គោលលទ្ធិ និង​សេចក្តីសញ្ញា ឆ្នាំ ២០២១
ថ្ងៃ​ទី ២០–២៦ ខែ កញ្ញា ។ គោលលទ្ធិ និង សេចក្ដីសញ្ញា ១០៦–១០៨ ៖ « ដើម្បី​ឲ្យ​ស្ថានសួគ៌​បាន​បើកចំហ »


« ថ្ងៃ​ទី ២០–២៦ ខែ កញ្ញា ។ គោលលទ្ធិ និង សេចក្តី​សញ្ញា ១០៦–១០៨ ៖ ‹ ដើម្បី​ឲ្យ​ស្ថានសួគ៌​បាន​បើកចំហ › » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​សាលា​ថ្ងៃ​អាទិត្យ ៖ គោលលទ្ធិ និង សេចក្តីសញ្ញា ឆ្នាំ ២០២១ ( ឆ្នាំ ២០២០ )

« ថ្ងៃ​ទី ២០–២៦ ខែ កញ្ញា ។ គោលលទ្ធិ និង សេចក្តី​សញ្ញា ១០៦–១០៨ » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​សាលា​ថ្ងៃ​អាទិត្យ ៖ ឆ្នាំ ២០២១

រូបភាព
ព្រះអាទិត្យ​បញ្ចេញ​រស្មី​កាត់​ពពក

ថ្ងៃទី ២០–២៦ ខែ កញ្ញា

គោលលទ្ធិ និង សេចក្តី​សញ្ញា ១០៦–១០៨

« ដើម្បី​ឲ្យ​ស្ថានសួគ៌​បាន​បើកចំហ »

នៅពេល​អ្នក​សិក្សា​គោលលទ្ធិ និង សេចក្តីសញ្ញា ១០៦–១០៨ សូម​ពិចារណា​អំពី​បទពិសោធន៍​ខាង​វិញ្ញាណ ដែល​សមាជិក​ក្នុង​ថ្នាក់​របស់​អ្នក​អាច​មាន នៅពេល​ពួកគេ​សិក្សា​នៅ​ក្នុង​កណ្ឌ​ទាំង​នេះ ។ នៅពេល​អ្នក​រៀបចំ​បង្រៀន​ពួកគេ វា​អាច​មាន​ប្រយោជន៍​ដើម្បី​រកឃើញ​អ្វី​ដែល​ពួកគេ​បាន​ឃើញ​ថា​មាន​អត្ថន័យ ពីមុន​អ្នក​ជួបជុំ​គ្នា ។

កត់​ត្រា​ចំណាប់​អារម្មណ៍​របស់​អ្នក

រូបភាព
រូប​តំណាង​ការ​ចែក​ចាយ

អញ្ជើញ​ឲ្យ​ចែក​ចាយ

សូម​អញ្ជើញ​សិស្ស​ក្នុង​ថ្នាក់​ឲ្យ​ចែក​ចាយ​ខគម្ពីរ​មួយ​ចេញ​ពី​កណ្ឌ​ទាំងនេះ ដែល​បង្រៀន​អំពី​គោលការណ៍​មួយ ដែល​អាច​ពង្រឹង​នរណាម្នាក់​នៅក្នុង​ការបម្រើ​សាសនាចក្រ​របស់​ពួកគេ ។

រូបភាព
រូប​តំណាង​ការ​បង្រៀន

បង្រៀន​គោលលទ្ធិ

គោលលទ្ធិ និង សេចក្តី​សញ្ញា ១០៦១០៨

ព្រះអម្ចាស់​ត្រាស់​ណែនាំ លើក​ទឹកចិត្ត និង​គាំទ្រ​ដល់​អស់​អ្នក​ដែល​ទ្រង់​ហៅ​ឲ្យ​បម្រើ ។

  • នៅពេល​សិស្ស​ក្នុង​ថ្នាក់​បាន​សិក្សា គោលលទ្ធិ និង សេចក្ដីសញ្ញា ១០៦ និង ១០៨ នៅ​សប្ដាហ៍​នេះ ពួកគេ​អាច​រកឃើញ​ឃ្លា​នានា ដែល​អាច​ជួយ​អស់​អ្នក​ដែល​កំពុង​បម្រើ​ក្នុង​ការហៅ​របស់​សាសនាចក្រ​បាន ( សូមមើល គម្រោង​មេរៀន​សម្រាប់​សប្ដាហ៍​នេះ នៅ​ក្នុង ចូរ​មក​តាម​ខ្ញុំ—សម្រាប់​បុគ្គល​ម្នាក់ៗ និង​ក្រុម​គ្រួសារ ) ។ សូម​ពិចារណា​ផ្ដល់​ពេល​ឲ្យ​សិស្ស​សរសេរ​ឃ្លា​នានា ដែល​ពួកគេ​បាន​រកឃើញ​នៅក្នុង​កណ្ឌ​ទាំងនេះ​ដាក់​នៅលើ​ក្ដារខៀន ហើយ​សូម​ឲ្យ​ពួកគេ​ចែកចាយ​ការយល់ដឹង​របស់​ពួកគេ ។ តើ​ពួកគេ​មាន​បទពិសោធន៍​អ្វី​ខ្លះ ដែល​ទាក់ទង ឬ​បង្ហាញ​ពី​ឃ្លា​ទាំងនេះ ?

គោលលទ្ធិ និង សេចក្តី​សញ្ញា ១០៧

ព្រះអម្ចាស់​ដឹកនាំ​សាសនាចក្រ​របស់​ទ្រង់​តាមរយៈ​សិទ្ធិ​អំណាច​បព្វជិតភាព ។

  • អ្នក​អាច​ចាប់ផ្ដើម​ការពិភាក្សា​មួយ​អំពី​តំណែង​បព្វជិតភាព តាមរយៈ​ការអញ្ជើញ​សិស្ស​ឲ្យ​ធ្វើ​បញ្ជី​មួយ​ស្ដីពី​មូលហេតុ​ដែល​ព្រះអម្ចាស់​បាន​ប្រទាន​ព្យាការី ពួកសាវក និង​ថ្នាក់ដឹកនាំ​សាសនាចក្រ​ផ្សេងទៀត​ដល់​ពួកយើង ។ ប្រហែល​ជា​សិស្ស​អាច​បន្ថែម​លើ​បញ្ជី​របស់​ពួកគេ​ទៀត ក្រោយពី​ការអាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ១០៧:១៨–២០ ។ រួចហើយ​អ្នក​អាច​ចំណាយ​ពេល​រំឭក​ឡើងវិញពី​ទំនួល​ខុសត្រូវ ដែល​ព្រះអម្ចាស់​ប្រទាន​ដល់​អស់​អ្នក​ដែល​កាន់​តំណែង​ដូច​តទៅ​នេះ ៖ គណៈប្រធាន​ទីមួយ ( ខទី ៩, ២១–២២, ៦៥–៦៦, ៩១–៩២ ) ពួកសាវក​ដប់ពីរ​នាក់ ( ខទី ២៣–២៤, ៣៣–៣៥, ៣៨, ៥៨ ) ពួកចិតសិប​នាក់ ( ខទី ២៥–២៦, ៣៤, ៩៣–៩៧ ) និង​ប៊ីស្សព ( ខទី ១៣–១៧, ៦៨–៧៦, ៨៧–៨៨ ) ។ តើ​យើង​អាច​ធ្វើ​អ្វីខ្លះ​ដើម្បី​គាំទ្រ​ថ្នាក់ដឹកនាំ​របស់​យើង​តាមរយៈ « សេចក្ដី​ទុក​ចិត្ត សេចក្ដី​ជំនឿ និង​សេចក្ដី​អធិស្ឋាន » របស់​យើង ? ( ខទី ២២ ) ។

  • តើ​យើង​នឹង​ឆ្លើយ​យ៉ាង​ដូចម្ដេច ប្រសិនបើ​មាន​មិត្ត​ម្នាក់​ដែល​មិន​មាន​សេចក្ដី​ជំនឿ​ដូច​យើង​បាន​សួរ​យើង​ថា « តើ​បព្វជិតភាព​គឺជា​អ្វី ? » ឬ « តើ​កូនសោ​បព្វជិតភាព​គឺជា​អ្វី ? » តើ​ការបង្រៀន​នៅ​ក្នុង « ធនធាន​បន្ថែម​ទាំងឡាយ » អាច​មាន​ឥទ្ធិពល​លើ​ចម្លើយ​របស់​យើង​យ៉ាង​ដូចម្ដេចខ្លះ ? ប្រហែល​ជា​សិស្ស​អាច​រកឃើញ​ការយល់ដឹង​ដ៏​មាន​ប្រយោជន៍​នៅ​ក្នុង គោលលទ្ធិ និង សេចក្ដីសញ្ញា ១០៧:១–៤, ១៨–២០ ផងដែរ ( សូមមើល​ផងដែរ ពិត​ចំពោះ​សេចក្តី​ជំនឿ ទំព័រ ១២៤–១២៨ ) ។ តើ​បព្វជិតភាព​ជួយ​យើង​ឲ្យ​ទទួល​បាន « សេចក្ដី​អាថ៌កំបាំង​ទាំង​ឡាយ​នៃ​នគរ » និង « ឲ្យ​ស្ថាន​សួគ៌​បាន​បើកចំហ​ចំពោះ [ យើង ] » ដោយ​របៀប​ណា ? តើ​វា​ជួយ​យើង​ឲ្យ « ត្រេកអរ​ចំពោះ​សេចក្ដី​រួបរួម​គ្នា និង​វត្តមាន​នៃ​ព្រះ​ដ៏​ជា​ព្រះវរបិតា និង​ព្រះយេស៊ូវ » ដោយ​របៀប​ណា ? ( ខទី ១៩ ) ។

គោលលទ្ធិ និង សេចក្ដីសញ្ញា ១០៧:២៧–៣១, ៨៥

ព្រះអម្ចាស់​គ្រប់គ្រង​នគរ​របស់​ទ្រង់​តាមរយៈ​ក្រុមប្រឹក្សា ។

  • ប្រធាន អិម រ័សុល បាឡឺដ បាន​មាន​ប្រសាសន៍​ថា « ខ្ញុំ​ដឹង​ថា ក្រុមប្រឹក្សា​គឺជា​របៀប​របស់​ព្រះអម្ចាស់ ហើយ​ថា​ទ្រង់​បាន​បង្កើត​អ្វីៗ​ទាំងអស់​នៅក្នុង​សាកល​លោក​នេះ​តាមរយៈ​ក្រុម​ប្រឹក្សា​សួគ៌ » ( « ក្រុមប្រឹក្សា​គ្រួសារ » EnsignLiahona ខែ ឧសភា ឆ្នាំ ២០១៦ ទំព័រ ៦៣ ) ។ តើ​អ្នក​អាច​ជួយ​ដល់​អ្នក​ដែល​អ្នក​បង្រៀន​ឲ្យ​យល់​ពី​របៀប​ប្រឹក្សា​រួមគ្នា​នៅ​គេហដ្ឋាន និង​នៅក្នុង​សាសនាចក្រ​បានយ៉ាង​ដូចម្ដេច ? ប្រហែល​អ្នក​អាច​សូម​ឲ្យ​សិស្ស​ពីរ​បី​នាក់​មក​កាន់​ថ្នាក់រៀន​ដោយ​បាន​រៀបចំ​ខ្លួន​ទុក ដើម្បី​ចែកចាយ​បទពិសោធន៍​របស់​ពួកគេ​នៅ​សាសនាចក្រ ឬ​នៅ​ក្នុង​គេហដ្ឋាន​ដែល​ពួកគេ​បាន​អនុវត្ត​តាម​គោលការណ៍​នៃ​ការប្រឹក្សា​ដូច​មាន​ក្នុង គោលលទ្ធិ និង សេចក្ដីសញ្ញា ១០៧:២៧–៣១, ៨៥ ( ឬ នៅក្នុង​សារលិខិត​យោង​ខាង​លើ​របស់​ប្រធាន បាឡឺដ ) ។ សូម​ពិចារណា​អញ្ជើញ​សិស្ស​ក្នុង​ថ្នាក់​ឲ្យ​មក​កាន់​ថ្នាក់រៀន​នា​សប្ដាហ៍​ក្រោយ ដោយ​បាន​រៀបចំ​ខ្លួន​ទុក​ដើម្បី​ចែកចាយ​គំនិត​យោបល់​នានា​អំពី​អ្វី​ដែល​ធ្វើ​ឲ្យ​ក្រុមប្រឹក្សា​មួយ​មាន​ប្រសិទ្ធិភាព ។ សូម​លើក​ទឹកចិត្ត​សិស្ស​ក្នុង​ថ្នាក់​ឲ្យ​រកមើល​គោលការណ៍​នានា ដែល​ពួកគេ​រៀន​មកពី​ការពិភាក្សា​នេះ ដែល​នឹង​ជួយ​ពួកគេ​ឲ្យ​កាន់តែ​មាន​ប្រសិទ្ធិភាព កាល​ពួកគេ​ចូលរួម​ក្នុង​ក្រុមប្រឹក្សា​នៅ​គេហដ្ឋាន និង​ក្នុង​សាសនាចក្រ​នា​ពេល​អនាគត ។

    រូបភាព
    ការប្រជុំ​ក្រុមប្រឹក្សា​គ្រូបង្រៀន

    ការប្រឹក្សា​រួមគ្នា​គឺជា​របៀប​មួយ​ដែល​ព្រះអម្ចាស់​សម្រេច​បាន​កិច្ចការ​របស់​ទ្រង់ ។

រូបភាព
រូប​តំណាង​ធន​ធាន​បន្ថែម​នានា

ធន​ធាន​បន្ថែម​ទាំង​ឡាយ

សិទ្ធិ​អំណាច​បព្វជិតភាព ។

ប្រធាន ដាល្លិន អេក អូក បាន​បង្រៀន ៖

យើង​មិន​ទម្លាប់​នឹង​និយាយ​ថា​ស្ដ្រី​មាន​សិទ្ធិ​អំណាច​បព្វជិតភាព​នៅក្នុង​ការហៅ​បម្រើ​សាសនាចក្រ​របស់​គេ​នោះទេ ប៉ុន្ដែ​តើ​មាន​សិទ្ធិ​អំណាច​អ្វី​ផ្សេង​ទៀត​ទៅ ? នៅពេល​ស្ដ្រី​ម្នាក់ — ក្មេង ឬ​ចាស់ — ត្រូវបាន​ញែកចេញ​ដើម្បី​បង្រៀន​ដំណឹងល្អ​ជា​អ្នក​ផ្សព្វផ្សាយ​សាសនា​ពេញ​ម៉ោង គាត់​ត្រូវបាន​ព្រះ​ប្រទាន​សិទ្ធិ​អំណាច​បព្វជិតភាព​ដើម្បី​ធ្វើ​ការងារ​បព្វជិតភាព ។ ការណ៍​ដូចគ្នា​នេះ​គឺ​ពិត នៅពេល​ស្ដ្រី​ម្នាក់​ត្រូវបាន​ញែក​ចេញ​ដើម្បី​ធ្វើការ​ជា​អ្នកដឹកនាំ ឬ​គ្រូបង្រៀន​ម្នាក់​នៅក្នុង​អង្គការ​សាសនាចក្រ​នៅក្រោម​ការដឹកនាំ​របស់​មនុស្ស​ម្នាក់​ដែល​កាន់​កូនសោ​បព្វជិតភាព ។ នរណា​ក៏​ដោយ​ដែល​ធ្វើ​កិច្ចការ​នៅក្នុង​មុខ​តំណែង ឬ​ការហៅ​បម្រើ​មួយ​ដែល​បាន​ទទួល​ពី​បុគ្គល​ម្នាក់​ដែល​កាន់​កូនសោ​បព្វជិភាព អនុវត្ត​សិទ្ធិ​អំណាច​បព្វជិតភាព​ពេល​បំពេញ​កាតព្វកិច្ច​ចាត់តាំង​របស់​គេ » ( « កូនសោ និង សិទ្ធិ​អំណាច​នៃ​បព្វជិតភាព »Ensignលីអាហូណា ខែ ឧសភា ឆ្នាំ ២០១៤ ទំព័រ ៥១ ) ។

ប្រធាន អិម រ័សុល បាឡឺដ បាន​មាន​ប្រសាសន៍​ថា

« ព្រះវរបិតា​របស់​យើង​ដែល​គង់​នៅ​ឋាន​សួគ៌ មាន​ព្រះទ័យ​សប្បុរស​ជាមួយ​នឹង​អំណាច​របស់​ទ្រង់ ។ បុរស និង ស្ត្រី​គ្រប់​រូប​ទាំងអស់​មាន​សិទ្ធ​អាច​ទទួល​យក​អំណាច​នេះ សម្រាប់​ជា​ជំនួយ​ក្នុង​ជីវិត​ផ្ទាល់​ខ្លួន​របស់​ពួកគេ ។ អស់​អ្នក​ទាំង​ឡាយ​ណា​ដែល​ធ្វើ​សេចក្តី​សញ្ញា​ពិសិដ្ឋ​ជាមួយ​ព្រះអម្ចាស់ និង​អស់​អ្នក​ទាំង​ឡាយ​ណា​ដែល​គោរព​តាម​សេចក្តី​សញ្ញា​ទាំង​នោះ មាន​សិទ្ធិ​ទទួល​បាន​នូវ​វិវរណៈ​ផ្ទាល់​ខ្លួន ត្រូវ​បាន​ប្រទាន​ពរ​ដោយ​ការ​បម្រើ​របស់​ពួក​ទេវតា ទាក់​ទង​ជាមួយ​ព្រះ ទទួល​បាន​នូវ​ភាព​ពោរពេញ​នៃ​ដំណឹង​ល្អ ហើយ​ទី​បំផុត​ក្លាយ​ជា​អ្នក​គ្រង​មរតក​ជាមួយ​ព្រះយេស៊ូវ​គ្រីស្ទ​នូវ​អ្វីៗ​ទាំង​អស់​ដែល​ព្រះវរបិតា​មាន » ( « Men and Women in the Work of the Lord » New Era ខែ មេសា ឆ្នាំ ២០១៤ ទំព័រ ៤–៥ ) ។

ការ​កែ​លម្អ​ការ​បង្រៀន​របស់​យើង

ជួយ​សិស្ស​ឲ្យ​លើក​ស្ទួយ​គ្នា​ទៅ​វិញ​ទៅ​មក ។ « សិស្ស​ម្នាក់ៗ​នៅក្នុង​ថ្នាក់​របស់​អ្នក គឺជា​ធនធាន​ដ៏​បរិបូរ៌​មួយ​នៃ​ទី​បន្ទាល់ គំនិត​យោបល់ និង​បទពិសោធន៍​ជាមួយ​នឹង​ការ​រស់នៅ​តាម​ដំណឹងល្អ ។ អញ្ជើញ​ពួកគេ​ឲ្យ​ចែក​ចាយ ហើយ​លើក​ស្ទួយ​គ្នា​ទៅ​វិញ​ទៅ​មក » ( ការ​បង្រៀន​តាម​របៀប​របស់​ព្រះអង្គ​សង្រ្គោះ ទំព័រ  ) ។