« មេរៀនទី ១៤៦—វាយតម្លៃការរៀនសូត្ររបស់អ្នកទី ៩ ៖ គោលលទ្ធិ និងសេចក្តីសញ្ញា ១១៥–១៣៤ » សៀវភៅសិក្សាព្រះគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញា សម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា ( ឆ្នាំ ២០២៥ )
« វាយតម្លៃការរៀនសូត្ររបស់អ្នកទី ៩ » សៀវភៅសិក្សាព្រះគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញា សម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា
មេរៀនទី ១៤៦ ៖ គោលលទ្ធិ និងសេចក្តីសញ្ញា ១៣៣–១៣៤
វាយតម្លៃការរៀនសូត្ររបស់អ្នកទី ៩
ការប្រែក្លាយកាន់តែដូចជាព្រះគ្រីស្ទ តម្រូវឲ្យមានការខិតខំជាបន្តបន្ទាប់ និងជាដំណើរការពេញមួយជីវិត ។ ការវាយតម្លៃជាបណ្តោះអាសន្នអំពីការរីកចម្រើនខាងវិញ្ញាណរបស់យើង អាចជួយយើងឲ្យមើលឃើញការរីកចម្រើនដែលយើងកំពុងធ្វើ និងកាន់តែខិតជិតព្រះអង្គសង្រ្គោះ ។ មេរៀននេះអាចជួយសិស្សឲ្យចងចាំ និងវាយតម្លៃពីរបៀបដែលបទពិសោធន៍របស់ពួកគេនៅក្នុងការសិក្សាគោលលទ្ធិ និងសេចក្ដីសញ្ញាបានជួយពួកគេឲ្យរីកចម្រើនខាងវិញ្ញាណ ។
សកម្មភាពរៀនសូត្រដែលអាចមាន
ការរីកចម្រើនយឺត និងការរីកចម្រើនខ្ជាប់ខ្ជួន
សូមពិចារណាបង្ហាញរូបភាពអំពីដំណាក់កាលផ្សេងៗនៃការសាងសង់ព្រះវិហារបរិសុទ្ធសលត៍ លេកដល់សិស្ស ។ សូមសួរសិស្សថាតើពួកគេដឹងថាត្រូវចំណាយពេលយូរប៉ុនណាដើម្បីបញ្ចប់ការសាងសង់ព្រះវិហារបរិសុទ្ធនេះ ( ៤០ ឆ្នាំ ) ។ អ្នកអាចសុំឲ្យសិស្សចែកចាយថាតើពួកគេគិតថាពេលវេលា និងការខិតខំដែលត្រូវចំណាយដើម្បីបញ្ចប់ការសាងសង់ព្រះវិហារបរិសុទ្ធនេះគឺមានតម្លៃសមនឹងធ្វើដែរឬទេ ហើយហេតុអ្វី ។
ប្រើប្រាស់ដោយមានការអនុញ្ញាតពីសមាគមប្រវត្តិសាស្ត្ររដ្ឋយូថាហ៍
ជួយសិស្សឲ្យប្រៀបធៀបការរីកចម្រើនខាងវិញ្ញាណរបស់ពួកគេជាមួយនឹងការសាងសង់ព្រះវិហារបរិសុទ្ធ ។ របៀបមួយដើម្បីធ្វើបែបនេះគឺត្រូវអញ្ជើញពួកគេឲ្យគិតថាតើ ពួកអ្នកសាងសង់គម្រោងនេះមានអារម្មណ៍យ៉ាងណា នៅពេលពួកគេធ្វើគម្រោងនេះ ។ អ្នកក៏អាចពិភាក្សាសំណួរខាងក្រោមនេះដែរ ៖
-
តើអ្នកអាចមានអារម្មណ៍យ៉ាងណាក្រោយពីធ្វើការសាងសង់ព្រះវិហារបរិសុទ្ធអស់រយៈពេល ១០ ឬ ២០ ឆ្នាំ ហើយតែនៅតែមានការងារជាច្រើនដែលត្រូវធ្វើដដែលនោះ ?
-
ប្រសិនបើអ្នកជាមនុស្សម្នាក់ក្នុងចំណោមកម្មករទាំងនោះ តើអ្វីខ្លះអាចជំរុញឲ្យអ្នកបន្តធ្វើការនោះ ?
-
តើអ្នកគិតថាបទពិសោធន៍របស់កម្មករទាំងនេះអាចអនុវត្តចំពោះការខិតខំរបស់យើងដើម្បីរីកចម្រើនខាងវិញ្ញាណ និងបានដូចជាព្រះអង្គសង្គ្រោះដោយរបៀបណា ?
សូមចំណាយពេលមួយភ្លែតដើម្បីពិចារណាអំពីជីវិតរបស់អ្នក និងអ្វីដែលអ្នកបានធ្វើដើម្បីព្យាយាមឲ្យប្រែក្លាយដូចជាព្រះយេស៊ូវគ្រីស្ទ ។ សូមគិតអំពីរបៀបដែលអ្នកកំពុងរីកចម្រើន សូម្បីតែតាមរបៀបតូចតាចក៏ដោយដើម្បីបានដូចជាព្រះគ្រីស្ទកាន់តែខ្លាំង ។
-
ទោះបីជាដំណើរការនេះចំណាយពេលយូរក៏ដោយ តើអ្នកបានរៀនអ្វីខ្លះអំពីតម្លៃនៃការព្យាយាមដើម្បីប្រែក្លាយកាន់តែដូចជាព្រះយេស៊ូវគ្រីស្ទជារៀងរាល់ថ្ងៃ ?
សូមឲ្យសិស្សចែកចាយនូវអ្វីដែលពួកគេបានរៀន និងអំពីអារម្មណ៍ដែលពួកគេបានរីកចម្រើនក្នុងរយៈពេលពីរបីសប្តាហ៍កន្លងទៅនេះ ។ ដើម្បីជួយសិស្សឲ្យចែកចាយ អ្នកអាចអញ្ជើញពួកគេឲ្យពិនិត្យមើលនូវអ្វីៗដែលពួកគេបានរៀនក្នុងពេលថ្មីៗនេះចេញពីការសិក្សារបស់ពួកគេអំពីគោលលទ្ធិ និងសេចក្ដីសញ្ញា ។ អ្នកអាចលើកទឹកចិត្តពួកគេឲ្យមើលក្នុងសៀវភៅកំណត់ហេតុរបស់ពួកគេ ឬរកមើលអ្វីដែលពួកគេបានគូសចំណាំនៅក្នុងព្រះគម្ពីររបស់ពួកគេនាពេលថ្មីៗនេះ ។
សកម្មភាពខាងក្រោមនេះអាចផ្តល់ឱកាសដល់សិស្សដើម្បីពន្យល់អំពីអ្វីដែលពួកគេកំពុងរៀន វាយតម្លៃ និងចែកចាយអារម្មណ៍របស់ពួកគេ ហើយរាយការណ៍អំពីការរីកចម្រើនរបស់ពួកគេក្នុងការរស់នៅតាមគោលការណ៍ដំណឹងល្អ ។ ប្រសិនបើការសិក្សាក្នុងថ្នាក់របស់អ្នកអំពី គោលលទ្ធិ និងសេចក្ដីសញ្ញា ១១៥–១៣៤ បានផ្តោតលើសេចក្ដីពិតផ្សេងក្រៅពីសេចក្ដីពិតដែលមាននៅក្នុងសកម្មភាពខាងក្រោមនេះ នោះអ្នកអាចបត់បែនសកម្មភាពដើម្បីបញ្ចូលសេចក្ដីពិតទាំងនោះ ។
សូមពន្យល់អំពីសារៈសំខាន់នៃពិធីបុណ្យជ្រមុជទឹកសម្រាប់មនុស្សស្លាប់
ដើម្បីផ្តល់ឱកាសឲ្យសិស្សពន្យល់អំពីគោលលទ្ធិនៃពិធីបុណ្យជ្រមុជទឹកសម្រាប់មនុស្សស្លាប់ សូមពិចារណាបង្ហាញរូបភាពអាងជ្រមុជទឹកនៅព្រះវិហារបរិសុទ្ធខាងក្រោមនេះ ហើយណែនាំអំពីសាច់រឿងដូចជាសាច់រឿងខាងក្រោមនេះ ។
អូប្រ៊ី និងមិត្តភក្តិរបស់នាងមានចិត្តរំភើបដើម្បីទៅព្រះវិហារបរិសុទ្ធ ។ មិត្តភក្តិម្នាក់ដែលមិនសូវដឹងអំពីព្រះវិហារបរិសុទ្ធសង្កេតឃើញអារម្មណ៍រំភើបរបស់ពួកគេ ហើយក្រោយមកបានសួរ អូប្រ៊ី ថាតើពួកគេធ្វើអ្វីខ្លះនៅក្នុងព្រះវិហារបរិសុទ្ធ ។ អូប្រ៊ី សម្លឹងមើលរូបភាពអាងជ្រមុជទឹកនៅក្នុងព្រះវិហារបរិសុទ្ធនៅលើទូរសព្ទរបស់នាង ហើយចាប់ផ្ដើមពន្យល់អំពីពិធីបុណ្យជ្រមុជទឹកសម្រាប់មនុស្សស្លាប់ ។
សូមផ្តល់ឱកាសឲ្យសិស្សចែកចាយនូវអ្វីដែលពួកគេនឹងនិយាយ ប្រសិនបើពួកគេត្រូវបានសុំឲ្យពន្យល់អំពីពិធីបុណ្យជ្រមុជទឹកសម្រាប់មនុស្សស្លាប់ទៅកាន់មិត្តភក្តិម្នាក់ ។ អ្នកអាចអញ្ជើញសិស្សឲ្យសម្តែងជាគូៗ ឬជាក្រុមតូចៗ ។
បន្ទាប់ពីសិស្សបានមានឱកាសសម្តែងរួចហើយ សូមអញ្ជើញពួកគេឲ្យពិនិត្យមើលនូវអ្វីដែលពួកគេបានរៀននៅក្នុង គោលលទ្ធិ និងសេចក្តីសញ្ញា ១២៤, ១២៧ និង ១២៨ ដើម្បីមើលថា តើមានអ្វីខ្លះដែលពួកគេនឹងបន្ថែមទៅក្នុងការពន្យល់របស់ពួកគេដែរឬទេ ។ អ្នកអាចសុំឲ្យសិស្សពិនិត្យឡើងវិញជាមួយគ្នាជាក្រុមដោយគិតអំពីសំណួរខាងក្រោមនេះ ។
-
តើអូប្រ៊ីអាចចែកចាយអ្វីខ្លះដើម្បីជួយមិត្តរបស់នាងឲ្យយល់អំពីពិធីបរិសុទ្ធដ៏ពិសិដ្ឋនេះ ដែលជាផ្នែកមួយនៃផែនការរបស់ព្រះ ?
-
តើអូប្រ៊ីអាចជួយមិត្តរបស់នាងឲ្យយល់អំពីព្រះវរបិតាសួគ៌ ឬព្រះយេស៊ូវគ្រីស្ទដោយរបៀបណា ?
នៅពេលសិស្សបានពិនិត្យមើល និងពិភាក្សាអំពីគោលលទ្ធិនៃពិធីបុណ្យជ្រមុជទឹកសម្រាប់មនុស្សស្លាប់ នោះអ្នកអាចផ្ដល់ឱកាសមួយទៀតដល់ពួកគេដើម្បីសម្តែងតាមសាច់រឿងនោះ ហើយដាក់បញ្ចូលនូវអ្វីដែលពួកគេបានរៀន ។
ការចូលរួមនៅក្នុងកិច្ចការព្រះវិហារបរិសុទ្ធ និងពង្សប្រវត្តិ
សកម្មភាពនេះមានគោលបំណងជួយសិស្សឲ្យចែកចាយអំពីរបៀបដែលពួកគេបានចូលរួមក្នុងកិច្ចការព្រះវិហារបរិសុទ្ធ និងពង្សប្រវត្តិ ។ ដំបូងអ្នកអាចជួយសិស្សឲ្យចងចាំនូវពរជ័យដ៏អស្ចារ្យមួយចំនួនដែលទាក់ទងនឹងការធ្វើកិច្ចការរបស់ព្រះអម្ចាស់ដោយការចែកចាយសេចក្ដីថ្លែងការណ៍ខាងក្រោមនេះ ។
ប្រធាន ហែនរី ប៊ី អាវរិង ក្នុងគណៈប្រធានទីមួយបានបង្រៀន ៖
យុវវ័យជាច្រើនបានរកឃើញថា ការលះបង់ពេលវេលារបស់ពួកគេដើម្បីស្រាវជ្រាវពង្សប្រវត្តិ និង កិច្ចការព្រះវិហារបរិសុទ្ធបានពង្រឹងទីបន្ទាល់របស់ពួកគេអំពីផែនការនៃសេចក្ដីសង្គ្រោះ ។ វាបានបង្កើនអានុភាពព្រះវិញ្ញាណនៅក្នុងជីវិតរបស់ពួកគេ ហើយកាត់បន្ថយឥទ្ធិពលរបស់បច្ចាមិត្ត ។ វាបានជួយពួកគេឲ្យមានអារម្មណ៍កាន់តែជិតគ្រួសាររបស់ខ្លួន និងកាន់តែជិតព្រះអម្ចាស់ ព្រះយេស៊ូវគ្រីស្ទ ។ ពួកគេបានដឹងថា កិច្ចការនេះមិនគ្រាន់តែសង្គ្រោះដល់មនុស្សស្លាប់នោះទេ វាក៏សង្គ្រោះយើងទាំងអស់គ្នាដែរ ( សូមមើល គ&ស ១២៨:១៨ ) ។ ( ហែនរី ប៊ី អាវរិង « Gathering the Family of God » Liahona ខែ ឧសភា ឆ្នាំ ២០១៧ ទំព័រ ២២ )
-
តើអ្នកបានរកឃើញពរជ័យអ្វីខ្លះនៅពេលដែលអ្នកបានចូលរួមក្នុងកិច្ចការព្រះវិហារបរិសុទ្ធ និងពង្សប្រវត្តិ ?
នៅក្នុងមេរៀនអំពី គោលលទ្ធិ និងសេចក្ដីសញ្ញា ១២៧–១២៨ សិស្សប្រហែលត្រូវបានអញ្ជើញឲ្យធ្វើផែនការមួយដើម្បីចូលរួមក្នុងកិច្ចការនេះទៅតាមរបៀបណាមួយ ។ សូមឲ្យសិស្សមានពេលដើម្បីជញ្ជឹងគិតអំពីផែនការរបស់ពួកគេ ហើយលើកទឹកចិត្តពួកគេឲ្យចែកចាយនូវអ្វីដែលពួកគេបានធ្វើ ។
បើចាំបាច់ អ្នកអាចរំឭកសិស្សអំពីវិធីមួយចំនួនដែលពួកគេអាចជ្រើសរើសចូលរួម ។ ការណ៍ទាំងនេះអាចរួមមានសកម្មភាពផ្សេងៗនៅលើគេហទំព័រ FamilySearch.org ឬ កម្មវិធីមែកធាងគ្រួសារ ។ សូមពិចារណាអញ្ជើញសិស្សឲ្យពិពណ៌នា ឬប្រសិនបើអាច ធ្វើការបង្ហាញទៅកាន់សិស្សក្នុងថ្នាក់នូវអ្វីដែលពួកគេបានធ្វើ ឬបានរៀន ។ សិស្សប្រហែលជាបានចូលរួមក្នុងព្រះវិហារបរិសុទ្ធដើម្បីចូលរួមក្នុងពិធីបរិសុទ្ធសម្រាប់សមាជិកគ្រួសារដែលបានស្លាប់ ។ សូមពិចារណាអញ្ជើញពួកគេឲ្យចែកចាយអារម្មណ៍របស់ពួកគេអំពីបទពិសោធន៍នេះ ។
មានអារម្មណ៍ថា ការទុកចិត្តលើព្រះអម្ចាស់បានកើនឡើងនៅអំឡុងពេលជួបនឹងការសាកល្បងទាំងឡាយ
អ្នកប្រហែលជាបានប្រើថ្មគគ្រើម និងរលោងធ្វើជាវត្ថុមួយសម្រាប់បង្រៀន គោលលទ្ធិ និងសេចក្តីសញ្ញា ១២២ បើដូច្នេះ សូមពិចារណាបង្ហាញវាម្ដងទៀត ។ ថ្មទាំងនេះអាចរំឭកសិស្សអំពីអ្វីដែលពួកគេបានរៀន និងអនុញ្ញាតឲ្យសិស្សពិភាក្សាពីអារម្មណ៍របស់ពួកគេអំពីគោលបំណងនៃការសាកល្បង និងការទុកចិត្តលើព្រះនៅពេលយើងឆ្លងកាត់បទពិសោធន៍ទាំងនោះ ។ ប្រសិនបើអ្នកគិតថាវានឹងមានអត្ថប្រយោជន៍ សូមពិចារណារំឭកសិស្សអំពីមេរៀនមួយចំនួនពីប្រធានបទនេះ ។ សិស្សប្រហែលជាបានរៀនអំពីការសាកល្បងនានានៅក្នុង គោលលទ្ធិ និងសេចក្ដីសញ្ញា ៩៨, ១០១, ១០៥, ១១១, ១២១–១២៣ និងកណ្ឌផ្សេងៗទៀត ។ សិស្សក៏អាចចងចាំមេរៀនដ៏មានតម្លៃអំពីការទុកចិត្តលើព្រះចេញពីមេរៀនអំពីការដេញពួកបរិសុទ្ធចេញពីរដ្ឋមិសសួរីផងដែរ ។
អ្នកអាចអញ្ជើញសិស្សឲ្យពិនិត្យមើលខគម្ពីរដែលមានអត្ថប្រយោជន៍ណាមួយ ហើយពិភាក្សាអំពីអ្វីដែលពួកគេបានរៀន ។
-
តើអ្វីដែលអ្នកបានរៀន បានជួយអ្នកឲ្យមានអារម្មណ៍ខុសប្លែកអំពីការសាកល្បងរបស់អ្នកយ៉ាងដូចម្ដេច ?
-
តើអ្នកបានរៀនអ្វីខ្លះអំពីព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទនៅពេលអ្នកបានឆ្លងកាត់គ្រាលំបាកទាំងនោះ ?
សូមអញ្ជើញសិស្សឲ្យសរសេរនៅក្នុងសៀវភៅកំណត់ហេតុរបស់ពួកគេអំពីអារម្មណ៍របស់ពួកគេពីរបៀបដែលព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទបានគាំទ្រពួកគេនៅពេលពួកគេជួបការសាកល្បងនានា ។ សូមឲ្យពួកគេពិចារណាអំពីរបៀបដែលសេចក្តីជំនឿរបស់ពួកគេទៅលើព្រះយេស៊ូវគ្រីស្ទ បានទទួលឥទ្ធិពលដោយសារអ្វីដែលពួកគេបានរៀន និងដកពិសោធន៍ ។ អ្នកអាចសួរសិស្សដែលមានទំនុកចិត្តឲ្យចែកចាយអ្វីដែលពួកគេបានសរសេរ ។ សូមផ្តល់ឱកាសឲ្យពួកគេថ្លែងទីបន្ទាល់អំពីជំនួយដ៏ទេវភាពដែលពួកគេបានទទួល ។