ថ្នាក់​វិទ្យាស្ថាន
ឯកសារ​រៀបចំ​សម្រាប់​សិស្ស ​មេរៀន​ទី ២៥ ៖ ការបន្ត​តំណែង​នៅក្នុង​គណៈប្រធាន​ទីមួយ និង ដំណើ​រទៅទិស​ខាងលិច


« ឯកសារ​រៀបចំ​សម្រាប់​សិស្ស មេរៀន​ទី ២៥ ៖ ការបន្ត​តំណែង​នៅក្នុង​គណៈប្រធាន​ទីមួយ និង ដំណើ​រទៅទិស​ខាងលិច » ឯកសារ​គ្រូបង្រៀន​មូលដ្ឋាន​គ្រឹះ​នៃ​ការស្តារ​ឡើងវិញ ( ឆ្នាំ ២០១៩ )

« ឯកសារ​រៀបចំ​សម្រាប់​សិស្ស មេរៀន​ទី ២៥ » ឯកសារ​គ្រូបង្រៀន​មូលដ្ឋាន​គ្រឹះ​នៃ​ការស្តារ​ឡើងវិញ

រូបភាព
ឆ្ពោះទៅមុខ ទៅមុខជានិច្ច ( Forging Onward, Ever Onward ) ដោយ ហ្គីន អេស ហប់ឃីនសិន

ព្រិកហាំ យ៉ង់ មើល​ទៅ​មុខ កាល​​ពួកបរិសុទ្ធ​ចាក​ចេញ​ពី​ទីក្រុង​​ណៅវូ ។

ឯកសារ​រៀបចំ​សម្រាប់​សិស្ស មេរៀនទី ២៥

ការបន្ត​តំណែង​នៅក្នុង​គណៈប្រធាន​ទីមួយ និង ដំណើរទៅទិស​ខាងលិច

បន្ទាប់ពី​ការប្រកាស​ពី​ការស្លាប់​របស់​យ៉ូសែប និង​ហៃរុម ស្ម៊ីធ មក មាន​អត្ថបទ​សារព័ត៌មាន​សរសេរថា « ទីបញ្ចប់​នៃ​លទ្ធិ​មរមន » (Weekly Herald ថ្ងៃទី ១៣ ខែ កក្កដា ឆ្នាំ ១៨៤៤ ទំព័រ ២២០ ) ។ ជាមួយនឹង​មរណភាព​របស់​ព្យាការី យ៉ូសែប ស្ម៊ីធ ពួកអ្នក​សង្កេតការណ៍​ខាងក្រៅ​បានជឿថា សាសនាចក្រ​នឹង​បាក់បែក​សាមគ្គី​ហើយ ។ ហើយ​សមាជិក​សាសនាចក្រ​បានឆ្ងល់ថាតើ​នរណា​នឹង​ត្រូវដឹកនាំ​ពួកគេ ។ នៅពេល​អ្នក​សិក្សា​ឯកសារ​មេរៀននេះ សូម​ស្វែងរក​របៀប​ដែល​ព្រះអម្ចាស់​បន្តដឹកនាំ​សាសនាចក្រ​របស់ទ្រង់ បន្ទាប់ពី​មរណភាព​របស់​ព្យាការី ។

ផ្នែក​ទី ១

តើនរណា​ដឹកនាំ​សាសនាចក្រ​របស់ព្រះអម្ចាស់​ពេល​ព្យាការី​ទទួល​មរណភាព ?

សូម​បំពេញ​ ជម្រើស​មួយ​ដូច​ខាងក្រោម​សម្រាប់​ផ្នែកនេះ ៖

  1. សូមមើល​វីដេអូ « The Succession Crisis after Joseph Smith’s Murder » ( ៨:០៣ ) ហើយបន្ទាប់មក សូមគិត​អំពី​សកម្មភាព​ដែល​នៅចុង​បញ្ចប់​នៃ​ផ្នែកនេះ ។

  2. សូមសិក្សា​ឯកសារ​ដូចខាងក្រោម ហើយ​បន្ទាប់មក​សូម​បំពេញ​សកម្មភាព​សញ្ជឹង​​គិត ។

អារម្មណ៍​សោកសៅ​បាន​កើត​​មាន​នៅ​ទីក្រុង​​ណៅវូ​ដោយសារ​​មរណភាព​របស់​យ៉ូសែប និង​ហៃរុម ស្ម៊ីធ ។ នៅអំឡុង​នៃពេល​ដែល​មាន​ការច្របូកច្របល់​នេះ មាន​មនុស្ស​ជាច្រើននាក់​បាន​ប្រកាសថា ពួកគេ​មាន​សិទ្ធិ​ដើម្បី​ដឹកនាំ​សាសនាចក្រ ។ មនុស្ស​ម្នាក់​ក្នុង​ចំណោម​មនុស្ស​ទាំងនេះ​គឺ ស៊ីឌនី រិកដុន ។

នៅពេល​ដែល​យ៉ូសែប​ទទួល​មរណភាព ព្រិកហាំ យ៉ង់ និង​ពួកសាវក​ដទៃទៀត​បាន​កំពុង​បម្រើ​បេសកកម្ម​នៅ​ភាគខាងកើត​នៃ​សហរដ្ឋ​អាមេរិក ។ រហូតដល់​ថ្ងៃទី ១៦ ខែ កក្កដា ឆ្នាំ ១៨៤៤ ទើប​ព្រិកហាំ យ៉ង់ បានទទួល​សំបុត្រ​ដែល​រៀបរាប់ពី​ការធ្វើឃាត​យ៉ូសែប និង ហៃរុម ស៊្មីធ ។

នៅពេល​គាត់អាន​លិខិត​នេះ ព្រិកហាំ យ៉ង់ ​មានអារម្មណ៍ថា ក្បាលរបស់​គាត់​នឹងប្រះបែក ។ គាត់មិនដែល​មានអារម្មណ៍​អស់សង្ឃឹមបែប​នោះទេ ។

គាត់គិត​ឥតឈប់ឈរ​ពី​បព្វជិតភាព ។ យ៉ូសែប​កាន់​កូនសោ​ដែលចាំបាច់​ទាំងអស់​ដើម្បី​ធ្វើ​អំណោយទានពិសិដ្ឋ​ដល់​ពួកបរិសុទ្ធ និង​ផ្សារភ្ជាប់​ពួកគេ​ជាក្រុមគ្រួសារ​ជាមួយគ្នា​រហូតដល់​អស់កល្បជានិច្ច ។ បើគ្មាន​កូនសោ​ទាំងនេះ​ទេ នោះកិច្ចការ​របស់​ព្រះអម្ចាស់​មិនអាច​ឆ្ពោះទៅមុខ​បានទេ ។ សម្រាប់ពេលនេះ ព្រិកហាំ យ៉ង់ ព្រួយបារម្ភ​ថាយ៉ូសែប​ទទួលមរណភាព​ទៅ​ នឹង​នាំ​យកកូនសោ​ទាំងអស់​នេះ​បាត់បង់​ទៅជាមួយគាត់​ដែរ ។

បន្ទាប់មក នៅក្នុងការបំផុស​ឡើង​នៃ​វិវរណៈ ព្រិកហាំ យ៉ង់ បានចងចាំ​ពី​របៀប​ដែល យ៉ូសែប​បានដាក់​កូនសោ​ទាំងនេះ​លើ​ពួកសាវកដប់ពីរនាក់ ។ ដោយឱបដៃ​លុតជង្គង់​អធិស្ឋាន​យ៉ាងខ្លាំងក្លា គាត់​បាននិយាយថា ៖ « កូនសោ​នៃនគរ​ទាំងនេះ​គឺ​កំពុងនៅ​ក្នុង​ព្រះវិហារ​នេះ » ។ពួកបរិសុទ្ធ ៖ រឿង​អំពី​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ វ៉ុល ១ បទដ្ឋាន​នៃ​សេចក្តីជំនឿ ១៨១៥–១៨៤៦ [ ឆ្នាំ ២០១៨ ] ទំព័រ ៥៥៩ )

នៅថ្ងៃទី ៧ ខែ សីហា ឆ្នាំ ១៨៤៤ ពួក​ដប់ពីរ​នាក់ និង​ថ្នាក់ដឹកនាំ​ដទៃទៀត​បាន​ជួបជុំគ្នា​នៅក្នុងការប្រឹក្សា ។ នៅក្នុង​ការប្រជុំនេះ ស៊ីឌនី រិកដុន ដែល​បាន​បែកចិត្ត​ចេញពី​សាសនាចក្រ បានអះអាងថា ពីព្រោះ​គាត់​​ត្រូវបានហៅ​ពីមុន ហើយ​បានតែងតាំង​ជាអ្នកនាំពាក្យ​សម្រាប់​យ៉ូសែប ស្ម៊ីធ ( សូមមើល ​គោលលទ្ធិ និង សេចក្ដី​សញ្ញា ១០០:៩ ) នោះ​វា​គឺជា​ទំនួលខុសត្រូវ​របស់គាត់​ដើម្បី « មើលថា ព្រះវិហារ​ត្រូវបាន​គ្រប់គ្រង​តាមរបៀប​ត្រឹមត្រូវ » ( នៅក្នុង History ឆ្នាំ ១៨៣៨–១៨៥៦ [ សំណៅ​ដៃ​ប្រវត្តិ​សាសនាចក្រ ] វ៉ុល F-១ ទំព័រ ២៩៥ នៅលើ​គេហទំព័រ josephsmithpapers.org ) ។

បន្ទាប់ពី ស៊ីឌនី បាន​បញ្ចប់​សន្ទុរកថា​របស់​គាត់ ព្រិកហាំ យ៉ង់ បានប្រកាសថា ៖

រូបភាព
ប្រធាន ព្រិកហាំ យ៉ង់

យ៉ូសែប បាន​ប្រគល់​នៅលើ​ក្បាល [ ពួក​សាវក​ដប់ពីរនាក់ ] នូវកូនសោ​ទាំងអស់ និង​អំណាច​ដែល​នៅជាប់​នឹង​ពួកសាវក​ដែល​លោក​​ខ្លួនឯង​ផ្ទាល់​បានមាន​ពីមុន​បានចាកចេញ​ទៅ ។ ( Brigham Young នៅក្នុង History ឆ្នាំ ១៨៣៨–១៨៥៦ វ៉ុល F-១ ទំព័រ ២៩៥ នៅលើ​គេហទំព័រ josephsmithpapers.org )

នៅថ្ងៃបន្ទាប់ ពួកបរិសុទ្ធ​នៅណៅវូ​បាន​ជួបជុំគ្នា​ដើម្បី​ស្តាប់​ស៊ីឌនី រិកដុន ប្រកាស​ពី​ភាពជាអ្នកដឹកនាំ​របស់​ខ្លួន ។ បន្ទាប់ពី​សុន្ទរកថា​របស់​លោក ព្រិកហាំ យ៉ង់ បាន​និយាយខ្លីៗ ដោយ​គាំទ្រថា កូរ៉ុម​នៃ​ពួកសាវក ដែល​ជាអ្នក​មាន​កូនសោ​បព្វជិតភាព​ទាំងអស់​ដែលបានស្តារឡើង​​វិញ​ដល់​យ៉ូសែប ស្ម៊ីធ ត្រូវដឹកនាំ​សាសនាចក្រ​ពី​ឥឡូវនេះ​តទៅ ។

នៅពេល អិមម៉ាលី [ ហូយ ] បានស្តាប់​ព្រិកហាំ យ៉ង់ និយាយ គាត់​បាន​ព្យាយាម​មើល​ទៅ​លោក​​ដើម្បី​បញ្ជាក់ថា លោក​មិនមែន​ជា​យ៉ូសែប កំពុង​និយាយទេ ។ លោក​មាន​ទឹក​មុខ​​របស់​យ៉ូសែប របៀប​នៃការប្រើប្រាស់​ហេតុផល​របស់គាត់ ហើយ​សូម្បីតែ​សំឡេង​របស់យ៉ូសែប​ទៀត​ផង ។…

ប្រាំពីរឆ្នាំ​ក្រោយមក អិមម៉ាលី បាន​កត់ត្រា​ពី​បទពិសោធន៍​របស់គាត់​ពីការមើល ព្រិកហាំ យ៉ង់ និយាយ​ទៅកាន់​ពួកបរិសុទ្ធ ដោយ​ថ្លែង​ទីបន្ទាល់​ថា លោក​​ទាំង​មើល និង​សំឡេង​ដូចជា​យ៉ូសែប​ខ្លាំង​ណាស់​​នៅលើ​វេទិកា​នោះ ។ នៅប៉ុន្មានឆ្នាំ​ក្រោយមក ពួកបរិសុទ្ធ​ជាច្រើន​នាក់​បានបន្ថែម​សាក្សី​របស់ពួកគេ​ទៅនឹង​គាត់ ដោយពិពណ៌នា​ពីរបៀប​ដែល​ពួកគេ​បាន​ឃើញ​ភាព​ជាព្យាការី​របស់​យ៉ូសែប​មាននៅក្នុង​ព្រិកហាំ យ៉ង់ នៅថ្ងៃនោះ ។ ( ពួកបរិសុទ្ធ ១ ៖ ៥៦៥–៦៦ )

វិលហ្វួឌ វូឌដ្រុព្វ បានសរសេរថា « ប្រសិនបើ​ខ្ញុំ​មិនបាន​ឃើញ​លោក [ ព្រិកហាំ យ៉ង់ ] ដោយភ្នែក​របស់ខ្ញុំ​ផ្ទាល់ទេ នោះ​គ្មាន​នរណា​អាច​បញ្ចុះបញ្ចូល​ខ្ញុំថា លោក​​មិនមែន​យ៉ូសែប ស្ម៊ីធ នោះទេ » ( នៅក្នុង​ History of the Church ៧:២៣៦ ) ។

ជាមួយ​សេចក្តីប្រកាស​របស់​ព្រិកហាំ យ៉ង់​អំពី​ការប្រគល់​កូនសោបព្វជិតភាព និង​អំណាច​នៃ​ភាពជាសាវក​នៅលើ​ពួក​ដប់ពីរនាក់ និង​ការបញ្ជាក់​ភាពជាសាក្សី​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ នោះពួកបរិសុទ្ធ​បានយល់​ពី​ព្រះឆន្ទៈ​របស់​ព្រះអម្ចាស់ ហើយ​បានគាំទ្រ​ដល់​កូរ៉ុម​នៃ​ពួក​សាវកដប់ពីរនាក់​ថា​​ជាថ្នាក់ដឹកនាំ​នៃ​សាសនាចក្រ​ដែល​បានស្តារឡើងវិញ​​របស់​​ព្រះយេស៊ូវ​គ្រីស្ទ ។

រូបភាព
រូបតំណាង ការសញ្ជឹងគិត

សញ្ជឹងគិត​នៅក្នុង​ការរៀបចំ​សម្រាប់​ថ្នាក់រៀន

សូមពិចារណា​ពីរបៀប​ដែល​ព្រះវរបិតាសួគ៌ បាន​បង្ហាញ​ព្រះឆន្ទៈ​របស់ទ្រង់ និង​សេចក្តីស្រឡាញ់​របស់ទ្រង់​ចំពោះ​ពួកបរិសុទ្ធ តាមរយៈ​ការបង្ហាញ​ដល់​ពួកគេថា ព្រិកហាំ យ៉ង់ និង​ពួក​ដប់ពីរនាក់​ត្រូវដឹកនាំ​សាសនាចក្រ ។ តើអ្នកដឹងថា ​អស់អ្នក​ដែល​ដឹកនាំ​សាសនាចក្រ​នៅសព្វថ្ងៃនេះ​គឺ​ត្រូវបាន​ជ្រើសរើស និង​ហៅដោយ​ព្រះ​យ៉ាងដូចម្តេច ?

ផ្នែក​ទី ២

តើ​ព្រះអម្ចាស់​អាចដឹកនាំ​យើង​យ៉ាងដូចម្តេច បើពេល​អនាគត​មើល​ទៅមាន​ភាពមិនច្បាស់លាស់​ ?

នៅខែ ​មករា ឆ្នាំ ១៨៤៦ ក្នុងចំណោម​នៃ​ការធ្វើទុក្ខបុកម្នេញ​ប្រឆាំងនឹង​ពួកបរិសុទ្ធ នោះពួក​សាវកដប់ពីរនាក់​បាន​ដាក់ផែនការ​ចុងក្រោយ​ដើម្បី​ចាកចេញ​ពី​​ទីក្រុង​ណៅវូ ហើយ​ទៅភាគខាងលិច។ ក្នុងឆ្នាំ ១៨៤២ យ៉ូសែប ស៊្មីធ បានព្យាករ​ថា « ពួកបរិសុទ្ធ​នឹង​បន្ត​ជួបទុក្ខលំបាក​ជា​ច្រើន ហើយនឹង​ត្រូវ​បណ្តេញ​ចេញទៅ​ភ្នំរ៉កគី​… [ ហើយ​ធ្វើ ] ការតាំងលំនៅដ្ឋាន និង​សាងសង់​ទីក្រុង និង …ក្លាយជា​ប្រជាជន​ដ៏រឹងមាំ​នៅភ្នំ​រ៉កគី » ( Teachings of Presidents of the Church: Joseph Smith [ ឆ្នាំ ២០០៧ ] ទំព័រ ៥១៧ ) ។

រូបភាព
ព្រិកហាំ យ៉ង់ មើល​ទៅ​មុខ កាល​​ពួកបរិសុទ្ធ​ចាក​ចេញ​ពី​ទីក្រុង​​ណៅវូ ។

ព្រិកហាំ យ៉ង់ បានដឹកនាំ​ពួកបរិសុទ្ធ​ចេញពី​ទីក្រុង​ណៅវូ ។

ខណៈពេល​ដែល​ពួកបរិសុទ្ធ​រៀបចំខ្លួន​ចាកចេញ​ពី​​ទីក្រុង​ណៅវូ ពួកគេ​ក៏បាន​ធ្វើការ​ដើម្បី​បង្ហើយ​ព្រះវិហារ​បរិសុទ្ធ​ណៅវូផងដែរ ។ នៅពេល​វាជិតហើយ ក្រុម​ពួកបរិសុទ្ធ​រាប់ពាន់​នាក់​នៅព្រះវិហារ​បរិសុទ្ធ​ទាំងថ្ងៃ និង​យប់​ដើម្បី​ទទួល​អំណោយទាន​ពិសិដ្ឋ និង​ផ្សារភ្ជាប់​ពិធីបរិសុទ្ធ​ទាំងឡាយ ។ ស៊ីស្ទើរ សារ៉ា រីច បាន​សង្កេតឃើញថា ៖

រូបភាព
សារ៉ា រីច

ប្រសិនបើ​វាមិនមែន​សេចក្តីជំនឿ និង​ចំណេះដឹង​ដែល​ត្រូវបាន​ប្រគល់​ឲ្យ​យើង​នៅក្នុង​ព្រះវិហារបរិសុទ្ធ តាមរយៈ​ឥទ្ធិពល និង​ជំនួយ​នៃ​ព្រះវិញ្ញាណ​នៃ​ព្រះអម្ចាស់​ទេ នោះ​ការធ្វើដំណើរ​របស់​យើង​ដូចជា​មនុស្ស​ម្នាក់​ដើរ​ក្នុង​ភាព​ងងឹត​ដូច្នោះ​ដែរ ។… ប៉ុន្តែ យើង​មានសេចក្តីជំនឿ​លើ​ព្រះវរបិតាសួគ៌​របស់យើង និង​ដាក់ទី​ទុកចិត្ត​របស់យើងទៅ​លើទ្រង់ ហើយ​មានអារម្មណ៍ថា យើងគឺជា​ប្រជាជន​ដ៏​ជម្រើស​របស់ទ្រង់ ។ ( Sarah Rich, in Daughters in My Kingdom: The History and Work of Relief Society [ ឆ្នាំ ២០១១ ] ទំព័រ ៣០)

អែលឌើរ រ៉ូបឺត ឌី ហែល ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរនាក់​បាន​និយាយ​ពី​ពួកបរិសុទ្ធ​ដែល​បាន​នៅ​​ទីក្រុង​ណៅវូ​នៅពេលនោះថា ៖

រូបភាព
អែលឌើរ រ៉ូបឺត ឌី ហែល

សេចក្តី​សញ្ញា​របស់ពួកគេ​ជាមួយ​ព្រះអម្ចាស់​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ​ណៅវូ គឺជា​ការការពារ​មួយសម្រាប់​ពួកគេ​នៅអំឡុងពេល​ធ្វើដំណើរ​របស់ពួកគេ​ទៅកាន់ភាគ​ខាងលិច ក៏ដូចជា​សម្រាប់​យើង​ម្នាក់ៗ​នៅសព្វថ្ងៃ​នេះ និង​នៅក្នុង​ជីវិត​របស់​យើង​ផងដែរ ។ ( រ៉ូបឺត ឌី ហែល « Temple Blessings » New Era ខែ កុម្ភៈ ឆ្នាំ ២០១៤ ទំព័រ ៤ )

នៅពេល​ការធ្វើទុក្ខបុកម្នេញ​កាន់តែ​មានភាព​ខ្លាំងក្លា នោះ​ពួកបរិសុទ្ធ​ក៏​ដាក់ផែនការ​ចុងក្រោយ ហើយ​ជា​លើកដំបូង​ដែល​មាន​ពួកបរិសុទ្ធ​ក្រុមធំ​ចាប់ផ្តើម​ធ្វើដំណើរ​ឆ្លងកាត់​រដ្ឋអាយអូវ៉ា​នៅក្នុង​ខែ​ កុម្ភៈ ឆ្នាំ ១៨៤៦ ។ ពួកគេ​ប្រឈមមុខ​នឹង​រដូវ​រងារ​ដ៏​ត្រជាក់ គ្មាន​វត្ថុ​បម្រុងទុក​គ្រប់គ្រាន់ និង​គ្មានការរៀបចំ​ឡើយ ។ ភ្លៀងធ្លាក់​ជាប្រចាំ​នៅនិទាឃរដូវ អូរ​តូចៗ​ពេញដោយទឹក និង​ភក់ ធ្វើ​ឲ្យ​ពួកបរិសុទ្ធ​លំបាក​ធ្វើដំណើរ​ក្នុង​រយៈចម្ងាយ ៤៨៣ គីឡូម៉ែត្រ​ក្នុង​រយៈពេល ១៣១ ថ្ងៃ ។ ដោយសារ​ហេតុផល​នៃ​​ការពន្យារពេល និង​ខ្វះធនធាន​នានា​នេះ​ហើយ ទើប​ព្រិកហាំ យ៉ង់​បានបញ្ឈប់​ការធ្វើដំណើរ ហើយ​បានស្ថាបនា​ទីតាំងមួយ​ហៅថា វីនធើរ ខ្វលធើរ ។ នៅរដូវ​ស្លឹក​ឈើ​ជ្រុះ អត្រាប្រជាជន​នៃ​វីនធើរ ខ្វលធើរ បានកើនឡើង​ដល់ ៧០០០ នាក់ ។

រូបភាព
វីនធើរ ខ្វលធើរ ដោយ ហ្គ្រិក អូលសិន

មនុស្សជាច្រើន​បានឈឺ​ដោយសារ​ខ្វះ​ចំណីអាហារ និង​ពន្លឺ ហើយ​សេចក្តីជំនឿ​របស់​មនុស្ស​មួយចំនួន​ក៏​បាន​​ជួប​នឹង​ឧបសគ្គ ។ កាលៈទេសៈ​ដែល​ពុះពារ​ទាំងនេះ​ធ្វើ​ឲ្យ​រដូវរងារ​ឆ្នាំ ១៨៤៦–៤៧ ជាអំឡុងពេល​ដ៏​លំបាកបំផុត​សម្រាប់​ជីវិត​របស់​ព្រិកហាំ យ៉ង់ ។ គាត់​បានមានអារម្មណ៍ថា « ដូចជា​ឪពុក​ម្នាក់​ដែល​មាន​កូន​ច្រើន​នៅ​ជុំវិញ​គាត់ » ហើយ​ក្រោយ​មក​បាន​នឹក​ឃើញ​ថា ការ​ទទួល​ខុស​ត្រូវ​របស់​លោក​បាន​ដាក់​សម្ពាធ​មក​លើ​លោក​ដូចជា​« ទម្ងន់​ម្ភៃ​ប្រាំ​តោន » ( « This Shall Be Our Covenant » Revelations in Context [ ឆ្នាំ ​២០១៦ ] ទំព័រ ៣០៧–៨, សូមមើល​ផង​ដែរ Saints: The Story of the Church of Jesus Christ in the Latter Days វ៉ុល ២ No Unhallowed Hand, 1846–1893 [ ឆ្នាំ​២០២០ ] ទំព័រ ៤០–៤៤, ៤៦–៥១ ) ។

ដោយ​ស្ថិត​នៅ​ក្រោម​ទម្ងន់​នេះ ព្រិកហាំ យ៉ង់ បាន​ទូល​អង្វរ​ព្រះអម្ចាស់​សូម​ការ​ដឹកនាំ ហើយ​បាន​ទទួល​វិវិរណៈ​មួយ​ស្ដីពី ​« បន្ទូល និង​ព្រះ​ឆន្ទៈ​របស់​ព្រះអម្ចាស់​ស្ដីពី​ជំរំ​នៃ​សាសន៍​អ៊ីស្រាអែល​នៅ​ក្នុង​ការ​ធ្វើ​ដំណើរ​របស់​ពួកគេ​ទៅ​ទិស​ខាង​លិច » ​( គោលលទ្ធិ និង សេចក្ដី​សញ្ញា ១៣៦:១ ) ។ ពេល​អ្នក​សិក្សា​ផ្នែក​ខាង​ក្រោម​នៃ​វិវរណៈ​នេះ សូម​ពិចារណា​គូស​ចំណាំ​ការណែនាំ និង​សេចក្ដី​សន្យា​របស់​ព្រះអម្ចាស់​ដល់​ពួកបរិសុទ្ធ ។

រូបភាព
រូបតំណាង ការសិក្សា

សិក្សា​​រៀបចំ​សម្រាប់​ថ្នាក់រៀន

សូម​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ១៣៦:២, ៨, ១០–១១, ២១–២២ ។

ប្រធាន ដាល្លិន អេក អូក ក្នុង​គណៈប្រធាន​ទីមួយ​បាន​ផ្ដល់​ការ​យល់​ដឹង​ដ៏​សំខាន់​ពី​ការ​កំណត់​ពេល​វេលា​នៃ​វិវរណៈ​នេះ​ដែល​បាន​កត់​ត្រា​នៅ​ក្នុង ​គោលលទ្ធិ និង សេចក្ដី​សញ្ញា ១៣៦ ។ លោក​បាន​មាន​ប្រសាសន៍​ថា

រូបភាព
ប្រធាន ដាល្លិន អេក អូក

មូលដ្ឋាន​គ្រឹះ​ចំពោះ​ការ​ខិតខំ​ណា​មួយ​ដើម្បី​ទទួល​បាន​វិវរណៈ​ គឺជា​ការ​តាំង​ចិត្ត​ដើម្បី​ធ្វើ​ឲ្យ​អស់​ពី​លទ្ធភាព​របស់​យើង​ដោយ​ប្រើ​ការ​ខិតខំ និង​ការ​វិនិច្ឆ័យ​របស់​យើង​ផ្ទាល់ ។ នេះ​មាន​ន័យ​ថា យើង​ចាំបាច់​ត្រូវ​បម្រើ ហើយ​ធ្វើ​​កិច្ចការ ។

ការឈាន​ទៅ​មុខ​ជាមួយ​នឹង​ការបម្រើ និង​កិច្ចការ​របស់​យើង គឺ​ជា​របៀប​ដ៏​សំខាន់​មួយ​ដើម្បី​មាន​គុណសម្បត្តិ​ទទួល​បាន​វិវរណៈ ។ នៅក្នុង​ការសិក្សា​ព្រះគម្ពីរ​របស់​ខ្ញុំ ខ្ញុំ​បាន​កត់​សម្គាល់​ថា វិវរណៈ​ដែល​មាន​ដល់​បុត្រា​បុត្រី​ព្រះ ភាគច្រើន​បំផុត បាន​កើត​មាននៅ​ពេល​ពួកគេ​ធ្វើ​កិច្ចការ មិនមែន​ពេល​ពួកគេ​កំពុង​អង្គុយ​ក្នុង​លំនៅដ្ឋាន​របស់​ពួកគេ រង់ចាំ​ឲ្យ​ព្រះអម្ចាស់​ប្រាប់​ពួកគេ​ពី​ជំហាន​ទីមួយ​ដែល​ត្រូវ​ធ្វើ​នោះ​ទេ ។

ឧទាហរណ៍ វា​គឺជា​រឿង​ដ៏​សំខាន់​ដើម្បី​កត់​ចំណាំ​ថា វិវរណៈ​ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា « បន្ទូល និង​ព្រះ​ឆន្ទៈ​របស់​ព្រះអម្ចាស់​ស្ដីពី​ជំរុំនៃ​សាសន៍​អ៊ីស្រាអែល » ​( គ.&ស. ១៣៦:១ ) ​ពុំ​ត្រូវ​បាន​ប្រទាន​ឲ្យ​នៅ​ទីក្រុង​ណៅវូ ពេល​កូរ៉ុម​នៃ​ពួក​ដប់​ពីរ​នាក់​បាន​ដាក់​ផែនការ​ធ្វើ​ដំណើរ​ចេញ​ពី​ក្រុង​ណៅ​វូ​ …ឬ​ត្រូវ​បាន​ប្រទាន​ឲ្យ​នៅ​មាត់​ច្រាំង​ភាគ​ខាង​លិច​នៃ​ទន្លេ​មីស៊ីស៊ីពី​នោះ​ទេ ។… វិវរណៈ​ដើម្បី​ដឹកនាំ​ចលនា​នៃ​ពួកបរិសុទ្ធ​ឆ្លងកាត់​ទីវាល​​នេះ​ត្រូវបាន​ប្រទាន​ឲ្យ​នៅថ្ងៃទី ១៤ ខែ មករា ឆ្នាំ ១៨៤៧ នៅពេល​ពួកបរិសុទ្ធ​​បានចេញដំណើរ​ប្រហែល​ជា​មួយ​ភាគ​បី​ទៅកាន់​ជ្រលងភ្នំ​រួចទៅហើយ ។ ( ដាល្លិន អេក អូក « In His Own Time, in His Own Way » Ensign ខែ សីហា ឆ្នាំ ២០១៣ ទំព័រ ២២, ២៤ )

សូម​ធ្វើការពិចារណា​មួយ​នាទី​អំពីរបៀប​ដែល​គំនិតខាងវិញ្ញាណ​មកពី​ប្រធាន អូក នេះ​ឆ្លើយ​តប​សំណួរ​ និង​​ការសម្រេចចិត្ត​របស់​អ្នក​ផ្ទាល់ ​ដែល​ជះឥទ្ធិពល​ដល់​អនាគត​របស់អ្នក ។

រូបភាព
ក្រុម​ត្រួសត្រាយផ្លូវ​ចូល​ដល់​ជ្រលង​ភ្នំ​សលត៍ លេក ដោយ ឃីង ដ្រីហ្គ

នៅដើម​ខែ មេសា ឆ្នាំ ១៨៤៧ ព្រិកហាំ យ៉ង់ បានចាកចេញ​ពី​វិនធើរ ខ្វលធើរ ជាមួយ​ពួកបរិសុទ្ធ​ក្រុមដំបូង ។ ពួកគេ​បាន​ធ្វើដំណើរ​អស់ ១៦៦០ គីឡូម៉ែត្រ ក្នុង​រយៈពេល​បួនខែ ហើយបាន​មកដល់​ជ្រលងភ្នំ​សលត៍ លេក នៅថ្ងៃទី ២៤ ខែ កក្កដា ឆ្នាំ ១៨៤៧ ។ វិលហ្វួឌ វូឌដ្រុព្វ បានកត់ត្រា​ថា នៅពេល ព្រិកហាំ យ៉ង់ បានឃើញ​ជ្រលងភ្នំ « គាត់បាន​ស្ថិត​ក្នុង​​ការនិមិត្ត​អស់ជាច្រើន​នាទី ។… នៅ​ពេល​ការនិមិត្ត​បាន​បញ្ចប់​ទៅ នោះ​លោក​បាន​មាន​ប្រសាសន៍​ថា ‹ វា​គ្រប់គ្រាន់​ហើយ ។ នេះជាកន្លែង​ត្រឹមត្រូវហើយ ។ បន្តមក​ » ( នៅក្នុង Teachings of Presidents of the Church: Wilford Woodruff [ ឆ្នាំ ២០០៤ ] ទំព័រ ១៤៦ ) ។ ត្រឹមខែ តុលា ពួកបរិសុទ្ធ​ប្រហែល​ជា ១៧០០ នាក់​បាន​បោះទីលំនៅ​ក្នុង​រដ្ឋ​យូថាហ៍ ។ ទោះជាយ៉ាងណាក្តី ពួក​បរិសុទ្ធ​ប្រហែល​ជា ១០,០០០ នាក់ទៀត​នៅតែ​រស់នៅ​ទន្លេ​មីស៊ីស៊ីពី ក្នុង​រដ្ឋអាយអូវ៉ា និង​នេបាស្កា ហើយ​នឹង​ធ្វើដំណើរ​ទៅ​ទិសខាងលិច​ក្នុងរយៈពេល​ប្រាំឆ្នាំ ( សូមមើល « Sustaining a New First Presidency in 1847 » នៅលើ​គេហទំព័រ ChurchofJesusChrist.org ) ។

អស់រយៈពេល​ជាងបីឆ្នាំ ពួកសាវក​ដប់ពីរនាក់​បានដឹកនាំ​សាសនាចក្រ​នៅក្នុង​អវត្តមាន​នៃ​គណៈប្រធាន​ទីមួយ ។ នៅខែ ធ្នូ ឆ្នាំ ១៨៤៧ ពួកសាវក​បានជួប​នៅក្នុង​ខោនស៊ីល ប្លូហ្វ រដ្ឋ​អាយអូវ៉ា ជាកន្លែង​ដែល​ពួកបរិសុទ្ធ​ជាច្រើន​បានរស់នៅ ។ ពួកគេបាន​ជួបជុំគ្នា​នៅក្នុង​ផ្ទះឈើតូចមួយ​ដើម្បីពិភាក្សា​ពី​ការរៀបចំជាថ្មី​នូវ​គណៈប្រធាន​ទីមួយ ។ « ការបង្ហាញ​ដ៏អស្ចារ្យមួយ​នៃ​ព្រះវិញ្ញាណបរិសុទ្ធ​បានចាក់​មក​លើ​អស់អ្នក​ដែល​មាន​វត្តមាន​នៅទីនោះ » ហើយ​ពួក​ដប់ពីរនាក់​បានឯកច្ឆន្ទ​​គ្នា​គាំទ្រ​ព្រិកហាំ យ៉ង់ ធ្វើជា​សាវក​ជាន់ខ្ពស់ ដែល​ជា​ប្រធាន​នៃ​សាសនាចក្រ ( Autobiography of Bathsheba W. Smith, ១២, Church History Library, Salt Lake City; spelling standardized; សូមមើល​ផងដែរ ពួកបរិសុទ្ធ ២:៨៧–៨៩, ៩២–៩៥ ) ។

រូបភាព
រូបតំណាង ការសញ្ជឹងគិត

សញ្ជឹងគិត​នៅក្នុង​ការរៀបចំ​សម្រាប់​ថ្នាក់រៀន

សូម​គិត​អំពី​របៀប​ដែល​ព្រះអម្ចាស់​បានដឹកនាំ​ពួកបរិសុទ្ធ​ នៅពេល​ពួកគេ​បានធ្វើដំណើរ​ទៅកាន់​ជ្រលងភ្នំ​សលត៍ លេក ។ តើ​អ្នក​មានអារម្មណ៍​​ដឹង​ថា ​ព្រះអម្ចាស់​កំពុង​ដឹកនាំ​ជីវិត​របស់​អ្នក​ដោយ​របៀប​ណា ? តើអ្នក​នឹង​ផ្តោត​ទៅលើ​អ្វី​ដើម្បី​ទទួល​ការដឹកនាំ​ដ៏​កាន់តែ​អស្ចារ្យ​ពីព្រះអម្ចាស់ ?