ថ្នាក់​សិក្ខាសាលា
មរមន ៣–៦ ៖ ការធ្លាក់​នៃ​ជាតិ​សាសន៍​នីហ្វៃ


« មរមន ៣–៦ ៖ ការធ្លាក់​នៃ​ជាតិ​សាសន៍​នីហ្វៃ » ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូបង្រៀន ( ឆ្នាំ ២០២៤ )

« មរមន ៣–៦ » ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូបង្រៀន

មរមន ៣–៦

ការធ្លាក់​នៃ​ជាតិ​សាសន៍​នីហ្វៃ

រូបភាព
ចម្បាំង​ចុងក្រោយ​របស់​ពួកសាសន៍​នីហ្វៃ

តើ​អ្នក​ធ្លាប់ព្រួយ​បារម្ភ​ពីនរណាម្នាក់​ដែល​អ្នក​ស្រឡាញ់​ដែរឬទេ ? ថែ្លង​ទៅកាន់​មនុស្ស​ដែល​នៅជុំវិញ​លោក មរមន​បាន​មានប្រសាសន៏ថា « ខ្ញុំបាន​ដឹកនាំ​ពួកគេ … ហើយ​បាន​ស្រឡាញ់​ពួកគេ … ដោយអស់​ពីដួងចិត្ត » ( មរមន ៣:១២ ) ។ ទោះ​ជាយ៉ាងណា មរមន​បាន​ព្រួយបារម្ភ និង​កាន់ទុក្ខ​ចំពោះ​ប្រជាជន​របស់​លោក នៅពេល​​ពួកគេ​បាន​ប្តូរទៅ​រក​សេចក្តីបំផ្លិចបំផ្លាញ ដោយសារ​ពួកគេបាន​បដិសេធ​មិន​ត្រឡប់​មក​សុំ​ជំនួយ​ពី​ព្រះ ។ មេរៀន​នេះ​អាច​ជួយឲ្យ​អ្នកដឹង​ក្នុងចិត្ត​អំពី​សារៈសំខាន់​នៃ​ត្រឡប់មក​រក​ព្រះវរបិតាសួគ៌ និង​ព្រះអង្គសង្គ្រោះ​នៅក្នុង​ជីវិត​របស់អ្នក ។

តើ​អ្នក​នឹង​ធ្វើអ្វីខ្លះ ?

អែលឌើរ ស្ពែនស៊ើរ ជេ ខនឌី នៃ​ពួកចិតសិប​នាក់ បានប្រាប់​អំពី​សាច់រឿង​របស់​បុរសម្នាក់​ឈ្មោះ មួររ៉េ លីង ដែលកំពុង​បើកឡាន​ឆ្លងស្ពាន​នៅពេល​យប់ កាល​ដែលគាត់​ឃើញឡាន​ដែលនៅ​ខាងមុខ​គាត់​នោះ​បានបាត់​ចេញទៅ​ណាភ្លាមៗ ។ ស្ពាន​មួយ​កំណាត់់​ធំ​ដែល​នៅពីមុខ​គាត់បាន​បាក់ ។ មួររ៉េ​បានជាន់​ហ្រ្វាំង​បញ្ឈប់​ឡានទាន់​ពេលវេលា ។

  • ប្រសិនបើ​អ្នក​ស្ថិត​នៅក្នុង​ស្ថានភាព​របស់ មួររ៉េ វិញ តើ​អ្នកនឹង​ត្រូវ​ធ្វើអ្វី​មុនគេ​បង្អស់​ក្រោយពេល​បញ្ឈប់ឡាន​របស់អ្នក​រួចហើយ​នោះ ?

សូម​អានអំពី​ដំណើររឿង​ខាងក្រោមនេះ​អំពីអ្វី​ដែល មួររ៉េ បាន​ជ្រើសរើស​ធ្វើ ។ អ្នកគួរ​មើល​វីដេអូ « Prophets Warning » ដែលមាន​នៅ​លើ​គេហទំព័រ ChurchofJesusChrist.orgចាប់ពី​នាទី ទី ពី ០:០០ ដល់ ០:៥៨ ។

មួររ៉េ … បាន​ចាប់ផ្តើម​ព្រមានប្រាប់​ដល់​រថយន្ត​ដែល​បានធ្វើ៍​ចរាចរណ៍​មកខាង​ក្រោយៗ​អំពី​គ្រោះថ្នាក់​ដែល​មាន​នៅខាងមុខ ។ នៅខណៈពេល​ដែលគាត់​កំពុងគ្រវី​ដៃ​របស់គាត់​ទាំងភ័យញ័រ​ផងនោះ ក៏មាន​រថយន្ត​មួយគ្រឿង​ទៀត « បានបត់​ឆែវ​នៅជិតគាត់ ហើយក៏បាន​ធ្លាក់ចូល​ទៅក្នុង​អន្លង់ជ្រៅ » ( ស្តេហ្វិន ចន សុន « នៅជាប់​នឹងគែម ! » Reader’s Digest ខែ វិច្ឆិកា ឆ្នាំ ១៩៧៧ ទំព័រ ១២៨ ) ។ រថយន្ត​ទីពីរ​បាន​បញ្ឈប់​ទាន់ពេល ប៉ុន្តែ​រថយន្ត​ទីបី​មិន​បានមើលឃើញ​សញ្ញាប្រាប់​ឲ្យបន្ថយល្បឿន ហើយក៏បាន​ទៅបុកនឹង​រថយន្ត​របស់លីង ដែលនៅ​ជាប់នឹង​គែមស្ពាន ។

រំពេចនោះ ស្រាប់តែមាន​រថយន្តក្រុង​ដឹក​អ្នកដំណើរ​ពេញ​មួយគ្រឿង​បាន​បោះពួយ​ឆ្ពោះ​ទៅ មួររ៉េ ដោយមិនបាន​មើលឃើញ​គាត់​កំពុង​គ្រវីដៃ​ឲ្យ​ជា​សញ្ញា​នោះ​ទេ ។ ( ស្ពែនស៊ើរ ជេ ខនឌី « A Mighty Change of Heart » Ensign ខែ វិច្ឆិកា ឆ្នាំ ១៩៩៣ ទំព័រ ១៧ )

  • ប្រសិនបើ​អ្នក​ស្ថិត​នៅក្នុង​ស្ថានភាព​របស់ មួររ៉េ តើ​អ្នកមាន​អារម្មណ៍​បែបណា នៅពេល​ដែល​មនុស្សធ្វើ​មិនអើពើ​នឹងអ្នក​បែបនេះ ? តើ​អ្នកនឹង​បោះបង់ចោល​ការខិតខំ​ព្យាយាម​ជួយ​សង្គ្រោះ​ដល់​ពួកគេ​ដែរ​ឬ​ទេ ? ហេតុអ្វី​បោះបង់​ចោល ឬ​ហេតុអ្វី​មិនបោះបង់​ចោល ?

ដូចជា មួររ៉េ លីង ដែរ មរមន​បាន​មើលឃើញ​ថា ប្រជាជន​របស់​លោក​កំពុង​ឆ្ពោះទៅ​រក​ការបំផ្លិចបំផ្លាញ ។ ក្នុងនាម​ជា​អ្នកដឹកនាំ​របស់​កងទ័ព​ពួកសាសន៍​នីហ្វៃ និង​ក្នុងនាមជា​ព្យាការី​របស់ព្រះ មរមន​បានធ្វើអ្វីៗ​គ្រប់យ៉ាង​ដែល​លោកអាច​ធ្វើបាន ដើម្បី​ព្រមាន​ប្រាប់ដល់​ពួកគេ ការពារ​ពួកគេ និង​បង្រៀន​ពួកគេ​អំពី​ព្រះអង្គសង្គ្រោះ​របស់​ពួកគេ ។ តែគួរឲ្យ​សោកស្តាយ ប្រជាជន​របស់​លោក​ភាគច្រើន​បំផុតមិន​បាន​អើពើ ឬ​បដិសេធ​ទៅលើ​ការងារ​ខិតខំ​ប្រឹងប្រែង​របស់​មរមន ។

គ្រោះថ្នាក់​មាននៅ​ចំពោះ​មុខ​ប្រជាជន​របស់​មរមន

ដោយ​មាន​ការញាណ​ដឹង​មុន​របស់ទ្រង់ ព្រះ​បាន​ព្រមានដល់​ពួកសាសន៍​នីហ្វៃ​អស់​រយៈពេល​រាប់រយ​ឆ្នាំ​អំពីអ្វី​ដែល​នឹងកើត​ឡើង ប្រសិនបើ​ពួកគេ​នៅតែ​បន្ត​បះបោរ​ប្រឆាំងនឹង​ទ្រង់ ។

ចូរមើល​ពី​ឧទាហរណ៍​មួយ សូមអាន ហេលេមិន ១៣:៨–១០ ដោយ​រកមើល​អំពី​ការព្យាករណ៍​មួយ ដែលព្រះ​បាន​ធ្វើ​តាមរយៈ​សាំយូអែល​ជាសាសន៍​លេមិន អស់រយៈពេល​ប្រហែលជាង ៣០០ ឆ្នាំ មុនពេល​ដែល​មរមនកើត ។ នៅពេល​ដែល​អ្នកអាន សូម​កត់សម្គាល់ថា​តើ​ពេលណាដែល​ការព្យាករណ៏​នោះ​នឹង​ត្រូវបាន​បំពេញ ។ ( សូមមើល នីហ្វៃ​ទី ១ ១២:៦, ១១–១៩ និង នីហ្វៃ​ទី ៣ ២៧:៣០–៣២ ដែល​មាន​ឧទាហរណ៍​បន្ថែមទៀត​អំពី​ការញាណដឹង និង​ការព្រមាន​ប្រាប់​របស់ព្រះ ដែលនឹង​ត្រូវ​បំពេញ​នៅក្នុង​ជំនាន់​របស់​មរមន ) ។

  • ហេតុ​អ្វី​បានជា​អ្នកគិតថា ព្រះនឹង​ប្រាប់​ឲ្យដឹង​អំពី​ការណ៏នេះ​ដែល​នឹងកើត​ឡើង​ជាមុន ?

សូមអាន​ការពិណ៌នា​ខាងក្រោម​អំពី​ការខិតខំ​ព្យាយាម​របស់​មរមន ដើម្បីជួយ​ដល់ប្រជាជន​របស់​លោក និង​ប្រតិកម្ម​របស់​ពួកគេ​ចំពោះ​ការខិតខំ​ព្យាយាម​របស់លោក ។

  • ហេតុអ្វី​បានជាអ្នក​គិតថា មរមន​ខិតខំ​ព្យាយាម​ជួយដល់​ពួកគេ​យ៉ាងខ្លាំង បើទោះបីជា​លោកបាន​ដឹងពី​ការព្យាករណ៍​រួចហើយ​ក៏ដោយ ?

  • តើ​អ្នក​មើលឃើញ​ពី​ភាពស្រដៀងគ្នា​រវាង​ការខិតខំ​ព្យាយាម និង​សេចក្តីប្រាថ្នា​របស់​មរមន និង​ការខិតខំ​ព្យាយាម​របស់​ព្រះអង្គសង្គ្រោះ​មានអ្វីខ្លះ ?

ការអំពាវនាវ​ដល់​ព្រះ

សូម​គិត​រក​វិធី​ឲ្យ​បានច្រើន​ដែល​អ្នកអាច​បំពេញ​ប្រយោគ​ខាងក្រោមនេះ​បាន ៖

  • « នៅសព្វថ្ងៃនេះ​ ​ក្មេងជំទង់​ជាច្រើន​កំពុង​ជួប​បញ្ហាលំបាក​ជាមួយនឹង  » ។

មរមន​បាន​ចែកចាយ​អំពី​មូលហេតុ​មួយ​ដែល​ពួកសាសន៍​នីហ្វៃ​កំពុងជួប​បញ្ហាលំបាក​យ៉ាងខ្លាំង​របស់ពួកគេ ។ សូមអាន មរមន ៥:២ ដោយ​រកមើល​ពីអ្វី​ដែលពួក​សាសន៍​នីហ្វៃ​មិន​បានធ្វើ នៅពេល​ដែល​ពួកគេ​កំពុង​ជួប​បញ្ហាលំបាក ។

  • តើ​អ្វីដែល​មរមន​បាន​ចែកចាយ​នៅក្នុង ខទី ២ អាច​អនុវត្ត​ចំពោះ​មនុស្ស​ជាច្រើន​នាពេល​សព្វថ្ងៃនេះ​ដោយ​របៀបណា ?

សូមអាន​ឃ្លា​ខាងក្រោម​ដោយ​ដាក់បញ្ចូល​បញ្ហាលំបាកៗ​ដែល​អ្នក​បាន​គិតនៅ​ពេល​មុននេះ ។ សូម​ពិចារណា បើសិន​អ្នកគិតថា ឃ្លានេះ​មាន​ពិតនៅក្នុង​ពិភពលោក​របស់យើង​នាពេល​សព្វថ្ងៃនេះ ។ តើ​ពិតដែរទេ​ដែល​បញ្ហាលំបាក​ណាមួយ​ក្នុង​ចំណោម​បញ្ហាលំបាក​ទាំង​នេះ​កើត​មាន​ក្នុង​ជីវិត​របស់​អ្នក​ ? បើសិន​មាន​ពិតដូច្នេះ តើ​អ្នកធ្វើ​ដូចម្តេច​ដើម្បី​ផ្លាស់ប្តូរវា ?

  • « នៅ​សព្វថ្ងៃនេះ ក្មេងជំទង់​ជាច្រើន​កំពុងជួប​បញ្ហាលំបាក​ដោយមិន បាន​សុំជំនួយ​ពីព្រះ ។ »

ការបំផ្លិចបំផ្លាញ​របស់ពួក​សាសន៍​នីហ្វៃ

រូបភាព
មរមន​លា​ជាតិ​សាសន៍​មួយ​ដែល​ធ្លាប់​អស្ចារ្យ ដោយ អាណុល ហ្វ្រីប៊ើក

បន្ទាប់ពី​ការបង្ហាត់​បង្រៀន និង​ការដឹកនាំ​កង​ទ័ព​សាសន៍​នីហ្វៃ​ពេញ​ដោយ​ក្តី​ស្រឡាញ់​អស់​ជាច្រើន​ទសវត្សរ៍ មរមន​បាន​ទទួល​រងរបួស​យ៉ាងធ្ងន់ធ្ងរ​ក្នុង​ការប្រយុទ្ធ​ចុងក្រោយ​ជាមួយនឹង​ពួកសាសន៍​លេមិន ។ គាត់បាន​មើល​ពីលើ​កំពូលភ្នំ​មួយ​នូវ​អ្វីដែល​នៅសេសសល់​របស់ជាតិ​សាសន៍​នីហ្វៃ ។ មានតែ​ពួកទាហាន​សាសន៍​នីហ្វៃ​ចំនួន ២៤ នាក់​ប៉ុណ្ណោះ ដែលបាន​រស់រាន​មានជីវិត​ពី​ការកាប់សម្លាប់ ដែល​រួមមាន​មរមន និង​កូនប្រុស​របស់​លោក មរ៉ូណៃ ផងដែរ ( សូមមើល មរមន ៦:៩–១៥ ) ។

នៅក្នុង មរមន ទី ៦ មរមន​បាន​កត់ត្រា​អំពី « ការ​តស៊ូ​ចុង​ក្រោយ​បំផុត​របស់​ប្រជាជន [ របស់​លោក ] » ( មរមន ៦:៦ ) ។ សូមអាន មរមន ៦:៧, ១០–១៥ ដោយ​រកមើល​ពីអ្វី​ដែលបាន​កើតឡើង​ចំពោះ​ពួកសាសន៍​នីហ្វៃ​នៅក្នុង​សមរភូមិ​ចុងក្រោយនេះ ។

សូម​ស្រមៃថា អ្នក​កំពុងស្ថិត​នៅ​ក្នុងតួនាទី​របស់​មរមន​ដោយ​កំពុងធ្វើការ​កាន់ទុក្ខ​ចំពោះ​ការបាត់បង់​មនុស្ស​ដែល​អ្នក​ស្រឡាញ់ ប៉ុន្តែ​ដឹងថា​អ្នក​នៅតែ​អាច​បន្សល់​ទុកសារ​ដ៏ខ្លីមួយ​សម្រាប់​មនុស្ស​ជំនាន់ក្រោយ ។ តើ​អ្នកចង់​ឲ្យ​មនុស្សនៅ​ជំនាន់ក្រោយ​ដឹងពី​អ្វីខ្លះ ?

សូមអាន មរមន ៥:១០–១១, ១៦–១៨; ៦:១៦–២០ ដើម្បី​ដឹងអំពី​សារលិខិត​មួយចំនួន​របស់​មរមន ដែល​បាន​បំផុសគំនិត​ដើម្បី​ចារទុក​សម្រាប់យើង ។ អ្នក​ប្រហែលជា​ចង់​គូសចំណាំ​ឃ្លា​ដែល​អ្នកគិតថា មនុស្សនៅ​សម័យរបស់​យើងនេះ ត្រូវការ​ស្តាប់ជា​ចាំបាច់​បំផុត ។

សេចក្ដីពិត​មួយ​ដែល​មរមន​បាន​បង្រៀន​គឺថា ព្រះយេស៊ូវគ្រីស្ទ​បានឈរ​លាត​ព្រះ​ហស្ត ដើម្បីចាំ​ទទួលអ្នក​ដែល​ជ្រើសរើស​ប្រែចិត្ត និង​ចូលទៅ​រកទ្រង់ ( សូមមើល មរមន ៦:១៧ ) ។

សូម​ពិចារណា​បិទភ្នែក​របស់អ្នក​មួយភ្លែត ហើយ​ស្រមៃ​ថា​ព្រះយេស៊ូវ​កំពុងឈរ ហើយ​សម្លឹងមើល​មកអ្នក​ដោយ​លាត​ព្រះ​ពាហុ ។ សូម​សរសេរចូល​នៅក្នុង​សៀវភៅ​កំណត់ហេតុ​របស់អ្នក​អំពី​គំនិត អារម្មណ៍ និង​ចំណាប់អារម្មណ៍​របស់អ្នក​អំពី​អត្ថន័យ​នៅក្នុង​ជីវិត​របស់អ្នក ដែល​ព្រះយេស៊ូវ​ឈរលាត​ព្រះពាហុ​ចាំ​ទទួលអ្នក ។

  1. សូម​ឆ្លើយ​សំណួរ​ពីរ​ក្នុងចំណោម​សំណួរ​ខាងក្រោមនេះ ៖

    • តើ​ការបង្រៀន​របស់​មរមន​មួយណា ដែល​អ្នក​ត្រូវការ​ជាងគេ​បំផុត​នៅក្នុង​ជីវិត​របស់អ្នក ? ហេតុអ្វី ?

    • តើ​មរមន​ចង់​ឲ្យអ្នក​យល់ដឹង​ពីអ្វីខ្លះ​អំពី​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ ?

    • តើ​អ្នក​គិតថា ពិភពលោក​របស់យើង​នឹង​មាន​ភាពខុសគ្នា​យ៉ាងដូចម្តេច ប្រសិន​មនុស្ស​កាន់តែ​ច្រើន​មានជំនឿជឿ​លើអ្វីដែល​មរមន​បាន​សរសេរ ?