​ស្រឡាញ់​ដល់​ព្រះអម្ចាស់​ពី​ពួកគេ​ដោយ​របៀប​ណា ?