« មេរៀនទី ១៤៤—គោលលទ្ធិ និងសេចក្តីសញ្ញា ១៣៣:៤១–៥៦ ៖ ‹ តើអ្នកណាហ្ន៎ ដែលចុះមកពីព្រះ ? › » សៀវភៅសិក្សាព្រះគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញា សម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា ( ឆ្នាំ ២០២៥ )
« គោលលទ្ធិ និងសេចក្ដីសញ្ញា ១៣៣:៤១–៥៦ » សៀវភៅសិក្សាព្រះគម្ពីរគោលលទ្ធិ និងសេចក្ដី សញ្ញាសម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា
មេរៀនទី ១៤៤ ៖ គោលលទ្ធិ និងសេចក្តីសញ្ញា ១៣៣–១៣៤
គោលលទ្ធិ និងសេចក្ដីសញ្ញា ១៣៣:៤១–៥៦
« តើអ្នកណាហ្ន៎ ដែលចុះមកពីព្រះ ? »
នៅពេលដែលព្រះយេស៊ូវគ្រីស្ទ យាងត្រឡប់មកវិញ ពួកអ្នកស្មោះត្រង់បានរៀបចំខ្លួនសម្រាប់ទ្រង់ ( សូមមើល គោលលទ្ធិ និងសេចក្ដីសញ្ញា ១៣៣:៥៦ ) ។ ការបង្រៀនរបស់ព្រះអង្គសង្រ្គោះនៅក្នុង គោលលទ្ធិ និងសេចក្ដីសញ្ញា ១៣៣ អាចជួយយើងឲ្យរៀនបន្ថែមទៀតអំពីទ្រង់ ហើយរៀបចំខ្លួនសម្រាប់ការយាងមកលើកទីពីររបស់ទ្រង់ ។ មេរៀននេះអាចជួយឲ្យសិស្សយល់កាន់តែច្បាស់អំពីគុណលក្ខណៈ និងចរិកលក្ខណៈរបស់ព្រះយេស៊ូវគ្រីស្ទ ។
សកម្មភាពរៀនសូត្រដែលអាចមាន
ការយាងមកជាលើកទីពីររបស់ព្រះអង្គសង្គ្រោះ
សូមពិចារណាបង្ហាញរូបភាពមួយដែលពិពណ៌នាអំពីការយាងមកលើកទីពីររបស់ព្រះយេស៊ូវគ្រីស្ទ ។ សិស្សក៏អាចពិពណ៌នា ឬប្រសិនបើអាចបង្ហាញរូបភាពនៃការយាងមកលើកទីពីររបស់ទ្រង់បានផងដែរ ។
សូមជញ្ជឹងគិតសេចក្តីថ្លែងការណ៍ខាងក្រោមដោយ អែលឌើរ នែល អិល អាន់ឌើរសិន ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ ខណៈកំពុងស្រមៃមើលថាតើការយាងមកជាលើកទីពីររបស់ព្រះអង្គសង្គ្រោះនឹងមានសភាពបែបណា ។
សេចក្តីជំនឿរបស់យើងរីកចម្រើននៅពេលយើងរំពឹងចាំថ្ងៃដ៏រុងរឿងនៃការវិលត្រឡប់មកផែនដីវិញរបស់ព្រះអង្គសង្គ្រោះ ។ គំនិតអំពីការយាងមករបស់ទ្រង់ធ្វើឲ្យព្រលឹងខ្ញុំរំភើបណាស់ ។ វានឹងក្លាយជាការណ៍អស្ចារ្យណាស់ ! ព្រំដែន និងភាពធំសម្បើម ភាពធំធេង និងសិរីរុងរឿងនេះនឹងមានលើសពីភ្នែកនៃជីវិតរមែងស្លាប់ដែលធ្លាប់បានឃើញ ឬបានជួបប្រទះ ។ ( នែល អិល អាន់ឌើរសិន « Thy Kingdom Come » Liahona ខែ ឧសភា ឆ្នាំ ២០១៥ ទំព័រ ១២២ )
-
តើពាក្យ ឬឃ្លាអ្វីដែលអ្នកចាប់អារម្មណ៍ ? តើអ្នកអាចប្រើពាក្យបន្ថែមអ្វីខ្លះដើម្បីពិពណ៌នាអំពីការយាងមកជាលើកទីពីរ ?
សូមពន្យល់សិស្សថា ក្រោយពីព្រះយេស៊ូវគ្រីស្ទបានអញ្ជើញយើងឲ្យរៀបចំខ្លួនសម្រាប់ការយាងមកលើកទីពីររបស់ទ្រង់ ( សូមមើល គោលលទ្ធិ និងសេចក្ដីសញ្ញា ១៣៣:១០ ) ទ្រង់បានបើកសម្តែងបន្ថែមទៀតអំពីបុគ្គលិកលក្ខណៈ និងគុណលក្ខណៈរបស់ទ្រង់ ។ ទ្រង់បានចែកចាយរឿងនានាដែលនឹងត្រូវបើកសម្តែងនៅពេលទ្រង់យាងមក ហើយក្នុងអំឡុងពេលព្រឹត្តិការណ៍ដែលនាំទៅដល់ការយាងមកនោះ ។
បន្ទាប់មកអ្នកអាចបង្ហាញសំណួរដូចខាងក្រោមនេះម្ដងមួយៗ ហើយអញ្ជើញសិស្សឲ្យពិចារណាដោយស្ងៀមស្ងាត់នូវចម្លើយរបស់ពួកគេ ។
-
នៅពេលខ្ញុំគិតអំពីការយាងមកលើកទីពីររបស់ព្រះអង្គសង្គ្រោះ តើជាធម្មតាខ្ញុំផ្តោតខ្លាំងទៅលើ ព្រឹត្តិការណ៍ ដែលនឹងកើតឡើង ឬទៅលើ បុគ្គល ដែលកំពុងត្រឡប់មកកាន់ផែនដីវិញ ?
-
តើវាអាចធ្វើឲ្យមានភាពខុសគ្នាយ៉ាងណា ប្រសិនបើខ្ញុំផ្តោតខ្លាំងទៅលើព្រះយេស៊ូវគ្រីស្ទ ជាងព្រឹត្តិការណ៍ជុំវិញការត្រឡប់មកវិញរបស់ទ្រង់នោះ ?
សូមអញ្ជើញសិស្សឲ្យស្វែងរកការណែនាំមកពីព្រះវិញ្ញាណបរិសុទ្ធ ដើម្បីរៀនបន្ថែមទៀតអំពីព្រះយេស៊ូវគ្រីស្ទ និងការយាងមកលើកទីពីររបស់ទ្រង់នៅពេលពួកគេសិក្សានៅថ្ងៃនេះ ។
ដើម្បីជួយសិស្សឲ្យរៀនបន្ថែមទៀតអំពី អ្វី ដែលនឹងកើតឡើងនៅការយាងមកជាលើកទីពីរ និងអំពី នរណា ដែលនឹងត្រឡប់មកវិញ សូមពិចារណាអញ្ជើញពួកគេឲ្យចម្លងតារាងខាងក្រោមនេះចូលទៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់ពួកគេ ។ សិស្សអាចធ្វើការជាដៃគូ ដោយដៃគូនីមួយៗបំពេញជួរឈរផ្សេងគ្នា ។ បន្ទាប់ពីមានពេលគ្រប់គ្រាន់ ដៃគូទាំងឡាយអាចចែកចាយគ្នាទៅវិញទៅមកនូវអ្វីដែលពួកគេបានរកឃើញ និងបំពេញជួរឈរផ្សេងទៀត ។
សូមអាន គោលលទ្ធិ និងសេចក្ដីសញ្ញា ១៣៣:៤២–៥៣ ហើយកត់ត្រាទុកនៅក្នុងជួរឈរដែលត្រឹមត្រូវនូវអ្វីដែលអ្នករកឃើញ ។
|
តើនឹងមានអ្វីកើតឡើងនៅពេលការយាងមកលើកទីពីរ ? |
អ្វីដែលខ្ញុំបានរៀនអំពីព្រះយេស៊ូវគ្រីស្ទ |
|---|---|
ប្រសិនបើសិស្សមានសំណួរអំពីឃ្លា « ការគួរស្ញែងខ្លាច » នៅក្នុង ខទី ៤៣ សូមពន្យល់ថា ការគួរស្ញែងខ្លាច អាចមានន័យថា ដែលអាក្រក់ ឬដែលធ្ងន់ធ្ងរ ។ ប្រសិនបើសិស្សមានសំណួរអំពីសម្លៀកបំពាក់របស់ព្រះអង្គសង្គ្រោះនៅក្នុង ខទី ៤៦–៤៨ សូមពិចារណាចែកចាយនូវអ្វីដែលប្រធាន រ័សុល អិម ណិលសុន បានបង្រៀន ៖ នៅពេលការយាងមកជាលើកទីពីរ ព្រះយេស៊ូវនឹងគ្រង « ព្រះពស្ត្រ ពណ៌ក្រហមដើម្បីតំណាងឲ្យព្រះលោហិតទ្រង់ ដែលបានហូរចេញពីគ្រប់រន្ធញើស » ( « The Future of the Church: Preparing the World for the Savior’s Second Coming » Ensign ខែ មេសា ឆ្នាំ ២០២០ ទំព័រ ១០ ) ។
គុណលក្ខណៈរបស់ព្រះអង្គសង្គ្រោះ
បន្ទាប់ពីសិស្សចែកចាយជាមួយដៃគូរបស់ពួកគេនូវអ្វីដែលពួកគេបានបញ្ចូលក្នុងតារាងរបស់ពួកគេហើយ សូមពិចារណាសរសេរ « ព្រះយេស៊ូវគ្រីស្ទ … » នៅលើក្ដារខៀន ។ សូមសួរសំណួរខាងក្រោមនេះ ហើយអញ្ជើញសិស្សឡើងមកកាន់ក្ដារខៀន និងបំពេញឃ្លាជាមួយចម្លើយរបស់ពួកគេ ។
ផ្ដោតលើព្រះយេស៊ូវគ្រីស្ទ នៅពេលអ្នកបង្រៀនបទគម្ពីរ ៖ ដើម្បីរៀនបន្ថែមអំពីការផ្តោតលើព្រះយេស៊ូវគ្រីស្ទ សូមមើលការបំពាក់បំប៉នដែលមានចំណងជើងថា « បង្រៀនអំពីព្រះបរមងារ តួនាទី និងគុណលក្ខណៈរបស់ព្រះយេស៊ូវគ្រីស្ទ » ដែលមាននៅក្នុង ជំនាញការអភិវឌ្ឍគ្រូបង្រៀន ៖ ផ្តោតលើព្រះយេស៊ូវគ្រីស្ទ ។ សូមពិចារណាអំពីការអនុវត្តជំនាញ « បង្កើតសំណួរស្រាវជ្រាវ ដើម្បីជួយសិស្សឲ្យស្វែងរកតួនាទី ព្រះបរមងារ និមិត្តរូប គុណលក្ខណៈ និងបុគ្គលិកលក្ខណៈរបស់ព្រះយេស៊ូវគ្រីស្ទ » ។
-
តើអ្នកបានរៀនអ្វីខ្លះអំពីព្រះយេស៊ូវគ្រីស្ទដែលមានអត្ថន័យបំផុតសម្រាប់អ្នក ? ហេតុអ្វីបានជាវាសំខាន់ចំពោះអ្នក ?
សិស្សអាចរកឃើញសេចក្តីពិតដូចតទៅនេះ ៖
-
ព្រះយេស៊ូវគ្រីស្ទ …
-
… គឺយុត្តិធម៌ និងមានព្រះចេស្តា ( សូមមើល ខទី ៤៤–៤៥, ៥០–៥១ ) ។
-
… ប្រទានរង្វាន់សម្រាប់អស់អ្នកដែលរង់ចាំទ្រង់ ( សូមមើល ខទី ៤៥ ) ។
-
… ជាអ្នកពូកែនឹងសង្គ្រោះ ( សូមមើល ខទី ៤៧ ) ។
-
… បង្ហាញពីសេចក្ដីសប្បុរស និងសេចក្តីល្អ ( សូមមើល ខទី ៥២ ) ។
-
… យល់ពីសេចក្ដីទុក្ខវេទនារបស់យើង ( សូមមើល ខទី ៥៣ ) ។
-
… ទទួលរងបន្ទុករបស់យើង លើកយើង ហើយប្រោសលោះយើងដោយសារសេចក្តីស្រឡាញ់របស់ទ្រង់ចំពោះយើង ( សូមមើល ខទី ៥៣ ) ។
អ្នកអាចអញ្ជើញសិស្សឲ្យគូសចំណាំនៅក្នុងព្រះគម្ពីររបស់ពួកគេនូវឃ្លាដែលបង្រៀននូវសេចក្ដីពិតទាំងនេះ ។
-
-
តើការយល់ដឹងអំពីគុណលក្ខណៈ និងចរិកលក្ខណៈរបស់ព្រះយេស៊ូវគ្រីស្ទអាចផ្តល់អត្ថប្រយោជន៍ដល់ជីវិតរបស់អ្នកដោយរបៀបណា ?
-
តើការពិពណ៌នាទាំងនេះអំពីព្រះគ្រីស្ទ ជះឥទ្ធិពលលើអារម្មណ៍របស់អ្នកអំពីការយាងមកជាលើកទីពីររបស់ទ្រង់ដោយរបៀបណា ?
ការយល់ដឹងឲ្យកាន់តែស៊ីជម្រៅពីចរិកលក្ខណៈរបស់ព្រះអង្គសង្រ្គោះ
សកម្មភាពខាងក្រោមនេះអាចជួយសិស្សយល់កាន់តែច្បាស់អំពីព្រះអង្គសង្គ្រោះ ។ សូមបង្ហាញជំហានបីខាងក្រោមនេះដើម្បីជួយសិស្សឲ្យយល់អំពីសកម្មភាពនេះ ។
មុនពេលសិស្សចាប់ផ្ដើមសកម្មភាពនោះ អ្នកអាចផ្តល់ឧទាហរណ៍មួយ ដូចជាឧទាហរណ៍ដែលបានពិពណ៌នានៅក្នុងជំហានបីខាងក្រោម ។
-
ជ្រើសរើសគុណលក្ខណៈ ឬចរិកលក្ខណៈអំពីព្រះយេស៊ូវគ្រីស្ទចេញពី គោលលទ្ធិ និងសេចក្ដីសញ្ញា ១៣៣ ដែលអ្នកចង់រៀនបន្ថែមទៀត ។ សរសេរវានៅផ្នែកខាងលើនៃក្រដាសសមួយ ។
-
នៅលើក្រដាសរបស់អ្នក សូមសរសេរសាច់រឿងមួយដែលរៀបរាប់អំពីនរណាម្នាក់ដែលអាចទទួលបានអត្ថប្រយោជន៍មកពីការយល់ដឹងអំពីចរិកលក្ខណៈរបស់ព្រះយេស៊ូវគ្រីស្ទ ។
-
សូមបញ្ចូលបទគម្ពីរ ឬសេចក្ដីថ្លែងការណ៍ដោយអ្នកដឹកនាំសាសនាចក្រដែលធ្វើឲ្យអ្នកយល់ដឹងកាន់តែស៊ីជម្រៅពីចរិកលក្ខណៈនេះនៅលើក្រដាសរបស់អ្នក ។ ( ដើម្បីទទួលបានជំនួយ អ្នកអាចរកមើលគុណលក្ខណៈនៅក្នុង សេចក្ដីណែនាំដល់បទគម្ពីរទាំងឡាយ ឬស្វែងរកវានៅលើកម្មវិធីបណ្ណាល័យដំណឹងល្អ ) ។
ដោយការប្រើគំនិតដូចខាងក្រោមនេះ សូមពិចារណាធ្វើបង្ហាញពីជំហាននីមួយៗនៃសកម្មភាពនេះជាមួយថ្នាក់ទាំងមូល ៖
-
ជំហានទី ១ ៖ សរសេរពាក្យទាំងនោះ យុត្តិធម៌ និង មានព្រះចេស្តា នៅលើក្ដារខៀន ឬគូររង្វង់មូលជុំវិញពាក្យទាំងនោះ ប្រសិនបើពាក្យទាំងនោះត្រូវបានសរសេរក្នុងអំឡុងពេលសកម្មភាពមុន ។
-
ជំហានទី ២ ៖ សូមដាក់បង្ហាញសាច់រឿងដូចតទៅនេះ ។ សូមឲ្យសិស្សចែកចាយអំពីមូលហេតុដែលយុវវ័យមួយចំនួនអាចមានអារម្មណ៍ដូចសាំ ។ សូមសួរថា តើការដឹងថាព្រះយេស៊ូវយុត្តិធម៌ និងមានព្រះចេស្តា អាចផ្ដល់សេចក្តីសង្ឃឹមដល់នរណាម្នាក់ដែលមានអារម្មណ៍បែបនោះដោយរបៀបណា ។
សាំខិតខំអស់ពីសមត្ថភាពដើម្បីធ្វើអ្វីដែលត្រឹមត្រូវ ប៉ុន្តែវាពិបាកណាស់ដោយមានអំពើទុច្ចរិតជាច្រើននៅក្នុងពិភពលោកនេះ ។ គាត់ស្ទើរតែមានអារម្មណ៍ថាអំពើអាក្រក់កំពុងតែយកឈ្នះទៅហើយ ។ គាត់នឿយហត់ពីការបៀតបៀន និងការល្បួងដែលនៅជុំវិញគាត់ ។
ជំហានទី ៣ ៖ សូមសរសេរ នីហ្វៃទី១ ២២:១៥–១៧ នៅលើក្ដារខៀន ។ សូមអញ្ជើញសិស្សឲ្យអានវាដោយស្វែងរកអ្វីដែលនីហ្វៃ បានបង្រៀនអំពីព្រះចេស្តា និងសេចក្តីយុត្តិធម៌របស់ព្រះយេស៊ូវគ្រីស្ទ ។ បន្ទាប់ពីសិស្សបានចែកចាយនូវអ្វីដែលពួកគេបានរកឃើញ សូមសុំឲ្យពួកគេពិភាក្សាអំពីសំណួរខាងក្រោមនេះ ៖
-
តើនីហ្វៃបានបង្រៀនអ្វីខ្លះអំពីព្រះយេស៊ូវគ្រីស្ទ ដែលអាចជួយនរណាម្នាក់ដែលមានអារម្មណ៍ដូចសាំ ?
សូមអញ្ជើញសិស្សឲ្យជ្រើសរើសចរិកលក្ខណៈផ្សេងៗរបស់ព្រះយេស៊ូវគ្រីស្ទ ចេញពី គោលលទ្ធិ និងសេចក្ដីសញ្ញា ១៣៣ ហើយបំពេញជំហានទី ១–៣ នៃសកម្មភាពនេះ ក្នុងក្រុមតូចៗ ( ឬរៀងៗខ្លួនបើពួកគេចង់ធ្វើបែបនេះ ) ។
បន្ទាប់ពីមានពេលវេលាគ្រប់គ្រាន់ដើម្បីបំពេញជំហានបីដំបូងហើយ សូមណែនាំក្រុមឲ្យប្តូរក្រដាសជាមួយក្រុមផ្សេងទៀត ។ បន្ទាប់មកបង្ហាញជំហានទី ៤–៦ ខាងក្រោម ។
-
សូមអានចរិកលក្ខណៈរបស់ព្រះគ្រីស្ទ សាច់រឿង និង បទគម្ពីរ ឬសេចក្ដីថ្លែងការណ៍ណាមួយនៅលើក្រដាសនោះ ។
-
បន្ទាប់ពីបានពិភាក្សាជាមួយក្រុមរបស់អ្នកហើយ សូមសរសេរនៅលើក្រដាសអំពីមូលហេតុដែលអ្នកគិតថា ការយល់ដឹងអំពីចរិកលក្ខណៈរបស់ព្រះយេស៊ូវគ្រីស្ទ អាចជួយបុគ្គលដែលនៅក្នុងសាច់រឿងនោះ ។
-
ស្វែងរក និងដាក់បញ្ចូលបទគម្ពីរ ឬសេចក្ដីថ្លែងការណ៍របស់ថ្នាក់ដឹកនាំសាសនាចក្របន្ថែម ដែលអ្នកមានអារម្មណ៍ថានឹងជួយបុគ្គលម្នាក់នេះបាន ។
-
សូមអញ្ជើញក្រុមទាំងឡាយឲ្យប្រគល់ក្រដាសនោះទៅឲ្យក្រុមដើមវិញ និងអាននូវអ្វីដែលបានបន្ថែមទៅក្នុងក្រដាសរបស់ពួកគេ ។ សូមអញ្ជើញសមាជិកម្នាក់នៃក្រុមនីមួយៗឲ្យចែកចាយជាមួយនឹងថ្នាក់រៀននូវការយល់ដឹងអំពីព្រះយេស៊ូវគ្រីស្ទដែលពួកគេទទួលបានមកពីសកម្មភាពនេះ ។
គុណលក្ខណៈរបស់ព្រះអង្គសង្គ្រោះក្នុងជីវិតរបស់អ្នក
សូមពិចារណាចែកចាយនូវចរិកលក្ខណៈមួយរបស់ព្រះយេស៊ូវគ្រីស្ទ ដែលមានអត្ថន័យចំពោះអ្នក ។
សូមអញ្ជើញសិស្សឲ្យពិចារណាប្រកបដោយការអធិស្ឋានអំពីចរិកលក្ខណៈដែលពួកគេបានសិក្សានៅថ្ងៃនេះ និងដើម្បីឆ្លើយសំណួរដូចខាងក្រោមនៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់ពួកគេ ។
-
តើការយល់ដឹងអំពីចរិកលក្ខណៈរបស់ព្រះគ្រីស្ទ ដែលអ្នកបានសិក្សានៅថ្ងៃនេះអាចពង្រឹងអ្នកក្នុងជីវិតរបស់អ្នកនៅពេលនេះដោយរបៀបណា ?
-
តើអ្នកអាចធ្វើអ្វីខ្លះ ដើម្បីរៀនបន្ថែមទៀតអំពីចរិកលក្ខណៈទាំងនោះ ?
ដើម្បីបញ្ចប់ សិស្សដែលស្ម័គ្រចិត្តពីរបីនាក់អាចចែកចាយអ្វីដែលពួកគេបានសរសេរនូវអារម្មណ៍ផ្សេងទៀតដែលពួកគេមានអំពីព្រះយេស៊ូវគ្រីស្ទបាន ។