គោលលទ្ធិ និង​សេចក្តីសញ្ញា ឆ្នាំ ២០២១
ថ្ងៃ​ទី ២៧ ខែ កញ្ញា–ថ្ងៃ​ទី ៣ ខែ តុលា ។ គោលលទ្ធិ និង សេចក្ដីសញ្ញា ១០៩–១១០ ៖ « ដំណាក់​នេះ​ជា​ដំណាក់​របស់​ទ្រង់ គឺជា​ទី​នៃ​បរិសុទ្ធភាព​របស់​ទ្រង់ »


« ថ្ងៃ​ទី ២៧ ខែ កញ្ញា–ថ្ងៃ​ទី ៣ ខែ តុលា ។ គោលលទ្ធិ និង សេចក្តី​សញ្ញា ១០៩–១១០ ៖ ‹ ដំណាក់​នេះ​ជា​ដំណាក់​របស់​ទ្រង់ គឺជា​ទី​នៃ​បរិសុទ្ធភាព​របស់​ទ្រង់ › » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​សាលា​ថ្ងៃ​អាទិត្យ ៖ គោលលទ្ធិ និង សេចក្តីសញ្ញា ២០២១ ( ឆ្នាំ ២០២០ )

« ថ្ងៃ​ទី ២៧ ខែ កញ្ញា–ថ្ងៃ​ទី ៣ ខែ តុលា ។ គោលលទ្ធិ និង សេចក្តី​សញ្ញា ១០៩–១១០ » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​សាលា​ថ្ងៃ​អាទិត្យ ៖ ឆ្នាំ ២០២១

រូបភាព
ព្រះវិហារ​បរិសុទ្ធ​ខឺតឡង់

ព្រះវិហារ​បរិសុទ្ធ​ខឺតឡង់ ដោយ ចូន ម៉ាក់​ណាត់តុន

ថ្ងៃ​ទី ២៧ ខែ កញ្ញា–ថ្ងៃ​ទី ៣ ខែ តុលា

គោលលទ្ធិ និង សេចក្ដីសញ្ញា ១០៩–១១០

« ដំណាក់​នេះ​ជា​ដំណាក់​របស់​ទ្រង់ គឺជា​ទី​នៃ​បរិសុទ្ធភាព​របស់​ទ្រង់ »

កណ្ឌ​ទី ១០៩ និង ១១០ ពិពណ៌នា​អំពី​ព្រឹត្តិការណ៍​ដ៏​ពិសិដ្ឋ​ខ្លាំង​បំផុត​មួយ​ចំនួន​នៃ​ការស្ដារ​ឡើងវិញ ។ សូម​ប្រាកដ​ថា​បាន​អនុញ្ញាត​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ចែកចាយនូវ​អ្វី​ដែល​ពួកគេ​បាន​គិត និង​មាន​អារម្មណ៍ កាល​ពួកគេ​បាន​សិក្សា​ពី​ព្រឹត្តិការណ៍​ទាំងនេះ ។

កត់​ត្រា​ចំណាប់​អារម្មណ៍​របស់​អ្នក

រូបភាព
រូប​តំណាង​ការ​ចែក​ចាយ

អញ្ជើញ​ឲ្យ​ចែក​ចាយ

ព្រះអម្ចាស់​បាន​ប្រកាស​ថា « ការល្បីល្បាញ​អំពី​ដំណាក់​នេះ [ ព្រះវិហារ​បរិសុទ្ធ​ខឺតឡង់ ] នឹង​រាលដាល​ទៅ​ដល់​ដែនដី​ឆ្ងាយ » ( គោលលទ្ធិ និង សេចក្ដីសញ្ញា ១១០:១០ ) ។ អ្នក​អាច​អញ្ជើញ​សិស្ស​ឲ្យ​ចែកចាយ​អ្វី​មួយ​ដែល​ពួកគេ​បាន​រកឃើញ​នៅក្នុង​ការសិក្សា​របស់​ពួកគេ ដែល​ពួកគេ​មាន​អារម្មណ៍​ថា​គួរតែ​បាន​ចែកចាយ​ដល់​មនុស្ស​នៅ​ជុំវិញ​ពិភពលោក​នេះ ។

រូបភាព
រូប​តំណាង​ការ​បង្រៀន

បង្រៀន​គោលលទ្ធិ

គោលលទ្ធិ និង​សេចក្ដីសញ្ញា ១០៩; ១១០:១–១០

ព្រះអម្ចាស់​សព្វ​ព្រះទ័យ​ប្រទាន​ពរ​ដល់​យើង​នៅក្នុង​ដំណាក់​ដ៏​បរិសុទ្ធ​របស់​ទ្រង់ ។

  • ការសិក្សា​កណ្ឌ​ទី ១០៩ គឺជា​ឱកាស​ដ៏​អស្ចារ្យ​មួយ​ដើម្បី​ជួយ​សមាជិក​ក្នុង​ថ្នាក់​ឲ្យ​ពង្រឹង​បំណង​របស់​គេ​ដើម្បី​ថ្វាយ​បង្គំ​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ ។ អ្នក​អាច​សរសេរ​នៅលើ​ក្ដារខៀន​នូវ​លេខ​ខគម្ពីរ​មួយ​ចំនួន ដែល​លើក​ឡើង​ពី​ពរជ័យ​នៃ​ព្រះវិហារ​បរិសុទ្ធ—​ដូចជា ខទី ១២–១៣, ២២–២៣, ២៤–២៨, ២៩–៣២ ។ សិស្ស​ក្នុង​ថ្នាក់​អាច​ជ្រើសរើស​ខគម្ពីរ​មក​អាន ហើយ​សញ្ជឹងគិត​ពី​វា​រៀងៗខ្លួន ឬ ជា​ក្រុម រួច​ហើយ​សង្ខេប​ប្រាប់​សិស្ស​ក្នុង​ថ្នាក់​នូវ​ពរជ័យ​ដែល​ខគម្ពីរ​ទាំងនោះ​ពិពណ៌នា ។ សមាជិក​ដែល​ធ្លាប់​បាន​ទៅ​ព្រះវិហារ​បរិសុទ្ធ អាច​ចែកចាយ​អំពី​របៀប​ដែល​ពួកគេ​បាន​ដក​ពិសោធន៍​នូវ​ពរជ័យ​ទាំង​នេះ​នៅ​ក្នុង​ជីវិត​របស់​ពួកគេ ។

    អ្នកក៏​អាច​អាន ឬ​ច្រៀង​រួមគ្នា​នូវ​បទ « ព្រះវិញ្ញាណ​នៃ​ព្រះ » ( ទំនុក​តម្កើង ល.រ ២ ) ដែល​បាន​ច្រៀង​នៅ​ឯ​ការឧទ្ទិស​ឆ្លង​ព្រះវិហារ​បរិសុទ្ធ​ខឺតឡង់​ផងដែរ ។ សមាជិក​ក្នុង​ថ្នាក់​អាច​ចង្អុល​បង្ហាញ​ពី​ពរជ័យ​នៃ​ព្រះវិហារ​បរិសុទ្ធ ដូចបាន​ពិពណ៌នា​នៅក្នុង​ទំនុក​តម្កើង ហើយ​ចែកចាយ​បទពិសោធន៍​ដែល​ទាក់ទង​ណាមួយ​ដែល​ពួកគេ​មាន តាម​ការគួរ ។

  • ការទទួល​បាន​ពរជ័យ​នៃ​ព្រះវិហារ​បរិសុទ្ធ​ជាញឹកញាប់​តម្រូវឲ្យ​មាន​ការលះបង់ ។ តើ គោលលទ្ធិ និង សេចក្ដីសញ្ញា ១០៩:៥ បង្រៀន​អ្វីខ្លះ​អំពី​ការលះបង់​ដែល​ពួកបរិសុទ្ធ​ពីដើម​បាន​ធ្វើ ដើម្បី​កសាង​ព្រះវិហារ​បរិសុទ្ធ​ខឺតឡង់ ? ប្រហែល​ជា​នរណាម្នាក់​អាច​មក​រៀន​ដោយ​បាន​រៀបចំ​ខ្លួន​ដើម្បី​ជជែក​អំពី​ការលះបង់​ទាំងនេះ ( សូមមើល « A House for Our God » Revelations in Context ទំព័រ ១៦៩–១៧១ ) ។ តើ​យើង​អាច​ធ្វើការ​លះបង់​អ្វី​ខ្លះ ដើម្បី​ទទួល​បាន​ពរជ័យ​នៃ​ព្រះវិហារ​បរិសុទ្ធ​នា​សព្វថ្ងៃ​នេះ ? ប្រហែល​ជា​មាន​សិស្ស​នឹង​ស្ម័គ្រ​ចិត្ត​ចែកចាយ​បទពិសោធន៍​របស់​ពួកគេ ។ ឧទាហរណ៍​សម័យ​ទំនើប​មួយ​ចំនួន​មាន​នៅក្នុង​វីដេអូ « Sealed Together: The Manaus Temple Caravan » និង « Temples Are a Beacon » ( នៅលើ​គេហទំព័រ ChurchofJesusChrist.org ) ។

  • ការសិក្សា​ពី​ការពិពណ៌នា​អំពី​ព្រះអង្គ​សង្គ្រោះ​ដ៏​មាន​ព្រះជន្ម​រស់​នៅក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ១១០:១–១០ គឺជា​របៀប​ដ៏​អស្ចារ្យ​មួយ​ដើម្បី​ស្ថាបនា​សេចក្ដី​ជំនឿ​របស់​យើង​លើ​ព្រះយេស៊ូវ​គ្រីស្ទ ។ អ្នក​អាច​សុំ​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​កត់​ចំណាំ​រូបភាព​នៅក្នុង​ខគម្ពីរ​ទាំងនេះ ហើយ​ពិចារណា​ពី​អ្វី​ដែល​រូបភាព​ទាំងនេះ​បង្រៀន​យើង​អំពី​ព្រះយេស៊ូវ​គ្រីស្ទ ។ តើ​ឃ្លា « កម្រាល​ធ្វើ​ពី​មាស​សុទ្ធ » អាច​តំណាង​ឲ្យ​អ្វី ? ឬ​សំឡេង « ដូច​ជា​សូរ​នៃ​ទឹក​ច្រើន » ?

    រូបភាព
    ផ្នែក​ខាង​ក្នុង​ព្រះវិហារ​បរិសុទ្ធ​ទីក្រុង ខឺតឡង់

    ចុង​បញ្ចប់​នីមួយៗ​នៃ​ព្រះវិហារ​បរិសុទ្ធ​ខឺតឡង់​មាន​វេទិកា​សម្រាប់​ថ្នាក់ដឹកនាំ​បព្វជិតភាព ។

គោលលទ្ធិ និង សេចក្ដី​សញ្ញា ១១០:១១–១៦

កូនសោ​បព្វជិតភាព​ដែល​ត្រូវការ​ដើម្បី​សម្រេច​បាន​កិច្ចការ​របស់​ព្រះ គឺ​នៅក្នុង​សាសនាចក្រ​នា​សព្វថ្ងៃ​នេះ ។

  • ដើម្បី​ជួយ​សមាជិក​ក្នុង​ថ្នាក់​ឲ្យ​យល់​ពី​កូនសោ​បព្វជិតភាព​ដែល​ម៉ូសេ អេលីយ៉ាស និង​អេលីយ៉ា​បាន​ប្រគល់​ដល់​យ៉ូសែប ស្ម៊ីធ និង អូលីវើរ ខៅឌើរី​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ​ខឺតឡង់ អ្នក​អាច​អញ្ជើញ​ពួកគេ​ឲ្យ​អាន និង​ពិភាក្សា​ពី​សេចក្ដី​ថ្លែងការណ៍​នៅក្នុង « ធន​ធាន​បន្ថែម​ទាំង​ឡាយ » រៀងៗ​ខ្លួន ឬ​ជា​ក្រុម ។ ហេតុអ្វី​កូនសោ​ទាំងនេះ​សំខាន់​នៅក្នុង​ជីវិត​របស់​យើង​នា​ពេល​នេះ ? អ្នក​ក៏​អាច​សូម​ឲ្យ​សមាជិក​ក្នុង​ថ្នាក់​ម្នាក់ៗ​ជ្រើសរើស​ព្យាការី​ម្នាក់ ដែល​បាន​ប្រគល់​កូនសោ​ទាំងនោះ​—ម៉ូសេ អេលីយ៉ាស និង អេលីយ៉ា—​ហើយ​រៀន​អំពី​លោក​ក្នុង Bible Dictionary ឬ សេចក្ដី​ណែនាំ​ដល់​បទគម្ពីរ​ទាំងឡាយ ។ តើ​ជីវិត​របស់​ព្យាការី​ទាំងនេះ​បង្រៀន​យើង​អ្វីខ្លះ​អំពី​កូនសោ​ដែល​ពួកលោក​បាន​ប្រគល់​ឲ្យ​នោះ ? ការណ៍​នេះ​អាច​ដឹកនាំ​ទៅ​រក​ការពិភាក្សា​មួយ​អំពី​អ្វី​ដែល​ព្រះអម្ចាស់​រំពឹង​ចង់​ឲ្យ​យើង​ធ្វើ​នា​ពេល​នេះ កាល​ដែល​កូនសោ​ទាំងនេះ​នៅលើ​ផែនដី ។

រូបភាព
រូប​តំណាង​ធន​ធាន​បន្ថែម​នានា

ធន​ធាន​បន្ថែម​ទាំង​ឡាយ

កូនសោ​ផ្ដល់​អំណាច និង​សិទ្ធិ​អំណាច​សម្រាប់​កិច្ចការ​របស់​ព្រះ ។

អែលឌើរ ឃ្វីនថិន អិល ឃុក បាន​ពន្យល់ ៖

« ព្រះវិហារ​បរិសុទ្ធ​ខឺតឡង់ ទាំង​ទីតាំង និង​ទំហំ គឺ​មាន​ទំនាក់ទំនង​មិន​ច្បាស់លាស់ ។ ប៉ុន្តែ​ក្នុង​ន័យ​ដ៏​សំខាន់​របស់​ព្រះវិហារ​បរិសុទ្ធ​នេះ​ចំពោះ​មនុស្ស​លោក វា​គឺជា ឥទ្ធិពល​អស់កល្ប​ជានិច្ច ។ ពួកព្យាការី​បុរាណ​បាន​ស្តារ​កូនសោ​បព្វជិតភាព​សម្រាប់​ពិធីបរិសុទ្ធ​នៃ​សេចក្តីសង្គ្រោះ​អស់កល្ប​នៃ​ដំណឹងល្អ​របស់​ព្រះយេស៊ូគ្រីស្ទ ។ នេះ​ជា​លទ្ធផល​ដែល​ធ្វើ​ឲ្យ​ពួក​សមាជិក​ស្មោះត្រង់​មាន​អំណរ​ដ៏​លើសលុប ។

« កូនសោ​ទាំង​នេះ​ផ្តល់ ‹ ព្រះ​ចេស្ដា​មក​ពី​ស្ថាន​លើ › [ គោលលទ្ធិ និង សេចក្ដី​សញ្ញា ៣៨:៣៨ ] សម្រាប់​ការទទួល​ខុសត្រូវ​ដែល​ព្រះ​បាន​ចាត់​មក ដែល​តាំង​ពីមុន​រហូត​ដល់​ពេល​ឥឡូវ​នេះ​បង្កើត​ជា​គោលបំណង​ចម្បង​នៃ​សាសនាចក្រ  នៅ​ថ្ងៃ​បុណ្យ​អ៊ីស្ទើរ​ដ៏​អស្ចារ្យ​ក្នុង​ព្រះវិហារ​បរិសុទ្ធ​ខឺតឡង់​នោះ កូនសោ​បី​ត្រូវបាន​ស្តារ​ឡើង​វិញ ៖

« ទីមួយ ម៉ូសេ​បាន​បង្ហាញ​កាយ ហើយ​ប្រគល់​កូនសោ​ទាំងឡាយ​នៃ​ការប្រមូល​សាសន៍​អ៊ីស្រាអែល​ពី​ទិស​ទាំង​បួន​នៃ​ផែនដី គឺ​ជា​កិច្ចការ​ផ្សព្វផ្សាយ​សាសនា ។

« ទីពីរ អេលីយ៉ាស​បាន​បង្ហាញ​ខ្លួន ហើយ​ប្រគល់​កូនសោ​គ្រា​កាន់កាប់​ត្រួតត្រា​នៃ​ដំណឹង​ល្អ​របស់​លោក​អ័ប្រាហាំ ដែល​រួមមាន​ទាំង​ការស្តារ​ឡើង​វិញ​នូវ​សេចក្តីសញ្ញា​នៃ​អ័ប្រាហាំ [ សូមមើល អ័ប្រាហាំ ២:៨–១១ ] ។ ប្រធាន រ័សុល អិម ណិលសុន បាន​បង្រៀន​ថា គោលបំណង​នៃ​កូនសោ​សេចក្ដី​សញ្ញា​នេះ​គឺ ដើម្បី​រៀបចំ​សមាជិក​សម្រាប់​នគរ​របស់​ព្រះ [ សូមមើល « សេចក្ដី​សញ្ញា » EnsignLiahona ខែ វិច្ឆិកា ឆ្នាំ ២០១១ ទំព័រ ៨៨ ] ។ …

« ទី​បី អេលីយ៉ា​បាន​បង្ហាញ​ខ្លួនហើយ​ប្រគល់​កូនសោ​នៃ​ការផ្សារភ្ជាប់​នៅក្នុង​គ្រា​កាន់កាប់​ត្រួតត្រា​នេះ គឺ​ជា​កិច្ចការ​ពង្សប្រវត្តិ និង​ពិធី​បរិសុទ្ធ​ក្នុង​ព្រះវិហារ​បរិសុទ្ធ​ដែល​អនុញ្ញាត​ឲ្យ​សេចក្តី​សង្គ្រោះ​មាន​ដល់​មនុស្ស​នៅរស់ និង​មរណជន » ( « ប្រុងប្រៀប​ទៅ​ជួប​ព្រះ » EnsignLiahona ខែ ឧសភា ឆ្នាំ ២០១៨ ទំព័រ ១១៤–១១៥ ) ។

ការ​កែលម្អ​ការ​បង្រៀន​របស់​យើង

អញ្ជើញ​ព្រះវិញ្ញាណ​មក​ក្នុង​ការ​បង្រៀន​របស់​អ្នក ។ « គោលបំណង​ដ៏ធំ​បំផុត​របស់​គ្រូ​បង្រៀន​ដំណឹងល្អ​គ្រប់រូប​—គ្រប់​សំណួរ គ្រប់​បទគម្ពីរ គ្រប់​សកម្មភាព—គឺ​ដើម្បី​អញ្ជើញ​ព្រះវិញ្ញាណ​ឲ្យ​ស្ថាបនា​សេចក្ដីជំនឿ ហើយ​អញ្ជើញ​មនុស្ស​ទាំងអស់​ឲ្យ​មក​រក​ព្រះគ្រីស្ទ ។ … តន្ត្រី​ពិសិដ្ឋ បទគម្ពីរ ពាក្យ​សម្ដី​នៃ​ពួក​ព្យាការី​ថ្ងៃ​ចុង​ក្រោយ ការ​បង្ហាញ​សេចក្ដី​ស្រឡាញ់ និង​ទីបន្ទាល់ ព្រម​ទាំង​គ្រា​នៃ​ការសញ្ជឹង​គិត​ដ៏​ស្ងប់ស្ងាត់​ទាំងអស់​នេះ អាច​អញ្ជើញ​ឲ្យ​មាន​វត្តមាន​នៃ​ព្រះវិញ្ញាណ » ( ការបង្រៀន​តាម​របៀប​របស់​ព្រះអង្គ​សង្គ្រោះ ទំព័រ ១០ ) ។