គោលលទ្ធិ និង​សេចក្តីសញ្ញា ឆ្នាំ ២០២១
ថ្ងៃ​ទី ៦–១២ ខែ កញ្ញា ។ គោលលទ្ធិ និង សេចក្តី​សញ្ញា ៩៨–១០១ ៖ « ចូរ​បង្អង់​សិន ហើយ​ឲ្យ​បាន​ដឹង​ថា យើង​ជា​ព្រះ »


« ថ្ងៃ​ទី ៦–១២ ខែ កញ្ញា ។ គោលលទ្ធិ និង សេចក្តី​សញ្ញា ៩៨–១០១ ៖ ‹ ចូរ​បង្អង់​សិន ហើយ​ឲ្យ​បាន​ដឹង​ថា យើង​ជា​ព្រះ › ចូរ​មក​តាម​ខ្ញុំ—សម្រាប់​សាលា​ថ្ងៃ​អាទិត្យ ៖ គោលលទ្ធិ និង សេចក្តីសញ្ញា ឆ្នាំ ២០២១ ( ឆ្នាំ ២០២០ )

« ថ្ងៃ​ទី ៦–១២ ខែ កញ្ញា ។ គោលលទ្ធិ និង សេចក្តី​សញ្ញា ៩៨–១០១ » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​សាលា​ថ្ងៃ​អាទិត្យ ៖ ឆ្នាំ ២០២១

រូបភាព
ពួកបរិសុទ្ធ​រត់​គេច​ចេញពី​ពួកឧក្រិដ្ឋជន

ស៊ី ស៊ី អេ គ្រីស្ទានសិន ( ១៨៣១–១៩១២ ) ពួកបរិសុទ្ធ​ត្រូវគេ​បណ្ដេញ​ចេញពី​ស្រុកចាកសុន រដ្ឋ​មិសសួរី ប្រហែល​ឆ្នាំ ១៨៧៨ គំនូរ​នៅលើ​ក្រណាត់​ទេ​ឯក 77 ¼ × 113 inches ។ សារមន្ទីរ​សិល្បៈ សាកលវិទ្យាល័យ ព្រិកហាំ យ៉ង់ អំណោយ​ពី​ចៅ​របស់ ស៊ី ស៊ី អេ គ្រីស្ទានសិន ឆ្នាំ ១៩៧០

ថ្ងៃទី ៦–១២ ខែ កញ្ញា

គោលលទ្ធិ និង សេចក្តី​សញ្ញា ៩៨–១០១

« ចូរ​បង្អង់​សិន ហើយ​ឲ្យ​បាន​ដឹង​ថា យើង​ជា​ព្រះ »

តើ​សិស្ស​របស់​អ្នក​បាន​ដក​ពិសោធន៍​ឧបសគ្គ ឬ​ការសាកល្បង​ប្រភេទ​អ្វីខ្លះ ? តើ​ពាក្យ​ប្រឹក្សា និង​លួងលោម​ណាខ្លះ​នៅ​ក្នុង គោលលទ្ធិ និង សេចក្តី​សញ្ញា 98 អាច​ជួយ​ពួកគេ​បាន ?

កត់​ត្រា​ចំណាប់​អារម្មណ៍​របស់​អ្នក

រូបភាព
រូប​តំណាង​ការ​ចែក​ចាយ

អញ្ជើញ​ឲ្យ​ចែក​ចាយ

អ្នក​អាច​អញ្ជើញ​សិស្ស​ឲ្យ​ចែកចាយ​អ្វី​មួយ​ដែល​ពួកគេ​បាន​រៀន​មកពី គោលលទ្ធិ និង សេចក្តីសញ្ញា ៩៨–១០១ ដែល​បាន​ជួយ​ពួកគេ​ក្នុង​ការសាកល្បង ឬ​ឧបសគ្គ ដែល​ពួកគេ​កំពុង​ជួប​ប្រទះ​នេះ ។

រូបភាព
រូប​តំណាង​ការ​បង្រៀន

បង្រៀន​គោលលទ្ធិ

គោលលទ្ធិ និង សេចក្ដី​សញ្ញា ៩៨:១–៣, ១១–១៦, ២៣–៣០, ៣៧; ១០១:២–៥, ៩–១៦

ការសាកល្បង​របស់​យើង​អាច​ធ្វើការ​ផ្សំគ្នា​សម្រាប់​ជា​សេចក្ដី​ល្អ​ដល់​យើង ។

  • ការបៀតបៀន ឬ​ការផ្ទុយ​ដែល​យើង​ប្រឈម​មុខ​សព្វថ្ងៃ​នេះ អាច​ខុស​ពី​អ្វី​ដែល​ពួកបរិសុទ្ធ​បាន​ជួប​នៅ​រដ្ឋ​មិសសួរី​ក្នុង​ឆ្នាំ ១៨៣៣ ប៉ុន្ដែ​ការទូន្មាន​របស់​ព្រះអម្ចាស់​នៅក្នុង គោលលទ្ធិ និង សេចក្ដីសញ្ញា ៩៨ គឺ​នៅ​តែ​អនុវត្ត​បាន ។ ដើម្បី​ជួយ​សិស្ស​ក្នុង​ថ្នាក់​ឲ្យ​រៀន​ពី​ពាក្យ​ទូន្មាន​នេះ សូម​ពិចារណា​សរសេរ​សំណួរ​ដូច​តទៅ​នេះ​ដាក់​នៅលើ​ក្ដារខៀន ៖ តើ​ព្រះអម្ចាស់​សព្វ​ព្រះទ័យ​ឲ្យ​ពួកបរិសុទ្ធ​របស់​ទ្រង់​មើល​ទៅ​ការផ្ទុយ​តាម​របៀប​ណា ? តើ​ព្រះអម្ចាស់​សព្វព្រះទ័យ​ចង់​ឲ្យ​យើង​ឆ្លើយតប​នឹង​ការបៀតបៀន​ដោយ​របៀប​ណា ? សិស្ស​ក្នុង​ថ្នាក់​អាច​ធ្វើការ​ជា​ក្រុម​តូចៗ​ដើម្បី​រកមើល​ចម្លើយ​នៅក្នុង គោលលទ្ធិ និង សេចក្ដីសញ្ញា ៩៨:១–៣, ១១–១៦, ២៣–៣០ រួច​ហើយ​ពិភាក្សា​អំពី​អ្វី​ដែល​ពួកគេ​បាន​រៀន ។ តើ​យើង​រកឃើញ​សេចក្ដីពិត​អ្វីខ្លះ ដែល​អាច​ជួយ​យើង​ឲ្យ​ធ្វើជា​សិស្ស​ដ៏​ប្រសើរ​របស់​ព្រះយេស៊ូវ​គ្រីស្ទ ? សេចក្ដី​ថ្លែងការណ៍​នៅ​ក្នុង « ធនធាន​បន្ថែម​ទាំងឡាយ »​អាច​បន្ថែម​យោបល់​ដល់​ការពិភាក្សា​នេះ​បាន ។

  • នៅក្នុង​ពេល​មាន​ការបៀតបៀន ឬ​ការសាកល្បង សារលិខិត​មកពី កណ្ឌទី ៩៨ និង ១០១ នេះ​អាច​ជួយ​បាន ៖ ព្រះអម្ចាស់​នឹង​ជួយ​យើង ប្រសិនបើ​យើង​មាន​ឆន្ទៈ​ទុកចិត្ត​លើ​ទ្រង់ ។ ដើម្បី​ជួយ​សិស្ស​ក្នុង​ថ្នាក់​ឲ្យ​រកឃើញ​សារលិខិត​នេះ អ្នក​អាច​សរសេរ​បញ្ជី​ខគម្ពីរ​ដូច​តទៅ​នេះ​ដាក់​លើ​ក្ដារខៀន ហើយ​អញ្ជើញ​ឲ្យ​សិស្ស​ជ្រើសរើស​ពីរ​បី​ខ​មក​អាន ៖ គោលលទ្ធិ និង សេចក្ដីសញ្ញា ៩៨:១–៣, ១១–១២, ៣៧; ១០១:២–៥, ៩–១៦ ។ សូម​ឲ្យ​ពួកគេ​ចែកចាយ​អ្វី​ដែល​ពួកគេ​រកឃើញ ដែល​លើក​ទឹកចិត្ត​ពួកគេ​ឲ្យ​ទុកចិត្ត​លើ​ព្រះអម្ចាស់ ។ តើ​ខគម្ពីរ​ទាំង​នេះ​បង្រៀន​អ្វីខ្លះ​អំពី​របៀប​ដាក់​ការទុកចិត្ត​របស់​យើង​លើ​ព្រះអម្ចាស់ ? ( សូមមើល​ផងដែរ លីនដា អេស រីវស៍ « ប្រកាស​ពរជ័យ​នៃ​សេចក្ដី​សញ្ញា​របស់​អ្នក » Ensignលីអាហូណា ខែ វិច្ឆិកា ឆ្នាំ ២០១៣ ទំព័រ ១១៨–១២០ ) ។

គោលលទ្ធិ និង សេចក្ដីសញ្ញា ១០១:១–៨, ៤៣–៦២

ការធ្វើតាម​ពាក្យ​ទូន្មាន​របស់​ព្រះអម្ចាស់​ជួយ​យើង​ឲ្យ​បន្ដ​នៅ​មាន​សុវត្ថិភាព ។

  • តើ​អ្នក​អាច​ជួយ​សិស្ស​ឲ្យ​កំណត់ស្គាល់​សុវត្ថិភាព ដែល​កើត​មាន នៅពេល​យើង « ស្តាប់​តាម​ព្រះបន្ទូល​នៃ​ព្រះយេហូវ៉ា » ដោយ​របៀប​ណា ? ( ខទី ៧ ) ។ ប្រហែល​ជា​អ្នក​អាច​អញ្ជើញ​សិស្ស​ពីរ​បី​នាក់​ឲ្យ​ដើរ​តួ​រឿង​ប្រៀប​ប្រដូច​នេះ​នៅក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ១០១:៤៣–៦២ កាល​សិស្ស​ផ្សេងទៀត​អាន​វា​ឮៗ ។ រួច​ហើយ​អ្នក​អាច​ពិភាក្សា​សំណួរ​ដូច​តទៅ​នេះ ៖ តើ​ធាតុផ្សំ​ខុសគ្នា​នៃ​រឿង​ប្រៀប​ប្រដូច​នេះ​អាច​តំណាង​ឲ្យ​អ្វីខ្លះ ? តើ​អ្វី​ទៅ​ដែល​បាន​បណ្ដាល​ឲ្យ​អ្នកបម្រើ​បាត់បង់​ចម្ការ​ទំពាំង​បាយជូរ ? តើ​យើង​រៀន​បាន​មេរៀន​អ្វីខ្លះ​មក​ពី​សកម្មភាព​របស់​អ្នកបម្រើ​នេះ ? តើ​យើង​រៀន​អ្វីខ្លះ​អំពី​ព្រះអម្ចាស់​មកពី​សកម្មភាព​របស់​ម្ចាស់​ចម្ការ ? វា​ក៏​អាច​មាន​ប្រយោជន៍​ផងដែរ​ដើម្បី​ប្រៀបធៀប ខទី ១–៨ ទៅនឹង ខទី ៤៧–៥១ ហើយ​ពិភាក្សា​ពី​របៀប​ដែល​យើង​អាច​នៅ « ស្មោះត្រង់ ហើយ​ឈ្លាសវៃ » នៅក្នុង​កិច្ច​ខិតខំ​របស់​យើង​ដើម្បី​កសាង​ក្រុង​ស៊ីយ៉ូន​នៅក្នុង​ជីវិត​របស់​យើង​ម្នាក់ៗ នៅក្នុង​គេហដ្ឋាន និង​ក្នុង​សាសនាចក្រ ។

    រូបភាព
    ព្រះយេស៊ូវគ្រីស្ទ

    សេចក្ដី​លម្អិត​ចេញ ពី ព្រះគ្រីស្ទ និង​កម្លោះ​អ្នក​មាន ដោយ ហែនរិច ហូហ្វម៉ាន់

រូបភាព
រូប​តំណាង​ធន​ធាន​បន្ថែម​នានា

ធន​ធាន​បន្ថែម​ទាំង​ឡាយ

ការបែរ​ថ្ពាល់​ម្ខាងទៀត​តម្រូវ​ឲ្យមាន​ចិត្ត​ក្លាហាន​ជា​គ្រីស្ទាន​ម្នាក់ ។

អែលឌើរ រ៉ូបឺត ឌី ហែល បាន​បង្រៀន ៖

« អ្នកខ្លះ​គិត​ខុស​ថា ដោយ​ឆ្លើយតប​ដូចជា ការស្ងៀមស្ងាត់ សុភាពស្លូតបូត ការអភ័យទោស និង​ការថ្លែងទីបន្ទាល់​ដ៏​រាបសា​គឺ​មិនសកម្ម ឬ​ទន់ខ្សោយ ។ ប៉ុន្ដែ ‹ ដើម្បី​ស្រឡាញ់​សត្រូវ [ របស់​យើង ] ប្រទានពរ​ដល់​ពួកគេ​​ដែល​បាន​ដាក់​បណ្ដាសា​ដល់ [ យើង ] ​ធ្វើ​ល្អ​ដាក់​ពួកគេ​ដែល​ស្អប់ [ យើង ] ហើយ​​អធិស្ឋាន​ឲ្យ​ពួកគេ​ដែល​ប្រើ [ យើង ] ដោយ​មាន​គំនុំ​ព្យាបាទ ហើយ​បៀតបៀន [ យើង ] › ( ម៉ាថាយ ៥:៤៤ ) វា​ត្រូវការ​សេចក្ដីជំនឿ កម្លាំង និង​សំខាន់​បំផុត​នោះ វា​ត្រូវការ​សេចក្ដីក្លាហាន​ក្នុងនាម​ជា​ពួកគ្រីស្ទាន ។ …

« នៅពេល​យើង​មិន​សងសឹក​វិញ​—​នៅពេល​យើង​បែរ​ថ្ពាល់​មួយ​ចំហៀង​ទៀត​ឲ្យ​ ហើយ​មិន​ទទូច​នឹង​អារម្មណ៍​ខឹង​សម្បារ​—​នោះ​យើង​នឹង​ឈរ​ជាមួយ​នឹង​ព្រះអង្គ​សង្គ្រោះ​ដែរ ។ យើង​បង្ហាញ​នូវ​សេចក្ដី​ស្រឡាញ់​របស់​ទ្រង់ ដែល​ជា​កម្លាំង​តែមួយ​គត់​ដែល​អាច​​បង្ក្រាប​អស់​ទាំង​ឧបសគ្គ និង​ឆ្លើយតប​ដល់​អ្នក​ចោទទាំងឡាយ​ដោយ​មិន​ចោទប្រកាន់​ពួកគេ​វិញ ។ នោះ​ពុំ​មែន​ជា​ភាពទន់ខ្សោយ​នោះ​ទេ ។ការណ៍នោះ គឺជា​ទឹកចិត្ត​ក្លាហាន​របស់​ពួកគ្រីស្ទាន » ( « Christian Courage: The Price of Discipleship » EnsignLiahona ខែ វិច្ឆិកា ឆ្នាំ ២០០៨ ទំព័រ ៧២ ) ។

ការអភ័យទោស​ឲ្យ​​មិនមាន​ន័យ​ថា​ចុះចូល​នឹង​ទង្វើ​របស់​​ពួកគេ​នោះទេ ។

អែលឌើរ ខេវិន អ័រ ដាន់ខេន បាន​ពោល​ថា « បងប្អូន​ប្រុស​ស្រី សូម​កុំ​យល់​ច្រឡំ ។ ការអភ័យទោស​ឲ្យ​​មិនមាន​ន័យ​ថា​ចុះចូល​នឹង​ទង្វើ​របស់​​ពួកគេ​នោះទេ ។ យើង​មិន​ដោះសា​ចំពោះ​ទង្វើ​អាក្រក់ ឬ​អនុញ្ញាត​ឲ្យ​អ្នកដទៃ​ប្រព្រឹត្ត​មិន​គប្បី​ចំពោះ​យើង ដោយសារ​ការលំបាក ការឈឺចាប់ ឬ​ភាពទន់ខ្សោយ​ដែល​ពួកគេ​មាន​នោះឡើយ ។ ប៉ុន្តែ​យើង​អាច​យោគយល់​កាន់តែ​ច្រើន ហើយ​មាន​ភាពសុខសាន្ត​កាន់តែ​ខ្លាំង ពេល​យើង​ឃើញ​ទិដ្ឋភាព​កាន់តែ​ច្បាស់ ។ … ការអភ័យទោស​ឲ្យ​គឺជា​គោលការណ៍​ដ៏​រុងរឿង និង​ព្យាបាល ។ យើង​មិន​ចាំបាច់​ធ្វើ​ជា​ជនរងគ្រោះ​លើក​ទីពីរ​នោះទេ ។ យើង​អាច​អភ័យទោស​ឲ្យ​បាន » ( « ថ្នាំលាប​ព្យាបាល​របួស​ដែល​ជា​ការអភ័យទោស » EnsignLiahona ខែ ឧសភា ឆ្នាំ ២០១៦ ទំព័រ ៣៥ ) ។

ការ​កែលម្អ​ការ​បង្រៀន​របស់​យើង

សូម​ដាក់​បញ្ចូល​អ្នក​ដែល​កំពុង​ជួប​បញ្ហា ។ ពេល​ខ្លះ សិស្ស​ដែល​ជួប​បញ្ហា​គ្រាន់​តែ​ត្រូវការ​ឲ្យ​រាប់រក ដើម្បី​ទទួល​បាន​សេចក្ដី​ស្រឡាញ់ ។ សូម​ពិចារណា​សុំ​ឲ្យ​ពួកគេ​សម្ដែង​អ្វី​មួយ​នៅ​ក្នុង​មេរៀន​លើក​ក្រោយ អញ្ជើញ​ពួកគេ​ឲ្យ​មក​ថ្នាក់រៀន ឬ​ធ្វើ​ឲ្យ​ប្រាកដ​ថា ពួកគេ​មាន​មធ្យោបាយ​ធ្វើដំណើរ​មក​ព្រះវិហារ ។ សូម​កុំ​បោះបង់ ប្រសិនបើ​ពួកគេ​មិន​ឆ្លើយតប​នឹង​ការខិតខំ​របស់​អ្នក​ពេល​ដំបូង ( សូមមើល ការបង្រៀន​តាម​របៀប​របស់​ព្រះអង្គ​សង្គ្រោះ ទំព័រ ៨–៩ ) ។