ថ្នាក់​សិក្ខាសាលា
វាយតម្លៃ​ការរៀនសូត្រ​របស់អ្នក​ទី ៨ ៖ នីហ្វៃ​ទី ៣ ៨–មរមន ៦


« វាយតម្លៃ​ការរៀនសូត្រ​របស់អ្នក​ទី ៨ ៖ នីហ្វៃ​ទី ៣ ៨–មរមន ៦ » ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូបង្រៀន ( ឆ្នាំ ២០២៤ )

« វាយតម្លៃ​ការសិក្សា​របស់អ្នក​ទី ៨ » ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូបង្រៀន

វាយតម្លៃ​ការរៀនសូត្រ​របស់អ្នក​ទី ៨

នីហ្វៃ ទី ៣ ៨មរមន ៦

រូបភាព
កូនរុក្ខជាតិ​មានដំណាក់កាល​លូតលាស់​ផ្សេងៗគ្នា

សូម​ពិចារណា និង​វាយតម្លៃ​លើការរៀនសូត្រ​ខាង​វិញ្ញាណ​របស់អ្នក អាចជួយ​អ្នកឲ្យ​ខិតទៅ​កាន់តែ​ជិត​ព្រះអង្គសង្គ្រោះ​បាន ។ មេរៀននេះ​មានគោលបំណង​ជួយឲ្យអ្នក​វាយតម្លៃគោលដៅ​ដែលអ្នក​បានដាក់ និង​ការរីកចម្រើន​ដែលអ្នក​បានដក​ពិសោធន៍​ក្នុងអំឡុង​ពេលការសិក្សាថ្មីៗ​របស់អ្នក​អំពី នីហ្វៃ​ទី ៣ ៨ ទៅដល់ មរមន ៦ ។

ការពិនិត្យមើល​ពីមុន​ការហោះហើរ

ប្រធាន ឌៀថើរ អេហ្វ អុជដូហ្វ អតីត​គណៈប្រធាន​ទីមួយ​បានចែកចាយ​មេរៀនដ៏​សំខាន់មួយ ដែល​លោក​បាន​រៀនកាលពី​ជំនាន់​របស់លោក​ក្នុងនាម​ជាអ្នកបើក​យន្តហោះ ៖

ក្នុងការ​បើកយន្តហោះ អ្នករៀន​យ៉ាងឆាប់រហ័ស​ពីផ្លូវ​ហោះហើរ​របស់អ្នក ពឹងផ្អែក​យ៉ាងខ្លាំង​ទៅលើ​របៀប​ដែលអ្នក​គ្រប់គ្រង​ឥទ្ធិពល​ឧបសគ្គពី​ខាងក្រៅ ដែលមាន​ដូចជាខ្យល់ និង​អាកាសធាតុ ។ ទោះជា​យ៉ាងនេះក្តី អ្វីដែលសំខាន់​ជាងនេះទៅ​ទៀតនោះ គឺការ​សម្រេចចិត្ត​ក្នុង​ការឆ្លើយតប​ទៅនឹង​ឥទ្ធិពល​ខាងក្រៅ​ទាំងនោះ ។ … ដើម្បីជួយ​ដល់ការសម្រេចចិត្ត​ទាំងនោះ​ឲ្យ​បានត្រឹមត្រូវ គឺត្រូវដឹង​អំពី​ទីតាំង​ពិតប្រាកដ​របស់​បងប្អូន ។ ( ឌៀថើរ អេហ្វ អុជដូហ្វ « As You Embark upon This New Era » BYU Speeches ថ្ងៃទី ២៣ ខែ មេសា ឆ្នាំ ២០០៩ ទំព័រ ៤ )

  • ហេតុអ្វីបាន​ជាវាមាន​សារៈសំខាន់​សម្រាប់​អ្នកបើក​យន្តហោះ​ក្នុងការដឹង​អំពី​ទីតាំងពិត​របស់ខ្លួនឯង​មុនធ្វើការ​សម្រេចចិត្ត​ណាមួយ​នោះ ?

  • តើគំរូរបស់​អ្នកបើក​យន្តហោះ​ដែល​ស្គាល់​ទីតាំង​ពិតប្រាកដ​របស់គាត់ ឬ​នាង​ទាក់ទង​ទៅ​នឹង​ការកែលម្អ​ខ្លួន​របស់​អ្នក​ខាងវិញ្ញាណ​ឲ្យ​បានប្រសើរឡើង​ដោយ​របៀប​ណា ?

មុនពេល​ពិនិត្យមើល​ប្រធានបទ​ជាក់លាក់​ដែលអ្នក​បានរៀនសូត្រ​នៅក្នុង​ថ្នាក់សិក្ខាសាលា សូម​ពិចារណា​គិតអំពី​អ្វីដែល​ជាទូទៅ​ធ្វើឲ្យអ្នក​មានចំណាប់​អារម្មណ៍ខ្លាំង​ថែមទៀត ។ សំណួរ​ខាងក្រោម​នេះអាច​ជួយបាន ។ សូម​ពិចារណា​កត់ត្រាចម្លើយ​របស់អ្នក​នៅក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​របស់អ្នក ។

  • តើអ្នក​បាន​រៀន​អ្វីខ្លះ​មកពីការសិក្សា​នាពេលថ្មីៗ​នេះ​របស់អ្នក ដែល​មាន​ផ្តល់​ផលវិជ្ជមាន​បំផុត ?

  • តើអ្នកបាន​សង្កេត​ឃើញ​ការប្រែប្រួល​អ្វីខ្លះក្នុង​អារម្មណ៍ និង​អាកប្បកិរិយា​របស់​អ្នកកាលពីពេល​ថ្មីៗនេះ ?

  • តើមាន​របៀប​ណាខ្លះ​ដែលអ្នក​បានអនុវត្ត​នូវអ្វី​ដែលអ្នក​កំពុងរៀន ?

ការពន្យល់​អំពី​គោលលទ្ធិ​នៃ​ព្រះគ្រីស្ទ

អ្នកប្រហែលជា​ចាំ​បាន​ថា នៅ​រយៈពេល​មិន​យូរ​ប៉ុន្មាន​ក្រោយពេល​ដែល​ព្រះអង្គសង្គ្រោះ​មាន​ព្រះជន្មរស់​ឡើងវិញ​ បានបង្ហាញ​អង្គទ្រង់​ទៅដល់​ពួកសាសន៍​នីហ្វៃ​ជាលើកដំបូង ទ្រង់បាន​ចែកចាយ​សេចក្ដីពិត​សំខាន់ៗ​អំពីអ្វីដែលយើង​ត្រូវធ្វើ ដើម្បីទទួល​បានពរជ័យ​នៃជីវិត​ដ៏​នៅ​អស់​កល្បជានិច្ច ( សូមមើល នីហ្វៃ​ទី ៣ ១១:៣១–៣៩ និង នីហ្វៃ​ទី ៣ ២៧:១៣–២២ ) ។ ជា​ញឹកញាប់ យើង​ច្រើនតែ​យោងទៅ​លើការបង្រៀន​ទាំងនេះថាជា « គោលលទ្ធិនៃ​ព្រះគ្រីស្ទ » ( នីហ្វៃ​ទី ២ ៣១:២១ ) ។ អ្នកនឹង​មាន​ឱកាសពន្យល់​អំពី​ការបង្រៀនរបស់​ព្រះអង្គសង្គ្រោះ ដោយ​គំនិតផ្ទាល់ខ្លួន​របស់អ្នក​ដោយប្រើ​សាច់រឿង​ខាងក្រោម ៖

សូម​ស្រមៃ​ថា អ្នក​មាន​មិត្ត​ម្នាក់​ឈ្មោះ ចូស ដែល​បាន​ចាប់អារម្មណ៍​នឹង​សាសនាចក្រ ។ ទោះជាគាត់​មាន​អារម្មណ៍​ល្អ​អំពីអ្វី​ដែល​គាត់​កំពុង​រៀន​ក៏ដោយ តែ​គាត់​មិន​យល់ឃើញ​ថា គាត់​ចាំបាច់​ត្រូវទទួល​ការជ្រមុជទឹក​នោះទេ ។

រូបភាព
រូបតំណាង​កំណត់ត្រា
  1. សូម​ឆ្លើយ​សំណួរ​ខាង​ក្រោម​នេះ ៖

    • តើ​ខគម្ពីរ​មួយណា​មកពី​ព្រះគម្ពីរមរមន ដែលអ្នកអាច​នឹងប្រើ​ដើម្បី​ជួយដល់ ចូស ឲ្យយល់​អំពី​គោលលទ្ធិនៃ​ព្រះយេស៊ូវ​គ្រីស្ទ ? ( ប្រសិនបើ​អ្នកមិនដឹង​ប្រាកដថា ត្រូវចាប់ផ្តើម​ពីចំណុច​ណា​នោះ​ទេ អ្នកអាច​មើលទៅ នីហ្វៃ​ទី ៣ ១១:៣១–៣៩នីហ្វៃ​ទី ៣ ២៧:១៣–២២ បាន ) ។

    • តើ​អ្នកគិតថា ការបង្រៀន​របស់ព្រះអង្គ​សង្គ្រោះនៅ​ក្នុង​ខគម្ពីរ​ទាំងនេះអាច​ជួយដោះស្រាយ​បញ្ហាបារម្ភ​របស់ ចូស បាន​ដោយ​របៀប​ណា ?

សូម​ពិចារណា​ពី​អារម្មណ៍​របស់អ្នក​អំពី​ព្រះយេស៊ូវគ្រីស្ទ

ព្រះគម្ពីរ គឺជា​ធនធាន​ដ៏មានតម្លៃ​សម្រាប់យើង​ក្នុងការ​ស្វែងយល់​បន្ថែមអំពី​បុគ្គលិកលក្ខណៈ​របស់​ព្រះយេស៊ូវ​គ្រីស្ទ ។ នៅក្នុង​មេរៀនជាច្រើន​ដែល​ចាប់ផ្តើមពី នីហ្វៃ​ទី ៣ ៨–១០ អ្នកត្រូវបាន​អញ្ជើញឲ្យ​ធ្វើបញ្ជី​អំពីអ្វី​ដែលអ្នក​បានរៀន​អំពី​ព្រះយេស៊ូវគ្រីស្ទ នៅខណៈពេល​ដែល​ទ្រង់បាន​បម្រើដល់​ពួកសាសន៍​នីហ្វៃ បន្ទាប់ពី​ការមាន​ព្រះជន្ម​រស់ឡើងវិញ​របស់ទ្រង់ ។ អ្នកក៏​ប្រហែលជា​ទទួលបាន​បទពិសោធន៍​ខ្លះរួចហើយ​ផងដែរ នៅពេល​ដែល​អ្នកបាន​ស្រមៃ​ថាអ្នកស្ថិតនៅ​ក្នុងស្ថានភាព ដែល​ព្រះអង្គសង្គ្រោះ​កំពុង​បម្រើដល់​ពួកសាសន៍​នីហ្វៃ ។ ការពិចារណា​អំពី​កំណត់ចំណាំ​របស់អ្នក ឬ​អំពី​គ្រា​ខ្លះៗដែល​អ្នកបាន​នឹកគិត​ក្នុងចិត្ត ដែលអាច​ជួយ​អ្នក​ឲ្យ​ទទួល​អារម្មណ៍​នៃ​ក្តី​ស្រឡាញ់​ចំពោះ និង​មកពី​ព្រះអង្គសង្រ្គោះ ។

សូមចំណាយពេល​ពីរបីនាទី ដើម្បី​ពិនិត្យ​បញ្ជី​របស់អ្នក​ឡើងវិញ​នៅក្នុង​សៀវភៅ​កំណត់​ហេតុការសិក្សា​របស់អ្នក ដោយ​រកមើលអ្វី​ដែលអ្នក​បាន​រៀនអំពី​ព្រះគ្រីស្ទ ដែល​ប្រហែលជា​អាច​ជះឥទ្ធិពល​ទៅលើ​អារម្មណ៍​របស់​អ្នក​អំពី​ទ្រង់ ។ ជម្រើស​មួយទៀត អ្នក​អាចមើល​ក្បាលជំពូក ឬ​បទគម្ពីរ​ដែលអ្នក​បាន​គូសចំណាំ​នៅក្នុង​ការសិក្សា​របស់អ្នក​អំពី នីហ្វៃ​ទី ៣ ដោយមាន​ការគិត​ដូចគ្នា ។

រូបភាព
រូបតំណាង​កំណត់ត្រា
  1. សូម​ឆ្លើយ​សំណួរ​ខាង​ក្រោម​នេះ ៖

    • តើមាន​ចំណុច​សំខាន់​បំផុត​អ្វីខ្លះ​ដែលអ្នកបាន​រៀនសូត្រ ឬ​មាន​អារម្មណ៍​គិតអំពី​ព្រះយេស៊ូវគ្រីស្ទ នៅពេល​ដែលអ្នក​សិក្សា​ការបម្រើ​របស់ទ្រង់​ទៅដល់​ពួកសាសន៍​នីហ្វៃ ? ហេតុអ្វី ?

ការចូលរួម​ក្នុងការប្រមូល​សាសន៍​អ៊ីស្រាអែល

នៅពេល​អ្នក​បានសិក្សា​នៅ នីហ្វៃ​ទី ៣ ១៥–១៦; ២០–២២ និង ២៥ អ្នកបាន​រៀនសូត្រ​អំពី​សេក្តីប្រាថ្នា​របស់​ព្រះអម្ចាស់​ក្នុង​ការប្រមូល​សាសន៍​អ៊ីស្រាអែល ។ អ្នកប្រហែលជា​បានធ្វើ​ផែនការ​ដើម្បីជួយ​ដល់​នរណាម្នាក់ ឲ្យ​ចូលមក​ជិត​ព្រះយេស៊ូវគ្រីស្ទ ហើយ​ចូលរួមក្នុង​កិច្ចការព្រះ​វិហារបរិសុទ្ធនិងពង្សប្រវត្តិ ។

សូមចំណាយ​ពេលបន្តិចដើម្បី​ពិនិត្យមើល​ផែនការ ដែល​អ្នកប្រហែលជា​បានធ្វើនា​ពេលថ្មីៗនេះ​ឡើងវិញ ដើម្បីជួយ​ដល់​ការចូលរួម​នៅក្នុង​ការប្រមូល​សាសាន៍​អ៊ីស្រាអែល ។

សូមប្រើប្រាស់​សំណួរ​មួយចំនួន ឬទាំងអស់​ខាងក្រោម ដើម្បីជួយ​វាយតម្លៃពី​ភាពរីកចម្រើន​របស់អ្នក​ជាមួយនឹង​ផែនការ​របស់អ្នក ៖

  1. សូម​ឆ្លើយ​សំណួរ​ខាងក្រោម​នេះ​យ៉ាងហោច​ណាស់​ឲ្យ​បាន​ពីរ ។

    • តើអ្នក​បានធ្វើអ្វីខ្លះដើម្បីអនុវត្ត​ផែនការ​របស់អ្នក ?

    • តើអ្នក​បានរៀនសូត្រ​អ្វីខ្លះពី​ការអនុវត្ត​ផែនការ​របស់អ្នក ? តើអ្នក​ទទួលបាន​ការរីកចម្រើន​ដោយ​របៀប​ណា ?

    • តើមាន​អ្វីខ្លះ​ដែលអ្នក​នៅតែ​ចង់ធ្វើ​ដើម្បី​ចូលរួម​ក្នុង​ការប្រមូល​សាសន៍​អ៊ីស្រាអែល ?