ថ្នាក់​វិទ្យាស្ថាន
សៀវភៅ​សិក្សា​ការរៀបចំ​សម្រាប់​សិស្ស មេរៀន​ទី ២ ៖ ការនិមិត្ត​ដំបូង


« សៀវភៅ​សិក្សា​ការរៀបចំ​សម្រាប់​សិស្ស មេរៀន​ទី ២ ៖ ការនិមិត្ត​ដំបូង » សៀវភៅ​សិក្សា​ការរៀបចំ​សម្រាប់​សិស្ស មេរៀន​ទីរឹះ​នៃ​ការស្តារ​ឡើងវិញ ( ឆ្នាំ ២០១៩ )

« សៀវភៅ​សិក្សា​ការរៀបចំ​សម្រាប់​សិស្ស មេរៀន​ទី ២ » សៀវភៅ​សិក្សា​ការរៀបចំ​សម្រាប់​សិស្ស មេរៀន​ទីរឹះ​នៃ​ការស្តារ​ឡើងវិញ

សៀវភៅ​សិក្សា​ការរៀបចំ​សម្រាប់​សិស្ស មេរៀន​ទី ២

ការនិមិត្ត​ដំបូង

រូបភាព
ការនិមិត្ត​ដំបូង

ប្រធាន យ៉ូសែប អេហ្វ ស្ម៉ីធ បាន​ពិពណ៌នា​ការនិមិត្ត​ដំបូង​របស់​យ៉ូសែប ស៊្មីធ​ថា​ជា « ព្រឹត្តិការណ៍​ដ៏​អស្ចារ្យ​បំផុត​…​ចាប់តាំង​ពី​ការរស់​ឡើងវិញ​របស់​ព្រះរាជបុត្រា​នៃ​ព្រះ​មក » ( Teachings of Presidents of the Church: Joseph F. Smith [ ឆ្នាំ ១៩៩៨ ] ទំព័រ ១៤ ) ។ កាល​បងប្អូន​សិក្សា​ការនិមិត្ត​ដំបូង សូម​គិត​អំពី​សារសំខាន់​នៃ​ព្រឹត្តិការណ៍​ដ៏​ពិសិដ្ឋ​នេះ និង​ឥទ្ធិពល​ដែល​វា​មាន​មក​លើ​ជីវិត​របស់​បងប្អូន និង​ពិភពលោក​នេះ ។

ផ្នែក​ទី ១

តើ​មាន​សេចក្តីពិត​អ្វី​ខ្លះ ដែល​យើង​អាច​រៀន​មកពី​ការនិមិត្ត​ដំបូង​របស់​យ៉ូសែប ស្ម៉ីធ ?

អែលឌើរ រីឆាត ជេ ម៉េណេស ក្នុង​គណៈប្រធាន​នៃ​ពួក​ចិតសិប​នាក់​បាន​បង្រៀន​ក្នុង​ការថ្លែង​អំពី​ការនិមិត្ត​ដំបូង​របស់ យ៉ូសែប ស៊្មីធ​ថា ៖

ខ្ញុំ​ចង់​ចែកចាយ​ឧទាហរណ៍​ខ្លះ​អំពី​សេចក្ដីពិត​នានា ដែល​យើង​រៀន​ចេញ​ពី​ការនិមិត្ត​ដំបូង​របស់ យ៉ូសែប ស៊្មីធ ទាក់ទង​នឹង​​លក្ខណៈ​របស់​ព្រះ​ជា​ព្រះវរបិតា បុត្រា​ទ្រង់​គឺ ព្រះយេស៊ូវគ្រីស្ទ ភាពពិត​ជាក់ស្តែង​នៃ​សាតាំង និង​ភាពមិន​ចុះសម្រុង​រវាង​សេចក្តីល្អ និងសេចក្តី​អាក្រក់ ព្រមទាំង​ទិដ្ឋភាព​សំខាន់​ដទៃ​ទៀត​ក្នុង​ផែនការ​នៃ​សេចក្ដីសង្គ្រោះ ។ …

ការនិមិត្ត​ដំបូង​របស់​យ៉ូសែប ស្ម៉ីធ គឺ​ជា​កូនសោ​ចាក់​បើក​សេចក្ដីពិត​ជា​ច្រើន​ដែល​បាន​លាក់បាំងអស់ជា​ច្រើន​សតវត្សរ៍​មក​ហើយ ។ ចូរ​យើង​កុំ​បំភ្លេច ឬ​មើល​ស្រាល​សេចក្ដីពិត​ដ៏​មាន​តម្លៃ​ជា​ច្រើន​ដែល​យើង​បាន​រៀន​ចេញ​ពី​ការនិមិត្ត​ដំបូង​ឡើយ ។ ( រីឆាត ជេ ម៉េណេស « The First Vision: Key to Truth » Ensign ខែ វិច្ឆិកា ឆ្នាំ ២០១៧ ទំព័រ ៦៤, ៦៥ )

យ៉ូសែប ស៊្មីធ​បាន​ធំ​ឡើង​ក្នុង​ជំនាន់​នៃ​ការភាន់​ច្រឡំ​ខាង​សាសនា​ដ៏​ខ្លាំង​មួយ ។ ព្រះវិហារ​គ្រីស្ទាន​ជាច្រើន​នៅក្នុង​តំបន់​របស់​លោក​បាន​ប្រជែង​គ្នា​យក​អ្នកប្រែចិត្ត​ជឿ ហើយ​បាន​ឈ្លោះ​គ្នា​យ៉ាង​ខ្លាំង​អំពី​គោលលទ្ធិ និង​ការអនុវត្ត​ខាង​សាសនា ។ កាល​បងប្អូន​សិក្សា​ដំណើររឿង​ខាងក្រោម​នេះ​អំពី​ការនិមិត្ត​ដំបូង​ដូច​បាន​កត់ត្រា​នៅក្នុង​ឆ្នាំ ១៨៣៨ ហើយ​ឥឡូវ​នេះ​បាន​រួម​បញ្ចូល​ក្នុង​បទដ្ឋាន​ព្រះគម្ពីរ​ថា​ជា យ៉ូសែប ស៊្មីធ—ប្រវត្តិ សូម​កត់​ចំណាំ​ការយល់ដឹង​នានា ដែល​បងប្អូន​ទទួល​បាន និង​គូស​ចំណាំ​សេចក្ដីពិត​នៃ​ដំណឹងល្អ ដែល​មាន​អត្ថន័យ​ផ្ទាល់ខ្លួន​ចំពោះ​បងប្អូន ។

រូបភាព
រូបតំណាង ការសិក្សា

សិក្សា​ក្នុង​ការរៀបចំ​សម្រាប់​ថ្នាក់រៀន

សូមអាន យ៉ូសែប ស្ម៉ីធ—ប្រវត្តិ ១:៨, ១១–១៩ ។

រូបភាព
បំណងប្រាថ្នា​ក្នុង​ដួងចិត្ត​ខ្ញុំ ( ការនិមិត្ត​ដំបូង ) ដោយ វលធើរ រេន
រូបភាព
រូបតំណាង​ការកត់ត្រា

កត់ត្រា​គំនិត​របស់​បងប្អូន

សូម​កត់ត្រា​សេចក្ដីពិត​ដែល​បងប្អូន​អាច​រកឃើញ​មកពី​ដំណើររឿង​ឆ្នាំ ១៨៣៨ របស់​យ៉ូសែប ស៊្មីធ អំពី​ការនិមិត្ត​ដំបូង​របស់​លោក​នៅក្នុង​សៀវភៅ​កំណត់ហេតុ ឬ​នៅក្នុង​កន្លែង​ដែល​ផ្ដល់​មក​ខាងក្រោម​នេះ ។ សូម​កត់ត្រា​ទុក​ពី​មូលហេតុ​ដែល​បងប្អូន​គិត​ថា សេចក្ដីពិត​ទាំងនេះ​សំខាន់​ត្រូវ​យល់ដឹង ។ សូម​មកកាន់​ថ្នាក់រៀន​ដោយ​បាន​រៀបចំ​ខ្លួន​ចែកចាយ​អ្វី​ដែល​បងប្អូន​បាន​សរសេរ ។

ផ្នែក​ទី ២

តើ​ដំណើររឿង​ជាច្រើន​អំពី​ការនិមិត្ត​ដំបូង​របស់ យ៉ូសែប ស៊្មីធ​ផ្ដល់​ការយល់ដឹង​ដ៏​ច្បាស់លាស់​អំពី​ព្រឹត្តិការណ៍​ដ៏​ពិសិដ្ឋ​នេះ​យ៉ាង​ដូចម្ដេច ?

រូបភាព
អត្ថបទ​មកពី​សៀវភៅ​របស់ យ៉ូសែប ស៊្មីធ

សំណេរ​ដៃ​របស់ យ៉ូសែប ស៊្មីធ​មកពី​ដំណើររឿង​ឆ្នាំ ១៨៣២ របស់​លោក​អំពី​ការនិមិត្ត​ដំបូង ។

ដំណើរ​រឿង​ឆ្នាំ ១៨៣៨ អំពី​ការនិមិត្ត​ដំបូង​បាន​កត់ត្រា​នៅក្នុង​គម្ពីរ យ៉ូសែប ស្ម៉ីធ—ប្រវត្តិ ត្រូវ​បាន​ហៅ​ឲ្យ​កត់ត្រា​ដោយ​យ៉ូសែប អំឡុង​ពេល​មួយ​ដែល​ពេញ​ដោយ​ការច្របូកច្របល់​ដើម្បី « តម្រង់​មនុស្ស​ទាំង​អស់​ដែល​ស្វែងរក​សេចក្ដី​ពិត​ចំពោះ​ការពិត​ត្រង់ តាម​ដែល​ការណ៍​នោះ​បាន​កើត​ឡើង » ( យ៉ូសែប ស្ម៉ីធ—ប្រវត្តិ ១:១ ) ។ វា​គឺជា​ដំណើររឿង​ដ៏​ឧត្តម​អំពី​ការនិមិត្ត​ដំបូង ហើយ​ត្រូវបាន​កត់ត្រា​ជា​ផ្នែក​នៃ​ប្រវត្តិ​ផ្លូវការ​នៃ​សាសនាចក្រ​អំពី​យ៉ូសែប ស្ម៉ីធ ។ វា​មាន​ចែង​ជា​គម្ពីរ​ជាមួយ​នឹង​គម្ពីរ​ផ្សេងទៀត​ក្នុង​ព្រះគម្ពីរ​មុក្តា​ដ៏​មាន​តម្លៃ​មហិមា​ក្នុង​ឆ្នាំ ១៨៨០ ហើយ​ក្លាយជា​ផ្នែក​នៃ​កិច្ចការ​បទដ្ឋាន​ក្នុង​សាសនាចក្រ​នៅពេល​នោះ ។

បន្ថែម​លើ​ដំណើររឿង​នៅ​ឆ្នាំ ១៨៣៨ ព្យាការី យ៉ូសែប ស៊្មីធ​បាន​កត់ត្រា ឬ​ហៅ​ឲ្យ​សរសេរ​ដំណើររឿង​បី​ផ្សេង​ទៀត​អំពី​បទពិសោធន៍​របស់​លោក ។ មាន​ដំណើររឿង​ប្រាប់​បន្ដ​គ្នា​ចំនួន​ប្រាំ​ផ្សេងទៀត​នៃ​ការនិមិត្ត​ដំបូង ដែល​បាន​កត់ត្រា​ដោយ​មនុស្ស​រស់នៅ​ក្នុង​សម័យ​កាល​ជាមួយ យ៉ូសែប ស៊្មីធ ។

ដំណើរ​រឿង​ផ្សេងៗ​អំពី​ទស្សននិមិត្ត​ដំបូង​បាន​ប្រាប់​ពី​រឿង​ដូច​គ្នា ទោះបី​ជា​ដំណើរ​រឿង​ទាំង​នោះ​បាន​គូស​បញ្ជាក់ និង​សរសេរ​លម្អិត​ផ្សេងៗ​ពីគ្នា​ក្តី ។ អ្នក​ប្រវត្តិសាស្ត្រ​រំពឹង​ថា នៅពេល​បុគ្គល​ម្នាក់​ប្រាប់​ពី​បទពិសោធន៍​នោះ​ឡើង​វិញ​ជា​ច្រើន​ដង ទៅ​ដល់​អ្នក​ស្តាប់​ផ្សេងៗ​អស់​ពេល​ជា​ច្រើន​ឆ្នាំ ដំណើរ​រឿង​នីមួយៗ​នឹង​គូស​បញ្ជាក់​លក្ខណៈ​ខុស​គ្នា​អំពី​បទពិសោធន៍ និង ព័ត៌មាន​លម្អិត​ដែល​មាន ។ ប្រាកដ​ណាស់ ភាពខុសគ្នា​នានា​ដែល​ស្រដៀង​នឹង​ដំណើររឿង​ការនិមិត្ត​ដំបូង ក៏​មាន​ក្នុង​ដំណើររឿង​ជាច្រើន​ក្នុង​ព្រះគម្ពីរ​អំពីការនិមិត្ត​របស់​ប៉ុល​នៅ​តាម​ផ្លូវ​ទៅ​ស្រុក​ដាម៉ាស និង​បទពិសោធន៍​ពួក​សាវក​នៅ​លើ​ភ្នំ​ប្រែរូប​ដែរ ។ ប៉ុន្តែ​ទោះជា​មាន​ភាព​ខុស​គ្នា​ក្តី មូលដ្ឋាន​គ្រឹះ​ដែល​ដូច​គ្នា​មាន​នៅ​ក្នុង​ដំណើរ​រឿង​ទាំងអស់​នៃ​ការ​និមិត្ត​ដំបូង ។ មនុស្ស​ខ្លះ​ប្រកែក​ទាំង​ខុស​ថា ភាព​ផ្សេងៗ​គ្នា​នៅ​ក្នុង​ការ​ប្រាប់​រឿង​គឺ​ជា​ភស្តុតាង​អំពី​ការប្រឌិត​រឿង​នោះ ។ ផ្ទុយ​ទៅ​វិញ បញ្ជី​ប្រវត្តិសាស្ត្រ​ជា​ច្រើន​អាច​ជួយឲ្យ​យើង​រៀន​បាន​កាន់តែ​ច្រើន​អំពី​ព្រឹត្តិការណ៍​ដ៏​អស្ចារ្យ​នេះ ជាង​យើង​អាច​រៀន​បាន ថ្វីបើ​វា​មិន​ត្រូវបាន​កត់ទុក​យ៉ាងពេញ​លេញក្តី ។( First Vision Accounts » Gospel Topics នៅលើ​គេហទំព័រ topics.ChurchofJesusChrist.org ) ។

កាល​បងប្អូន​អាន​សេចក្ដី​សម្រង់​ខាងក្រោម​នេះ​ចេញពី​ដំណើររឿង​ដើម​បន្ថែម​ទៀត​អំពី​ការនិមិត្ត​ដំបូង​របស់ យ៉ូសែប ស៊្មីធ សូម​ពិចារណា​គូស​ចំណាំ​សេចក្ដី​លម្អិត និង​សេចក្ដីពិត​នានា ដែល​បងប្អូន​ចាប់​អារម្មណ៍ ។ បងប្អូន​ក៏​អាច​កត់ត្រា​សំណួរ​នានា ដែល​បងប្អូន​មាន ហើយ​យក​វា​មក​សួរ​ក្នុង​ថ្នាក់​បាន​ដែរ ។

កំណត់​ចំណាំ ៖ កំណត់ត្រា​ពេញលេញ​នៃ​ដំណើររឿង​នីមួយៗ​មាន​នៅក្នុង « Joseph Smith’s Accounts of the First Vision » លើ​គេហទំព័រ josephsmithpapers.org ។

ដំណើររឿង​ឆ្នាំ ១៨៣២

ដំណើរ​រឿង​នេះ​ត្រូវបាន​សរសេរ​នៅ​ដើម​សៀវភៅ​សំបុត្រ​របស់ យ៉ូសែប ស៊្មីធ ហើយ​គឺជា​ដំណើររឿង​តែ​មួយ​គត់​ដែល​រួមមាន​ចំណែក​មួយ​នៃ​សំណេរ​ដៃ​របស់​លោក​ផ្ទាល់ ។ កន្លែង​ខ្លះ​ក៏​ជា​សំណេរ​ដៃ​នៃ​ស្មៀន​របស់​យ៉ូសែប ។

នៅ​អាយុ​ប្រហែល​ដប់ពីរ​ឆ្នាំ គំនិត​របស់​ខ្ញុំ [ បាន ] ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​ពី​បញ្ហា​ដ៏​សំខាន់​ទាំងអស់​សម្រាប់​សុខុមាលភាព​នៃ​ព្រលឹង​អមត​របស់​ខ្ញុំ ។​…

…​គំនិត​ខ្ញុំ​មាន​ទុក្ខ​ខ្លាំង​ទៅៗ ដោយសារ​ខ្ញុំ​ជាប់ទោស​នឹង​អំពើបាប​របស់​ខ្ញុំ ។… ខ្ញុំ​មាន​អារម្មណ៍​យំសោក​ចំពោះ​អំពើបាប​របស់​ខ្ញុំ​ផ្ទាល់ និង​ចំពោះ​អំពើបាប​នៃ​ពិភពលោក​នេះ ។​…

ហេតុដូច្នេះ ខ្ញុំ​បាន​អំពាវនាង​ដល់​ព្រះអម្ចាស់​សូម​សេចក្ដី​មេត្តា ព្រោះ​គ្មាន​នរណា​ផ្សេងទៀត​ដែល​ខ្ញុំ​អាច​ទៅ​សូម​សេចក្ដី​មេត្តា​បាន​ឡើយ ។ ហើយ​ព្រះអម្ចាស់​បាន​ស្ដាប់ឮ​ការអំពាវនាវ​របស់​ខ្ញុំ​នៅក្នុង​ព្រៃ ហើយ​ខណៈ​ក្នុង​លក្ខណៈ​ស្រែក​អំពាវនាវ​ហៅ​ព្រះអម្ចាស់ នៅ​អាយុ​ដប់​ប្រាំមួយ​ឆ្នាំ​របស់​ខ្ញុំ នោះ​មាន​បង្គោល​ពន្លឺ​មួយ​ភ្លឺ​លើស​អស់​ពន្លឺ​នៃ​ព្រះអាទិត្យ​នៅពេល​ថ្ងៃ បាន​ចុះ​មក​ពី​លើ ហើយ​សណ្ឋិត​នៅលើ​ខ្ញុំ ។ ខ្ញុំ​បាន​ពោរពេញ​ដោយ​ព្រះវិញ្ញាណ​នៃ​ព្រះ ហើយ​ព្រះអម្ចាស់​បាន​បើក​ស្ថានសួគ៌​មកលើ​ខ្ញុំ ហើយ​ខ្ញុំ​បាន​ឃើញ​ព្រះអម្ចាស់ ។

រួច​ទ្រង់​មាន​ព្រះបន្ទូល​មក​ខ្ញុំ​ថា « យ៉ូសែប បុត្រា​យើង​អើយ អំពើបាប​របស់​បុត្រ​បាន​អត់ទោស​ឲ្យ​បុត្រ​ហើយ ។ ចូរ​ដើរ​ទៅ​តាម​ផ្លូវ​បុត្រ ដើរ​តាម​ច្បាប់​របស់​យើង និង​កាន់តាម​បទបញ្ញត្តិ​របស់​យើង​ចុះ ។ មើលចុះ យើង​គឺជា​ព្រះអម្ចាស់​នៃ​សីរី​រុងរឿង ។ យើង​ត្រូវ​គេ​ឆ្កាង​ដើម្បី​លោកិយ ដើម្បី​មនុស្ស​ទាំងអស់​ដែល​ជឿ​លើ​ព្រះនាម​យើង​អាច​មាន​ជីវិត​ដ៏​អស់កល្ប​ជានិច្ច ។ មើលចុះ មនុស្ស​លោក​ស្ថិតនៅ​ក្នុង​អំពើ​បាប​នា​គ្រា​នេះ ហើយ​គ្មាន​នរណា​មួយ​ប្រព្រឹត្ត​ល្អ​ឡើយ សូម្បី​តែ​មួយ​ក៏​គ្មាន ។ ពួកគេ​បាន​ងាក​បែរ​ចេញ​ពី​ដំណឹង​ល្អ និង​មិន​កាន់​តាម​ព្រះ​បញ្ញត្តិ​ទាំង​ឡាយ​របស់​យើង​ឡើយ ។ ពួកគេ​គោរព​ប្រតិបត្តិ​ដល់​យើង​តែ​បបូរ​មាត់​ទេ ឯ​ចិត្ត​គេ​នោះ​នៅ​ឆ្ងាយ​ពី​យើង​ណាស់ ។ ហើយ​សេចក្ដី​ក្រោធ​របស់​យើង​កំពុង​ឆេះ​ពួកបណ្ដាជន​នៅលើ​ផែនដី​នេះ ដែល​នឹង​ធ្លាក់​លើ​ពួកគេ​ស្របតាម​ភាពមិន​បរិសុទ្ធ​របស់​ពួកគេ ហើយ​នាំ​មក​នូវ​អ្វី​ដែល​បាន​ថ្លែង​ដោយ​មាត់​នៃ​ពួកព្យាការី និង​ពួកសាវក ។ មើល​ចុះ ហើយ​វេទនា យើង​នឹង​មក​ឆាប់ៗ ដូច​វា​បាន​សរសេរ​ទុក​ពី​យើង​នៅក្នុង​ពពក ដោយ​បំពាក់​ដោយ​សិរី​ល្អ​នៃ​ព្រះវរបិតា​យើង » ។

ព្រលឹង​ខ្ញុំ​បាន​ពោរពេញ​ដោយ​សេចក្ដី​ស្រឡាញ់ ហើយ​អស់​រយៈពេល​ជាច្រើន​ថ្ងៃ ខ្ញុំ​អាច​អររីករាយ​នឹង​ក្ដី​អំណរ​ដ៏​អស្ចារ្យ ។ ព្រះអម្ចាស់​គង់​នៅ​ជាមួយ​ខ្ញុំ ប៉ុន្ដែ​ខ្ញុំ​មិន​អាច​រកឃើញ​នរណា ដែល​នឹង​ជឿ​ការនិមិត្ត​ដ៏​ទេវភាព​នេះ​ទេ ។ ទោះជាយ៉ាង​ណា​ក៏​ដោយ ខ្ញុំ​បាន​រំពឹង​គិត​ពី​រឿង​ទាំងនេះ​តែ​ក្នុង​ចិត្ត ។

ដំណើររឿង​ឆ្នាំ ១៨៣៥

ដំណើរ​រឿង​នេះ​គឺជា​កំណត់ត្រា​មួយ​អំពី​យ៉ូសែប ពិពណ៌នា​ការនិមិត្ត​ដំបូង​របស់​លោក​ដល់​នរណាម្នាក់ ដែល​បាន​ទៅលេង​ផ្ទះ​របស់​លោក ។ វា​ត្រូវបាន​ស្មៀន​លោក​កត់ត្រា​ក្នុង​សៀវភៅ​កំណត់ហេតុ​របស់​យ៉ូសែប ។

ខ្ញុំ​បាន​អំពាវនាវ​ដល់​ព្រះអម្ចាស់​ក្នុង​ការអធិស្ឋាន​ដ៏​ខ្លាំង ។ បង្គោល​ភ្លើង​មួយ​បាន​លេច​មក​ខាង​លើ​ក្បាល​ខ្ញុំ ។ វា​បាន​សណ្ឋិត​មកលើ​ខ្ញុំ ហើយ​បាន​បំពេញ​ខ្ញុំ​ដោយ​ក្ដី​អំណរ ដែល​មិន​អាច​ថ្លែង​បាន ។ តួអង្គ​មួយ​បាន​បង្ហាញ​ព្រះកាយ​ឲ្យ​ខ្ញុំ​ឃើញ​ក្នុង​បង្គោល​ភ្លើង​ដែល​មាន​អណ្ដាត​ភ្លើង​ជះ​ទៅ​ជុំវិញ ប៉ុន្តែ​មិន​បាន​ដុតបញ្ឆេះអ្វីឡើយ ។ តួអង្គ​មួយ​ទៀត​ក៏​បាន​បង្ហាញ​ព្រះកាយ​មក​ដូច​តួអង្គ​ទី​មួយ​ដែរ ។ ទ្រង់​មាន​បន្ទូល​មក​ខ្ញុំ​ថា « អំពើបាប​របស់​បុត្រ​ត្រូវ​បាន​អត់ទោស​ឲ្យ​ហើយ » ។ ទ្រង់​បាន​ថ្លែង​ទីបន្ទាល់​មក​កាន់​ខ្ញុំ​ថា ព្រះយេស៊ូវគ្រីស្ទ​គឺ​ជា​ព្រះរាជបុត្រា​របស់​ព្រះ ។ ហើយ​ខ្ញុំ​បាន​ឃើញ​ទេវតា​ជាច្រើន​នៅក្នុង​ការនិមិត្ត​នេះ ។ ខ្ញុំ​មាន​អាយុ​ប្រហែល​ដប់​បួន​ឆ្នាំ ពេល​ខ្ញុំ​បាន​ទទួល​ការប្រាស្រ័យ​ទាក់ទង​ដំបូង​នេះ ។

ដំណើររឿង​ឆ្នាំ ១៨៤២

ដំណើរ​រឿង​នេះ​ចេញ​មកពី​សំបុត្រ​មួយ ដែល​បាន​សរសេរ​ដើម្បី​ឆ្លើយតប​នឹង​សំណួរ​ពី​ចាងហ្វាង​កាសែត​ឈីកាហ្គូ​មួយ​ឈ្មោះ​ថា ចន វិនវើត ។

ខ្ញុំ​បាន​ទៅ​កន្លែង​សម្ងាត់​មួយ​នៅក្នុង​ព្រៃ ហើយ​បាន​ចាប់ផ្ដើម​អំពាវនាវ​ដល់​ព្រះអម្ចាស់ ។ ខណៈ​នៅក្នុង​ការអង្វរករ​ដោយ​ក្លៀវក្លា គំនិត​ខ្ញុំ​ត្រូវបាន​នាំ​ចេញ​ពី​អ្វី ដែល​ហ៊ុមព័ទ្ធ​ខ្ញុំ ហើយ​ខ្ញុំ​ត្រូវបាន​ក្រសោប​ក្នុង​ការនិមិត្ត​ស្ថានសួគ៌​មួយ ហើយ​បាន​ឃើញ​តួអង្គ​ដ៏​រុងរឿង​ពីរ ដែល​មើល​ទៅ​ដូចគ្នា​បេះដាក់​ទាំង​រូបរាង និង​ភាពដូចគ្នា បាន​ហ៊ុមព័ទ្ធ​ដោយ​ពន្លឺ​ដ៏​ភ្លឺ​ខ្លាំង ដែល​ចាំង​ខ្លាំង​ជាង​ព្រះអាទិត្យ​ពេល​ថ្ងៃត្រង់​ទៅទៀត ។ ពួកទ្រង់​បានមាន​បន្ទូល​ប្រាប់​ខ្ញុំ​ថា និកាយ​សាសនា​ទាំងអស់​ជឿ​ទៅ​លើ​គោលលទ្ធិ​មិន​ត្រឹមត្រូវ ហើយ​គ្មាន​និកាយ​ណា​មួយ​ត្រូវបាន​ទទួលស្គាល់​ដោយ​ព្រះ​ថា​ជា​សាសនាចក្រ និង​នគរ​ទ្រង់​ឡើយ ។ ហើយ​ទ្រង់​បាន​ត្រាស់​បង្គាប់​ខ្ញុំ​ដាច់ខាត « មិន​ឲ្យ​ចូលរួម​ជាមួយ​ពួកគេ​ឡើយ » នៅ​គ្រា​នោះ​ដែរ ខ្ញុំ​ទទួលបាន​ការសន្យា​មួយ​ថា ភាពពោរពេញ​នៃ​ដំណឹងល្អ​នឹង​បាន​បង្ហាញ​ដល់​ខ្ញុំ​ក្នុង​ពេល​ណា​មួយ​នៅ​ពេល​អនាគត ។

រូបភាព
រូបតំណាង ការសញ្ជឹងគិត

សញ្ជឹងគិត​នៅក្នុង​ការរៀបចំ​សម្រាប់​ថ្នាក់រៀន

តើ​ដំណើររឿង​បន្ថែម​ទាំងនេះ​បន្ថែម​លើ​ការយល់ដឹង និង​ការកោត​សរសើរ​របស់​បងប្អូន​ដល់​ការនិមិត្ត​ដំបូង​របស់​យ៉ូសែប ស្ម៉ីធ​យ៉ាង​ដូចម្ដេច ? តើ​សេចក្ដីពិត​បន្ថែម​អ្វីខ្លះ ដែល​បងប្អូន​អាច​បន្ថែម​លើ​បញ្ជី​របស់​បងប្អូន​មកពី​ផ្នែក​ទី ១ នៃ​សៀវភៅ​សិក្សា​នេះ ? តើ​ទីបន្ទាល់​របស់​បងប្អូន​អំពី​ព្រឹត្តិការណ៍​ដ៏​ពិសិដ្ឋ​នេះ​បាន​ជះ​ឥទ្ធិពល​លើ​ជីវិត​បងប្អូន​យ៉ាង​ដូចម្តេច ?