កែវភ្នែកនៃសេចក្ដីជំនឿ
បើយើងរើស និងជ្រើសរើសអ្វីដែលយើងទទួលយកនៅក្នុងសេចក្ដីប្រកាស នោះយើងត្រូវគ្របបាំងទស្សនវិស័យអស់កល្បជានិច្ចរបស់យើងហើយ ដោយព្រោះតែការដាក់សារៈសំខាន់ខ្លាំងពេកទៅលើបទពិសោធន៍របស់យើងនៅទីនេះ ក្នុងពេលនេះ ។
មុនពេលការឆ្កាងរបស់ទ្រង់បន្ដិច ព្រះយេស៊ូវត្រូវនាំទៅពីមុខពីឡាត់នៅសាលាជំនុំ ។ « តើអ្នកជាស្តេចរបស់សាសន៍យូដាឬអី ? » ពីឡាត់បានស្រែកសួរជាមួយនឹងការប្រមាថ ។ ព្រះយេស៊ូវបានតប ៖ « នគរខ្ញុំមិនមែនត្រូវខាងលោកីយ៍នេះទេ ។ … ខ្ញុំ [ បានចូល ] ក្នុងលោកីយ៍នេះ ដើម្បីឲ្យខ្ញុំបានធ្វើបន្ទាល់ពីសេចក្តីពិត ។ អស់អ្នកណាដែលកើតពីសេចក្តីពិត នោះក៏ឮសំឡេងខ្ញុំ » ។
ពីឡាត់បានសួរដោយចំអកថា « តើយ៉ាងណាដែលហៅថាសេចក្តីពិតនោះ ? »១
នៅពិភពលោកសព្វថ្ងៃនេះ សំណួរ « តើយ៉ាងណាដែលហៅថាសេចក្តីពិតនោះ ? » អាចស្មុគស្មាញខ្លាំងចំពោះចិត្តដែលមិនមានសាសនា ។
ការស្វែងរកតាម Google ថា « តើយ៉ាងណាដែលហៅថាសេចក្តីពិតនោះ ? » ប្រាប់នូវចម្លើយរាប់លាន ។ យើងមានព័ត៌មានជាច្រើននៅលើទូរសព្ទដៃយើង ជាងក្នុងសៀវភៅទាំងអស់នៅបណ្ណាល័យ ។ យើងរស់នៅជាមួយព័ត៌មាន និងយោបល់ដ៏លើសលប់ ។ សំឡេងដ៏ទាក់ទាញ និងមានមន្ដស្នេហ៍ដេញតាមយើងគ្រប់ទីកន្លែង ។
នៅក្នុងការភាន់ច្រឡំនៅសព្វថ្ងៃនេះ វាពុំគួរឲ្យឆ្ងល់ទេថា មនុស្សជាច្រើនដាក់ខ្លួនគេតាមពាក្យដែលបានពោល ២៥០០ ឆ្នាំកន្លងទៅដោយប្រូតាហ្គោរ៉ាទៅសូក្រាតវ័យក្មេងថា « អ្វីដែលពិតសម្រាប់អ្នកគឺពិតសម្រាប់អ្នក ហើយអ្វីដែលពិតសម្រាប់ខ្ញុំគឺពិតសម្រាប់ខ្ញុំ » ។២
សេចក្ដីពិតតាមរយៈដំណឹងល្អដែលបានស្ដារឡើងវិញរបស់ព្រះយេស៊ូវគ្រីស្ទ
ដោយមានពរពីដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទដែលបានស្ដារឡើងវិញ យើងសូមប្រកាសដោយរាបសាថា មានរឿងមួយចំនួនគឺពិតទាំងស្រុង និងពេញលេញ ។ សេចក្ដីពិតដ៏អស់កល្បទាំងនេះគឺដូចគ្នាសម្រាប់បុត្រា និងបុត្រីគ្រប់រូបរបស់ព្រះ ។
បទគម្ពីរបង្រៀនថា « សេចក្ដីពិតគឺជាការចេះដឹងអំពីការណ៍ទាំងឡាយដែលមាននៅពេលនេះ និងការណ៍ទាំងឡាយដែលមានមកហើយ ហើយនឹងការណ៍ទាំងឡាយដែលនឹងមានខាងមុខ » ។៣ សេចក្ដីពិតឆ្លុះបញ្ចាំងទាំងពីពេលកន្លងទៅ និងពេលខាងមុខ ពង្រីកទស្សនវិស័យនៃចំណុចពេលវេលាតូចមួយរបស់យើង ។
ព្រះយេស៊ូវមានបន្ទូលថា « ខ្ញុំជាផ្លូវ ជាសេចក្ដីពិត និងជាជីវិត » ។៤ សេចក្ដីពិតបង្ហាញយើងពីរបៀបទៅរកជីវិតដ៏នៅអស់កល្បជានិច្ច ហើយវាកើតមានតែតាមរយៈព្រះអង្គសង្គ្រោះ ព្រះយេស៊ូវគ្រីស្ទរបស់យើងប៉ុណ្ណោះ ។ ពុំមានផ្លូវណាផ្សេងទៀតឡើយ ។
ព្រះយេស៊ូវគ្រីស្ទបង្រៀនយើងពីរបៀបរស់នៅ ហើយតាមរយៈដង្វាយធួន និងការរស់ឡើងវិញរបស់ទ្រង់ ទ្រង់បានអភ័យទោសឲ្យយើងពីអំពើបាប និងភាពអសីលធម៌របស់យើងហួសពីវាំងននទៅទៀត ។ ការណ៍នេះពិតជាការពិតមែន ។
ទ្រង់បង្រៀនយើងថា គ្មានបញ្ហាទេ បើយើងមាន ឬក្រ ល្បីឬមិនល្បី ជឿនលឿន ឬសាមញ្ញនោះ ។ ប៉ុន្ដែការស្វែងរកក្នុងជីវិតរមែងស្លាប់យើងគឺ ដើម្បីពង្រឹងសេចក្ដីជំនឿរបស់យើងលើព្រះអម្ចាស់យេស៊ូវគ្រីស្ទ ជ្រើសរើសល្អ ចៀសវាងសេចក្ដីអាក្រក់ និងកាន់តាមបទបញ្ញត្តិរបស់ទ្រង់ ។ ខណៈយើងអបអរនឹងការវិវឌ្ឍនៃវិទ្យាសាស្ដ្រ និងវេជ្ជសាស្ដ្រ សេចក្ដីពិតរបស់ព្រះមានហួសពីរបកគំហើញទាំងនេះ ។
ផ្ទុយនឹងសេចក្ដីពិតដ៏អស់កល្ប វាតែងមានការបន្លំដើម្បីបន្លប់បុត្រាបុត្រីរបស់ព្រះចេញពីសេចក្ដីពិត ។ ការទាស់ទែងរបស់មារសត្រូវគឺដូចគ្នាជានិច្ច ។ ស្ដាប់មើលសំឡេងទាំងនេះ កាលពី ២០០០ ឆ្នាំកន្លងទៅ ៖
« [ អ្នក ] មិនអាចដឹងរឿងដែល [ អ្នក ] ពុំមើលឃើញនោះទេ ។… [ អ្វីក៏ដោយដែលមនុស្សប្រព្រឹត្ត ] គឺគ្មានទោសសោះ » ។
« [ ព្រះមិនបានប្រទានពរអ្នកទេ តែ ] មនុស្សគ្រប់រូប [ បានចម្រើនឡើង ] ស្របតាមការឈ្លាសវៃរបស់ខ្លួន [ ផ្ទាល់ ] » ។៥
« ជាការណ៍មួយពុំសមហេតុសមផលដែលថា តួអង្គមួយដូចជាព្រះគ្រីស្ទ…[ ជា ] ព្រះរាជបុត្រានៃព្រះ » ។៦
« [ អ្វីដែលអ្នកជឿគឺសណ្ដាប់នៃគំនិតដ៏ឆ្កួតវង្វេងមួយ និង ] វិកលភាពនៃ [ គំនិត ] របស់អ្នក » ។៧
ជាមួយការស្ដារឡើងវិញនៃដំណឹងល្អ នោះព្រះបានប្រទានរបៀបឲ្យយើងអាចស្គាល់សេចក្ដីពិតតាមរយៈបទគម្ពីរ ការអធិស្ឋានផ្ទាល់ខ្លួនរបស់យើង បទពិសោធន៍ផ្ទាល់ខ្លួនរបស់យើង ពាក្យទូន្មានរបស់ពួកព្យាការី និងពួកសាវកនៅរស់ និងការដឹកនាំពីព្រះវិញ្ញាណបរិសុទ្ធដែលអាចជួយយើងឲ្យ « ស្គាល់សេចក្ដីពិតនៃគ្រប់ការណ៍ទាំងអស់ » ។៨
សេចក្ដីពិត ត្រូវបានញែកដឹងខាងវិញ្ញាណ
យើងអាចដឹងពីសេចក្ដីទាំងឡាយនៃព្រះ ពេលយើងស្វែងរកវាខាងវិញ្ញាណ ។ ប៉ុលបានពោលថា « បើមិនមែនជាព្រះវិញ្ញាណនៃព្រះ នោះក៏គ្មានអ្នកណាស្គាល់សណ្ឋានព្រះបានដែរ ។… [ ដោយសារ ] វាស្គាល់សណ្ឋានខាងវិញ្ញាណ » ។៩
សូមមើលរូបភាពនេះដោយ ម៉ៃឃល មើរហ្វី ។ ចេញពីទស្សនវិស័យនេះ អ្នកសឹងមិនជឿថា វាជាកំណែសិល្បៈនៃភ្នែករបស់មនុស្ស ។ ប៉ុន្ដែពេលអ្នកមើលចំណុចចុចៗចេញពីទស្សនវិស័យខុសគ្នាមួយ អ្នកនឹងឃើញពីសម្រស់នៃការបង្កើតរបស់វិចិត្រករ ។
ដូចគ្នានេះដែរ យើងឃើញសេចក្ដីពិតខាងវិញ្ញាណរបស់ព្រះតាមរយៈទស្សនវិស័យនៃភ្នែកនៃសេចក្ដីជំនឿ ។ ប៉ុលបានថ្លែង ៖ « ប៉ុន្តែ មនុស្សខាងសាច់ឈាមគេមិនទទួលសេចក្តីខាងឯព្រះវិញ្ញាណនៃព្រះទេ ពីព្រោះជាសេចក្តីល្ងង់ល្ងើដល់គេ ក៏រកស្គាល់មិនបានដែរ ដ្បិតត្រង់ឯសេចក្តីទាំងនោះត្រូវពិចារណាយល់ខាងវិញ្ញាណវិញ » ។១០
បទគម្ពីរ ការអធិស្ឋាន បទពិសោធន៍ផ្ទាល់ខ្លួនរបស់យើង ព្យាការីសម័យទំនើប និងអំណោយទាននៃព្រះវិញ្ញាណបរិសុទ្ធនាំឲ្យយើងមានទស្សនវិស័យខាងវិញ្ញាណពីសេចក្ដីពិតដែលចាំបាច់សម្រាប់ដំណើររបស់យើងលើផែនដីនេះ ។
ការប្រកាសតាមរយៈកែវភ្នែកនៃសេចក្ដីជំនឿ
សូមមើលការប្រកាសស្ដីពីក្រុមគ្រួសារតាមរយៈកែវភ្នែកនៃសេចក្ដីជំនឿ ។
ប្រធាន ហ្គរដុន ប៊ី ហ៊ីងគ្លឺ បានណែនាំពី « ក្រុមគ្រួសារ ៖ ការប្រកាសដល់ពិភពលោក » ដោយមាននូវសេចក្ដីថ្លែងការណ៍នេះថា « មានសេចក្ដីពុំទៀងត្រង់ជាច្រើនត្រូវបានបង្ហាញថាជាសេចក្ដីពិត ដោយមាននូវការបោកបញ្ឆោតដ៏ច្រើនអំពីបទដ្ឋាន និងគុណតម្លៃ ហើយមាននូវការទាក់ទាញចិត្ត និងការល្បួងយ៉ាងច្រើនដែលបានដុះស្នឹមក្នុងពិភពលោកបន្តិចម្តងៗ រហូតយើងមានអារម្មណ៍ថាចាំបាច់ត្រូវធ្វើការព្រមាន [ អ្នក ] » ។១១
ការប្រកាសចាប់ផ្ដើមដោយ « មនុស្សទាំងអស់—ទាំងប្រុស ទាំងស្រី—ត្រូវបានបង្កើតឡើងតាមរូបភាពនៃព្រះ ។ មនុស្សម្នាក់ៗសុទ្ធតែជាបុត្រា និងបុត្រីខាងវិញ្ញាណរបស់មាតាបិតាសួគ៌ ដូច្នេះហើយ មនុស្សម្នាក់ៗមានចរិត និងគោលដៅនៃព្រះ » ។
ទាំងនេះគឺជាសេចក្ដីពិតដ៏អស់កល្ប ។ បងប្អូន និងខ្ញុំពុំមែនជាឧប្បទ្ទវហេតុនៃធម្មជាតិឡើយ ។
ខ្ញុំស្រឡាញ់ពាក្យពេចន៍នេះ ៖ « នៅភពមុនជីវិតលើផែនដីនេះ បុត្រាបុត្រីវិញ្ញាណបានដឹង និងថ្វាយបង្គំព្រះ ជាព្រះវរបិតាដ៏អស់កល្បរបស់គេ ហើយបានទទួលយកផែនការរបស់ទ្រង់ » ។១២
យើងបានរស់នៅពីមុនកំណើតរបស់យើង ។ អត្តសញ្ញាណរៀងខ្លួនរបស់យើងបោះត្រាជាប់នឹងយើងជារៀងរហូត ។ ពេលខ្លះយើងមិនយល់ពេញលេញទេ តែការធំធាត់ខាងវិញ្ញាណរបស់យើងនៅក្នុងជីវិតមុនជីវិតនេះមានឥទ្ធិពលលើរូបយើងនៅទីនេះ ។១៣ យើងបានទទួលយកផែនការរបស់ព្រះ ។ យើងបានដឹងថា យើងនឹងជួបការលំបាក ការឈឺចាប់ និងទុក្ខសោកលើផែនដីនេះ ។១៤ យើងក៏បានដឹងដែរថា ព្រះអង្គសង្គ្រោះនឹងយាងមក ហើយថាពេលយើងបញ្ជាក់ថាខ្លួនយើងសក្ដសិម នោះយើងនឹងលេចឡើងនៅឯការរស់ឡើងវិញ ដោយមាន « សិរីល្អបន្ថែមទៅលើក្បាល [ យើង ] ជារៀងដរាបរហូតតទៅ » ។១៥
ការប្រកាសគឺចំៗ ៖ « យើងសូមប្រកាសថា មធ្យោបាយដើម្បីបង្កើតជីវិតរមែងស្លាប់នេះគឺត្រូវបានតែងតាំងឡើងដោយព្រះ ។ យើងសូមបញ្ជាក់នូវការញែកចេញជាបរិសុទ្ធនៃជីវិត និងសារៈសំខាន់នៃជីវិតនៅក្នុងផែនការដ៏អស់កល្បជានិច្ចរបស់ព្រះ » ។
ផែនការរបស់ព្រះបិតាយើងលើកទឹកចិត្តឲ្យស្វាមី និងភរិយានាំកូនចៅមកកាន់ពិភពលោកនេះ ហើយដាក់កាតព្វកិច្ចឲ្យយើងពោលការពារដល់អ្នកដែលមិនទាន់កើត ។
គោលការណ៍ទាំងឡាយនៃការប្រកាសគឺទាក់ទងនឹងគ្នាយ៉ាងល្អ
បើយើងរើស និងជ្រើសរើសអ្វីដែលយើងទទួលយកនៅក្នុងសេចក្ដីប្រកាស នោះយើងត្រូវគ្របបាំងទស្សនវិស័យអស់កល្បជានិច្ចរបស់យើងហើយ ដោយព្រោះតែការដាក់សារៈសំខាន់ខ្លាំងពេកទៅលើបទពិសោធន៍របស់យើងនៅទីនេះ ក្នុងពេលនេះ ។ តាមរយៈការសញ្ជឹងគិតប្រកបដោយការអធិស្ឋានអំពីការប្រកាសនេះតាមរយៈកែវភ្នែកនៃសេចក្ដីជំនឿ នោះយើងនឹងយល់កាន់តែច្បាស់ពីរបៀបដែលគោលការណ៍នានាទាក់ទងគ្នា គាំទ្រគ្នាទៅវិញទៅមកយ៉ាងរលូន ដែលបង្ហាញឲ្យឃើញពីផែនការរបស់ព្រះបិតាយើងសម្រាប់បុត្រាបុត្រីរបស់ទ្រង់ ។១៦
តើយើងពិតជាគួរតែភ្ញាក់ផ្អើលដែរឬទេ ពេលព្យាការីរបស់ព្រះអម្ចាស់ប្រកាសព្រះទ័យរបស់ទ្រង់សម្រាប់សំណួរមួយចំនួនដែលនៅតែមាននោះ ? ប្រាកដណាស់ មនុស្សមួយចំនួនបានបដិសេធសំឡេងរបស់ពួកព្យាការីភ្លាម១៧ ប៉ុន្ដែអ្នកដទៃទៀតបានពិចារណាប្រកបដោយការអធិស្ឋានអំពីសំណួរស្មោះត្រង់របស់ពួកគេ— ជាសំណួរដែលនឹងរម្ងាប់ដោយការអត់ធ្មត់ និងកែវភ្នែកនៃសេចក្ដីជំនឿ ។ បើការប្រកាសត្រូវបានបើកសម្ដែងនៅក្នុងសតវត្សរ៍ផ្សេង នោះក៏នៅតែមានសំណួរ វាគ្រាន់តែជាសំណួរផ្សេងពីសំណួរសព្វថ្ងៃនេះ ។ គោលបំណងមួយរបស់ពួកព្យាការីគឺដើម្បីជួយយើងដោះស្រាយសំណួរដោយស្មោះ ។១៨
មុនពេលក្លាយជាប្រធានសាសនាចក្រ ប្រធាន រ័សុល អិម ណិលសុន បានមានប្រសាសន៍ ៖ « ព្យាការីឃើញអ្វីនឹងកើតឡើង ។ លោកមើលឃើញគ្រោះថ្នាក់ ដែលបច្ចាមិត្តបានដាក់ ឬ នឹងដាក់នៅតាមផ្លូវរបស់យើង ។ ព្យាការីក៏មើលឃើញទុកជាមុននូវការទទួលខុសត្រូវដ៏ធំ និងឯកសិទ្ធិដែលរង់ចាំសម្រាប់អ្នកដែលស្ដាប់តាមដោយមានចិត្តស្មោះក្នុងការគោរពប្រតិបត្តិដែរ » ។១៦
ខ្ញុំសូមថ្លែងទីបន្ទាល់ពីសេចក្ដីពិត និងអំណាចខាងវិញ្ញាណនៃសំឡេងរួមគ្នារបស់គណៈប្រធានទីមួយ និងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ ។
ពិភពលោកកំពុងដើរចេញទៅ
ពេញមួយជីវិតខ្ញុំ យើងបានឃើញការផ្លាស់ប្ដូរដ៏ខ្លាំងក្នុងជំនឿរបស់ពិភពលោកនេះ ស្ដីពីគោលការណ៍ជាច្រើនដែលបានបង្រៀនក្នុងការប្រកាស ។ អំឡុងយុវភាពរបស់ខ្ញុំ និងពេលរៀបការហើយថ្មីៗ មនុស្សក្នុងពិភពលោកនេះជាច្រើនបានដើរចេញពីបទដ្ឋានរបស់ព្រះអម្ចាស់ ដែលយើងហៅថាច្បាប់ព្រហ្មចារីភាព ថាទំនាក់ទំនងផ្លូវភេទត្រូវកើតឡើងតែរវាងបុរសម្នាក់ និងស្ត្រីម្នាក់ដែលបានរៀបការពេញច្បាប់ប៉ុណ្ណោះ ។ កាលខ្ញុំអាយុ ២០ ទៅ ៣០ ឆ្នាំ មនុស្សជាច្រើនបានដើរចេញពីការការពារដ៏ពិសិដ្ឋដល់ទារកមិនទាន់កើត ដោយសារថាការពន្លូតកូនគឺជារឿងដែលមនុស្សកាន់តែទទួលយក ។ ប៉ុន្មានឆ្នាំថ្មីៗនេះ មនុស្សជាច្រើនបានដើរចេញពីច្បាប់របស់ព្រះដែលថា អាពាហ៍ពិពាហ៍គឺជាការរួបរួមដ៏ពិសិដ្ឋមួយរវាងបុរសម្នាក់ និងស្ដ្រីម្នាក់ ។២០
ពេលមើលមនុស្សជាច្រើនដើរចេញពីព្រំដែនដែលព្រះអម្ចាស់បានដាក់មក វារំឭកយើងពីថ្ងៃមួយនោះនៅឯកាពើណិម កាលព្រះអង្គសង្គ្រោះបានប្រកាសភាពជាព្រះរបស់ទ្រង់ ហើយជាអកុសល « មានសិស្សទ្រង់ជាច្រើន … [ មិនតាម ] ទ្រង់ទៀតទេ » ។
រួចព្រះអង្គសង្គ្រោះបានងាកទៅសួរពួកដប់ពីរនាក់ថា « អ្នករាល់គ្នាចង់ថយទៅដែរឬ ? »
ពេត្រុសបានទូលថា
« ព្រះអម្ចាស់អើយ តើយើងខ្ញុំនឹងទៅឯអ្នកណាវិញ ? គឺទ្រង់ហើយ ដែលមានព្រះបន្ទូលនៃជីវិតដ៏នៅអស់កល្បជានិច្ច ។
យើងខ្ញុំក៏បានជឿ ហើយដឹងថា ទ្រង់ជាព្រះគ្រីស្ទ ជាព្រះរាជបុត្រានៃព្រះដ៏មានព្រះជន្មរស់ពិត » ។២១
ពុំមែនមនុស្សទាំងអស់ត្រូវចំនឹងការប្រកាសពីក្រុមគ្រួសារទេ
មានមនុស្សជាច្រើនទាំងក្មេងទាំងចាស់ ដែលស្មោះត្រង់ និងពិតចំពោះការបង្រៀនរបស់ព្យាការី ទោះជាបទពិសោធន៍ថ្មីៗផ្ទាល់ខ្លួនគេមិនត្រូវចំនឹងការប្រកាសពីក្រុមគ្រួសារនេះក្ដី ៖ កុមារដែលប៉ះទង្គិចជីវិតដោយការលែងលះ, យុវវ័យដែលមានមិត្តចំអកឲ្យច្បាប់ព្រហ្មចារីភាព, ស្ដ្រី និងបុរសដែលលែងលះគ្នា ដែលរងរបួសយ៉ាងដំណំពីភាពមិនស្មោះត្រង់របស់ប្ដី/ប្រពន្ធ, ស្វាមី និងភរិយាដែលមិនអាចមានកូនបាន, ស្ត្រី និងបុរសដែលបានរៀបការទៅនឹងប្ដីឬប្រពន្ធដែលពុំមានជំនឿទៅលើដំណឹងល្អដែលបានស្ដារឡើងវិញ ស្ដ្រី និងប្រុសនៅលីវដែលមិនអាចរៀបការបានដោយសារហេតុផលផ្សេងៗ ។
មិត្តម្នាក់ដែលខ្ញុំកោតសរសើរខ្លាំងជិត ២០ ឆ្នាំ មិនបានរៀបការដោយសារតែស្រឡាញ់ភេទដូចគ្នា ។ គាត់បានបន្ដស្មោះពិតនឹងសេចក្ដីសញ្ញាក្នុងព្រះវិហារបរិសុទ្ធរបស់គាត់ ពង្រីកទេពកោសល្យដ៏ច្នៃប្រឌិត និងប្រកបដោយវិជ្ជាជីវៈ ហើយបានបម្រើយ៉ាងសក្ដិសមទាំងក្នុងសាសនាចក្រ និងក្នុងសហគមន៍ ។ ថ្មីៗនេះគាត់បាននិយាយប្រាប់ខ្ញុំថា « ខ្ញុំអាចយល់ពីអ្នកដែលមានស្ថានភាពដូចខ្ញុំ ដែលជ្រើសរើសមិនកាន់តាមច្បាប់ព្រហ្មចារីយភាព ក្នុងពិភពលោកដែលយើងរស់នៅនេះ ។ ប៉ុន្ដែ តើព្រះគ្រីស្ទមិនបានសុំយើង ‹ កុំឲ្យជារបស់លោកិយនេះ › ទេឬអី ? វាច្បាស់ថា បទដ្ឋានរបស់ព្រះគឺខុសពីបទដ្ឋានរបស់លោកិយ » ។
ជារឿយៗ ច្បាប់របស់មនុស្សរំកិលចេញទៅខាងក្រៅព្រំដែនច្បាប់របស់ព្រះបានកំណត់ ។ សម្រាប់អស់អ្នកដែលមានបំណងធ្វើឲ្យព្រះគាប់ព្រះទ័យ សេចក្ដីជំនឿ ភាពអត់ធ្មត់ និងភាពឧស្សាហ៍គឺតម្រូវឲ្យមាន ។២២
ភរិយាខ្ញុំ ខេធី និងខ្ញុំស្គាល់បងស្រីនៅលីវម្នាក់ដែលឥឡូវក្នុងវ័យ ៤០ ប្លាយ ដែលមានអំណោយទានខាងសមត្ថភាពវិជ្ជាជីវៈរបស់គាត់ ហើយបម្រើយ៉ាងក្លាហានក្នុងវួដគាត់ ។ គាត់ក៏បានគោរពច្បាប់របស់ព្រះផងដែរ ។ គាត់បានសរសេរថា ៖
« ខ្ញុំស្រមៃពីថ្ងៃដែលខ្ញុំនឹងបានពរឲ្យមានស្វាមីម្នាក់ និងកូនៗ ។ ខ្ញុំនៅតែរង់ចាំ ។ ពេលខ្លះ ស្ថានភាពរបស់ខ្ញុំនាំមកនូវអារម្មណ៍នៃការត្រូវបានគេបំភ្លេច ហើយឯកោ តែខ្ញុំព្យាយាមមិនផ្ដោតលើអ្វីដែលខ្ញុំមិនមានទេ តែខ្ញុំផ្ដោតតែលើអ្វីដែលខ្ញុំមាន និងរបៀបដែលខ្ញុំអាចជួយមនុស្សដទៃវិញ ។
ការបម្រើដល់គ្រួសារធំរបស់ខ្ញុំ ក្នុងវួដខ្ញុំ និងក្នុងព្រះវិហារបរិសុទ្ធបានជួយខ្ញុំ ។ ខ្ញុំមិនត្រូវគេភ្លេច ឬនៅតែឯងឡើយ ដោយសារខ្ញុំមានចំណែក ហើយយើងទាំងអស់គ្នាជាផ្នែកនៃគ្រួសារធំមួយ » ។
មានព្រះមួយអង្គដែលយល់
អ្នកខ្លះនឹងថា « អ្នកមិនយល់ពីស្ថានភាពខ្ញុំទេ » ។ ខ្ញុំមិនអាចទេ ប៉ុន្តែខ្ញុំសូមថ្លែងទីបន្ទាល់ថា មានព្រះមួយអង្គដែលយល់ ។២៣ មានព្រះមួយអង្គដែលស្គាល់បន្ទុករបស់អ្នក ដោយសារតែពលិកម្មដែលទ្រង់បានធ្វើនៅក្នុងសួនច្បារ និងនៅលើឈើឆ្កាង ។ កាលអ្នកស្វែងរកទ្រង់ ហើយកាន់តាមបទបញ្ញត្តិទ្រង់ ខ្ញុំសូមសន្យានឹងបងប្អូនថា ទ្រង់នឹងប្រទានពរបងប្អូន ហើយលើកបន្ទុកដែលរែកម្នាក់ឯងដ៏ធ្ងន់ពេកចេញ ។ ទ្រង់នឹងប្រទានដល់បងប្អូននូវមិត្តដ៏អស់កល្ប និងឱកាសដើម្បីបម្រើ ។ កាន់តែសំខាន់នោះគឺថា ទ្រង់នឹងបំពេញបងប្អូនដោយវិញ្ញាណដ៏មានអានុភាពនៃព្រះវិញ្ញាណបរិសុទ្ធ ហើយបំភ្លឺការអនុម័តមកពីស្ថានសួគ៌ដល់បងប្អូន ។ គ្មានជម្រើសណា ដែលបដិសេធភាពជាដៃគូនៃព្រះវិញ្ញាណបរិសុទ្ធ ឬពរជ័យនៃភាពដ៏អស់កល្បដែលសក្ដិសមនឹងការពិចារណារបស់យើងទេ ។
ខ្ញុំដឹងថា ព្រះអង្គសង្រ្គោះមានព្រះជន្មរស់ ។ ខ្ញុំធ្វើជាសាក្សីថា ទ្រង់គឺជាប្រភពនៃសេចក្ដីពិតទាំងអស់ ដែលពិតជាសំខាន់ ហើយថាទ្រង់នឹងបំពេញពរជ័យទាំងឡាយដែលទ្រង់បានសន្យាដល់អ្នកដែលកាន់តាមបទបញ្ញត្តិរបស់ទ្រង់ ។ នៅក្នុងព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។