គោលលទ្ធិ និង​សេចក្តីសញ្ញា ឆ្នាំ ២០២១
ថ្ងៃទី ១១–១៧ ខែ តុលា ។ គោលលទ្ធិ និង សេចក្តី​សញ្ញា ១១៥–១២០ ៖ « ការបូជា​របស់​គាត់​នឹង​បាន​រាប់​ថា​ពិសិដ្ឋ​ដល់​យើង ជាង​ការដំឡើង​របស់​គាត់​ទៅ​ទៀត »


« ថ្ងៃទី ១១–១៧ ខែ តុលា ។ គោលលទ្ធិ និង សេចក្តី​សញ្ញា ១១៥–១២០ ៖ ‹ ការបូជា​របស់​គាត់​នឹង​បាន​រាប់​ថា​ពិសិដ្ឋ​ដល់​យើង ជាង​ការដំឡើង​របស់​គាត់​ទៅ​ទៀត › ចូរ​មក​តាម​ខ្ញុំ—សម្រាប់​សាលា​ថ្ងៃ​អាទិត្យ ៖ គោលលទ្ធិ និង សេចក្តីសញ្ញា ២០២១ ( ឆ្នាំ ២០២០ )

« ថ្ងៃទី ១១–១៧ ខែ តុលា ។ គោលលទ្ធិ និង សេចក្តី​សញ្ញា ១១៥–១២០ » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​សាលា​ថ្ងៃ​អាទិត្យ ៖ ឆ្នាំ ២០២១

រូបភាព
ក្រុង​ហ្វា​វែស្ទ

ក្រុង​ហ្វា​វែស្ទ ដោយ អល រ៉ោនស៍

ថ្ងៃទី ១១–១៧ ខែ តុលា

គោលលទ្ធិ និង សេចក្ដីសញ្ញា ១១៥–១២០

« ការបូជា​របស់​គាត់​នឹង​បាន​រាប់​ថា​ពិសិដ្ឋ​ដល់​យើង ជាង​ការដំឡើង​របស់​គាត់​ទៅ​ទៀត »

ពេល​អ្នក​រៀបចំ​បង្រៀន សូម​ចាំ​ថា គោលដៅ​ចម្បង​របស់​អ្នក​គឺ ដើម្បី​ជួយ​មនុស្ស​ដទៃ​ឲ្យ​ស្ថាបនា​សេចក្ដី​ជំនឿ​លើ​ព្រះយេស៊ូវ​គ្រីស្ទ ។

កត់​ត្រា​ចំណាប់​អារម្មណ៍​របស់​អ្នក

រូបភាព
រូប​តំណាង​ការ​ចែក​ចាយ

អញ្ជើញ​ឲ្យ​ចែក​ចាយ

ពីមុន​អ្នក​ជជែក​អំពី​គោលការណ៍​នានា​មកពី កណ្ឌ​ទី ១១៥–១២០ ដែល​មាន​ន័យ​ដល់​អ្នក សូម​ឲ្យ​សិស្ស​ចែកចាយ​អ្វី​ដែល​មាន​អត្ថន័យ​ដល់​ពួកគេ​សិន ។ ឧទាហរណ៍ អ្នក​អាច​អញ្ជើញ​សិស្ស​ឲ្យ​បំពេញ​ប្រយោគ​នេះ ៖ « ខ្ញុំ​មាន​អំណរគុណ ពេល​ខ្ញុំ​អាន កណ្ឌ​ទី ១១៥–១២០ ពីព្រោះ … » ។

រូបភាព
រូប​តំណាង​ការ​បង្រៀន

បង្រៀន​គោលលទ្ធិ

គោលលទ្ធិ និង សេចក្ដី​សញ្ញា ១១៥:៤–៦

សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុងក្រោយ​គឺជា​កន្លែង​ការពារ និង​ជា​ទីជ្រក​កោន ។

  • សិស្ស​ក្នុង​ថ្នាក់​អាច​ស្រាវជ្រាវ​សារលិខិត​របស់​ប្រធាន រ័សុល អិម ណិលសុន « ឈ្មោះ​ត្រឹមត្រូវ​របស់​សាសនាចក្រ » ( EnsignLiahona ខែ វិច្ឆិកា ឆ្នាំ ២០១៨ ទំព័រ ៨៧–៩០ ) រកមើល​ការយល់ដឹង ដែល​ជួយ​ពួកគេ​ឲ្យ​យល់​ពី ខទី ៤–៦ ។ ហេតុអ្វី​វាសំខាន់​ដែល​ត្រូវ​ប្រើ​ឈ្មោះ​ត្រឹមត្រូវ​របស់​សាសនាចក្រ ?

  • បន្ទាប់​ពីអាន​ជាមួយគ្នា​ក្នុង គោលលទ្ធិ និង សេចក្តី​សញ្ញា ១១៥:៤–៦ សិស្ស​អាច​ពិភាក្សា​គ្នាអំ​ពី​របៀប​ដែល​សាសនាចក្រ និង​សមាជិក​ទាំងឡាយ​គឺ​ដូចជា​ពន្លឺ ឬ​បទដ្ឋាន​មួយ ។ អ្នក​អាច​បង្ហាញ​រូបសើនបញ្ចាំង​ភ្លើង​​នៅ​មាត់​សមុទ្រ​ក្នុង​ពេល​មាន​ព្យុះ ហើយ​សូម​សួរ​សិស្ស​ពី​របៀប​ដែល​វា​ទាក់ទង​ទៅនឹង​សារលិខិត​នៅក្នុង ខទី ៥–៦ ។ តើ​ការប្រមូល​ផ្ដុំ​ទៅកាន់ « ដែនដី​ស៊ីយ៉ូន និង … ស្តេក​ទាំងឡាយ​របស់​នាង » បាន​ផ្ដល់​ដល់​អ្នក​នូវ « ទីជ្រកកោន​ពី​ព្យុះសង្ឃរា » ? ( ខទី ៦ ) ។

    រូបភាព
    ផ្ទះបញ្ចាំងភ្លើង​នៅ​មាត់​សមុទ្រ

    យើង​អាច​ភ្លឺ​ចែងចាំង​ដូចជា​ពន្លឺ​បាន ដើម្បី​ជួយ​មនុស្ស​ដទៃ​ឲ្យ​រកឃើញ​ទីជ្រកកោន​នៅក្នុង​សាសនាចក្រ​នេះ ។

គោលលទ្ធិ និង សេចក្តីសញ្ញា ១១៧

ការបូជា​របស់​យើង​គឺ​ពិសិដ្ឋ​ចំពោះ​ព្រះអម្ចាស់ ។

  • សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ស្រមៃ​ថា ពួកគេ​គឺជា នូវល ខេ វិតនី ឬ​ភរិយា​របស់​លោក អេលីហ្សាប៊ែត ដែល​ជា​ម្ចាស់​ហាង​ដ៏​ជោគជ័យ​ម្នាក់​នៅ​ទីក្រុង​ខឺតឡង់ ប៉ុន្ដែ​ត្រូវបាន​សុំ​ដោយ​ព្រះអម្ចាស់​ឲ្យ​ចាកចេញ​ពី​ទ្រព្យ​សម្បត្តិ​របស់​ពួកគេ ហើយ​ប្ដូ​ទៅ​នៅ​រដ្ឋ​មិសសួរី ។ រួច​ហើយ​ពួកគេ​អាច​អាន ខទី ១–១១ ហើយ​ចែកចាយ​អ្វីមួយ​ដែល​ព្រះអម្ចាស់​បាន​មាន​បន្ទូល​ថា នឹង​ជួយ​ពួកគេ​ឲ្យ​ធ្វើការ​បូជា​នេះ ។

  • រូបភាពផ្សេងៗអាច​ជួយ​សិស្ស​ឲ្យ​ពិចារណា​ពី​ពាក្យ « តំណក់ » ដែល​ពេលខ្លះ​យើង​ចង់​បាន​ជាង « សេចក្ដី​ដែល​មាន​ទម្ងន់​ជាង » ( ខទី ៨ ) ។ សូម​ពិចារណា​បង្ហាញ​វត្ថុ​ដូចជា ទឹក​មួយ​តំណក់ និង​ដបទឹក​មួយ​ដប ឬ​សូកូឡា​មួយ​ដុំ​តូច និង​នំ​សូកូឡា​មួយ​បន្ទះ ។ ប្រហែល​សិស្ស​អាច​គិត​ដល់​ឧទាហរណ៍​ផ្សេងទៀត ។ អ្នក​ក៏​អាច​សរសេរ​ពាក្យ តំណក់ និង សេចក្ដី​ដែល​មាន​ទម្ងន់​ជាង ដាក់​លើ​ក្ដារខៀន ហើយ​សូម​ឲ្យ​សិស្ស​រាយ​បញ្ជី​នូវ​ឧទាហរណ៍​អ្វីៗ​ដែល​យើង​អាច​ត្រូវ « ឲ្យ » ( ខទី ៥ ) ដើម្បី​ទទួល​បាន « ​ផល​ជា​បរិបូរ​ » របស់​ព្រះ ( ខទី ៧ ) ។

  • ប្រសិនបើ​សិស្ស​ក្នុង​ថ្នាក់​មាន​ចំណាប់​អារម្មណ៍​ណាមួយ ខណៈ​អាន​បន្ទូល​របស់​ព្រះអម្ចាស់​អំពី អូលីវើរ គ្រែនជើរ នៅក្នុង ខទី ១២–១៥ សូម​អញ្ជើញ​ឲ្យ​ពួកគេ​ចែកចាយ ។ ហេតុអ្វី​ការបូជា​របស់​យើង​អាច​ពិសិដ្ឋ​​ចំពោះ​ព្រះអម្ចាស់ ជាង​ការតម្កើងឡើង​របស់​យើង​ទៅទៀត ?

គោលលទ្ធិ និង សេចក្តីសញ្ញា ១១៩–១២០

តាមរយៈ​ការបង់​ដង្វាយ​មួយ​ភាគ​ក្នុង​ដប់ យើង​ជួយ​កសាង និង « ញែក​ដែនដី​ស៊ីយ៉ូន​ចេញ​ជា​បរិសុទ្ធ » ។

  • សូម​ស្រមៃ​ពី​កម្លាំង​ខាង​វិញ្ញាណ ដែល​អាច​កើត​ចេញពី​សិស្ស​ក្នុង​ថ្នាក់ ពេល​ចែកចាយ​ដល់​គ្នា​នូវ​ពរជ័យ​ដែល​ពួកគេ​បាន​ទទួល​មកពី​ការគោរព​តាម​ក្រឹត្យវិន័យ​នៃ​ដង្វាយ​មួយ​ភាគ​ក្នុង​ដប់ ។ ពួកគេ​ក៏​អាច​អាន​ក្នុង គោលលទ្ធិ និង សេចក្ដី​សញ្ញា ១១៩:៦ ហើយ​ពិភាក្សា​ពី​របៀប​ដែល​ក្រឹត្យវិន័យ​នេះ​អាច « ញែក​ដែនដី​ស៊ីយ៉ូន​ចេញ​ជា​បរិសុទ្ធ » ហើយ​ធ្វើ​ឲ្យ​វួដ ឬ​សាខា​របស់​យើង​ជា « ដែនដី​ស៊ីយ៉ូន​ចេញ​ជា​បរិសុទ្ធ​ដល់​យើង » ។ ពួកគេ​ក៏​អាច​អាន ម៉ាឡាគី ៣:៨–១២ ដើម្បី​រកមើល​ពរជ័យ​មកពី​ការបង់​ដង្វាយ​មួយ​ភាគ​ក្នុង​ដប់ ដែល​ព្រះអម្ចាស់​សន្យា ។

  • ប្រសិនបើ​សិស្ស​ក្នុង​ថ្នាក់​មាន​សំណួរ​អំពី​របៀប​ដែល​ដង្វាយ​មួយ​ភាគ​ក្នុង​ដប់​ត្រូវបាន​ប្រើប្រាស់ អ្នក​អាច​អញ្ជើញ​ពួកគេ​ឲ្យ​អាន កណ្ឌ​ទី ១២០ និង​ការពន្យល់​នៅក្នុង « ធន​ធាន​បន្ថែម​ទាំង​ឡាយ » ។ ( អែលឌើរ ដាវីឌ អេ បែដណា ក៏​បាន​ផ្ដល់​ការពិពណ៌នា​ដ៏​មាន​ប្រយោជន៍​មួយ​នៅក្នុង « បង្អួច​នៃ​ស្ថានសួគ៌ » ផងដែរ [ EnsignLiahona ខែ វិច្ឆិកា ឆ្នាំ ២០១២ ទំព័រ ១៩–២០ ] ) ។ តើ​យើង​អាច​ជួយ​មនុស្ស​ដទៃ​ឲ្យ​បង្កើន​សេចក្ដីជំនឿ​របស់​ពួកគេ​លើ​ក្រឹត្យវិន័យ​នៃ​ដង្វាយ​មួយ​ភាគ​ក្នុង​ដប់​របស់​ព្រះអម្ចាស់​បាន​យ៉ាង​ដូចម្ដេច ?

រូបភាព
រូប​តំណាង​ធន​ធាន​បន្ថែម​នានា

ធន​ធាន​បន្ថែម​ទាំង​ឡាយ

ក្រុមប្រឹក្សា​លើ​ការរៀបចំ​ដង្វាយ​មួយ​ភាគ​ក្នុង​ដប់ ។

អែលឌើរ រ៉ូបឺត ឌី ហែល បាន​មាន​ប្រសាសន៍ ៖

« ដូច​ដែល​បាន​បើក​សម្តែង​ដោយ​ព្រះអម្ចាស់ នោះ ការប្រើប្រាស់​ដង្វាយ​មួយ​ភាគ​ក្នុង​ដប់​ត្រូវ​បាន​សម្រេច​ដោយ​ក្រុមប្រឹក្សា​មួយ​ដែល​រួម​មាន​គណៈប្រធានទីមួយ កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ និង គណៈប៊ីស្សព​ជា​អធិបតី ។ ជាពិសេស​ព្រះអម្ចាស់​បាន​ថ្លែង​ថា កិច្ចការ​ក្រុមប្រឹក្សា​ត្រូវ​បាន​ដឹកនាំ ‹ ដោយ​សំឡេង​យើង​ផ្ទាល់​ដល់​ពួកគេ › [ គោលលទ្ធិ និង សេចក្ដី​សញ្ញា ១២០:១ ] ។ ក្រុមប្រឹក្សា​នេះ​ត្រូវបាន​ហៅ​ថា​ក្រុមប្រឹក្សា​លើ​ការរៀបចំ​ដង្វាយ​មួយ​ភាគ​ក្នុង​ដប់ ។

« វា​ជា​ការណ៍​មួយ​អស្ចារ្យ​ដើម្បី​ឃើញ​ថា​ក្រុមប្រឹក្សា​នេះ​ស្តាប់តាម​សំឡេង​របស់​ព្រះអម្ចាស់ ។ សមាជិក​ម្នាក់ៗ​ដឹង និង ចូលរួម​នៅ​ក្នុង​គ្រប់​ការសម្រេច​ចិត្ត​ទាំងអស់​របស់​ក្រុមប្រឹក្សា ។ គ្មាន​ការសម្រេច​ណា​មួយត្រូវ​បាន​ធ្វើឡើង​ឡើយ រហូត​ទាល់​តែមាន​ការមូលមតិជា​ក្រុមប្រឹក្សា ។ គ្រប់​មូលនិធិ​ដង្វាយ​មួយ​ភាគ​ក្នុង​ដប់​ត្រូវ​បាន​ចំណាយ​សម្រាប់​គោលបំណង​របស់​សាសនាចក្រ រួមមាន​សុខុមាលភាព—ការថែទាំ​ដល់​អ្នក​ទ័លក្រ និង ជនទុរគត—ព្រះវិហារ​បរិសុទ្ធ ការសាងសង់ និង​ការថែទាំ​សាលាប្រជុំ ការអប់រំ កម្មវិធី​សិក្សា—និយាយ​ឲ្យ​ខ្លី​គឺ​កិច្ចការ​របស់​ព្រះអម្ចាស់ ។…

« … ខ្ញុំ​ថ្លែង​ទីបន្ទាល់​របស់​ខ្ញុំ​អំពី​ក្រុមប្រឹក្សា​លើ​ការរៀបចំ​ដង្វាយ​មួយ​ភាគ​ក្នុង​ដប់ ។ ខ្ញុំ​បាន​អង្គុយ​នៅ​ក្នុង​ក្រុម​ប្រឹក្សា​នោះ​អស់​រយៈពេល ១៧ ឆ្នាំ ក្នុង​នាម​ជា​ប៊ីស្សព​ជា​អធិបតី​នៃ​សាសនាចក្រ ហើយ​ឥឡូវ​ជា​សមាជិក​នៃ​កូរ៉ុម​នៃ​ពួក​សាវក​ដប់​ពីរ​នាក់ ។ គ្មាន​ករណី​លើកលែង​ឡើយ មូលនិធិ​ដង្វាយ​មួយ​ភាគ​ក្នុង​ដប់​នៃ​សាសនាចក្រ​ត្រូវ​បាន​ប្រើប្រាស់​សម្រាប់​គោលបំណង​របស់​ទ្រង់ » ( « Tithing: A Test of Faith with Eternal Blessings » EnsignLiahona ខែ វិច្ឆិកា ឆ្នាំ ២០០២ ទំព័រ ២៨ ) ។

ការ​កែលម្អ​ការ​បង្រៀន​របស់​យើង

អញ្ជើញសិស្ស​ឲ្យ​បង្រៀន​គ្នា​ទៅវិញ​ទៅ​មក ។ « វា​អាច​នឹង​សមរម្យ​ដើម្បី​អញ្ជើញ​អ្នករៀន​ឲ្យ​ជួយ​ដល់គ្នា​ទៅវិញទៅមក​ដើម្បី​ស្វែងរក​ចម្លើយ​ចំពោះ​សំណួរ​របស់​ពួកគេ ។ នៅពេល​ត្រូវ​បាន​បំផុសគំនិត​ដោយ​ព្រះវិញ្ញាណ អ្នក​អាច​សម្រេច​ចិត្ត​ធ្វើ​ការណ៍​នេះ ទោះជា​អ្នក​មាន​អារម្មណ៍​ថា អ្នកដឹង​ចម្លើយ​ក្ដី » ( ការបង្រៀន​តាម​របៀប​របស់​ព្រះអង្គ​សង្គ្រោះ ទំព័រ ២៤ ) ។