ថ្នាក់​វិទ្យាស្ថាន
សៀវភៅ​សិក្សា​ការរៀបចំ​សម្រាប់​សិស្ស មេរៀន​ទី ៣ ៖ ការទទួល​បាន​ចំណេះដឹង​ខាង​វិញ្ញាណ


« សៀវភៅ​សិក្សា​ការរៀបចំ​សម្រាប់​សិស្ស មេរៀន​ទី ៣ ៖ ការទទួល​បាន​ចំណេះដឹង​ខាង​វិញ្ញាណ » សៀវភៅ​សិក្សា​ការរៀបចំ​សម្រាប់​សិស្ស មេរៀន​ទីរឹះ​នៃ​ការស្តារ​ឡើងវិញ ( ឆ្នាំ ២០១៩ )

« សៀវភៅ​សិក្សា​ការរៀបចំ​សម្រាប់​សិស្ស មេរៀន​ទី ៣ » សៀវភៅ​សិក្សា​ការរៀបចំ​សម្រាប់​សិស្ស មេរៀន​ទីរឹះ​នៃ​ការស្តារ​ឡើងវិញ

សៀវភៅ​សិក្សា​ការរៀបចំ​សម្រាប់​សិស្ស មេរៀន​ទី ៣

ការទទួល​បាន​ចំណេះដឹង​ខាង​វិញ្ញាណ

រូបភាព
យុវវ័យ​កំពុងមើល​ទូរសព្ទ

ពេលខ្លះ​យើង​រកឃើញ​ព័ត៌មាន​ថ្មី ដែល​ធ្វើ​ឲ្យ​យើង​ភ្ញាក់ផ្អើល ឬ​មាន​សំណួរ​ទាក់ទង​នឹង​គោលលទ្ធិ ការអនុវត្ត ឬ​ប្រវត្តិ​នៃ​សាសនាចក្រ ។ តើ​បងប្អូន​ព្រាង​សំណួរ​របស់​ខ្លួន ហើយ​តើ​ប្រភព​ដែល​បងប្អូន​ស្វែងរក​ចម្លើយ​អាច​ពង្រឹង ឬ​បន្ថយ​សេចក្ដី​ជំនឿ​របស់​បងប្អូន​ដោយ​របៀប​ណា ? កាល​បងប្អូន​សិក្សា​ពី​របៀប​ទទួល​បាន​ចំណេះដឹង​ខាង​វិញ្ញាណ សូម​រកមើល​គោលការណ៍​ដែល​អាច​ជួយ​បាន ពេល​បងប្អូន​ស្វែងរក​ចម្លើយ​តាម​របៀប​របស់​ព្រះអម្ចាស់ ។

ផ្នែក​ទី ១

តើ​វា​មិន​អី​ទេ​ឬ ដែល​មាន​សំណួរ​អំពី​សាសនាចក្រ ?

បទគម្ពីរ​លើក​ទឹកចិត្ត​យើង​ម្ដង​ហើយ​ម្ដង​ទៀត​ឲ្យ​ទូល​សួរ​សំណួរ​នានា​ដល់​ព្រះ ( សូមមើល យ៉ាកុប ១:៥; គោលលទ្ធិ និង សេចក្ដី​សញ្ញា ៨៨:៦៣ ) ។ កាល​កំពុង​បម្រើ​ក្នុង​គណៈប្រធាន​ទី​មួយ ប្រធាន ឌៀថើរ អេហ្វ អុជដូហ្វ បាន​បង្រៀន ៖

មិត្តភក្ដិ​វ័យ​ក្មេង​ជាទី​ស្រឡាញ់​របស់​ខ្ញុំ​អើយ យើង​គឺជា​មនុស្ស​ដែល​សួរ​សំណួរ ។ យើង​គឺជា​មនុស្ស​ដែល​មាន​សំណួរ​ច្រើន ដោយសារ​យើង​ដឹង​ថា​សំណួរ​នាំ​ទៅរក​សេចក្ដីពិត ។ នោះ​គឺជា​របៀប​ដែល​សាសនាចក្រ​នេះ​ចាប់ផ្ដើម​ឡើង មក​ពី​យុវជន​ម្នាក់​ដែល​មាន​សំណួរ​ច្រើន ។ តាម​ពិត ខ្ញុំ​មិន​ប្រាកដ​ពី​របៀប​ដែល​មនុស្ស​ម្នាក់​អាន​រកឃើញ​សេចក្ដីពិត ដោយ​គ្មាន​ការសួរ​សំណួរ​នោះ​ទេ ។ … ការសួរ​គឺជា​ទីកំណើត​នៃ​ទីបន្ទាល់ ។ … ការសួរ​សំណួរ​មិន​មែន​ជា​សញ្ញា​នៃ​ភាពទន់ខ្សោយ​នោះ​ទេ ។ វា​គឺជា​ប្រផ្នូល​នៃ​ការរីក​ចម្រើន​ឡើង ។( The Reflection in the Water » ការប្រជុំ​ធម្មនិដ្ឋាន​ប្រព័ន្ធ​អប់រំ​សាសនាចក្រ [ ថ្ងៃទី ១ ខែ វិច្ឆិកា ឆ្នាំ ២០០៩ ] នៅលើ​គេហទំព័រ broadcasts.ChurchofJesusChrist.org )

ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ​អរ​ព្រះទ័យ​ក្នុង​ការប្រទាន​ដល់​យើង​នូវ​ចំណេះដឹង និង​ការយល់ដឹង ។ យើង​រីកចម្រើន​ខាង​វិញ្ញាណ ពេល​យើង​សួរ​សំណួរ ហើយ​ស្វែងរក​ចម្លើយ​ដោយ​ចិត្ត​ស្មោះសរ និង​សេចក្ដី​ជំនឿ ។ សូម​ចងចាំ​ថា កាល​ព្រះអម្ចាស់​ជួយ​យើង​ឲ្យ​រៀន​មាន​សេចក្ដី​ជំនឿ​លើ​ទ្រង់ ទ្រង់​មិន​អាច​ផ្ដល់​គ្រប់​ចម្លើយ​ចំពោះ​គ្រប់​សំណួរ ដែល​យើង​មាន​ក្នុង​ជីវិត​នេះ​ទេ ។ តាមពិត​ទៅ យើង​មិន​ចាំបាច់​រកឃើញ​ចម្លើយ​ចំពោះ​សំណួរ​ទាំងអស់ ដើម្បី​ទទួល​បាន​ទីបន្ទាល់​មួយ ហើយ​ឈរ​ជា​សាក្សី​នៃ​សេចក្ដីពិត​នោះ​ឡើយ ។ ប៉ុន្ដែ​ការសួរ​សំណួរ​ដោយ​ចិត្ត​ស្មោះសរ​អាច​ជួយ​ឲ្យយើង​បន្ដ​រៀន និង​រីកចម្រើន ។

រូបភាព
រូបតំណាង​ការកត់ត្រា

កត់ត្រា​គំនិត​របស់​បងប្អូន

នៅ​ចន្លោះ​ដែល​ផ្ដល់​មក​នេះ សូម​សរសេរ​សំណួរ​ពីរ​បី ដែល​បងប្អូន​បាន​ឮ ឬ​ដែល​បងប្អូន​មាន​អំពី​សាសនា ជីវភាព​ខាង​វិញ្ញាណ ដំណឹងល្អ ឬ​សាសនាចក្រ ។

សិស្ស ៖ បញ្ជូន​សំណួរ​ទាំងនេះ​មួយ ឬ​ពីរ​ជា​សារ ឬ​អ៉ីម៉ែល​ទៅកាន់​គ្រូបង្រៀន​ថ្នាក់​វិទ្យាស្ថាន​របស់​បងប្អូន ។ គាត់​នឹង​រក្សា​សំណួរ​របស់​បងប្អូន​ជា​អនាមិក ប៉ុន្ដែ​អាច​ប្រើ​វា​ក្នុង​ថ្នាក់រៀន ដើម្បី​អនុវត្ត​ការស្វែងរក​ចម្លើយ​តាម​របៀប​របស់​ព្រះអម្ចាស់ ។ សំណួរ​ទាំងនេះ​ក៏​នឹង​ជួយ​គ្រូបង្រៀន​របស់​បងប្អូន​ឲ្យ​យល់​ពី​កង្វល់​របស់​បងប្អូន​កាន់តែ​ប្រសើរ និង​ដឹង​ពី​របៀប​ដែល​ពួកគេ​អាច​ឆ្លើយតប​អំឡុង​វគ្គ​សិក្សា​នេះ ។ នៅពេល​បងប្អូន​សិក្សា សូម​រកមើល​គោលការណ៍​នានា​ដែល​អាច​បង្រៀន​បងប្អូន​អំពី​របៀប​ស្វែងរក​ចម្លើយ​ចំពោះ​សំណួរ​ដ៏​ពិបាក ។

ផ្នែក​ទី ២

តើ​ព្រះអម្ចាស់​សព្វ​ព្រះទ័យ​ឲ្យ​ខ្ញុំ​ស្វែងរក​ចម្លើយ​ចំពោះ​សំណួរ និង​ទទួល​បាន​ចំណេះដឹង​ខាង​វិញ្ញាណ​ដោយ​របៀប​ណា ?

គោលការណ៍​ខាងក្រោម​នេះ​អាច​ជួយ​បងប្អូន​ឲ្យ​ស្វែងរក​ចម្លើយ​ចំពោះ​សំណួរ និង​ដោះស្រាយ​កង្វល់​តាម​របៀប​របស់​ព្រះអម្ចាស់ ៖

  1. ធ្វើ​សកម្មភាព​ដោយ​សេចក្ដី​ជំនឿ ។

  2. ពិនិត្យ​មើល​គោលគំនិត និង​សំណួរ​ទាំង​ឡាយ​ដោយ​ទស្សន​វិស័យ​ដ៏​អស់កល្ប​មួយ ។

  3. ស្វែងរក​ការយល់ដឹង​បន្ថែម​តាមរយៈ​ប្រភព​ដែល​បាន​តែងតាំង​ដ៏ទេវភាព ។

កាល​បងប្អូន​សិក្សា​ពី​គោលការណ៍​នៃ​ការទទួល​បាន​ចំណេះដឹង​ខាង​វិញ្ញាណ​ខាងក្រោម​ទាំងនេះ សូម​ពិចារណា​គូស​ចំណាំ​សេចក្ដី​ថ្លែងការណ៍ ឬ​ចំណុច​សំខាន់​នានា ដែល​បងប្អូន​ចាប់​អារម្មណ៍ ដើម្បី​បងប្អូន​អាច​ចែកចាយ​វា​ជាមួយ​សិស្ស​ក្នុង​ថ្នាក់ ហើយ​យោង​ដល់​វា​ពេលក្រោយ ។

ធ្វើ​សកម្មភាព​ដោយ​សេចក្ដីជំនឿ

សេចក្ដី​ជំនឿ​ចាប់ផ្ដើម​ដោយ​ជំនឿ​ថា ព្រះ​មាន​ព្រះជន្ម​រស់ ទ្រង់​ញាណ​ដឹង​អ្វីៗ​គ្រប់យ៉ាង ហើយ​ជា​ប្រភព​នៃ​សេចក្ដីពិត​ទាំងអស់ ។ យើង​ធ្វើសកម្មភាព​ដោយ​សេចក្ដីជំនឿ​នៅពេល​យើង​ជ្រើសរើស​ទុកចិត្ត​លើ​ព្រះ ហើយ​បែរ​ទៅរក​ទ្រង់ជា​ដំបូង​បំផុត តាមរយៈ​ការអធិស្ឋាន​ដោយ​ស្មោះត្រង់ សិក្សា​ការបង្រៀន​របស់ទ្រង់ ហើយ​គោរព​ប្រតិបត្តិ​តាម​បទបញ្ញត្តិ​ទាំងឡាយ​របស់​ទ្រង់ ។ ព្រះអម្ចាស់​អញ្ជើញ​យើង « កុំ​សង្ស័យ​ឡើយ តែ​ចូរ​ជឿ » ( មរមន ៩:២៧ ) ។ នៅពេល​យើង​ស្ថាបនា​គន្លង​មួយ​នៃ​ការធ្វើ​សកម្មភាព​ដោយ​សេចក្ដី​ជំនឿ​ក្នុង​ជីវិត​ប្រចាំថ្ងៃ​របស់​យើង នោះ​យើង​សង់​គ្រឹះ​ដ៏​រឹងមាំ​មួយ​លើ​ព្រះយេស៊ូវ​គ្រីស្ទ ដែល​ធានា​ថា យើង​នឹង​បន្ដ​រឹងមាំ ទោះជា​ពេល​យើង​ប្រឈម​នឹង​សំណួរ ឬ​ឧបសគ្គ​ពិបាកៗ​ក្ដី ( សូមមើល ហេលេមិន ៥:១២ ) ។

នៅពេល​បងប្អូន​ប្រទះ​នឹង​ព័ត៌មាន ឬ​អំណះអំណាង​ដែល​បងប្អូន​មិន​យល់ ឬ​ដែល​ប្រជែង​ជំនឿ​របស់​បងប្អូន បងប្អូន​មិន​ត្រូវ​សង្ស័យ​ទីបន្ទាល់ ឬ​បទពិសោធន៍​ខាង​វិញ្ញាណ​ពី​អតីតកាល​របស់​បងប្អូន​ឡើយ ។ អំឡុង​គ្រា​បែប​នោះ អែលឌើរ ជែហ្វ្រី អ័រ ហូឡិន​បាន​ប្រឹក្សា​ថា « ចូរ​កុំ​ភ័យខ្លាច ហើយ​ដកថយ​ឡើយ ។ ចូរ​កុំ​បោះបង់​ភាពជឿជាក់​របស់​បងប្អូន ។ ចូរ​កុំ​ភ្លេច​ពី​អារម្មណ៍​ដ៏​អស្ចារ្យ​មួយ​ដែល​អ្នក​ធ្លាប់​មាន ។ ចូរ​កុំ​លែង​ទុកចិត្ត​បទពិសោធន៍ [ ខាង​វិញ្ញាណ ] [ ទាំងឡាយ ] ដែល​បងប្អូន [ ធ្លាប់ ] មាន​ឡើយ » ( « Remember How You Felt » New Era ខែ សីហា ឆ្នាំ ២០០៤ ទំព័រ ៦ ) ។ ផ្ទុយ​ទៅវិញ « ចូរ​តោង​ឲ្យ​ជាប់​ទៅនឹង​អ្វី​ដែល​អ្នក​ដឹង​រួចហើយ ហើយ​ឈរ​រឹងមាំ​រហូត​ដល់​បាន​ចំណេះដឹង​បន្ថែម » ( ជែហ្វ្រី អ័រ ហូឡិន « ខ្ញុំ​ជឿ​ហើយ លោកម្ចាស់​អើយ » EnsignLiahona ខែ ឧសភា ឆ្នាំ ២០១៣ ទំព័រ ៩៤ ) ។

ខណៈ​បងប្អូន « តោង​ឲ្យ​ជាប់​ទៅនឹង​អ្វី​ដែល​បងប្អូន​ដឹង​រួចហើយ » សូម​ចាំ​ថា គុណលក្ខណៈ និង​បំណង​នៅពេល​ដែល​បងប្អូន​សួរ​សំណួរ ហើយ​ស្វែងរក​ចម្លើយ​នឹង​មាន​ឥទ្ធិពល​យ៉ាង​ខ្លាំង​ទៅ​លើ​សមត្ថភាព​របស់​បងប្អូន​ដើម្បី​រៀន​សូត្រ​តាមរយៈ​ព្រះវិញ្ញាណ​បរិសុទ្ធ ។ ដំណើរការ​នេះ​តម្រូវ​ឲ្យ​មាន​ការបន្ទាប​ខ្លួន ចិត្ត​ស្មោះសរ និង​បំណង​ដ៏​ពិត​ដើម្បី​ធ្វើ​សកម្មភាព​តាម​សេចក្ដីពិត ដែល​យើង​ទទួល​បាន​ពី​ព្រះអម្ចាស់ ។

រូបភាព
មាន​តែ​សូម​ដល់​ព្រះ ដោយ ចន ម៉ាក់ណាត់តុន

នៅពេល យ៉ូសែប ស៊្មីធ​បាន​ប្រឈម​នឹង​បរិយាកាស​ខាង​សាសនា​មួយ​ដែល​ពេញ​ដោយ « ការរំជួល និង​ការឈ្លោះប្រកែក​គ្នា​ជា​ខ្លាំង​ក្នុង​ចំណោម​បក្ស​ពួក​ផ្សេងៗ » ( យ៉ូសែប ស្ម៉ីធ—ប្រវត្តិ ១:៨ ) លោក​អាច​បាន​បាក់ទឹកចិត្ត​ដោយ​ងាយ អនុញ្ញាត​ឲ្យ​ការសង្ស័យ​ចូល​ពេញ​ដួងចិត្ត​លោក ហើយ « នៅ​ក្នុង​សេចក្ដី​ងងឹតងងល់​ត​ទៅ » ( ខទី ១៣ ) ។ ផ្ទុយទៅវិញ លោក​បាន​ស្រាវជ្រាវ​បទគម្ពីរ ហើយ​បាន​ទទួល​ការបំផុស​យ៉ាង​ជ្រាលជ្រៅ​មកពី​សារលិខិត​ដែល​មាន​នៅក្នុង​គម្ពីរ យ៉ាកុប ១:៥ ឲ្យ « សូម​ដល់​ព្រះ » ។ ដោយ​ធ្វើ​សកម្មភាព​ដោយ​សេចក្ដី​ជំនឿ លោក​បាន​ទៅ​ក្នុង​ព្រៃ ហើយ​បាន « លុតជង្គង់​ចុះ ហើយ​បាន​ចាប់​ផ្ដើម​បួងសួង​ដល់​ព្រះ​ទូល​ប្រាប់​ពី​បំណង​នៃ​ដួង​ចិត្ត​របស់ [ លោក ] » ( យ៉ូសែប ស្ម៉ីធ — ប្រវត្តិ ១:១៥ ) ។ ការអធិស្ឋាន​ដ៏​ស្មោះសរ​របស់​លោក​ត្រូវបាន​ឆ្លើយ​ដោយ​ការនិមិត្ត​មកពី​ស្ថានសួគ៌​មួយ ។ លោក​បាន​ចេញពី​ព្រៃ​ដោយ​បាន « ចេះ​ដឹង​ដោយ​ផ្ទាល់​ខ្លួន [ លោក ] » ពី​ចម្លើយ​ចំពោះ​សំណួរ​របស់​លោក ( ខទី ២០ ) ។

រូបភាព
រូបតំណាង ការសញ្ជឹងគិត

សញ្ជឹងគិត​នៅក្នុង​ការរៀបចំ​សម្រាប់​ថ្នាក់រៀន

សូម​គិត​ពី​សំណួរ​មួយ ដែល​បងប្អូន​បាន​កត់ត្រា​ទុក​ពីមុន​មក ។ តើ​បងប្អូន ឬ​មនុស្ស​ម្នាក់​ទៀត​ដែល​មាន​សំណួរ​នេះ អាច​ធ្វើ​សកម្មភាព​ដោយ​សេចក្ដី​ជំនឿ ខណៈ​ស្វែងរក​ចម្លើយ និង​ការដឹកនាំ​ផ្សេងទៀត​ដោយ​របៀប​ណា ?

ពិនិត្យ​មើល​គោលគំនិត ហើយ​សួរ​សំណួរ​ដោយ​ទស្សនវិស័យ​ដ៏​អស់កល្ប​មួយ

ដើម្បី​ពិនិត្យ​មើល​គោលគំនិត​ខាង​គោលលទ្ធិ សំណួរ និង​បញ្ហា​សង្គម​ដោយ​ទស្សនវិស័យ​ដ៏​អស់កល្ប​ជានិច្ច​មួយ យើង​ត្រូវ​ពិចារណា​វា​ក្នុង​បរិបទ​នៃ​ផែនការ​នៃ​សេចក្ដីសង្គ្រោះ និង​នៃ​ការបង្រៀន​របស់​ព្រះអង្គសង្គ្រោះ ។ យើង​ស្វែងរក​ជំនួយ​មកពី​ព្រះវិញ្ញាណ​បរិសុទ្ធ ដើម្បី​មើល​ឃើញ​នូវ​រឿង​ទាំងឡាយ​ដូចជា​ព្រះអម្ចាស់​ទត​ឃើញ ( សូមមើល កូរិនថូស​ទី​១ ២:៥, ៩–១១ ) ។ វិធីសាស្ដ្រ​នេះ​ជួយ​យើង​ឲ្យ​មើល​ទៅ​អ្វីៗ​ចេញពី​ទស្សនៈ​របស់​ព្រះអម្ចាស់ ជាជាង​ចេញពី​ទស្សនវិស័យ​ខាង​លោកិយ ។ យើង​ធ្វើ​ដូចនេះ​ដោយ​ការសួរ​សំណួរ​ដូចជា « តើ​ខ្ញុំ​បានដឹង​អ្វីខ្លះ​អំពី​ព្រះវរបិតាសួគ៌ និង​ផែនការ​របស់ទ្រង់​រួច​ហើយនោះ ហើយ​តើ​ទ្រង់​បាន​ទាក់​ទង​នឹង​កូនចៅ​របស់ទ្រង់​ដោយ​របៀបណា ? » និង​សំណួរ « តើ​ការបង្រៀន​ដំណឹងល្អ​អ្វី​ខ្លះ​ដែល​ទាក់ទង ឬ​បញ្ជាក់​អំពី​គោលគំនិត ឬ​បញ្ហា​នេះ ? »

សំណួរ​ទាក់ទង​ទៅនឹង​ព្រឹត្តិការណ៍​ប្រវត្តិសាស្ដ្រ​គួរតែ​ពិនិត្យ​ដោយ​ទស្សនវិស័យ​ដ៏​អស់កល្ប​មួយ​ផងដែរ ។ វា​អាច​នឹង​ជួយ​យើង​ឲ្យ​ពិនិត្យ​មើល​សំណួរ​ខាង​ប្រវត្តិសាស្ត្រតាម​បរិបទ​ប្រវត្តិសាស្ត្រ​ត្រឹមត្រូវ​ផងដែរ ដោយ​ពិចារណា​អំពី​វប្បធម៌ និង​បទដ្ឋាន​នៃ​វេលាកាល​នោះ ជាជាង​ការ​ដាក់បង្ខំ​ឲ្យ​ទទួលយក​ទស្សនវិស័យ និង​ឥរិយាបថ​នា​ពេល​បច្ចុប្បន្ន​នេះ ។ ឧទាហរណ៍ ប្រសិនបើ​បងប្អូន​បាន​រកឃើញ​បុព្វការី​ម្នាក់​ពី​ឆ្នាំ ១៨០០ ជាង ដែល​បាន​រៀបការ​នៅ​អាយុ ១៤ ឬ ១៥ ឆ្នាំ បងប្អូន​អាច​ឃើញ​ថា​វា​ពិតជា​អាពាហ៍ពិពាហ៍​ដ៏​វ័យ​ក្មេង​ខ្លាំងណាស់ បើ​បងប្អូន​មិន​បាន​យល់​ថា នៅ​ជំនាន់​នោះ​វា​ទូទៅ​ទេ ។

វា​សំខាន់​ដើម្បីចងចាំ​ថា រឿង​លម្អិត​ខាង​ប្រវត្តិសាស្ត្រ​ពុំ​មាន​នូវ​អំណាច​សង្គ្រោះ​នៃ​ពិធីបរិសុទ្ធ​សេចក្ដីសញ្ញា និង​គោលលទ្ធិ​នោះទេ ។ ការត្រូវ​រំខាន​ដោយ​រឿង​លម្អិត​ដែល​មិនសូវ​សំខាន់​ធ្វើ​ឲ្យ​យើង​ភ្លេច​អព្ភូត​ហេតុ​ដែល​បាន​បើក​សម្ដែង​អំពី​ការ​ស្ដារឡើងវិញ គឺ​ដូចជា​ការ​ចំណាយពេល​វិភាគ​ទៅ​លើ​ប្រអប់​កាដូ ហើយ​មិន​ខ្វល់​អំពី​អំណោយ​ដ៏អស្ចារ្យ​នៅក្នុង​ប្រអប់កាដូ​ដូច្នោះ​ដែរ ។

រូបភាព
រូបតំណាង​ការកត់ត្រា

កត់ត្រា​គំនិត​របស់​បងប្អូន

ព្យាយាម​យល់ដឹង​បន្ថែម​តាម​រយៈ​ប្រភព​ដែល​បាន​ប្រទាន​មក​ពី​ព្រះ

សូម​ស្រមៃ​ថា ជន​ចម្លែក​ម្នាក់​បាន​ចោទ​មនុស្ស​ជាទី​ស្រឡាញ់​របស់​បងប្អូន​ម្នាក់​ថា​បាន​ធ្វើ​អ្វីមួយ​ខុសឆ្គង ។ តើ​បងប្អូន​នឹង​ស្វែងរក ថា​តើ​ពួកគេ​និយាយ​ការពិត ឬ​កុហក​ដោយ​របៀប​ណា ? តើ​នឹង​មាន​គ្រោះថ្នាក់​អ្វីខ្លះ បើ​ជឿ​លើ​ជន​ចម្លែក​នោះ​ដោយ​មិន​អង្កេត​មើល​បញ្ហា​នោះ​ឲ្យ​បាន​ជ្រៅជ្រះ​ទេ​នោះ ?

រូបភាព
អេក្រង់​ទូរសព្ទ​បង្ហាញ​កម្មវិធី Google

តាមរយៈ​អ៊ិនធើរណិត យើង​មាន​ព័ត៌មាន​ល្អ​ដែល​មិន​ធ្លាប់​មាន​ពីមុន​មក ។ ទន្ទឹមគ្នា​នេះ​ដែរ អ៊ិនធើរណិត​ក៏​បាន​ទម្លាក់​យើង​ក្នុង​ការប្រយុទ្ធ​នឹង​ព័ត៌មាន​ដែល​មិន​អាច​ទុកចិត្ត​ផងដែរ ។ ដោយសារ​អ៊ិនធើរណិត​មិន​ច្រោះ​ព័ត៌មាន​ខុសឆ្គង បោក​បញ្ឆោត ឬ​ក្លែងក្លាយ​ឲ្យ​យើង​ដោយ​ស្វ័យ​ប្រវត្តិ នោះ​យើង​ត្រូវតែ​ច្រោះ​វា​ដោយ​ខ្លួន​ឯង ។ ប្រធាន ដាល្លិន អេក អូក ក្នុង​គណៈប្រធាន​ទីមួយ​បាន​ព្រមាន​ថា « យើង​ត្រូវតែ​ប្រុងប្រយ័ត្ន​នៅ​ពេល​យើង​ស្វែងរក​សេចក្ដីពិត និង​ជ្រើសរើស​ប្រភព​សម្រាប់​ការស្រាវជ្រាវ​នោះ » ( « សេចក្ដីពិត និង ផែនការ » EnsignLiahona ខែ វិច្ឆិកា ឆ្នាំ ២០១៨ ទំព័រ ២៥ ) ។

ជា​ចំណែក​នៃ​ដំណើរការ​ដែលបាន​តែង​តាំង​របស់​ព្រះអម្ចាស់​ដើម្បី​ទទួលបាន​ចំណេះដឹង​ខាង​វិញ្ញាណ នោះ​ទ្រង់​បាន​បង្កើត​ប្រភព​ជាច្រើន​តាមរយៈ​អ្វី​ដែល​ទ្រង់​បើកសម្តែង​សេចក្ដីពិត និង​ការណែនាំ​ដល់​កូនចៅ​របស់ទ្រង់ ។ ប្រភព​ដែល​បាន​តែងតាំង​មកពី​ព្រះ​ទាំងនេះ​រួមមាន ពន្លឺ​នៃ​ព្រះគ្រីស្ទ ព្រះវិញ្ញាណ​បរិសុទ្ធ បទគម្ពីរ ថ្នាក់​ដឹកនាំ​សាសនាចក្រ និង​សមាជិក​គ្រួសារ​ដ៏​ស្មោះត្រង់ ។ គណៈប្រធាន​ទីមួយ និង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់—ពួកព្យាការី​របស់​ព្រះអម្ចាស់​នៅលើ​ផែនដី​សព្វថ្ងៃនេះ—គឺជា​ប្រភព​ដ៏សំខាន់​នៃ​សេចក្ដីពិត ។ ព្រះអម្ចាស់​បាន​ជ្រើសរើស ហើយបាន​តែងតាំង​បុគ្គល​ម្នាក់ៗ​ទាំងនេះ​ដើម្បី​និយាយ​ជំនួស​ទ្រង់ ។

យើង​អាច​រៀន​សេចក្ដីពិត​តាមរយៈ​ប្រភព​ដែល​គួរឲ្យ​ទុកចិត្ត​ផ្សេងៗ​ទៀត​ផងដែរ ។ ទោះជា​យ៉ាងណា​ក៏ដោយ អ្នក​ស្វែងរក​សេចក្ដីពិត​ដ៏ស្មោះត្រង់ គួរ​តែ​ប្រុង​ប្រយត្ន័​ចំពោះ​ប្រភព​ព័ត៌មាន​ដែល​មិន​គួរ​ទុកចិត្ត​ផងដែរ ។ ការរៀន​ស្គាល់ និង​ចៀសចេញ​ពី​ប្រភព​មិន​គួរ​ឲ្យជឿ អាច​ការពារ​យើង​កុំ​ឲ្យ​ភាន់​ច្រឡំ និង​ការ​ពារ​យើង​ពី​អ្នកទាំង​ឡាយ​ដែល​ព្យាយាម​បំផ្លាញ​សេចក្ដីជំនឿ​យើង ។ សំណួរ និង​សេចក្ដី​ណែនាំ​ខាងក្រោម​នេះ​អាច​ជួយ​បាន កាល​បងប្អូន​សម្រេច​ថា​ប្រភព​នោះ​គួរទុក​ចិត្ត​បាន​ឬ​អត់ ៖

សំណួរ​ដើម្បី​វាយតម្លៃ​ប្រភព

  1. តើ​មាន​គុណសម្បត្តិ បំណង និង​អាច​មាន​ទំនោរ​ពី​អ្នកនិពន្ធ​អ្វីខ្លះ ?

    ប្រធាន ដាល្លិន អេក អូក ក្នុង​គណៈប្រធាន​ទីមួយ​បាន​បង្រៀន​ថា យើង​គួរតែ « ប្រុងប្រយ័ត្ន​លើ​ការជំរុញចិត្ត​មក​ពី​បុគ្គល​ដែល​ផ្ដល់​ព័ត៌មាន ។​… ការសម្រេចចិត្ត​ផ្ទាល់ខ្លួន​យើង​គួរតែ​ផ្អែក​ទៅ​លើ​ព័ត៌មាន​ចេញ​មក​ពី​ប្រភព​នានា ដែល​មាន​គុណភាព​ស្ដីពី​ប្រធានបទ​នោះ ហើយ​គ្មាន​ទំនោរ​ទៅ​រក​ការជំរុញចិត្ត​ដ៏​អាត្មានិយម​ទេ » ( ដាល្លិន អេក អូក « សេចក្ដីពិត និង ផែនការ » EnsignLiahona ខែ វិច្ឆិកា ឆ្នាំ ២០១៨ ទំព័រ ២៥ ) ។

  2. តើ​អ្នកនិពន្ធ​មាន​ទំនាក់ទំនង​ជិតដិត​ប៉ុណ្ណា​ទៅនឹង​ព្រឹត្តិការណ៍​ដែល​បាន​ពិពណ៌នា​នោះ ?

    នៅពេល​ប្រភព​មួយ​លើកឡើង​ពី​អ្វីមួយ​មកពី​ប្រវត្តិ​សាសនាចក្រ សូម​សួរ​ខ្លួន​ឯង​ថា តើ​ប្រភព​នេះ​ចាកឆ្ងាយ​ចេញពី​ព្រឹត្តិការណ៍ ដែល​វា​កំពុង​ពិភាក្សា​ប៉ុណ្ណា​ដែរ ។ រឿង​ដោយ​ផ្អែកលើ​ដំណើរ​រឿង​តំណាល​លើក​ទីពីរ ឬ​ទី​បី​ជាញឹកញាប់​មិន​សូវ​ទុកចិត្ត​បាន​ទេ ។

  3. តើ​អ្នកនិពន្ធ​រំលង​ភស្តុតាង​ដែល​មាន​ដោយ​ចេតនា​ដើម្បី​នាំ​ឲ្យ​យល់​ខុស​ដែរ​ឬ​ទេ ?

    អ្នកនិពន្ធ​មួយ​ចំនួន​លុប​ចោល​ការពិត​ដ៏​សំខាន់​ដោយ​ចេតនា ហើយ​រំលង​ភស្តុតាង​ដ៏​សំខាន់​ដើម្បី​គាំទ្រ​ចំណុច​ទស្សនៈ​ពិសេស​របស់​ពួកគេ ។

  4. តើ​ការបង្រៀន និង​ព្រឹត្តិការណ៍​ដែល​បាន​លើកឡើង​ក្នុង​ប្រភព​នេះ បង្ហាញ​ក្នុង​បរិបទ​ត្រឹមត្រូវ​នៃ​ពេលវេលា ទីកន្លែង និង​កាលៈទេសៈ​របស់​ពួកគេ​ដែរ​ឬ​ទេ ?

    ការបង្រៀន និង​ព្រឹត្តិការណ៍​ប្រវត្តិសាស្ដ្រ​មួយ​ចំនួន​អាច​ទៅ​ជា​ភាន់​ច្រឡំ នៅពេល​ពួកគេ​បាន​ដកចេញ​ពី​បរិបទ​នៃ​ពេលវេលា និង​ទីកន្លែង​របស់​វា ។ បរិបទ​ប្រវត្តិសាស្ដ្រ​ក៏​រួម​មាន​នូវ​ព្រឹត្តិការណ៍​ផ្សេងទៀត​ដែល​កើតឡើង​នៅពេល​នោះ ( ដូចជា សង្គ្រាម វិបត្តិ​សេដ្ឋកិច្ច និង​ចលនា​សង្គម​និង​នយោបាយ​នានា ) និង​វប្បធម៌ ក៏​ដូចជា​ប្រជាសាស្ដ្រ​នៃ​ពេលវេលា និង​មជ្ឈដ្ឋាន​ដែល​បញ្ជាក់​មក​នោះ​ផងដែរ ។

  5. តើ​ការបង្រៀន និង​ព្រឹត្តិការណ៍​នោះ​បាន​គាំទ្រ​ដោយ​ប្រភព​ដែល​អាច​ទុកចិត្ត​បាន​ផ្សេងទៀត​ទេ ?

    ការគាំទ្រ​ពី​ប្រភព​ដែល​អាច​ទុកចិត្ត​បាន​ផ្សេងទៀត​ជួយ​បង្កើត​ឲ្យ​មាន​ភាពត្រឹមត្រូវ​នៃ​គោលលទ្ធិ និង​ព្រឹត្តិការណ៍​ប្រវត្តិសាស្ដ្រ ។

សំណួរ​ដើម្បី​វាយតម្លៃ​ប្រភព

រូបភាព
សំណៅ​ចែក សំណួរ​ដើម្បី​វាយតម្លៃ​ប្រភព
រូបភាព
រូបតំណាង ការសញ្ជឹងគិត

សញ្ជឹងគិត​នៅក្នុង​ការរៀបចំ​សម្រាប់​ថ្នាក់រៀន

សូម​ចំណាយ​ពេល​ពីរ​បី​នាទី​ស្រាវជ្រាវ​ក្នុង​គេហទំព័រ​របស់​សាសនាចក្រ បណ្ណាល័យ​ដំណឹងល្អ ឬ​បទគម្ពីរ​នានា​រក​ធនធាន ដែល​អាច​ជួយ​បងប្អូន ឬ​នរណាម្នាក់​ដែល​បងប្អូន​ស្គាល់​ឲ្យ​ស្វែងរក​ការយល់ដឹង​បន្ថែម​ទៀត​អំពី​សំណួរ ដែល​បងប្អូន​បាន​កត់ត្រា​ទុក​ពីមុន​មក ។ សូម​សញ្ជឹង​គិត​ពី​តួនាទី​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ​ក្នុង​ជីវិត​របស់​បងប្អូន​ផ្ទាល់ កាល​បងប្អូន​បាន​វាយតម្លៃ​ប្រភព និង​បាន​ស្រាវជ្រាវ​រក​សេចក្ដីពិត ។