« មេរៀនទី ១៤៣—គោលលទ្ធិ និងសេចក្ដីសញ្ញា ១៣៣:១–៤១ ៖ ការរៀបចំខ្លួនដើម្បីជួបព្រះអង្គសង្រ្គោះ » សៀវភៅសិក្សាព្រះគម្ពីរគោលលទ្ធិ និងសេចក្ដ សញ្ញាសម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា ( ឆ្នាំ ២០២៥ )
« គោលលទ្ធិ និងសេចក្ដីសញ្ញា ១៣៣:១–៤០ » សៀវភៅសិក្សាព្រះគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញា សម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា
មេរៀនទី ១៤៣ ៖ គោលលទ្ធិ និងសេចក្តីសញ្ញា ១៣៣–១៣៤
គោលលទ្ធិ និងសេចក្តីសញ្ញា ១៣៣:១–៤០
ការរៀបចំខ្លួនដើម្បីជួបព្រះអង្គសង្រ្គោះ
នៅខែ វិច្ឆិកា ឆ្នាំ ១៨៣១ ថ្នាក់ដឹកនាំសាសនាចក្រមានបំណងចង់ដឹងបន្ថែមទៀតអំពីការផ្សព្វផ្សាយដំណឹងល្អ និងការប្រមូលសាសន៍អ៊ីស្រាអែល ។ វិវរណៈនៅក្នុង គោលលទ្ធិ និងសេចក្ដីសញ្ញា ១៣៣ សូមពិពណ៌នាអំពីព្រឹត្តិការណ៍ដែលនឹងកើតឡើងមុនពេលការយាងមកជាលើកទីពីររបស់ព្រះអង្គសង្គ្រោះ និងរបៀបដែលពួកបរិសុទ្ធរបស់ទ្រង់អាចរៀបចំខ្លួនសម្រាប់ព្រឹត្តិការណ៍ទាំងនោះ ។ មេរៀននេះអាចជួយសិស្សឲ្យរៀបចំខ្លួនសម្រាប់ការយាងមកជាលើកទីពីររបស់ព្រះយេស៊ូវគ្រីស្ទ ។
រូបភាពដែលបង្កើតឡើងដោយ AI
សកម្មភាពរៀនសូត្រដែលអាចមាន
ពេលវេលាដើម្បីរៀបចំខ្លួន
សូមឲ្យសិស្សសូត្រឃ្លាគន្លឹះមកពីវគ្គបទគម្ពីរចំណោះចំណានខាងគោលលទ្ធិ គោលលទ្ធិ និងសេចក្តីសញ្ញា ២៩:១០–១១ ចេញពីចិត្ត ( ដោយមិនប្រើព្រះគម្ពីររបស់ពួកគេ ឬមិនមានពេលសម្រាប់រៀបចំឡើយ ) ។ អ្នកអាចហៅសកម្មភាពនេះថា ជាការប្រឡងដ៏ភ្ញាក់ផ្អើលមួយ ។ បន្ទាប់មកសូមសួរសិស្សនូវសំណួរដូចខាងក្រោមនេះ ៖
-
តើលទ្ធផលនឹងមានភាពខុសគ្នាយ៉ាងដូចម្ដេចប្រសិនបើអ្នកបានដឹងអំពីថ្ងៃប្រឡងនេះ ឬសូម្បីតែបានដឹងប៉ុន្មានសប្តាហ៍មុននោះ ?
អ្នកអាចឲ្យពេលទៅសិស្ស ២ ទៅ ៣ នាទីដើម្បីរៀបចំខ្លួនធ្វើការប្រឡងឡើងវិញ ។ បន្ទាប់មកមើលពីរបៀបដែលសមត្ថភាពសូត្រឃ្លានេះរបស់ពួកគេរីកចម្រើនឡើង ។
សូមអញ្ជើញសិស្សឲ្យប្រៀបធៀបសកម្មភាពនេះទៅនឹងរបៀបដែលបទពិសោធន៍របស់យើងនឹងផ្លាស់ប្ដូរ ប្រសិនបើយើងខិតខំរៀបចំខ្លួនសម្រាប់ការយាងមកជាលើកទីពីររបស់ព្រះអង្គសង្គ្រោះ ។ សូមអញ្ជើញសិស្សឲ្យជញ្ជឹងគិត ឬកត់ត្រាចម្លើយរបស់ពួកគេទៅនឹងសំណួរដូចខាងក្រោមនេះ ។
-
តើអ្នកមានអារម្មណ៍យ៉ាងណាចំពោះការជួបព្រះអង្គសង្គ្រោះនៅពេលទ្រង់យាងមកម្ដងទៀត ?
-
តើអ្នកមានអារម្មណ៍ថាបានរៀបចំខ្លួនសម្រាប់ការយាងមករបស់ទ្រង់បានប៉ុនណា ? ( តើអ្វីដែលធ្វើឲ្យអ្នករំភើបជាងគេ ? តើអ្នកព្រួយបារម្ភអំពីអ្វីខ្លះនាថ្ងៃនោះ ? )
នៅពេលសិស្សសិក្សានៅថ្ងៃនេះ សូមលើកទឹកចិត្តពួកគេឲ្យស្វែងរកការបំផុសគំនិតខាងវិញ្ញាណអំពីរបៀបរៀបចំខ្លួនសម្រាប់ការយាងត្រឡប់មកវិញរបស់ព្រះអង្គសង្រ្គោះ ។
បរិបទខាងក្រោមនេះអាចជួយសិស្សឲ្យយល់កាន់តែច្បាស់អំពី គោលលទ្ធិ និងសេចក្តីសញ្ញា ១៣៣ ។ អ្នក ឬសិស្សស្ម័គ្រចិត្តម្នាក់អាចអាន ឬសង្ខេបកថាខណ្ឌនេះ ។
នៅខែ វិច្ឆិកា ឆ្នាំ ១៨៣១ ថ្នាក់ដឹកនាំសាសនាចក្រជាច្រើនចង់ដឹងបន្ថែមទៀតអំពីការផ្សព្វផ្សាយដំណឹងល្អ និងការប្រមូលសាសន៍អ៊ីស្រាអែល ។ ព្រះយេស៊ូវគ្រីស្ទបានប្រទានវិវរណៈនេះដើម្បីឆ្លើយតបទៅនឹងបំណងប្រាថ្នាដ៏ស្មោះទាំងនេះ ។ ឥឡូវ គោលលទ្ធិ និងសេចក្តីសញ្ញា ១៣៣ វិវរណៈនេះត្រូវបានបោះពុម្ពដំបូងជាឧបសម្ព័ន្ធទៅនឹងព្រះគម្ពីរនៃព្រះបញ្ញត្តិ ។ វិវរណៈនេះបានទទួលពីរថ្ងៃបន្ទាប់ពី កណ្ឌទី ១ ដែលពីដើមឡើយត្រូវបានស្គាល់ថាជា « អារម្ភកថារបស់ព្រះអម្ចាស់ចំពោះគោលលទ្ធិ » ។
សូមអាន គោលលទ្ធិ និងសេចក្ដីសញ្ញា ១៣៣:១–៤, ១០–១១ ដោយស្វែងរកអ្វីដែលព្រះអង្គសង្គ្រោះបានលាតត្រដាងអំពីការយាងត្រឡប់ទៅផែនដីវិញរបស់ទ្រង់ ។
-
តើអ្នកបានរកឃើញអ្វីខ្លះ ?
-
តើអ្នករៀនអ្វីខ្លះចេញពី ខទី ៤ អំពីបំណងប្រាថ្នារបស់ព្រះអង្គសង្រ្គោះសម្រាប់យើង ?
នៅពេលសិស្សចែកចាយ អ្នកអាចសរសេរសេចក្ដីពិតដូចខាងក្រោមនេះនៅលើក្តាខៀន ៖ ព្រះយេស៊ូវគ្រីស្ទអញ្ជើញយើងឲ្យរៀបចំខ្លួនសម្រាប់ការយាងមកជាលើកទីពីររបស់ទ្រង់ ។
-
តើអ្នកគិតថា មានរបៀបសំខាន់ៗអ្វីខ្លះដើម្បីរៀបចំខ្លួនសម្រាប់ការយាងមកជាលើកទីពីររបស់ព្រះអង្គសង្គ្រោះ ?
ការរៀបចំខ្លួនសម្រាប់ការយាងមកជាលើកទីពីរ
ដើម្បីជួយសិស្សឲ្យស្វែងយល់អំពីវិធីដែលពួកគេអាចរៀបចំខ្លួនសម្រាប់ការយាងមកជាលើកទីពីរ នោះអ្នកអាចបន្ថែម « ដោយ … » នៅចុងបញ្ចប់នៃសេចក្ដីពិតដែលដិតច្បាស់នៅលើក្ដារខៀន ។ សូមអញ្ជើញសិស្សឲ្យសិក្សាអំពីខគម្ពីរខាងក្រោមនេះក្នុងក្រុមតូចៗ ។ បន្ទាប់មកសូមឲ្យពួកគេសរសេរតាមរបៀបដែលព្រះអង្គសង្គ្រោះអញ្ជើញយើងឲ្យរៀបចំខ្លួនសម្រាប់ការយាងមកជាលើកទីពីររបស់ទ្រង់នៅលើក្តាខៀន ។
សូមអាន គោលលទ្ធិ និងសេចក្តីសញ្ញា ១៣៣:៥–១៦, ៣៦–៤០, ៦២ ដោយស្វែងរកពាក្យ និងឃ្លាដែលនឹងជួយយើងឲ្យរៀបចំខ្លួនសម្រាប់ការយាងត្រឡប់មកវិញរបស់ព្រះអង្គសង្រ្គោះ។
សកម្មភាពខាងក្រោមនេះអាចជួយសិស្សឲ្យចែកចាយគំនិតអំពីរបៀបដែលយើងអាចរៀបចំខ្លួនសម្រាប់ការយាងមកជាលើកទីពីររបស់ព្រះអង្គសង្គ្រោះបាន ។ សូមអញ្ជើញក្រុមឲ្យជ្រើសរើសគំនិតរៀបចំមួយនៅលើក្ដារខៀន ឬឲ្យប្រធានបទមួយដល់ក្រុមនីមួយៗ ។ សិស្សអាចរៀបចំបទបង្ហាញមួយដើម្បីបង្រៀនអ្នកដទៃអំពីរបៀបរៀបចំខ្លួនសម្រាប់ការយាងមកជាលើកទីពីរ ។ សូមពិចារណាផ្ដល់ប័ណ្ណប្រកាស ឬក្រដាសជាច្រើន និងហ្វឺតពណ៌ដើម្បីជួយសិស្សបង្កើតបទបង្ហាញរបស់ពួកគេ ។ សូមលើកទឹកចិត្តពួកគេឲ្យប្រើកម្មវិធីបណ្ណាល័យដំណឹងល្អ សេចក្ដីណែនាំដល់បទគម្ពីរទាំងឡាយ និងធនធានផ្សេងៗដើម្បីជួយពួកគេរៀបចំ ។ បទបង្ហាញនីមួយៗអាចរួមបញ្ចូលចំណុចទាំងនេះ ៖
-
សេចក្ដីថ្លែងការណ៍នៃសេចក្ដីពិតដែលក្រុមបានជ្រើសរើស ឬត្រូវបានផ្ដល់ឲ្យ
-
គំនិតជាក់លាក់អំពីរបៀបដែលក្មេងជំទង់អាចអនុវត្តនូវអ្វីដែលពួកគេបានរៀន ដើម្បីរៀបចំខ្លួនឲ្យបានល្អប្រសើរដើម្បីជួបនឹងព្រះអង្គសង្គ្រោះ
-
ព្រះគម្ពីរដែលទាក់ទង សេចក្តីថ្លែងការណ៍របស់ថ្នាក់ដឹកនាំសាសនាចក្រ ឬវគ្គបទគម្ពីរមកពី ដើម្បីកម្លាំងនៃយុវជន ៖ សេចក្តីណែនាំដើម្បីធ្វើការជ្រើសរើស នៅលើប្រធានបទ
-
គំនូរ ប័ណ្ណប្រកាស រូប meme ឬតំណាងដែលអាចមើលឃើញផ្សេងទៀតដែលអាចជួយនរណាម្នាក់ឲ្យយល់អំពីរបៀបរៀបចំខ្លួនសម្រាប់ការយាងមកជាលើកទីពីរ
ប្រសិនបើសិស្សត្រូវការការណែនាំបន្ថែម នោះអ្នកអាចផ្ដល់ឲ្យក្រុមនូវផ្នែកមួយនៃការចែកចាយដូចខាងក្រោមដែលត្រូវគ្នាទៅនឹងប្រធានបទរបស់ពួកគេ ។
ព្រះយេស៊ូវគ្រីស្ទអញ្ជើញយើងឲ្យរៀបចំខ្លួនសម្រាប់ការយាងមកជាលើកទីពីររបស់ទ្រង់ដោយ …
… ការចាកចេញពីបាប៊ីឡូន ( សេចក្តីទុច្ចរិត ) ( សូមមើល គោលលទ្ធិ និងសេចក្តីសញ្ញា ១៣៣:៤–៥, ៧, ១២–១៤ ) ។
ប្រធាន ឌៀថើរ អេហ្វ អុជដូហ្វ ដែលកាលនោះនៅក្នុងគណៈប្រធានទីមួយបានបង្រៀន ៖
ទីក្រុងបាប៊ីឡូនពីបុរាណត្រូវបានវិនាសហើយ ។ ភាពរុងរឿងរបស់វាបានរលត់បាត់ហើយ ។ ប៉ុន្តែភាពខាងលោកិយ និងសេចក្ដីទុច្ចរិតរបស់វាបន្ដនៅមាន ។ ឥឡូវជាការទទួលខុសត្រូវរបស់យើងដើម្បីរស់នៅជាអ្នកជឿក្នុងពិភពលោកឥតជំនឿ ។ … យើងនឹងត្រូវនៅស្ងប់ស្ងៀមក្រោមសម្ពាធពីមិត្តភក្ដិ ពុំចាំបាច់ត្រូវមានការសរសើរពីទំនោរប្រជាប្រិយភាព ឬព្យាការីក្លែងក្លាយទេ កុំខ្វល់នឹងការរិះគន់ពីពួកមនុស្សអាក្រក់ ទប់ទល់នឹងការល្បួងនៃមេអាក្រក់ ហើយយកឈ្នះលើភាពខ្ជិលច្រអូសផ្ទាល់ខ្លួនរបស់យើង ។ ( ឌៀថើរ អេហ្វ អុជដូហ្វ « Be Not Afraid, Only Believe » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៥ ទំព័រ ៧៧–៧៨ )
… ប្រមូលសាសន៍អ៊ីស្រាអែល ( សូមមើល គោលលទ្ធិ និងសេចក្តីសញ្ញា ១៣៣:៤, ៧–៩, ៣៧–៣៨ ) ។
ប្រធាន រ័សុល អិម ណិលសុន បានរំឭកយើងថា ៖
រាល់ពេល ដែលប្អូនៗធ្វើ អ្វីមួយ ដើម្បីជួយ នរណាម្នាក់—ទាំងសង្ខាងនៃវាំងនន—ឲ្យបោះជំហានទៅធ្វើសេចក្ដីសញ្ញាជាមួយនឹងព្រះ ហើយទទួលពិធីបរិសុទ្ធនៃពិធីបុណ្យជ្រមុជទឹក និងពិធីបរិសុទ្ធក្នុងព្រះវិហារបរិសុទ្ធដ៏សំខាន់របស់ពួកគេ នោះអ្នកកំពុងជួយប្រមូលសាសន៍អ៊ីស្រាអែលហើយ ។ វាជាការណ៍ដ៏សាមញ្ញណាស់ ។ ( រ័សុល អិម ណិលសុន នៅក្នុង « សង្ឃឹមអ៊ីស្រាអែល » [ ការប្រជុំធម្មនិដ្ឋានទូទាំងពិភពលោកសម្រាប់យុវវ័យថ្ងៃទី ៣ ខែ មិថុនា ឆ្នាំ ២០១៨ ] នៅលើគេហទំព័រ broadcasts.ChurchofJesusChrist.org )
… ការប្រែចិត្ត និងការត្រូវបានញែកចេញជាបរិសុទ្ធតាមរយៈព្រះយេស៊ូវគ្រីស្ទ ( សូមមើល គោលលទ្ធិ និងសេចក្តីសញ្ញា ១៣៣:៥, ១៦, ៣៤–៣៥, ៦២ ) ។
ស៊ីស្ទើរ ខារ៉ុល អេហ្វ ម៉ាកខន់ឃី អតីតទីប្រឹក្សាក្នុងគណៈប្រធានយុវនារីទូទៅបានបង្រៀន ៖
ដោយការមានសេចក្ដីជំនឿលើព្រះយេស៊ូវគ្រីស្ទ និងនៅលើដង្វាយធួនរបស់ទ្រង់ នោះយើងអាចបានស្អាតស្អំ គ្មានស្នាមប្រឡាក់ខណៈដែលយើងមិនបណ្ដោយខ្លួនទៅក្នុងសេចក្ដីអាក្រក់ ហើយប្រែចិត្តដោយស្មោះ ។ យើងបានទទួលពិធីបុណ្យជ្រមុជទឹកសម្រាប់ការផ្ដាច់បាប ។ ព្រលឹងយើងត្រូវបានធ្វើឲ្យបរិសុទ្ធនៅពេលយើងទទួលព្រះវិញ្ញាណបរិសុទ្ធដោយស្មោះសរ ។ រាល់សប្ដាហ៍យើងទទួលពិធីបរិសុទ្ធនៃពិធីសាក្រាម៉ង់ ។ ពេលយើងមានស្មារតីប្រែចិត្តដោយមានបំណងដ៏ស្មោះដើម្បីមានភាពសុចរិត នោះយើងចុះសេចក្ដីសញ្ញាថាយើងនឹងមានឆន្ទៈលើកដាក់ព្រះនាមនៃព្រះគ្រីស្ទមកលើខ្លួនយើង ចងចាំទ្រង់ ហើយគោរពតាមព្រះបញ្ញត្តិទាំងឡាយដើម្បីយើងអាចមានព្រះវិញ្ញាណរបស់ទ្រង់គង់ជាមួយយើងជានិច្ច ។ ( ខារ៉ុល អេហ្វ ម៉ាកខន់ឃី « The Beauty of Holiness » Liahona ខែ ឧសភា ឆ្នាំ ២០១៧ ទំព័រ ១០ )
សូមអញ្ជើញក្រុមនីមួយៗឲ្យចែកចាយបទបង្ហាញរបស់ពួកគេជាមួយអ្នកដទៃ ។ សូមប្រាកដថា ក្នុងផ្នែកមួយនៃបទបង្ហាញរបស់ពួកគេ សិស្សចែកចាយគំនិតរបស់ពួកគេអំពីរបៀបដែលក្មេងជំទង់អាចអនុវត្តនូវអ្វីដែលពួកគេបានរៀន ។
ការអនុវត្តអ្វីដែលអ្នកបានរៀន
ប្រធាន ដាល្លិន អេក អូក ក្នុងគណៈប្រធានទីមួយបានអញ្ជើញយើងឲ្យពិចារណាអំពីអ្វីដែលយើងនឹងធ្វើនៅថ្ងៃនេះ ប្រសិនបើយើងដឹងពីពេលវេលាពិតប្រាកដនៃការយាងមកជាលើកទីពីរ ។
ចុះបើថ្ងៃនៃការយាងមករបស់ទ្រង់គឺជាថ្ងៃស្អែកវិញនោះ ? ប្រសិនបើយើងបានដឹងថា យើងនឹងត្រូវជួបព្រះអម្ចាស់នៅថ្ងៃស្អែក—តាមរយៈការស្លាប់មុនអាយុ ឬតាមរយៈការយាងមកដែលមិនបានរំពឹងជាមុនរបស់ទ្រង់—តើយើងនឹងធ្វើអ្វីខ្លះនៅថ្ងៃនេះ ? តើយើងត្រូវសារភាពអ្វីខ្លះ ? តើយើងនឹងបញ្ឈប់ការអនុវត្តអ្វីខ្លះ ? តើយើងនឹងយកដំណើររឿងណាមួយមកដោះស្រាយ ? តើយើងត្រូវផ្ដល់ការអភ័យទោសអ្វីខ្លះ ? តើយើងនឹងថ្លែងទីបន្ទាល់អ្វីខ្លះ ?
ចុះបើយើងនឹងត្រូវធ្វើការណ៍ទាំងនោះនៅពេលនោះ តើហេតុអ្វីយើងមិនធ្វើឥឡូវនេះទៅ ? តើហេតុអ្វីបានជាយើងមិនស្វែងរកសេចក្ដីសុខសាន្ដនៅខណៈពេលដែលសេចក្ដីសុខសាន្ដអាចទទួលបាននោះ ? ( ដាល្លិន អេក អូក « Preparation for the Second Coming » Liahona ខែ ឧសភា ឆ្នាំ ២០០៤ ទំព័រ ៩ )
ចេញមកពីការអញ្ជើញរបស់ប្រធាន អូក និងអ្វីដែលអ្នកបានសិក្សានៅថ្ងៃនេះ សូមសរសេរនៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នកនូវអ្វីដែលអ្នកមានអារម្មណ៍ថា បានជំរុញឲ្យរៀបចំខ្លួនដើម្បីជួបព្រះអង្គសង្គ្រោះកាន់តែប្រសើរឡើង ។ បន្ទាប់មកសូមឆ្លើយសំណួរខាងក្រោមនេះ ៖
-
តើមានឧបសគ្គអ្វីខ្លះដែលអាចកើតឡើងចំពោះអ្វីដែលព្រះវិញ្ញាណបានជំរុញឲ្យអ្នកធ្វើ ?
-
តើសកម្មភាពអ្វីខ្លះអាចជួយអ្នកដោះស្រាយឧបសគ្គដែលអ្នកប្រឈមមុខ ? តើអ្នកអាចពឹងផ្អែកលើព្រះអង្គសង្គ្រោះដោយរបៀបណា ?
-
តើអ្នកមានអារម្មណ៍យ៉ាងណានៅថ្ងៃនេះអំពីអត្ថប្រយោជន៍នៃការរៀបចំខ្លួននៅពេលនេះសម្រាប់ការយាងមកជាលើកទីពីររបស់ព្រះអង្គសង្គ្រោះ ?
ប្រសិនបើសមរម្យ សិស្សអាចចែកចាយនូវអ្វីដែលព្រះវិញ្ញាណបានជំរុញឲ្យពួកគេធ្វើ ដើម្បីរៀបចំខ្លួនសម្រាប់កាយាងត្រឡប់មកវិញរបស់ព្រះអង្គសង្គ្រោះ ។ អ្នកអាចបញ្ចប់មេរៀននេះដោយរំឭកសិស្សថា ព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទប្រាថ្នាឲ្យយើងរៀបចំខ្លួនសម្រាប់ការយាងមកជាលើកទីពីរ ហើយមើលឃើញវាថាជាថ្ងៃដ៏រីករាយមួយ ។